(ពីឆ្វេងទៅស្ដាំ) ១-សម្ដេចព្រះធម្មលិខិត ល្វី ឯម (កាលព្រះអង្គគង់នៅក្នុងឋានៈជា ព្រះសិរីសម្មតិវង្ស ចាងហ្វាងសាលាបាលីជាន់ខ្ពស់), ២- ព្រះតេជព្រះគុណ ព្រះឧត្ដមមុនី អ៊ុម ស៊ូ អធិបតីក្រុមជំនុំព្រះត្រៃបិដក, ៣- សម្ដេចព្រះសង្ឃរាជ ជួន ណាត (កាលព្រះអង្គនៅក្នុងព្រះឋានៈជា ព្រះសាសនសោភ័ណ ចាងហ្វាងរងសាលាបាលីជាន់ខ្ពស់), ៤- សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត ព្រះសង្ឃនាយក គណៈមហានិកាយ (កាលព្រះអង្គគង់នៅក្នុងឋានៈជា ព្រះវិសុទ្ធិវង្ស អាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់)។
ក្រោយពេលដែលសម្ដេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង គង់នៅវត្តឧណ្ណាលោមទ្រង់សោយព្រះទីវង្គតទៅ មានឱកាសទំនេរប្រហែលជាងមួយឆ្នាំ ទើបព្រះករុណាជាម្ចាស់ជីវិត សម្ដេចព្រះបាទ ព្រះស៊ីសុវត្ថិ ទ្រង់សព្វព្រះរាជហឫទ័យតែងតាំងព្រះមហាថេរមួយអង្គព្រះនាម កែ អ៊ុក មានសមណសក្ដិជា ព្រះធម្មលិខិត ថ្នាក់រាជាគណៈថ្នាក់ទី១ គង់នៅវត្តឧណ្ណាលោម ជា សម្ដេចព្រះធម្មលិខិត ព្រះសង្ឃនាយក គណៈមហានិកាយ ប្រហែលក្នុងគ្រិស្តសករាជ ១៩១៣ ឬ ១៩១៤។ ក្នុងពេលដែល ព្រះធម្មលិខិត ព្រះនាម កែ អ៊ុក បានទទួលតំណែងជា សម្ដេចព្រះសង្ឃនាយក នោះ ព្រះសង្ឃទាំងអស់ក្នុងវត្តឧណ្ណាលោម ពុំសូវមានការគោរពកោតក្រែងលោកប៉ុន្មានទេ ព្រោះមានព្រះមហាថេរ ដែលមានសមណសក្ដិខ្ពង់ខ្ពស់ដូចគ្នា និងមានព្រះជន្មាយុស្រករគ្នាហើយចេះដឹងច្រើនជាងសម្ដេចព្រះសង្ឃនាយកទៀតផង។ ម៉្លោះហើយក្នុងសម័យនោះ សង្ឃក្នុងវត្តឧណ្ណាលោម មានការរកាំរកូសពុំសូវរៀបរយទេ។ រីឯផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនាវិញ កាលពីដើមធ្លាប់មានមកយ៉ាងណា កូននិងមានយ៉ាងនោះជាធម្មតា ឥតមានការប្រែប្រួលអ្វីឡើយ។ ប៉ុន្តែ មានអព្ភូតហេតុមួយ បានកើតឡើងក្នុងសម័យនោះ។ មានកាលមួយ ថ្ងៃជាថ្ងៃជិតចូលវស្សា ពុំដឹងជាចៃដន្យអ្វី បណ្ដាលឱ្យអ្នកអង្គម្ចាស់ក្សត្រីមួយអង្គ ( ខ្ញុំមិនចាំឈ្មោះ) បានទៅទូលស្នើសម្ដេចព្រះសង្ឃនាយក ព្រះនាម កែ អ៊ុក សុំបង្កើតឱ្យមានព្រះសង្ឃសម្ដែងព្រះវិន័យក្នុងវិហារវត្តឧណ្ណាលោមរាល់រាត្រី ដើម្បីឱ្យភិក្ខុសាមណេរស្ដាប់រហូតដល់ថ្ងៃចេញវស្សា។ អ្នកអង់ម្ចាស់ក្សត្រីនោះ បានសូមបវារណាបូជាដោយចតុប្បច្ច័យតម្លៃ១រៀល ចំពោះការសម្ដែងក្នុងមួយលើកៗ។
សម្ដេចព្រះសង្ឃនាយក ក៏សព្វព្រះទ័យទទួលចាត់ការឱ្យព្រះសង្ឃក្នុងវត្តឧណ្ណាលោម ជ្រើសរើសរកលោកដែលអាចទេសនាវិន័យឱ្យបានល្អសម្រេចតាមសេចក្ដីទូលសុំរបស់អ្នកអង្គម្ចាស់ក្សត្រីនោះ។
ពេលនោះ ជាឱកាសល្អ ដែលនាំឱ្យព្រះសង្ឃក្នុងវត្តឧណ្ណាលោមជ្រើសរើសរកលោកដែលចេះដឹងវិន័យសិក្ខា ទៅសម្ដែងដើម្បីឱ្យភិក្ខុសាមណេរទាំងឡាយបានស្ដាប់ បានយល់នូវអត្ថរសនៃវិន័យជាលើកដំបូង។
ក្នុងការជ្រើសរើសរកលោកអ្នកចេះវិន័យ ដែលអាចសម្ដែងបានក្នុងពេលនោះគេរើសបានតែព្រះគ្រូ ៣ រូបជាដំបូង គឺលោកគ្រូ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ ១ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ព្រះនាម ជួន ណាត ១ និង ព្រះគ្រូសង្ឃវិជ្ជា គឺខ្លួនខ្ញុំនេះ ១។ គេបានតម្រូវឱ្យទេសនាមួយថ្ងៃម្នាក់។ លោកថ្ងៃទៀតៗ ក៏បានមកសម្ដែងខ្លះដែរ តែការទេសនានោះមិនបានរហូតដល់ចេញវស្សាទេ ព្រោះការទេសនាវិន័យនោះ ក៏ដូចជាការបង្រៀនវិន័យដែរ នាំឱ្យភិក្ខុសាមណេរក្នុងវត្ត មានការយល់ មានការភ្ញាក់រឭក ហើយចេះតែនិយាយអំពីផ្លូវប្រតិបត្តិខុសត្រូវរៀងរាល់ថ្ងៃ។ ការនិយាយអំពីផ្លូវប្រតិបត្តិខុសត្រូវនេះ កាន់តែមានច្រើនឡើងៗ នាំឱ្យសម្ដេចព្រះសង្ឃនាយកនិងលោកជាមហាថេរឯទៀតៗ បានជាព្រះរាជាគណៈធំខ្លះ តូចខ្លះ នៅក្នុងវត្ត មិនសប្បាយព្រះទ័យ កើតទោមនស្ស ខ្ញាល់ ហើយពោលតិះដៀលចំពោះលោកដែលខំប្រឹងមើលគម្ពីរដីកា ព្រមទាំងចំពោះភិក្ខុសាមណេរដែលនៅក្នុងការគ្រប់គ្រងរបស់លោក ដោយសម្គាល់ថា លោកក្មេងៗទាំងនោះនិយាយខុសពីផ្លូវប្រតិបត្តិចាស់ពីមុនមក ហើយហាមប្រាមមិនឱ្យភិក្ខុសាមណេរទៅស្ដាប់វិន័យនោះថែមទៀត។ ម៉្លោះហើយ ភិក្ខុសាមណេរទាំងឡាយក្នុងវត្ត ការលំបាកខ្លាំងណាស់។ ភិក្ខុសាមណេរខ្លះក៏ខាងទៅស្ដាប់ ខ្លះក៏តស៊ូជម្នះចិត្តទៅស្ដាប់។ ការរអាក់រអួលទាំងនេះនាំឱ្យខកខានបានសម្ដែងរឿងវិន័យតទៅទៀត។ តែទោះបីខកខានបានសម្ដែងរឿងនេះតទៅទៀតយ៉ាងនេះក៏ដោយ ការផ្ដើមពិនិត្យមើលគម្ពីរវិន័យព្រមទាំងអដ្ឋកថា ដីកា ដែលបានដុះជាពូជធារក្នុងចិត្តទៅហើយនោះ ក៏ចេះតែបន្តទៅទៀត ដោយព្រះសង្ឃដែលមានសេចក្ដីស្រឡាញ់ធម៌វិន័យ ក៏មានចំនួនច្រើនដែរ ក្នុងសម័យនោះ ប៉ុន្តែអង្គខ្លះមិនសូវហ៊ានចេញមុខ ដោយព្រះមហាថេរអ្នកគ្រប់គ្រងមិនពេញចិត្ត។ ឯអង្គ ដែលហ៊ានចេញមុខមានចំនួនតិចណាស់។ បើពោលដោយសរុបទៅ នៅក្នុងវត្តឧណ្ណាលោម មានតែព្រះគ្រូ ៣ រូប គឺលោកគ្រូ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត និងព្រះគ្រូសង្ឃវិជ្ជា ហួត តាត គឺខ្លួនខ្ញុំនេះឯង ដែលកាលនោះអាយុប្រហែល ២៣ ឬ ២៤ ឆ្នាំប៉ុណ្ណោះ។ យើងទាំងបីរូបនេះ បានរួបរួមគ្នាដឹកនាំភិក្ខុឯទៀតៗ ឱ្យខំប្រឹងមើលគម្ពីរដីកាក្បួនច្បាប់ព្រះពុទ្ធសាសនា ហើយបានដកស្រង់ត្រង់សេចក្ដីណា ដែលធ្លាប់តែមានការភ្លាំងភ្លាត់ពីមុន ឬក៏មិនធ្លាប់បានចេះដឹងពីពេលមុន ហើយចម្លងចែកគ្នាឱ្យសិក្សាបណ្ដើរៗ ទម្រាំបានរៀបចំធ្វើជាសៀវភៅទៅថ្ងៃក្រោយ។
ក្នុងរឿងនៃការរៀបចំឱ្យមានការប្រតិបត្តិត្រឹមត្រូវតាមធម៌វិន័យនេះ មានសេចក្ដីវែងឆ្ងាយណាស់។ ខ្ញុំសូមសង្ខេបដោយខ្លីៗហើយនិងនិយាយតែអំពីរឿង សម្ដេចព្រះសង្ឃរាជ ជួន ណាត កាលនៅជាព្រះគ្រូសង្ឃសត្ថា និងខ្លួនខ្ញុំកាលនៅជា ព្រះគ្រូសង្ឃវិជ្ជា វិញ។ តើក្នុងសម័យនោះយើងធ្វើការរួមគ្នាដូចម្ដេចខ្លះ ? យើងធ្វើការរួមគ្នាដូចតទៅនេះ ៖
លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត មើលគម្ពីរវិន័យក្រុងខន្ធកៈណាមួយផ្សេងទៅ ខ្លួនខ្ញុំក៏មើលគម្ពីរវិន័យដែរ តែត្រង់ខន្ធកៈមួយផ្សេងដោយឡែកពីគ្នា ព្រមទាំងអដ្ឋកថាដីកា។ លុះមើលរួចហើយ យើងបានដកស្រង់លោកសរសេរទុកក្នុងសៀវភៅមួយផ្សេងៗ។ នៅពេលជួបគ្នាតាមថ្ងៃដែលបានកំណត់ទុក លោកគ្រូ ព្រះគ្រូសង្ឃសត្ថា បានឱ្យសៀវភៅលោកមកខ្ញុំ។ ខ្ញុំក៏បានចម្លងយកមកទុក។ សៀវភៅរបស់ខ្ញុំ ខ្ញុំប្រគល់ទៅលោក។ លោកបានចម្លងយកទៅ។ ការធ្វើយ៉ាងនេះ គឺដើម្បីឱ្យបានចំណេញពេល ព្រោះការមើលគម្ពីរដីកាក្នុងសម័យនោះ លំបាកណាស់ មិនមែនស្រួលទេ ដោយគម្ពីរដីកាទាំងអស់ សុទ្ធតែជាគម្ពីរស្លឹករឹត ហើយសុទ្ធតែជាភាសាបាលីទាំងអស់។
មិនមែនតែខាងផ្នែកវិន័យទេ ដែលយើងអាន ទោះបីធម៌អាថ៌អ្វី ដែលយើងបានមើលឃើញក្នុងគម្ពីរដីកាណាមួយ ក៏យើងបានដកស្រង់យកមក ដើម្បីរំលែកចែកគ្នាឱ្យបានចេះដឹងដូចគ្នា។
ក្រៅពីកិច្ចការខាងលើនេះ មានតែម្យ៉ាងទៀតដែលយើងត្រូវធ្វើរួមគ្នា គឺការរៀបចំតែងវិន័យរឿងពិធីបំបួស។ កិច្ចការនេះយើងត្រូវធ្វើរាល់យប់ចាប់ពីម៉ោង ២០ ដល់ម៉ោង ២៤ នៅទីកុដិលោកគ្រូ លោកគ្រូសង្ឃសត្ថា ជួន ណាត ដោយមានលោកគ្រូ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ បានចូលរួបរួមជាមួយផង។ ការធ្វើនេះមិនចំពោះតែត្រង់រឿងពិធីបំបួសប៉ុណ្ណោះទេ សូម្បីវិន័យផ្សេងៗ ទោះជាខាងផ្នែកខាងខន្ធកៈក្ដី វិភង្គក្ដី ក៏យើងពិនិត្យមើលដោយច្រើន។
ក្នុងសម័យនោះ ភិក្ខុសាមណេរទាំងឡាយ ក្នុងវត្តឧណ្ណាលោមស្ទើរតែគ្រប់កុដិ មានការភ្ញាក់រឭកហើយចង់ដឹងការខុសត្រូវ មិនអាចនៅស្ងៀមព្រងើយកន្តើយឡើយ ទោះបីភិក្ខុសាមណេរខ្លះ ដែលនៅក្នុងសម្នាក់លោកអ្នកគ្រប់គ្រងជាអ្នកមិនពេញចិត្តនឹងរឿងធម៌វិន័យ ក៏ខំលបហាត់រៀនដោយស្ងាត់ៗដើម្បីឱ្យបានចេះដឹងនឹងគេដែរ។
គឺក្នុងពេលនោះហើយ ដែលពាក្យថា ធម៌ចាស់ ធម៌ថ្មី បានកើតឡើងជាដំបូងបំផុតក្នុងវត្តឧណ្ណាលោម។ ក្រោយមកពាក្យថា ធម៌ចាស់ ធម៌ថ្មី នេះបានផ្សាយតៗគ្នាទៅគ្រប់ទីកន្លែង ទាំងក្នុងរាជធានី ទាំងក្នុងខេត្តផ្សេងៗ។
គេហៅថា ពួកធម៌ចាស់ នូវពួកណាដែលប្រកាន់ទំនៀមទម្លាប់ភ្ជាប់ពីដើមរៀងមក ទោះទំនៀមទម្លាប់នោះខុសក្ដីត្រូវក្ដី។ ពួកនេះអត់រវល់នឹងពិនិត្យមើលគម្ពីរដីកាក្បួនច្បាប់ឡើយ។
គេហៅថា ពួកធម៌ថ្មី នូវពួកណាដែលមិនប្រកាន់ទំនៀមទម្លាប់ពីបរមបុរាណ ហើយបានខំពិនិត្យមើលគម្ពីរដីកាក្បួនច្បាប់។ ពក់មីឃើញច្បាប់យ៉ាងណា ថាយ៉ាងនោះ ប្រតិបត្តិបានដូច្នោះ។ អ្នកដែលប្រកាន់ខ្ជាប់តាមទម្លាប់ចាស់ពីដើមធ្លាប់សូត្រធម៌ជាបាលី លុះដល់ឮគេសូត្រធម៌ជាបាលីព្រមទាំងសេចក្ដីប្រែជាភាសាជាតិផង ក៏ឱ្យឈ្មោះអ្នកសូត្រធម៌នោះថាជា ពួកធម៌ថ្មី ទាំងអស់។
តាមការណ៍ពិត ពាក្យថា ធម៌ចាស់ ធម៌ថ្មី នេះ ព្រោះធម៌ដែលព្រះពុទ្ធជាម្ចាស់ ទ្រង់បានសម្ដែងទុកមកទាំងប៉ុន្មាន សឹងមានចារឹកនៅក្នុងគម្ពីរក្បួនច្បាប់ទាំងអស់។ អ្នកដែលខំប្រឹងស្រាវជ្រាវរិះរកផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា គឺខំប្រឹងពិនិត្យមើលគម្ពីរដីកាហើយស្រង់យកមក។ ផ្លូវប្រតិបត្តិត្រង់ណាដែលមានការឃ្លៀងឃ្លាតខ្លះ ក៏កែតម្រូវឱ្យបានត្រឹមត្រូវឡើង ត្រង់ណាដែលគួរប្រែជាភាសាជាតិ ក៏ប្រែទៅ ដើម្បីឱ្យអ្នកប្រតិបត្តិបានដឹងសេចក្ដីច្បាស់លាស់ កុំឱ្យភាន់ច្រឡំ ក្នុងការប្រតិបត្តិតែប៉ុណ្ណោះឯង គ្មានបានបង្កើតធម៌ថ្មីឯណាសោះឡើយ។
ពាក្យថា ធម៌ចាស់ ធម៌ថ្មី នេះ ជាពាក្យអពមង្គលមួយដ៏ជាក់ស្ដែង ជាពាក្យនាំឱ្យមានការបាក់បែកសាមគ្គីរវាងសង្ឃនិងសង្ឃ រវាងគ្រហស្ថនិងគ្រហស្ថ ឬរវាងសង្ឃនិងគ្រហស្ថ ឬថារវាងពុទ្ធបរិស័ទរួមជាតិជាមួយគ្នាតែម្ដង។ ការបង្កើតពាក្យពីរម៉ាត់នេះ ជាការគួរឱ្យមានសេចក្ដីស្ដាយជាក្រៃលែង ព្រោះជាកំហុសមួយយ៉ាងធំសម្បើម ដូចមានសេចក្ដីនៃព្រះរាជសុន្ទរកថារបស់ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ដែលព្រះអង្គបានថ្លែងក្នុងឱកាសព្រះរាជពិធីថ្វាយព្រះសញ្ញាបត្រមហាបណ្ឌិត អក្សរសាស្ត្រខ្មែរ ចំពោះ ព្រះនាម ជួន ណាត (ជោតញ្ញាណោ) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ១៩៦៧ ថា ៖
“.... ក្នុងករណីនេះ គួរសរសើរចំពោះការបកប្រែ ការបោះពុម្ពនិងការផ្សាយព្រះត្រៃបិដក ដែលមានដំណើរជឿនលឿនទៅមុខយ៉ាងទៀងទាត់ឥតខ្ចោះ។ អ្នកខ្លាំងនិយាយខុសទាំងស្រុងថា នៅក្នុងសាសនាយើង មាន ធម៌ថ្មី ធម៌ចាស់។ តាមការណ៍ពិត យើងពុំមានធម៌ពីរទេ មានតែមួយគត់។ ដែលនិយាយថា ធម៌ថ្មី នោះ
គឺការដែលខំសម្រិតសម្រាំងព្រះសាសនា ឱ្យផុតអំពីជំនឿខុស អំពីការយល់ហួសហេតុផល និងអំពីទម្លាប់ខុស គឺពុំមែនធ្វើឱ្យព្រះពុទ្ធសាសនាទៅជាបែបថ្មីទេ។ ការណ៍ពិត គឺធ្វើឱ្យព្រះសាសនាត្រឡប់ទៅរកប្រភពដើមដ៏ត្រឹមត្រូវល្អវិញតែប៉ុណ្ណោះ។ ”
ព្រះរាជបន្ទូល នៃសម្ដេចព្រះប្រមុខរដ្ឋខាងលើនេះ ពិតជាត្រឹមត្រូវជាទីបំផុត គួរពុទ្ធបរិស័ទទាំងឡាយគោរពតាម។
កាលក្នុងសម័យនោះ ពួកអ្នកប្រកាន់ទំនៀមទម្លាប់ បានពោលពាក្យរិះគន់ ចាក់ដោត ស្ដីបន្ទោសចំពោះពួកក្រុមលោក អ្នកពេញចិត្តនឹងការសិក្សា ពេញចិត្តនឹងការរិះរកផ្លូវប្រតិបត្តិឱ្យបានត្រឹមត្រូវ កាន់តែច្រើនឡើងៗខ្លាំងឡើង រហូតដល់មានការព្យាបាទខ្លះផង ដូចជាកុដិរបស់លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត នឹងកុដិខ្ញុំ (ព្រះគ្រូសង្ឃវិជ្ជា ហួត តាត) ជាដើម បានត្រូវពួកអ្នកមានចិត្តប្រទូស្តឃោរឃៅ ចោលគប់ដោយដុំឥដ្ឋនិងដុំថ្មជាញឹកញាប់ ដោយសម្អប់។
ការព្យាបាទទាំងនេះ នាំឱ្យលោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត និងខ្លួនខ្ញុំ មានការប្រុងប្រយត្នជានិច្ច ប៉ុន្តែយើងឥតបង្អង់ឬផ្អាកកិច្ចការរបស់ខ្លួនឡើយ ដោយមានជំនឿជាក់ថា កិច្ចការទាំងប៉ុន្មានដែលយើងបានធ្វើរួចមកហើយ ជាការត្រឹមត្រូវ ជាការមានប្រយោជន៍ពិតៗ ដល់ព្រះពុទ្ធសាសនា ហើយយើងបានខំប្រឹងបន្ថែមកម្លាំងបន្តកិច្ចការទាំងនោះទៅមុខជាដរាប ឥតថយក្រោយឡើយ។
ក្នុងពេលជាមួយគ្នានោះ ព្រះសង្ឃទាំងឡាយ ទាំងក្នុងរាជធានី ទាំងក្នុងខេត្តក្រៅ ដែលមានការភ្ញាក់រឭក បានខំប្រឹងរៀនសូត្រ បានចេះដឹងនូវវិន័យសិក្ខា ច្បាប់ព្រះពុទ្ធសាសនា និងធម៌វិន័យ ដែលខ្លួនពុំធ្លាប់បានចេះដឹងពីមុនមក ហើយបានខំប្រឹងសម្ដែងពន្យល់ដល់ពុទ្ធបរិស័ទទាំងឡាយឱ្យបានដឹង បានឮ បានយល់តៗគ្នាជាលំដាប់ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធបរិស័ទណា ដែលមានអធ្យាស្រ័យធ្ងន់ក្នុងពុទ្ធសាសនា ក៏មានចិត្តត្រេកអរ ហើយកើតចិត្តជ្រះថ្លាកាន់តែខ្លាំងឡើងចំពោះធម៌វិន័យ ដែលមានជាក់ច្បាស់ក្នុងគម្ពីរដីកា។ ពុទ្ធបរិស័ទណាដែលមានចិត្តស្រាលៗ ហើយមានមានះប្រកាន់តែរឹងត្អឹង ក៏កើតទោមនស្សអន់ចិត្ត ដោយយល់ថាខ្លួនធ្លាប់ប្រតិបត្តិមកយ៉ាងនេះ ឥឡូវត្រឡប់ទៅជាយ៉ាងនោះវិញ ហើយមិនព្រមជឿតាមឡើយ ហើយថែមទាំងមានការស្អប់ខ្ពើម ចំពោះរូបលោកដែរទៅសម្ដែងធម៌ ថានាំយកធម៌ថ្មីពីឯណាមកបំបែកបំបាក់ ធ្វើឱ្យឃ្លាតចាកផ្លូវប្រតិបត្តិ ដែលធ្លាប់ធ្វើពីដូនតាមក មិនត្រឹមតែក្រេវក្រោធម្នាក់ឯងប៉ុណ្ណោះទេ ថែមទាំងបរបួលអ្នកឯទៀតដែលមានការយល់ដូចខ្លួន ឱ្យរួបរួមជាមួយហើយធ្វើលិខិតប្ដឹងចោទចំពោះរូបលោកអ្នកសម្ដែងធម៌វិន័យ ចូលមក សម្ដេចព្រះធម្មលិខិត ព្រះនាម អ៊ុក ជាសង្ឃនាយកគង់នៅវត្តឧណ្ណាលោម ដែលមិនពេញព្រះទ័យហើយដែលធ្លាប់តែជេរប្រទិចចំពោះរូបលោក ដែលកែប្រែផ្លូវប្រតិបត្តិនោះស្រាប់។
លិខិតបណ្ដឹងទាំងនោះ មកពីខេត្តកំពង់ចាមខ្លះ ខេត្តព្រៃវែងខ្លះ និងខេត្តស្វាយរៀងខ្លះ។ ក្នុងពាក្យបណ្ដឹងទាំងនោះចោលជាអាទិ៍ថា ៖
ទេសនាថា សាស្រ្តាមហាជាតក៍ ខុស។ សាសនានេះគឺដូនតាមកគេធ្លាប់ប្រកាន់ថា សាស្រ្តាត្រឹមត្រូវ។
ទេសនាថា សាមណេរត្រូវចូលវស្សាដូចភិក្ខុដែរ។ ពីដូនតាមក គេមិនដែលដឹងមិនដែលឮទេ។
ទេសនាថា សាមណេរត្រូវសុំនិស្ស័យក្នុងសម្នាក់ព្រះឧបជ្ឈាយ៍ដូចជាភិក្ខុដែរ។
ទេសនាថា សាមណេរត្រូវឃ្លុំ គ្រងដូចជាភិក្ខុដែរ។
ពាក្យបណ្ដឹងចោទដូចខាងលើនេះជាដើមគឺគេបានសុំឱ្យ សម្ដេចព្រះសង្ឃនាយក ជំនុំជម្រះវិនិច្ឆ័យផ្ដន្ទាទោស ចំពោះរូបលោកអ្នកសម្ដែងអ្នកនិយាយទាំងនោះ។
សម្ដេចព្រះធម្មលិខិត ព្រះសង្ឃនាយក ព្រះនាម កែ អ៊ុក ក៏បានចាត់ការបញ្ជូនពាក្យបណ្ដឹងទាំងនោះទៅក្រសួងធម្មការ ដើម្បីថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ) សូមព្រះករុណាគ្រប់ព្រះវិនិច្ឆ័យ។
ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ក្រោយដែលព្រះអង្គទ្រង់បានទទួលពាក្យបណ្ដឹងទាំងនោះហើយ ព្រះអង្គបានចាត់ឱ្យនិមន្តព្រះរាជាគណធំៗ មានសម្ដេចព្រះសង្ឃនាយកព្រះនាម អ៊ុក ជាដើមចូលទៅប្រជុំក្នុងព្រះបរមរាជវាំង។ សម្ដេចព្រះធម្មលិខិត ល្វី ឯម កាលលោកស្ថិតនៅក្នុងព្រះសមណសក្ដិជាព្រះបវរញាណវិជ្ជា ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ និងព្រះគ្រូសង្ឃវិជ្ជា ហួត តាត គឺខ្លួនខ្ញុំ ក៏បានត្រូវក្រសួងធម្មការនិមន្តឱ្យចូលទៅរួមប្រជុំដែរ។
ចំណែកខាងគណៈរដ្ឋមន្រ្តី មានរដ្ឋមន្ត្រីក្រសួងធម្មការដែលមានលោកអ្នកឧកញ៉ា យោធានរិន្ទ វ៉ាន់ ជាភូឈួយចូលទៅប្រជុំ។ ការប្រជុំនោះបានប្រព្រឹត្តទៅក្រោមព្រះបរមរាជាធិបតីភាព នៃព្រះករុណាជាអម្ចាស់ជីវិតដែលមានព្រះករុណា ព្រះស៊ីសុវត្ថិ មុនីវង្ស កាលគង់នៅជាព្រះអម្ចាស់នៅឡើយ និងមន្ត្រីក្នុងព្រះបរមរាជវាំងខ្លះទៀតផង អមព្រះអង្គផង។
ក្នុងពេលដែលជួបជុំគ្នាហើយ លោកអ្នកឧកញ៉ា យោធានរិន្ទ វ៉ាន់ បានសូត្រសេចក្ដីរាយការណ៍អំពីពាក្យបណ្ដឹងទាំងនោះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតទ្រង់ព្រះសណ្ដាប់។ លុះទ្រង់ព្រះសណ្ដាប់ហើយ ព្រះអង្គមានព្រះរាជបន្ទូលសួរអំពីសាស្រ្តា មហាជាតក៍មុនថា “ចុះហេតុដូចម្ដេចក៏បានជាទៅទេសនាពន្យល់ប្រាប់បណ្ដារាស្ត្រថា សាស្រ្តាមហាជាតក៍ខុស? សាស្រ្តាមហាជាតក៍នេះមានតាំងពីបរមបុរាណមក”។ ក្នុងពេលនោះលោកអ្នកឧកញ៉ា យោធានរិន្ទ វ៉ាន់ បានក្រាបបង្គំទូលមុនគេបំផុតថា “សូមទ្រង់ព្រះមេត្តាប្រោស លោកអ្នកទស្សនានោះមិនមែនទេសនាថាខុសទាំងអស់ទេ។ លោកទេសនាថាខុសចំពោះសេចកក្ដីខ្លះៗ ដែលគេតែងផ្សំខាងក្រោយ ដូចជានៅត្រង់សេចក្ដីថា តាជូជកអាស្រ័យបាយ-សម្លអស់ទាំងខ្ទះ ហើយបែកពោះឮសូរខ្លាំង រហូតដល់ផ្អើលទាំងដំរីក្នុងរោង។ លោកថាពាក្យទាំងនេះជាពាក្យខុសទេ គេតែងបន្ថែមមកដើម្បីឱ្យអ្នកស្ដាប់សើចសប្បាយ មិនមែនជាព្រះពុទ្ធដីកាព្រះពុទ្ធទេ។ អ្នកស្ដាប់ធម៌ត្រូវចេះគិតពិចារណាផង”។
ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់មានព្រះបន្ទូលថា “បើលោកទេសនាថាយ៉ាងនេះវាមានខុសអី ? លោកខាងក្រៅរបស់លោកហើយតើ។ លោកពន្យល់ឱ្យយើងចេះគិតពិចារណា កុំឱ្យចេះតែជឿផ្តេសផ្តាសប្រាសចាកការណ៍ពិត”។
តមក ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ត្រាស់សួរតទៅទៀតថា “ចុះរឿងសាមណេរចូលវស្សា និងសាមណេរសូមនិស្ស័យពីសម្នាក់ព្រះឧបជ្ឈាយ៍ ពីដើមមកមិនដែលមានទេ។ ចុះឥឡូវនេះ ហេតុអ្វីក៏បានជាលោកទាំងអស់នោះនាំគ្នានិយាយឱ្យគេភ្ញាក់ផ្អើលដូច្នេះ? ហ៎! លោកអ្នកដឹងរឿងនេះសូមឱ្យនិយាយមកមើល មានគម្ពីរ ដីកា សម្ដែងដូចម្ដេចខ្លះ ? ”
ក្នុងពេលនោះ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានទៅថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតថ្វាយសេចក្ដីហូរហែតាមច្បាប់ដែលមានក្នុងគម្ពីរវិន័យបិដក។ លោកបានអានបាលីជាគោល រួចប្រែជាភាសាខ្មែរគ្រប់អន្លើទាំងអស់ ដោយអាងដល់ព្រះពុទ្ធដីកា នៃព្រះពុទ្ធជាអម្ចាស់ ដែលព្រះអង្គបានបញ្ញត្តខ្លះ បានអនុញ្ញាតខ្លះ ដរាបដល់ចប់ ហើយលោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានថ្វាយសេចក្ដីបន្ថែមថា “ថ្វាយព្រះពរ រឿងទាំងអស់នេះ មានក្នុងគម្ពីរវិន័យច្បាស់លាស់ណាស់ ប៉ុន្តែក្នុងប្រទេសយើង រឿងវិន័យទាំងនេះដូចជាបាត់បង់អស់រលីង។ ដោយហេតុប្រទេសយើងកាលពីក្នុងអតីតសម័យ មានកើតសង្គ្រាមញឹកញាប់ណាស់ នាំឱ្យវិនាសបាត់បង់គម្ពីរ ដីកា ក្បួនច្បាប់ស្ទើរតែអស់រលីង ហើយអ្នកប្រាជ្ញរាជបណ្ឌិតក្នុងប្រទេសយើងក៏ស្លាប់បាត់បង់ខ្លះទៅ ត្រូវខ្មាំងសត្រូវកៀរយកទៅប្រទេសគេខ្លះទៅ។ ម៉្លោះហើយ ប្រទេសយើងក៏ធ្លាក់ទៅក្នុងហាយនភាពវិនាសទាំងអ្នកប្រាជ្ញ រាជបណ្ឌិត វិនាសទាំងគម្ពីរ ដីកា ក្បួនច្បាប់ផ្សេងៗ ស្ទើរតែអស់រលីង។ ទើបតែក្នុងពេលតៗមក ដែលប្រទេសយើងបានសុខស្ងប់គ្រាន់បើ ហើយមានគម្ពីរក្បួនច្បាប់ត្រឡប់មកវិញខ្លះ ឯអ្នករៀនសូត្រក៏ចេះតែខំរៀនបន្តៗគ្នាមកទៀត។ ក្នុងសម័យនោះអ្នករៀនសូត្រកន្លងជាមានការចេះដឹងបន្តិចម្ដងៗឡើងវិញ”។
ក្នុងពេលនោះ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់បានត្រាស់សរសើរចំពោះលោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត ថា លោក ណាត ចេះចាំ ល្អណាស់ ចាំទាំងបាលីដែលមានក្នុងគម្ពីរ ដីកា ហើយប្រែមកជាភាសាខ្មែរងាយស្ដាប់បានណាស់។ ចំពោះរឿងសាមណេរចូលវស្សានិងសុំនិស្ស័យក្នុងសម្នាក់ព្រះឧបជ្ឈាយ៍ នៅក្នុងគម្ពីរដីកាដូច្នេះ វាមានខុសអី ? វាត្រឹមត្រូវហើយ។ ចុះហេតុដូចម្ដេច ក៏បានជាមានរឿងប្ដឹងផ្ដល់យ៉ាងនេះ ? ”។
ក្នុងពេលនោះ ព្រះករុណា ព្រះស៊ីសុវត្ថិ មុនីវង្ស (កាលព្រះអង្គនៅជាព្រះអង្គម្ចាស់នៅឡើយ) ដែលទ្រង់គង់អមព្រះករុណាជាម្ចាស់ជីវិតជាព្រះវររាជបិតា នៅពេលនោះដែរ បានទ្រង់ក្រោកឡើងហើយក្រាបបង្គំទូលព្រះវររាជបិតាថា “សូមទ្រង់ព្រះមេត្តាប្រោស លោកក្មេងៗ ឥឡូវនេះ លោកខំសិក្សារៀនសូត្របានចេះដឹងច្បាស់លាស់ណាស់។ ឯលោកចាស់ៗទាំងនេះ ខ្ជិលណាស់ ឥតចេះដឹងអ្វីទេ អាងតែខ្លួនចាស់ អាងតែខ្លួនធ្វើធំជាងគេ ចេះតែរករឿងលោកក្មេងៗ ដែលចេះដឹងខាងក្រោយមិនឱ្យគ្នាមានផ្លូវដើរទៅមុខរួចទេ។ លោកចាស់ៗអស់នេះ បានតែដកងារចេញទើបសម”។
ព្រះករុណាជាម្ចាស់ជីវិត ទ្រង់មានព្រះបន្ទូលថា “អើ វាមិនសមបើធ្វើឱ្យមានជារឿងរ៉ាវអ្វីសោះ ព្រោះច្បាប់ព្រះពុទ្ធសាសនាមាន ក្នុងគម្ពីរដីកាក្បួនច្បាប់ស្រាប់ហើយ ដូចលោក ណាតបានថ្លែងអម្បាញ់មិញសព្វគ្រប់ស្រាប់។ លោក ណាត ចេះចាំណាស់ ខ្ញុំសូមប្រគេនរង្វាន់លោក ២០រៀល ទុកជាគ្រឿងបូជាចំពោះការចេះដឹងរបស់លោក”។ (២០រៀលក្នុងសម័យនោះ បើយើងព្រាបតម្លៃនឹងតម្លៃប្រាក់ ក្នុងសម័យនេះមិនមែនតិចទេ)។
ការជំនុំក្នុងទីចំពោះព្រះភក្រ្តព្រះករុណាជាអម្ចាស់ជីវិត ក្នុងពេលនោះគឺចប់ត្រឹមប៉ុណ្ណេះ។ ពាក្យបណ្ដឹងទាំងប៉ុន្មានក៏គ្មានបានលទ្ធផលអ្វី គឺវាដល់នូវបរាជ័យទាំងអស់។
តពីនោះមក សម្ដេចព្រះធម្មលិខិត អ៊ុក ព្រះសង្ឃនាយក មានការអន់ព្រះទ័យច្រើន និងមានការព្រួយបារម្ភក៏ច្រើន បានប្រជុំរាជាគណៈឋានានុក្រម ក្នុងទីកុដិរបស់លោក ហើយបានទៅពឹងពាក់លោករដ្ឋមន្រ្តីមួយរូប ដែលមានកិត្តិនាមខ្ពង់ខ្ពស់ សូមឱ្យជួយគិតគូររកមធ្យោបាយធ្វើយ៉ាងណា ដើម្បីស្ទាក់ផ្លូវកុំឱ្យលោកក្មេងៗជំនាន់ក្រោយ មានកម្លាំងរុលទៅខាងមុខបាន ព្រោះរឿងនេះតទៅមុខ មុខជានឹងបណ្ដាលឱ្យកើតមានហេតុជាចលាចលពុំខាន។
មិនយូរប៉ុន្មានស្រាប់តែមានព្រះរាជប្រកាសលេខ ៧១ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ ១៩១៨ បានចេញផ្សាយទៅគ្រប់វត្ត ក្នុងព្រះរាជាណាចក្រ។ ព្រះរាជប្រកាសនោះបញ្ញត្តិថា “ភិក្ខុសាមណេរទាំងឡាយ ខាងគណៈមហានិកាយ ត្រូវប្រតិបត្តិតាមទំនៀមទម្លាប់នៃ សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង; ខាងគណៈធម្មយុត្តិកនិកាយ ត្រូវប្រតិបត្តិតាមទំនៀមទម្លាប់នៃ សម្ដេចព្រះសុគន្ធាធិបតី ព្រះនាម ប៉ាន។ ភិក្ខុសាមណេរណា ប្រព្រឹត្តប្រតិបត្តិខុសពីទំនៀមទម្លាប់ខាងលើនេះ នឹងត្រូវមានកំហុស ត្រូវទទួលទណ្ឌកម្មតាមទោសានុទោស។
ក្នុងពេលដែលព្រះរាជប្រកាសនេះ បានចេញផ្សាយហើយ សម្ដេចព្រះសង្ឃនាយក ព្រះនាម អ៊ុក និងរាជាគណៈអង្គខ្លះ មានសោមនស្សរីករាយយ៉ាងខ្លាំងណាស់។ តាំងពីព្រះរាជប្រកាសនោះបានចេញផ្សាយមក នៅកន្លែងណាក៏ដោយ ឱ្យតែមានពាក្យបណ្ដឹងចំពោះរូបភិក្ខុសាមណេរណា សម្ដេចព្រះសង្ឃនាយក អ៊ុក និងសាការីរបស់លោក បានកាត់ទោសបណ្ដេញឬ ផ្សឹកភិក្ខុ សាមណេរនោះភ្លាម ដោយអាងថាធ្វើខុសនឹងព្រះរាជប្រកាសលេខ ៧១។ ប៉ុន្តែការធ្វើទោសចំពោះភិក្ខុសាមណេរទាំងឡាយ មិនមានចំនួនច្រើនប៉ុន្មានទេ។
ចំណែកខាងយើងដែលជាអ្នកដឹកនាំភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយឱ្យខំប្រឹងសិក្សារៀនសូត្រ និងខំប្រឹងប្រតិបត្តិតាមធម៌វិន័យ ក្នុងពេលនោះ យើងពុំមានសេចក្ដីភិតភ័យតក់ស្លុតប៉ុន្មានឡើយ។ យើងរឹងរឹតតែខំប្រឹងរួបរួមគ្នាធ្វើឡើងទៀត ហើយខំប្រឹងធ្វើការដោយប្រុងប្រយត្នទាំងថ្ងៃទាំងយប់។ ក្នុងវត្តឧណ្ណាលោម មានលោកគ្រូ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត និងព្រះគ្រូសង្ឃវិជ្ជា ហួត តាត គឺខ្លួនខ្ញុំ ជាអ្នកដឹកនាំ។ ក្នុងវត្តលង្កា មាន សម្ដេចព្រះធម្មលិខិត ល្វី ឯម កាលនៅជា ព្រះញាណបវរវិជ្ជា ជាអ្នកដឹកនាំ។
ខ្ញុំសូមបញ្ជាក់ថាព្រះរាជប្រកាសលេខ ៧១ ដែលបានចេញផ្សាយទូទៅក្នុងព្រះរាជាណាចក្រទាំងមូល នាពេលនោះ ជាព្រះរាជប្រកាសហាមឃាត់ភិក្ខុសាមណេរ មិនឱ្យប្រតិបត្តិតាមច្បាប់ព្រះពុទ្ធសាសនាទេ បែរជាឱ្យប្រតិបត្តិតែតាមទំនៀមទម្លាប់ ក្នុងសម័យនៃ សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង ដែលទ្រង់សោយព្រះទីវង្គតទៅយូរហើយនោះវិញ។ ម៉្លោះហើយ អ្នកណានឹងបានដឹងថា ក្នុងសម័យនោះ មានទំនៀមទម្លាប់ដូចម្តេចខ្លះ។ ឥតមានអ្នកណាដែលបានដឹងច្បាស់លាស់នូវទំនៀមទម្លាប់នោះឡើយ។ ហេតុនេះ ការហាមឃាត់នោះក៏ពុំមានប្រសិទ្ធភាពទាល់តែសោះ។
ភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគម្ពីរ ដីកា ក្បួនច្បាប់ខាងព្រះពុទ្ធសាសនា ហើយបានកត់សម្គាល់ទុកថាជាគោលចារឹកនៃព្រះពុទ្ធសាសនាយ៉ាងត្រឹមត្រូវ ដែលពុទ្ធបរិស័ទទូទៅគួរតែប្រតិបត្ដិតាម មិនគួរយកទំនៀមទម្លាប់ទុកជាការត្រឹមត្រូវឡើយ។ ម្ល៉ោះហើយ ព្រះរាជប្រកាសនោះ ក៏សាបរលាបបន្តិចៗដោយលំដាប់។
ក្នុងសម័យដែលកំពុងតែវឹកវរនោះ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានធ្វើសៀវភៅវិន័យ ១ ហៅថា បាតិមោក្ខសង្ខេប ឯព្រះគ្រូសង្ឃវិជ្ជា គឺខ្លួនខ្ញុំ ក៏បានធ្វើសៀវភៅវិន័យមួយហៅថា កឋិនក្ខន្ធកសង្ខេប។ យើងបានគិតគ្នាថា សៀវភៅទាំងពីរនេះ គួរយកទៅសុំអនុញ្ញាតពីក្រសួងធម្មការ សម្រាប់ឱ្យភិក្ខុទាំងឡាយបានសិក្សារៀនសូត្រ កុំឱ្យគេរករឿងដោយអាងទៅលើព្រះរាជប្រកាសលេខ ៧១ នោះ។ លោកគ្រូ ព្រះគ្រូសង្ឃសត្ថានិងខ្ញុំ បានគិតព្រមព្រៀងគ្នាហើយក្នុងវេលាល្ងាចនៃថ្ងៃមួយ យើងបានយកសៀវភៅទាំងពីរនោះ ទៅកាន់គេហដ្ឋាននៃលោកអ្នកឧកញ៉ាអគ្គមហាសេនា ក្រសួងមហាផ្ទៃ និងធម្មការ ដើម្បីស្នើសុំអនុញ្ញាត ព្រោះសៀវភៅទាំងពីរនេះ ជាសៀវភៅមានក្នុងគម្ពីរវិន័យបិដក តាំងពីបរមបុរាណមក មិនមែនជាសៀវភៅវិន័យទើបនឹងបង្កើតថ្មីទេ។ មហាព្រះមហាសេនា បានទទួលយើងយ៉ាងរាក់ទាក់ ហើយលោកបានមានប្រសាសន៍ថា “សៀវភៅវិន័យទាំងពីរនោះ ឥតទាស់ខុសអ្វីទេ ជាវិន័យគឺបព្វជិត អ្នកបួសក្នុងព្រះពុទ្ធសាសនាត្រូវតែសិក្សារៀនសូត្រ។ មិនអីទេ សូមកុំព្រួយ ចាំខ្ញុំព្រះករុណាចាត់ការប្រគេនឱ្យបានសម្រេច”។ លុះតមកប្រហែលមួយសប្តាហ៍ ស្រាប់តែនាងចុតហ្មាយក្រសួងធម្មការ ប្រាប់យើងថា “កុង្សីយ៍សេនាបតី មិនព្រមអនុញ្ញាតឱ្យសិក្សាតាមសៀវភៅទាំងពីរនេះទេ។ បើវិន័យមានក្នុងស្លឹករឹតទើបគេអនុញ្ញាតឱ្យសិក្សាបាន បើវិន័យមានក្នុងក្រដាសសៀវភៅដូច្នេះ ទុកជាវិន័យថ្មី ខុសពីទំនៀមទម្លាប់ក្នុងសម័យ សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង ដោយសំអាងទៅលើព្រះរាជប្រកាសដដែលនោះ”។
ចុតហ្មាយក្រសួងធម្មការ ដែលឱ្យដំណឹងថា កុង្សីយ៍សេនាបតីមិនព្រមអនុញ្ញាតឱ្យភិក្ខុសាមណេរ សិក្សារៀនសូត្រវិន័យបាដិមោក្ខនិងកឋិនក្ខន្ដិកៈ ដែលបានចារឹកលើក្រដាសសៀវភៅ ឱ្យសិក្សាបានតែវិន័យដែលមានលើស្លឹករឹតនោះ ជាដំណឹងអាក្រក់អស្ចារ្យ ឥតមានភិក្ខុសាមណេរណាមួយ ឬពុទ្ធបរិស័ទណាមួយ ដែលមានគំនិតចេះគិតពិចារណា ទទួលយល់ព្រមតាមបានឡើយ ព្រោះស្លឹករឹតក្ដី ក្រដាសក្ដី ដូចតែគ្នា វាជាវត្ថុដែលសម្រាប់តែចារនិងសរសេរលើតែប៉ុណ្ណោះ។ វាគ្មានការទាស់ខុសអ្វីនឹងស្លឹករឹតឬក្រដាសសៀវភៅសោះឡើយ។
ព្រះរាជប្រកាសលេខ ៧១ ក្ដី ចុតហ្មាយក្រសួងធម្មការក្ដី ដែលបានចេញមកយ៉ាងនេះ ប្រាកដដូចជារុញច្រានកុលបុត្រអ្នកចង់ចេះដឹងទាំងប៉ុន្មាន ហើយខំប្រឹងសិក្សារៀនសូត្រកាន់តែខ្លាំងឡើងៗ។ ដែរហេតុនេះ បានជាក្នុងពេលនោះ បានចម្លងវិន័យទាំងនោះដែលផ្ដិតពុម្ពចាហួយ ឱ្យបានច្រើនចប់ ចែកគ្នាសិក្សារៀនសូត្រ។ រីឯវិន័យដែលភិក្ខុសាមណេរ ផ្ដិតពុម្ពចែកគ្នានោះ មាន បាដិមោក្ខសង្ខេប ជារបស់លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជាដើម។
កាលចេះតែកន្លងទៅៗ មិនយូរប៉ុន្មាន បណ្ដាសៀវភៅ បាដិមោក្ខសង្ខេប ដែលភិក្ខុសាមណេរផ្ដិតពុម្ពចាហួយចែកគ្នារៀនសូត្រនោះ មិនដឹងជាអ្នកណាយកសៀវភៅមួយក្បាលទៅប្ដឹងក្រសួងធម្មការថា សៀវភៅនេះហើយ ដែលក្រសួងធម្មការហាមមិនឱ្យសិក្សា ឥឡូវឃើញមានគរគោក។ ក្រសួងធម្មការ ក៏បានឱ្យនិមន្តលោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត មកសាកសួរអំពីរឿងនេះ ហើយបានបង្ខំឱ្យលោកដើរប្រមូលសៀវភៅ បាដិមោក្ខសង្ខេប ទាំងអស់នោះ យកមកប្រគល់ដល់ក្រសួងធម្មការ។ ក្រសួងធម្មការបាននិមន្តលោកមកសួរនោះអស់ចំនួន ២-៣ ថ្ងៃ ដើម្បីរករឿងកំហុស ប៉ុន្តែលោកឆ្លើយបដិសេធថា លោកឥតបានដឹងជាអ្នកណាយកទៅចម្លងទេ។ល។ រឿងនេះមិនយូរប៉ុន្មាន ក៏ស្ងប់ទៅវិញ ដោយ សម្ដេចចក្រីកុញ្ជរាធិបតី ពេជ្រ ប៉ុន ជួយធ្វើអន្តរាគមន៍ផង។
គួរពុទ្ធបរិស័ទទាំងឡាយ ទាំងបព្វជិតទាំងគ្រហស្ថ ពិចារណាមើលចុះ សម័យនោះ ជាសម័យមានគ្រោះថ្នាក់ចំពោះព្រះពុទ្ធសាសនា ជាអធម្មិកសម័យផង ជាសម័យដុះពន្លកនៃព្រះពុទ្ធសាសនាខាងគណៈមហានិកាយផង ព្រោះថាក្នុងសម័យនោះ អ្នកណាដែលពេញចិត្តនិងការសិក្សារៀនសូត្រ ក៏ខំប្រឹងប្រែងឥតសំច័យកម្លាំង។ អ្នកណាដែលមិនពេញចិត្ត ក៏ខំប្រឹងទប់ទល់ ខំប្រឹងរករឿងហេតុ ឥតឈប់ឈរឡើយ។
ការខំប្រឹងរករឿងហេតុ របស់អ្នកដែលមិនពេញចិត្តនោះ គ្មានបានលទ្ធផលអ្វីទេ។ ផ្ទុយទៅវិញ អ្នកសិក្សារៀនសូត្រចង់ចេះដឹង ក៏កាន់តែមានចំនួនច្រើនឡើងៗ។ សៀវភៅវិន័យសម្រាប់បព្វជិតសិក្សាក៏មានកាន់តែច្រើនឡើងៗជាលំដាប់។
ក្នុងសម័យជាមួយគ្នានោះឯង ព្រះគ្រូសង្ឃវិជ្ជា ហួត តាត (គឺខ្លួនខ្ញុំ) កំពុងពិនិត្យមើលគម្ពីរវិន័យ ហើយកំពុងតែរង់ចាំឱកាសល្អ ប៉ុន្តែមិនអាចនឹងធន់ទ្រាំឱ្យសម័យចង្រៃកន្លងទៅផុតបានឡើយ ក៏បានរៀបចំធ្វើសៀវភៅវិន័យ១ សម្រាប់ឱ្យសាមណេរសិក្សារៀនសូត្រ ឱ្យឈ្មោះថា “សាមណេរវិន័យ”។ ក្នុងសៀវភៅសាមណេរវិន័យនោះនិយាយអំពី សិក្ខាបទ ១០ ទណ្ឌកម្ម ១០ និងនាសនង្គៈ ១០ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗ រហូតដល់ សេក្ខិយវត្ត ៧៥ ដែលសាមណេរត្រូវប្រតិបត្តិ។ រៀបចំធ្វើរួចស្រេចហើយ ខ្ញុំបានសុំឱ្យលោកគ្រូ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ និងលោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត ដាក់ឈ្មោះថា បានធ្វើរួមជាមួយគ្នា ព្រោះខ្ញុំគិតឃើញថា សៀវភៅនេះតែបោះពុម្ពរួចកាលណា មុខជានឹងមានរឿងហេតុកើតឡើងមិនខាន។ បើមានហេតុកើតឡើង នឹងមានគ្នាបីរូបជួយដោះស្រាយ។ លោកគ្រូទាំងពីរអង្គ ក៏យល់ព្រមដាក់ព្រះនាមរបស់លោកជាមួយនឹងខ្ញុំ ជាប់នៅលើសៀវភៅ សាមណេរវិន័យ រហូតដល់សព្វថ្ងៃនេះ។
ក្នុងពេលដែលយើងធ្វើសៀវភៅនេះរួចហើយ លោកអ្នកឧកញ៉ាអធិបតីសេនា កេត បានពេញចិត្តចង់បានសៀវភៅ សាមណេរវិន័យ យកទៅបោះពុម្ពចែកប្រគេនព្រះសង្ឃ ក្នុងឱកាសនៃពិធីបុណ្យ ឧទ្ទិសផលជូនមាតាបិតារបស់លោក។ យើងទាំងបីរូប ក៏បានប្រគល់សៀវភៅ សាមណេរវិន័យ ទៅលោកឱ្យបោះពុម្ពតាមត្រូវការចុះ។ លោកអ្នកឧកញ៉ា អធិបតីសេនា កេត មុននឹងជួលរោងពុម្ពឱ្យបោះ លោកបានប្រគេនសៀវភៅនេះទៅ សម្ដេចព្រះសង្ឃនាយក ព្រះនាម អ៊ុក សុំអនុញ្ញាតបោះពុម្ភ (ព្រោះក្នុងសម័យនោះ ការបោះពុម្ពសៀវភៅអ្វីៗទាំងអស់ ពុំអាចធ្វើដោយសេរីទេ។ បងសៀវភៅខាងសាសនា ត្រូវសុំអនុញ្ញាតពី ព្រះសង្ឃនាយកទាំងពីរគណៈជាមុនសិន បើបានអនុញ្ញាតពេលសម្ដេចព្រះសង្ឃនាយក ហើយត្រូវបានអនុញ្ញាតទេកុង្សីយ៍សេនាបតី ទើបបោះពុម្ពបាន)។ ក្នុងពេលនោះ សម្ដេចព្រះសង្ឃនាយក ព្រះនាម អ៊ុក មិនព្រមអនុញ្ញាតឱ្យបោះពុម្ពឡើយ ព្រោះលោកយល់ថា ការបោះពុម្ពវិន័យនេះ ទាស់ខុសនឹងព្រះរាជប្រកាសលេខ ៧១ ហើយវានឹងបណ្ដាលឱ្យកើតមានចលាចលពុំខាន។
លោកអ្នកឧកញ៉ា អធិបតីសេនា កេត កាលលោកមិនបានទទួលអនុញ្ញាតពី សម្តេចព្រះសង្ឃនាយក ព្រះនាម អ៊ុក យ៉ាងនេះហើយ នោះក៏យកសៀវភៅ សាមណេរវិន័យ នោះ សុំអនុញ្ញាតពីលោក ឡឺរ៉េស៊ីដង់ ស៊ូប៉េរីយើរ។ លោក ឡឺរ៉េស៊ីដង់ ស៊ូប៉េរីយើរ ក៏បានអនុញ្ញាតឱ្យបោះពុម្ពសៀវភៅនោះតាមសុំ។
ក្រោយដែលលោកបានទទួលអនុញ្ញាតពីលោក ឡឺរ៉េស៊ីដង់ ស៊ូប៉េរីយើរ ហើយ លោកអ្នកឧកញ៉ា អធិបតីសេនា កេត បងយកទៅជួលរោងពុម្ព អាល់ប៊ែរពរតៃ ឱ្យបោះពុម្ពចំនួន ៥០០០ចប់។ ក្នុងពេលដែលរោងពុម្ពកំពុងតែបោះ គេបានឮពាក្យចចាមអារ៉ាមនិយាយគ្នាតពីមាត់មួយទៅមាត់មួយថា ឈ្មោះណាដែលធ្វើសៀវភៅ សាមណេរវិន័យ ពួកគិញកំពុងតែស៊ើបរកឈ្មោះនោះហើយនឹងចាប់យកទៅជំនុំជម្រះ។ ខ្លួនខ្ញុំដែលបានឮអ្នកនិយាយដូច្នេះ តែងតែបានឆ្លើយតបទៅវិញថា “មិនចាំបាច់ស៊ើបរកឈ្មោះនាំឱ្យខាតពេលវេលាទេ ឯឈ្មោះអ្នកតែងសៀវភៅ សាមណេរវិន័យ នោះមានបោះពុម្ពជាប់នៅលើសៀវភៅនោះស្រាប់ហើយ”។
លុះសៀវភៅនោះបានចេញពីរោងពុម្ពមក យើងបានចែកចំពោះអស់លោកដែលត្រូវការទទួលយក។ ចំណែកលោកអ្នកឧកញ៉ា អធិបតីសេនា កេត លោកបានយកតាមចំនួនដែលលោកត្រូវការ ដើម្បីចែកក្នុងពិធីបុណ្យឧទ្ទិសផលជូនមាតាបិតាលោក។
សម្ដេចព្រះធម្មលិខិត ល្វី ឯម ចៅអធិការវត្តលង្កា ការរស់នៅជា ព្រះញាណបវរវិជ្ជា នៅឡើយ បានទទួលយកសៀវភៅនោះជាច្រើនក្បាលទៅដែរ ហើយលោកបានថ្វាយសៀវភៅមួយចំពោះ ព្រះអង្គម្ចាស់ មុនីវង្ស កាលមុនព្រះអង្គទ្រង់សោយរាជ្យ ដើម្បីទ្រង់បានជ្រាប។ ព្រះអង្គម្ចាស់ទ្រង់បានទតសព្វគ្រប់ ទ្រង់បានសរសើរថា “សៀវភៅនេះល្អណាស់ ព្រោះមានសេចក្ដីពិស្តារ សម្រាប់សាមណេរអ្នកបួសក្នុងព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាម”។ ហើយទ្រង់សរសើរ ចំពោះឈ្មោះអ្នកបានតែងសៀវភៅនោះផង។
តាំងពីសៀវភៅ សាមណេរវិន័យ នោះ បានផ្សាយចេញពេលណា វាទៈផ្សេងៗក៏កើតឡើងអ៊ូអរ ខ្លះក៏ពោលសរសើរដោយសេចក្ដីពេញចិត្តត្រេកអរ ខ្លះក៏ពោលនិន្ទារិះគន់ថា បំផ្លាញព្រះពុទ្ធសាសនា ដោយទោមនស្សអាក់អន់ចិត្ត ចំពោះការបោះពុម្ពសៀវភៅ សាមណេរវិន័យ នោះ។
ចំណែក សម្ដេចព្រះធម្មលិខិត ព្រះសង្ឃនាយក ព្រះនាម អ៊ុក ក៏មិនសប្បាយព្រះទ័យ ហើយបានប្រជុំព្រះរាជាគណធំតូច នៅទីកុដិរបស់លោក ហើយបានធ្វើចុតហ្មាយមួយច្បាប់ ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ ជាម្ចាស់ជីវិត ភ្ជាប់ទាំងសៀវភៅ សាមណេរវិន័យ មួយក្បាលទៅជាមួយផង។ ក្នុងចុតហ្មាយ សម្ដេចព្រះសង្ឃនាយកនោះ ដឹងពីឈ្មោះ ៣ គឺ ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត និងព្រះគ្រូសង្ឃវិជ្ជា ហួត តាត (គឺខ្លួនខ្ញុំ) ដែលជាអ្នកតែងសៀវភៅ សាមណេរវិន័យ ថាព្រះគ្រូទាំង ៣ រូបនេះ តែងសៀវភៅធ្វើឱ្យកើតចលាចលក្នុងប្រទេស ហើយធ្វើឱ្យខុសនឹងព្រះរាជប្រកាសលេខ៧១ ថាព្រះគ្រូទាំង ៣ មានកំហុសដ៏ធ្ងន់ សូមព្រះរាជានុញ្ញាតដេញព្រះគ្រូទាំង ៣ រូបនេះ ចេញពីវត្តឧណ្ណាលោម។
ថ្ងៃមួយក្រោយមក ព្រះអង្គម្ចាស់ ព្រះស៊ីសុវត្ថិ មុនីវង្ស ទ្រង់យាងទៅគាល់ព្រះករុណាជាម្ចាស់ជីវិត ជាព្រះវររាជបិតា ក្នុងព្រះបរមរាជវាំង។ ព្រះករុណាជាម្ចាស់ជីវិតទ្រង់ត្រាស់ចំពោះព្រះអម្ចាស់ ជាព្រះរាជបុត្តថា “នែកូន លោកសង្ឃនាយក អ៊ុក ប្ដឹងបណ្ដេញលោក ៣ អង្គថា លោកទាំងនោះ តែងសៀវភៅខុសច្បាប់ នាំឱ្យកើតចលាចល។ រឿងហ្នឹងវាយ៉ាងម៉េច ? កូនមើលចុតហ្មាយនេះមើល ! ”
ព្រះអម្ចាស់ ព្រះស៊ីសុវត្ថិ មុនីវង្ស លុះទ្រង់បានពិនិត្យមើលរួច បានក្រាបបង្គំទូល ព្រះករុណាជាអម្ចាស់ជីវិតថា “សូមទ្រង់ព្រះមេត្តាប្រោស សៀវភៅនេះគឺសៀវភៅ សាមណេរវិន័យ ដែលជាវិន័យសម្រាប់សាមណេររៀនសូត្រ។ ទូលព្រះបង្គំជាខ្ញុំមានសៀវភៅនេះមួយដែរ ដោយលោកគ្រូ ព្រះញាណបវរវិជ្ជា វត្តលង្កា ផ្ញើមកឱ្យទូលបង្គំជាខ្ញុំៗ បានពិនិត្យមើលដល់ចប់។ សៀវភៅនេះល្អណាស់ ហើយវាមានប្រយោជន៍ច្រើន ដល់កុលបុត្រដែលបួសជាសាមណេរ ក្នុងព្រះពុទ្ធសាសនា។ ក្នុងស្រុកយើង វាលខ្សត់ខ្សោយ ពុំសូវមានសៀវភៅក្បួនច្បាប់ខាងព្រះពុទ្ធសាសនាទេ។ ឥឡូវមានលោកក្មេងៗខាងក្រោយដែលខំរៀនសូត្របានចេះដឹង ហើយខំធ្វើសៀវភៅឱ្យកើតឡើង ទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាយ៉ាងនេះ វាជាការប្រសើរណាស់។ មិនគួរបើលោក សង្ឃនាយក អ៊ុក កើតទោមនស្ស ហើយប្ដឹងបណ្ដេញលោកទាំងនេះដូច្នេះសោះ។ សូមទ្រង់ព្រះមេត្តាប្រោស លោកចាស់ៗទាំងអស់នេះឥតចេះដឹងអ្វីទេ ឃើញលោកក្មេងៗចេះដឹង បែរជាស្អប់គេទៅវិញ មកពីមានការឈ្នានីស មិនចង់ឱ្យគេចេះដឹង មិនចង់ឱ្យគេធ្វើអ្វីកើត។ លោកចាស់ៗទាំងនេះបានតែដកងារចោល ហើយដេញចេញវិញ ទើបសមនឹងអំពើរបស់លោក”។
ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានព្រះរាជបន្ទូលថា “អើកូន! លោកសង្ឃនាយកនេះមិនស្រួលទេ ចេះតែរករឿងលោកក្មេងៗ ដែលគេចេះដឹងជាងខ្លួន។ លុះអស់នេះខូចណាស់”។ ចាប់តាំងពីថ្ងៃនោះមក លិខិតបណ្ដឹងរបស់ សម្ដេចព្រះសង្ឃនាយក អ៊ុក ក៏ត្រូវព្រះករុណាជាអម្ចាស់ជីវិត ទ្រង់បដិសេធចោលជាអសារបង់។
រឿងដែលខ្ញុំយកមកថ្លែងក្នុងទីនេះ គឺដើម្បីឱ្យព្រះភិក្ខុសង្ឃ និងពុទ្ធបរិស័ទទាំងឡាយជ្រាបថា ក្នុងសម័យនោះ វាពិបាកណាស់ គេគ្រាន់តែតែងធម៌វិន័យតាមគម្ពីរ ដីកា ហើយសសេរដាក់លើក្រដាស ឬបោះពុម្ពជាសៀវភៅក៏មិនបាន គេរៀនសូត្រតាមសៀវភៅក៏មិនបានដែរ។ គេត្រូវហាមឃាត់ជាដរាប រហូតដល់ប្ដឹងបណ្ដេញក៏មាន ប៉ុន្តែគុណានុភាពនៃព្រះពុទ្ធសាសនា មិនទាន់ដល់កំណត់កាលដែលត្រូវវិនាសនាំឱ្យព្រះមហាក្សត្រ គឺព្រះករុណាព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ជាព្រះរាជបុត្រ ដែលជាទេវតាហៅថា ព្រះសម្មតិទេព ទ្រង់ពុំជឿស្ដាប់តាមហើយទ្រង់ជួយឧបត្ថម្ភ ចំពោះការសិក្សារៀនសូត្រ ការតែងនិពន្ធធម៌អាថ៌វិន័យសិក្ខា និងការបោះពុម្ពជាសៀវភៅ ហើយមានអាយុរស់នៅតរៀងមក ទោះបីក្នុងសម័យនោះ ប្រទេសកម្ពុជាយើង ឋិតនៅក្រោមអំណាចនៃរាជការបារាំង ព្រះមហាក្សត្រយើង និងរាជរដ្ឋាភិបាលយើង មានអំណាចមិនបរិបូណ៌ក៏ដោយ ក៏គង់ នៅមានកិច្ចការខ្លះខាងព្រះពុទ្ធសាសនា ឋិតនៅក្រោមព្រះបរមរាជូបត្ថម្ភនៃព្រះមហាក្សត្ររបស់យើងដែរ។
ហេតុដូចនេះហើយបានជាក្នុងសម័យនោះ ទោះបីគេហាមឃាត់យ៉ាងណាក្ដី គេប្រទូស្តរករឿងហេតុយ៉ាងណាក្ដី គេក៏មិនអាចនឹងទប់ទល់នូវការចម្រើនលូតលាស់បានឡើយ។ សៀវភៅសម្រាប់រៀនសូត្រ និងសៀវភៅសម្រាប់ប្រតិបត្តិ ក៏ចេះតែកើនឡើងដល់លំដាប់ ដូចសៀវភៅ សាមណេរវិន័យ សម្រាប់សាមណេរ សៀវភៅ បាដិមោក្ខសង្ខេប សម្រាប់ភិក្ខុរៀនទន្ទេញចាំមាត់ សៀវភៅ បព្វជាខន្ធកសង្ខេប សម្រាប់បំបួសកុលបុត្រក្នុងព្រះពុទ្ធសាសនា សៀវភៅ កឋិនក្ខន្ធកសង្ខេប សម្រាប់ភិក្ខុសិក្សាឱ្យចេះរឿងកឋិន សៀវភៅ សីមាវិនិច្ឆ័យសង្ខេប សម្រាប់សិក្សាឱ្យចេះរឿងពទ្ធសីមា និងអពទ្ធសីមា និងសៀវភៅ គិហិប្បដិបត្តិ សម្រាប់គ្រហស្ថ ជាឧបាសក ឧបាសិកា ប្រតិបត្តិជាដើម។
សៀវភៅ ធម៌វិន័យ ដែលមានឈ្មោះខាងលើនេះ បានកើតឡើងជាលំដាប់ សម្រាប់ពុទ្ធបរិស័ទជាអ្នកបួស និងជាគ្រហស្ថ ដែលមានចិត្តជ្រះថ្លា សិក្សារៀនសូត្រ និងប្រតិបត្តិតាមតៗមក។
ទោះបីសេចក្ដីព្យាយាម ខំប្រឹងទម្លុះទម្លាយឧបសគ្គគ្រប់បែបយ៉ាងក្នុងការពង្រីក ធម៌វិន័យ និងផ្លូវប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនារបស់យើង បានចម្រើនទៅមុខបន្តិចម្ដងៗ ដូចសេចក្ដីរៀបរាប់ខាងលើគេក៏ដោយ សេចក្ដីលំបាករបស់យើង ក៏ចេះតែនៅមានជាប់មកជាមួយជាដរាប ដោយព្រះរាជប្រកាសលេខ ៧១ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ១៩១៨ នៅមានអំណាច អាចនាំឱ្យគេស្វែងរកទោសកំបុសពីនេះពីនោះ មិនចេះចប់។ ប៉ុន្តែព្រះសង្ឃនិងគ្រហស្ថ ដែលពេញចិត្តក្នុងការសិក្សា និងការប្រតិបត្តិឱ្យត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា ក៏កាន់តែចម្រើនឡើងៗ កើនចំនួនកាន់តែច្រើនឡើងៗ ហើយមានការពឹងផ្អែកទៅលើព្រះត្រៃបិដកផងទៀត ព្រោះពេលនោះអង្គការបោះពុម្ពព្រះត្រៃបិដកប្រែ គឺរាជការបានបង្កើតរួចហើយ។
សូមពុទ្ធបរិស័ទទាំងឡាយ គិតពិចារណាមើលចុះ ក្នុងសម័យនោះ សាលាបាលីជាន់ខ្ពស់បានកើតឡើងហើយ ពុទ្ធសាសនបណ្ឌិត្យបានកើតឡើងហើយ ក្រុមជំនុំប្រែព្រះត្រៃបិដកក៏កើតឡើងហើយៗ អង្គការទាំងបីនេះ មានភារៈខាងការដឹកនាំឱ្យព្រះសង្ឃសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា និងមានភារៈខេមប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកជាភាសាខ្មែរ ដើម្បីឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទជាតិខ្មែរ ដែលមិនចេះបាលីបានដឹង បានយល់ច្បាប់ព្រះពុទ្ធសាសនាឱ្យបានច្បាស់លាស់ ហើយនិងប្រតិបត្តិតាមឱ្យបានត្រឹមត្រូវតាមព្រះឱវាទនៃព្រះពុទ្ធជាម្ចាស់។ អង្គការទាំងបីនេះ ជាអង្គការដែលរាជការបានបង្កើតក្នុងប្រទេសកម្ពុជាយើងនេះ។ គួរណាស់តែអ្នកកាន់អំណាចខាងផ្នែកពុទ្ធចក្រ មានសម្ដេចព្រះសង្ឃនាយកជាដើម និងខាងផ្នែកអាណាចក្រមានក្រសួងធម្មការជាដើម ព្រមទាំងខាងផ្នែករាជការអាណាព្យាបាល ដែលមានជាតិបារាំងមួយនាក់ តំណាងរាជការបារាំង នៅអមរាជការខ្មែរពីដើម បើកសិទ្ធិឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទទូទៅ ខំប្រឹងសិក្សារៀនសូត្រ ខំប្រឹងប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានត្រឹមត្រូវតាមគម្ពីរដីកា ក្បួនច្បាប់បានតាមបំណង។ ពេលនេះមិនដូច្នោះ បែរជាផ្ទុយទៅវិញ ក្នុងសម័យនោះ អ្នកកាន់អំណាចខាងលើនេះ (មិនដឹងបណ្ដាលមកពីការប្រកាន់បក្សពួក ឬក៏បណ្ដាលមកពីអ្វី) បែរជាត្រឡប់រកកំហុស ចំពោះព្រះសង្ឃណានិងពុទ្ធបរិស័ទណា ដែលខំប្រឹងសិក្សា ខំប្រឹងស្វែងរកផ្លូវប្រតិបត្តិត្រូវទៅវិញ ដោយគេចោទថា ធ្វើខុសនឹងព្រះរាជប្រកាសលេខ ៧១ ប៉ុន្តែគេពុំអាចនឹងធ្វើទោសកើត ព្រោះអ្នកសិក្សានិងអ្នកដែលត្រូវការរកផ្លូវប្រតិបត្តិតាមគម្ពីរ តាមច្បាប់ កាន់តែមានចំនួនច្រើនលើសលប់ពេក។ គេបានគិតរៀបចំធ្វើព្រះរាជប្រកាសមួយបន្ថែមលើព្រះរាជប្រកាសលេខ៧១ បញ្ញត្តិឱ្យតឹងរ៉ឹងជាងមុនទៅទៀត ដើម្បីឱ្យមានផ្លូវងាយនឹងចាប់កំហុស ធ្វើទណ្ឌកម្មឱ្យរាងចាល។
ក្នុងពេលនោះព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយ ទាំងក្នុងរាជធានី ទាំងក្នុងខេត្តទាំងអស់ ដែលពេញចិត្តនឹងការសិក្សា និងការប្រតិបត្តិត្រូវ
ក្រោយពីបានដឹងថា អ្នកកាន់អំណាចចក្រទាំងពីរ ប្រុងប្រៀបនឹងធ្វើព្រះរាជប្រកាសបញ្ញត្តឱ្យតឹងរ៉ឹងមិនឱ្យសិក្សា មិនឱ្យធ្វើអ្វីដែលប្លែកពីទំនៀមទម្លាប់ដើម ដែលមានក្នុងសម័យនៃ សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង ដូច្នោះហើយ ក៏បានប្រុងប្រៀបខ្លួននឹងចូលមកក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតក្នុង ថ្ងៃណាមួយ ដើម្បីសូមព្រះបរមរាជានុញ្ញាតឱ្យមានសិទ្ធិក្នុងការសិក្សារៀនសូត្រ ឱ្យមានសិទ្ធិក្នុងការប្រតិបត្តិត្រឹមត្រូវតាមច្បាប់ដែលមានក្នុងគម្ពីរព្រះត្រៃបិដក។
ការប្រុងប្រៀបខ្លួននោះ មិនមែនត្រឹមតែខាងព្រះសង្ឃទេ ទាំងពុទ្ធបរិស័ទជាគ្រហស្ថក្នុងរាជធានីនិងក្នុងខេត្តក្រៅ ក៏បបួលគ្នាឱ្យដំណឹងដល់គ្នាទៅវិញទៅមក កំណត់យកថ្ងៃណាមួយនឹងមកប្រជុំរួមគ្នាតែម្ដង។ ព័ត៌មានដ៏រំជើបរំជួលនេះ បាននាំឱ្យលោក ឡឺរេស៊ីដង់ ស៊ូប៉េរីយើរ បានជ្រាប ហើយលោកប្រហែលជាមានសេចក្ដីព្រួយបារម្ភ ក្រែងការនេះនឹងក្លាយទៅជាការសៅហ្មង និងការស្អុះស្អាប់ក្នុងប្រទេស ទើបលោកខំប្រឹងចាត់ការឱ្យចេញផ្សាយយ៉ាងប្រញាប់នូវព្រះរាជបន្ទូល សូរសីហនាទនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចំពោះព្រះសង្ឃនិងប្រជានិករទូទៅក្នុងព្រះរាជាណាចក្រថា “ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយ ដែលត្រូវការសិក្សា ត្រូវការប្រតិបត្តិឱ្យត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា ដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក គប្បីសិក្សា គប្បីប្រតិបត្តិ តាមសេចកក្ដីប្រាថ្នាចុះ”។ ចាប់តាំងពីពេលនោះមក ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយដែលមានបំណងចង់សិក្សា ចង់ប្រតិបត្តិឱ្យត្រឹមត្រូវនោះ ក៏បានសេចកក្ដីសុខស្ងប់គ្រាន់បើ។ ការរំជើបរំជួលក៏បានស្ងប់រម្ងាប់បាត់ទៅ។
ប៉ុន្តែភិក្ខុសាមណេរ ខាងគណៈមហានិកាយ នៅតែមានសេចក្ដី លំបាក ក្នុងការឃ្លុំ-គ្រងចីពរដោយមានទម្លាប់ខុសយូរមកហើយ មិនអាចរើរៀបចំឱ្យត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនាបាន។ កាលណរើរៀបចំឱ្យត្រឹមត្រូវ គេពោលទោសរិះគន់ថា ធ្វើតែម្នាក់នេះ ធ្វើតាមអ្នកនោះ ឬថាក្លែងភេទ។ លុះកាលចេះតែកន្លងទៅ ពាក្យរិះគន់និន្ទាទាំងនោះក៏រលត់ស្ងប់ទៅ ដោយលំដាប់ ប៉ុន្តែចំពោះការនិមន្តចូលទៅក្នុងព្រះបរមរាជវាំង នៅតែមានការលំបាកក្នុងរឿងឃ្លុំចីពរ មិនដឹងជាមានទំនៀមទម្លាប់ជាប់នៅទីក្រុងណា តម្រូវឱ្យភិក្ខុសង្ឃខាងគណៈមហានិកាយ ក្នុងពេលចូលព្រះបរមរាជវាំង ឃ្លុំត្បៀតក្លៀកដើម្បីកុំឱ្យច្រឡំនិងគណៈធម្មយុត្ត។ ម៉្លោះហើយ ការនិមន្ត ចូលទៅកាន់ព្រះបរមរាជវាំងម្ដងៗ ព្រះសង្ឃខាងគណៈមហានិកាយ នៅតែមានការលំបាកក្នុងរឿងឃ្លុំចីពរ គឺត្រូវខ្លួនត្បៀតក្លៀក។
លុះមកដល់រជ្ជកាលនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន គឺចាប់តាំងពីព្រះអង្គសោយរាជ្យសម្បត្តិឡើងកាលណា ព្រះសង្ឃខាងគណៈមហានិកាយ ត្រឡប់បានធូរចិត្តគំនិត បានសុខស្រួលក្នុងការឃ្លុំចីពរឱ្យត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា។ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នកាលនេះ សម្ដេចព្រះមហាក្សត្រីយានី ជាព្រះវររាជមាតា និងព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ វរ្ម័ន ជាងព្រះរាជឱរស ទ្រង់ជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភក៍ ទ្រង់បានហាមប្រាមក្រុមសង្ឃការី មិនឱ្យត្រួតត្រាព្រះសង្ឃក្នុងការឃ្លុំចីពរ ចូលទៅកាន់ព្រះបរមរាជវាំងដូចមុន ព្រោះព្រះអង្គទ្រង់ឈ្វេងយល់ថា ព្រះសង្ឃមានវិន័យជាច្បាប់សម្រាប់ប្រតិបត្តិតាម បើព្រះសង្ឃលោកស្លៀកដណ្ដប់យ៉ាងណាត្រឹមត្រូវតាមច្បាប់ ត្រូវតែលោកធ្វើយ៉ាងនោះ មិនត្រូវអ្នកណាទៅហាមឃាត់លោកទេ។ មិនតែប៉ុណ្ណោះព្រះករុណាជាអម្ចាស់ជីវិត ព្រះនរោត្តម សីហនុវរ្ម័ន ទ្រង់បានចាត់ ហ្មឺនភក្ដីឧទ័យ ប្រាក់ ជាព្រះរាជបម្រើ ទៅថ្លែងព្រះរាជឱង្ការចំពោះព្រះសង្ឃវត្តឧណ្ណាលោម នៅចំពោះព្រះភក្រ្តនៃព្រះតេជព្រះគុណ ព្រះមហាវិមលធម្ម ព្រះនាម កែវ គង់ ចៅអធិការវត្តឧណ្ណាលោម កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤១ ថា ឱ្យព្រះភិក្ខុសង្ឃខាងគណៈមហានិកាយ ឃ្លុំចីពរដាក់លើស្មា ចូលព្រះបរមរាជវាំងចុះ តាមការស្រួលរបស់ភិក្ខុសង្ឃ។
ដកស្រង់ចេញពីសៀវភៅ កល្យាណមិត្តរបស់ខ្ញុំ របស់ព្រះមហាសុមេធាធិបតី ហួត តាត