ព្រះនិព្វាន គោលបំផុតរបស់ពុទ្ធសាសន៍

សារវន្តកថា

ព្រះពុទ្ធសាសនាជាសាសនាឯក ព្រោះមានសេចក្ដីបរមសុខ គឺព្រះនិព្វានជាសម្បត្តិដ៏ឧត្ដមបំផុត ហើយក្នុងសម័យសព្វថ្ងៃនេះ មានមនុស្សដែលយល់តាម ដែលកាន់តាមលំអានពុទ្ធវចនៈចំនួន ៥០០ ០០០ ០០០ នាក់។

ប៉ុន្ដែចំពោះនឹងមនុស្សដែលធ្វេសប្រហែស ដែលព្រងើយកន្តើយនោះកែវដ៏ប្រពៃនេះហាក់ដូចជាមិនមានតម្លៃ ហើយមិនគួរនឹងស្វែងរកឡើយ តែថាចំពោះនឹងមនុស្សដែលមានប្រាជ្ញាញាណឆ្លៀវឆ្លាស ហើយដែលធុញទ្រាន់នឹងសេចក្ដីឈឺចាប់ (ទុក្ខ) វិញ នោះកែវដ៏ប្រពៃនេះឯងទៅជាវត្ថុមួយប្រសើរបំផុតដែលគួរស្វែងរក។

ទោះអ្នកឯណាចេះពោលអំពីរឿងអ្វី ១ ដែលជាទីសំខាន់ មានក្ខណៈថាដូចម្ដេចក្ដី ហើយទោះបីក្នុងសេចក្ដី ដែលពោលនោះគេចេះជ្រើសរើសសេចក្ដីដែលខ្ពង់ខ្ពស់យ៉ាងណា ដើម្បីអធិប្បាយអំពីសេចក្ដីបរមសុខនៃព្រះនិព្វានក្ដី ក៏សេចក្ដីដែលពោលនោះ មិនអាចនឹងត្រូវចម្លើយ ព្រោះថាតាមដោយពិតនោះមិនមានអ្នកឯណាអាចស្គាល់បានថា ព្រះនិព្វាននោះជាអ្វីទេ គឺគ្រាន់តែបានមើលសេចក្ដីផ្សេងៗ ដែលពោលអំពីព្រះនិព្វានប៉ុណ្ណោះ។

ព្រះនិព្វានដែលពិតប្រាកដនោះ ជាវត្ថុដែលអធិប្បាយមិនរួចដែលឥតឧបមា ហើយដែលវិជ្ជាមនុស្សនឹងចាប់មិនបាន ព្រោះព្រះនិព្វាននេះ ជាឋានខ្ពស់លើសគេទាំងអស់ ហើយដែលអាចនឹងយល់ច្បាស់ប្រាកដបាន។ តែដោយការយល់ស្ដែងរបស់ប្រាជ្ញាញាណ គឺជាសេចក្ដីពិតសម្រេចឥតសង្ស័យ។ ប៉ុន្តែមិនមែនជាការត្រូវឬមិនមែនជាផ្លូវសេចក្ដីឡើយ ប្រសិនបើយើងមិនល្បងរិះគិតឱ្យជាក់លាក់អំពីព្រះនិព្វាននេះ ដរាបដល់ពេលដែលយើងបានឋានជាន់ខ្ពស់ ដែលអាចធ្វើឱ្យយើងឃើញនូវព្រះនិព្វាន។ បើមិនដូច្នោះទេ គេអាចនឹងបន្ទោសយើងបាន ដូចយ៉ាងមនុស្សជំទង់ម្នាក់ដែលមិនស្ទាត់នូវត្រៃវិជ្ជា ត្រូវបន្ទោសដូច្នេះនៃសម្លាញ់ ចុះហេតុដូចម្ដេចបានជាឯងធ្វើជណ្ដើរ ដើម្បីឡើងទៅកាន់វត្ថុដែលឯងស្មានថាជាផ្ទះ ហើយដែលឯងមិនឃើញមិនយល់សោះនោះ ឯផ្លូវដែលយ៉ាងជាក់ស្បាន់ ដើម្បីនឹងរិះគិតអំពីព្រះនិព្វាននោះ គឺត្រូវពិចារណាតាមលំអានព្រះពុទ្ធវចនៈ។ ក្រៅអំពីព្រះពុទ្ធសាសនា គេអាចនឹងបង្ហាត់ ឬបង្វឹកនូវអំណាចស្មារតីរបស់គេបាន អំពើដែលមានមោក្ខធម៌ គឺព្រះនិព្វាននេះឯង។

យថាហេតុនេះហើយ បានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ កាលដែលព្រះអង្គអន្ទោលក្នុងវដ្ដសង្សារនៅឡើយនោះ ទ្រង់បានពិចារណាឃើញសេចក្ដីយ៉ាងដូច្នេះ នូវវេលាដែលកំពុងចម្រើនភាវនា។

តែកាលណាទុក្ខមានហើយ រីសេចក្ដីសុខក៏អាចមានបាន។

តែកាលណាមានជាតិហើយ អ្វីដែលមិនមែនជាជាតិ ក៏គង់នឹងរកឃើញបាន។

តែកាលណាចំហាយក្ដៅមានហើយ រីចំហាយត្រជាក់ក៏គង់មានបាន។

តែកាលណាភ្លើង៣មានហើយ រីព្រះនិព្វាន ក៏អាចនឹងរកឃើញបាន។

តែកាលណាសេចក្ដីអាក្រក់មានហើយ រីសេចក្ដីល្អ ក៏គង់មានមិនខាន។

តែកាលណាកំណើតមានហើយ អ្វីដែលមិនមែនជាកំណើត ក៏អាចរកឃើញបាន។

ដូច្នេះឃើញថា នៅវេលាដែលបានរំពឹងដោយយោបល់អំពីសភាពជាក់ស្ដែង និងបដិសេធរបស់ជាតិ នោះព្រះអនាគតពុទ្ធ ក៏បានដល់នូវសេចក្ដីយល់ឃើញយ៉ាងដាច់ខាត ថាត្រូវតែមានព្រះនិព្វានដែលគ្មានឈឺគ្មានស្លាប់ ហើយជាសភាពផ្ទុយគ្នានឹងសង្សារដែលជាសភាពប្រកបដោយទុក្ខហើយប្រែប្រួលជានិច្ច ឬបើនឹងពោលដោយសព្ទផ្សេងទៅវិញនោះ គឺថាត្រូវតែមានជាតិយ៉ាងដាច់ខាត១ ដែលជំទាស់ផ្ទុយគ្នា និងជាតិដែលប្រកបដោយអភេទផ្សេងៗ ប៉ុន្តែទោះបីពិចារណាតាមផ្លូវសេចក្ដីឬតាមលំអានវិទ្យាសាស្ត្រក្ដី ក៏មិនអាចនិងយល់បាននូវខ្លឹមសារនៃព្រះនិព្វាន ព្រោះព្រះនិព្វាននេះជា អតក្កាវចរោ ហើយមិនអាចនិងឈោងចាប់បានឬយល់បាននូវខ្លឹមសារ ដោយអំណាចវិធីក្បួនខ្នាតឡើយ។

នែសម្លាញ់ សារីបុត្ត ខ្ញុំឮតែគេថា និព្វាន និព្វាន តើអ្វីដែលជានិព្វាននោះ។

ប្រស្នានេះឯង ដែលព្រាហ្មណ៍ម្នាក់បានចោទកាលពី២៥០០ឆ្នាំ កន្លងមកហើយ អំណើស ៥០០ឆ្នាំ តពីនោះមក ព្រះចៅមិលិន្ទ បានយកប្រស្នាដដែលនេះមកចោទម្ដងទៀតនៅស្រុកសាគល ។ ដោយឃើញថាប្រស្នានេះហាក់ដូចជាមិនទាន់ច្បាស់នៅឡើយ នោះទើបយើងអាចហ៊ានយកមកផ្ដើមចោទម្ដងទៀត ក្នុងទំព័រដែលមានតទៅនេះ។

ពាក្យបាលីថា “និព្វាន” ដែលត្រូវសម្គាល់ថាចេញមកពីពាក្យសំស្ក្រឹត “និវ៌ាណ” ហើយដែលជំពាក់គំនិត ស្រូបចូលទៅក្នុងគំនិតព្រាហ្មណ៍ផង នោះកាត់ចេញទៅជាពីរបទគឺ “និ” និង “វាណ” នេះជាសួន១ របស់បដិសេធ ហើយ វាណ ដែលត្រូវប្រែថាត្បាញ ឬប្រាថ្នាមានសភាពក្នុងទីនេះជាខ្សែ ដើម្បីចងជាតិរបស់យើងភ្ជាប់ពី ១ ទៅ ១។

រីធម៌ដែលជួយយើងឱ្យរបូតពីសេចក្ដីប្រាថ្នា ឬដែលជួយដោះយើងឱ្យរបូតពីចំណងនោះមានឈ្មោះថា និព្វាន។

ព្រះអនុរុទ្ធថេរ លោកបានពោលពន្យល់ក្នុងព្រះអភិធម្មបំព្រួញថាដូច្នេះ បានជាហៅថានិព្វានព្រោះជាសេចក្ដីរំដោះនិងចេញពីសេចក្ដីប្រាថ្នា គឺ វាណ តែជាប់ចំណងរបស់សេចក្ដីប្រាថ្នាដរាបណា ក៏តែងតែនឹងសន្សំកម្មជាកម្លាំងថ្មីទៀត ដរាបនោះអំពើដែលសន្សំនោះហើយ នាំយើងឱ្យវិលវល់ក្នុងសេចក្ដីកើតស្លាប់តៗទៅឥតមានស្រាក។

លុះតែកាលណា បានទម្លាយកាច់បំបាក់នូវតណ្ហា គឺសេចក្ដីប្រាថ្នាចេញហើយ ទើបកម្លាំងកម្មនោះនឹងប្រព្រឹត្តទៅទៀតមិនបានហើយក្នុងស្ថាននេះគេអាចនឹងចាប់យកបាននូវព្រះនិព្វាន ហើយគេចភៀសឱ្យផុតអំពីវដ្ដសង្សារ។

ពាក្យនិព្វាននេះ គេអាចនិងពន្យល់ថារម្លត់បានដែរ គឺរម្លត់ភ្លើងប្រាថ្នា (លោភៈ) រម្លត់​ភ្លើង​កំហឹង (ទោសៈ) និងរម្លត់ភ្លើងវង្វេង (មោហៈ) ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ទ្រង់សម្ដែងថា លោកទាំងមូលពាសពេញទៅដោយអណ្ដាតភ្លើង តើភ្លើងអ្វីដែលដុតនេះ គឺភ្លើងរបស់លោភៈ ទោសៈ មោហៈ និងភ្លើងរបស់ជាតិ ជរា ព្យាធិ មរណៈ សោក ទុក្ខទោមនស្សនេះឯង (សំយុត្តនិកាយសៀវភៅទី ៤ ទំព័រ ២៥១ ក្នុងពួកសៀវភៅបាលីតេកសូស្យេទី)។

ពាក្យនិព្វាន មានន័យម្យ៉ាងទៀតថា រម្លត់នូវភ្លើងនេះ ព្រោះថាកាលដែលព្រះសារីបុត្ត បានឆ្លើយសេចក្ដីតបសេចក្ដីចោទរបស់ជម្ពុខាទក ក្នុងគម្ពីរសំយុត្តនិកាយនោះ មានសេចក្ដីថា ដូច្នេះនិព្វាន គឺជាសេចក្ដីរម្លត់លោភៈ ទោសៈ និងមោហៈ។

ប៉ុន្តែបើទោះណាជាដូច្នេះក្តី ក៏ពុំត្រូវយល់ថា និព្វាននេះគ្មានអ្វីក្រៅអំពីរម្លត់អកុសលមូលខាងលើនេះឡើយ។

គម្ពីរវិសុទ្ធិមគ្គសម្ដែងថា ៖

ខជមត្តមេវននិព្វានំតិវត្តព្វំ កុំគប្បីពោលថា និព្វានជាសេចក្ដីរម្លត់តែម្យ៉ាងឡើយ។

ព្រះសារិបុត្តថេរ កាលដែលលោកសម្ដែងនោះ គឺលោកគ្រាន់តែកត់សម្គាល់អំពីផ្លូវឬឧបាយទៅកាន់ព្រះនិព្វានប៉ុណ្ណោះ លុះតក្រោយមកទៀត លោកបានសម្ដែងវិសជ្ជនាដដែលទៀតនូវវេលាដែលមានប្រស្នាចោទអំពីសភាពនៃព្រះអរហន្ត។

ដែលយល់ថា ព្រះនិព្វាននោះជាសូន្យទទេតែម្យ៉ាង ដោយហេតុវិជ្ជាសម្រាប់លោកមិនអាចយល់បាន នោះក៏មិនត្រូវតាមផ្លូវសេចក្ដីឡើយ តែជឿដូច្នេះទៅ ហាក់ដូចមនុស្សខ្វាក់ជឿថា ពន្លឺមិនមាន ព្រោះមនុស្សខ្វាក់មិនដែលបានប្រទះឃើញដូច្នោះ មានឧបមាដូចម្ដេចមិញ ថាមានឧបមេយ្យដូចជាសេចក្ដីដែលមានក្នុងរឿងត្រីនិងអណ្ដើកជាមិត្រនឹងគ្នា បានពិភាក្សាជជែកគ្នាហើយ ក៏ចុះជាសម្រេចថា ផែនដីមិនមានឡើយ។

ប្រសិនបើនិព្វានជាសូន្យទទេនោះ នឹងច្រឡំគ្នានឹងអាកាសមិនខាន ក្នុងគម្ពីរអង្គុត្តរនិកាយ ព្រះសាស្តាចារ្យទ្រង់សម្ដែងថា ម្នាលភិក្ខុទាំងឡាយមានធម៌២ ដែលទៀងជានិច្ច ដែលមាននៅជានិច្ចជានិរន្តរ៍ ដែលឥតប្រែប្រួល ដែលឥតផ្លាស់ប្ដូរ ធម៌នេះឯងគឺអាកាស១និងនិព្វាន១ អាកាសមាននៅជានិច្ច ព្រោះអាកាសនេះមិនមែនជាអ្វី ដែលមានរូប ហើយសេចក្ដី ដែលប្លែកគ្នាអំពីអាកាសនិងនិព្វាននោះ គឺថាមួយគ្មានមួយមាន។

ការដែលព្រះអរហន្តលោកទុកព្រះនិព្វានជាវត្ថុធម៌១នោះ បញ្ជាក់ដោយដាច់ខាតថា និព្វានមិនមែនជាសភាពសូន្យទទេឡើយ ប្រសិនបើនិព្វានជាសូន្យទទេវិញ នោះតើនឹងមានផលប្រយោជន៍អ្វីដល់ព្រះសម្មាសម្ពុទ្ធដែលទ្រង់ខំឱ្យន័យផ្សេងៗជាច្រើនអំពីព្រះនិព្វាននេះ ដូចយ៉ាងន័យដែលថាទឹកអម្រឹតសេចក្ដីក្សេមឥតផុត (ខេម) សេចក្ដីដែលមិនស្លាប់ (អមតៈ) សេចក្ដីដែលរួចខ្លួនជាស្រឡះ (មុត្តិ) សេចក្ដីក្សាន្ត (សន្តិ) ហើយនិងន័យឯទៀតជាច្រើនទៅទៀត។

រីព្រះនិព្វានរបស់ព្រះសព្វញ្ញុពុទ្ធជាម្ចាស់នោះ មិនមែនជាសភាពទទេឥតអ្វីសោះមិនមែនជាសភាពសូន្យផុត។

សោបាទិសេស និង អនុបាទិសេស ធាតុក្នុងគម្ពីរនានា បានប្រទះឃើញជាញឹកញយ ដែលពោលអំពីព្រះនិព្វានថា ជា សោបាទិសេស និង អនុបាទិសេស តាមដោយពិតនោះ មិនមែនជាមានព្រះនិព្វាន គឺមានតែម្យ៉ាងប៉ុណ្ណេះ ប៉ុន្តែព្រះនិព្វាននេះទទួលនាមបញ្ញត្តិ ២ យ៉ាងទេតាមលំអាន ដែលបានច្បាស់ជាមុននិងជាក្រោយសេចក្ដីស្លាប់។

សោបាទិសេស នៅមានសេសសល់ នៅមានឋាន១ សម្រាប់ព្រះអរហន្តដែលនិងចាប់យកនូវព្រះនិព្វាន រីឯរូបដែលសល់នៅនោះមានសណ្ឋានដូចជាគ្រាប់ឈើដូច្នោះ។ ក្នុងសណ្ឋាននេះ យើងកុំត្រូវភ្លេចថា ព្រះអរហន្តទាំងឡាយលោកមិនបានសោយសុខរបស់ព្រះនិព្វានដរាបតរៀងទៅក្នុង១ជាតិរបស់លោកនេះឡើយ។

អនុបាទិសេស ឥតមានសេសសល់ សម្រាប់ព្រះនិព្វានដែលពិត ហើយដែលជាឋាននៃព្រះអរហន្តនិងព្រះពុទ្ធនូវវេលាដែលទម្លាយរូបទៅ។ សេចក្ដីពិចារណាឬត្រិះរិះដោយហ្មត់ចត់អំពីព្រះត្រៃលក្ខណញ្ញាណ ដែលព្រះសម្មាសម្ពុទ្ធសម្ដែងអំពីព្រះនិព្វាននោះ អាចនឹងជួយគំនិតយើងឱ្យបានយល់ខ្លះ អំពីបែបសណ្ឋាននៃព្រះនិព្វាន នៅវេលាដែលទ្រង់ប្រារព្ធដល់សេចក្ដីប្លែកគ្នាអំពីនិព្វាននិងសង្សារនោះ ព្រះសាស្ដាចារ្យទ្រង់សម្ដែងថា ព្រះនិព្វាននោះទៀងជានិច្ច (ធុវ) ជាស្ថានល្អគួរស្វែងរក (សុក) ហើយជាទីស្រួល (សុខ)។

តាមលំអានព្រះពុទ្ធសាសនា វត្ថុអ្វីដែលមានក្នុងលោកនេះក្ដី មិនមានក្នុងលោកនេះក្ដី ចំណែកចែកចេញជា២ពួកទាំងអស់ គឺចែកចេញជារបស់ដែលយល់បានដោយហេតុ (សំខត) និងជារបស់ដែលយល់មិនបានដោយហេតុ (អសំខត)។

របស់ណាដែលជាសំខត គឺរបស់ដែលមានក្នុងលោកនេះទាំងប៉ន្មានតែងតែផ្លាស់ប្ដូរប្រែប្រួលឥតមានស្រាក ហើយមិនដែលនៅនឹងដដែល ពីពេល១ទៅពេល១ ដែលជាលំដាប់គ្នាឡើយ។

ឯសេចក្ដីពិតនេះ ដែលសម្ដេចព្រះអនាវរញាណសាស្ដាចារ្យ ជាអ្នកប្រាជ្ញធំបំផុតក្នុងបូព៌ាប្រទេស បានសម្ដែងទុកតាំងពី២៥០០ឆ្នាំកន្លងមកហើយ ទើបតែនឹងបានយល់ដល់អ្នកប្រាជ្ញខាងបស្ចិមប្រទេស ដោយហេតុថាតាំងពីដើមរៀងមកទល់នឹងឆ្នាំ១៨៥៩ គឺថាមុន ៧១ឆ្នាំ ដែលកន្លងមក គេបានប្រកាន់ជឿថាមានធាតុ១ ដែលជាបរមាណូឥតប្រែប្រួលឥតរំលែកចែកបាន ហើយដែលគេជឿថា ជាវត្ថុដែលពិតប្រាកដត្រូវតែជឿខានមិនបាន។

ប៉ុន្តែវិធីដែលជឿនេះ មានអ្នកប្រាជ្ញដែលឆ្លៀវឆ្លាសជាងគេបានបដិសេធចោល ថាជារបស់មិនពិតវិញ ហើយក្នុងវេលានេះគេទុកដាក់បរមាណូនោះថា ធម្មជាតិដែលកើតឡើងជាកម្លាំងស្រូបតែងកម្រើកជានិច្ច ហើយតាំងលៃថ្លឹងនូវកិច្ចការនិងការប្រែធាតុដែលគេមិនទុកថាជារបស់មិនវិនាសឡើយ ចំណែកខាងផ្លូវវិញ្ញាណវិញ អ្នកស្រុកខាងបស្ចិមប្រទេស នៅកំពុងបម្រះនៅក្នុងទីងងឹតនៅឡើយ ប៉ុន្តែជាភាពធំណាស់ ដែលមានអ្នកប្រាជ្ញបារាំងសេសម្នាក់ឈ្មោះ បែរ្គ៍សុង និងអ្នកប្រាជ្ញអង់គ្លេសម្នាក់ឈ្មោះ វិល្លិអាំសាម បានរកឃើញថា វិញ្ញាណនោះក៏ជាសភាពដែលផ្លាស់ប្ដូរជានិច្ចដែរ ក្នុងវេលា២វិនាទី មិនដែលវិញ្ញាណដដែលនេះគង់នៅឡើយ គឺផ្លាស់ជាថ្មីទាំងអស់  អ្វីៗដែលមានភាពសណ្ឋានជាវិញ្ញាណនោះសឹងជាប់ជំពាក់១ខណៈមកក្នុងជីវិត ប៉ុន្តែមិនមែនជាសភាព ដែលមិនលុះក្នុងធម៌ប្រែប្រួលនោះឡើយ គឺជាសភាពដែលតែងប្រែប្រួលឥតមានអាក់ រីជីវិតដែលប្រកបដោយនាមនិងរូបនោះ ជារលកដែលប្រព្រឹត្តទៅជានិច្ច ជាអាការកក្រើកដែលឥតមានឈប់។

ដើម្បីនឹងពន្យល់នូវធម៌ប្រែប្រួលដែលមានទួទៅនេះ មិនបាច់នឹងទៅរកឧទាហរណ៍ឬសេចក្ដីឧបមាឯណាមកសម្ដែងឱ្យច្រើននោះឡើយ យកតែរឿងរ៉ាវក្នុងសម័យអតីតកាលប្រទេសនានាមកពោល ដូចយ៉ាងសេចក្ដីវិនាសរបស់នគរណាៗ ដែលជានគរមានឫទ្ធានុភាពខ្លាំង ហើយនិងអំពីសេចក្ដីប្រែប្រួលផ្លាស់ប្ដូរយ៉ាងរហ័សឆាប់របស់មនុស្សលោកយើងក្នុងមួយជាតិៗ ក៏មនុស្សដែលមានគំនិតអាចនិងយល់ទៅបាន ថាសេចក្ដីកើតនឹងរលត់ទៅនិងមក តែងប្រព្រឹត្តទៅមិនផុត។

អ្វីដែលកើតឡើងអំពីហេតុ មានធម្មតាត្រូវតែរលត់ទៅវិញដូច្នេះ ឃើញថាជាអសុភទាំងអស់ អ្វីដែលជាបណ្ដោះអាសន្ននិងជាអសុភនោះ មិនអាចទៅជាសុខបានឡើយ។

ដែលយើងហៅថាសុខនិងសោមនស្ស នោះគឺជាផលនៃសេចក្ដីប្រាថ្នានោះឯង របស់ណាដែលយើងចង់បានហើយបានមកដូចសេចក្ដីប្រាថ្នា តែមិនយូរប៉ុន្មានក៏មិនពេញចិត្តនឹងរបស់នោះទៅវិញ ព្រោះសេចក្ដីប្រាថ្នាមិនមានឆ្អែតមិនមានស្កប់ឡើយ ក្រោយមកយើងប្រាថ្នាទ្រព្យសម្បត្តិទៀត ហើយក៏បានដូចបំណង ប៉ុន្តែយូរបន្តិចទៅ ក៏កើតសេចក្ដីមិនពេញចិត្តនិងភោគសម្បត្តិទៅទៀត តាំងប្រាថ្នាយសសក្ដិជាថ្មី ហើយក៏បានយសសក្ដិនោះតាមចំណុចចិត្ត។ លុះបានយសសក្ដិហើយ ក៏ឃើញថាដូចជាឯកឯងពេកណាស់ ដោយគ្មានឫទ្ធិអំណាច រីចិត្តរបស់យើងក៏មិនព្រមសុខ ខ្លួនយើងក៏តាំងប្រាថ្នាចង់ឱ្យមានឫទ្ធានុភាពទៀត ហើយសេចក្ដីចំណង់នេះក៏សម្រេចឡើង ប៉ុន្តែខ្លួនយើងនឹងទៅជាចង់សម្រាប់បាញ់របស់មនុស្ស ដែលឥច្ឆាឈ្នានីសក្នុងលោកនេះ តើសេចក្ដីសោមនស្សរីករាយយ៉ាងណា ដែលមិនបាត់រស់ទៅវិញក្នុង១កាល ១គ្រានោះ សេចក្ដីសុខយ៉ាងណាដែលយើងអាចស្គាល់បានថាជាសុខអង្វែងឥតប្រែប្រួល ហើយដែលមិនធុញទ្រាន់នោះ។ ក្នុងលោកនេះ តើសេចក្ដីត្រេកត្រអាលឬសេចក្ដីសាទររីករាយយ៉ាងណាដែលយើងអាចនឹងទ្រទ្រង់បានអស់កាលដ៏យូរ សេចក្ដីសុខក្នុងមនុស្សលោកក្ដីឬសេចក្ដីសុខក្នុងទេវលោកក្ដី សុទ្ធតែជាតម្រាយទៅកាន់ទុក្ខទាំងអស់ ទុក្ខនេះជាសំខាន់របស់ជាតិ មិនអាចនឹងចៀសវាងផុតឡើយ។

អ្នកប្រាជ្ញបរមត្ថ ជាតិអាល្លឺម៉ង់ឈ្មោះ ធូប៉េនហូអែរ បានពោលថា រីទុក្ខនេះបើមិនអាចនឹងសម្ដែងអាការឱ្យឃើញជារូបរាងជាក់ច្បាស់ ក៏គង់ចេញមកជាអាការព្រលាំ ដូចយ៉ាងសេចក្ដីអផ្សុកនិងស្រងេះស្រងោចនោះមិនខាន។

ប៉ុន្តែ និព្វាន ជាវត្ថុដែលមិនមែនតាក់តែងឡើង ដែលមិនមែនកើតឡើងដោយហេតុ និព្វាននេះជាសភាពប្រាសផ្ទុយគ្នានឹងសង្សារ និព្វានទៀងជានិច្ច (ធុវ) ជាវត្ថុល្អគួរប្រាថ្នាយក (សុក) គួរសប្បាយ (សុខ) គឺជាសេចក្ដីបរមសុខ ថានគរសុខ ថាសេចក្ដីសុខដែលមិនចេះរេចរិលសោះ ជាសេចក្ដីដែលមិនជិនណាយសោះ ដែលមិនចេះរលស់សោះ ហើយដែលមិនអណ្ដែតរសាត់រេផ្លេងផ្លុងទៅទីណា គឺជាសេចក្ដីសុខដែលប្រាកដឡើងដោយផលនៃសេចក្ដីរលត់ អកុសលមូល (វូបសម) ហើយដែលជាសភាពប្លែកគ្នាដោយដាច់ខាតអំពីសេចក្ដីសុខក្នុងលោកនេះ ព្រោះសេចក្ដីសុខក្នុងលោកនេះកើតឡើងដោយអំណាចសេចក្ដីប្រាថ្នាប៉ុនប៉ង (វេទយិត)។ មកដល់ត្រង់នេះឃើញជាភ្លឺសេចក្ដីទាំងអស់ ប៉ុន្តែប្រស្នាអំពីព្រះនិព្វាននោះតើនៅត្រង់ណា។

ក្នុងមិលិន្ទបញ្ហា ព្រះនាគសេនថេរបានដោះប្រស្នាអំពីព្រះនិព្វានដោយឧទាហរណ៍ដូច្នេះ ឯទីកន្លែងរបស់ព្រះនិព្វាននោះ មិនមែនកន្លែងដែលមានមុខទៅខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងលើ ខាងក្រោម ឬខាងនាយឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះនិព្វានមានដោយពិត ហើយកុលបុត្រណាដែលសំដៅយកគោលនោះ ត្រូវឱ្យមានសីលជាអាទិ ហើយត្រូវឱ្យមានសេចក្ដីប្រយត្នយ៉ាងហ្មត់ចត់ ទើបនឹងចាប់យកនូវព្រះនិព្វានបាន ទោះបីកុលបុត្រនោះមានទីលំនៅៗ ស្រុកក្រែសក្ដី ស្រុកចិនក្ដី ស្រុកអាឡិកសងដ្រិក្ដី ឬស្រុកកោសលក្ដី ដើម្បីនឹងអធិប្បាយពន្យល់សេចក្ដីព្រះនាគសេនថេរលោកបន្ថែមថា។

ឧបមាដូចជាភ្លើង កាលដើមគ្មានក្នុងកន្លែងណាមួយទេ តែនឹងអាចប្រាកដមានឡើងបានក្នុងកន្លែងនោះ នៅវេលាដែលប្រកបដោយធាតុផ្សេងៗ ដែលគួរឱ្យកើតបាន មានប្រការយ៉ាងណា រីព្រះនិព្វានក៏មានប្រការយ៉ាងនោះដែរ គឺថាកាលដើមព្រះនិព្វាននោះគ្មានក្នុងទីណាមួយទេ ប៉ុន្តែព្រះនិព្វាននេះនឹងរកបាននៅវេលាដែលកិច្ចការផ្សេងៗ បានបំពេញជាស្រេចហើយ ហើយដើម្បីនឹងអធិប្បាយអំពីព្រះនិព្វានតាមសេចក្ដីពិតដែលចេញអំពីពុទ្ធឱស្ឋនោះ ត្រូវពោលដូច្នេះ ព្រះនិព្វានមិនមែននៅត្រង់កន្លែងណាទេ ប៉ុន្តែស្រេចហើយតែគ្រោងកាយរបស់សត្វ គឺថាព្រះនិព្វានមិនមែនជាបែបឋានសួគ៌របស់ព្រាហ្មណ៍ ដែលមានឥន្ទ្រីយ៍យ៉ាងវិសេសមួយនោះទេ គឺជាធម៌មួយ ជាឋានមួយយ៉ាងងាយ ប៉ុន្តែមិនជ្រាប មិនប៉ះពាល់ដល់ប្រាជ្ញាធម្មតា។

អ្វីដែលចាប់យកនិព្វាន ពាក្យនេះជាប្រស្នា១ផ្សេង ដែលគួរឱ្យពិនិត្យប្រុងប្រយត្នផ្ទៀងផ្ទាត់ឱ្យហ្មត់ចត់ ប្រស្នានេះត្រូវតែទុកដោយចំណែកមួយអន្លើជារបស់ក្រៅផ្លូវសិន ព្រោះថាព្រះពុទ្ធសាសនាមិនទទួលថាមានធាតុទៀង និងព្រលឹងមិនស្លាប់ឡើយ ដែលយើងព្រមព្រៀងគ្នាហៅថាអត្តភាព ហើយអត្តភាពនោះគេតែងហៅថាសម្លៀកបំពាក់របស់វិញ្ញាណ បើពោលតាមភិក្ខុនីវជិរ ថាជាគំនរធម្មតានៃធាតុផ្សេងដែលផ្ដុំគ្នា។

ដូចជាដែលយើងហៅថា រថ នោះហៅបានតែកាលណាគ្រឿងផ្សេងៗ ប្រជុំគ្នាឡើង នោះមានឧបមាយ៉ាងណា រីឯខ្លួនមនុស្សវិញក៏ដូចគ្នា គឺដែលហៅថា អត្តភាព បាននោះ តែកាលណាមានធាតុផ្សេងៗ ជួបជុំគ្នាទាំងអស់ មានឧបមេយ្យដូច្នោះឯង។

តាមលំអានព្រះពុទ្ធសាសនាវាគ្មាន “អត្តភាព” ដោយពិតប្រាកដនោះទេ តួអត្តភាពជាទីប្រជុំនៃនាមធម៌និងរូបធម៌ ឯនាមធម៌និងរូបធម៌នោះ សុទ្ធតែនៅក្នុងសណ្ឋានប្រែប្រួលជានិច្ច។ រូបធម៌ឬប៉ែកដែលប្រកបតាក់តែងឡើង នោះជាសភាពដែលទទួលសម្ផស្សនៃអត្តភាព តួអត្តភាពនេះហើយដែលគេហៅថា ជាគ្រឿងសម្លៀកបំពាក់របស់វិញ្ញាណ ក៏ឯរូបធម៌នោះមិនគឺអ្វី គឺជាកម្លាំងពលំនិងធាតុឬវិញ្ញាណ ដែលជាទីនៅរបស់បរមាណូនោះ ក៏ប្រកបដោយខណៈចិត្តដែលកើតតៗគ្នាដែរ ជិវិតិន្ទ្រីយ៍ជាខ្សែទឹកជាប់មិនចេះដាច់ មិនមែនជាព្រលឹងដែលមិនប្រែប្រួលនៅក្នុងអត្តភាពមនុស្សឡើយ ព្រះពុទ្ធសាសនាទទួលជឿថា មានជិវិតិន្ទ្រីយ៍ដែលតែងប្រែប្រួលឥតអាក់ ប៉ុន្តែមិនទទួលជឿឬមិនស្គាល់នូវអហង្ការ សម្រាប់បុគ្គលឡើយ ដោយគ្មានឥន្ទ្រីយ៍ដែលទៀងជានិច្ច និងគ្មានអហង្ការសម្រាប់បុគ្គលដូចនេះ នោះជាឥតប្រយោជន៍នឹងពោលថាព្រះនិព្វាននោះគ្មាន “ឥន្ទ្រីយ៍” ឡើយ សេចក្ដីដែលនឹងពោលទៅនេះអាចនឹងយល់បាន ៖

“សេចក្ដីលំបាកមាន តែមិនមែនមនុស្សលំបាក អ្នកដែលប្រព្រឹត្តគ្មាន ប៉ុន្តែអាការដែលប្រព្រឹត្តមាន ព្រះនិព្វានមាន ប៉ុន្តែមិនមែនតួមនុស្សដែលស្វែងរកនោះទេ ផ្លូវមាន ប៉ុន្តែមិនមែនអ្នកដំណើរដែលដើរផ្លូវនោះទេ”។

ត្រូវតែយល់ថាប្រស្នាដែលពោលពីរឿងព្រះនិព្វាននេះ ជាប្រស្នាពិបាកយល់បំផុតក្នុងពុទ្ធវចនៈ បើទោះណាជាយើងចេះគ្នេរក្នាន់ពិចារណាឱ្យជ្រៅទូលាយក្ដី យើងនៅតែមិនអាចនឹងយល់បានអំពីសភាពពិតប្រាកដនៃព្រះនិព្វាន ឯលំអានជាទីប្រសើរដើម្បីស្គាល់នូវព្រះនិព្វាននោះ គឺត្រូវខំសង្វាតឱ្យដល់នូវព្រះនិព្វាន ឬបណ្ដោយឱ្យព្រះនិព្វានមកដល់យើង គេមិនអាចនឹងស្គាល់របស់១ បានដោយឥតប្រព្រឹត្តឡើយ ហើយក្នុងស្ថាននេះលើសកន្លែងឯទៀតទាំងអស់ ថ្វីបើព្រះនិព្វានហាក់ដូចជានៅក្នុងទីងងឹតអន្ធការ រីឯផ្លូវដែលទៅកាន់ព្រះនិព្វានដែលអ្នកប្រាថ្នាសុខទាំងឡាយ អាចនឹងទៅបានគ្រប់គ្នានោះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្ដែងដោយជាក់ច្បាស់ហើយបានយល់ទួទៅ។

ផ្លូវដែលនាំទៅកាន់ព្រះនិព្វាននោះ គឺផ្លូវកណ្ដាលដែលចៀសចេញអំពីផ្លូវខាងទាំង២ ផ្លូវខាង១ គឺដែលធ្វើឱ្យខ្លួនឯងឱ្យនឿយលំបាក បានសេចក្ដីឈឺចាប់ឥតប្រយោជន៍ ហើយគន្លង១ ទៀត គឺដែលធ្វើខ្លួនឱ្យរីករាយត្រេកត្រអាលក្នុងផ្លូវកាមគុណ ដែលជាទីនាំឱ្យបិទផ្លូវត្រៃលក្ខណញ្ញាណ ហើយនាំឱ្យយឺតដំណើរទៅកាន់ព្រះនិព្វាន។

កិច្ចដែលត្រូវហាត់ជាដំបូងដើម្បីដើរតាមផ្លូវធំនេះ គឺធ្វើសីល មិនត្រូវបំបាត់ជីវិតឬធ្វើទុក្ខធ្វើបាបដល់សត្វមានជីវិតឡើយ ត្រូវតាំងចិត្តឱ្យល្អ ហើយអាណិតអាសូរដល់សត្វទាំងអស់ ទោះជាសត្វតូចតាចដែលវារខាងក្រោមជើងយើងក្ដី ត្រូវតមកុំប្រព្រឹត្តចោរកម្មក្នុងស្ថានណាៗក្ដី គឺត្រូវតាំងចិត្តជាមនុស្សសុចរិតស្លូតត្រង់គ្រប់ស្ថាន ត្រូវតមកុំប្រព្រឹត្តកន្លងបវេណី គឺត្រូវតាំងខ្លួនឱ្យបរិសុទ្ធកុំឱ្យមានមន្ទិលអ្វី ត្រូវតមកុំពោលពាក្យភូតកុហក គឺត្រូវតែពោលនូវពាក្យពិត ត្រូវចៀសវាងគ្រឿងថ្នាំដែលនាំឱ្យទោស គឺត្រូវកុំរវះរវាមក្នុងការបរិភោគ ហើយឱ្យខ្លួនជាអ្នកវាងវៃ។

សិក្ខាបទទាំង ៥ នេះ ត្រូវកាន់រក្សាឱ្យហ្មត់ចត់ ព្រោះថានឹងបណ្ដោយឱ្យភ្លាត់ភ្លាំងទៅ នោះនឹងនាំឱ្យមានមន្ទិលសៅហ្មងទទើសទទែង ស្ទើរតែនឹងរំលងមិនផុតឡើយ។

ត្រូវកត់សម្គាល់ថា រីព្រះយោគាវចរវេលាដែលកំពុងត្រាច់ចរតាមមហាមាគ៌ានោះ ត្រូវបម្រុងខ្លួនត្រៀមចាំឱ្យបរិសុទ្ធរៀបរយឱ្យទទួលនូវសេចក្ដីក្រដោយចេតនា ហើយចិញ្ចឹមជីវិតដោយប្រពៃ ដើម្បីទ្រទ្រង់នូវរាងកាយ កុំឱ្យសេចក្ដីសុខនិងសេចក្ដីសប្បាយ ទាញយកទៅកាន់សេចក្ដីព្រងើយកន្តើយ សេចក្ដីងងុយ និងសេចក្ដីខ្ជិលច្រអូសបាន។

ឯចំណែកព្រះយោគាវចរនោះ កាន់តែចម្រើនបន្តិចម្ដងៗយ៉ាងជាក់ស្ដែង ដោយវាចានិងដោយកិច្ចយ៉ាងទៀងទាត់ ហើយដែលសម្ផស្សដែលបង្វឹកហាត់បាន ដូច្នេះហើយក៏កម្លាំងកម្មនោះបង្ខំឱ្យបោះបង់នូវតម្រេកក្នុងលោកចោល ហើយចូលទៅកាន់ភេទអ្នកបួសវិញ ក្នុងវេលានោះ ក៏កើតគំនិតដូច្នេះឡើង។

ការរស់នៅក្នុងភេទជាឃរាវាសនោះប្រកបដោយការតយុទ្ធនិងសឹកសង្គ្រាមជាអនេក ប្រកបដោយការងារ និងសេចក្ដីត្រូវការឥតមានស្រាក ដែលជាទីឥតជំពាក់ទាក់ទិនហើយខ្ពង់ខ្ពស់ ដូចជានភាល័យប្រទេសនោះ គឺការរស់នៅរបស់បុគ្គលដែលឥតផ្ទះសម្បែងនោះឯង។

លុះគិតឃើញដូច្នេះហើយ ក៏លះបង់នូវទ្រព្យសម្រាប់លោក ជាអសារ ដើម្បីចូលកាន់ភេទអ្នកបួស ហើយក៏សង្វាតទ្រទ្រង់នូវជីវិតដោយឥតមានមោះមន្ទិលសៅហ្មងឡើយ ដល់ទីនេះហើយ ក៏តាំងធ្វើនូវសីលជាន់ខ្ពស់តទៅទៀត លុះដល់ថ្នាក់ដែលបរិបូណ៌ដោយសីល ហើយដោយអំណាចផលនៃសីលនេះ ព្រះយោគាវចរក៏ទៅគ្មានអត្តភាពក្នុងអំពើកិច្ចការផ្សេងៗ ដែលបានធ្វើ។

ទោះកិត្តិយសក្ដី ទោះភោគសម្បត្តិក្ដី ទោះកេរ្តិ៍ឈ្មោះក្ដី ទោះសេចក្ដីចំណេញសម្រាប់លោកក្ដី ក៏មិនអាចនឹងនាំព្រះយោគាវចរឱ្យប្រព្រឹត្តអំពើអ្វី១ដែលជាការផ្ទុយទាស់នឹងលទ្ធិជាន់ខ្ពស់របស់លោកនោះឡើយ។

ការរស់នៅដោយឥតចំណង និងដោយឥតផ្ទះសម្បែងនោះជាផ្លូវយ៉ាងខ្លីដោយពិតប្រាកដដដែលនឹងទៅកាន់ព្រះនិព្វាន ប៉ុន្តែមិនត្រូវយល់ដោយដាច់ខាតថាបានតែចូលកាន់ភេទបព្វជិតទើបបានទីព្រះអរហន្តឡើយ ព្រោះមានគំរូជាច្រើនដែលនៅមានភេទជាឃរាវាស ហើយបានដល់ព្រះនិព្វាន ដោយឥតលះបង់ភេទគ្រហស្ថចោល ឧបាសកអនាថបិណ្ឌិកបានដល់សោតាបន្ន សក្យមហានាម បានដល់សកទាគាមិ នាយស្មូមឆ្នាំងឃដិការបានដល់អនាគាមិ ព្រះបាទសិរិសុទ្ធោទន លះបង់ជីវិតក្នុងទីជាព្រះអរហន្ត ដែលមានភេទជាឃរាវាសនោះ តាមក្នុងគម្ពីរថា ត្រូវបំពេញភេទជាបព្វជិតឬត្រូវចូលនិព្វាន ព្រោះថានឹងកាន់ភេទជាឃរាវាសរួមសុខទុក្ខនឹងគ្រួសារតទៅឱ្យហួសពី៧ថ្ងៃមិនបានឡើយ ដោយហេតុនេះហើយ បានជាព្រះយោគាវចរ ដែលលោកតាំងនៅមាំក្នុងសីល ល្បងកាន់ក្រឹត្យយ៉ាងខ្ពស់តទៅទៀត គឺតាំងកាន់យកនូវសមាធិ ដែលជាបែបហាត់ទី២ ដើម្បីទៅកាន់ផ្លូវព្រះនិព្វាន។

សីលដែលបានហាត់បរិសុទ្ធហើយ ជាដើមអាទិយ៉ាងខ្លឹមសារ ក្នុងការបំពេញនូវសមាធិឬកិរិយាមាយាទដែលឥតសណ្ដាប់ធ្នាប់នោះ នាំឱ្យកើតជាសេចក្ដីក្រវល់ក្រវាយឡើង តែកាលណាមានសេចក្ដីក្រវល់ក្រវាយក្នុងខ្លួនហើយ ចិត្តនោះក៏នឹងទៅជាសភាពដែលគេបោះបង់ចោលមិនរាប់អាន ក្នុង១ពេល ១វេលាសិន។

សមាធិជាកិរិយាសង្រួបសង្រួម​នូវចិត្តទៅលើវត្ថុ១ ដោយលះចិត្តពេញអំពីវត្ថុដទៃផ្សេង ៗ ដើម្បីនឹងតាំងនូវសមាធិនេះ ព្រះយោគាវចរត្រូវពិចារណាជាមុនដោយពិនិត្យពិនិស្ច័យនៃវត្ថុ ដែលនឹងយកមកសម្លឹងនោះក្នុងកម្មដ្ឋានទាំង ៤០ ដែលមានសម្ដែងដោយល្អិតក្នុងគម្ពីរវិសុទ្ធិមគ្គនោះត្រូវរើសយកកម្មដ្ឋានណា ១ ដែលជាទីគួរសមដល់ចរិតរបស់ខ្លួន លុះបានរើសរកជាស្រេចហើយ ត្រូវថយទៅនៅក្នុងទីណាមួយដែលស្ងាត់ឥតមានអ្វីនាំឱ្យមានទទើសទទែង ហើយរៀបចំទីអង្គុយឱ្យស្រួលកុំឱ្យរោយស្រពន់ ទើបតាំងព្យាយាមខំប្រឹង ដើម្បីសង្រួមនូវចិត្តទៅកាន់វត្ថុដែលខ្លួនភាវនានោះឬដែលហៅថាកម្មដ្ឋាន បើទោះណាជាខំសង្រួមនូវចិត្តទៅកាន់វត្ថុដែលជាកសិណនោះក្ដី ក៏មនុស្សដែលទើបហាត់មិនអាចនឹងចៀសវាងផុត អំពីគ្រឿងបលិពោធដំបូងបានឡើយ អារម្មណ៍ខាងក្រៅកើតឡើងចំពោះមុខហាក់ដូចជាស្រមោលកុនដូច្នោះ វេលានោះចិត្តដែលមិនអំណត់ក៏កើតឡើង ដោយហេតុសេចក្ដីចម្រើនទៅខាងមុខនោះយឺតយ៉ាវពេក ដូច្នេះហើយសេចក្ដីព្យាយាមក៏នឹងថយចុះឬព្រះយោគាវចរដែលបានថ្នឹកទៅហើយ នោះតាំងចម្រើនសំដៅឆ្ពោះទៅកាន់ខាងមុខគឺទៅកាន់គោលដែលសំដៅយកតែម្ដង បើទោះណាជាមានគ្រឿងបលិពោធឬនីវរណដែលនាំឱ្យទទឹងទាស់ ក៏ខំកាប់ឆ្ការបំពានទៅ ឥតមានរាថយក្រោយមួយស្របក់សោះឡើយ ហើយដោយអំណាចសេចក្ដីជឿពេញចិត្ត ដែលចេះតែមានបង្កើតឡើង និងសេចក្ដីសុខ ដែលចេះតែមានថែមមកជានិច្ច នោះព្រះយោគាវចរ ក៏តាំងតយុទ្ធដើម្បីបំបាត់នូវសេចក្ដីប្រាថ្នា ហើយសង្រួមចិត្តទៅកាន់បរិកម្មនិមិត្តនោះ លុះដល់ជ្រួតជ្រាបសុសសព្វមូលអារម្មណ៍ល្អ ហើយអារម្មណ៍ដែលផ្សេងដទៃ ក៏កម្ចាត់ចេញបានពីក្នុងចិត្តជាស្រឡះកាលណា បានឃើញនូវកសិណ គឺបានដល់នូវគោលបំផុតនេះហើយ ក្នុងស្ថាននេះគឺកសិណនោះឯងជាវត្ថុដែលមានរូបធម្មតា ឯចំណែកខាងរូបដែលឃើញដោយនិមិត្តវិញ (ឧគ្គហ-និមិត្ត) នោះគឺជារូបប្រាកដក្នុងចិត្ត មានភាពស្ថានដូចគ្នានឹងកសិណដែលមានរូបតាមធម្មតាមែនៗ គឺនិមិត្តនោះបង្កើតឱ្យឃើញនៅក្នុងចិត្តឡើង លុះដល់និមិត្តនោះច្បាស់ប្រាកដទៅក្នុងមនោទ្វារតែម្យ៉ាង (បដិភាគនិមិត្ត) ហើយព្រះយោគាវចរបរិកម្មតៗទៅទៀត ដោយប្រុងស្មារតីយ៉ាងហ្មត់ចត់ទៅកាន់និមិត្តដែលកើតឡើងនោះ ក៏បានឈ្មោះហៅថាដល់ជាដើមត្រូវពិចារណានូវសទ្ធិញាណ គឺសេចក្ដីឃើញដោយបរិសុទ្ធ ដើម្បីឱ្យយល់ច្បាស់នូវវត្ថុនីមួយយ៉ាងពិតប្រាកដ គឺបើពិតឃើញថាពិត មិនពិតឃើញថាមិនពិត ដោយអំណាចចិត្តដែលត្រាច់ឆ្ពោះទៅកាន់កសិណតែមួយ ព្រះយោគាវចរក៏ពិចារណាដោយពិនិត្យ​ផ្ចិតផ្ចង់នូវឥន្ទ្រីយ៍របស់លោក លុះពិចារណាដូចនេះហើយ ក៏ឃើញថាឥន្ទ្រីយ៍របស់លោកមិនមែនអ្វីក្រៅអំពីប្រជុំនាមធម៌និងរូបធម៌ឡើយ ឯនាមធម៌នោះគឺជាអារម្មណ៍ផ្សេងៗ ដែលកើតឡើងដោយការប៉ះពាល់នៃខន្ធជាមួយនឹងកម្លាំងឫទ្ធិរបស់ខន្ធ ឯចំណែករូបធម៌វិញនោះ គឺជាកម្លាំងនិងលក្ខណៈ ដែលកើតឡើងជាភាពសណ្ឋានផ្សេង។

លុះដល់បានឃើញច្បាស់នូវជាតិរបស់ខ្លួន ដោយឥតមានភាន់ច្រឡំដូច្នេះហើយ ក៏តាំងល្បងរកផ្លូវដើមកំណើតរបស់ឥន្ទ្រីយ៍ទៀត ព្រមទាំងអត្តភាព ក្នុងសណ្ឋាននេះ ព្រះយោគាចវរឃើញច្បាស់ថា វត្ថុទាំងអស់ដែលមានក្នុងលោកនេះព្រមទាំងអាត្មាឯងផង សុទ្ធតែកើតមកអំពីហេតុ១ឬហេតុច្រើនក្នុងកាលជាអតីតឬបច្ចុប្បន្ន ហើយឯជាតិរបស់ខ្លួននេះកើតមកអំពីហេតុជាអតីតពោលគឺសេចក្ដីល្ងង់ (អវិជ្ជា) សេចក្ដីប្រាថ្នា (តណ្ហា) ការភ្ជាប់ចិត្ត (លោក) អំពើ (កម្ម) និងគ្រឿងទ្រទ្រង់ជីវិត (អាហារ) ដោយហេតុទាំង ៥ នេះហើយ ទើបតួអត្តភាពកើតឡើងបានហើយដោយអំពើពីអតីតនាំមកនូវបច្ចុប្បន្ន រីអំពើជាបច្ចុប្បន្នក៏នឹងតាក់តែងនូវអនាគត ២ ទៅដូចនេះឯង លុះបានពិចារណាដូចនេះហើយ ព្រះយោគាវចរក៏អស់សេចក្ដីមន្ទិលសង្ស័យអំពីអតីត បច្ចុប្បន្ន និងអនាគតតទៅ។

លំដាប់នោះក៏ពិចារណាឃើញថា វត្ថុដែលកើតឡើងដោយហេតុសុទ្ធតែជារបស់មិនទៀងមិនឋាវរ (អនិច្ចំ) សុទ្ធតែប្រកបដោយឈឺចាប់ (ទុក្ខ) សុទ្ធតែឥតខ្លឹមសារ ឬមិនមានសេចក្ដីតាំងនៅអស់កាលជានិច្ច (អនត្តា) នៅវេលាណាដែលព្រះយោគាវចរក្រឡេកទៅជុំវិញខ្លួននោះ មិនមានប្រទះអ្វីក្រៅអំពីត្រៃលក្ខណៈនេះឡើយ គឺឃើញក្រឡោតចំពោះភ្នែក លោកឃើញច្បាស់ថា ជាតិរបស់មនុស្សនេះគ្រាន់តែជាផ្លូវជាទីគោចរ ជាពេលឬ​ឱកាស​ដែលនៅជាតំណជាប់តទៅ ឥតមានដាច់ប៉ុណ្ណោះ ទោះនៅលើមេឃក្ដី លើផែនដីក្ដី មិនអាចនឹងបង់សេចក្ដីសុខដែលជាពិតប្រាកដនោះបានឡើយ ដោយហេតុថា សេចក្ដីតម្រេកត្រេកត្រអាលគ្រប់ស្ថានសុទ្ធតែជាដើមអាទិនៃទុក្ខទាំងអស់ អ្វីដែលជាបណ្ដោះ​អាសន្ន​សុទ្ធ​ប្រកបដោយទុក្ខហើយតែកាលណាមានសេចក្ដីប្រែប្រួលផ្លាស់ប្ដូរ និងសេចក្ដីឈឺចាប់កើតញយៗហើយនោះ មិនអាចនឹងមាននូវឥន្ទ្រីយ៍ ដែលជាទៀងបានឡើយ។

លុះបានជ្រាបចូលឬជក់ចូលទៅក្នុងការភាវនាដូច្នេះហើយ  ព្រះយោគាវចរក៏នឹងភ្ញាក់ខ្លួនក្នុងថ្ងៃណាមួយមិនខាន គឺនឹងបានឃើញនូវរស្មីចេញពីខ្លួន ក្នុងស្ថាននេះហើយដែលបានសោយនូវសេចក្ដីនូវ ដែលមិនដែលមាននឹងបានក្រេបនូវសេចក្ដីសប្បាយ សេចក្ដីក្សេមក្សាន្តដែលមិនដែលប្រទះម្ដងសោះ។

លំដាប់នោះក៏សេចក្ដីជ្រះថ្លាសទ្ធាចម្រើនច្រើនឡើង ហើយឯសេចក្ដីដែលពេញចិត្តនោះក៏ស្អាតល្អ ឥតមានមន្ទិលសៅហ្មងព្រមទាំងសេចក្ដីឃើញខាងក្នុងក៏ច្បាស់ជាប់នៅជានិច្ច ហើយក៏ស្មានថាខ្លួនបានដល់ទីព្រះអរហត្តហើយ ព្រោះបានឃើញនូវរស្មីនោះ តែមិនមែនដូចជាស្មាននោះឡើយ ក្រោយនោះបន្តិចក៏យល់ឡើងថា សេចក្ដីដែលឃើញទាំងប៉ុន្មាននេះសុទ្ឌតែជាការលល្បងនាំឱ្យខុស ពីសេចក្ដីឃើញខាងក្នុងនោះទេ តាមការពិតនោះមិនទាន់បានដល់ថ្នាក់ព្រះអរហត្តឡើយ យល់ដូចនេះហើយក៏ប្រឹងព្យាយាមកត់សម្គាល់នូវផ្លូវត្រូវនិងផ្លូវខុស។

លុះកាលណាបានប្រទះផ្លូវត្រូវហើយ ក៏តាំងសមាធិជាថ្មីអំពីសេចក្ដីកើត និងសេចក្ដីរលត់ទៅវិញនៃវត្ថុមួយដែលតាក់តែងឡើង សមាធិនេះហើយដែលនាំឱ្យកើតជ្រះថ្លាជាច្រើនព្រោះសេចក្ដីដែលប្រែប្រួល ឬសេចក្ដីរលត់នោះឃើញច្បាស់ប្រាកដជាងសេចក្ដីដែលបដិសន្ធិឡើង។

ដោយហេតុនេះហើយទើបព្រះយោគាវចរផ្ចង់ស្មារតី ទៅកាន់សេចក្ដីរលាយរលត់នៃវត្ថុ​​នីមួយៗ លំដាប់នោះក៏បានយល់ច្បាស់នូវនាមធម៌និងរូបធម៌ ដែលផ្សំបានជាតួអត្តភាពឡើងនេះនៅក្នុងសភាពដែលមានធម្មតា ត្រូវប្រែប្រួលផ្លាស់ប្ដូរជានិច្ចឥតស្រាក មិនអាចនៅដដែលបានពីពេលមួយទៅពេលមួយឡើយ។

ដូចនេះហើយក៏កើតនូវប្រាថ្នាសម្គាល់ច្បាស់ថាវត្ថុទាំងឡាយ ដែលកើតឡើងហើយរលាយទៅវិញ នោះជាការគួរសម្បើមណាស់លោកធាតុទាំងមូលឃើញដូចជាទីគរធ្យូងដែលឆេះសន្ធោសន្ធៅ និងជាទីកំណើតនៃសេចក្ដីគ្រោះកាចអន្តរាយទាំងអស់ ហើយក៏តាំងពិចារណាអំពីទុក្ខវេទនានិងសេចក្ដីប្រលោមរបស់លោកដែលគួរខ្លាចនេះ លំដាប់នោះក៏តាំងតែខ្ពើមនូវលោក ហើយក៏មានប្រាថ្នានឹងគេចចៀសឱ្យបាន ដោយអាស្រ័យគោលរបស់ចិត្តនេះ ទើបតាំងសមាធិជាថ្មីទៀតអំពីព្រះត្រៃលក្ខណ៍ រួចពីនេះ ក៏តាំងកើតចិត្តស្មើទួទៅលើវត្ថុដែលតាក់តែងឡើង គឺមិនស្រឡាញ់មិនស្អប់វត្ថុនានា ដែលនៅលើដី លុះចាប់ថ្នាក់នេះបានហើយ ព្រះយោគាវចរក៏តាំងរើសយកនូវលក្ខណៈណាមួយ ដែលពេញចិត្តជាងគេជាគោលក្នុងលក្ខណៈទាំង៣ នោះហើយក៏តាំងសង្រួមចិត្តដោយប្រុងប្រយត្ន ដើម្បីឱ្យកើតឡើងនូវសេចក្ដីឃើញខាងក្នុងៗផ្លូវនេះ ដរាបដល់ទល់នឹងថ្ងៃជ័យមង្គល គឺថ្ងៃដែលបានសេចក្ដីក្សេមក្សាន្តឥតរលុបក្នុងស្ថាននេះហើយដែលបានប៉ះពាល់នូវព្រះនិព្វានជាដំបូងបំផុតក្នុងមួយជាតិ។

ឧបមាដូចជាអ្នកដើរក្នុងវេលាយប់ ដែលបានប្រទះឃើញនូវភូមិប្រទេសជិតខាងខ្លួនក្នុងពេលផ្លេកបន្ទោរមួយភ្លែតៗ ហើយរូបភាពដែលបានឃើញនោះក្នុងពេលក្រោយតពីនោះយូរមក ក៏នៅចាំប្រាកដទៅមុខបានយ៉ាងណា រីព្រះយោគាវចរដែលមានពន្លឺឆ្លុះខាងក្នុងក៏ឃើញព្រះនិព្វាន ហើយចាំបានជាប្រាកដឥតភ្លេចយ៉ាងនោះឯង កាលដែលបានប្រទះឃើញនូវព្រះនិព្វានជាដំបូងដូច្នេះ គេហៅថាជាព្រះសោតាបន្ន គឺថាជាអ្នកចូលក្នុងប្រឡាយឬខ្សែទៅកាន់ព្រះនិព្វាន ព្រះសោតាបន្នវៀរផុតអំពីបំណង៣ គឺសកាយទិដ្ឋិ សេចក្ដីប្រកាន់ខ្លួនប្រាណ១ វិចិកិច្ចា សេចក្ដីសង្ស័យ១ សីលពត្ត សេចក្ដីអធ្យាស្រ័យក្នុងរបៀបពិធីបុណ្យផ្សេងៗដែលពោលចាកពុទ្ធសាសនា១ ដោយព្រះសោតាបន្នមិនទាន់ទម្លាយបង់នូវសេចក្ដីប្រាថ្នាក្នុងការរស់នៅ ក៏នឹងកើតយ៉ាងច្រើន៧ជាតិទៀត ក្នុងជាតិខាងមុខនោះព្រះសោតាបន្នអាចនឹងចាំឬនិងមិនចាំបានថាខ្លួនលោកជាសោតាបន្ន ប៉ុន្តែលោកគង់មានលក្ខណៈបែបជាអ្នកជឿបុណ្យជឿបាប។

ព្រះសោតាបន្នមានសេចក្ដីជឿដោយពេញទីក្នុងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ហើយគ្មានអ្វីនឹងអាចនាំឱ្យប្រព្រឹត្តបំពានលើសិក្ខាបទទាំង៥ឡើយ ក្រៅពីនោះទៀតព្រះសោតាបន្នលោកផុតអំពីឧប្បត្តិហេតុជាស្រឡះ ព្រោះខ្លួនលោកមានដំណើរទៅកាន់សេចក្ដីត្រាស់ដឹង លោកតាំងប្រមូលផ្ដុំ​​នូវកម្លាំងថ្មី គឺសេចក្ដីក្លាហាន ដែលជាផលនៃសេចក្ដីប្រទះឃើញព្រះនិព្វានអំពីចម្ងាយ សេចក្ដីចម្រើននឹងកើតឡើងដោយរហ័សឆាប់ ហើយលោកក៏តាំងចម្រើនដោយហ្មត់ចត់ផ្ចិតផ្ចង់ដរាប លុះដល់សេចក្ដីឃើញខាងក្នុងរឹងរឹតតែឋាវរមាំមួនឡើង ត្រាតែបានដល់ថ្នាក់ជាព្រះសកទាគាមិដែលត្រូវកើតវិញម្ដងទៀត គឺសេចក្ដីប្រាថ្នាក្នុងខន្ធនិងចេតនាអាក្រក់ បានជាបាននាមថាព្រះសកទាគាមិ ព្រោះថានឹងមកកើតក្នុងលោកនេះ១ជាតិទៀត ក្នុងស្ថានដែលជាតិនេះមិនបានសម្រេចព្រះអរហត្តផល គួរតែសម្គាល់ទុកថាព្រះយោគាវចរដែលបានដល់ថ្នាក់ទាំង២យ៉ាងមាំ ដែលចងរឹតរួតខ្លួន តាំងពីក្នុងកាលជាអតីតដែលកន្លងមកយូរហើយនឹងចាំមិនបាន ហើយគ្មានដើមទងប៉ុណ្ណោះ ចួនកាលក៏កើតនូវសេចក្ដីក្រវល់ក្រវាយ ទៅកាន់រាគ តណ្ហា និងសេចក្ដីក្រោធខ្លះដែរ ប៉ុន្តែសេចក្ដីក្រវល់ក្រវាយនេះ មានសណ្ឋានស្ដួចស្ដើងណាស់។

លុះកាលណាបានដល់ថ្នាក់ទី៣ គឺអនាគាមិដែលមិនត្រឡប់មកកើតលើដីវិញសោះ នោះទើបបានរួចផុតស្រឡះ អំពីចំណង់ដែលយើងពោលហើយខាងលើ ព្រះអនាគាមិមិនវិលមកកើតក្នុងមនុស្សលោកវិញឡើយ ហើយមិនត្រូវការឬមិនប្រាថ្នាទៅយកកំណើតក្នុងលោកធាតុផ្សេងដទៃឯណាទៀតទេ តាំងអំពីពេលដែលបានផ្ដាច់ឫសនៃសេចក្ដីប្រាថ្នាក្នុងកិលេសកាមមកជាក្រោយដែលទម្លាយខន្ធទៅ ក៏ទៅបដិសន្ធិក្នុងភពដែលបរិសុទ្ធ (សុទ្ធាវាស) ដែលជាកន្លែងបម្រុងទុកសម្រាប់តែព្រះអនាគាមិនិងព្រះអរហន្តប៉ុណ្ណោះ  ទោះជាព្រះអនាគាមិដែលមិនទាន់អស់ប្រាថ្នានឹងកើតទៀតក្ដី។

ក្នុងវេលានេះ ព្រះយោគាវចរ ដែលមានសេចក្ដីក្លាហាន ដោយជ័យជម្នះរបស់សេចក្ដីព្យាយាម ក៏តាំងធ្វើឱ្យសម្រេចនូវថ្នាក់បំផុត ដោយកម្ចាត់បង់នូវចំណងទាំង៥ ដែលជាចំណងខាងចុងបំផុត គឺ រូបរាគ១ អរូបរាគ១ វិចិកិច្ឆា១ និងមោហៈ១ ហើយក៏បានដល់នូវព្រះអរហត្តផលមួយរំពេច ក្រោយនោះក៏បានយល់ប្រាកដថា ការដែលត្រូវធ្វើនោះយ៉ាងដូចម្ដេចខ្លះ ថាទុក្ខដែលយ៉ាងធ្ងន់ជាបំផុតនោះបានចៀសវាងផុតស្រឡះហើយ ហើយថាសេចក្ដីប្រាថ្នាឬចេតនាចង់រស់គ្រប់ស្ថាននោះបានទម្លាយចោលជាស្រឡះហើយ លំដាប់នោះព្រះយោគាវចរតាំងនៅក្នុងទីខ្ពស់ជាងវិមានទិព្វ​ទៅទៀត ហើយឆ្ងាយផុតវិស័យអំពីកាមរាគនិងកិលេសក្នុងលោកនេះ តាំងក្រេបនូវវិមុត្តិរសដែលទៀងជានិច្ចឥតប្រៀបបាននៃព្រះនិព្វាន។

ប៉ុន្តែបើទោះណាយ៉ាងដូច្នេះក្ដី ក៏ព្រះអរហន្តទាំងឡាយមិនដែលចៀសឱ្យផុតអំពីសេចក្ដីឈឺចាប់នៃសារពាង្គកាយឡើយ ពីព្រោះលោកនូវជាប់ជំពាក់ក្នុងរូបមនុស្សលោក។

ដូច្នេះហើយទើបឃើញថាព្រះនិព្វាននេះនឹងបានជាប្រាកដ ក្នុងពេលណាមួយ ហើយចំណែកសេចក្ដីដែលរួចផុតអំពីសេចក្ដីឈឺចាប់របស់រូបនេះ នឹងបានក្នុងពេលក្រោយដែលទម្លាយខន្ធទៅ។

គួរតែសម្គាល់ក្នុងស្ថាននេះថា ព្រះអនាគាមិនិងព្រះអរហត្ត ដែលលោកបានចម្រើននូវសមថភាវនា ឬបើនឹងពោលបែបម្យ៉ាងទៀតថាដែលលោកបានបំពេញកិច្ចសង្រួមចិត្តព្រមទាំងបានធ្វើឈានបែបផ្សេង ៗ ជាច្រើនហើយ នោះលោកអាចនឹងសោយនូវវិមុត្តិរសនៃព្រះនិព្វានបានក្នុងជាតិនេះ ត្រង់នេះហើយដែលហៅថា និរោធសមាបត្តិ ក្នុងវេលាដែលចូលនិរោធសមាបត្តិនោះ មានស្ថានដូចជាមនុស្សដែលភ្លឹកស្មារតីឬដេកលក់ស៊ប់ដូច្នោះក្នុងពេលនេះរូបកាយដាច់ខាត ស្រឡះអំពីសេចក្ដីឈឺចាប់ហើយ ហើយឯអារម្មណ៍​ផ្សេងៗ ក៏ឈប់ទាំងអស់ តាមខាងព្រះពុទ្ធសាសនា ស្ថាននេះហើយ ដែលជាបែបយ៉ាងដ៏ឧត្ដមបំផុតរបស់សេចក្ដីសុខដែលសោយក្នុងជាតិនេះ។

ក្នុងពាហវេទនិយសុត្តន្ត ព្រះសម្មាសម្ពុទ្ធបានសម្ដែងអំពីសភាពនៃសេចក្ដីសុខទាំង ១០ យ៉ាង រាប់រៀបតាំងអំពីសេចក្ដីសុខធម្មតាដែលគ្រោតគ្រាតឡើងទៅ ហើយល្គឹកណាតែគេឡើងខ្ពស់បន្តិចៗទៅក្នុងផែនទីឬហាត់ដៅនៃចិត្ត ក៏សេចក្ដីសុខនេះទៅជាសុខយ៉ាងថ្កើងថ្កាន យ៉ាងប្រសើរថ្លៃថ្លាយ៉ាងល្អិតផូរផង់ ត្រាតែមនុស្សទាំងឡាយក្នុងលោកនេះ មិនដែលបានស្គាល់ជាយ៉ាងដូចម្ដេចម្ដងសោះឡើយ។

ក្នុងបឋមឈាននេះ ព្រះយោគាវចរសោយនូវសេចក្ដីសុខក្នុងចិត្ត ដែលជាសេចក្ដីសុខមិនលុះក្នុងអំណាចខន្ធទាំង៥ហើយ ដែលជាសេចក្ដីសុខតែងកើតឡើង ដោយអាស្រ័យហេតុលះបង់នូវសេចក្ដីប្រាថ្នា ឬចំណង់ក្នុងវត្ថុកាម ឯក្នុងចតុត្ថជ្ឈានវិញនោះទាំងសេចក្ដីសុខបែបនេះ ក៏លោកបោះបង់ចោលដែរ ហើយហៅថាជាសេចក្ដីសុខយ៉ាងគគ្រោតគគ្រាតវិញ មិនជាសេចក្ដីសុខដែលមានផលប្រយោជន៍ឡើយ គឺលោកយកនូវសេចក្ដីស្មើចិត្តមកតាំងឱ្យឈ្មោះថាជាសេចក្ដីសុខវិញ។

ព្រះសម្មាសម្ពុទ្ធបានកំណត់ទុកថា បែបភាពនៃសេចក្ដីសុខទាំងអស់ គឺសេចក្ដីសុខទី១០ មានបែបភាពខ្ពស់ ហើយថ្លៃថ្លាប្រសើរជាងទាំងអស់ ក្នុងស្ថាននេះមានពាក្យទូលសួរព្រះសម្មាសម្ពុទ្ធថា ដូចម្ដេចក៏ហៅថា សេចក្ដីសុខបាន បើគ្មានចិត្តនិងចេតសិកជាសភាពដែលត្រូវដឹងទេ គ្រានោះព្រះសាស្ដាចារ្យទ្រង់តបប្រសា្នវិញថា “ម្នាលភិក្ខុទាំងឡាយ ដែលព្រះអរហន្តលោកសោយនូវសេចក្ដីសុខនោះ លោកមិនមែនសោយដោយអាស្រ័យនឹងសម្ផស្សឡើយ ប៉ុន្តែអ្នកទាំងឡាយត្រូវដឹងថា តាមតែនៅកន្លែងណាក៏ដោយ ឱ្យជាកន្លែងដែលគេបានដល់នូវសេចក្ដីសុខ គឺកន្លែងនោះឯងហើយដែលព្រះអរហន្តលោកជ្រាបច្បាស់នូចសេចក្ដីសុខ។

អំពីសេចក្ដីដែលឱ្យឈ្មោះនៃការឈប់កម្រើកឬឈប់ត្រាច់របស់ជាតិថាជាសេចក្ដីសុខតាមភាសា ដែលប្រតិដ្ឋឡើងដោយគ្មានពាក្យនឹងអធិប្បាយនោះជាការត្រូវចំពោះល្អណាស់។

ចុះហេតុអ្វីបានជាព្រះអរហន្តលោកនៅរស់តទៅទៀត ក្នុងពេលដែលលោកបានសម្រេច នូវសេចក្ដីយល់ស្ដែងរបស់ព្រះនិព្វានហើយ ឬបើនឹងពោលបែបម្យ៉ាងទៀតថា នៅវេលាដែលលោកបោះបង់គំនិតឬចេតនាចង់រស់ជាស្រឡះហើយបានជាលោកនៅរស់តទៅ ព្រោះហេតុកម្លាំងកម្មរបស់លោក ដែលនាំលោកមកបដិសន្ធិនោះ មិនទាន់អស់នៅឡើយ ក្នុងស្ថាននេះ អ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ ឆូបេនហូរអែរ បានពោលថា មានគណនាដូចជាកង់របស់ជាងស្មូនឆ្នាំង ដែលជាងស្មូនឆ្នាំងទើបនឹងដកដៃខ្លួនចេញមក ឬបើយើងទាញយកសេចក្ដី ប្រៀបធៀបយ៉ាងសំខាន់ ដែលមានពោលក្នុងគម្ពីររបស់យើងក៏បាន ដូចយ៉ាងសេចក្ដីដែលធៀបថា ព្រះអរហន្ត មានសភាពដូចជាមែកឈើ ដែលបាក់ដាច់ពីដើមមក គឺមែកឈើនោះឯងមិនអាចនឹងមានសន្លឹកស្រស់ឬមានផ្កាផ្លែឡើយ ព្រោះមែកឈើនោះឯង មិនបានទទួលរសជាតិអាហារអំពីឫសកែវរបស់ដើមឈើមក ប៉ុន្តែគ្រឿងស្រស់ដែលមានជាប់ស្រាប់ក្នុងមែកនេះ អាចនឹងទ្រទ្រង់នៅបានដរាបដល់ពេលដែលជីវិតនៃមែកនោះលះបង់ចោលមែកនោះឯង ឯព្រះអរហន្តលោករស់នៅតទៅ តែត្រឹមកំណត់ដែលជីវិតិន្ទ្រីយ៍របស់លោកផុតរលត់ប៉ុណ្ណោះ លោកឥតមានសន្សំកម្មថ្មីមកបញ្ចូលទៀតឡើយ គឺលោកផុតស្រឡះពីអំពើអ្វីទាំងអស់ ទោះរូបលោកនៅរស់ក្ដី រូបរលាយទៅក្ដី។

ជាក្រោយដែលនិព្វានហើយនោះ ព្រះអរហន្តលោកទៅជាអ្វីទៅ ទៅជាដូចម្ដេចទៅ ក្នុងស្ថាននេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថា “មានឧបមាដូចអណ្ដាតភ្លើងដែលខ្យល់បក់រេចុះឡើង ពីខាងស្ដាំ ពីខាងឆ្វេង ហើយរលត់បាត់ទៅយ៉ាងណា រីព្រះអរហន្តដែលលោករួចស្រឡះអំពីនាមធម៌ក៏បាត់ឥតមានសល់អ្វីនៅវេលាដែលលោកទម្លាយខន្ធ មានឧបមេយ្យដូច្នេះឯង”។

ត្រង់នេះមានបុច្ឆាសួរថា “គ្រាន់តែបាត់ទៅប៉ុណ្ណោះទេ ឬក៏មិនមានសល់អ្វីផង”។

ព្រះសម្មាសម្ពុទ្ធបរមគ្រូ បានសម្ដែងទុកក្នុងគម្ពីរសុត្តនិបាតថា (ចំណែកអ្នកដែលបាត់ទៅនោះ មិនមានរូបភាពអ្វីម្យ៉ាងល្មមឱ្យសម្គាល់បានថានៅមានឡើយ ព្រោះមិនមានសល់អ្វីសោះ) តែកាលណារម្លត់នូវសង្ខារបានហើយ រីនាមធម៌និងរូបធម៌ក៏ចៀសវាងចេញឆ្ងាយផុត ដូចមានឧទាន១សម្ដែងថា។

ឧបមាដូចជាភ្លើងអាចម៍ដែកដែលខ្ទាតចេញទៅហើយរលត់តៗគ្នា ហើយបាត់ទៅឥតមាននរណានឹងដឹងថាទៅឯណា មានប្រការយ៉ាងណា រីឯលោកដែលបានរួចខ្លួនស្រឡះ ដែលបានឆ្លងផុតអំពីខ្សែទឹក ពោលគឺរាគតណ្ហានេះហើយ ហើយដែលបានចូលទៅក្នុងទីសុខក្សេម ក៏ឥតមានសល់ដានជាទីសម្គាល់ មានប្រការយ៉ាងនោះឯង។

ប្រសិនបើនឹងអធិប្បាយក្នុងទីនេះ អំពីប្រស្នា និងវិសជ្ជនារបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ និងវច្ឆគោត្ត អំពីរឿងដដែលនេះឃើញថា ប្រហែលជាមិនទាស់នឹងទំនងលំអានសេចក្ដីប៉ុន្មានឡើយ។

គ្រានោះវច្ឆគោត្តតាបស បានចូលទៅកាន់សម្នាក់ព្រះសព្វញ្ញូពុទ្ធហើយ ក៏ទូលសួរថា ៖

បពិត្រព្រះគោតម រីភិក្ខុដែលផុតអំពីចេតនាចង់កើតទៀតនោះ នៅក្នុងទីណា។

សេចក្ដីត្រង់នេះគឺតាបសនេះឯង ចង់សួរអំពីព្រះអរហន្ត។

ព្រះសម្មាសម្ពុទ្ធតបប្រស្នាវិញថា ម្នាលវច្ឆ ក្នុងស្ថាននេះ នឹងថាលោកវិលមកកើតវិញក៏មិនត្រូវ។

បពិត្រព្រះគោតម បើដូច្នេះមានតែលោកត្រឡប់កើតផងនិងមិនត្រឡប់កើតផងជាមួយគ្នាឬអ្វី។

ម្នាលវច្ឆ នឹងថាត្រឡប់កើតផងមិនត្រឡប់កើតផងតែម្ដង ជាមួយគ្នាក៏មិនត្រូវ។

បពិត្រព្រះគោតម បើដូច្នេះមានតែលោកមិនវិលកើតផងនិងមិនមិនវិលកើតផងឬអ្វី។

ម្នាលវច្ឆ ដែលថា លោកមិនវិលកើតផង និងមិនមិនវិលកើតផងនោះមិនត្រូវឡើយ។

ឯវច្ឆតាបស ដោយវិលវល់ទាល់ប្រាជ្ញានឹងពាក្យដែលគ្មានន័យដូច្នេះ ក៏ពោលឡើងថាៈ

បពិត្រព្រះគោតម រឿងនេះខ្ញុំមិនដឹងពិចារណាដូចម្ដេចឡើយ ហើយខ្ញុំវិលវល់ពន់ពេកណាស់។

ម្នាលវច្ឆ ចូរអ្នកឈប់សិន កុំអាលតាំងចិត្តស្មោះ ថាមិនដឹងគិតដូចម្ដេច ហើយកុំអាលវិលវល់នឹងរឿងនេះពេក នែវច្ឆ ! ព្រះធម៌នេះជ្រាលជ្រៅណាស់ មានតែមនុស្សដែលមានប្រាជ្ញាស្មារតីវាងវៃល្អិត ទើបអាចនឹងចាប់បាន ហើយជាធម៌យ៉ាងលំបាកបំផុតដល់អ្នកដែលនឹងរៀន ព្រោះខ្លួនអ្នកជាពួកផ្សេង ខ្លួនអ្នកមានជំនឿផង មានវិន័យផ្សេង ហើយអង្គុយនៅជើងគ្រូផ្សេង។

ដោយហេតុនេះ វច្ឆ ខ្ញុំតថាគតសូមសួរអ្នកបន្តិច ចូរអ្នកឆ្លើយតាមសេចក្ដីយល់ឃើញរបស់អ្នក ឧបមាដូចជាមានភ្លើងកំពុងឆេះចំពោះអ្នក តើអ្នកដឹងបាន យល់បានថាភ្លើងឆេះចំពោះមុខអ្នកឬទេ ក្នុងស្ថាននេះតើអ្នកគិតដូចម្ដេច។

បពិត្រព្រះគោតម ប្រសិនបើមានភ្លើងឆេះចំពោះមុខខ្ញុំៗនឹងដឹងបាន។

ប៉ុន្តែប្រសិនបើមានគេសួរអ្នកថា ភ្លើងដែលឆេះចំពោះមុខអ្នក នោះអាស្រ័យដោយអ្វី នោះតើអ្នកឆ្លើយដូចម្ដេច វច្ឆ។

បពិត្រព្រះគោតម បើមានគេសួរដូច្នេះ ខ្ញុំនឹងឆ្លើយថាភ្លើងដែលឆេះចំពោះមុខខ្ញុំនេះ អាស្រ័យដោយការបង្កាត់អុសនិងស្មៅ។

ម្នាលវច្ឆ ចុះប្រសិនបើភ្លើងឆេះនៅចំពោះមុខខ្លួននេះរលត់ទៅវិញ តើអ្នកដឹងថាភ្លើងនោះរលត់ឬទេ។

បពិត្រព្រះគោតម ប្រសិនបើភ្លើងឆេះណោមុខខ្ញុំនេះរលត់ទៅ ខ្ញុំដឹងបានថាភ្លើងនោះរលត់។

ម្នាលវច្ឆ ចុះប្រសិនបើមានគេដណ្ដឹងសួរអ្នកថា ចុះភ្លើងដែលរលត់ទៅនោះទៅកាន់ទីណា ទៅខាងកើត ខាងលិច ខាងជើង ឬខាងត្បូង តើក្នុងប្រស្នានេះ អ្នកនឹងឆ្លើយប្រាប់គេថាដូចម្ដេច។

បពិត្រព្រះគោតម ឯប្រស្នានេះនឹងយកមកតម្រូវលើរូបសេចក្ដីនេះ មិនបានឡើយ ព្រោះថាភ្លើងដែលអាស្រ័យនឹងគ្រឿងបង្កាត់របស់ស្មៅនិងអុស តែកាលណាអុសនិងស្មៅនេះសុសអស់ហើយ នឹងមានភ្លើងថ្មីពីណាមកបាន ហើយដោយគ្មានគ្រឿងបង្កាត់ដូច្នេះ ក៏ភ្លើងនោះហៅថាភ្លើងរលត់។

ម្នាលវច្ឆ រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ ដែលបោះបង់ចោលហើយដែលកាត់ឫសកែវចោលហើយ ដោយមិនមានជីវិតមិនមានជំនាញ ដែលអាចនឹងប្រាកដឡើងបានក្នុងអនាគតកាល ព្រះអរហត្តដែលលោករួចស្រឡះពីគំនរធាតុទាំង៥ នោះ មានសភាពជ្រៅណាស់នឹងគណនាពុំបាន មានគណនាដូចជាមហាសមុទ្រដូច្នោះឯង ក្នុងស្ថាននេះនឹងពោល ថាព្រះអរហន្តនោះលោកចាប់កំណើតឡើងវិញជាថ្មីក៏មិនត្រូវថា លោកមិនយកកំណើតវិញក៏មិនត្រូវ ថាលោកមិនយកកំណើតថ្មីទៀត ឬមិនយកកំណើតទៀត ក៏មិនត្រូវឡើយ។

គេមិនអាចនឹងនិយាយបានថា ព្រះអរហន្តយកកំណើតទៀតឡើយ ដោយអំណាចលោកបានកម្ចាត់នូវសេចក្ដីប្រាថ្នានឹងរស់ ឬសេចក្ដីចំណង់នឹងរស់ជាជ្រះស្រឡះហើយ ហើយមិនអាចនឹងពោលបានឡើយថា ព្រះអរហន្តលោកបំផ្លាញទម្លាយខន្ធផង ព្រោះលោកគ្មានអ្វីនឹងបំផ្លាញទម្លាយឡើយ។

តាមន័យយ៉ាងជំនាញរបស់ធម៌នោះឃើញថា ព្រះពុទ្ធសាសនាមិនប្រកែកដាច់ស្មោះថា គ្មានអត្តភាពនោះឡើយ គឺគ្រាន់តែពន្យល់ថាមិនមែនជាវត្ថុដែលនៅទៀងជាដាច់ខាតនោះទេ ពាក្យរបស់ព្រះពុទ្ធសាសនាដែលហៅទៅលើលក្ខណៈរបស់បុគ្គលគឺ (សន្ដាន) គឺជារលក១ឬទន្លេ១ ពាក្យដែលហៅនេះដោយទាំងធាតុវិញ្ញាណនិងធាតុរូបទៅផង មានកម្លាំងម្យ៉ាងទៀតហៅថា កម្មសម្រាប់ចងនូវធាតុទាំងឡាយឱ្យជាប់ជាមួយគ្នា រលកនៃធាតុដែលផ្គុំជាមួយគ្នា មិនកំណត់ត្រឹមជាតិជាបច្ចុប្បន្ននេះ ប៉ុន្តែមានឫសកែវក្នុងជាតិមុនៗ ដែលកន្លងទៅហើយ ហើយជាប់តៗមកក្នុងអនាគត នេះជាចំណែកវិធីខាងព្រះពុទ្ធសាសនាដែលជាជំទាស់ផ្ទុយគ្នានឹងព្រលឹងឬឥន្ទ្រិយរបស់វិធីសាសនាផ្សេងៗ និងវិធីបរមត្ថផ្សេងៗដទៃ ឃើញថាតាមលំអានព្រះពុទ្ធសាសនានោះ មានខ្សែធម្មតា១ ឬកម្លាំងធម្មតា១ បើដូច្នេះគេអាចនឹងវិនិច្ឆ័យសេចក្ដីដោយហ្មត់ចត់ថា ព្រះនិព្វាននោះជាសេចក្ដីឈប់នៃខ្សែនេះដោយដាច់ខាត ប៉ុន្តែរីសភាពនៃសេចក្ដីបរមសុខដែលនៅជាខាងនាយនោះ នឹងមានពាក្យណាមួយពោលឱ្យចំក៏ឥតអង្គឺមាន។

(សម្ដែងមកតាមសេចក្ដីអធិប្បាយរបស់ភិក្ខុចប់តែត្រឹមនេះ)

ភិក្ខុ នារទ នៅស្រុកលង្កា រៀបរៀង
ក្រមការ ជុំ – ម៉ៅ ប្រែជាភាសាខ្មែរ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments