ប្រេត ២១ ពួក

សារវន្តកថា

១- អដ្ឋិសង្ខលិកប្រេត (ប្រេតមានតែរាងឆ្អឹង) ប្រេតនេះមាននៅជើងភ្នំគិជ្ឈកូដ ដែលព្រះមហាមោគ្គល្លានត្ថេរលោកបានឃើញប្រេតនេះកំពុងតែអណ្តែតឯអាកាស មានពពួកត្មាត ពពួកសត្វខ្លែងប្រមង់ដេញតាមចោមរោមឆាបចឹកអដ្ឋិសង្ខលិកប្រេតនោះ ក៏ចេះស្រែកថ្ងូរនៅនឹងជើងភ្នំគិជ្ឈកូដនោះ។

ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវបុព្វកម្មនៃសត្វប្រេតនេះថា ម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើម ជាអ្នកពិឃាដគោក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះអ្នកពិឃាដនោះទៅឆេះនៅក្នុងនរកអស់ជា ច្រើនរាប់រយពាន់សែនឆ្នាំដោយសេសសល់ នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលក្នុងអត្តភាពជាអដ្ឋិសង្ខលិកប្រេតនេះឯង។

២- មំសបេសីប្រេត (ប្រេតមានរាងកាយដូចជាចម្រៀកសាច់) ប្រេតនេះអណ្តែតនៅឯអាកាសក្បែរជើងភ្នំគិជ្ឈកូដមានពពួកសត្វត្មាត ខ្លែង ប្រមង់ដេញតាមរោមឆាបចឹក មំសបេសីប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកពិឃាដគោក្នុងក្រុងរាជគ្រឹះនេះដែរ។

៣- មិសបិណ្ឌប្រេត (ប្រេតមានរាងកាយដូចជាដុំសាច់) ប្រេតនេះអណ្តែងនៅឯអាកាស ក្បែរជើងភ្នំគិជ្ឈកូដ មានពពួកសត្វត្មាត ខ្លែង ប្រមង់ដេញតាមរោមឆាបចឹកមំសបិណ្ឌប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើមជាព្រានសត្វស្លាបក្នុងក្រុងរាជគ្រឹះនេះឯង។

៤- និច្ឆវីបុរិសប្រេត (ប្រេតមានរាងកាយរងាលឥតមានស្បែក) ប្រេតនេះអណ្តែតនៅឯអាកាស ក្បែរជើងភ្នំគិជ្ឈកូដ មានពពួកសត្វត្មាត ខ្លែង ប្រមង់ ដេញតាមរោមឆាបចឹក និច្ឆវីបុរិស ប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកសម្លាប់សត្វចៀមក្នុង ក្រុងរាជគ្រឹះនេះឯង។

៥- អសិលោមប្រេត (ប្រេតមានដាវដោតជាប់នឹងរាងកាយដូចជារោម) ប្រេតនេះអណ្តែតនៅឯអាកាសក្បែរជើងភ្នំគិជ្ឈកូដ រោមដាវទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកវិញ ដាវនោះបានដោតជាប់រាងកាយនៃប្រេតនោះឯង អសិលោមប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកពិឃាដ សត្វជ្រូកចិញ្ចឹមក្នុងក្រុងរាជគ្រឹះនេះឯង។

៦- សត្តិលោកប្រេត (ប្រេតមានលំពែងដោតនឹងរាងកាយដូចជារោម) ប្រេតនោះតែងអណ្តែតនៅព្ធដ៏អាកាស ក្បែរជើងភ្នំគិជ្ឈកូដ រោមលំពែងទាំងឡាយរបស់ប្រេតនោះ ក៏អណ្តែតខ្ពស់ឡើងហើយធ្លាក់មកវិញ លំពែងនោះបានដោតជាប់រាងកាយនៃប្រេតនោះឯង សត្តិលោមប្រេតនោះក៏ស្រែកយំទួញថ្ងូរ។

ព្រះដ៏មានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាព្រានម្រឹគក្នុងក្រុងរាជគ្រឹះនេះឯង។

៧- ឧសុលោមប្រេត (ប្រេតមានព្រួញដោតជាប់នឹងរាងកាយដូចជារោម) ព្រួញទាំងឡាយរបស់ប្រេតនោះ អណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ព្ធដ៏រាងកាយនៃប្រេតនោះឯង ឧសុលោមប្រេតនោះក៏ចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយសត្វនោះកាលពីដើមជាពេជ្ឈឃាតក្នុងក្រុងរាជគ្រឹះនេះឯង។

៨- សូចិលោមប្រត (ប្រេតមានម្ជុលជាប់នឹងរាងកាយដូចជារោម) ម្ជុលទាំងឡាយរបស់ប្រេតនោះ អណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់ដមកដោតជាប់ព្ធដ៏រាងកាយនៃប្រេតនោះឯង សូចិលោមប្រេតនោះ ក៏ចេះស្រែកថ្ងូរ។

ព្រះដ៏មានព្រភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនោះកាលពីដើមជាជានាយសារថីក្នុងក្រុងរាជគ្រឹះនេះឯង។

៩- ទុតិយសូចិលោមប្រេត (ប្រេតមានដែកស្រួចចាក់ខ្ទាស់ច្រូងច្រាងដូចជារោម) កំពុង​អណ្តែត​ទៅឯអាកាស ដែកស្រួចទាំងឡាយរបស់ប្រេតនោះ ដោតចូលទៅតាមក្បាលហើយធ្លាយចេញមកខាងមាត់ ដោតចូលទៅតាមមាត់ ហើយធ្លាយចេញមកខាងទ្រូងដោតចូលទៅតាមទ្រូង ហើយធ្លាយចេញមកខាងពោះដោតចូលមកតាមពោះ ហើយធ្លាយចេញមកខាងភ្លៅ (ទាំងពីរ) ដោតចូលមកតាមភ្លៅ (ទាំងពីរ) ហើយធ្លាយចេញមកខាងស្មង(ទាំងពីរ) សូចិលោមប្រេតនោះក៏ចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនោះកាលពីដើមជាអ្នកញុះញង់គេក្នុងក្រុងរាជគ្រឹះនេះឯង។

១០- កុម្ភណ្ឌប្រេត (ប្រេតមានពងប៉ុនក្អមយ៉ាងធំ) កំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះកាលបើដើរ លុះតែលើកអណ្ឌ (ពង) ទាំងនោះលើ (ដាក់លើស្មា) ទើបដើរទៅបាន កាលបើអង្គុយក៏ចេះតែអង្គុយសង្កត់លើអណ្ឌទាំងនោះឯង ពពួកសត្វត្មាត ខ្លែង ប្រមង់ ដេញតាមចោមឆាបចឹក កុម្ភណ្ឌប្រេតនោះចេះក៏តែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអាមាត្យអ្នកវិនិច្ឆ័យ​ក្តី នៃអ្នកស្រុក ដោយអំពើវៀចវេមិនទៀងត្រង់ក្នុងក្រុងរាជគ្រឹះនេះឯង។

១១- គូថខាទិប្រេត (ប្រេតលិចុះក្នុងរណ្តៅលាមក) ប្រេតនេះលិចចុះកនុងរណ្តៅលាមកក្បែរភ្នំគិជ្ឈកូដ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនោះកាលពីដើមជាអ្នកធ្វើបរទារកម្ម (ប្រព្រឹត្តខុសក្នុងកាម) ក្នុងក្រុងរាជគ្រឹះនេះឯង។

១២- ទុតិយខាទិប្រេត (ប្រេតស៊ីលាមក) ប្រេតនេះលិចចុះក្នុងរណ្តៅលាមកកំពង់ចាប់លាមកដោយដៃទាំងពីរ ហើយស៊ីលាមកនោះ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើមជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះ នេះឯងព្រាហ្មណ៍នោះកាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាម កស្សបបាននិមន្តភិក្ខុសង្ឃដោយពាក្យថា និមន្តឆាន់ភត្តាហារ ក៏ចាក់លាមកពេញក្នុងក្នុងស្នូក រួចហើយប្រើគេឱ្យប្រាប់ភត្តកាលថា បពិត្រលោកដ៏ចម្រើនទាំងឡាយសូមលោកម្ចាស់និមន្តឆាន់ឱ្យឆ្អែតដោយ កម្មវិបាកនោះ ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់រយពាន់សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯងក៏បានមកសោយនូវផលកម្មដែលត្រឡប់បាន នូវអត្តភាពបែបនេះ។

១៣- និច្ផវីឥត្ថីប្រេត (ប្រេតមានរាងកាយអាក្រក់ គួរខ្ពើមឆ្អើម) ប្រេតនេះមានរូបកាយអាក្រក់មានក្លិនស្អុយ កំពុងតែអណ្តែតទៅឯអាកាស ពពយកសត្វត្មាត ខ្លែង ប្រមង់ដេញតាមចោមឆាបចឹកមង្គុលីនោះ ក៏ប្រេតចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ស្រីនុះកាលពីដើមជាស្រីជាស្រីមេមត់ ក្នុងក្រុងរាជគ្រឹះនេះឯង។

១៥- ឱកិលិប្រេត (ប្រេតមានរាងកាយឆេះរោលដោយរងើកភ្លើង) ប្រេតមានរងើកភ្លើងធ្លាក់ស្រោចលើខ្លួន (ក្តៅអន្ទះសា) កំពុងតែអណ្តែតទៅនី ឯអាកាសឱកិលិនីប្រេតនោះ តែចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្រីនុះកាលពីដើមជាអគ្គមហេសីនៃសេ្តចក្នុងដែន កាលិង្គ ជាស្រីមានចិត្តឫស្យាបានចាក់រងើកភ្លើងមួយអំបែង លលើស្រីជាសត្រូវ ដោយអំពើបាបកម្មនោះឯង ទើបនាងទទួលសេចក្តីទុក្ខបែបនេះ។

១៦- អសីសកពន្ធប្រេត( ប្រេតឥតមានក្បាលមានតែខ្លួន) ប្រេតនោះកំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះមានភ្នែកនៅនឹងទ្រូងពពួកសត្វត្មាត ខ្លែងប្រមង់ដេញតាមចោមឆាបចឹកប្រេតនោះក៏ចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើមជាអ្នកពិឃាដចោរក្នុងក្រុងរាជគ្រឹះនេះឯង។

១៧- ភិក្ខុប្រេត (ប្រេតមានភេទដូចជាភិក្ខុ) ប្រេតនេះកំពុងអណ្តែតទៅ ឯអាកាសសង្ឃាដីរបស់ភិក្ខុប្រេតនោះក្តីក៏មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោរសន្ធៅ វត្តពន្ធចង្កេះក្តីមានភ្លើងឆេះ សន្ធោសន្ធៅ ភិក្ខុប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រេតនោះកាលពីដើមជាភិក្ខុ ប្រព្រឹត្តអាក្រក់ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធទ្រង់ ព្រះនាមកស្សបៈ។

១៨- ភិក្ខុនីប្រេត (ប្រេតមានភេទដូចភិក្ខុនី ) ប្រេតនេះកំពុងតែអណ្តែតទៅឯអាកាស សង្ឃាដិរបស់ភិក្ខុនីប្រេតនោះក្តីក៏មានភ្លើងឆេះ សន្ធោរសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្តពន្ធ​ចង្កេះក្តីក៏មានឆេះសន្ធោសន្ធៅ ភិក្ខុនីប្រេតនោះក៏ចេះតែសែ្រកថ្ងូរ។

ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រេតនោះកាលពីដើមជា ភិក្ខុនីប្រព្រឹត្តអាក្រក់ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធទ្រង់ ព្រះនាមកស្សបៈ។

១៩- សិក្ខមានាប្រេត (ប្រេតមានភេទដូចសិក្ខាមានា) (សាមណេរអ្នកប្រព្រឹត្តធម៌ដើម្បីឧបសម្បទា) ប្រេតនោះមានសេចក្តីទុក្ខដូចភិក្ខុនីប្រេតដែរ។

២០- សាមណេរប្រេត (ប្រេតមានភេទ ដូចជាសាមណេរ) ប្រេតនេះមានសេចក្តីទុក្ខដូចភិក្ខុនីប្រេតដែរ។

២១-សាមណេរីប្រេត (ប្រេតមានភេទដូចសាមណេរី) ប្រេតទាំងអស់នេះជាប្រេតដែលព្រះមហាមោគ្គល្លានត្ថេរលោកបានឃើញនា ជើងភ្នំគិជ្ឈកូដ ហើយបានប្រាប់ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយខ្លះមិនជឿជាក់ចំពោះព្រះមហាមោគ្គល្លានត្ថេរដោយគិតថា ព្រះមហាមោគ្គល្លានត្ថេរនេះពោលអួតគុណវិសេសដែលជាឧត្តវិមនុស្សធម៌ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះ ចំពោះព្រះដ៏មានព្រះភាគ ព្រះអង្គក៏ទ្រង់សម្តែង ពីបុព្វកម្មនិងវិបាករបស់សត្វប្រេតទាំងឡាយនោះ ដោយសេចក្តីជាដើមថា សត្វទាំងឡាយនោះទៅសោយផលវិបាករងទុក្ខវេទនាក្នុងនរក អស់កាលដ៏យូរអង្វែងរាប់រយពាន់សែនឆ្នាំ សេសសល់ផលកម្ម ទើបមកកើតជាកំណើតប្រេតនេះឯង។ (ដកស្រង់អំពីវិន័យបិដក មហាវិភង្គ)

គប្បីជ្រាបថា ប្រេតមិនមែនមានតែប៉ុណ្ណេះទេគឺមានច្រើនទៀតដែលមានសម្ដែងហើយ ក្នុងគម្ពីរបេត្តវត្ថុជាដើម។

អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត
រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments