ពាក្យកាព្យ រឿងព្រះអង្គម្ចាស់
នរោត្ដម – ភាណុវង្ស
ឱ្យឃុនរាមតេជះ សេក ជាអ្នកតែងសេចក្ដី
ហើយទ្រង់បានជួយពិនិត្យតម្រង់សេចក្ដីផង
(១) សិទ្ធិប្រដាប់សម្រាប់ការ នៃអ្នកខេមរាផងទាំងឡាយ ដែលមានគំនិតគិតខ្វល់ខ្វាយ មើលស្ដាប់អធិប្បាយរឿងនេះជា ។ កាលនោះក្នុងរាជ្យព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្តិខត្តិយា ស្ដេចជាចមមកុដផុតលោកា បូរីរដ្ឋាកម្ពុជា ។ ដោយបាននៅផលានិសង្ស ព្រះអង្គកសាងសីលសទ្ធា ទើបបានថ្កុំថ្កើងឡើងសម្ភារ ពលាអនេកប្លែកណាស់ខ្មី ។ ថែមបានអំណាចពីរាជការ ប៉ារីសរដ្ឋារាជមេត្រី ទំនុកបម្រុងដុងដែនដី ចម្រើនសិរីក្នុងសីមា ។
(៥) ជួយរៀបនគរទីកន្លែង រៀបផ្ទះសម្បែងថ្នល់ធ្លាផ្សារ សង់ស្ពានហើយមានសង់សាលា ស្រុកស្រែចម្ការស្អាតពេកក្រៃ ។ ទីវត្តអារាមតាមធម្មតា បង្កើតសាលារៀនសព្វថ្ងៃ សម្អាតជានិច្ចអចិន្រ្តៃយ៍ ឱ្យគង់និស្ស័យព្រះពុទ្ធា ។ ក្នុងក្រុងភ្នំពេញក៏ស្អាងស្អាត ជួយផ្លាស់ប្រាសាទមហារាជា មួយនោះឈ្មោះប្រាសាទទេវា ទីជាប្រជុំខ្ញុំរាជការ ។ មួយទៀតទ្រង់ទ្រាយក៏ល្អស្អាត នាមឈ្មោះប្រាសាទចន្ទឆាយា ចំណាំប្រដាប់ទតធីតា កែរ៉ារេរាំលំនាំថ្វាយ ។ ប្រាសាទមួយនោះសមសោភី ឈ្មោះភោជនីយទីឆើតឆាយ ចំណាំយាងសោយកម្សាន្តកាយ សប្បាយចួបជុំខ្ញុំរាជការ ។
(១០) ដំណាក់ឈ្មោះបរិត្តកិមាលា ថ្កើងថ្កានតម្កល់ព្រះខន្ធថ្លា និងព្រះសំឫទ្ធិពីបូរាណ៍ ពួកព្រាហ្មណ៍ពលីការាល់វេលា ។ ដំណាក់ឈ្មោះសម្រាន្តភិរម្យ ប្រជុំស្ដេចថ្កានឡើងគជា អស់ខ្ញុំរាជការទៅជុំគ្នា ត្រៀមចាំនៅនាទីនោះណា ។ ទ្រើសទ្រង់ពង្សពេជ្រលេចផ្លេកៗ ក្បាច់ក្បូរយ៉ាងឯកល្អថ្លៃថ្លា ដំណាក់តំណែងតែងមានការ រចនាស៊ីម៉ង់ត៍ផ្ចង់យ៉ាងល្អ ។ លាងក្រួសលាយខ្សាច់ដែកយ៉ាងល្បាយ ដល់ស្ងួតរឹងក្លាយវិស័យថ្ម ជាប់ចួនមួនមាំសមបវរ តំណយូរទៅនៅវែងឆ្ងាយ ។ យកឈើធ្វើខ្លះដោយកន្លែង ដែលជាងតាក់តែងសឹងប្រិតប្រាយ ចម្លាក់ចម្លែកឯកអម្បាយ ល្អដាច់ដែនអាយឡាយលេខា ។
(១៥) តំណែងតែងថ្នាំរូបទឹបមាស គំនូរគូរវាសពាសប្រាង្គប្រា ក្រាលសឹងឥដ្ឋពណ៌ដ៏ក្រឡា ក្លាយជាភ្ញីផ្កាសុទ្ធវិស័យ ។ យប់អុជសឹងអគ្គិសនី ក្នុងក្រៅមន្ទីរនោះច្រើនក្រៃ ពន្លឺភ្លឺក្បោះស្រស់ប៉ប្រៃ ឧបមេយ្យប្រៀបហាក់សែងសុរិយា ។ បើស្អុះមានផ្លិតស្លាបកង្ហារ វិលខ្ញាល់រហើយដោយវាតា សម្រាប់សម្រួលព្រះកាយា និងខ្ញុំរាជការផងទាំងឡាយ ។ មិនឱ្យធុញថប់អផ្សុកអ្វី ទាំងប្រុសទាំងស្រីរាល់រាងកាយ ពុំមានស្អុះស្អាប់ក្ដៅក្រហាយ ក្សេមក្សាន្តសប្បាយក្នុងចិន្ដា ។ នាទីចន្លោះប្រាង្គប្រាសាទ សម្អាតធ្វើសួនដាំបុប្ផា វារីសម្រាប់ឱ្យប្រើការ ទីណាសឹងមានច្រើនកន្លែង ។
(២០) វារីភ្លើងផ្លឹតប្រើគ្រឿងចក្រ មើលហាក់វិស័យដូចកើតឯង តាមតែនឹងប្រើនឹងចាត់ចែង តំណែងមិនឱ្យខ្វះត្រង់ណា ។ កំផែងខ្លោងទ្វារជាមួនមាំ រៀបចំលម្អក្រឧបមា អ្នកផងមើលទៅមានចេស្ដា សម្បាសម្បើមក្រៃមហិមា ។ រាជទ្រព្យដំរីដែលសសុទ្ធ និងព្រះរាជរថចក្រនានា ព្រះទីនាំងកប៉ាល់និងនាវា មានជាគ្រប់គ្រាន់គ្មានចន្លោះ ។ ដំណែលពីព្រះបាទនរោត្ដម រាជការថែទាំមើលទាំងអស់ ពុំឱ្យបាត់ខូចត្រង់ណាសោះ គង់នៅរបស់ក្នុងរាជា ។ នាទីខាងក្រៅព្រះរាជវាំង ដែលថ្លុកត្រពាំងបឹងនានា ចាក់ដីបំពេញឱ្យស្មើគ្នា ធ្វើធ្លាខ្វាត់ខ្វែងបែងក្រឡា ។
(២៥) ចាក់ក្រួសចាក់ខ្សាច់កម្ទេចថ្ម បុកកិនរាបល្អហាលផ្ទៃក្ដារ ចិញ្ចើមរៀបគ្រប់សុទ្ធថ្មដា អ្នកបោសរក្សារាល់វេលា ។ ផ្លូវខ្លះថែមចាក់ម្រក្សណ៍បារាំង ឱ្យក្ដាំងឱ្យក្ដាប់ក្រាបជាប់គ្នា ពុំឱ្យធូលីច្រើនក្នុងធ្លា ចាក់ធារដាសជិតគ្មានចន្លោះ ។ ផ្លូវឆ្លងទន្លេព្រែកក៏មាន សង់ស្ពានបែបថ្មីវិញទាំងអស់ រៀបចំតាមការពុំឱ្យខ្ចោះ សឹងតែរបស់មានតម្លៃ ។ ធ្វើសុទ្ធតែដែកនោះក៏មាន ស្ពានខ្លះស៊ីម៉ង់ត៍ដែកសរសៃ ឱ្យជាប់ឱ្យចួនមួនមាំក្រៃ កម្រៃកម្រនឹងធ្វើបាន ។ ស្ពានខ្លះរៀបឥដ្ឋជាប់នឹងថ្ម ធំល្ហហើយខ្ពស់ពន់ប្រមាណ ទុកមានកន្លែងជាទីស្ថាន សម្រាប់សម្រាន្តអស់កាយា ។
(៣០) បូកសឹងស៊ីម៉ង់ត៍កំបោរថ្ម លាយគ្នាជិតល្អក្រប្រេះណា ក្រាំងក្រាបចាប់ជាប់ហាក់ថ្មដា យាត្រាពុំមានញញើតសោះ ។ ចេតិយវត្តភ្នំពេញប៉ុន្មាន នាទីស្ថានដីទាំងអស់ សម្អាតគ្មានសល់សព្វកៀនកោះ គន់ទៅស្រួលស្រស់ក្នុងចិន្ដា ។ ដំណាំដាំដើមព្រឹក្សាសាយ មានម្លប់សប្បាយទាំងផ្លែផ្កា ចិញ្ចឹមម្រឹគនិងបក្សា នៅក្នុងសួនច្បារសព្វសារពើ ។ ទន្លេក្នុងក្រុងចតុម្មុខ រាជការទំនុកទើបនឹងធ្វើ រៀបថ្មមាត់ច្រាំងតាំងពីលើ កាប់ឈើរើរៀបទៀបជលសា ។ បញ្ជាពីព្រះបាទនរោត្ដម សាងទុកនៅចំជ្រោយចង្វារ គ្រាន់នឹងឡើងមើលអស់កិច្ចការ នោះក៏រាជការថែប្រក្រតី ។
(៣៥) រៀបផ្ទះនាហ្មឺនផ្ទះអ្នកផ្សារ ផ្ទះអ្នកធម្មតាទ័លក្រក្រី សម្អាតពុំឱ្យមានអប្រិយ ចម្រើនសិរីក្ដីសុខា ។ ពួកឈ្មួញកប្បាសឈ្មួញនាវា ទៅមកនៅជានិច្ចធម្មតា លក់ដូរទំនិញដាក់រានផ្សារ សព្វគ្រប់ប្រការរាល់វេលា ។ ផ្សារនៅលើគោកក៏សន្ធឹក ផ្សារទូកមាត់ទឹកទីនានា ខ្លះរែកទូលលក់តាមផ្លូវធា មានជាដរាបតែសព្វថ្ងៃ ។ មនុស្សឈឺគ្រូពេទ្យមើលរក្សា ពុំឱ្យពិការយូររ៉ាំរ៉ៃ ទោះបីបើដល់ជីវិតក្ស័យ កែខៃឱ្យស្រួលធាតុសង្ខារ ។ មើលនោះទទេពុំយកថ្លៃ ពុំយកកម្រៃឱសថា ដាច់ខាតប៉ុន្មានប្រាក់រាជការ មេត្តាជាទានដោយអាល័យ ។
(៤០) សេនាទាហានមានគ្រប់ដែន សុទ្ធសឹងវ័យខ្វែនចេះគុនស្រ័យ ចេះបាញ់ឱ្យស្លាប់កាប់ឱ្យក្ស័យ ចេះវាយបង្អន់គ្រាន់សួរការណ៍ ។ ចាំស្ទាត់ប្រាកដក្បួនសង្រ្គាម ចាំមិនងីមងាមកិច្ចសោះសារ ចាំរបបរៀបរយដោយក្រឹត្យា ចាំទាំងសស្រ្តាវុធនានា ។ ធ្លាប់មានថ្វីឫទ្ធមកច្រើនដង ពុំក្រែងប្រឡងល្បែងឫទ្ធា ពុំថប់ពុំធុញពុំរួញរា ពុំជាទុរន់ពុំទន់ទោរ ។ នរណាឃើញហើយមុខគួរខ្លាច នរណាកោងកាចអាពាលោ នរណាពភ្លើធ្វើលោភោ នរណាមារមោហទុក្ខា ។ ឱ្យចាំក្រវែលគ្រប់កន្លែង ការក្រែងសត្រូវមកឥច្ឆា សង្កត់មហាជនក្នុងសីមា នោះនឹងប្រហារក្ស័យជន្មា ។
(៤៥) នគរបានសុខបានសប្បាយ បានជនទាំងឡាយមូលគ្នីគ្នា បានអស់សត្រូវពុំពុះពារ បានជាពុំខ្វល់ដល់បូរី ។ ដរាបដល់ពុទ្ធសករាជគ្រាន់ ពីរពាន់បួនរយហុកសិបប្រាំបី ឆ្នាំឆ្លូវសប្តស័កប្រាកដខ្មី ថ្លៃពេញបូណ៌មីវិសាខា ។ ស្ដេចបានពិនិត្យឃើញសេចក្ដី ដែលលោកកុង្សីយ៍អគ្គសេនា ជំនុំនឹងលោកអ្នករាជការ ដែលជួយរក្សាភពផែនដី ។ យល់ថាប្រទេសគេទាំងឡាយ កិច្ចកលឧបាយគួរគប្បី ពុំសូវខ្លៅខ្លាំងទាំងប្រុសស្រី ព្រោះគេឃ្មាតខ្មីរៀនរក្សា ។ តាំងពីអាយុបួនប្រាំឆ្នាំ ស្ដេចលោកចំណាំឱ្យសិក្សា មានគ្រូបង្ហាញមានសាលា ឱ្យរៀនអក្ខរាសារសេចក្ដី ។
(៥០) រៀនលេខនព្វន្តគន់គុណហារ រៀនមើលសាស្រ្តាអត្ថបាលី រៀនក្បួនរៀនច្បាប់សព្វសម្ដី ទាំងប្រុសទាំងស្រីច្រើនត្រៀបត្រា ។ ប្រុសរៀនចម្បាំងរវាំងវៃ ពុំឱ្យកើតភ័យក្រៅតម្រា រៀនខាងតម្រិះគ្រប់ប្រការ ថតរូបគូរចារឱ្យគប្បី ។ ជាងដែកជាងឈើឆ្លាក់ច្រើនយ៉ាង ជាងទងសំអាងជ្រលក់ក្ដី ជាងស្មិតសិតផ្សារការចាស់ថ្មី ជាងដីបាយអរចរសិលា ។ រៀនដេករៀនដើរកុំសំកុក រៀនស៊ីរៀនចុករៀនចរចារ រៀនដោះរៀនស្រាយអត្ថប្រស្នា ឱ្យឆ្លាតប្រាជ្ញាយល់សព្វសាយ ។ រៀនអស់កិច្ចកលក្នុងនាវា ឬជារថចក្រយន្តហោះឆ្ងាយ ឱ្យរៀនផែនទីកលភិប្រាយ ការក្រែងអន្តរាយបង់អាសារ ។
(៥៥) ធ្វើអ្វីឱ្យស្អាតឱ្យចំណាប់ ឱ្យល្អឱ្យឆាប់ឱ្យថ្លៃថ្លា បើខាងតម្រិះតុលាការ ឱ្យមានមេត្តាត្រាប្រណី ។ ឱ្យដឹងធ្ងន់ស្រាលក្ដៅត្រជាក់ ឱ្យដឹងធុរៈរឿងអ្នកក្ដី ពិនិត្យដោយសត្យកាត់ពិន័យ រំពៃថ្លឹងទោសតាមមាត្រា ។ គេថាទើបថ្កើងឡើងសក្តិយស ថ្កើងកេរ្ត៍ថ្កើងឈ្មោះព្រោះសត្យា ថ្កើងពូជពង្សក្នុងលោកា ថ្កើងទាំងប្រាជ្ញាថ្លាស្មារតី ។ បៀវត្សប្រាក់ខែកាន់តែកើន ពុំបាច់ក្រវើនទៅធ្វើអ្វី ឱ្យមាននិន្ទាជាអប្រិយ កើតក្ដីដំនៀលដល់អាត្មា ។ រៀនខាងយកពន្ធឱ្យគប្បី កុំស្ដីយកលើសពីអាជ្ញា កុំលួចកុំលាក់ប្រាក់រាជការ ទើបឡើងសក្ដាថ្លាសិរី ។
(៦០) តែលួចប្រៀបដូចជាដែកដុំ ទោះបីតូចធំធ្លាក់កប់ដី ធ្លាក់ក្នុងជលធីទីអប្រិយ ឥតបីដែកណាអណ្ដែតបាន ។ ពុកផុយរលេះនឹងច្រែះចាប់ អន្តរាយឆាប់ៗខូចមិនខាន អស់ទៅពុំសូវនៅប៉ុន្មាន ឥតគេរាប់អានយកធ្វើអ្វី ។ រៀនខាងចំណេះអ្នកជំនួញ ដែលជួញលក់ដូរជាប្រក្រតី ឱ្យមានគំនិតគិតប្រណី ទើបគេមេត្រីច្រើនភាសា ។ ទិញមកតាមថោកលក់តាមថ្លៃ ដែលយកកម្រៃឱ្យគួរការ ថ្លឹងវាល់ឱ្យគ្រប់កុំមុសា ទើបគេស្នេហាតវែងឆ្ងាយ ។ រៀនខាងពេទ្យហ្មមើលជំងឺ អ្នកឈឺដាក់ថ្នាំឱ្យរសាយ ឱ្យសះឱ្យជាឱ្យសប្បាយ ឱ្យខ្វល់ឱ្យខ្វាយថែរក្សា ។
(៦៥) ស្រីរៀនតម្រិះខាងនារី រៀនត្បាញប៉ាក់ភ្ញីជរក្រឡា ជ្រលក់ផ្លាស់ពណ៌ល្បើកលើកផ្កា ដេរជុលវត្ថាការទាំងឡាយ ។ រៀនធ្វើម្ហូបនូវចំណី បែបចាស់បែបថ្មីពីស៊ីបាយ ធ្វើនំច្រើនយ៉ាងបែបលែបខាយ ប្រិតប្រាយប្លែកៗឯកអាហារ ។ រៀនខាងទុកដាក់រៀបតាក់តែង នាទីកន្លែងអង្គអាត្មា និងទ្រព្យរបស់គ្រប់ប្រការ ឱ្យថែរក្សាខំឃ្មាតខ្មី ។ ឱ្យគង់ឱ្យស្អាតកុំឱ្យហ្មង ដុសខាងទ្រព្យផងទោះចាស់ថ្មី តែធ្វេសប្រហែសភ្លេចស្មារតី ទ្រព្យអ្វីនឹងខូចខាតអសារ ។ ដល់រៀនចំណាំចាំចេះជោក ចូលដេញប្រយោគល្បងប្រាជ្ញា បានសញ្ញាបត្រមកកាលណា ទើបចេញធ្វើការទាំងប្រុសស្រី ។
(៧០) ផលដែលបានរៀនហើយចេះដឹង នាំមានដំណឹងប្រឹងឃ្មាតខ្មី នាំឱ្យបានជឿនតឿនស្មារតី ធ្វើអ្វីចម្រើនកើនអាត្មា ។ បានទ្រព្យរបស់អស់ស្ថាន អ្នកផងរាប់អានមានមេត្តា ឱ្យផលប្រយោជន៍ដូចប្រាថ្នា ជាទីសង្សារឥតសង្ស័យ ។ បានជាប្រទេសគេច្រើនថ្កើង គេចេះតែឡើងមានកម្រៃ របស់អ្វីយ៉ាងថោកលក់បានថ្លៃ ព្រោះមានបច្ច័យដូច្នេះណា ។ ហេតុនេះរាជការបារាំងសែស ពុំមានប្រហែសធ្វេសកិច្ចការ មានចិត្តអាណិតគិតមេត្តា អស់អ្នកខេមរាយើងនេះខ្មី ។ មានពូជជាមនុស្សអ្នកចេះដឹង ដំណើរដំណឹងរឿងអ្វីៗ ទោះរឿងបរលោករឿងលោកិយ អតីតជាតិមកក្ដីណា ។
(៧៥) ព្រោះមានក្បួនច្បាប់សព្ទសម្ដី សាស្រ្តាបាលីគ្រូអាចារ្យ ជាតិជាភូមិប្រាជ្ញអាចឧស្សាហ៍ ត្រិះរិះកិច្ចការគ្រប់តំណែង ។ ចេះសាងប្រាសាទសុទ្ធសាច់ថ្ម ខ្ពស់ខ្ពង់ទ្រង់ល្អធំចិញ្ចែង ថ្កល់ក្នុងនគរច្រើនកន្លែង ឆ្លាក់ប្លែងក្បូរក្បាច់សាច់សិលា ។ ក្បាច់ទិព្វក្បាច់ទេសក្បាច់ភ្ញីវល្លិ ក្បាច់សត្តនិករក្បាច់ទេព្ដា ក្បាច់ជារូបមនុស្សរូបយក្សា ស្រទាប់បុប្ផាល្បក់លក់លាយ ។ ជើងទៀនក្រឡឹងយ៉ាងថ្លោសៗ ជើងកោសខ្នក់ខ្និចពេជ្ររិចជាយ ជុំវិញកំផែងតែងបន្ទាយ រៀងរាយរបៀបរៀបសមសួន ។ ឆ្លាក់ថ្មមិនហាក់អ្នកឆ្លាក់ថ្ម ឆ្លាក់ល្អវិស័យឆ្លាក់ក្រមួន ឆ្លាក់នោះស្អាតណាស់ពេញសមសួន មុខគួរថែថួនរៀនរក្សា ។
(៨០) ជីកជាកសិណវែងលលេ ប្របឆ្នេររបៀបរៀបរចនា ថ្នល់ស្ពានឆ្លះឆ្លងទឹករងថ្លា បក្សីមច្ឆាគ្មានខ្វះអ្វី ។ នាមនគរវត្តប្រាកដជាក់ ជាទីសម្នាក់ពឹងបារមី តម្កល់ក្បួនច្បាប់សព្ទសម្ដី គម្ពីរបាលីគ្រប់ប្រការ ។ ហើយនឹងព្រះកែវសឹងមក៌ត កំណត់មានទាំងទីសាលា សម្រាប់ទុកឱ្យអស់កុមារ រៀនគ្រប់ប្រការជាប្រក្រតី ។ រាជវាំងស្ដេចគង់ទ្រង់ស្អាងស្អាត ប្រាសាទសឹងច្រើនល្អណាស់ខ្មី ជាទីប្រជុំមុខមន្រ្តី កវីបណ្ឌិតព្រឹទ្ធាចារ្យ ។ ព្រះនាមឈ្មោះហៅនគរធំ ទីព្រំកំផែងតែងតាមការ មួនមាំយ៉ាងឯកប្លែកនេត្រា គ្មានឆ្គងត្រង់ណាសារសោភី ។
(៨៥) ប្រាសាទប្រាំមួយល្អសន្ធោ តម្កល់ព្រះគោសំឫទ្ធី និងក្បួនតម្រាច្រើនគម្ពីរ និត្យនៅនាទីលើប្រាង្គប្រា ។ ឆ្លាក់រូបគោថ្មល្អយ៉ាងឯក តំណែងប្លែកៗជាបរិវារ ដាក់ខាងប្រាសាទរតន៍រេខា មុខគួរស្នេហារពន់ពេកក្រៃ ។ ធ្វើដេកធ្វើដើរធ្វើរកស៊ី ធ្វើកៀងកាល់ញីដោយព្រៃផ្សៃ ធ្វើហាក់បោលរត់សុទ្ធវិស័យ ធ្វើពីសម័យកាលនោះណា ។ ប្រាសាទមួយនោះខ្ពស់សោតសល់ សម្រាប់តម្កល់ព្រះខន្ធថ្លា រាជទ្រព្យប្រាំយ៉ាងនេះសោតណា មង្គលថ្លៃថ្លាលើសអ្វីៗ ។ តាំងតែពីព្រះកេតុមាលា ស្ដេចសោយរាជ្យជាម្ចាស់ផែនដី គង់ប្រាសាទថ្មករពីថ្មី ឥតបីនរណាមកស្មើបាន ។
(៩០) បើស្ដេចអផ្សុកក្នុងព្រះទ័យ ចង់ប្រពាសព្រៃនៃដែនដាន នោះមានឧទ្យានក្រៅរាជស្ថាន សម្រាប់ស្ដេចថ្កានក្សាន្តចិន្ដា ។ ជីកជាបារាយណ៍មួយធំក្រៃ ជលស័យលន្លាមហើយរងថ្លា ចិញ្ចឹមមច្ឆោនូវមច្ឆា បក្សីបក្សាច្រើនគណនា ។ ទុកគោកជាកោះនៅកណ្ដាល គ្រាន់ស្ដេចក្រសាលឆ្លងនាវា ទៅកោះមានស្រះមានគង្គា មានជាថ្នល់ស្ពានក្នុងស្រះស្រង់ ។ កំផែងខ្លោងទ្វារសុទ្ធថ្មដា រចនាក្បាច់ក្បូរល្អបញ្ចង់ ធ្វើពទ្ធមាត់ស្រះក្រាស់ត្រឹមត្រង់ សម្រាប់ព្រះអង្គទតមច្ឆា ។ មាត់ច្រាំងបារាយណ៍នោះលើកថ្នល់ ខ្ពស់សល់ដាំអស់ដើមព្រឹក្សា សឹងតែមានផលមានបុប្ផា រសជាតិពិសាគួរអាស្រ័យ ។
(៩៥) ចិញ្ចឹមអម្រឹគផងសោភី និត្យនៅនាទីនោះច្រើនក្រៃ អ្នកផងពុំហ៊ានចាប់អាស្រ័យ សម្រាប់ក្សត្រថ្លៃទតកម្សាន្ត ។ សួយសារអាករបរិបូណ៌ណាស់ គ្មានទ័លគ្មានខ្វះគ្មានរំខាន គ្មានភិតគ្មានភ័យអ្វីប្រមាណ ក្សេមក្សាន្តអនេកឯករាជា ។ ពួកខ្ញុំរាជការក៏សប្បាយ សម្បូណ៌ធូចាយគ្រប់មុខងារ ទោះរាស្រ្តទាំងពួងផងនានា សុខសាន្តរាល់គ្នាទាំងប្រុសស្រី ។ ដោយបុណ្យក្សត្រទ្រង់ទសពិធ តាំងពីអតីតដល់លោកិយ មានព្រះប្រាជ្ញាការផែនដី សត្រូវអប្រិយចៀសចេញឆ្ងាយ ។ បានជាមហាជនក្នុងនគរ ពុំកើតវឹកវរភ័យអន្តរាយ រកស៊ីរកចុកសុខសប្បាយ ពុំសូវក្រហាយក្នុងចិន្ដា ។
(១០០) មួយទៀតព្រំនគរបូរី ទូលាយផែនដីធំក្ដាត់ណា អ្នកផងធ្វើស្រែធ្វើចម្ការ បានផលាហារគ្មានខ្វះអ្វី ។ នទីផែនទឹកច្រើនកន្លែង ស្ទឹងព្រែកអូរខ្វែងក្នុងផែនដី និងថ្លុកត្រពាំងបឹងផងខ្មី ទន្លេមានត្រីច្រើនគណនា ។ ទន្លេសាបមួយធំចំហុត វិស័យសមុទ្រសាគរា មានអស់មច្ឆាក្នុងគង្គា ច្រើនក្រៃមហិមាជាប្រក្រតី ។ អណ្ដើកកន្ធាយត្រសៃផង ក្រពើទន្សងអន្ទង់ក្ដី បង្កងកំពឹសព្រោនអ្វីៗ នៅលាយនឹងត្រីគ្រប់ប្រការ ។ ក្ដាមខ្យងនឹងខ្ចៅចំពុះទា លៀសគ្រុំនានាជាធម្មតា ពហូវជាតិសត្វក្នុងជលសា ទីណាសឹងមានច្រើនណាស់ខ្មី ។
(១០៥) ច្រើនក្រៃលែងច្រើនពន់ប្រមាណ ច្រើនរាប់ពុំបានជានាមអ្វី បើស្មានគិតវាល់ទឹកនិងត្រី ត្រីមួយទឹកបីប្រហែលខ្លះ ។ ហើយមានកន្លែងវាលស្រងែ ឈើវល្លិបន្លែច្រើនក្រៃក្រាស់ សត្វហើរពងកូនក៏ច្រើនណាស់ ពុំឈ្នះនឹងប្រៀបធៀបសេចក្ដី ។ មិនតែទន្លេសាបមួយទេ បឹងស្ទឹងទន្លេក្នុងផែនដី ធំតូចនោះច្រើនសឹងមានត្រី និងសត្វបក្សីព្រៃព្រឹក្សា ។ ប្រហែលទន្លេសាបនោះដែរ មានមកតាំងតែយូរវស្សា ជាកេរ្ត៍ដំណែលអ្នកខេមរា ព្យាបាលដរាបរៀងមកថ្មី ។ បើទៅនេសាទសត្វសន្ធឹក លើដីក្នុងទឹកទីណាក្ដី មច្ឆាអម្រឹគនិងបក្សី ឆាប់បានមកខ្មីធ្វើភោក្ដា ។
(១១០) សត្វច្រើនក្រៃលែងពន់ប្រមាណ ច្រើនឈើស្មសានច្រើនលតា ច្រើនទាំងជ្រលងទីបព្វតា ច្រើននោះហៅមហាច្រើនក្រាស់ក្រៃ ។ ទីប្រាក់ទីមាសត្បូងយ៉ាងល្អ ទីស្ពាន់សំណថ្មចរណៃ ថ្មកែវក្រួសដែកក្នុងព្រៃផ្សៃ យ៉ាងថោកយ៉ាងថ្លៃច្រើនប្រការ ។ អ្នកផងចង់បានដើរទៅរក ចេះតែមានមកដូចប្រាថ្នា លក់ជាសម្រស់របស់អាត្មា ឱ្យតែឧស្សាហ៍គ្មានខ្វះអ្វី ។ អ្នកមានតម្រិះមានប្រាជ្ញា អ្នកជាងធ្វើការសារពើក្ដី អ្នកមានជំនួញក្នុងផែនដី ច្រើនណាស់ឥតបីនឹងគណនា ។ ចម្រើនទ្រព្យធនពន់ប្រមាណ ពុំសូវរំខានរាល់គ្នីគ្នា បើក្រគ្រាន់តែតិចទ្រព្យា មិនជាអត់ឃ្លានគ្មានភោក្ដា ។
(១១៥) គង់មានស៊ីបាយចាយស្លៀកពាក់ ពុំសូវតត្រាក់អន្ទះសា ព្រោះស្រុកសុខសាន្តបានធ្វើការ ទៅរកត្រង់ណាបានដូចប៉ង ។ អំណើះរាជ្យក្រោយគ្រោះរដ្ឋា កើតមនុស្សមោហាច្រើនកន្លង ក្នុងដែនក្រៅដែនប៉ះគឹកកង សង្កត់អ្នកផងយកទ្រព្យា ។ អស់ខ្ញុំរាជការនិងមហាក្សត្រ ឱ្យលើកទ័ពស្កាត់ច្បាំងរាំងរា តឫទ្ធិដំបះពុំឈ្នះវា ចូលលុកក្នុងនាទីក្រុងក្រៃ ។ ទាំងស្ដេចនាម៉ឺនរាស្រ្តជិតឆ្ងាយ ភ័យរត់ខ្ចាត់ខ្ចាយដោយព្រៃផ្សៃ រីព្រះរាជ្យទ្រព្យទោះថោកថ្លៃ បានដៃសត្រូវទៅអសារ ។ យកទាំងគម្ពីរអត្ថបាលី ក្បួនច្បាប់អ្វីៗច្រើនប្រការ ព្រះគោព្រះកែវស្ដម្ភរដ្ឋា យកព្រះរូបាចេញចាកស្ថាន ។
(១២០) ទាំងស្ដេចនាម៉ឺនរាស្រ្តប្រជា ច្បាំងយកទ្រព្យាវិញពុំបាន កន្លងច្រើនរាជ្យពន់ប្រមាណ ខាតខានរៀនសូត្រមកយូរក្រៃ ។ បានជាខេមរាអូនតម្រិះ ដែលនៅដឹងចេះខ្លះសព្វថ្ងៃ ចេះគ្រាន់តែរកមកអាស្រ័យ ពុំសូវថ្លាថ្លៃដូចបូរាណ ។ បើទុកជាមានក៏មានតិច បើចេះភារកិច្ចមិនប្រមាណ បើទុកជារៀនពុំសូវបាន ព្រោះពុំសុខសាន្តក្នុងភពការ ។ តាំងពីរាជការបារាំងសែស ពុំធ្វេសប្រហែសជួយរាំងរា អស់ទាំងសត្រូវផងនានា ពុំហ៊ានពុះពារមកឥច្ឆា ។ មិនន្រឹមតែជួយការបូរី និងរៀបទឹកដីប៉ុណ្ណោះណា គិតទាំងជួយសាងសង់សាលា ជ្រើសគ្រូអាចារ្យចេះអធិប្បាយ ។
(១២៥) ឱ្យចាំបង្រៀនអស់កុមារ ឱ្យចេះកិច្ចការរាល់រាងកាយ ក្នុងក្រុងក្រៅក្រុងផងទាំងឡាយ ឱ្យដឹងសព្វសាយក្នុងសីមា ។ ព្រះបាទស៊ីសុវត្ថិខត្តិយវង្ស ស្ដេចទ្រង់ជ្រាបសព្វគ្រប់ប្រការ ព្រះទ័យត្រេកអរសោមនស្សា ព្រមតាមរាជការថ្វាយសេចក្ដី ។ ទ្រង់ឡាយព្រះទានឱ្យចាត់ចែង ឱ្យធ្វើតំណែងសាលាថ្មី ឱ្យច្រើនបែបយ៉ាងក្នុងបូរី ឱ្យគួរមេត្រីចូលសិក្សា ។ ដែលធ្វើបានរួចខ្លះទៅមែន គ្រប់ដែនដីក្រុងស្រែចម្ការ ទើបបានតែឱ្យរៀនអក្ខរា និងលេខសាស្រ្តាអត្ថបាលី ។ ឥឡូវអាគ្នេយ៍ព្រះរាជវាំង ទើបតាំងសាងសង់សាលាថ្មី ជាទីកន្លែងតែងធ្វើអ្វី ល្អះល្អឥតបីបើឧបមេយ្យ ។
(១៣០) មណ្ឌលទ្រនង្គទ្រង់សង្ហា ឈ្មោះថាព្រះរាជបណ្ណាល័យ តម្កល់ក្បួនច្បាប់សព្វសាសន៍សៃយ មានរឿងច្រើនក្រៃក្នុងនោះណា ។ រឿងពីអតីតមកក៏មាន និទានបច្ចុប្បន្ននេះក៏ថា អនាគតកាលក៏ចរចា សម្រាយសាស្រ្តាអត្ថបទបាលី ។ មួយទៀតទ្រង់សក្ដិហាក់មហាកាល ឈ្មោះរដ្ឋបាលនោះគប្បី មានច្បាប់សម្រាប់ក្នុងផែនដី រៀនធ្វើមន្រ្តីតុលាការ ។ ឧត្ដររាជវាំងសាលធំសល់ តម្កល់ក្បាច់ថ្មពីបូរាណ៍ សន្មតនាមឈ្មោះហៅសាលា សារមន្ទីរវិសេសក្រៃ ។ តាំងគ្រឿងមាសប្រាក់សំឫទ្ធិ ប្រដាប់មុនីរតន៍ចរណៃ នូវអស់ពីស្រ្តាផ្ការបៃ ទ្រព្យមានតម្លៃគួរស្នេហា ។
(១៣៥) បស្ចិមជិតគ្នានោះប្រាកដ កំណត់ហៅសាលារចនា មានគ្រូបង្ហាញរៀនធ្វើការ ឱ្យបែកប្រាជ្ញាទាំងប្រុសស្រី ។ ប្រុសរៀនតម្រិះខាងការប្រុស ឱ្យដឹងសាយសុសបែបចេះថ្មី ជាងទងជាងស្មិតសិតអ្វីៗ គូរក្ដីឆ្លាក់ក្ដីច្រើនប្រការ ។ ក្រឡឹងប្រដាប់យ៉ាងប្លែកៗ ជាងដែកសូនរូបជាប់យ៉ាងណា មានព្រមតាមចិត្តប៉ងប្រាថ្នា ឱ្យតែឧស្សាហ៍រៀនចុះខ្មី ។ បើស្រីរៀនខាងការនារី រៀនត្បាញប៉ាក់ភ្ញីដេរជុលក្ដី មានទីដោយខ្លួនខាងស្រីៗ ប្រណីរៀបឱ្យដោយគួរការ ។ ធ្វើសាលនោះនឹងស៊ីម៉ង់ត៍ល្អ នឹងឥដ្ឋនឹងថ្មនឹងដែកជា ក្រួសខ្សាច់និងឈើយ៉ាងខ្លឹមសារ តាមជាងរចនាហត្ថាថ្មី ។
(១៤០) ក្បាច់ក្បូរកំពូលហាក់ប្រាសាទ ស្អាតក្រៃលែងស្អាតគ្មានសល់អ្វី មួនមាំចម្លែកឯកដែនដី គប្បីទាំងអស់ស្រស់ថ្លៃថ្លា ។ ខាងមុខកម្រាលក្រាលឥដ្ឋពណ៌ លម្អមានជរមានក្រឡា ឆ្វាយឆ្វាក់ប្រទាក់ទងភ្ញីផ្កា ពាសពេញសាលាគ្មានចន្លោះ ។ របៀបរៀបរយដោយកន្លែង ទំនងតំណែងល្អទាំងអស់ ពុំមានអាក្រក់បន្តិចសោះ សុទ្ធសឹងរបស់ក្នុងរាជការ ។ ទូតូចទូធំដាក់សៀវភៅ ក្បួនច្បាប់និត្យនៅទីនោះណា ប្រដាប់សរសេរនិងធ្វើការ មានជាធម្មតាគ្មានខ្វះអ្វី ។ ហើយមានទាំងតុទាំងជើងម៉ា តម្រៀបត្រៀបត្រាគ្រែកៅអី សម្រាប់ទុកប្រើជាប្រក្រតី ពុំឱ្យអប្រិយក្ដីសៅហ្មង ។
(១៤៥) នាទីជិតខាងរបៀងសាលា សឹងសួនបុប្ផាជុំវិញផង ក្លាយក្លិនពិដោរមកម្ដងៗ មុខគួរស្នេហ៍ស្នងចងចិន្ដា ។ ហើយឱ្យមានអ្នកនៅថែទាំ បោសជូតរៀបចំគ្រប់សាលា រីឯលោកគ្រូអាចារ្យ នៅប្រចាំការប្រៀនសព្វថ្ងៃ ។ ល្អនោះហៅល្អក្រមានយ៉ាង រាជការស្អិតស្អាងល្អពេកក្រៃ ល្អស្រស់របស់មានតម្លៃ ល្អស្រួលអាស្រ័យទីនោះណា ។ ទុកឱ្យសមណៈនិងមហាជន ទុកដូចឱ្យធនយសសក្ដា ទុកទីរាជានុវង្សា ទុកឱ្យសេវកាមាត្យមន្រ្តី ។ នៅសល់កុមារផងទាំងឡាយ រាល់រូបរាងកាយទោះប្រុសស្រី កំលុងក្នុងនាទីបូរី ដែនដីនគរកម្ពុជា ។
(១៥០) ដែលពុំទាន់ដឹងរឿងគង់ការ និងអង្គអក្ខរាលេខនានា បើចង់រៀនសូត្ររាល់គ្នីគ្នា រាជការអាធារជាប្រក្រតី ។ ហេតុនេះគួរតែចង់ចេះដឹង គួរប្រឹងសង្វាតខំឃ្មាតខ្មី គួរចូលទៅរៀនទើបគប្បី គួរអីរៀនទៅតាមត្រូវការ ។ នឹងបានភ្លឺដឹងសព្វសេចក្ដី ភ្លឺដូចរស្មីកែវមុក្ដា ភ្លឺច្បាស់ប្រាកដនឹងនេត្រា ភ្លឺថ្លាដួងចិត្តឥតសង្ស័យ ។ តែឃើញរឿងច្រើនកើនតម្រិះ តែចេះការច្រើនជាបច្ច័យ តែចូលរៀនសូត្ររាល់ខែថ្ងៃ ដូចច្នៃត្បូងពេជ្រលេចរស្មី ។ នឹងបានសម្បត្តិសម្បូណ៌យស នឹងមានកេរ្តិ៍ឈ្មោះខ្ពស់ឮល្បី នឹងមានប្រាជ្ញាពីលោកិយ នឹងមានសិរីសួស្ដីប្រាណ ។
(១៥៥) និទានដូចមានខាងលើនេះ បើពុំរៀនរិះតាមលំអាន ទោះខំរកស៊ីពុំសូវបាន រំខានទីទ័លខ្វល់ក្នុងកាយ ។ បានដែរប៉ុន្តែរកបានតិច ព្រោះធ្វេសរៀនកិច្ចការសព្វសាយ មិនស្មើនឹងអ្នកចេះឧបាយ ពុំសូវធូរចាយដូចគេឡើយ ។ អ្នកយសឥតសក្ដិឥតលក្ខណា ឥតអស់ប្រាជ្ញាសូន្យសោះហើយ ឥតស្រាកលំបាកពុំមានស្បើយ ឥតល្ហើយជាទុក្ខគ្រប់ប្រការ ។ មួយគួរគិតគុណព្រះរតនត្រៃ ពីរគុណក្សត្រថ្លៃទ្រង់ករុណា បីគុណអស់លោកអ្នករាជការ បួនគ្រូអាចារ្យអង្គអធិប្បាយ ។ បំណាច់ដែលលោកមានសប្បុរស សាងទុករបស់ច្បាប់បរិយាយ ឱ្យយើងរៀនដឹងតវែងឆ្ងាយ រក្សារូបកាយគ្រប់អាត្មា ។
(១៦០) គុណនោះវិសេសប្រសើរក្រៃ តម្លៃគ្មានអ្វីប្រៀបឧបមា រីគុណបិតានិងមាតា មានច្រើនប្រការដោយសោះឋាន ។ និងដឹងសព្វគុណផងនានា ដែលជាចម្រើនយើងក្សេមក្សាន្ត ក៏ត្រូវរំឭកនឹកកុំខាន រាប់អានស្មោះស្មគ្ររួមរក្សា ។ ភាវនាព្រះធម៌ប្រុងវិញ្ញាណ សាងសីលសាងទានមានមេត្តា កុំសាងទុច្ចរិតចិត្តមោហា ក្លៀវក្លាបៀតបៀនគេអន្តរាយ ។ កុំមានសេចក្ដីប៉ងប្រមាថ កុំឆ្លាតទៅកាន់ភូមិអបាយ ឱ្យដើរតាមផ្លូវត្រូវប្រឡាយ កុំបីនឿយណាយក្នុងចិន្ដា ។ ទើបបានត្រឹមត្រូវតាមព្រះធម៌ ជាល្អក្នុងវរពុទ្ធសាសនា ទើបបានកុសលសាធុកា ទេវតាចម្រើនសុខសប្បាយ ។
(១៦៥) រឿងនេះខ្ញុំតែងតាមទំនង តែងតាមគន្លងកលភិប្រាយ តែងជូនអស់លោកអ្នកទាំងឡាយ តែងតាមតម្រាយពាក្យសត្យា ។ លើកលាត់កាត់បទបែបខ្លីៗ សេចក្ដីគ្រាន់ជាសវនាការ យកផលានិសង្សផ្ចង់ចេតនា ដោយសារសីលទាននិព្វានអើយ ៕៚
អត្ថបទនេះ ស្រង់ចេញពី កម្ពុជសុរិយា ក្បាលលេខ២ – ៣ – ៦ ឆ្នាំ១៩២៦ – ២៧។