ពាក្យ​កាព្យ​ រឿង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម – ភាណុវង្ស

នានាកាព្យ
ពាក្យ​កាព្យ​  រឿង​ព្រះ​អង្គ​ម្ចាស់
នរោត្ដម – ភាណុវង្ស
ឱ្យ​ឃុន​រាម​តេជះ សេក ជា​អ្នក​តែង​សេច​ក្ដី​
ហើយ​ទ្រង់​បាន​ជួយ​ពិនិត្យ​តម្រង់​សេច​ក្ដី​ផង

(១)  សិទ្ធិ​ប្រដាប់​សម្រាប់​ការ​  នៃ​អ្នក​ខេមរា​ផង​ទាំង​ឡាយ    ដែល​មាន​គំនិត​គិត​ខ្វល់​ខ្វាយ​  មើល​ស្ដាប់​អធិប្បាយ​រឿង​នេះ​ជា ។    កាល​នោះ​ក្នុង​រាជ្យ​ព្រះ​មហា​ក្សត្រ​  ព្រះ​បាទ​ស៊ី​សុវត្តិ​ខត្តិយា    ស្ដេច​ជា​ចម​មកុដ​ផុត​លោកា  បូរី​រដ្ឋា​កម្ពុជា ។    ដោយ​បាន​នៅ​ផលា​និសង្ស​  ព្រះ​អង្គ​កសាង​សីល​សទ្ធា    ទើប​បាន​ថ្កុំ​ថ្កើង​ឡើង​សម្ភារ​  ពលា​អនេក​ប្លែក​ណាស់​ខ្មី ។    ថែម​បាន​អំណាច​ពី​រាជ​ការ​  ប៉ារីស​រដ្ឋា​រាជ​មេត្រី    ទំនុក​បម្រុង​ដុង​ដែន​ដី​  ចម្រើន​សិរី​ក្នុង​សីមា ។    

(៥)  ជួយ​រៀប​នគរ​ទី​កន្លែង​  រៀប​ផ្ទះ​សម្បែង​ថ្នល់​ធ្លា​ផ្សារ    សង់​ស្ពាន​ហើយ​មាន​សង់​សាលា​  ស្រុក​ស្រែ​ចម្ការ​ស្អាត​ពេក​ក្រៃ ។    ទី​វត្ត​អារាម​តាម​ធម្មតា​  បង្កើត​សាលា​រៀន​សព្វ​ថ្ងៃ    សម្អាត​ជា​និច្ច​អចិន្រ្តៃយ៍​  ឱ្យ​គង់​និស្ស័យ​ព្រះ​ពុទ្ធា ។    ក្នុង​ក្រុង​ភ្នំ​ពេញ​ក៏​ស្អាង​ស្អាត​  ជួយ​ផ្លាស់​ប្រាសាទ​មហា​រាជា    មួយ​នោះ​ឈ្មោះ​ប្រាសាទ​ទេវា​  ទី​ជា​ប្រជុំ​ខ្ញុំ​រាជ​ការ ។    មួយ​ទៀត​ទ្រង់​ទ្រាយ​ក៏​ល្អ​ស្អាត​  នាម​ឈ្មោះ​ប្រាសាទ​ចន្ទ​ឆាយា    ចំណាំ​ប្រដាប់​ទត​ធីតា​  កែរ៉ា​រេ​រាំ​លំនាំ​ថ្វាយ ។    ប្រាសាទ​មួយ​នោះ​សម​សោភី​  ឈ្មោះ​ភោជនីយ​ទី​ឆើត​ឆាយ    ចំណាំ​យាង​សោយ​កម្សាន្ត​កាយ​  សប្បាយ​ចួប​ជុំ​ខ្ញុំ​រាជ​ការ ។    

(១០)  ដំណាក់​ឈ្មោះ​បរិត្ត​កិមាលា​  ថ្កើង​ថ្កាន​តម្កល់​ព្រះ​ខន្ធ​ថ្លា    និង​ព្រះ​សំឫទ្ធិ​ពី​បូរាណ៍​  ពួក​ព្រាហ្មណ៍​ពលីកា​រាល់​វេលា ។    ដំណាក់​ឈ្មោះ​សម្រាន្ត​ភិរម្យ​  ប្រជុំ​ស្ដេច​ថ្កាន​ឡើង​គជា    អស់​ខ្ញុំ​រាជ​ការ​ទៅ​ជុំ​គ្នា​  ត្រៀម​ចាំ​នៅ​នា​ទី​នោះ​ណា ។    ទ្រើស​ទ្រង់​ពង្ស​ពេជ្រ​លេច​ផ្លេក​ៗ​  ក្បាច់​ក្បូរ​យ៉ាង​ឯក​ល្អ​ថ្លៃ​ថ្លា    ដំណាក់​តំណែង​តែង​មាន​ការ​  រចនា​ស៊ីម៉ង់ត៍​ផ្ចង់​យ៉ាង​ល្អ ។    លាង​ក្រួស​លាយ​ខ្សាច់​ដែក​យ៉ាង​ល្បាយ​  ដល់​ស្ងួត​រឹង​ក្លាយ​វិស័យ​ថ្ម    ជាប់​ចួន​មួន​មាំ​សម​បវរ​  តំណ​យូរ​ទៅ​នៅ​វែង​ឆ្ងាយ ។    យក​ឈើ​ធ្វើ​ខ្លះ​ដោយ​កន្លែង​  ដែល​ជាង​តាក់​តែង​សឹង​ប្រិត​ប្រាយ    ចម្លាក់​ចម្លែក​ឯក​អម្បាយ​  ល្អ​ដាច់​ដែន​អាយ​ឡាយ​លេខា ។    

(១៥)  តំណែង​តែង​ថ្នាំ​រូប​ទឹប​មាស​  គំនូរ​គូរ​វាស​ពាស​ប្រាង្គ​ប្រា    ក្រាល​សឹង​ឥដ្ឋ​ពណ៌​ដ៏​ក្រឡា​  ក្លាយ​ជា​ភ្ញី​ផ្កា​សុទ្ធ​វិស័យ ។    យប់​អុជ​សឹង​អគ្គិសនី​  ក្នុង​ក្រៅ​មន្ទីរ​នោះ​ច្រើន​ក្រៃ    ពន្លឺ​ភ្លឺ​ក្បោះ​ស្រស់​ប៉​ប្រៃ​  ឧបមេយ្យ​ប្រៀប​ហាក់​សែង​សុរិយា ។    បើ​ស្អុះ​មាន​ផ្លិត​ស្លាប​កង្ហារ​  វិល​ខ្ញាល់​រហើយ​ដោយ​វាតា    សម្រាប់​សម្រួល​ព្រះ​កាយា​  និង​ខ្ញុំ​រាជ​ការ​ផង​ទាំង​ឡាយ ។    មិន​ឱ្យ​ធុញ​ថប់​អផ្សុក​អ្វី​  ទាំង​ប្រុស​ទាំង​ស្រី​រាល់​រាង​កាយ    ពុំ​មាន​ស្អុះ​ស្អាប់​ក្ដៅ​ក្រហាយ​  ក្សេម​ក្សាន្ត​សប្បាយ​ក្នុង​ចិន្ដា ។    នាទី​ចន្លោះ​ប្រាង្គ​ប្រាសាទ​  សម្អាត​ធ្វើ​សួន​ដាំ​បុប្ផា    វារី​សម្រាប់​ឱ្យ​ប្រើ​ការ​  ទី​ណា​សឹង​មាន​ច្រើន​កន្លែង ។    

(២០)  វារី​ភ្លើង​ផ្លឹត​ប្រើ​គ្រឿង​ចក្រ​  មើល​ហាក់​វិស័យ​ដូច​កើត​ឯង    តាម​តែ​នឹង​ប្រើ​នឹង​ចាត់​ចែង​  តំណែង​មិន​ឱ្យ​ខ្វះ​ត្រង់​ណា ។    កំផែង​ខ្លោង​ទ្វារ​ជា​មួន​មាំ​  រៀប​ចំ​លម្អ​ក្រ​ឧបមា    អ្នក​ផង​មើល​ទៅ​មាន​ចេស្ដា  សម្បាសម្បើម​ក្រៃ​មហិមា ។    រាជ​ទ្រព្យ​ដំរី​ដែល​ស​សុទ្ធ​  និង​ព្រះ​រាជ​រថ​ចក្រ​នានា    ព្រះ​ទី​នាំង​កប៉ាល់​និង​នាវា​  មាន​ជា​គ្រប់​គ្រាន់​គ្មាន​ចន្លោះ ។    ដំណែល​ពី​ព្រះ​បាទ​នរោត្ដម​  រាជ​ការ​ថែ​ទាំ​មើល​ទាំង​អស់​    ពុំ​ឱ្យ​បាត់​ខូច​ត្រង់​ណា​សោះ​  គង់​នៅ​របស់​ក្នុង​រាជា ។    នាទី​ខាង​ក្រៅ​ព្រះ​រាជ​វាំង​  ដែល​ថ្លុក​ត្រពាំង​បឹង​នា​នា​    ចាក់​ដី​បំពេញ​ឱ្យ​ស្មើ​គ្នា​  ធ្វើ​ធ្លា​ខ្វាត់​ខ្វែង​បែង​ក្រឡា ។    

(២៥)  ចាក់​ក្រួស​ចាក់​ខ្សាច់​កម្ទេច​ថ្ម​  បុក​កិន​រាប​ល្អ​ហាល​ផ្ទៃ​ក្ដារ​    ចិញ្ចើម​រៀប​គ្រប់​សុទ្ធ​ថ្ម​ដា​  អ្នក​បោស​រក្សា​រាល់​វេលា ។    ផ្លូវ​ខ្លះ​ថែម​ចាក់​ម្រក្សណ៍​បារាំង​  ឱ្យ​ក្ដាំង​ឱ្យ​ក្ដាប់​ក្រាប​ជាប់​គ្នា    ពុំ​ឱ្យ​ធូលី​ច្រើន​ក្នុង​ធ្លា​  ចាក់​ធារ​ដាស​ជិត​គ្មាន​ចន្លោះ ។    ផ្លូវ​ឆ្លង​ទន្លេ​ព្រែក​ក៏​មាន​  សង់​ស្ពាន​បែប​ថ្មី​វិញ​ទាំង​អស់    រៀប​ចំ​តាម​ការ​ពុំ​ឱ្យ​ខ្ចោះ​  សឹង​តែ​របស់​មាន​តម្លៃ ។    ធ្វើ​សុទ្ធ​តែ​ដែក​នោះ​ក៏​មាន​  ស្ពាន​ខ្លះ​ស៊ីម៉ង់ត៍​ដែក​សរសៃ​    ឱ្យ​ជាប់​ឱ្យ​ចួន​មួន​មាំ​ក្រៃ​  កម្រៃ​កម្រ​នឹង​ធ្វើ​បាន ។    ស្ពាន​ខ្លះ​រៀប​ឥដ្ឋ​ជាប់​នឹង​ថ្ម​  ធំ​ល្ហ​ហើយ​ខ្ពស់​ពន់​ប្រមាណ​    ទុក​មាន​កន្លែង​ជា​ទី​ស្ថាន​  សម្រាប់​សម្រាន្ត​អស់​កាយា ។    

(៣០)  បូក​សឹង​ស៊ីម៉ង់ត៍​កំបោរ​ថ្ម​  លាយ​គ្នា​ជិត​ល្អ​ក្រ​ប្រេះ​ណា​    ក្រាំង​ក្រាប​ចាប់​ជាប់​ហាក់​ថ្ម​ដា​  យាត្រា​ពុំ​មាន​ញញើត​សោះ ។    ចេតិយ​វត្ត​ភ្នំ​ពេញ​ប៉ុន្មាន​  នាទី​ស្ថាន​ដី​ទាំង​អស់    សម្អាត​គ្មាន​សល់​សព្វ​កៀន​កោះ​  គន់​ទៅ​ស្រួល​ស្រស់​ក្នុង​ចិន្ដា ។    ដំណាំ​ដាំ​ដើម​ព្រឹក្សា​សាយ​  មាន​ម្លប់​សប្បាយ​ទាំង​ផ្លែ​ផ្កា    ចិញ្ចឹម​ម្រឹគ​និង​បក្សា​  នៅ​ក្នុង​សួន​ច្បារ​សព្វ​សារពើ ។    ទន្លេ​ក្នុង​ក្រុង​ចតុម្មុខ​  រាជ​ការ​ទំនុក​ទើប​នឹង​ធ្វើ​    រៀប​ថ្ម​មាត់​ច្រាំង​តាំង​ពី​លើ​  កាប់​ឈើ​រើ​រៀប​ទៀប​ជលសា ។    បញ្ជា​ពី​ព្រះ​បាទ​នរោត្ដម​  សាង​ទុក​នៅ​ចំ​ជ្រោយ​ចង្វារ    គ្រាន់​នឹង​ឡើង​មើល​អស់​កិច្ច​ការ​  នោះ​ក៏​រាជ​ការ​ថែ​ប្រក្រតី ។    

(៣៥)  រៀប​ផ្ទះ​នាហ្មឺន​ផ្ទះ​អ្នក​ផ្សារ​  ផ្ទះ​អ្នក​ធម្មតា​ទ័ល​ក្រ​ក្រី    សម្អាត​ពុំ​ឱ្យ​មាន​អប្រិយ​  ចម្រើន​សិរី​ក្ដី​សុខា ។    ពួក​ឈ្មួញ​កប្បាស​ឈ្មួញ​នា​វា​  ទៅ​មក​នៅ​ជា​និច្ច​ធម្មតា    លក់​ដូរ​ទំនិញ​ដាក់​រាន​ផ្សារ​  សព្វ​គ្រប់​ប្រការ​រាល់​វេលា ។    ផ្សារ​នៅ​លើ​គោក​ក៏​សន្ធឹក​  ផ្សារ​ទូក​មាត់​ទឹក​ទី​នា​នា    ខ្លះ​រែក​ទូល​លក់​តាម​ផ្លូវ​ធា​  មាន​ជា​ដរាប​តែ​សព្វ​ថ្ងៃ ។    មនុស្ស​ឈឺ​គ្រូ​ពេទ្យ​មើល​រក្សា​  ពុំ​ឱ្យ​ពិការ​យូរ​រ៉ាំ​រ៉ៃ    ទោះ​បី​បើ​ដល់​ជីវិត​ក្ស័យ​  កែ​ខៃ​ឱ្យ​ស្រួល​ធាតុ​សង្ខារ ។    មើល​នោះ​ទទេ​ពុំ​យក​ថ្លៃ​  ពុំ​យក​កម្រៃ​ឱសថា    ដាច់​ខាត​ប៉ុន្មាន​ប្រាក់​រាជ​ការ​  មេត្តា​ជា​ទាន​ដោយ​អាល័យ ។    

(៤០)  សេនា​ទាហាន​មាន​គ្រប់​ដែន​  សុទ្ធ​សឹង​វ័យ​ខ្វែន​ចេះ​គុន​ស្រ័យ    ចេះ​បាញ់​ឱ្យ​ស្លាប់​កាប់​ឱ្យ​ក្ស័យ​  ចេះ​វាយ​បង្អន់​គ្រាន់​សួរ​ការណ៍ ។    ចាំ​ស្ទាត់​ប្រាកដ​ក្បួន​សង្រ្គាម​  ចាំ​មិន​ងីម​ងាម​កិច្ច​សោះ​សារ    ចាំ​របប​រៀប​រយ​ដោយ​ក្រឹត្យា​  ចាំ​ទាំង​សស្រ្តា​វុធ​នា​នា ។    ធ្លាប់​មាន​ថ្វី​ឫទ្ធ​មក​ច្រើន​ដង​  ពុំ​ក្រែង​ប្រឡង​ល្បែង​ឫទ្ធា    ពុំ​ថប់​ពុំ​ធុញ​ពុំ​រួញ​រា​  ពុំ​ជា​ទុរន់​ពុំ​ទន់​ទោរ ។    នរណា​ឃើញ​ហើយ​មុខ​គួរ​ខ្លាច​  នរណា​កោង​កាច​អាពា​លោ    នរណា​ពភ្លើ​ធ្វើ​លោភោ​  នរណា​មារ​មោហ​ទុក្ខា ។    ឱ្យ​ចាំ​ក្រវែល​គ្រប់​កន្លែង​  ការ​ក្រែង​សត្រូវ​មក​ឥច្ឆា    សង្កត់​មហា​ជន​ក្នុង​សីមា​  នោះ​នឹង​ប្រហារ​ក្ស័យ​ជន្មា ។    

(៤៥)  នគរ​បាន​សុខ​បាន​សប្បាយ​  បាន​ជន​ទាំង​ឡាយ​មូល​គ្នី​គ្នា    បាន​អស់​សត្រូវ​ពុំ​ពុះ​ពារ​  បាន​ជា​ពុំ​ខ្វល់​ដល់​បូរី ។    ដរាប​ដល់​ពុទ្ធ​សករាជ​គ្រាន់​  ពីរ​ពាន់​បួន​រយ​ហុក​សិប​ប្រាំ​បី    ឆ្នាំ​ឆ្លូវ​សប្ត​ស័ក​ប្រាកដ​ខ្មី​  ថ្លៃ​ពេញ​បូណ៌មី​វិសាខា ។    ស្ដេច​បាន​ពិនិត្យ​ឃើញ​សេច​ក្ដី​  ដែល​លោក​កុង្សីយ៍​អគ្គសេនា    ជំនុំ​នឹង​លោក​អ្នក​រាជ​ការ​  ដែល​ជួយ​រក្សា​ភព​ផែន​ដី ។    យល់​ថា​ប្រទេស​គេ​ទាំង​ឡាយ​  កិច្ចកល​ឧបាយ​គួរ​គប្បី​    ពុំ​សូវ​ខ្លៅ​ខ្លាំង​ទាំង​ប្រុស​ស្រី​  ព្រោះ​គេ​ឃ្មាត​ខ្មី​រៀន​រក្សា ។    តាំង​ពី​អាយុ​បួន​ប្រាំ​ឆ្នាំ​  ស្ដេច​លោក​ចំណាំ​ឱ្យ​សិក្សា    មាន​គ្រូ​បង្ហាញ​មាន​សាលា​  ឱ្យ​រៀន​អក្ខរា​សារ​សេច​ក្ដី ។    

(៥០)  រៀន​លេខ​នព្វន្ត​គន់​គុណ​ហារ​  រៀន​មើល​សាស្រ្តា​អត្ថ​បាលី    រៀន​ក្បួន​រៀន​ច្បាប់​សព្វ​សម្ដី​  ទាំង​ប្រុស​ទាំង​ស្រី​ច្រើន​ត្រៀប​ត្រា ។    ប្រុស​រៀន​ចម្បាំង​រវាំង​វៃ​  ពុំ​ឱ្យ​កើត​ភ័យ​ក្រៅ​តម្រា    រៀន​ខាង​តម្រិះ​គ្រប់​ប្រការ​  ថត​រូប​គូរ​ចារ​ឱ្យ​គប្បី ។    ជាង​ដែក​ជាង​ឈើ​ឆ្លាក់​ច្រើន​យ៉ាង​  ជាង​ទង​សំអាង​ជ្រលក់​ក្ដី​    ជាង​ស្មិត​សិត​ផ្សារ​ការ​ចាស់​ថ្មី​  ជាង​ដី​បាយ​អរ​ចរ​សិលា ។    រៀន​ដេក​រៀនដើរ​កុំ​សំកុក​  រៀន​ស៊ី​រៀន​ចុក​រៀន​ចរ​ចារ    រៀន​ដោះ​រៀន​ស្រាយ​អត្ថ​ប្រស្នា​  ឱ្យ​ឆ្លាត​ប្រាជ្ញា​យល់​សព្វ​សាយ ។    រៀន​អស់​កិច្ច​កល​ក្នុង​នាវា​  ឬ​ជា​រថ​ចក្រ​យន្ត​ហោះ​ឆ្ងាយ​    ឱ្យ​រៀន​ផែន​ទី​កល​ភិប្រាយ​  ការ​ក្រែង​អន្តរាយ​បង់​អាសារ ។    

(៥៥)  ធ្វើ​អ្វី​ឱ្យ​ស្អាត​ឱ្យ​ចំណាប់​  ឱ្យ​ល្អ​ឱ្យ​ឆាប់​ឱ្យ​ថ្លៃ​ថ្លា​    បើ​ខាង​តម្រិះ​តុលា​ការ​  ឱ្យ​មាន​មេត្តា​ត្រា​ប្រណី ។    ឱ្យ​ដឹង​ធ្ងន់​ស្រាល​ក្ដៅ​ត្រជាក់​  ឱ្យ​ដឹង​ធុរៈ​រឿង​អ្នក​ក្ដី​    ពិនិត្យ​ដោយ​សត្យ​កាត់​ពិន័យ​  រំពៃ​ថ្លឹង​ទោស​តាម​មាត្រា ។    គេ​ថា​ទើប​ថ្កើង​ឡើង​សក្តិយស​  ថ្កើង​កេរ្ត៍​ថ្កើង​ឈ្មោះ​ព្រោះ​សត្យា​    ថ្កើង​ពូជ​ពង្ស​ក្នុង​លោកា​  ថ្កើង​ទាំង​ប្រាជ្ញា​ថ្លា​ស្មារតី ។    បៀ​វត្ស​ប្រាក់​ខែ​កាន់​តែ​កើន​  ពុំ​បាច់​ក្រវើន​ទៅ​ធ្វើ​អ្វី​    ឱ្យ​មាន​និន្ទា​ជា​អប្រិយ​  កើត​ក្ដី​ដំនៀល​ដល់​អាត្មា ។    រៀន​ខាង​យក​ពន្ធ​ឱ្យ​គប្បី​  កុំ​ស្ដី​យក​លើស​ពី​អាជ្ញា​    កុំ​លួច​កុំ​លាក់​ប្រាក់​រាជ​ការ​  ទើប​ឡើង​សក្ដា​ថ្លា​សិរី ។    

(៦០)  តែ​លួច​ប្រៀប​ដូច​ជា​ដែក​ដុំ​  ទោះ​បី​តូច​ធំ​ធ្លាក់​កប់​ដី​    ធ្លាក់​ក្នុង​ជលធី​ទី​អប្រិយ​  ឥត​បី​ដែក​ណា​អណ្ដែត​បាន ។    ពុក​ផុយ​រលេះ​នឹង​ច្រែះ​ចាប់​  អន្តរាយ​ឆាប់​ៗ​ខូច​មិន​ខាន​    អស់​ទៅ​ពុំ​សូវ​នៅ​ប៉ុន្មាន​  ឥត​គេ​រាប់​អាន​យក​ធ្វើ​អ្វី ។    រៀន​ខាង​ចំណេះ​អ្នក​ជំនួញ​  ដែល​ជួញ​លក់​ដូរ​ជា​ប្រក្រតី​    ឱ្យ​មាន​គំនិត​គិត​ប្រណី​  ទើប​គេ​មេត្រី​ច្រើន​ភាសា ។    ទិញ​មក​តាម​ថោក​លក់​តាម​ថ្លៃ​  ដែល​យក​កម្រៃ​ឱ្យ​គួរ​ការ    ថ្លឹង​វាល់​ឱ្យ​គ្រប់​កុំ​មុសា​  ទើប​គេ​ស្នេហា​ត​វែង​ឆ្ងាយ ។    រៀន​ខាង​ពេទ្យ​ហ្ម​មើល​ជំងឺ​  អ្នក​ឈឺ​ដាក់​ថ្នាំ​ឱ្យ​រសាយ​    ឱ្យ​សះ​ឱ្យ​ជា​ឱ្យ​សប្បាយ​  ឱ្យ​ខ្វល់​ឱ្យ​ខ្វាយ​ថែ​រក្សា ។    

(៦៥)  ស្រី​រៀន​តម្រិះ​ខាង​នារី​  រៀន​ត្បាញ​ប៉ាក់​ភ្ញី​ជរ​ក្រឡា​    ជ្រលក់​ផ្លាស់​ពណ៌​ល្បើក​លើក​ផ្កា​  ដេរ​ជុល​វត្ថា​ការ​ទាំង​ឡាយ ។    រៀន​ធ្វើ​ម្ហូប​នូវ​ចំណី​  បែប​ចាស់​បែប​ថ្មី​ពី​ស៊ី​បាយ​    ធ្វើ​នំ​ច្រើន​យ៉ាងបែបលែប​ខាយ​  ប្រិត​ប្រាយ​ប្លែក​ៗ​ឯក​អាហារ ។    រៀន​ខាង​ទុក​ដាក់​រៀប​តាក់​តែង​  នាទី​កន្លែង​អង្គ​អាត្មា​    និង​ទ្រព្យ​របស់​គ្រប់​ប្រការ​  ឱ្យ​ថែ​រក្សា​ខំ​ឃ្មាត​ខ្មី ។    ឱ្យ​គង់​ឱ្យ​ស្អាត​កុំ​ឱ្យ​ហ្មង​  ដុស​ខាង​ទ្រព្យ​ផង​ទោះ​ចាស់​ថ្មី​    តែ​ធ្វេស​ប្រហែស​ភ្លេច​ស្មារតី​  ទ្រព្យ​អ្វី​នឹង​ខូច​ខាត​អសារ ។    ដល់​រៀន​ចំណាំ​ចាំ​ចេះ​ជោក​  ចូល​ដេញ​ប្រយោគ​ល្បង​ប្រាជ្ញា​    បាន​សញ្ញា​បត្រ​មក​កាល​ណា​  ទើប​ចេញ​ធ្វើ​ការ​ទាំង​ប្រុស​ស្រី ។    

(៧០)  ផល​ដែល​បាន​រៀន​ហើយ​ចេះ​ដឹង​  នាំ​មាន​ដំណឹង​ប្រឹង​ឃ្មាត​ខ្មី​    នាំ​ឱ្យ​បាន​ជឿន​តឿន​ស្មារតី​  ធ្វើ​អ្វី​ចម្រើន​កើន​អាត្មា ។    បាន​ទ្រព្យ​របស់​អស់​ស្ថាន​  អ្នក​ផង​រាប់​អាន​មាន​មេត្តា    ឱ្យ​ផល​ប្រយោជន៍​ដូច​ប្រាថ្នា​  ជា​ទី​សង្សារ​ឥត​សង្ស័យ ។    បាន​ជា​ប្រទេស​គេ​ច្រើន​ថ្កើង​  គេ​ចេះ​តែ​ឡើង​មាន​កម្រៃ​    របស់​អ្វី​យ៉ាង​ថោក​លក់​បាន​ថ្លៃ​  ព្រោះ​មាន​បច្ច័យ​ដូច្នេះ​ណា ។    ហេតុ​នេះ​រាជ​ការ​បារាំង​សែស​  ពុំ​មាន​ប្រហែស​ធ្វេស​កិច្ចការ​    មាន​ចិត្ត​អាណិត​គិត​មេត្តា​  អស់​អ្នក​ខេមរា​យើង​នេះ​ខ្មី ។    មាន​ពូជ​ជា​មនុស្ស​អ្នក​ចេះ​ដឹង​  ដំណើរ​ដំណឹង​រឿង​អ្វី​ៗ​    ទោះ​រឿង​បរលោក​រឿង​លោកិយ​  អតីត​ជាតិ​មក​ក្ដី​ណា ។    

(៧៥)  ព្រោះ​មាន​ក្បួន​ច្បាប់​សព្ទ​សម្ដី​  សាស្រ្តា​បាលី​គ្រូ​អាចារ្យ    ជាតិ​ជា​ភូមិ​ប្រាជ្ញ​អាច​ឧស្សាហ៍​  ត្រិះ​រិះ​កិច្ចការ​គ្រប់​តំណែង ។    ចេះ​សាង​ប្រាសាទ​សុទ្ធ​សាច់​ថ្ម​  ខ្ពស់​ខ្ពង់​ទ្រង់​ល្អ​ធំ​ចិញ្ចែង​    ថ្កល់​ក្នុង​នគរ​ច្រើន​កន្លែង​  ឆ្លាក់​ប្លែង​ក្បូរ​ក្បាច់​សាច់​សិលា ។    ក្បាច់​ទិព្វ​ក្បាច់​ទេស​ក្បាច់​ភ្ញី​វល្លិ​  ក្បាច់​សត្ត​និករ​ក្បាច់​ទេព្ដា​    ក្បាច់​ជា​រូប​មនុស្ស​រូប​យក្សា​  ស្រទាប់​បុប្ផា​ល្បក់​លក់​លាយ ។    ជើង​ទៀន​ក្រឡឹង​យ៉ាង​ថ្លោស​ៗ​  ជើង​កោស​ខ្នក់​ខ្និច​ពេជ្រ​រិច​ជាយ​    ជុំ​វិញ​កំផែង​តែង​បន្ទាយ​  រៀង​រាយ​របៀប​រៀប​សម​សួន ។    ឆ្លាក់​ថ្ម​មិន​ហាក់​អ្នក​ឆ្លាក់​ថ្ម​  ឆ្លាក់​ល្អ​វិស័យ​ឆ្លាក់​ក្រមួន​    ឆ្លាក់​នោះ​ស្អាត​ណាស់​ពេញ​សម​សួន​  មុខ​គួរ​ថែ​ថួន​​រៀន​រក្សា ។    

(៨០)  ជីក​ជា​កសិណ​វែង​លលេ​  ប្រប​ឆ្នេរ​របៀប​រៀប​រចនា    ថ្នល់​ស្ពាន​ឆ្លះ​ឆ្លង​ទឹក​រង​ថ្លា​  បក្សី​មច្ឆា​គ្មាន​ខ្វះ​អ្វី ។    នាម​នគរ​វត្ត​ប្រាកដ​ជាក់​  ជា​ទី​សម្នាក់​ពឹង​បារមី​    តម្កល់​ក្បួន​ច្បាប់​សព្ទ​សម្ដី​  គម្ពីរ​បាលី​គ្រប់​ប្រការ ។    ហើយ​នឹង​ព្រះ​កែវ​សឹង​មក៌ត​  កំណត់​មាន​ទាំង​ទី​សាលា    សម្រាប់​ទុក​ឱ្យ​អស់​កុមារ​  រៀន​គ្រប់​ប្រការ​ជា​ប្រក្រតី ។    រាជ​វាំង​ស្ដេច​គង់​ទ្រង់​ស្អាង​ស្អាត​  ប្រាសាទ​សឹង​ច្រើន​ល្អ​ណាស់​ខ្មី    ជា​ទី​ប្រជុំ​មុខ​មន្រ្តី​  កវី​បណ្ឌិត​ព្រឹទ្ធា​ចារ្យ ។    ព្រះ​នាម​ឈ្មោះ​ហៅ​នគរ​ធំ​  ទី​ព្រំ​កំផែង​តែង​តាម​ការ​    មួន​មាំ​យ៉ាង​ឯក​ប្លែក​នេត្រា​  គ្មាន​ឆ្គង​ត្រង់​ណា​សារ​សោភី ។    

(៨៥)  ប្រាសាទ​ប្រាំ​មួយ​ល្អ​សន្ធោ​  តម្កល់​ព្រះ​គោ​សំ​ឫទ្ធី​    និង​ក្បួន​តម្រា​ច្រើន​គម្ពីរ​  និត្យ​នៅ​នាទី​លើ​ប្រាង្គ​ប្រា ។    ឆ្លាក់​រូប​គោ​ថ្ម​ល្អ​យ៉ាង​ឯក​  តំណែង​ប្លែក​ៗ​ជា​បរិវារ​    ដាក់​ខាង​ប្រាសាទ​រតន៍​រេខា​  មុខ​គួរ​ស្នេហារ​ពន់​ពេក​ក្រៃ ។    ធ្វើ​ដេក​ធ្វើ​ដើរ​ធ្វើ​រក​ស៊ី​  ធ្វើ​កៀង​កាល់​ញី​ដោយ​ព្រៃ​ផ្សៃ    ធ្វើ​ហាក់​បោល​រត់​សុទ្ធ​វិស័យ​  ធ្វើ​ពី​សម័យ​កាល​នោះ​ណា ។    ប្រាសាទ​មួយ​នោះ​ខ្ពស់​សោត​សល់​  សម្រាប់​តម្កល់​ព្រះ​ខន្ធ​ថ្លា    រាជ​ទ្រព្យ​ប្រាំ​យ៉ាង​នេះ​សោត​ណា​  មង្គល​ថ្លៃ​ថ្លា​លើស​អ្វី​ៗ ។    តាំង​តែ​ពី​ព្រះ​កេតុ​មាលា​  ស្ដេច​សោយ​រាជ្យ​ជា​ម្ចាស់​ផែន​ដី​    គង់​ប្រាសាទ​ថ្ម​ករ​ពី​ថ្មី​  ឥត​បី​នរណា​មក​ស្មើ​បាន ។    

(៩០)  បើ​ស្ដេច​អផ្សុក​ក្នុង​ព្រះ​ទ័យ​  ចង់​ប្រពាស​ព្រៃ​នៃ​ដែន​ដាន​    នោះ​មាន​ឧទ្យាន​ក្រៅ​រាជ​ស្ថាន​  សម្រាប់​ស្ដេច​ថ្កាន​ក្សាន្ត​ចិន្ដា ។    ជីក​ជា​បារាយណ៍​មួយ​ធំ​ក្រៃ​  ជល​ស័យ​លន្លាម​ហើយ​រង​ថ្លា    ចិញ្ចឹម​មច្ឆោ​នូវ​មច្ឆា​  បក្សី​បក្សា​ច្រើន​គណនា ។    ទុក​គោក​ជា​កោះ​នៅ​កណ្ដាល​  គ្រាន់​ស្ដេច​ក្រសាល​ឆ្លង​នាវា    ទៅ​កោះ​មាន​ស្រះ​មាន​គង្គា​  មាន​ជា​ថ្នល់​ស្ពាន​ក្នុង​ស្រះ​ស្រង់ ។    កំផែង​ខ្លោង​ទ្វារ​សុទ្ធ​ថ្ម​ដា​  រចនា​ក្បាច់​ក្បូរ​ល្អ​បញ្ចង់    ធ្វើ​ពទ្ធ​មាត់​ស្រះ​ក្រាស់​ត្រឹម​ត្រង់​  សម្រាប់​ព្រះ​អង្គ​ទត​មច្ឆា ។    មាត់​ច្រាំង​បារាយណ៍​នោះ​លើក​ថ្នល់​  ខ្ពស់​សល់​ដាំ​អស់​ដើម​ព្រឹក្សា    សឹង​តែ​មាន​ផល​មាន​បុប្ផា​  រសជាតិ​ពិសា​គួរ​អាស្រ័យ ។    

(៩៥)  ចិញ្ចឹម​អម្រឹគ​ផង​សោភី  និត្យ​នៅ​នាទី​នោះ​ច្រើន​ក្រៃ    អ្នក​ផង​ពុំ​ហ៊ាន​ចាប់​អាស្រ័យ​  សម្រាប់​ក្សត្រ​ថ្លៃ​ទត​កម្សាន្ត ។    សួយ​សារ​អាករ​បរិបូណ៌​ណាស់​  គ្មាន​ទ័ល​គ្មាន​ខ្វះ​គ្មាន​រំខាន    គ្មាន​ភិត​គ្មាន​ភ័យ​អ្វី​ប្រមាណ​  ក្សេម​ក្សាន្ត​អនេក​ឯក​រាជា ។    ពួក​ខ្ញុំ​រាជការ​ក៏​សប្បាយ​  សម្បូណ៌​ធូ​ចាយ​គ្រប់​មុខ​ងារ    ទោះ​រាស្រ្ត​ទាំង​ពួង​ផង​នានា​  សុខ​សាន្ត​រាល់​គ្នា​ទាំង​ប្រុស​ស្រី ។    ដោយ​បុណ្យ​ក្សត្រ​ទ្រង់​ទសពិធ​  តាំង​ពី​អតីត​ដល់​លោកិយ    មាន​ព្រះ​ប្រាជ្ញា​ការ​ផែន​ដី​  សត្រូវ​អប្រិយ​ចៀស​ចេញ​ឆ្ងាយ ។    បាន​ជា​មហា​ជន​ក្នុង​នគរ​  ពុំ​កើត​វឹក​វរ​ភ័យ​អន្តរាយ    រក​ស៊ី​រក​ចុក​សុខ​សប្បាយ​  ពុំ​សូវ​ក្រហាយ​ក្នុង​ចិន្ដា ។    

(១០០)  មួយ​ទៀត​ព្រំ​នគរ​បូរី​  ទូលាយ​ផែន​ដី​ធំ​ក្ដាត់​ណា    អ្នក​ផង​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​  បាន​ផលា​ហារ​គ្មាន​ខ្វះ​អ្វី ។    នទី​ផែន​ទឹក​ច្រើន​កន្លែង​  ស្ទឹង​ព្រែក​អូរ​ខ្វែង​ក្នុង​ផែន​ដី    និង​ថ្លុក​ត្រពាំង​បឹង​ផង​ខ្មី​  ទន្លេ​មាន​ត្រី​ច្រើន​គណនា ។    ទន្លេ​សាប​មួយ​ធំ​ចំហុត​  វិស័យ​សមុទ្រ​សាគរា    មាន​អស់​មច្ឆា​ក្នុង​គង្គា​  ច្រើន​ក្រៃ​មហិមា​ជា​ប្រក្រតី ។    អណ្ដើក​កន្ធាយ​ត្រសៃ​ផង​  ក្រពើ​ទន្សង​អន្ទង់​ក្ដី    បង្កង​កំពឹស​ព្រោន​អ្វី​ៗ​  នៅ​លាយ​នឹង​ត្រី​គ្រប់​ប្រការ ។    ក្ដាម​ខ្យង​នឹង​ខ្ចៅ​ចំពុះ​ទា​  លៀស​គ្រុំ​នា​នា​ជា​ធម្មតា    ពហូវ​ជាតិ​សត្វ​ក្នុង​ជលសា​  ទីណា​សឹង​មាន​ច្រើន​ណាស់​ខ្មី ។    

(១០៥)  ច្រើន​ក្រៃ​លែង​ច្រើន​ពន់​ប្រមាណ​  ច្រើន​រាប់​ពុំ​បាន​ជា​នាម​អ្វី    បើ​ស្មាន​គិត​វាល់​ទឹក​និង​ត្រី​  ត្រី​មួយ​ទឹក​បី​ប្រហែល​ខ្លះ ។      ហើយ​មាន​កន្លែង​វាល​ស្រងែ​  ឈើ​វល្លិ​បន្លែ​ច្រើន​ក្រៃ​ក្រាស់    សត្វ​ហើរ​ពង​កូន​ក៏​ច្រើន​ណាស់​  ពុំ​ឈ្នះ​នឹង​ប្រៀប​ធៀប​សេច​ក្ដី ។    មិន​តែ​ទន្លេ​សាប​មួយ​ទេ​  បឹង​ស្ទឹង​ទន្លេ​ក្នុង​ផែន​ដី    ធំ​តូច​នោះ​ច្រើន​សឹង​មាន​ត្រី​  និង​សត្វ​បក្សី​ព្រៃ​ព្រឹក្សា ។    ប្រហែល​ទន្លេ​សាប​នោះ​ដែរ​  មាន​មក​តាំង​តែ​យូរ​វស្សា    ជា​កេរ្ត៍​ដំណែល​អ្នក​ខេមរា​  ព្យាបាល​ដរាប​រៀង​មក​ថ្មី ។    បើ​ទៅ​នេសាទ​សត្វ​សន្ធឹក​  លើ​ដី​ក្នុង​ទឹក​ទី​ណា​ក្ដី    មច្ឆា​អម្រឹគ​និង​បក្សី​  ឆាប់​បាន​មក​ខ្មី​ធ្វើ​ភោក្ដា ។    

(១១០)  សត្វ​ច្រើន​ក្រៃ​លែង​ពន់​ប្រមាណ​  ច្រើន​ឈើ​ស្ម​សាន​ច្រើន​លតា    ច្រើ​ន​ទាំង​ជ្រលង​ទីបព្វតា​  ច្រើន​នោះ​ហៅ​មហា​ច្រើន​ក្រាស់​ក្រៃ ។    ទី​ប្រាក់​ទី​មាស​ត្បូង​យ៉ាង​ល្អ​  ទី​ស្ពាន់​សំណ​ថ្ម​ចរណៃ    ថ្ម​កែវ​ក្រួស​ដែក​ក្នុង​ព្រៃ​ផ្សៃ​  យ៉ាង​ថោក​យ៉ាង​ថ្លៃ​ច្រើន​ប្រការ ។    អ្នក​ផង​ចង់​បាន​ដើរ​ទៅ​រក​  ចេះ​តែ​មាន​មក​ដូច​ប្រាថ្នា    លក់​ជា​សម្រស់​របស់​អាត្មា​  ឱ្យ​តែ​ឧស្សាហ៍​គ្មាន​ខ្វះ​អ្វី ។    អ្នក​មាន​តម្រិះ​មាន​ប្រាជ្ញា​  អ្នក​ជាង​ធ្វើ​ការ​សារពើ​ក្ដី    អ្នក​មាន​ជំនួញ​ក្នុង​ផែន​ដី​  ច្រើន​ណាស់​ឥត​បី​នឹង​គណនា ។    ចម្រើន​ទ្រព្យ​ធន​ពន់​ប្រមាណ​  ពុំ​សូវ​រំខាន​រាល់​គ្នី​គ្នា    បើ​ក្រ​គ្រាន់​តែ​តិច​ទ្រព្យា​  មិន​ជា​អត់​ឃ្លាន​គ្មាន​ភោក្ដា ។    

(១១៥)  គង់​មាន​ស៊ី​បាយ​ចាយ​ស្លៀក​ពាក់​  ពុំ​សូវ​តត្រាក់​អន្ទះ​សា    ព្រោះ​ស្រុក​សុខ​សាន្ត​បាន​ធ្វើ​ការ​  ទៅ​រក​ត្រង់​ណា​បាន​ដូច​ប៉ង ។    អំណើះ​រាជ្យ​ក្រោយ​គ្រោះ​រដ្ឋា​  កើត​មនុស្ស​មោហា​ច្រើន​កន្លង    ក្នុង​ដែន​ក្រៅ​ដែន​ប៉ះ​គឹក​កង​  សង្កត់​អ្នក​ផង​យក​ទ្រព្យា ។    អស់​ខ្ញុំ​រាជ​ការ​និង​មហា​ក្សត្រ​  ឱ្យ​លើក​ទ័ព​ស្កាត់​ច្បាំង​រាំង​រា    ត​ឫទ្ធិ​ដំ​បះ​ពុំ​ឈ្នះ​វា​  ចូល​លុក​ក្នុង​នាទី​ក្រុង​ក្រៃ ។    ទាំង​ស្ដេច​នាម៉ឺន​រាស្រ្ត​ជិត​ឆ្ងាយ​  ភ័យ​រត់​ខ្ចាត់​ខ្ចាយ​ដោយ​ព្រៃ​ផ្សៃ    រី​ព្រះ​រាជ្យ​ទ្រព្យ​ទោះ​ថោក​ថ្លៃ​  បាន​ដៃ​សត្រូវ​ទៅ​អសារ ។    យក​ទាំង​គម្ពីរ​អត្ថ​បាលី​  ក្បួន​ច្បាប់​អ្វី​ៗ​ច្រើន​ប្រការ​    ព្រះ​គោ​ព្រះ​កែវ​ស្ដម្ភ​រដ្ឋា​  យក​ព្រះ​រូបា​ចេញ​ចាក​ស្ថាន ។    

(១២០)  ទាំង​ស្ដេច​នាម៉ឺន​រាស្រ្ត​ប្រជា​  ច្បាំង​យក​ទ្រព្យា​វិញ​ពុំ​បាន​    កន្លង​ច្រើន​រាជ្យ​ពន់​ប្រមាណ​  ខាត​ខាន​រៀន​សូត្រ​មក​យូរ​ក្រៃ ។    បាន​ជា​ខេមរា​អូន​តម្រិះ​  ដែល​នៅ​ដឹង​ចេះ​ខ្លះ​សព្វ​ថ្ងៃ​    ចេះ​គ្រាន់​តែ​រក​មក​អាស្រ័យ​  ពុំ​សូវ​ថ្លា​ថ្លៃ​ដូច​បូរាណ ។    បើ​ទុក​ជា​មាន​ក៏​មាន​តិច​  បើ​ចេះ​ភារកិច្ច​មិន​ប្រមាណ​    បើ​ទុក​ជា​រៀន​ពុំ​សូវ​បាន​  ព្រោះ​ពុំ​សុខ​សាន្ត​ក្នុង​ភព​ការ ។    តាំង​ពី​រាជ​ការ​បារាំង​សែស​  ពុំ​ធ្វេស​ប្រហែស​ជួយ​រាំង​រា​    អស់​ទាំង​សត្រូវ​ផង​នា​នា​  ពុំ​ហ៊ាន​ពុះ​ពារ​មក​ឥច្ឆា ។    មិន​ន្រឹម​តែ​ជួយ​ការ​បូរី​  និង​រៀប​ទឹក​ដី​ប៉ុណ្ណោះ​ណា​    គិត​ទាំង​ជួយ​សាង​សង់​សាលា​  ជ្រើស​គ្រូ​អាចារ្យ​ចេះ​អធិប្បាយ ។    

(១២៥)  ឱ្យ​ចាំ​បង្រៀន​អស់​កុមារ​  ឱ្យ​ចេះ​កិច្ច​ការ​រាល់​រាង​កាយ​    ក្នុង​ក្រុង​ក្រៅ​ក្រុង​ផង​ទាំង​ឡាយ​  ឱ្យ​ដឹង​សព្វ​សាយ​ក្នុង​សីមា ។    ព្រះ​បាទ​ស៊ី​សុវត្ថិ​ខត្តិ​យវង្ស​  ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ​    ព្រះ​ទ័យ​ត្រេកអរ​សោមនស្សា​  ព្រម​តាម​រាជ​ការ​ថ្វាយ​សេច​ក្ដី ។    ទ្រង់​ឡាយ​ព្រះ​ទាន​ឱ្យ​ចាត់​ចែង​  ឱ្យ​ធ្វើ​តំណែង​សា​លា​ថ្មី​    ឱ្យ​ច្រើន​បែប​យ៉ាង​ក្នុង​បូរី​  ឱ្យ​គួរ​មេត្រី​ចូល​សិក្សា ។    ដែល​ធ្វើ​បាន​រួច​ខ្លះ​ទៅ​មែន​  គ្រប់​ដែន​ដី​ក្រុង​ស្រែ​ចម្ការ​    ទើប​បាន​តែ​ឱ្យ​រៀន​អក្ខរា​  និង​លេខ​សាស្រ្តា​អត្ថ​បាលី ។    ឥឡូវ​អាគ្នេយ៍​ព្រះ​រាជ​វាំង​  ទើប​តាំង​សាង​សង់​សា​លា​ថ្មី​    ជា​ទី​កន្លែង​តែង​ធ្វើ​អ្វី​  ល្អះ​ល្អ​ឥត​បី​បើ​ឧប​មេយ្យ ។    

(១៣០)  មណ្ឌល​ទ្រនង្គ​ទ្រង់​សង្ហា​  ឈ្មោះ​ថា​ព្រះ​រាជ​បណ្ណាល័យ​    តម្កល់​ក្បួន​ច្បាប់​សព្វ​សាសន៍​សៃយ ​  មាន​រឿង​ច្រើន​ក្រៃ​ក្នុង​នោះ​ណា  ។    រឿង​ពី​អតីត​មក​ក៏​មាន​  និទាន​បច្ចុប្បន្ន​នេះ​ក៏​ថា​    អនាគត​កាល​ក៏​ចរ​ចា​  សម្រាយ​សាស្រ្តា​អត្ថ​បទ​បាលី ។    មួយ​ទៀត​ទ្រង់​សក្ដិ​ហាក់​មហា​កាល ​  ឈ្មោះ​រដ្ឋបាល​នោះ​គប្បី    មាន​ច្បាប់​សម្រាប់​ក្នុង​ផែន​ដី​  រៀន​ធ្វើ​មន្រ្តី​តុលា​ការ ។    ឧត្ដរ​រាជ​វាំង​សាល​ធំ​សល់​  តម្កល់​ក្បាច់​ថ្ម​ពី​បូរាណ៍​    សន្មត​នាម​ឈ្មោះ​ហៅ​សាលា​  សារ​មន្ទីរ​វិសេស​ក្រៃ ។    តាំង​គ្រឿង​មាស​ប្រាក់​សំឫទ្ធិ​  ប្រដាប់​មុនី​រតន៍​ចរណៃ​    នូវ​អស់​ពី​ស្រ្តា​ផ្កា​របៃ​  ទ្រព្យ​មាន​តម្លៃ​គួរ​ស្នេហា ។    

(១៣៥)  បស្ចិម​ជិត​គ្នា​នោះ​ប្រាកដ​  កំណត់​ហៅ​សា​លា​រចនា​    មាន​គ្រូ​បង្ហាញ​រៀន​ធ្វើ​ការ​  ឱ្យ​បែក​ប្រាជ្ញា​ទាំង​ប្រុស​ស្រី ។    ប្រុស​រៀន​តម្រិះ​ខាង​ការ​ប្រុស​  ឱ្យ​ដឹង​សាយ​សុស​បែប​ចេះ​ថ្មី​    ជាង​ទង​ជាង​ស្មិត​សិត​អ្វី​ៗ​  គូរ​ក្ដី​ឆ្លាក់​ក្ដី​ច្រើន​ប្រការ ។    ក្រឡឹង​ប្រដាប់​យ៉ាង​ប្លែក​ៗ​  ជាង​ដែក​សូន​រូប​ជាប់​យ៉ាង​ណា​    មាន​ព្រម​តាម​ចិត្ត​ប៉ង​ប្រាថ្នា​  ឱ្យ​តែ​ឧស្សាហ៍​រៀន​ចុះ​ខ្មី ។    បើ​ស្រី​រៀន​ខាង​ការ​នារី​  រៀន​ត្បាញ​ប៉ាក់​ភ្ញី​ដេរ​ជុល​ក្ដី​    មាន​ទី​ដោយ​ខ្លួន​ខាង​ស្រី​ៗ​  ប្រណី​រៀប​ឱ្យ​ដោយ​គួរ​ការ ។    ធ្វើ​សាល​នោះ​នឹង​ស៊ីម៉ង់ត៍​ល្អ​  នឹង​ឥដ្ឋ​នឹង​ថ្ម​នឹង​ដែក​ជា​    ក្រួស​ខ្សាច់​និង​ឈើ​យ៉ាង​ខ្លឹម​សារ​  តាម​ជាង​រចនា​ហត្ថា​ថ្មី ។    

(១៤០)  ក្បាច់​ក្បូរ​កំពូល​ហាក់​ប្រាសាទ​  ស្អាត​ក្រៃ​លែង​ស្អាត​គ្មាន​សល់​អ្វី​    មួន​មាំ​ចម្លែក​ឯក​ដែន​ដី​  គប្បី​ទាំង​អស់​ស្រស់​ថ្លៃ​ថ្លា ។    ខាង​មុខ​កម្រាល​ក្រាល​ឥដ្ឋ​ពណ៌​  លម្អ​មាន​ជរ​មាន​ក្រឡា​    ឆ្វាយ​ឆ្វាក់​ប្រទាក់​ទង​ភ្ញី​ផ្កា​  ពាស​ពេញ​សា​លា​គ្មាន​ចន្លោះ ។    របៀប​រៀប​រយ​ដោយ​កន្លែង​  ទំនង​តំណែង​ល្អ​ទាំង​អស់​    ពុំ​មាន​អាក្រក់​បន្តិច​សោះ​  សុទ្ធ​សឹង​របស់​ក្នុង​រាជ​ការ ។    ទូ​តូច​ទូ​ធំ​ដាក់​សៀវ​ភៅ​  ក្បួន​ច្បាប់​និត្យ​នៅ​ទី​នោះ​ណា​    ប្រដាប់​សរ​សេរ​និង​ធ្វើ​ការ​  មាន​ជា​ធម្មតា​គ្មាន​ខ្វះ​អ្វី ។    ហើយ​មាន​ទាំង​តុ​ទាំង​ជើង​ម៉ា​  តម្រៀប​ត្រៀប​ត្រា​គ្រែ​កៅ​អី​    សម្រាប់​ទុក​ប្រើ​ជា​ប្រក្រតី​  ពុំ​ឱ្យ​អប្រិយ​ក្ដី​សៅហ្មង ។    

(១៤៥)  នាទី​ជិត​ខាង​របៀង​សា​លា​  សឹង​សួន​បុប្ផា​ជុំ​វិញ​ផង​    ក្លាយ​ក្លិន​ពិដោរ​មក​ម្ដង​ៗ​  មុខ​គួរ​ស្នេហ៍​ស្នង​ចង​ចិន្ដា ។    ហើយ​ឱ្យ​មាន​អ្នក​នៅ​ថែ​ទាំ​  បោស​ជូត​រៀប​ចំ​គ្រប់​សា​លា​    រី​ឯ​លោក​គ្រូ​អាចារ្យ​  នៅ​ប្រចាំ​ការ​ប្រៀន​សព្វ​ថ្ងៃ ។    ល្អ​នោះ​ហៅ​ល្អ​ក្រ​មាន​យ៉ាង​  រាជ​ការ​ស្អិត​ស្អាង​ល្អ​ពេក​ក្រៃ    ល្អ​ស្រស់​របស់​មាន​តម្លៃ​  ល្អ​ស្រួល​អាស្រ័យ​ទី​នោះ​ណា ។    ទុក​ឱ្យ​សមណៈ​និង​មហា​ជន​  ទុក​ដូច​ឱ្យ​ធន​យស​សក្ដា​    ទុក​ទី​រា​ជា​នុ​វង្សា​  ទុក​ឱ្យ​សេវកា​មាត្យ​មន្រ្តី ។    នៅ​សល់​កុមារ​ផង​ទាំង​ឡាយ​  រាល់​រូប​រាង​កាយ​ទោះ​ប្រុស​ស្រី​    កំលុង​ក្នុង​នាទី​បូរី​  ដែន​ដី​នគរ​កម្ពុជា ។    

(១៥០)  ដែល​ពុំ​ទាន់​ដឹង​រឿង​គង់​ការ​  និង​អង្គ​អក្ខរា​លេខ​នា​នា​    បើ​ចង់​រៀន​សូត្រ​រាល់​គ្នី​គ្នា​  រាជ​ការ​អា​ធារ​ជា​ប្រក្រតី ។    ហេតុ​នេះ​គួរ​តែ​ចង់​ចេះ​ដឹង​  គួរ​ប្រឹង​សង្វាត​ខំ​ឃ្មាត​ខ្មី​    គួរ​ចូល​ទៅ​រៀន​ទើប​គប្បី​  គួរ​អី​រៀន​ទៅ​តាម​ត្រូវ​ការ ។    នឹង​បាន​ភ្លឺ​ដឹង​សព្វ​សេច​ក្ដី​  ភ្លឺ​ដូច​រស្មី​កែវ​មុក្ដា​    ភ្លឺ​ច្បាស់​ប្រាកដ​នឹង​នេត្រា​  ភ្លឺ​ថ្លា​ដួង​ចិត្ត​ឥត​សង្ស័យ ។    តែ​ឃើញ​រឿង​ច្រើន​កើន​តម្រិះ​  តែ​ចេះ​ការ​ច្រើន​ជា​បច្ច័យ​    តែ​ចូល​រៀន​សូត្រ​រាល់​ខែ​ថ្ងៃ​  ដូច​ច្នៃ​ត្បូង​ពេជ្រ​លេច​រស្មី ។    នឹង​បាន​សម្បត្តិ​សម្បូណ៌​យស​  នឹង​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពស់​ឮ​ល្បី​    នឹង​មាន​ប្រាជ្ញា​ពី​លោកិយ​  នឹង​មាន​សិរី​សួស្ដី​ប្រាណ ។    

(១៥៥)  និទាន​ដូច​មាន​ខាង​លើ​នេះ​  បើ​ពុំ​រៀន​រិះ​តាម​លំអាន​    ទោះ​ខំ​រក​ស៊ី​ពុំ​សូវ​បាន​  រំខាន​ទី​ទ័ល​ខ្វល់​ក្នុង​កាយ ។    បាន​ដែរ​ប៉ុន្តែ​រក​បាន​តិច​  ព្រោះ​ធ្វេស​រៀន​កិច្ចការ​សព្វ​សាយ​    មិន​ស្មើ​នឹង​អ្នក​ចេះ​ឧបាយ​  ពុំ​សូវ​ធូរ​ចាយ​ដូច​គេ​ឡើយ ។    អ្នក​យស​ឥត​សក្ដិ​ឥត​លក្ខណា​  ឥត​អស់​ប្រាជ្ញា​សូន្យ​សោះ​ហើយ​    ឥត​ស្រាក​លំបាក​ពុំ​មាន​ស្បើយ​  ឥត​ល្ហើយ​ជា​ទុក្ខ​គ្រប់​ប្រការ ។    មួយ​គួរ​គិត​គុណ​ព្រះ​រតន​ត្រៃ​  ពីរ​គុណ​ក្សត្រ​ថ្លៃ​ទ្រង់​ករុណា​    បី​គុណ​អស់​លោក​អ្នក​រាជ​ការ​  បួន​គ្រូ​អាចារ្យ​អង្គ​អធិប្បាយ ។    បំណាច់​ដែល​លោក​មាន​សប្បុរស​  សាង​ទុក​របស់​ច្បាប់​បរិយាយ​    ឱ្យ​យើង​រៀន​ដឹង​ត​វែង​ឆ្ងាយ​  រក្សា​រូប​កាយ​គ្រប់​អាត្មា ។    

(១៦០)  គុណ​នោះ​វិសេស​ប្រសើរ​ក្រៃ​  តម្លៃ​គ្មាន​អ្វី​ប្រៀប​ឧបមា​    រី​គុណ​បិតា​និង​មាតា​  មាន​ច្រើន​ប្រការ​ដោយ​សោះ​ឋាន ។    និង​ដឹងសព្វ​គុណ​ផង​នា​នា​  ដែល​ជា​ចម្រើន​យើង​ក្សេម​ក្សាន្ត​    ក៏​ត្រូវ​រំឭក​នឹក​កុំ​ខាន​  រាប់​អាន​ស្មោះ​ស្មគ្រ​រួម​រក្សា ។    ភាវ​នា​ព្រះ​ធម៌​ប្រុង​វិញ្ញាណ​  សាង​សីល​សាង​ទាន​មាន​មេត្តា​    កុំ​សាង​ទុច្ចរិត​ចិត្ត​មោហា​  ក្លៀវ​ក្លា​បៀត​បៀន​គេ​អន្តរាយ ។    កុំ​មាន​សេច​ក្ដី​ប៉ង​ប្រមាថ​  កុំ​ឆ្លាត​ទៅ​កាន់​ភូមិ​អបាយ​    ឱ្យ​ដើរ​តាម​ផ្លូវ​ត្រូវ​ប្រឡាយ​  កុំ​បី​នឿយ​ណាយ​ក្នុង​ចិន្ដា ។    ទើប​បាន​ត្រឹម​ត្រូវតាម​ព្រះ​ធម៌​  ជា​ល្អ​ក្នុង​វរ​ពុទ្ធ​សាសនា​    ទើប​បាន​កុសល​សាធុ​កា​  ទេវតា​ចម្រើន​សុខ​សប្បាយ ។    

(១៦៥)  រឿង​នេះ​ខ្ញុំ​តែង​តាម​ទំនង​  តែង​តាម​គន្លង​កល​ភិ​ប្រាយ​    តែង​ជូន​អស់​លោក​អ្នក​ទាំង​ឡាយ​  តែង​តាម​តម្រាយ​ពាក្យ​សត្យា ។    លើក​លាត់​កាត់​បទ​បែប​ខ្លី​ៗ​  សេច​ក្ដី​គ្រាន់​ជា​សវនា​ការ    យក​ផលា​និ​សង្ស​ផ្ចង់​ចេតនា​  ដោយ​សារ​សីល​ទាន​និព្វាន​អើយ ៕៚   

អត្ថបទ​នេះ​ ស្រង់​ចេញ​ពី​ កម្ពុជ​សុរិយា​ ក្បាល​លេខ​២ –  ៣ –  ៦ ឆ្នាំ​១៩២៦ – ២៧។

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments