វិសាខបូជានិងទឹកចិត្ត​ខ្មែរ

នានាកាព្យ
បទកាកគតិ

(១) ពិសាខសាយណ្ហ​  សុរិយាទាបទន់  ទៅទិសបស្ចិមា  រស្មីពណ៌មាស  ឱកាសភ្លឺថ្លា  ផ្សព្វក្លិនបុប្ផា  ពិដោរល្វេងល្វើយ ។  ពពករសាត់  ព្រះពាយផាយផាត់  បោកបក់រំភើយ  សូរសព្ទស្គរធំ  រណ្ដំឆ្លងឆ្លើយ  នៅជិតបង្កើយ  មើលឃើញដងទង់ ។  ចូលដល់អារាម  ហាក់រីកចិត្តភ្លាម  តាមផ្ការហង់  មើលទេសភាព  ខ្ពស់ទាបបញ្ចង់  មៀងមើលព្រះសង្ឃ  ទ្រង់ទឹកអម្ចត់ ។  ឃើញកុដិវិហារ  កំពូលដងក្ដារ  ជហ្វាពង់ពត់  ក្បូរក្បាច់ជាកេរ  ភណ្ឌខ្មែរប្រាកដ  មើលទីធ្លាវត្ត  គួរឱ្យជ្រះថ្លា ។ 

(៥) ថ្ងៃនេះតិថី  ពេញបុណ្ណមី  វិសាខមាសា  ជានក្ខត្តឫក្ស  រំឭកទិវា  វិសាខបូជា  នៃពុទ្ធបរិស័ទ ។  ព្រះសង្ឃគ្រហស្ថ  រួមគ្នាទាំងអស់  រៀបចំចាត់ចែង  ទៀនធូបភ្ញីផ្កា  មាលាវិកតិ  នាំចូលថ្វាយថ្វាត់  អង្គពុទ្ធបដិមា ។  រំឭកប្រវត្តិ  កាលព្រះសិទ្ធត្ថ  ចាកផ្ទៃមាតា  កាលទ្រង់ត្រាស់ដឹង  និងកាលសាស្ដា  រម្លត់ជន្មា  ចូលព្រះនិព្វាន ។  ឱកាសនេះឯង  ពុំបានថ្លាថ្លែង  រៀបរៀងនិទាន  សូមថ្លែងសង្ខេប  ជាបែបព័ត៌មាន  សូមអស់សន្ដាន  ស្ដាប់គ្រាន់ជ្រះថ្លា ។

ថ្លែងកាលប្រសូត (ពាក្យ ៧)

សូមថ្លែងកាលអង្គពង្សពោធិ៍សត្វ  បារមីថ្លៃក្ដាត់ខ្លាំងក្លៀវក្លា  ប្រសូតចាកផ្ទៃនៃមាតា  ព្រះនាងស្រីមហាមាយាទេវី។ 

(១០) កាលនោះព្រះនាងយាងដល់ឋាន  សាលក្នុងឧទ្យានលុម្ពិនី  ព្រះបាទជាន់លើផែនប្រឹថពី  ទេវីឈោងចាប់មែកព្រឹក្សជាតិ។  ស្រាប់តែឱរសស្រស់ពន្លក  ប្រសូតចេញមកហើយយាងយាត្រ  បទុមប្រាំពីរទ្រព្រះបាទ  ស្ដេចទ្រង់សីហនាទប្រកាសថា។  យើងជាចមមកុដបំផុតលោក  មានជោគចម្បងក្នុងលោកា  ជាតិនេះជាជាតិអន្តិមា  លះលាចាកភពឈប់កើតហើយ។  នេះជាវាចាគ្រាចាកផ្ទៃ  រកន័យអ្វីប្រៀបពុំបានឡើយ  ប្រាប់ថាសត្វលោកយោគយល់ត្រើយ  ទិវានេះហើយជាមង្គល។  នៅក្នុងឆ្នាំច ដប់ប្រាំកើត  នៃខ្នើតវិសាខវិសេសសល់  ថ្ងៃសុក្របុណ្ណមីចន្ទមណ្ឌល  ជាថ្ងៃមង្គលនក្ខត្តឫក្ស។ 

(២៥) ចូលខួបវិសាខបូជា  ទិវានៃពុទ្ធសាសនិក  រៀបចំពិធីបុណ្យរំឭក  តែងនឹកជញ្ជឹងដឹងគ្រប់ប្រាណ។

ថ្លែងកាលត្រាស់ដឹង (ពាក្យ ៧)

កាលអង្គសាស្ត្រាចារ្យជាម្ចាស់  ស្ដេចទ្រង់បានត្រាស់ពោធិញាណ  នាគល់ពោធិព្រឹក្សអធិកក្សាន្ត  ទ្រង់មានចិន្ដាជ្រះថ្លាខ្លាំង។  កាលពីព្រលប់មុនយប់យាម  ក្រុងមារមកទាមទារបល្លង្ក  លើកពលយោធាដ៏ក្លាខ្លាំង  ចោមច្បាំងប្រហារព្រះជិនស្រី។  ស្ដេចទ្រង់ផ្ចាញ់មារដោយអាវុធ  បរិសុទ្ធគឺទសបារមី  រួចស្រេចស្ដេចតាំងព្រះស្មារតី  ក្នុងយាមទាំងបីរាត្រីកាល។  នាឆ្នាំរកា ដប់ប្រាំកើត  នៃខ្នើតពិសាខល្អពិសាល  ត្រូវនឹងថ្ងៃពុធវិសុទ្ធកាល  បណ្ដាលលោកាអស្ចារ្យក្រៃ។ 

(៣០) ស្ដេចទ្រង់បានត្រាស់ពោធិញាណ  ផូរផង់ក្សេមក្សាន្តក្នុងព្រះទ័យ  ជាសព្វញ្ញូគ្រូភពត្រៃ  ដូចជាឧទ័យនៃសុរិយា។  អស់ពួកពុទ្ធសាសនិក  ធ្វើបុណ្យរំឭកព្រះសាស្ដា  ហៅបុណ្យវិសាខបូជា  ចាត់ជាទិវានក្ខត្តឫក្ស។

ថ្លែងកាលបរិនិព្វាន (ពាក្យ ៧)

ដំណាលកាលព្រះអង្គទ្រង់ញាណ  យាងចូលនិព្វានក្រោមសាលព្រឹក្ស  បរិស័ទចួបជុំយំពន្លឹក  រឭកអាល័យក្រៃឧបមា។  កាលមុនរៀបនឹងចូលនិព្វាន  ទ្រង់ញាណផ្ដែផ្ដាំអានន្ទថា  យោ វោ អានន្ទ មយា  ហៃបាអនុជចូរចាំស្ដាប់។  អំណឹះពីអញនេះ ឯងទៅ  ធម៌វិន័យនៅជាគ្រូប្រាប់  ពួកអ្នកចូររៀនប្រិតប្រៀនស្ដាប់  ទុកជាក្បួនច្បាប់ប្រាប់អាត្មា។ 

(៣៥) សង្ខារទាំងឡាយមិនទៀងទាត់  តែងតែប្រាសព្រាត់ជាធម្មតា  ចូរអ្នកពឹងខ្លួននឹងធម្មា  សិក្សាអប់រំខំជានិច្ច។  តថាគតផ្ដាំអ្នកជាចុងក្រោយ  សូមឱ្យចងចាំកុំបីភ្លេច  ចូរខំបំពេញករណីយកិច្ច  សម្រេចដោយក្ដីមិនប្រមាទ។  នេះជាបណ្ដាំព្រះសុគត  មុនស្ដេចរម្លត់រម្លាយជាតិ  ទើបទ្រង់ចូលកាន់និព្វានធាតុ  ព្រាត់ឃ្លាតបរិស័ទយើងគ្រប់គ្នា។  នៅក្នុងឆ្នាំម្សាញ់ ដប់ប្រាំកើត  នៃខ្នើតវិសាខមាសា  អង្គារតិថី រាត្រីថ្លា  ចន្ទ្រាពេញវង់រុងរឿងក្រៃ។  ពុទ្ធបរិស័ទចាត់រៀបថ្វាយ  ឱនកាយគោរពព្រះរត្នត្រ័យ  រំឭកទិវាសោកអាល័យ  ដូចផ្ទៃសុរិយាអស្ដង្គត។

ទឹកចិត្តខ្មែរ (បទព្រហ្មគីតិ) 

(៤០) វិសាខបុណ្ណមី  ខ្មែរប្រុសស្រីដឹងប្រវត្តិ  ធ្វើបុណ្យតាមកំណត់  កាលប្រវត្តិទាំងបីគ្រា។  តំណាលមកហូរហែ  ក្នុងថ្ងៃខែជាមួយគ្នា  ទើបខ្មែរចាត់ទុកថា  ជាទិវាល្អត្រកាល។  ធ្វើជាប្រពៃណី  មកតាំងពីព្រេងតំណាល  សម័យពាក់កណ្ដាល  សតវត្សទីដប់ប្រាំបួន។  តាមបែបហីនយាន  រហូតមានជាច្បាប់ក្បួន  ទឹកចិត្តខ្មែរមាំមួន  ស្ងួនគ្រងទុកលុះឥឡូវ។  ប្រកាន់ចិត្តនឹងន  ឃើញជាល្អយល់ថាត្រូវ  រក្សាកេរ្តិ៍ម៉ែឪ  ឱ្យគង់វង់មិនបង់បាត់។ 

(៤៥) តែដល់ខួបទិវា  តែងនាំគ្នាទៅកាន់វត្ត  ធ្វើស្លាកវេរថ្វាយភត្ត  សូធ្យព្រះធម៌ស្ដាប់ទេសនា។   ក្មេងៗតែងសូធ្យបទ  ថ្លែងប្រវត្តិព្រះសាស្ដា  ទឹកចិត្តខ្មែរជ្រះថ្លា  ជឿជាក់ថាជាមង្គល។  ខ្លះស្មូធ្យរហូតភ្លឺ  សំឡេងឮផ្សព្វមណ្ឌល  ឧទ្ទិសផ្សាយភាគផល  ដល់សត្វលោកក្នុងភពត្រៃ។  គួរឱ្យតូចចិត្តណាស់  ឥឡូវផ្លាស់កាលសម័យ  មានខ្មាំងច្បាំងប្រល័យ  ប៉ងឱ្យក្ស័យទឹកចិត្តខ្មែរ។  សម្លាប់កាប់ព្រះសង្ឃ  ដែលទ្រង់សីលឥតវៀចវេរ  យកវត្តអារាមខ្មែរ  ធ្វើជាទីពិឃាដសត្វ។ 

(៥០) វិហារសាងថ្មីៗ  រាបដល់ដីរាយប៉ាយបាត់  ព្រះជីវ័បាក់បែកខ្ចាត់  គង់ហាលខ្យល់យល់ខ្លោចផ្សា។  វិនាសហិនហោចអស់  ទ្រព្យរបស់ពុទ្ធសាសនា  ប្រហែលជាយល់ថា  ទឹកចិត្តខ្មែរនឹងរលាយ។  ប៉ុន្តែមិនដូច្នោះ  ខ្មែររងគ្រោះគ្រាអន្តរាយ  រឹតតែរួបរួមកាយ  រៀបចំធ្វើពិធីបុណ្យ។  តាមផ្ទះរៀបជ្វាលា  ទៀនធូបផ្ការំឭកគុណ  រុងរឿងលើសលប់​មុន  កាលមិនទាន់អសន្តិសុខ។  នៅគ្រប់វត្តអារាម  ឋិតនៅតាមទីភូមិស្រុក  ដែលនៅមានសន្តិសុខ  ខ្មែររួមគ្នាបូជាបាន។ 

(៥៥) រឹតតែឱឡារិក  ធំអធិកគ្រប់ទីឋាន  យុទ្ធជនចិត្តក្លាហាន  ក៏រួមប្រាណទាំងប្រុសស្រី។  ទឹកចិត្តខ្មែរភ្លឺថ្លា  ដូចចន្ទ្រាពេញបុណ្ណមី  កាន់សាសន៍ព្រះជិនស្រី  ធ្វើវិសាខបូជា។  ជឿថានឹងបានសុខ  តទៅមុខពុទ្ធសាសនា  នឹងរីករុងរឿងថ្លា  ផ្ចាញ់សត្រូវឱ្យទៅឆ្ងាយ។  ខ្មែរនឹងបានជោគជ័យ  អស់មានភ័យក្ដីអន្តរាយ  ទឹកចិត្តខ្មែរស្រស់ស្រាយ  ស្រឡាញ់តែសន្តិភាព

(អើយ)។

ដោយលោក វ៉ាន់ -ជីន
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៧៤    
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments