មេត្តា​វិហារកថា

សារវន្តកថា

សូមនមស្ការ ចំពោះព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរព)។

មេត្តាវិហារ  យោ  ភិក្ខុ  បសន្នោ  ពុទ្ធសាសនេ
អធិកច្ឆេ  បទំ  សន្តំ  សង្ខារូបសមំ  សង្ខារូបសមំ  សុខំ។

សេចក្ដីថា ភិក្ខុណាមួយមានមេត្តាធម៌ ជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះគប្បីបាននូវផ្លូវស្ងប់ជាសុខ ជាឧបាយ ជាទីរម្ងាប់បង់នូវសង្ខារ។

សូមពណ៌នាតាមបាលីពុទ្ធភាសិត ដែលមានក្នុងគម្ពីរខុទ្ទកនិកាយ អដ្ឋកថាធម្មបទ ផ្នែកខាងសុត្តន្តបិដក ដែលព្រះពុទ្ធទ្រង់សម្ដែងប្រារព្ធចំពោះភិក្ខុជាច្រើនរូប។ សូមអធិប្បាយបាលីថា «មេត្តា» ជាមុន រួចសឹមអធិប្បាយបាលីថា មេត្តាវិហារី តទៅ។

មេត្តា ប្រែថា សេចក្ដីរាប់អានជាប់ស្អិត ស្និទ្ធស្នាល មកអំពីសព្ទដើមថា « មិទ » សមដូចវិគ្គហៈថា សព្វេសុ ចាណេសុ មេជ្ជតិ  សីនេហតីតិ មេត្តា  ធម្មជាតណាជាប់ស្អិត រាប់អានស្និទ្ធស្នាល ចំពោះសត្វទាំងឡាយទាំងពួង ធម្មជាតនោះឈ្មោះថា មេត្តា។

មេត្តាធម៌នេះ ជាធម៌សម្រាប់ធ្វើមនុស្សសត្វ ឱ្យបានទទួលនូវសេចក្ដីសុខសម្រាន្តគ្រប់ពេលវេលា  ទុកដូចជាអាវុធមួយក្នុងព្រះពុទ្ធសាសនា សម្រាប់ការពារសង្គមរបស់មនុស្សកុំឱ្យមានការបៀតបៀនពីអ្នកដទៃ ទាំងជាឱសថដ៏វិសេសសម្រាប់បន្សាបនូវរោគ គឺ កោធៈ ព្យាបាទៈ ជាដើមឱ្យស្ងប់រម្ងាប់បាន ព្រោះកោធៈ និងព្យាបាទនេះ ជាឆ្នួនសង្រ្គាមក្នុងផ្លូវចិត្តសម្រាប់ដុតកម្ដៅសត្វឱ្យក្ដៅក្រហាយអន្ទះអន្ទែង បើក្រៅអំពីទឹក គឺមេត្តានិងខន្តី មិនងាយរម្ងាប់កម្ដៅក្នុងផ្លូវចិត្តនេះបានឡើយ។

មេត្តាធម៌ ជាធម៌សម្រាប់កសាងសង្គមមនុស្សឱ្យបានទទួលនូវសេចក្ដីសុខ ចម្រើនខាងសីលធម៌ វឌ្ឍនធម៌ អារ្យធម៌ មិនថាសង្គមណាឬបក្សណាឡើយ ទាំងជាគ្រឿងចងនូវមិត្តភាព សាមគ្គីភាព ក្នុងសង្គម ឬប្រទេសមួយៗ ឱ្យបានរឹងប៉ឹងផង។

មេត្តាធម៌ជាសន្តិធម៌ គឺធម៌ស្ងប់សម្រាប់ធ្វើចិត្តមនុស្សកុំឱ្យបៀតបៀន ព្យាបាទគ្នាទៅវិញទៅមក។ មេត្តាធម៌ជាធម៌ត្រជាក់ អាចលត់នូវភ្លើងខាងផ្លូវចិត្តនិងផ្លូវកាយបានដោយពិត។

មេត្តាវិហារី ប្រែថា ភិក្ខុអ្នកនៅដោយមេត្តា បើតាមបាលីពុទ្ធភាសិតនេះ ក៏ហាក់ដូចជាព្រះសម្ពុទ្ធទ្រង់ដាស់តឿនចំពោះតែភិក្ខុ មិនទូទៅដល់គ្រហស្ថទេ ប៉ុន្តែក្នុងទីនេះបានជាព្រះអង្គទ្រង់សម្ដែងដូច្នោះ ព្រោះមានច្រើនតែភិក្ខុនៅគាល់ស្ដាប់ធម៌ទេសនាក្នុងទីនោះ ទើបព្រះអង្គសម្ដែងចំពោះភិក្ខុតែម្ដង។ ព្រះពុទ្ធជាអ្នកប្រាជ្ញមានព្រះទ័យពោរពេញដោយមេត្តានេះឥតឧបមា ប្រាថ្នាឱ្យសត្វទាំងអស់បានទទួលនូវសេចក្ដីសុខ ចម្រើនគ្រប់ៗគ្នា។

ភិក្ខុគួរជាអ្នកមានចិត្តប្រកបដោយមេត្តាគ្រប់ឥរិយាបថ ទាំង ៤ គឺ ដើរ ឈរ អង្គុយ ដេក ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី គួរតែជាអ្នកក្រាស់ដោយមេត្តាធម៌នេះជានិច្ច ឱ្យច្រើនជាងគ្រហស្ថ ព្រោះភិក្ខុអ្នកមានមេត្តាធម៌ រមែងជាអ្នកនៅ​ជាសុខធំទូលាយក្នុងសាសនានេះ។ ភិក្ខុណាគ្មានមេត្តាធម៌ទេ ភិក្ខុនោះរមែងបាននូវទុក្ខ នាំមកនូវសេចក្ដីអផ្សុកក្នុងព្រះពុទ្ធសាសនា ចំពោះខ្លួនឯង ព្រោះក្នុងព្រះពុទ្ធសាសនានេះគួរភិក្ខុមានមេត្តាធម៌ជាសាធារណៈ។

ប្រជានិករក្នុងប្រទេសនីមួយៗឬក៏ក្នុងសកលលោក បើពុំមានមេត្តាធម៌ ប្រាកដជាមានចិត្តប្រកបដោយការបៀតបៀនគ្នាពុំខាន។ យើងជាអ្នកប្រាថ្នាសេចក្ដីសុខចម្រើន សេចក្ដីសរសើររុងរឿង គួរតែតាំងចិត្តទោរទន់ចំពោះបុគ្គលដទៃ កុំច្រណែនឈ្នានីសគេ គួរតាំងចិត្តប្រកបដោយការរាប់អានគ្នាទៅវិញទៅមក ត្រូវតាំងចិត្តថា គេស្អប់សេចក្ដីទុក្ខ ស្រឡាញ់សេចក្ដីសុខ ស្អប់ក្រ ស្រឡាញ់មាន ស្អប់សេចក្ដីវិនាស ស្រឡាញ់សេចក្ដីចម្រើន ដូចអាត្មាអញដែរ គេដូចអញៗដូចគេ។ បើបុគ្គលណាផ្ដាច់សេចក្ដីសុខអំពីអ្នកដទៃ ហើយប្រមូលយកសុខមកដើម្បីខ្លួន បុគ្គលនោះឈ្មោះថាមិនមានមេត្តាធម៌ ឈ្មោះថាគ្មានមិត្តភាពរវាងមនុស្សសត្វ រហូតដល់លោកទាំងមូល។ ព្រោះថាផ្ទះនីមួយៗ ប្រទេសមួយៗ ឬប្រទេសទាំងអស់ក្នុងសកលលោក បើជនក្នុងផ្ទះឬប្រទេសនោះៗ មិនមានមេត្តាធម៌ ប្រាកដជាមិនមានមិត្តភាពរវាងផ្ទះមួយ ប្រទេសមួយឡើយ បើមិនមានមិត្តភាព រវាងគ្នានឹងគ្នាហើយ សាមគ្គីធម៌ គឺការព្រមព្រៀងក៏មិនមាន បើការព្រមព្រៀងគ្នាមិនមានហើយ សេចក្ដីសុខរបស់ជនក្នុងផ្ទះ ប្រទេសនោះៗ ក្នុងលោកនេះក៏មិនមាន បើសេចក្ដីសុខក្នុងលោកនេះមិនមានហើយ សេចក្ដីសុខក្នុងលោកខាងមុខ ក៏រឹងរឹតតែមិនមានទៅទៀត។

មនុស្សគ្រប់ជាតិក្នុងលោក គួរតែជាអ្នកសម្បូណ៌ដោយមេត្តាធម៌នេះណាស់ គួរបែមករកកំណប់សុខក្នុងព្រះពុទ្ធសាសនា គួរអនុវត្តតាមសាសនា អប់រំចិត្តដើម្បីឱ្យចិត្តចេះរាប់អានចំពោះបុគ្គលដទៃ ដូចខ្លួនយើង ទោះគ្រហស្ថឬបព្វជិត ក៏គួរផ្សាយសេចក្ដីស្រឡាញ់រាប់អាននេះ ឱ្យរឹតតែរឹងប៉ឹងឡើង។ បើបុគ្គលដទៃមានជំងឺ ទោះគ្រហស្ថ ឬបព្វជិត បើមានថ្នាំសម្រាប់កែបំបាត់រោគនោះ គួរតែដាក់ទានដល់បុគ្គលដែលមានជំងឺនោះ កុំស្ដាយស្រណោះឱ្យសោះ ព្រោះការនេះជាផ្លូវចងមិត្រមួយដ៏ប្រសើរចាត់ជាគិលានទាន។ ការឱ្យបែបនេះ ចាត់ចូលក្នុងការសង្រ្គោះចំពោះអ្នកជំងឺ ឬអ្នកទីទ័លក្រលំបាកតោកយ៉ាកត្រដាបត្រដួសឥតទីពឹងពំនាក់ ដូចសមាគមគិលានសង្រ្គោះនេះ ជាអង្គការមួយជួយផ្ដល់នូវសុខភាពដល់ព្រះសង្ឃ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តអាយុសាសនាឱ្យចម្រើនរុងរឿងតទៅអនាគត។ ការសង្រ្គោះចំពោះអ្នកជំងឺនេះ អ្នកប្រាជ្ញទាំងឡាយតែងប្រព្រឹត្តឥតដែលខានឡើយ។ គិលានសង្រ្គោះដែលពុទ្ធបិរស័ទធ្វើមកនេះ ជាសាខានៃមេត្តាធម៌ដោយពិត។

មេត្តាធម៌នេះមុនដំបូង លោកឱ្យចម្រើនចំពោះអ្នកមានគុណ មានមាតាបិតាជាដើម បន្ទាប់មកត្រូវចម្រើនចំពោះបុគ្គលជាកណ្ដាល ដែលមិនជាទីស្រឡាញ់ មិនស្អប់សិន រួចទើបត្រូវចម្រើនចំពោះបុគ្គលដែលយើងធ្លាប់ស្អប់ ដរាបតែចិត្តនោះរលាយការស្អប់ លែងមានងាករេទៅរកការស្អប់ទៀត។

មេត្តាធម៌អាចហុចអានិសង្សដល់បុគ្គលអ្នកចម្រើន ១១ ប្រការគឺ ៖

១- សុខំ  សុបតិ  អ្នកមានមេត្តាធម៌រមែងដេកជាសុខ

២- សុខំ បដិពុជ្ឈតិ  អ្នកមានមេត្តាធម៌រមែងភ្ញាក់ឡើងជាសុខ

៣- ន  ចាបិកំ សុបិនំ បស្សតិ អ្នកមានមេត្តាធម៌ រមែងមិនឃើញសុបិនអាក្រក់ ដោយហេតុណាមួយ

៤- មនុស្សានំ បិយោ  ហោតិ  រមែងជាទីស្រឡាញ់នៃមនុស្សទាំងឡាយច្រើនប្រទេស

៥- អមនុស្សានំ បិយោ ហោតិ រមែងជាទីស្រឡាញ់នៃពួកអមនុស្ស គឺពួកបិសាចរាជភូត ក៏មិនអាចបៀតបៀនបុគ្គលអ្នកមានមេត្តាធម៌

៦- ទេវតា រក្ខន្តិ  ទេវតាតែងរក្សាបុគ្គលអ្នកមានមេត្តាធម៌

៧  នាស្ស  អត្តិ  វា វិសំ វា សត្ថំ វា  កមតិ  ភ្លើងក្ដី ថ្នាំពិសក្ដី គ្រឿងអាវុធក្ដី មិនឆេះ មិនពុល មិនមុត បុគ្គលអ្នកមានមេត្តាធម៌

៨ – តុវដំ  ចិត្តំ  សមាធិយតិ ចិត្តរមែងតាំងនៅមាំ

៩- មុខវណ្ណោ  វិប្បសីទតិ  ទឹកមុខរមែងស្រស់បស់

១០- អសម្មុឡ្ហោ  កាលំ  ករោតិ  ធ្វើមរណកាលទៅ មិនវង្វេង

១១- ឧត្ដរី  អប្បដិវិជ្ឈន្ដោ  ព្រហ្មលោកូបកោហោតិ បើមិនទាន់បានសម្រេចមគ្គផលទេ រមែងទៅកើតក្នុងព្រហ្មលោកមិនខាន។

បុគ្គលអ្នកចម្រើនមេត្តាធម៌ រមែងបាននូវអានិសង្សទាំង ១១ ប្រការ ដូចរៀបរាប់ខាងលើនេះយ៉ាងជាក់ស្ដែង មិនតែប៉ុណ្ណោះឈ្មោះថាជាអ្នកមានចិត្តជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ព្រោះហេតុដូច្នោះបានជាព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងបញ្ជាក់ អំពីអានិសង្សរបស់បុគ្គលអ្នកច្រើនមេត្តាធម៌ថា ៖ បុគ្គលអ្នកចម្រើនមេត្តាធម៌រមែងបានជួបប្រទះនូវសេចក្ដីសុខ ជាផ្លូវស្ងប់ ជាទីរម្លត់បង់នូវសង្ខារបាន ជាសេចក្ដីសុខឥតប្រែប្រួល គឺព្រះនិព្វាន។ សង្ខារូបសមៈ ក្នុងបាលីពុទ្ធភាសិតនេះ អដ្ឋកថាប្រាប់ថា ព្រះនិព្វាន។ ភិក្ខុដែលបានមគ្គផលនិព្វាន ក៏ព្រោះតែមានមេត្តាធម៌ ឬថាមានធម៌នេះជាជំហរ ឬស្ពានស្រាប់ឆ្លងទៅកាន់ព្រះនិព្វាន។ ក្នុងព្រះពុទ្ធសាសនានេះ ព្រះពុទ្ធទ្រង់ជាកំពូលអ្នកប្រាជ្ញក្នុងសកលលោក ត្រាស់សរសើរចំពោះបុគ្គលអ្នកមានមេត្តាធម៌នេះណាស់ ព្រោះថាមនុស្សយើង ទោះបីចេះដឹងមានឫទ្ធានុភាពពូកែយ៉ាងណាក៏ដោយ ប៉ុន្តែបើបុគ្គលនោះឯង ពុំមានមេត្តាធម៌ក៏ឈ្មោះថា មិនមានសេចក្ដីសង្រ្គោះដល់អ្នកដទៃ នឹងអាចធ្លាក់ទៅជាអ្នកបៀតបៀនគេ ធ្វើឱ្យគេវិនាស ឱ្យគេសាបសូន្យ ចង់ឱ្យថ្កុំថ្កើង រុងរឿង កែខ្លួន  ឬគ្រួសារខ្លួន ឬក៏បានសុខតែម្នាក់ឯងប៉ុណ្ណោះទៅវិញ នឹងសន្មតថា ជាអ្នកប្រាជ្ញដោយមេត្តាពុំទាន់បានឡើយ។

ការសង្រ្គោះចំពោះសមណៈមានអាពាធ ឬគ្រហស្ថដែលមានជំងឺនេះ ទុកថាជារូបរាងនៃមេត្តាធម៌ដោយពិត។

មេត្តាវិហារកថា សន្មតថាចប់ដោយសង្ខេប។

សូមព្រះពុទ្ធសាសនារីកផ្សាយទូទៅពេញសកលលោក !
សូមកម្ពោជិកជនប្រកបដោយសុភមង្គលគ្រប់ប្រការ !
សូមសកលលោក ប្រកបដោយសន្តិភាព !

របស់ព្រះបាឡាត់ សង្ឃររ័ក្ស មូល ហ៊ិន វត្តឧណ្ណាលោម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments