ប្រពន្ធ ( ន. ) [–ពន់ ] ( សំ., បា.) (ធៀបនឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត”) ស្ត្រីជាចំណងគូនឹងបុរស (ភរិយា)។
យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យក កាព្យច្បាប់ស្រី ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធក្នុងឆ្នាំរកានព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា យកមកចុះទុកជាព្រះកេរ្តិ៍ក្នុងវចនានុ-ក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីប្រពន្ធមាន ៧ ប្រភេទ ល្អបួនអាក្រក់បី, មិនវែងណាស់ណាទេ, ដូចតទៅនេះគឺ ៖
មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហា ចិត្តខូចងាយដាយ។
ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត។
កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាស់យូរលង់ ពុំបង់បែកចិត្ត គង់ចាំចិត្តគិត ឆ្អាលកូនស្មោះ។
ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់។
ប្រពន្ធជាទ្វី ឈ្មោះហៅទាសី- ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចមត់ទប់ទល់ ទម្ងន់បម្រើ។
មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើ តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើចៀសវាងក្រោធា។
ប្រពន្ធណាអត់ ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ។
ប្រពន្ធជាត្រី ឈ្មោះភគិនី- ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ទទួលដំបូន- មានមាត់ពាក្យបង។
ផ្ដាច់ផ្ដួលតែមួយ នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតម៉ៃទីទៃ។
ប្រពន្ធណាចូល នឹងប្ដីមួយមូល- ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត។
ប្រពន្ធចត្វា ឈ្មោះហៅសខា- ភរិយាដូចមិត្រ- សម្លាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្មគ្រស្មោះចិន្ដា។
បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្រ្ដា និរទុក្ខសោកសៅ។
ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន។
សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា។
លោកថាស្រីនោះ ឮកេរ្តិ៍ពីរោះ ទូទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ។
ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ។
បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឱ្យមាត់ឱ្យមុខ វាសវាងវ្ហោះវ្ហើយ។
សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី។
ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន។
អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួន ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ។
ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា។
ឯប្រពន្ធបួន- មុខនោះគួរស្ងួន យកជាភរិយ នឹងកើតរបស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត។
សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា។៚
(អ្នកមានព្យាយាម បើពេញចិត្តចំពោះព្រះរាជនិពន្ធនេះ គួរទន្ទេញឱ្យចាំមាត់ ឬបង្គាប់កូនចៅតូចៗ ឱ្យទន្ទេញចាំស្ទាត់ ហើយឱ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំឭកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់)។ មើលក្នុងពាក្យ ប្ដី ទៀតផង។
ដកស្រង់ចេញពីវចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ៦៥៥