​តម្លៃ​របស់​អនាម័យ

អនាមយកថា

សេចក្ដីផ្ដើម

សៀវភៅអនាមយកថានេះ យើងបានប្រែនឹងរួបរួមអំពីសៀវភៅនានាមានសៀវភៅអនាម័យរបស់ព្រះយ៉ាទេព្យដាំរ៉ុងវិទ្យាគុណនិងសៀវភៅអាយុវឌ្ឍនធម៌របស់ដុកទ័រស៊ិមម៉នជាដើម។ ដោយយើងយល់ថាផ្ទៃរឿងរបស់សៀវភៅនេះ សុទ្ធតែពោលអំពីក្បួនច្បាប់តម្រាខាងវិជ្ជាពេទ្យនិងសេចក្ដីពន្យល់អំពីវិធីបង្ការរោគ សុទ្ធតែជាគ្រឿងបំភ្លឺផ្លូវនាំឱ្យបានសុខនឹងអាយុយឺនក្នុងលោកនេះ។

ហេតុនេះ បានជាយើងនាំមកចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានេះ ដើម្បីជាប្រយោជន៍ដល់អ្នកមើល​ទស្សនាវដ្ដីរបស់យើងតរៀងទៅ។ មួយវិញទៀត យើងបានប្រកាសផ្សាយក្នុងប្រូក្រាមរបស់យើងថា វិជ្ជាពេទ្យជារឿងមួយដែលយើងត្រូវនាំមកចុះផ្សាយដូចជារឿងដទៃៗទៀតដែរ។

ខ. ស.
អ្នកតែងសេចក្ដីនៅព្រះរាជបណ្ណាល័យកម្ពុជា ក្រុងភ្នំពេញ
ថ្ងៃ ៧ ហ្វេវរិយេរ ១៩៤០

បទទី ១ តម្លៃរបស់អនាម័យ

ជីវិតមនុស្សយើងជារបស់ប្រសើរបំផុត បន្ទាប់មកគឺអនាម័យឬសេចក្ដីសុខសប្បាយគ្មានជំងឺតម្កាត់បៀតបៀនរាងកាយ ប្រសិនបើយើងមានរោគប្រចាំរាងកាយជានិច្ច ទុកជាមានទ្រព្យធនច្រើនក៏មិនអាចជួយឱ្យបានសេចក្ដីសុខកាយសប្បាយចិត្ត ជាជីវិតឥតប្រយោជន៍ប្រាសចាកសេចក្ដីរីករាយត្រេកត្រអាលក្នុងលោកនេះ។

សូមឱ្យពិនិត្យមើលមនុស្សមានជំងឺប្រចាំនៅក្នុងរាងកាយជានិច្ចចុះ មិនមែនរងទុក្ខវេទនាត្រឹមខ្លួនម្នាក់ឯងប៉ុណ្ណោះទេ អ្នកដទៃដែលឥតជំងឺសោះក៏តោងតែលះបង់ការងារមកនៅទ្រាំថែទាំជំងឺខ្លួនថែមទៀត នាំឱ្យខូចខាតទាំងប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ព្រោះតែជំងឺតម្កាត់ដែលកើតឡើងក្នុងខ្លួនយើងនេះ។

មនុស្សដែលកើតរោគដោយច្រើន រមែងនាំជំងឺតម្កាត់ទៅដល់អ្នកដទៃដែលឥតរោគក្នុងខណៈដែលខ្លួននៅជិតគេឬគេចូលមកជិតខ្លួន ព្រោះជំងឺតម្កាត់ស្ទើរតែគ្រប់យ៉ាង តែងឆ្លងពីម្នាក់ទៅម្នាក់ទៀតដោយងាយ។ យើងមិនដែលឃើញខ្លះទេឬ ? – កាលបើមានអ្នកណាមួយក្នុងផ្ទះចាប់មានជំងឺឡើង ក្នុងវេលាមិនយូរប៉ុន្មានអ្នកដទៃដែលនៅក្នុងផ្ទះជាមួយគ្នាក៏ចាប់ឈឺឡើងទៀតខ្លះមិនសូវដែលខាន។ តាមពិត ជំងឺឆ្លងនេះរមែងចេញពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ … ហើយជីវិតរបស់មនុស្សយើងតែងបាត់បង់សាបសូន្យទៅជាចំនួនច្រើនដោយអំណាចជំងឺឆ្លងនេះ។

មានរោគជាច្រើនប្រការ ដែលត្រូវការពេលរក្សាព្យាបាលយូរទើបសះជាមាំមួន ម្ល៉ោះហើយប្រាក់ថ្លៃរក្សានឹងប្រាក់ថ្លៃថ្នាំជាដើមកាលបើយកមកបូករួមគ្នាទៅនឹងឃើញថាមានចំនួនមិនមែនបង់ខាតតិចឡើយ។ ហេតុនេះតោងយល់ថា កិច្ចសំខាន់ជាដំបូងបំផុតសម្រាប់មនុស្សយើង គឺការខំខ្នះខ្នែងក្នុងការរក្សារាងកាយរបស់ខ្លួនឱ្យមាំមួនល្អ ប្រយត្នរវាំងកុំឱ្យរោគកើតឡើងក្នុងកាយយើងទាន់ ព្រោះរោគគ្រប់ចំពូកជាសត្រូវយ៉ាងធំរបស់រាងកាយ តោងយើងចៀសវាងឱ្យឆ្ងាយទើបបានសេចក្ដីសុខកាយសប្បាយចិត្តគ្រប់ទិវារាត្រី ដោយវិធីបង្ការខ្លួនយើងឱ្យផុតពីកណ្ដាប់ដៃនៃរោគទើបបានឈ្មោះថាជាអ្នកមានជោគលាភយ៉ាងប្រសើរក្នុងការដែលកើតមកជាមនុស្សជាតិនេះ ពាក្យនេះសមដូចព្រះពុទ្ធដីកាដែលទ្រង់ត្រាស់សម្ដែងទុកថា “អារោគ្យា បរមា លាភា” ការមិនមែនរោគទុកជាលាភយ៉ាងប្រសើរ។

មុននឹងធ្វើវិធីបង្ការរោគ ត្រូវឱ្យដឹងដល់ដើមកំណើតរបស់រោគជាមុនសិន បណ្ដាជំងឺតម្កាត់គ្រប់ចំពូកមិនមែនកើតឡើងដោយអំណាចខ្មោចបិសាច ឬអ្នកតាអារក្សណានីមួយឱ្យទោសឥតអង្គឺមានឡើយ។ ចុះរោគកើតមកពីអ្វី ?

រីរោគាព្យាធិគ្រប់ចំពូកដែលកើតឡើងដល់ខ្លួនយើង សុទ្ធតែកើតឡើងដោយយើងល្មើសប្រព្រឹត្តកន្លងច្បាប់អនាម័យ ដែលជាច្បាប់បង្ការខ្លួនយើងឱ្យផុតពីកណ្ដាប់ដៃនៃរោគ យើងអាចមើលឃើញច្បាស់ថា មនុស្សជំងឺមានចំនួនច្រើនដេរដាសមកពីល្មើសច្បាប់អនាម័យសឹងមានដល់ ៨ ភាគក្នុង ១០ ភាគ។

ឥឡូវនេះ បណ្ដាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃសឹងដឹងខ្លួនច្បាស់រាល់គ្នាថា ជីវិតមនុស្សយើងអាចមានអាយុយឺនយូរជាងសព្វថ្ងៃនេះតទៅទៀត កាលបើយើងបានប្រព្រឹត្តខ្លួនត្រឹមត្រូវតាមច្បាប់សុខវិទ្យានិងអនាម័យ ដែលជាច្បាប់ជួយទំនុកបម្រុងរាងកាយឱ្យបានសេចក្ដីសុខនិងមានអាយុយឺនយូរឥតជំងឺតម្កាត់ កិច្ចសំខាន់ជាខាងដើមនៃច្បាប់នេះ គឺត្រូវប្រយត្នកុំបរិភោគអាហារស្មោកគ្រោក រើសយកអាហារដែលល្អស្អាត ១ ត្រូវថែទាំគេហស្ថានរបស់ខ្លួនឱ្យបានស្អាតហ្មត់ចត់ព្រមទាំងគ្រឿងប្រើប្រាស់គ្រប់ចំពូក ១។

មានពាក្យពោលថា កាលប្រមាណ៤០០ឆ្នាំកន្លងមកហើយនេះ មហាជននៅទ្វីបអឺរ៉ុបមិនសូវយកចិត្តទុកដាក់នឹងគ្រឿងបរិភោគ ទាំងមិនចេះសម្អាតផ្ទះសម្បែងឱ្យស្អាតល្អផង បណ្ដាជននៅទ្វីបអឺរ៉ុបវេលានោះ បើយើងយកបរិមាណអាយុមកចែកយ៉ាងកណ្ដាលទៅ នឹងឃើញថា ក្នុងរូបមនុស្សម្នាក់ៗ មានអាយុត្រឹម២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកាលកន្លងមកដល់សម័យសព្វថ្ងៃនេះជនជាតិអឺរ៉ុបចេះប្រតិបត្តិខ្លួនតាមច្បាប់អនាម័យនឹងសុខវិទ្យាគ្រាប់បើជាងជាន់ដើម ទើបមានអាយុយឺនជាងជាន់ដើមឡើងច្រើន បើគិតចែកយ៉ាងមធ្យម នឹងឃើញថាមានអាយុយឺនជាង ៤០ ឆ្នាំឡើងទៅ ព្រោះគេយកចិត្តទុកដាក់ប្រតិបត្តិតាមច្បាប់អនាម័យ ថែមទាំងរដ្ឋបាល​ពិនិត្យ​គ្រឿងបរិភោគនិងស្ថានសាធារណៈដោយហ្មត់ចត់ ជួយកម្ចាត់រោគដែលកើតឡើង ជួយបង្ការរោគដែលមិនទាន់កើតមិនឱ្យកើតឡើងផងទើបមានសេចក្ដីសុខ-ចម្រើនចេះតែកើតកើនឡើងចាលំដាប់រៀងៗមក។

ឯប្រទេសផ្សេងៗជាច្រើននៅទ្វីបអាស៊ីរួមទាំងប្រទេសខ្មែរយើងនេះ ប្រជាជនមិនសូវយកចិត្តទុកដាក់នឹងអនាម័យ ទើបមានសង្ខាររាងកាយមិនមាំមួន អាយុមិនសូវយឺនយូរ បើគិតចែកអាយុទៅ នឹងឃើញថាជនជាតិអាស៊ីមានអាយុមិនហួសពី ២០ ឆ្នាំទេ ដូចមានគំរូតួយ៉ាងមានប្រជាជននៅប្រទេសចិននិងឥណ្ឌាជាដើម។

សេចក្ដីប៉ុនប៉ងក្នុងការរៀបរៀងរឿងនេះ គ្រាន់តែជាគ្រឿងដាស់តឿនចិត្តដល់លោក-អ្នកដែលមានរោគមកប៉ះពាល់ដល់រាងកាយនឹងវិធីបង្ការខ្លួនមិនឱ្យកើតរោគច្រើនពេកប៉ុណ្ណោះ ប៉ុន្តែមុននឹងជ្រាបវិធីបង្ការរោគតាមបែបអនាម័យនឹងហេតុដែលបណ្ដាលឱ្យកើតរោគផ្សេងៗ ត្រូវជ្រាបអំពីមុខក្រសួងរបស់អវយវៈសំខាន់ក្នុងរាងកាយនេះជាមុនសិន ដើម្បីឱ្យស្គាល់វិធីស្ដីការរបស់រាងកាយដូចមានសម្ដែងតទៅនេះ។

ខ. ស.

ជាអ្នកប្រែនឹងរៀបរៀង

ខេមរង្សី

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments