ន័យរបស់ច្បាប់កូនចៅនេះរបស់បងប្អូនខ្មែរសុរិន្ទ្រ ដែលចារនៅឆ្នាំ១៩២៩គឺការអប់រំឬការប្រៀនប្រដៅកូនចៅ ដើម្បីបំពត់ចិត្តគំនិតមនោសញ្ចេតនានិងការប្រព្រឹត្តតាមគន្លងធម៌នៃព្រះពុទ្ធសាសនា។
តាមខ្លឹមសារនៃកំណាព្យខាងក្រោមនេះ យើងអាចឃើញការបង្ហាត់បង្រៀនកុលបុត្រកុលធីតាខ្មែរនៅលើទឹកដីថៃបច្ចុប្បន្ន តាមរបៀបបុរាណឱ្យស្គាល់ដឹងអំពីតម្លៃនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ដែលជាកេរ្តិ៍មត៌កពីឪពុកម្តាយចំពោះកូន។
ពិសេសទៅទៀតគោលដៅនៃការអប់រំ នៅក្នុងភូមិភាគឥសានក្នុងប្រទេសថៃបច្ចុប្បន្នគឺធ្វើយ៉ាងណាឱ្យកូនចៅខ្មែរទាំងនោះចេះដឹងខុស ដឹងត្រូវ និងខិតខំរៀនសូត្រ ដោយប្រើពាក្យពេចន៍ទន់ភ្លន់ហើយបង្កប់នូវអត្ថន័យស៊ីជម្រៅ មិនខុសពីស្ថានភាពនៅប្រទេសកម្ពុជាឡើយដូចឃ្លា “ កើតមកពីរៀន មានមកពីរក ” ដែលបានកើតឡើងតាមសភាវៈ ជាមត៌កហើយដើម្បីឱ្យមនុស្សមានសតិសម្បជញ្ញៈជាសក្ខីភាព។ បើនិយាយម្យ៉ាងទៀតចាស់ៗបុរាណខ្មែរនៅប្រទេសថៃបច្ចុប្បន្ន បានយល់យ៉ាងច្បាស់ថាការរៀនសូត្រគឺជាសម្បត្តិមួយ ដែលខកខានពុំបានក្នុងសង្គមជាតិ ហើយអត្ថប្រយោជន៍បានមកពីការរៀនសូត្រ គឺការធ្វើកិច្ចការបានល្អប្រពៃរីឯការចិញ្ចឹមជីវិតក៏ដូច្នេះដែរ។
នៅក្នុងប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅក្នុងភាគឥសាននៃប្រទេស គេតែងឃើញមានសាស្ត្រាស្លឹករឹត សរសេរជាភាសាខ្មែរយ៉ាងច្រើននៅតាមវត្តអារាមក្នុងខេត្តមួយចំនួន ដែលបានសរសេរចម្លងនៅចុងស.វ.ទី១៩ និងដើម ស.វ.ទី២០ ដើម្បីបង្ហាត់បង្រៀនកូនចៅឱ្យប្រព្រឹត្តិតែអំពើល្អ។ សាស្ត្រាទាំងនោះមានសភាពដូចគ្នានឹងសាស្ត្រានៅប្រទេសកម្ពុជាបច្ចុប្បន្នយើង ក៏ប៉ុន្តែចួនកាលមានប្រើពាក្យពេចន៍មួយចំនួនអានតាមសំនៀងភាសាសៀមទៅវិញ ដូចជាពាក្យ ស្វ័ន នៅទីនេះជាដើម។ តាមធម្មតា ពាក្យនេះមានប្រភពចេញពីភាសាសំស្ក្រឹត ( ស្វគ៌ ) ដែលមានន័យថា ស្ថានសួគ៌។ សេចក្តីប្លែកខុសគ្នា ដែលកើតមានឡើងគឺការអានតាមភាសាថៃតែប៉ុណ្ណោះ។ យ៉ាងណាមិញក្នុងច្បាប់កូនចៅខ្មែរសុរិន្ទ្រនេះដែលសរសេរជាពាក្យកាព្យដ៏ពីរោះ អត្ថន័យរបស់ពាក្យ “ស្បែន” មិនទាន់ត្រូវបានបំភ្លឺនៅឡើយដែរ ៕ (ម.ត្រាណេ)
ដកស្រង់ពី ម.ត្រាណេ“
ប្រាប់អស់កូនចៅ ឱ្យខំរក្សា គូរគិតអាណិត ដល់គុណមាតា ដែលគាត់ខំរក្សា ពីខ្លួននៅក្មេង ។ ម្ដាយពុំដើរលេង កូនអើយកុំយំ ម្ដាយដាក់ឱ្យដេក ឱ្យឱបហើយស្រែក ច្រៀង លួងលោមប្រលែង ឱ្យកូនដេកលក់ ។ រីឯមាតា កូនភ្ញាក់កាលណា ដៃឱបត្រកង ដាក់កូនខាងមុខ បាយចំណីបញ្ចុក ស្រេចហើយងូតទឹក ដាក់ឱ្យដេកលេង ម្ដាយក្រពិបាក រកស៊ីតោកយ៉ាក ចិញ្ចឹមកូនក្មេង ម្ដាយព្រួយពិបាក យ៉ាកក្រអង្ករស្បែន កូនតូចនៅក្មេង ពិបាកចិត្តណាស់ លុះដល់កូនធំ ក្រមុំកំលោះ ម៉ែឪគាត់ចាស់ហើយ ។ ខុសឱកូនអើយ គួរគិតនាំគ្នាវន្ទាសំពះ បម្រើប្រើប្រាស់ គាត់ចាស់ណាស់ហើយ គប្បីក្រយាក រកស៊ីពិបាក កុំភ្លេចគុណម្ដាយឡើយ បុណ្យនោះនឹងជូន នាំកូនដល់ត្រើយ នឹងបានសាកស្បើយ ផុតពីក្បាលនរកទាំងបួន ។ ម៉ែឪមិនស្រួល នាំគ្នាមកមូរ អស់កូនប្រុសស្រី រក្សាបីបាច់ មេត្តាប្រណី គ្រប់កូនប្រុសស្រី គប្បីប្រមាន នេះហើយបុណ្យខ្ពស់ អញប្រាប់ឱ្យអស់ ទាំងស្រីប្រុស ឱ្យអ្នកខំសង្វាត រក្សាឪពុកម្ដាយ គប្បីកូនឃ្លាត ទោះបីត្រូវជា ឪពុកម្ដាយយើង ។ អ្នកចំរក្សា នឹងគុណមាតា រកស៊ីថ្កុំថ្កើង សក្ដិយសគុណណាស់ បុណ្យខ្ពស់ បារមីឡើង ហេតុយើងតម្កើង គុណម្ដាយឪពុក អ្នកណានិរគុណ បាបជាទម្ងន់ ធ្លាក់ទៅសោយទុក្ខ ដែលប្រាណប្រមាទ អ្នកម្ដាយឪពុក ធ្លាក់ទៅនរក យូរជាតិកន្លង ។ កូនអើយអ្នកស្ដាប់ ពាក្យប្រាជ្ញប្រាយប្រាប់ មិនឱ្យសៅហ្មង គុណគិតឱ្យជ្រៅ ទើបត្រូវគន្លង កុំឱ្យឆ្គាំឆ្គង នឹងញាតិដទៃ ។ មួយទៀតកូនស្ដាប់ ឪពុកម្ដាយប្រាប់ ច្បាប់ប្រពៃណី កុំខុសកុំខូច លួចទ្រព្យគេស៊ី តាមច្បាប់ប្រពៃណី ដែលព្រះទូន្មាន ។ កូនខំរក្សា នឹងគុណមាតា រក្សាសីលទាន កូនកុំប្រមាទ នឹងគុណញាតិ សន្ដាន បងប្អូន ក្រែងវាសៅហ្មង កូនចៅអើយស្ដាប់ ឪពុកម្ដាយប្រាប់ បើតាមគន្លង ជឿពាក្យម៉ែឪ កុំឱ្យមានឆ្គង ដើរតាមគន្លង ច្បាប់ពីបុរាណ ។ គួរកូនស្រណោះ ពាក្យម្ដាយពីរោះ ដែលបានទូន្មាន ចូរកូនអ្នកស្ដាប់ ឱ្យចាំគ្រប់ប្រាណ ពាក្យពីបុរាណ ដែលម្ដាយប្រដៅ ។ បើកូនបានបួស រក្សាសីលផ្នួស គន់គិតឱ្យប្រដៅ ឱ្យស្ដាប់ពាក្យគ្រូ បាជេរថាប្រដៅ មិនគួរឱ្យខ្លៅ ខុសផ្លូវគន្លង ។ បើគ្រូអាពាធ អ្នកកុំដើរឃ្លាត រក្សាកុំបីមានឆ្គង បីបាច់រក្សា បដិបត្ដិលោកផង កុំឱ្យសៅហ្មង នឹងគុណគ្រូឡើយ ។ គ្រូហៅបង្គាប់ ចូរអ្នកប្រញាប់ បន្ដមាត់ឡើយ កុំនៅពាត់លេង ប្រឡែងគ្នាឡើយ កុំនៅព្រងើយ ដូចជាគ្រហស្ថ ។ ហៃអស់នាងអ្នក ស្ដាប់ពាក្យឱ្យជាក់ ជាច្បាប់លោកិយ កុំឱ្យប្រមាទ កូនចៅប្រុសស្រី ពាក្យប្រាជ្ញតែងថ្មី ប្រដៅទុកនៅ ។ កូនអើយអ្នកចាំ ឪពុកម្ដាយផ្ដាំ ឱ្យដើរត្រង់ផ្លូវ ឈានឆ្លងឱ្យល្អ ក្រែងធ្លាក់ទៅជ្រៅ ចាំពាក្យប្រដៅ កូនចៅខាងក្រោយ ។ គួរអ្នកស្រណោះ ពាក្យល្អទាំងអស់ ប្រដៅទុកឱ្យ អស់ញាតិសន្ដាន បងប្អូនកុំធ្លោយ ខំរៀបទុកឱ្យ ជាពាក្យទូន្មាន ។ បើអ្នកឯណា សង្វាតរក្សា ថាពាក្យម្ដាយបាន គោរពបដិបត្តិ ធ្វើបុណ្យឱ្យបាន អ្នកនោះនឹងបាន សម្បត្តិសួគ៌ា ។ ហើយឆ្លងទៅដល់ ហេតុពីមគ្គផល ដែលយើងបានធ្វើជា ទើបវានឹងបាន ដល់ទីស្វាន់ សន្តានគ្រប់គ្នា ផុតពីទុក្ខវេរា ដូចចិត្តប្រាថ្នា ។ អ្នកខំសង្វាត កុំឱ្យប្រមាទ គ្រូបាអាចារ្យ ឱ្យជឿឱ្យជាក់ ទើបភ្ញាក់អាត្មា ឱ្យខំរក្សា ទានភាវនាកូនចៅ ” ៕