ព្រះមហាពិទូរក្រសេម
ប្រវេណីជនជាតិឥណ្ឌា អំពីដើមគេធ្វើមង្គលកិច្ចដល់បុត្តធីតាតាំងអំពីសម្រាលហើយ ដរាបដល់អាយុ ៧ ឆ្នាំមាន ៥ ដង គឺក្នុងវេលាសម្រាលហើយនេះម្ដង ហៅតាមភាសាមគធៈថា បសូតិមង្គល ប្រែថាមង្គលក្នុងវេលាសម្រាលហើយ។ វេលាសម្រាលហើយបាន ៧ ថ្ងៃម្ដង ហៅថា នាមគ្គហណមង្គល[១] ប្រែថា មង្គលក្នុងវេលាឱ្យឈ្មោះ។ ក្នុងវេលាចេះដើរម្ដង ហៅថា បទសាគមនមង្គល ប្រែថា មង្គលក្នុងវេលាចេះដើរ។ ក្នុងវេលាចេះស្លៀកសំពត់ម្ដង ហៅថា ទុសគ្គហណមង្គល ប្រែថា មង្គលក្នុងវេលាចេះស្លៀកសំពត់។ ក្នុងវេលាកាត់សក់ជុកម្ដង ហៅថា ចូឡារោបនមង្គល ប្រែថា មង្គលក្នុងវេលាកាត់ជុក[២]។
ទំនៀមខ្មែរយើងអំពីដើម ជាដូច្នេះដែរឬទេ មិនអាចដឹងបាន តែសព្វថ្ងៃនេះមានធ្វើតែក្នុងវេលាសម្រាលហើយបាន ៣ ថ្ងៃម្ដង ជាការតូចបន្តិចបន្តួច និងកោរសក់ព្រៃកាត់ជុក ក្រោយអំពីកាត់ជុកហើយមានដល់ចូលម្លប់ និងអាវាហវិវាហមង្គលតែម្ដង។ កិច្ចដែលយើងរៀបបង្កក់ឆ្មបក្នុងវេលាសម្រាលហើយបាន ៣ ថ្ងៃនោះ បើនឹងធៀបដោយមង្គលរបស់ឥណ្ឌា អាចត្រូវនឹងបសូតិមង្គលក៏បាន នាមគ្គហណមង្គលក៏បាន។
របៀបដែលគេបង្កក់ឆ្មប សឹងពោលតាមតម្រាចាស់នោះដូច្នេះ តាមប្រក្រតី គេអាំងភ្លើងតែត្រឹម ៣ ថ្ងៃប៉ុណ្ណោះហើយឈប់អាំង ហៅថា ទម្លាក់ចង្ក្រាន ក្នុងថ្ងៃទី ៣ នោះវេលាព្រឹក ឆ្មបត្រូវទៅឯផ្ទះអ្នកសម្រាលកូន ដើម្បីនឹងធ្វើកិច្ចប្រការខ្លះបង្ហើយ ហើយនឹងទទួលយករបស់កំណល់។ ខណៈឆ្មបមកដល់ អ្នកម្ចាស់ការត្រូវយកបាយសម្លមួយថាសលើកមកប្រគល់ឱ្យឆ្មបហើយនិងកូនខ្ចីនោះផង ឆ្មបក៏យកទឹកខ្មៅដុះ ឬទឹកខ្មៅសរសេរធម្មតានេះ មកគូជាចិញ្ចើមនិងជើងសក់ឱ្យកូនខ្ចីនោះ ឱ្យមានទ្រង់ល្អ ហើយថាល្អហើយៗ ដែលធ្វើដូចនេះជាប្រផ្នូលដើម្បីឱ្យទារកនោះមានចិញ្ចើមនិងជើងសក់ល្អ លំដាប់នោះឆ្មបយកកន្ត្រៃកាត់សក់ត្រង់បង្ហើយមួយដុំចេញ ហើយទំពាពន្លៃ ចួនកាលមានថ្នាំឯទៀតលាយផង ឱ្យម៉ដ្ឋហើយយកទៅបិទត្រង់ដែលកោរនោះ ជាថ្នាំរក្សាកុំឱ្យធ្លាក់សម្បោរកុំឱ្យផ្ដាសាយ និងដើម្បីការពារខ្មោច មួយយ៉ាងដែលគេហៅថា ម្ដាយដើម កុំឱ្យវាមកបៀតបៀន ដោយទម្លាប់គេកាន់មកថា ខ្មោចនោះខ្លាចពន្លៃ ហើយត្រូវបិទបង្ហូតទៅទាល់តែទារកនោះរឹងដៃរឹងជើងទ្រើសបន្តិចឡើង។ បើជាកូនស្រីគេចោះត្រចៀកក្នុងវេលានេះផងក៏មាន។ អ្នកខ្លះគេទុកយូរបន្តិចទៅទើបចោះក៏មាន។ ស្រេចហើយក៏សែនព្រេន ដោយបាយសម្លនោះជាប្រយោជន៍ដល់គ្រូឆ្មបដើមថា “ឥឡូវនេះគេបានកាត់សក់បង្កក់ឆ្មបហើយ សូមសែនក្រយានេះដល់គ្រូឆ្មប សុំឱ្យកូននេះសុខសប្បាយ ព្រមទាំងម្ដាយក៏ឱ្យធូរដៃធូរជើង ស្រួលអំពីថ្ងៃនេះទៅ” ហើយចាប់យកម្ហូបបន្តិចៗគ្រប់មុខ និងបាយនិងសក់ដែលកាត់នោះដាក់ចុះក្នុងកន្ទោង អុជធូប ៣ សរសៃដោតនឹងកន្ទោង ឱ្យមនុស្សម្នាក់នាំយកទៅដាក់នៅជើងរបង។ ក្នុងវេលានោះចួនកាលគេតាំងឈ្មោះឱ្យកូននោះផង អ្នកឱ្យឈ្មោះនោះចួនកាលមាតាបិតាឱ្យខ្លួនឯង ចួនកាលគេរើសយកបុគ្គលដែលគួរគោរព ដូចយ៉ាងជាគ្រូជាអាចារ្យឬអ្នកមានបណ្ដាសក្ដិណាមួយ សន្មតឱ្យ។ ប៉ុណ្ណោះឈ្មោះថា ស្រេចកិច្ចរបស់ឆ្មបហើយ។
លំដាប់នោះ អ្នកម្ចាស់ការត្រូវចាត់រៀបអាហារយកមកលៀងឆ្មប កាលឆ្មបបរិភោគហើយត្រូវលើកយករបស់កំណល់ឆ្មបដែលរៀបទុកពីថ្ងៃមុន និងរបស់ដែលថែមថ្មី ២ មុខទៀត គឺមាន់ស្ងោរ ១ ប្រាក់ ១ រៀលមកជូនឆ្មប ហើយសាមីខ្លួន គឺអ្នកសម្រាលកូនត្រូវមកសុំស្មាលាទោសនឹងឆ្មប ក្នុងការដែលឆ្មបជួយដោះទុក្ខធុរៈបាននូវសេចក្ដីនឿយហត់ កុំឱ្យមានទោសពៃរ៍ដល់ខ្លួន។
ឆ្មបនោះវេលាទៅផ្ទះវិញ ត្រូវយកដីក្នុងចង្ក្រានដែលអាំងភ្លើង ២-៣ ដុំទៅផង ជាគ្រឿងសម្គាល់ថាបានទម្លាក់ចង្ក្រានហើយ។ អ្នកម្ចាស់ការត្រូវចាត់ឱ្យជួយនាំយករបស់កំណល់ទៅឱ្យដល់ផ្ទះឆ្មប។
រណ្ដាប់បង្កក់ឆ្មបដែលពោលមកនេះ កំណត់តាមប្រក្រតីដែលគេបានធ្វើជាធម្មតា មិនមែនជាកំណត់ទៀងទាត់ត្រូវតែមានដូច្នេះទេ បើអ្នកសាមីខ្លួនមានសម្បត្តិស្ដុកស្ដម្ភ គេអាចឱ្យច្រើនជាងនេះទៅក៏បាន អ្នកទ័លក្រចុះមក គេឱ្យតែបន្តិចបន្តួច ឬឱ្យតែរបស់ខ្លះក៏បាន ប្រសិនជាគ្មានរបស់ទ្រព្យសោះដូចយ៉ាងទៅសម្រាលតាមផ្លូវតាមព្រៃ ឆ្មបក៏ត្រូវតែជួយសង្គ្រោះ។
របស់និងកិរិយាដែលធ្វើក្នុងរឿងបង្កក់ឆ្មបនោះ ដើម្បីប្រយោជន៍អ្វី បានអធិប្បាយមកខ្លះហើយក្នុងផ្ទៃរឿង ក្នុងទីបំផុតនេះនឹងអធិប្បាយអំពីស្រូវនិងអង្ករ។ ស្រូវដែលគេដាក់ឱ្យឆ្មបជាគ្រឿងសម្គាល់ថា គេបានពូជ ពោលគឺកូននោះហើយ ប្រៀបដូចជាបានស្រូវពូជ គង់ជានឹងកើតកាលចម្រើនតទៅ ស្រូវនោះត្រូវឱ្យទៅឆ្មប ព្រោះជាអ្នកជួយជ្រោមជ្រែងការកើតរូបកាយ។ ឯអង្ករ ១ ចាន ប្រាក់ ៤ ប៉ែ ឬ ៤ សេន ទៀនស្នែងក្របី ជម ៤ នោះជារបស់ថ្វាយដល់គ្រូឆ្មបដើម កាលគ្រូឆ្មបមិនយកទៅក៏ត្រូវបានដល់ឆ្មបជាកូនសិស្ស។ របស់ក្រៅអំពីនេះ គ្មានអាថ៌ប្រស្នាអ្វីទេ គេដាក់ទៅចំពោះដើម្បីឱ្យឆ្មបប៉ុណ្ណោះ។
[១] កាលព្រះពុទ្ធអង្គប្រសូតបាន ៧ ថ្ងៃ ព្រះពុទ្ធបិតាក៏បានធ្វើពិធីនាមគ្គហណមង្គលនេះ។
[២] អ្នកខ្លះគេហៅថា សក់កំប៉ោយ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១