ចមចក្រពង្សហរិរាជ បរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃព្រះចៅក្រុងកម្ពុជាធិបតីជាម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី
ព្រះរាជកំណត់បុណ្យរាជាភិសេក
ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង។
ព្រះអង្គជាព្រះរាជបុត្រាច្បង នៃព្រះបាទសម្ដេច ព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ព្រះចៅក្រុងកម្ពុជាធិបតីនិងសម្ដេចព្រះវររាជជននី បរមបពិត្រព្រះនាម វ័ណ ទ្រង់ប្រសូតនៅក្រុងភ្នំពេញ ក្រុងកម្ពុជាធិបតី នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំជូត អដ្ឋស័ក ព្រះពុទ្ធសករាជ ២៤២០ មហាសករាជ ១២៣៨ ត្រូវគ្នានឹងថ្ងៃ ខែ យ៉ាំងវីយេរ ឆ្នាំបារាំង ១៨៧៥។
ទ្រង់បានរៀនវិជ្ជាយុទ្ធនាសង្រ្គាម ក្នុងក្រុងបារាំងសែស ហើយបានតាំងជាទីសែហ្វដឺបាតៃយ៉ុងកុំម៉ងដង្ដ មេទ័ពសក្ដិ ៤ ក្នុងក្រុមព្យុហៈបារាំងសែស ហើយបានធ្វើរាជការមានគុណបំណាច់ មហាប្រសើរបានសុវណ្ណបត្រ ជាសម្ដេចព្រះកែវហ្វា រួចទ្រង់ទទួលរាជសម្បត្តិ តពីព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ជាព្រះវររាជបិតា តាំងពីថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ព្រះពុទ្ធសករាជ ២៤៧០ ត្រូវគ្នានឹងថ្ងៃទី៩ ខែអ៊ូត ឆ្នាំ១៩២៧ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ។
ព្រះរាជពិធីរាជាភិសេក
ចូលបុណ្យតាំងពីថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ ឆ្នាំរោង សំរឹទ្ធិស័ក ព្រះពុទ្ធសករាជ ២៤៧១ រៀងដល់ថ្ងៃពុធ ៨កើត ខែឆ្នាំជាមួយគ្នា គឺពីថ្ងៃ ២០ សូយេត ទៅដល់ ២៥ ខែជាមួយគ្នាឆ្នាំបារាំង ១៩២៨។
តាំងព្រះរាជមណ្ឌលធម្ម ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានគ្រែពិធីជាទីតម្កល់ព្រះពុទ្ធរូប ព្រះទេវរូប និងគ្រឿងបញ្ចកកុធភណ្ឌ និងទីប្រជុំបុណ្យធំ ខាងមុខព្រះមហាស្វេតច្ឆត្រព្រះបល្លង្គ។ មានរានទេវតា ៣ ថ្នាក់ ៨ ទិសជុំវិញ ព្រះទីន័ងទេវាវិនិច្ឆ័យ និងរានទេវតាធំ ៧ ថ្នាក់ ១ ទៀតតាំងខាងមុខ ព្រះទីន័ងទេវាវិនិច្ឆ័យ តាំងបល្លង្ក ៩ ជាន់ មានព្រះមហាបុស្បុកមាស សម្រាប់ថ្វាយទឹកស្រង់ខាងទិសបូព៌ានៃព្រះទីន័ងទេវាវិនិច្ឆ័យ។ សង់រោងមណ្ឌល ៤ ទិសជុំវិញ តាមព្រះទ្វារក្រៅកំពែង ព្រះបរមរាជវាំង រោងមណ្ឌលមួយៗ ធំ ៤ ម៉ែត្រជ្រុងស្មើ លើរានក្រាលក្ដារ មានរបៀងនិងព្រះរាជវ័តជុំវិញ មានរានទេវតា ៣ ថ្នាក់ ១ និងដងគោមលាបថ្នាំ ១ មានគោម ១ អុជគ្រប់រោងមណ្ឌល។
ព្រះសង្ឃនាយកទាំងពីរគណៈ និងសេនាបតីម៉ឺនសព្វមុខមន្រ្តីចៅក្រម ក្នុងក្រុងនិងក្នុងខេត្តនៃព្រះនគរ តាំងតុគ្រឿង សក្ការបូជាគោរពទេវតាក្នុងថែវ ក្នុងកំពែងសីមាព្រះបរមរាជវាំង។
ត្រូវក្រុមរាជបណ្ឌិតពទ្ធអំបោះសីមា គ្រប់ព្រះទីន័ងព្រះដំណាក់ទាំងអស់ មកប្រជុំនិងគ្រែពិធីសូត្រមន្ត ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ។
១- ព្រះរោងមណ្ឌលធំ គឺព្រះទីន័ងទេវាវិនិច្ឆ័យត្រូវស្ដេចព្រះឥសីភទ្ទធិបតី ១ ព្រះព្រហ្មាធិរាជ ១ ព្រះមិន្ធរ ១ ព្រះជ័យាធិបតី ១ ព្រះធម្មរាជ ១ ព្រះបរមចារ ១ ព្រះទេព្វចារ ១ ព្រះឥន្ទកោរព្ភកា ១ ជា ៨ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ។
២- រោងមណ្ឌលទិសបូព៌ ត្រូវ ព្រះអរិយសាល ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនសិទ្ធរសក្លស់សង្ខ។
៣- រោងមណ្ឌលទិសទក្សិណ ត្រូវព្រះធម្មឫទ្ធិ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើចព្រះសិទ្ធរសក្លស់សង្ខ។
៤- រោងមណ្ឌលទិសបស្ចឹម ត្រូវព្រះធម្មចារ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើនព្រះសិទ្ធរសក្លស់សង្ខ។
៥- រោងមណ្ឌលទិសឧត្តរ ត្រូវព្រះឥន្ទសរជ័យនិងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ។
គម្រប់ ១ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ គឺថ្ងៃ ២០ សូយេត
វេលាម៉ោង ១៦ គឺម៉ោង ៤ រសៀល រៀបពិធីឡើងព្រះទីន័ងព្រះមហាមន្ទីរជាទីប្រថាប់ និង ក្រឡាព្រះបន្ទំព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាប់នឹងព្រះទីន័ងទេវាវិនិច្ឆ័យ មានព្រះរាជបល្លង្កស្វេតច្ឆត្រខាងក្នុងសម្រាប់ទទួលក្រុមស្រ្តី ត្រង់ព្រះមហាមន្ទីរ មានព្រះទីន័ងចក្រពត្តិជាទីក្រឡាព្រះបន្ទំព្រះករុណានៅឯខាងត្បូង និងព្រះទីន័ងនារីរត្នសោភាជាទីក្រឡាបន្ទំសម្រាប់ព្រះមហេសី ឬព្រះស្នំ និងហោគ្រឿងជាទីស្ងោយ ឬទុកគ្រឿងទ្រង់នៅខាងលិច។
ព្រះករុណាទ្រង់ព្រះពស្រ្តពណ៌ខៀវតាមពណ៌ថ្ងៃសុក្រ ស្ដេចយាងព្រះបាទលើមាគ៌ាក្រាលសំពត់ស លើកន្ទេលតាមក្បួនហែ ពីព្រះដំណាក់ចន្ទចូលទៅឡើងព្រះទីន័ងព្រះមហាមន្ទីរតាមទំនៀម។ ឧកញ៉ាវាំងវរវៀងជ័យ ត្រូវចាំទទួលព្រះករុណាក្នុងព្រះទីន័ងព្រះមហាមន្ទីរ។
ទីស្ដេចក្សត្រីនិងព្រះស្នំក្រមការនិងជំទាវខុនណាងក្រាបបង្គំគាល់ក្នុងព្រះទីន័ងមហាមន្ទីរ និងក្នុងព្រះទីន័ងនារីរត្នចក្រពត្តិសោភា។
ទីស្ដេចក្សត្រានិងអគ្គមហាសេនាបតីនាម៉ឺនសព្វមុខមន្រ្តី ក្រាបបង្គំគាល់ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមុខព្រះមហាបល្លង្កស្វេតច្ឆត្រ។
ម៉ោង ១៧ និង ៣០ នាទី គឺម៉ោង ៥ កន្លះល្ងាច ព្រះករុណាថ្វាយបង្គំថ្វាយព្រះបិដរក្នុងហោអដ្ឋិ។
ម៉ោង ១៨ គឺម៉ោង ៦ ល្ងាច ឧកញ៉ាហោរាធិបតីចាងហ្វាងសូត្រប្រកាសទេវតា ចូលបុណ្យរាជាភិសេកនៅរានទេវតាធំខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ។
ម៉ោង ១៨ និង ៣០ នាទី គឺម៉ោង ៦ កន្លះល្ងាច អុជពន្លឺប្រទីបគ្រឿងសក្ការបូជា ក្នុងព្រះបរមរាជវាំង និងពន្លឺខាងក្នុង ខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យនិងគ្រឿងតាំងតុ។
ព្រះករុណាទ្រង់ព្រះពស្ត្រពណ៌ខៀវ និងព្រះភូសាពណ៌ខៀវព្រមទាំងគ្រឿងព្រះរាជឥស្សរិយយស ស្ដេចយាងព្រះបាទតាមក្បួនហែ មានស្រ្តីកាន់ផ្កាមាស ៤ ផ្កាប្រាក់ ៤ ប្រណមហែមុខ និងស្រ្តីអញ្ជើញគ្រឿង ១៦ នាក់ហែក្រោយ។ ហែពីក្នុងព្រះទីន័ងព្រះមហាមន្ទីរចេញទ្វារព្រះផាយគ្រឿន មកគង់នៅព្រះទីន័ងទេវាវិនិច្ឆ័យ មានសម្ដេចព្រះឥសីភន្ទធិបតី អញ្ជើញព្រះនារាយណ៍ហែមុខ។
ទ្រង់ប្រថាប់លើព្រះទីន័ងកៅអី អុជគ្រឿងពុទ្ធបូជាថ្វាយបង្គំព្រះរតនត្រៃ ហើយស្ដេចយាងទៅអុជទៀនជ័យ ជាមួយនឹងព្រះសង្ឃនាយកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ហើយទ្រង់ថ្វាយត្រៃព្រះសង្ឃ ២៦អង្គគ្រងរួចក្រុមសង្ឃការីទូងរគាំងអារាធនាសីលនិមន្តព្រះសង្ឃចម្រើនព្រះពុទ្ធមន្តពិធីឡើងព្រះទីន័ងមហាមន្ទីរ និងធ្វើព្រះសិទ្ធរសព្រះពុទ្ធមន្ត ទុកថ្វាយស្រង់ក្នុងបុណ្យរាជាភិសេក។
ព្រះរាជវង្សានុវង្សគ្រប់អង្គនិងអគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី ចៅក្រមក្នុងក្រុង និងក្នុងខេត្តស្លៀកសំពត់និងពាក់អាវសារបាប់ពណ៌ល្បើក ឬផាមួងនិងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់តាមតំណែងក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះសង្ឃចម្រើនព្រះពុទ្ធមន្ត រួចព្រះករុណាស្ដេចយាងចូលតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងចក្រពត្តិទ្រង់គ្រឿងពណ៌ស ទទួលសមាទានសីលក្នុងព្រះទីន័ងទ្រង់ធម៌ជាបរិសុទ្ធក្នុងព្រះអង្គ។
ម៉ោង ២០ គឺម៉ោង ៨ យប់ លៀងភោជនាហារ ព្រះរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្ត្រី និងចៅក្រម។
ពីម៉ោង ២១ ដល់ម៉ោង ២៤ គឺពីម៉ោង ៩ យប់ ទៅដល់អធ្រាត្ររាំល្ខោនក្នុងរោងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រពខាងមុខព្រះលាន អុជកាំជ្រួចរន្ទាភ្ញីទៀន។
គម្រប់ពីរ ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាធ គឺថ្ងៃ ២១ ខែសូយេត
ម៉ោង ៩ ព្រឹកព្រះករុណាទ្រង់ព្រះពស្រ្តនិងព្រះភូសាពណ៌ឋានខ្មៅស្ដេចយាងតាមក្បួនហែដដែល ចេញនិមន្តព្រះសង្ឃដែលបានចម្រើនព្រះពុទ្ធមន្តពីល្ងាចសូត្រពាហុំថ្វាយ វេរព្រះភោជនាហារព្រះសង្ឃឆាន់ ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានតូរ្យតន្រ្តីមហោរីលេងថ្វាយ រួចទ្រង់ប្រគេនទេយ្យទាន។
ព្រះរាជវង្សានុវង្ស អគ្គមហាសេនាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី និងចៅក្រមក្នុងក្រុង ក្នុងខេត្តស្លៀកពណ៌ដូចដែលនឹងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់។
លេងល្បែងមហោស្រព ខាងមុខព្រះបរមរាជវាំងដល់ម៉ោង ១០ ព្រឹក។
ព្រះករុណាព្រះរាជទានគ្រឿងឥស្សរិយយស និងរបស់ទុកព្រះកេរ្តិ៍ខ្ញុំរាជការខ្មែរ។
ពីម៉ោង ១៥ ដល់ម៉ោង ១៨ គឺពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចរាំល្ខោនក្នុងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រព មុខព្រះលាន។
ពីម៉ោង ១៨ ដល់ម៉ោង ២៤ គឺម៉ោង ៦ ល្ងាចដល់អធ្រាត្រ របៀបបុណ្យដូចថ្ងៃដំបូង។
គម្រប់ ៣ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាធ គឺ ថ្ងៃ២២ ខែស៊ូយេត
របៀបបុណ្យដូចថ្ងៃគម្រប់ពីរ។
ព្រះករុណាទ្រង់ពណ៌ក្រហម។
គម្រប់ ៤ ថ្ងៃចន្ទ ៦កើត ខែទុតិយាសាធ គឺថ្ងៃ២៣ ខែស៊ូយេត
ពីម៉ោង ៧ និង ៥ នាទីព្រឹក ជាមួយមហាវិជ័យមង្គលឫក្ស ព្រះករុណាទ្រង់គ្រឿងពណ៌ស ព្រះភូសាផាយ ស ស្ដេចយាងតាមក្បួនហែដូចដែលមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ បារគូផ្លុំសង្ខគ្រលែងពីងពាំង និងប្រគុំតូរ្យតន្រ្តីថ្វាយតាមទំនៀម ព្រះករុណាថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូបនិមន្តព្រះសង្ឃដែលសូត្រព្រះពុទ្ធមន្តពីល្ងាច សូត្រជយន្តោថ្វាយជ័យស្រង់ហើយព្រះករុណាទទួលលោកឡឺគូវែរណើរយេណេរ៉ាល់ ដឺឡាំងដូស៊ីន និងលោក ឡឺរ៉េស៊ីដង្ដ សុប៉េរីយើរ ឡារ៉េពូព្លិក បារាំងសែស ក្នុងក្រុងកម្ពុជា ជាមួយនឹងសម្ដេចព្រះសង្ឃនាយកពីរគណៈ និងអគ្គមហាសេនាបតី និងស្ដេចព្រះឥសីភទ្ទធបតី ហែស្ដេចយាងឡើងលើព្រះបល្លង្កក្រោមព្រះមហាបុស្បុក តាំងខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះករុណាគង់លើផែនសុវណ្ណជរដ៏រចនា និងជាតិហិង្គុលជាភាពរាជសីហ៍ ក្រាលលើស្លឹកឧទុម្ពរព្រឹក្ស សម្ដេចព្រះឥសីភទ្ទធិបតី ថ្វាយសង្ខជ័យព្រឹក្ស ព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ជាព្រះតេជចេស្ដា ព្រះករុណាឈមព្រះភក្ត្រទៅបូព៌ាទិសា។
ឧកញ៉ា ហោរាធិបតី ចាងហ្វាងក្រុមហោរា សូត្រប្រកាសអញ្ជើញទេវតា សូមចម្រើនសិរីសួស្ដីជ័យមង្គល ថ្វាយព្រះករុណានៅទីរានទេវតាហើយសក្ខណាកាំភ្លើង ២១ ណាត់។
ព្រះសង្ឃនាយកទាំងពីរគណៈ ថ្វាយព្រះឧទកធារាពុទ្ធមន្តស្រង់សម្ដេចព្រះឥសីភទ្ទធបតី ថ្វាយព្រះសិទ្ធរសភ្លស់សង្ខ ទ្រង់ស្រង់យោងព្រះកេសាតាមទំនៀម សម្ដេចព្រះឥសីភទ្ទធិបតីថ្វាយស្លឹកព្នៅសៀតព្រះកាណ៌ធ្វេង។
លោកឡឺគូវែរណើរយេណេរ៉ាល់ និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងអគ្គមហាសេនា សេនាធិបតី ក៏ជួយថ្វាយព្រះសិទ្ធរស ទ្រង់ស្រង់រួចហែស្ដេចយាងចុះមក ត្រូវព្រះរាមាធិបតី ចាងហ្វាងក្រុមព្រះវង្សបុព្វជូរស្រប់ព្រះបាទព្រះករុណានឹងទឹកដូង ទឹកអប់លើថាសមាសថាសប្រាក់ រួចស្ដេចយាងសណ្ឋិតលើផែន ផ្លាស់ព្រះពស្ត្រព្រះភូសា ហើយស្ដេចយាងចូលទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ តាមក្បួនហែយាងទៅប្រថាប់ ក្នុងព្រះទីន័ងចក្រពត្តិវិញ ទ្រង់គ្រឿងព្រះពស្រ្ដ ព្រះភូសាផាយរត្តកម្ពល តាមមហាក្សត្រពីបុរាណពេញព្រះរាជយស។
ម៉ោង ៩ ព្រឹក ព្រះករុណាទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រាធិរាជតាមក្បួនហែធំដដែល ចេញមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ សម្ដេចព្រះឥសីភន្ទធបតីទទួលហែមុខទ្រង់ទទួលគំនាប់លោក ឡឺគូវែរណើរយេណេរ៉ាល់ដឺឡាំងដូស៊ីន និងលោក ឡឺរេស៊ីដង្គ សុបេរីយើរ និងអស់លោកអ្នករាជការអ្នកជំនួញបារាំងសែស ដែលមកចួបជុំជួយបុណ្យ រួចទ្រង់ថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូប ទទួលសីលថ្វាយព្រះអង្គជាពុទ្ធុបដ្ឋាក ជាធម្មុប្បដ្ឋាក ជាសង្ឃុបដ្ឋាក ហើយវេរភោជនាហារនិងគ្រឿងទេយ្យទានដល់ព្រះភិក្ខុសង្ឃៗ ថ្វាយព្រះពរនិមន្តទៅឆាន់ឯកុដិ។
ព្រះករុណា ស្ដេចយាងទៅប្រថាប់លើព្រះទីន័ង កៅអីក្រាលសរបរិសុទ្ធឈមព្រះភក្ត្រទៅទិសបូព៌ មានព្រះរាជគ្រូបារគូបុរោហិតអង្គុយគាល់ជុំវិញទាំង ៨ ទិសមានបារគូផ្លុំសង្ខ ទើបសម្ដេចឥសីភន្ទធិបតីថ្វាយព្រះឥសូរ ទ្រង់ឱបព្រះហស្ដស្ដាំ ថ្វាយព្រះនារាយណ៍ ទ្រង់ឱបព្រះហស្ដធ្វេង ហើយព្រះរាជគ្រូអង្គុយទិសបូព៌ សូត្រថ្វាយព្រះគាថាតាមទិស រួចទ្រង់បង្វិលព្រះអង្គជាទក្ខិណា ដែលឆ្ពោះព្រះភក្រ្តទៅទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយព្យ ទិសឧត្ដរ និងទិសឦសាន ត្រូវឱ្យបុរោហិតដែលអង្គុយប្រចាំទិស សូត្រថ្វាយព្រះគាថាតាមទិសគ្រប់ៗទិសតាមទំនៀមព្រាហ្មណ៍ រួចទ្រង់ព្រះភក្រ្តទៅទិសបូព៌វិញព្រះរាជគ្រូប្រចាំទិសទាំង ៨ ថ្វាយសិរីសួស្ដីមហាជ័យមង្គលព្រមៗ គ្នារួចសម្ដេចព្រះឥសីភទ្ទថ្វាយព្រះសិទ្ធរសព្រះរាជសង្ខទ្រង់ស្ងោយ។
ឧកញ៉ាពិនិត្យវិនិច្ឆ័យចាងហ្វាងក្រុមព្រះអាលក្ខណ៍ សូត្រព្រះសុវណ្ណបត្តថ្វាយព្រះនាម។
ឧកញ៉ាមហាមន្ត្រីក្រុមរឿនហ្លួង សូត្រថ្វាយព្រះមហាមកុដរាជ្យ និងរាជសម្បត្តិសួយសារអាករ ព្រះនគរបាលក្រុងកម្ពុជាធិបតី និងព្រះរាជវង្សានុវង្សក្សត្រា និងអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការគ្រប់តំណែង គ្រប់ទាំងខាងក្នុង ខាងក្រៅ និងស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំក្នុងខបខណ្ឌសីមា ព្រះមហានគរក្រុងកម្ពុជាធិបតី និងថ្វាយសព្ទសាធុការពរ រួចព្រះរាជវង្សានុវង្សអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការទាំងអស់ ដែលមកចួបជុំនៅទីនោះ មានពាន មានតុដាក់តម្កល់ត្រាសម្រាប់យសសក្ដិ និងផ្កានិងទៀនទឹកអប់ តាមយសសក្ដិក្រាបថ្វាយបង្គំម្ដងៗ។
ព្រះករុណាទ្រង់មានព្រះរាជឱង្ការនូវព្រះបន្ទូល សូរសីហនាទ ព្រះរាជទានសព្ទសាធុការពរហើយទ្រង់ព្រះរាជទានត្រាសម្រាប់យសសក្ដិមុខងារគ្រប់តំណែង ឱ្យអស់រាជវង្សានុវង្ស អគ្គមហាសេនា សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីទទួលធ្វើរាជការតាមតំណែង ឆ្លងព្រះតេជគុណ និងព្រះរាជទានស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំ ឱ្យអស់ខ្ញុំរាជការប្រជានុរាស្រ្តនៅធ្វើរបររកស៊ីដោយសុខក្សេមក្សាន្តជាធម្មតាដូចដើមវិញ។
ខ្ញុំរាជការទាំងអស់ទទួលក្រាបថ្វាយបង្គំម្ដង។
ព្រះករុណាគង់លើព្រះទីន័ងកៅអីមាស។
លោក គូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដសុប៉េរីយើរ ចូលថ្វាយគំនាប់ចួបជុំ ប្រជុំធំ នាំព័ត៌មានថ្វាយសព្ទសាធុការពរ ពីគូវែរណើរម៉ង់ ដឺឡារេពូព្លីក បារាំងសែស ដែលទំនុកបម្រុងក្រុងកម្ពុជាធិបតីហើយអញ្ជើញ និងហែរស្ដេចឡើងប្រថាប់លើព្រះបល្លង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ ៩ ជាន់សក្ខណាកាំភ្លើង ២១ ណាត់ហើយសម្ដេចឥសីភទ្ទធិបតី អញ្ជើញព្រះមហាមកុដរាជ្យ ជូនទៅលោកគូវែរណើរយេណេរ៉ាល់ ទ្រង់ថ្វាយព្រះករុណាតាងព្រះនាមក្រុងបារាំងសែស។
អញ្ជើញព្រះខ័នរាជ្យជូនទៅលោក ឡឺរេសីដង្ដសុប៉េរីយើរ ថ្វាយទៅព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ហើយសេនាបតីនិងចៅក្រសួងថ្វាយឋានព្រះករ ព្រះសុពណ៌បាទ និងគ្រឿងសម្រាប់រាជតាមទំនៀម។
ខ្ញុំរាជការក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច។
លោក គូវែរណើរយេណេរ៉ាល់ ថ្លែងអធិប្បាយថ្វាយសព្ទសាធុការពរ។
ព្រះរាជគ្រូហែស្ដេចយាងចុះមកគំនាប់លោកគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ ហើយទ្រង់សូត្រព្រះរាជឱង្ការ តបព្រះតេជគុណក្រុងបារាំងសែសដែលជួយរក្សានគរ និងរាជការក្រុងកម្ពុជាធិបតី និងជួយជាអធិបតី ក្នុងការបុណ្យរាជាភិសេកព្រះអង្គ។
លោក ឡឺគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្គសុប៉េរីយើរ និងមហាជនបារាំងសែស ដែលមកចួបជុំទាំងអស់ ចាប់ព្រះហស្ដថ្វាយគំនាប់លាព្រះករុណាចេញទៅវិញ។
ម៉ោង ១០ ព្រឹក ព្រះករុណា ស្ដេចយាងតាមក្បួនហែចូលទៅវិញដល់ព្រះទីន័ង ទក្សិណប្រថាប់លើព្រះទែន។ ទើបអ្នករាជានុពង្សក្រាបបង្គំទូលឆ្លងថ្វាយអស់ព្រះរាជវង្សានុវង្សក្សត្រិយ៍ និងព្រះស្នំក្រមការព្រះស្រិង្គារ និងសព្ទសាធុការពរ។
ភរិយាចាងហ្វាងក្រុមរឿនហ្លួង ក្រាបបង្គំទូលឆ្លងថ្វាយជំទាវខុនណាង និងខ្ញុំរាជការក្សត្រីគ្រប់ក្រុម ហើយថ្វាយសព្ទសាធុការពរ។
អស់ព្រះរាជវង្សានុវង្សក្សត្រី និងព្រះស្នំ ក្រមការ ព្រះសិង្គារជំទាវខុនណាង និងខ្ញុំរាជការស្រ្តីគ្រប់ក្រុម មានផ្កានិងទៀន ទឹកអប់ តម្កល់លើពានលើតុ តាមយសសក្ដិ គ្រប់គ្នាក្រាបថ្វាយបង្គំម្ដង។
ព្រះករុណាទ្រង់មានព្រះរាជឱង្ការ ព្រះរាជទានពរសព្ទសាធុការវិញអស់ខ្ញុំរាជការ ស្រ្តីក្រាបថ្វាយបង្គំម្ដង។
ព្រះករុណាទ្រង់យាងចូលទៅក្នុងព្រះទីន័ងចក្រពត្តិ អស់ខ្ញុំរាជការស្រ្តីក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច។
ម៉ោង ១០ និង ៣០ នាទីព្រឹក ព្រះករុណាទ្រង់គ្រឿងពណ៌ដដែលស្ដេចព្រះរាជដំណើរយាងចេញតាមក្បួនហែមក ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យចួបជុំព្រះរាជវង្សានុវង្ស អគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តីថ្វាយព្រះទក្ខិណាបង្វិលព្រះពពិល ១៩ ជុំ។
លែងមនុស្សទោសគ្រប់គុកក្នុងព្រះនគរ តាមព្រះរាជប្រកាសតាមសេចក្ដីសុំពីកុង្សីយ៍ សេនាបតី។
ម៉ោង ២០ គឺម៉ោង ៨ យប់ព្រះកុរណាទ្រង់ទទួលលៀងភោជនាហារលោកឡឺគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ។
ម៉ោង ២២ គឺម៉ោង ១០ យប់ រាំល្ខោនព្រះរាជទ្រព្យនិងកម្សាន្តធំក្នុងព្រះពន្លាចន្ទឆាយា។
គម្រប់ ៥ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ គឺថ្ងៃ ២៤ សូយេត
ម៉ោង ៧ ព្រឹក ព្រះករុណាទ្រង់គ្រឿងព្រះពស្ត្រព្រះភូសាពណ៌ស្វាយទ្រង់ព្រះមកុដពេញព្រះរាជយស ស្ដេចយាងតាមក្បួនហែចេញពីព្រះទីន័ងទេវាវិនិច្ឆ័យ សក្ខណាកាំភ្លើង ២១ ណាត់ ស្ដេចយាងឡើងគង់ព្រះរាជយានុមាត្យ ព្រមដោយក្បួនហែធំ និងព្រះរាជវង្សានុវង្ស ទ្រង់ព្រះពស្រ្តសារបាប់ព្រះភូសាផាយពណ៌ និងព្រះមាលាទ្រង់ព្រះពាតឬព្រះភូសាសក្ដិ ព្រះមាលាការ អគ្គមហាសេនាយោង សេនាបតីគូឃៀង ចេញប្រទក្សិណព្រះនគរ ទ្រង់ប្រោសប្រទានប្រាក់តាមមាគ៌ា តាំងពីមុខព្រះលានទៅទិសបូព៌ បត់តាមថ្នល់ទៅទក្សិណ ដល់ថ្នល់ទទឹងបត់ទៅទិសបស្ចិមដល់ស្ពាននាគចូលព្រះពន្លាភ័ក ១។
លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និង សម្ដេចឥសីភទ្ទធិបតី ចាំទទួលព្រះករុណាស្ដេចចូលប្រថាប់ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា ហើយទ្រង់ព្រះជដាបញ្ចកុធ ឡើងគង់លើព្រះរាជរថទឹមអស្សតរ ៦ តាមក្បួនហែរតាមផ្លូវឃ្លាំងប្រេងកាត បត់ទៅឯកើតដល់ស្ពានឥន្ទធនូ ចូលព្រះពន្លាភក័ ១។
លោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងសម្ដេចឥសីភទ្ទធិបតីចាំទទួលព្រះកុរណា ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា រួចទ្រង់ព្រះមហាមាលាឡើងគង់ព្រះទីន័ងអស្សតរតាមធ្លាធំ មកដល់មុខផ្ទះប្រូតិកតូរ៉េត៍ ស្ដេចចូលប្រថាប់មានក្រុមយុទ្ធនាថ្វាយគំនាប់។
មានលោកគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្គសុប៉េរីយើរ ទទួលថ្វាយសាធុការពរ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះឧទកក្លស់សង្ខយោងព្រះកេសា រួចស្ដេចទ្រង់ព្រះមហាមាលា ទ្រង់ព្រះពាតឡើងគង់លើព្រះទីន័ងគជេន្ទ្រ ព្រះរាជដំណើរតាមក្បួនហែចូលក្នុងព្រះបរមរាជវាំង ដល់កើយខាងមុខព្រះទីន័ងសម្រាន្តភិរម្យ ទ្រង់យាងតាមព្រះទីន័ងសម្រាន្តភិរម្យ សក្ខណាកាំភ្លើង ២១ ដង។
លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និងសម្ដេចព្រះឥសីភទ្ទធិបតីទទួលហែព្រះករុណាទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខ រួចហែស្ដេចយាងតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងព្រះមហាមន្ទីរ។
ល្បែងមហាស្រពលេងនិងល្ខោនរាំដល់ម៉ោង ១៨ គឺម៉ោង ៦ រសៀលលើក អុជពន្លឺប្រទីបតាំងតុដល់អធ្រាត្រ។
ម៉ោង ២០ គឺម៉ោង ៨ យប់ លោកឡឺគូវែរណើរ យេណេរ៉ាល និងលោកឡឺរេស៊ីដង្គ សុប៉េរីយើរ រៀបរៀងថ្វាយភោជន៍ព្រះករុណាទ្រង់ស្វោយឯប្រូតិកតូរ៉ាត៍។
ម៉ោង ២២ គឺម៉ោង ១០ យប់ ទទួលលៀងអស់អ្នករាជការបារាំងសែស រាជការខ្មែរ និងមហាជនទាំងអស់កម្សាន្តសប្បាយក្នុងមន្ទីរប្រូតិកតូរ៉ាត៍។
គម្រប់ ៦ ថ្ងៃពុធ ៨កើត ខែទុតិយាសាធ គឺថ្ងៃទី ២៥ ខែសូយេត
ម៉ោង ៦ ព្រឹក សាតុដែលតាំងគ្រឿងសក្ការបូជា។
ម៉ោង ១៧ គឺម៉ោង ៥ រសៀលព្រះករុណាទ្រង់គ្រឿងធម្មតា ស្ដេចចេញលត់ទៀនជ័យ និងប្រគេនទេយ្យធម្មព្រះសង្ឃក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ។
ក្បួនវិធីឡើងព្រះទីន័ងមហាមន្ទីរក្នុងព្រះបរមរាជវាំង
ដល់ពេលហែត្រូវបាឡាត់ទូលឆ្លងក្រុមវាំង ក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ។
ឧកញ៉ាវាំងវរវៀងជ័យ ត្រូវរៀបក្បួនហែព្រះករុណាស្ដេចព្រះរាជដំណើរឡើងព្រះទីន័ងមហាមន្ទីរតាមលើមាគ៌ាក្រាលកន្ទេលនិងសំពត់សលើ។
ឧកញ៉ាវង្សាសារពេជ្រចាងហ្វាង ឧកញ៉ាសុត្តន្តប្រីជា ចាងហ្វាងក្រុមព្រះរាជបណ្ឌិត ត្រូវនិមន្តព្រះពុទ្ធរូប តម្កល់លើតោក បាំងព្រះក្លស់ពណ៌ស ហែមុខព្រះករុណា។
សម្ដេចព្រះឥសីភទ្ទធិបតី ព្រះព្រហ្មាធិរាជ ឧកញ៉ាហោរាធិបតីចាងហ្វាងហែរក្រោយព្រះពុទ្ធរូប ឧកញ៉ាកោសាធិបតីនិង ឧកញ៉ាព្រះឃ្លាំងធិបតី នាយឃ្លាំងមណីរត្ន អញ្ជើញភ្លុកដំរី ១ គូ តម្កល់លើតោក ឧកញ៉ាបរនាយកអញ្ជើញកុយ ១ គូ តម្កល់លើពានមាស របស់ទាំងនេះ ជាគ្រឿងត្រជាក់ត្រជុំ ចម្រើនព្រះសិរីសួស្ដីសុវត្ថិពិភទ្ទមង្គលជ័យ។
ហែក្រោយព្រះករុណា
១- ស្រ្តីកែវ ១ នាក់ស្លៀកសំពត់សារបាប់ស ឬល្បើកសសម្លុយពានាតាតសប៉ានឃ្លិប អញ្ជើញព្រះទម្រង់អស្សឡីយ។
ស្រ្តីមង្គលទាំង ៤ ទ្វីបគឺ ៖
២- ស្រ្តីបុព្វេវិទហទ្វីប ១ ស្លៀកសំពត់សារបាប់ ឬល្បើកពណ៌ពានាពណ៌លឿងកាច់ផ្កាមាស។
៣- ស្រ្តីជម្ពូទ្វីប ១ ស្លៀកសំពត់សារបាប់ឬល្បើកពណ៌ ពានាពណ៌ពេជ្រ កាន់ផ្កាមាស។
៤- ស្រ្តីអបរគោយានទ្វីប ១ ស្លៀកសំពត់សារបាប់ ឬល្បើកពណ៌ពានាពណ៌លឿងខ្ចីកាន់ផ្កាប្រាក់។
៥- ស្រ្តីឧត្តរកុរុទ្វីប ១ ស្លៀកសំពត់សារបាប់ពណ៌ឬល្បើក ពានាពណ៌មក៌ត កាន់ផ្កាប្រាក់។
ស្រ្តីទាំង ៥ នេះត្រូវរើសក្នុងរាជត្រកូលប្រកបដោយលក្ខណៈបរិសុទ្ធរុងរឿងល្អ។
៦- ស្រ្តី ១ នាក់ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានមាស តម្កល់ថវិកាសារបាប់ដាក់ត្បូងផ្សេង ៗ។
៧- ស្រ្តី ១ នាក់ ស្លៀកសារបាប់ឬល្បើក សម្លុយពានា តាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ថវិកាសារបាប់ដាក់សុវណ្ណ (មាស)។
៨- ស្រ្តី ១ នាក់ស្លៀកសារបាប់សម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានតម្កល់ថវិកា សារបាប់ដាករជដ (ប្រាក់)។
៩- ស្រ្តី ១ នាក់ស្លៀកសារបាប់សម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានតម្កល់ មណីសិលា បិទមាសជារបស់មង្គល។
១០- ស្រ្តី ១ នាក់ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ ត្រឡាចបិទមាស។
១១- ស្រ្តី ១ នាក់ ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ ថវិកាដាក់លាក់បិទមាសទុកជាលក្ខិណាព្រះទីន័ង។
១២- ស្រ្តី ១ នាក់ ស្លៀកសំពត់សារបាប់ ឬល្បើកពានាតាមពណ៌បី នាងវិឡារឆ្មាញី ពាក់ជីដាំត្បូងពេជ្រ ត្បូងទទឹម ត្បូងមក៌ត តំណាងរាសីរក្សាព្រះទីន័ង។
១៣- ស្រ្តី ១២ នាក់ ស្លៀកសំពត់សារបាប់ ឬល្បើកពានាតាតពណ៌ អញ្ជើញគ្រឿងសម្រាប់ឥស្សរិយយសព្រះមហាក្សត្រ។
ព្រះរាជវង្សានុវង្ស ស្រ្តីនិងព្រះស្នំក្រមការខ្ញុំរាជការ ស្រ្តីជំទាវខុនណាងគ្រប់ក្រុមហែតាម។
ឯឧកញ៉ាមហាមន្ត្រី ឧកញ៉ាមហាទេព ស្លៀកសំពត់ ពាក់អាវសារបាប់និងអាវផាយ ពាក់លំផក។
ព្រះឥន្ទកោរព្ភការ ព្រះព្រហ្មាធិរាជ ស្លៀកស ពាក់អាវផាយទាំង ៤ នាក់តំណាងទេវតា ឈរប្រចាំសោបានព្រះទីន័ងមហាមន្ទីរមានគ្រឿងចម្អាប ១ តុ បង្អែម ១ តុ និង ក្បាលជ្រូក ១ គូ សែនយក្ខទេវតា ដែលរក្សាព្រះសោបាន។ លុះក្បួនហែមកដល់ព្រះសោបាននោះ សម្ដេចព្រះឥសីភទ្ទធិបតី និង ឧកញ៉ាហោរាធិបតីចាងហ្វាងសូត្រប្រកាសទេវតាថា ៖
ភោន្តោទេវសំឃាយោ
(ប្រែថា) បពិត្រអស់ពពួកទេវតាដ៏ចម្រើន បានមកសន្និបាតប្រជុំព្រមនៅស្ថានទីនេះហើយ ឬ ទៅណា (ទើបតំណាងទេវតាទាំង ៤ ឆ្លើយថា ៖ យើងសណ្ឋិតនៅរក្សាមហាស្វេតច្ឆត្រ នៅស្ថានវិមានព្រះមហារាជមន្ទីរក្នុងព្រះបរមរាជវាំងនេះជានិច្ច មិនបានទៅណាទេ អ្នកមានការអ្វីសូមថ្លែងសេចក្ដីមក)។
ទើបស្ដេចឥសីភទ្ទធិបតី និងឧកញ៉ាហោរាធិបតី ចាងហ្វាងឆ្លើយថា យើងខ្ញុំហែព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះនាមព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សហិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃព្រះចៅក្រុងកម្ពុជាធិបតី ស្ដេចព្រះរាជដំណើរ មានគ្រឿងឥស្សរិយយស គ្រប់តាមទំនៀម មកឡើងព្រះទីន័ងមហាមន្ទីរ ជាទីគង់លើព្រះទែនក្រោមព្រះមហាស្វេតច្ឆត្រ ទ្រង់គ្រងរាជសម្បត្តិ ជាអម្ចាស់ជីវិតលើត្បូង សូមទេវតាចម្រើនព្រះជន្ម ឱ្យបាន ១០០ ព្រះវស្សា ជាសុខក្សេមក្សាន្តស្ថិតស្ថេរចីរកាលតទៅ បើទេវតាយល់ថា វេលានេះជាមហាវិជ័យមង្គលឫក្សមានជោគល្អ ចូរសម្ដែងមក។ (ទេវតាឆ្លើយថា) យើងស្ថិតនៅរក្សាព្រះមហារាជមន្ទីរនេះ និងព្រះមហាស្វេតឆត្រ ក្នុងព្រះបរមរាជវាំងនេះ បម្រុងថ្វាយព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី ស្រេចហើយវេលានេះ ជាជ័យមង្គលឫក្សជោគល្អ ហើយយើងជាទេវតា សូមថ្វាយព្រះមហាស្វេតច្ឆត្ររត្នមហាមន្ទីរស្ថាន សូមអញ្ជើញព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងឡើងគង់លើព្រះមហាមន្ទីរស្ថាន សូមចម្រើនសេចក្ដីសុខសួស្ដីវិជ័យមង្គលមហាប្រសើរថ្វាយព្រះជន្មទីឃាយុយឺនយូរ បាន ១០០ ព្រះវស្សា ទ្រង់រាជសម្បត្តិរក្សាព្រះពុទ្ធសាសនា ច្បាប់ទំនៀមព្រះនគរ ព្រះរាជវង្សានុវង្ស ព្រះស្នំ ក្រមការ អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្ត្រី កវីបណ្ឌិត ព្រាហ្មណ៍ព្រឹទ្ធាមាត្យ ជំទាវខុនណាង និងខ្ញុំរាជការ អាណាប្រជានុរាស្រ្ត ឱ្យប្រកបដោយនូវសិរីសុខាមហាប្រសើរ ស្ថិតស្ថេរចីរកាលតទៅហោង។
ស្ដេចព្រះឥសីភទ្ទធបតី និងឧកញ៉ាហោរាធិបតី ទទួលសាធុការពរក្រាបបង្គំទូលអញ្ជើញស្ដេចយាងឡើងតាមព្រះសោបាន ទូងគងជ័យព្រាហ្មណ៍ផ្លុំសង្ខតូរ្យតន្រ្តី។ ទើបឧកញ៉ា វាំងវរវៀងជ័យ ចេញមកទទួលក្រាបថ្វាយបង្គំ អញ្ជើញព្រះករុណាស្ដេចយាងចូលទៅក្នុងព្រះមហាមន្ទីរក្រឡាព្រះបន្ទំ ទ្រង់យាងទតគ្រប់ទី តាមសព្វព្រះរាជហឫទ័យ រួចចួបជុំព្រះរាជវង្សានុវង្ស ព្រះស្នំ ក្រមការ ព្រះគ្រូ អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តីក្រាបថ្វាយបង្គំគាល់។
រួចព្រះករុណា ស្ដេចយាងទៅថ្វាយបង្គំ ព្រះបរមអដ្ឋិក្នុងហោព្រះអដ្ឋិហើយស្ដេចយាងចេញ ទ្រង់ព្រះសណ្ដាប់ សូត្រមន្តក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ក្នុងព្រះរាជពិធីឡើង ព្រះមហារាជមន្ទីរ និងរាជាភិសេក។
ក្បួនរំឭកព្រះមហាក្សត្រដែលទ្រង់ព្រះរាជាភិសេក
សោមហាសន្តោ សិនេរោអធិដ្ឋានកាយំ បញ្ចាភិសេកំ អធិដ្ឋាសិ។
ឯព្រះមហាក្សត្រ លុះបានរាជភិសេក ជាឯករាជហើយគប្បីអធិដ្ឋានព្រះអង្គថា ព្រះអង្គយើងនេះគឺភ្នំព្រះសុមេរុរាជ ដ៏តាំងនៅចារឹកព្រះធរណីក្នុងប្រថពីតល ឯព្រះនេត្ររបស់យើងខាងស្ដាំគឺព្រះអាទិត្យ ព្រះនេត្រយើងខាងឆ្វេងគឺព្រះចន្រ្ទ ដ៏ឆ្លុះបំភ្លឺលោកឱ្យភ្លឺរុងរឿង ច្បាស់ស្រឡះនៅក្នុងព្រះហឫទ័យ និងកាត់នូវទុក្ខភ័យនៃមនុស្សឱ្យប្រាកដ ក្នុងព្រះឧបេក្ខាបរិញ្ញតិ្តដែលក្ដៅក៏ឱ្យក្ដៅ ដែលត្រជាក់ក៏ឱ្យត្រជាក់ តាមព្រះបវេណី ដូចគ្នាព្រះហស្ដ ឆ្វេង ស្ដាំ នូវព្រះបាទទាំងពីរនោះ គឺទ្វីបទាំង ៤ ស្វេតច្ឆត្រទាំង ៦ ជាន់នោះគឺ ធនាវចរទាំង ៦ អធិដ្ឋានព្រះឱង្ការខ្ជាប់មិនបានញាប់ញ័រក្នុងព្រះរាជហឫទ័យ ព្រះមហាមកុដនោះសោត គឺកំពូលវិមានព្រះឥន្រ្ទ ព្រះខ័ននោះគឺប្រាជ្ញាអាចនឹងកាត់មន្ទិលនៃមនុស្សឱ្យឃើញច្បាស់ សព្វលោកធាតុ។
ឯគ្រឿងប្រដាប់គឺព្រះភូសារត្តកម្ពលនោះ គឺភ្នំគន្ធមាទដ៏រណ្ដាប់ភ្នំព្រះសុមេរុរាជ។ ឯព្រះអង្គមហាក្សត្រនោះគឺព្រះវិន័យធម៌ដ៏តម្រង់រាស្រ្តប្រដៅឱ្យប្រាកដភ្លឺរុងរឿងទូទាំងជម្ពូទ្វីប សុពណ៌បាទនោះគឺផែនដីជាទីរងភ្នំព្រះសុមេរុរាជ និងជាទីអាស្រ័យនៃអាណាប្រជានុរាស្រ្តទាំងឡាយ សព្វដែនខបខណ្ឌសីមា ហើយឰល្បីដោយព្រះយសព្រះតេជរបស់ព្រះមហាក្សត្រនោះផង។
ទសបញ្ញត្តិយា មហាសត្តអប្បកាយា បញ្ញត្តិយោអប្បមាតិ ។
មានក្នុងគម្ពីរព្រះបាលី ព្រះលោកបញ្ញត្តសម្រាប់ព្រះបរមក្សត្រ និងរក្សាព្រះអង្គឱ្យរុងរឿង គឺកុំឱ្យឆ្មៀងព្រះនេត្រទត មើលព្រះអាទិត្យ ១ កុំឱ្យផ្ទុំទាល់តែព្រះអាទិត្យរះឡើង ១ កុំឱ្យសោយព្រះសិទ្ធរសល្អក់ព្រះសិទ្ធរសព្រាំ និងសិទ្ធរសជ្រោះជ្រលង ១ កុំឱ្យសោយត្រីសាច់ដ៏ឆ្អាបនិងខ្លាញ់ ១ កុំឱ្យសោយព្រះឱសថដែលពេទ្យផ្សំមិនគួរនិងសោយ ១ កុំឱ្យសោយរបស់ដែលទំពារដែលខាំ ១ កុំឱ្យសេពកាមគុណនឹងស្ត្រីមានអាយុ ៤០ឆ្នាំ និង ៥០ឆ្នាំ ១ កុំឱ្យទ្រង់ព្រះភូសាមានសាច់ជ្រោកគគ្រោកគគ្រាតមិនល្អ ១ ហេតុទាំងដប់ប្រការនេះ មិនគួរដល់ព្រះបរមក្សត្រឡើយ។
គ្រឿងទេយ្យទាន ដែលត្រូវប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យរាជាភិសេក។
ព្រះសង្ឃចម្រើនព្រះពុទ្ធមន្ត ឡើងព្រះទីន័ងមហាមន្ទីរនិងបុណ្យរាជាភិសេក រួមទាំងអស់ ៦៧ អង្គ។
ត្រូវក្រុមវាំងអាលក្ខណ៍ ឃ្លាំងទិញគ្រឿងទេយ្យទានដូចមានចំនួនខាងក្រោមនេះក្នុងមួយមុខៗ
ត្រៃព្រែម្ខាង ទេសម្ខាង ស្បង់ព្រែ ស្បែកជើងដង្គៀប កន្សែងស គោមឡតទៀនបារាំង ហោទៀនបារាំងធំវែង កាំបិតកោ ថ្មសំលៀងកាំបិតកាស្រាក់តែណាយីស៊ីម កំសៀវស្ពាន់ ស្ករបារាំង ធូបក្រអូបយ៉ាងល្អឈើគូសភ្លើង ឆត្រដងឬស្សី។
រៀបភោជនាហារចង្ហាន់តង្វាយព្រះ ៣ សម្រាប់ ចង្ហាន់ព្រះសង្ឃ ៤៨ សម្រាប់។ មុខងារដាំបាយចង្ហាន់ ៤៨ អង្គ ត្រូវ ៧២ នាឡិ ទិញឧសដុត។
ឧកញ៉ាបម្រុងសក្ការ និងព្រះប៉ាន់ធិបតី មុខងារខាងដាំតែរៀបដាំតែប្រគេនព្រះសង្ឃ។ តែណាយីស៊ីម ៤ សំណុំ ស្ករសបារាំង ១០ នាឡិធ្យូងកោងកាង ៤០ នាឡិ។
ក្រុមរាជការ ស្រ្តីខាងក្នុងព្រះបរមរាជវាំង ត្រូវរៀបប្រគល់ឱ្យមុខងារប្រគេន និងប្រើការក្នុងបុណ្យ គឺក្រមួនឃ្មុំ ៦០ នាឡិ អំបោះប្រឆេះ ៤ នាឡិ ធូបលឿង ៣០ សំណុំ ទៀនបារាំងស្រាត ៩ ហិប ទៀនបារាំងស្រោប ៣ ហិប ថ្នាំ ៣០ នាឡិ ស្លាស្លឹង ៣០ នាឡិ ម្លូសម្រាំង ៥ ពាន់ ស្លាជ្វា ៨ នាឡិ ស្លឹកចេកស្រស់ ២៥០ សំណុំ ស្លឹកចេកក្រៀម ១២០ សំណុំ កំបោរក្រហម ២ ដុំ ធ្យូងកោងកាង ១ ហាប ប្រេងដូង ១ នាឡិ ៕
ក្បួនហែ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ប្រទក្សិណព្រះនគរ គឺជុំវិញក្រុងភ្នំពេញជាក្រុមមឿង
ក្រុងកម្ពុជាធិបតី
ក្នុងឱកាសព្រះរាជពិធីរាជាភិសេក
រៀបជា ៥ ជួរ
ទង់ជ័យរូបអាជានេយ្យធំមាស ១
ភ្លេងបារាំង ១ វង
ទង់ប្រាសាទធំ ១
ទង់ប្រាសាទធំ ១
ភ្លេងបារាំង ១ វង់
យុទ្ធនាបារាំងសែស ១ ក្រុម
នាយត្រួត ១ នាក់
ខ្លងយ៉ាវ ១ វង់
នាយត្រួត ១ នាក់
យុទ្ធនាធិការបារាំងសែស ១ ក្រុម
ក្រុមពិជ័យសង្រ្គាមខ្មែរ ១ ក្រុម
នាយត្រួត ១ នាក់
ក្រុមរក្សាស្រុក ១ វង់
ទង់នាគ ៣០
សាវ៉ាតត្រួត
ខ្លងខែក ១ វង់
សាវ៉ាតត្រួត
ទង់នាគ ៣០
ក្រុមរក្សាព្រះអង្គ ១ ក្រុម
នាយត្រួត
ភ្លេងជ្វា ១ វង់
ភ្លើងពិផាត ១ វង់
នាយត្រួត ១ នាក់
ក្រុមពិជ័យសង្រ្គាមខ្មែរ ១ វង់
ទាហានកាំភ្លើងធំ
នាយត្រួត
ភ្លេងពិផាត ១ វង់ធំ
នាយត្រួត
ទាហានកាំភ្លើងធំ
ក្រុមរក្សាស្រុក ១ វង់
នាយត្រួត
ខ្លងខែក ១ វង់
នាយត្រួត
កាវាឡីរី ជិះសេះ ២៥
ដាវខែល ៥០
មន្ត្រីយួន
ភ្លេងម៉ាឡាយូ ១ វង់
មន្ត្រីយួន
ដាវខែល ៥០
ឧកញ៉ាទេវរជូនជិះសេះ
កន្ទុយក្ងោក
មន្ត្រីចិន
នាយត្រួត
ក្រុមរក្សាព្រះអង្គ ១ ក្រុម
នាយត្រួត
ភ្លេងចិន ១ វង់
នាយត្រួត
ទង់ក្អែប ៣០
សាវ៉ាតត្រួត
សាវ៉ាតត្រួត
ទង់ក្អែប ៣០
កាវាឡីរី ជិះសេះ ២៥
មន្ត្រីចាម ជ្វា ១០
ទង់មករ
ចៅហ្វាយស្រុក ចៅហ្វាយខេត្ត
គងជ័យ
ចៅហ្វាយស្រុក ចៅហ្វាយខេត្ត
ទង់មករ
មន្រ្តីសក្ដ ២ ហូពាន់ដល់ ៨ ហូពាន់
ដើរហែ
មន្រ្តីសក្ដិ ២ ហូពាន់ដល់ ៨ ហូពាន់
ដើរហែ
តម្រួតមុខកាន់លំពែង ២០
តម្រួតមុខកាន់លំពែង ២០
ចាមរ ៥
ខ្លងធ្នាក់ក្រហម ១០
ខ្លងធ្នាក់ប្រាក់ ១០
ខ្លងធ្នាក់មាស ១០
ចាមរ ៥
មន្រ្តីចិន
ឧកញ៉ារាជវរានុកូលជិះសេះ
កន្ទុយក្ងោក
យោក្បត្រ
យោក្បត្រ
តម្រួតរំពាត់បាច់ ៣០
សុភា
ស្គរជ័យ
តម្រួតរំពាត់បាច់ ៣០
បាឡាត់
បាឡាត់
ភ្លេងមហោធិក
ព្រាហ្មណ៍ផ្លុំសង្ខ ៤
គ្រែ-ង
គ្រែ-ង
ហោរា ១
ហោរា ១
ភូវតាន ៥
ស្ដេចមាឃ ១០
ស្ដេចមាឃ ១០
ភូវតាន ៥
ព្រះវង្ស ១០
ព្រះវង្ស ១០
មន្ត្រីក្នុងសក្ដិ ៩ ហូពាន់ជិះសេះ
មន្ត្រីក្នុងសក្ដិ ៩ ហូពាន់ជិះសេះ
អភិរម្យ ៤
ឧកញ៉ាមហាមន្ត្រីជិះសេះ
ព្រាហ្មណ៍គ្រវីពឹងពាំង ១០
ព្រាហ្មណ៍គ្រវីពឹងពាំង ១០
ព្រាហ្មណ៍ផ្លុំសង្ខ ៤
ឧកញ៉ាវាំងវរវៀងជ័យ ជិះគ្រែ
ឃៀង
បាំងសែង
ព្រះរាជយានុមាត្យ ព្រះករុណាគង់
បាំងសែង
អាលក្ខណ៍អញ្ជើញ ព្រះផ្កាមាស
ផ្កាយប្រាក់
ថ្វាយបូយទាន
ឧកញ៉ាចក្រីធិបតីកុញ្ជរ ជិះគ្រែ
ឃៀង
ឧកញ៉ាក្រឡាហោមជិះគ្រែឃៀង
ព្រះវិជ្ជនិងយ
បាំងសែង
ព្រះវិជ្ជនិងយ
ឧកញ៉ាយមរាជជិះគ្រែឃៀង
ភូសាមាលាអញ្ជើញគ្រឿង
ភូសាមាលាអញ្ជើញគ្រឿង
ទង់សត្វឥន្រ្ទី ៣០
គជេន្ទ្រព្រះទីន័ងព្រះ
សាវ៉ាតត្រួត។
កាន់ដំបងរមួល ៥០ នាក់
ដំរីសរ ១
គជេន្ទ្រព្រះទីន័ងគជាញជ័យ
មន្រ្តីក្រុមវាំង
ឧកញ៉ាអគ្គមហាសេនាធិបតីជិះ
គ្រែយោងមុខ
ឧកញ៉ាមហាទេពជិះសេះ
ព្រះអង្គម្ចាស់ជិះសាលៀង
ជិះសេះហែ
នាម៉ឺនសក្ដិ ១០ ហូពាន់ជិះគ្រែហែ
មហាតលិកអញ្ជើញគ្រឿង
នាម៉ឺនសក្ដិ ១០ ហូពាន់ជិះគ្រែ ហែរ
ព្រះអង្គម្ចាស់ជិះសាលៀង ជិះសេះ
ហែ
ទង់សត្វឥន្រ្ទី ៣០
គជេន្ទ្រចម្លងសឹក ២
តម្រួតក្រោយកាន់លំពែង ១៥
មហាតលិកប្រសែងធួន
តម្រួតក្រោយកាន់លំពែង ១៥
គជេន្ទ្រចម្លងសឹក ២
គជេន្ទ្រយោង ៤
ព្រះទីន័ងគជេន្ទ្រទ្រង់ករ
គជេន្ទ្រយោង ៤
កាន់ដំបងរមួល ៥០ នាក់
សាវ៉ាតត្រួត។
ព្រះស្រីសាទេពជិះសេះកន្ទុយ
ក្ងោក
ដូចមានផែនទី
បូករួមក្នុងក្បួនហែ
១- អគ្គមហាសេនា ១
២- សេនាបតី ៤
មន្រ្តីក្រុមវាំង
ព្រះទីន័ងគជេន្ទ្រគង់
ព្រះទីន័ងគជេន្ទ្រគង់
មន្រ្តីក្រុមវាំង
ព្រះទីន័ងអស្សតរគង់
មន្រ្តីក្រុមវាំង
ព្រះទីន័ងអស្សតររង
ព្រះនរិន្ទសេនីយជិះសេះកន្ទុយ
ក្ងោក
ព្រះមហារាជរថទឹមសេះ ៦
៩- ចាងហ្វាង ៥
|
១០- ចៅក្រម ១៨
១១- ក្រឡាបញ្ជី ២០
១២- សមុហបញ្ជី ២៧
|
១៣- ត្រួតខេត្ត ១
១៤- ចៅហ្វាយ ១៥
|
១៥- ចៅហ្វាយស្រុក ១២
១៦- ចៅហ្វាយ ខណ្ឌ ៨៥
តុលាការខេត្ត
១៧- ចាងហ្វាង ១៤
|
១៨- ចៅក្រម ២០
១៩- ក្រឡាបញ្ជី ១៣
២០- សមុហបញ្ជី ៤៣
២១- សេនាទាហាន ៦ ក្រុម
២២- នាយត្រួត ៣
២៣- កាវាឡឺរីជិះសេះ ៥០
២៤- តម្រួតមុខកាន់លំពែង ៤០
ព្រះរាជវង្សានុវង្សក្សត្រ
|
ព្រះអង្គម្ចាស់ ៥
៣- គឺ អ្នកអង្គម្ចាស់ ២៩
៤- មន្ត្រីសក្ដិ ១០ ហូពាន់ ក្នុង
ក្រុង ១
៥- ចាងហ្វាងក្រុមបារគូបុរោហិត ១
៦- ក្រុមបារគូបុរោហិត ២៦
៧- ចាងហ្វាងក្រុមព្រះវង្ស ១
៨- មន្ត្រីក្នុងក្រុង ៥០០
តុលាការក្នុងក្រុង
២៦- មន្ត្រីចាមជ្វា ១០
២៧- ព្រាហ្មណ៍គ្រវីពឹងពាំង ២០
២៨- -ដ- ផ្លុំ សង្ខ ៨
២៩- ហោរា ២
៣០- ស្ដេចមាឃ ២០
៣១- ព្រះវង្ស ២០
៣២- តម្រួតក្រោយកាន់លំពែង ៣០
៣៣- តម្រួតក្រោយដំបងរបួល ១០០
៣៤- ដាវ ៥០ ខែល ៥០ ជា ១០០
៣៥- ចាមរ ១០
៣៦- ភូវ តាន ១០
៣៧- អភិរម្យ ៤
៣៨- ទង់ ១៨៣
៣៩- ភ្លេង ៦ វង្ស
៤០- ខ្លង ធ្នាក់ ៣០
៤១- គជេន្ទ្រចម្លងសឹក ៤
៤២- គជេន្ទ្រយោង ៨
២៥- តម្រួតមុខកាន់រំពាត់បាច់ ៦០
៤៤- គជេន្ទ្រ ព្រះទីន័ងព្រះ ១
៤៥- ដំរីស ១
៤៦- គជេន្ទ្រព្រះទីន័ងគជាញជ័យ ១
៤៧- ព្រះទីន័ងគជេន្ទ្រគង់ ១
៤៨- -ដ- រង ១
៤៩- ព្រះមហារាជរថ ១ ទឹមសេះ ៦
៥០- ព្រះទីន័ងអស្សតរគង់ ១។
៤៣- ព្រះទីន័ងគជេន្ទ្រទ្រង់ករ ១
៥១- -ដ- រង ១ ។
៥២- មន្ត្រីជិះសេះកន្ទុយក្ងោក ៤
៥៣- មន្ត្រីជិះសេះ ៤
បូកផ្ដាច់មនុស្ស ១៤៧៧ នាក់
– ដំរី ១៨
– សេះ ៦៦
ទ្រង់ព្រះរាជានុញ្ញាត
ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី។
ជាអម្ចាស់ជីវិតលើត្បូង
ឡាយព្រះហស្ថលេខាៈ ព្រះស៊ីសុវត្ថិ មុនីវង្ស
យល់ព្រម
កុង្សីសេនាបតី
ក្រុមព្រះនរោត្ដម ភាណុវង្ស ទីអគ្គមហាសេនាធិបតី
ភាណុវង្ស
ឧកញ៉ាចក្រីធិបតីកុញ្ជរ ឧកញ៉ាវាំងវរវៀងជ័យ
ប៉ុន ជួន
ឧកញ៉ាយោមរាជ ក្រុមហ្លួងស៊ីសុវត្ថិ សុផានុវង្ស
ជា ទីក្រឡាហោម
សុផានុវង្ស