សារទេសនា – ហ.តាត

សារវន្តកថា
ព្រះ​វិសុទ្ធវង្ស ហ. តាត

អាចារ្យ​បង្រៀន​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ

បាន​អធិប្បាយ​ហើយ​រៀប​រៀង​ឡើង

ព.ស. ២៤៧០

 

ទេសនារម្ភោ

សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ប្រុង​ចាំ​ស្ដាប់ !

អាត្មា​នឹង​អធិប្បាយ​ពី​សេចក្ដី​ដែល​មាន​ប្រយោជន៍​ដល់​លោក​អ្នក​ទាំង​ឡាយ តាម​សម​គួរ​ដល់​ភាសិត​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជា​បរម​គ្រូ​នៃ​យើង និង​តាម​មតិ​របស់​អាត្មា​ដែល​ជា​អ្នក​អធិប្បាយ​នេះ​ខ្លះ ដើម្បី​នឹង​ឱ្យ​អស់​លោក​អ្នក​ទាំងឡាយ​ស្ដាប់​ងាយ​យល់ ងាយ​ចូល​ចិត្ត ព្រោះ​ការ​ស្ដាប់​នេះ កាល​បើ​ស្ដាប់​ពុំ​បាន​មិន​ដឹង​ជា​ថា​ដូចម្ដេច នោះ​ទោះ​បី​ស្ដាប់​អស់​ប៉ុន្មាន​ឆ្នាំ ក៏​ជា​ការ​ឥត​ប្រយោជន៍​ប្រហែល​គ្នា​នឹង​មិន​ស្ដាប់ កាល​បើ​ស្ដាប់​បាន​យល់​សេចក្ដី សូម្បី​តែ​ស្ដាប់​តែមួយ​រំពេច ក៏​ឈ្មោះ​ថា​បាន​ស្ដាប់​ដោយ​ប្រពៃ។ អស់​អ្នក​ទាំងឡាយ​សុទ្ធ​តែ​ជា​ខេមរជាតិ គេ​ដឹង​សព្វ​ប្រទេស​ថា​ជា​ជាតិ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា គួរ​តែ​ឱ្យ​មាន​សេចក្ដី​រីករាយ​ក្នុង​ចិត្ត​ថា​មាន​ភព្វ​មាន​សំណាង បាន​មក​ចួប​ប្រទះ​ព្រះ​ពុទ្ធ​ដែល​ជា​ពាក្យ​ប្រដៅ​ដ៏​ថ្លៃ​ថ្លា​វិសេស ព្រោះ​ពុទ្ធ​សាសនា​ជា​គុណ​ជាតិ​ដ៏​ឧត្ដម អាច​ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​បាន​ចម្រើន​ដោយ​ការ​ចេះ​ដឹង​និង​សេចក្ដី​ថ្លៃថ្លា។ តែ​អ្នក​ដែល​មាន​ឈ្មោះ​ថា​កាន់​ព្រះ​ពុទ្ធ​សាសនា​ចំពួក​ខ្លះ ដែល​បាន​សិក្សា​ឱ្យ​ស្គាល់​ជាក់​នូវ​រសជាតិ​ព្រះ​ពុទ្ធ​សាសនា នៅ​មាន​គំនិត​ង៉េងង៉ាង​ដោយ​សេចក្ដី​ងឿង​ឆ្ងល់ ដូច​ជា​អ្នក​ខ្លះ​ដែល​បាន​ឃើញ​អ្នក​កាន់​ព្រះ​ពុទ្ធ​ខ្លះ​ដែល​ពុំ​សូវ​ចេះ​ដឹង ជា​អ្នក​ទាប​ថោក ជា​អ្នក​ក្រី​ក្រ​លំបាក ​ក៏​ចូល​ចិត្ត​ថា​ព្រះ​ពុទ្ធ​សាសនា​ទាប​ថោក​ណាស់ ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ល្ងង់ ឱ្យ​ទាប​ទាប​ថោក ឱ្យ​ក្រី​ក្រ​លំបាក ម្ល៉ោះ​ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ពុទ្ធ​សាសនា ឱ្យ​ជា​ការ​មាំ​មួន​ឡើយ នេះ​មក​ពី​អ្នក​គិត​នេះ​ឯង មិន​បាន​សិក្សា មិន​បាន​ពិនិត្យ​ឱ្យ​ឃើញ​តាម​ការ​ណ៍​ពិត​មែន។ សព្វ​ថ្ងៃ​នេះ​មាន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ជា​អ្នក​ចេះ​ដឹង ជា​អ្នក​ខ្ពង់​ខ្ពស់ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ក៏​មាន​ជា​ច្រើន​រូប​ណាស់​ដែរ តែ​មិន​ទាញ​យក​មក​ជា​គ្រឿង​ដឹក​នាំ​គំនិត។ ម្យ៉ាង​ទៀត មាន​អ្នក​ដែល​មិន​កាន់​ព្រះ​ពុទ្ធ​សាសនា​ជា​អ្នក​ឥត​មាន​ចេះ​ដឹង​អ្វី​សោះ ជា​អ្នក​ទាប​ថោក ជា​អ្នក​ក្រី​ក្រ​លំបាក ក៏​សឹង​មាន​ជា​ច្រើន​រាប់​មិន​អស់ អ្នក​មាន​គំនិត ហេតុ​ដូចម្ដេច​ក៏​គិត​ឱ្យ​ឃើញ​ហេតុ​នេះ ផង ?

ម្យ៉ាង​ទៀត មាន​មនុស្ស​ចំពួក​ខ្លះ​បាន​ចូល​មក​សិក្សា​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​មាន​ចំណេះ​អក្សរ​ជា​ដើម នៅ​ទី​វត្ត​អារាម​ដែល​ជា​ទី​បណ្ដុះ​នៃ​ពូជ​ចំណេះ​ខាង​ព្រះ​ពុទ្ធ​សាសនា​តាំង​ពី​ក្មេង​មក អ្នក​ខ្លះ​បាន​ទាំង​បួស​ថែម​ទៀត តែ​មិន​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​ប្រាកដ​មែន​ទែន លុះ​ដល់​វេលា​ដែល​ចេញ​ពី​វត្ត​អារាម​ទៅ បាន​ទៅ​សិក្សា​ចំណេះ​វិជ្ជា​ឯ​ទៀត​ក្រៅ​ពី​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ក៏​ត្រឡប់​ឃើញ​ថា​ព្រះ​ពុទ្ធ​សាសនា​មិន​រៀប​រយ មិន​ថ្លៃ​ថ្លា​ប្រពៃ​ដូច​ជា​ចំណេះ​វិជ្ជា​ឯ​ទៀត ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​និយាយ​បង្អាប់​ចំណេះ​ដែល​ចេះ​ពី​វត្ត​អារាម​ទៅ គឺ​ថា​បើ​ឃើញ​ចំណេះ​ណា​មួយ​មិន​ប្រាកដ ឬ​ឃើញ​អក្សរ​ដែល​អ្នក​ណា​មួយ​គេ​សរសេរ​មិន​ល្អ ក៏​នាំ​គ្នា​និយាយ​ថា​ចំណេះ​វត្ត​អក្សរ​វត្ត​ប្រើ​មិន​កើត ដូច​ជា​ទី​វត្ត​រមែង​តែ​ធ្វើ​មនុស្ស​អ្នក​រៀន​មិន​ឱ្យ​ចេះ​ប្រាកដ ត្រង់​ខ្លួន​ឯង​ដែល​ខ្ជិល​រៀន​នោះ​មិន​គិត​ឃើញ​ដល់ នេះ មក​ពី​គំនិត​ដែល​គិត​ឃើញ​ខុស ព្រោះ​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ភាន់​ច្រឡំ។ អស់​លោក​ទាំងឡាយ​ប្រយត្ន​កុំ​ឱ្យ​ភាន់​ច្រឡំ​គំនិត​ដូច​មនុស្ស​ចំពួក​ខ្លះ​ដែល​គិត​ឃើញ​ខុស​ដូច​ខាង​លើ​នេះ​ឡើយ ត្រូវ​ចូល​ចិត្ត​ឱ្យ​មាំ​ថា ព្រះ​ពុទ្ធ​សាសនា​នេះ​ជា​ច្បាប់​ប្រដៅ​មនុស្ស​ដែល​ជឿ​ប្រតិបត្តិ​តាម ឱ្យ​មាន​ប្រាជ្ញា ឱ្យ​មាន​ចំណេះ​វិជ្ជា ឱ្យ​បាន​ថ្លៃថ្លា ឱ្យ​មាន​របៀប​រៀប​រយ​ល្អ ឱ្យ​បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​នេះ

កិរិយា​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​សាសនា

ពាក្យ​ថា “ពុទ្ធ​សាសនា” ដែល​យើង​កាន់​សព្វ​ថ្ងៃ​នេះ ចែក​ចេញ​ជា​ពីរ​បទ គឺ​ពុទ្ធ ជា​បទ​ ១ សាសនា ជា​បទ ​១។ ពុទ្ធ​នេះ​ជា​ឈ្មោះ​នៃ​មនុស្ស​អស្ចារ្យ ១ នាក់ ដែល​កើត​ក្នុង​សក្យ​ត្រកូល ជាតិ​ជា​ក្សត្រ​នៅ​ក្នុង​មជ្ឈិម​ប្រទេស គឺ​ប្រទេស​ដែល​គេ​ហៅ​សព្វ​ថ្ងៃ​នេះ​ថា​ជា​ស្រុក​ឥណ្ឌា​ឬ​ស្រុក​អាំងប៉ែក​ខាង​ជើង បើ​គិត​ចំនួន​ឆ្នាំ​ថយ​ក្រោយ​ពី​ឥឡូវ​នេះ​ទៅ​ទល់​នឹង​កាល​សម័យ​ដែល​មនុស្ស​អស្ចារ្យ​នោះ​កើត​ឡើង នោះ​យូរ​ចំនួន​ជាង ២.៥៥០ ឆ្នាំ​មក​ហើយ។

មនុស្ស​អស្ចារ្យ​នោះ​មាន​ឈ្មោះ​ថា សិទ្ធត្ថ បាន​សោយ​រាជ្យ​តាំង​ពី​ព្រះ​ជន្ម ១៦ ឆ្នាំ ដល់​មក​ព្រះ​ជន្ម ២៩ ឆ្នាំ ​បាន​ពិចារណា​ឃើញ​ច្បាស់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​កើត​ឡើង​អំពី​ជាតិ​គឺ ខន្ធ ៥ អំពី​ជរា​គឺ​ចាស់​គ្រាំ​គ្រា អំពី​ព្យាធិ​ គឺ​សេចក្ដី​ឈឺ​ចាប់ អំពី​មរណៈ ​គឺ​សេចក្ដី​ស្លាប់ ដោយ​ប្រាជ្ញា​ដ៏​ក្លាហាន​ហើយ​មិន​អាច​នឹង​ទ្រាំ​នៅ​ក្នុង​និវេសនដ្ឋាន ដែល​ជា​ទី​ជោក​ជាំ​ដោយ​កាម​គុណ​ទាំង ៥ បាន​ឡើយ ក៏​ចេញ​បួស​ខំ​ប្រែង​ស្វែង​រក​ធម៌​ដើម្បី​នឹង​រម្លត់​បង់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ទាំង​នោះ ដរាប​ដល់​បាន​សម្រេច​នូវ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​វិសេស​ឈ្មោះ​ថា “សម្ពោធិញ្ញាណ” ដែល​យើង​ធ្លាប់​ហៅ​មក ធ្លាប់​ឮ​មក​ថា​ព្រះ​អង្គ​បាន​ត្រាស់។ មនុស្ស​អស្ចារ្យ​នេះ​ហើយ ដែល​មាន​នាម​ថា “ពុទ្ធ” ប្រែ​ថា​ព្រះ​អង្គ​ចេះ​គ្មាន​សល់ ឬ​ថា​ព្រះ​អង្គ​ជ្រាប​ច្បាស់​នូវ​សេចក្ដី​ពិត​មែន ឬ​ថា​ព្រះ​អង្គ​ភ្ញាក់​ហើយ​អំពី​ដេក​លក់​គឺ​សេចក្ដី​ល្ងង់។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​នេះ កាល​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ទ្រង់​បាន​ពិចារណា​ឃើញ​សត្តនិករ​គឺ​ពពួក​មនុស្ស​និង​ទេវតា ដែល​កើត​ឡើង​ក្នុង​លោក​មាន​សន្ដាន​ក្រាស់​ដោយ​មោហៈ​គឺ​សេចក្ដី​ល្ងង់ មិន​ដឹង​ថា​ខ្លួន​ធ្លាក់​លិច​នៅ​ក្នុង​សមុទ្រ​ដ៏​ធំ​ពោល​គឺ​សង្សារ​វដ្ដ ដែល​ជា​ទី​ប្រកប​ដោយ​ទុក្ខ​ភ័យ​មិន​ដឹង​ថា​ខ្លួន​ច្រឡោត​នៅ​លើ​គំនរ​ភ្លើង​ទាំង ៥ ពោល​គឺ​កាម​គុណ ៥ ដែល​ជា​គ្រឿង​នាំ​បណ្ដាល​ឱ្យ​បាន​សេចក្ដី​ទុក្ខ​លំបាក​សេចក្ដី​រោល​រាល​ជានិច្ច មាន​តែ​សេចក្ដី​ធ្វេស​ប្រហែស ឥត​មាន​គំនិត​គិត​ស្វែង​រក​ឧបាយ​នឹង​រលាស់​ខ្លួន​ឱ្យ​រួច​ផុត​ពី​ក្នុង​មហា​សមុទ្រ ឬ​ពី​ក្នុង​គំនរ​ភ្លើង​នោះ​ឡើយ ដោយ​សញ្ញា​វិបល្លាស គឺ​សេចក្ដី​សម្គាល់​ខុស​ថា​ជា​ទី​ប្រកប​ដោយ​សេចក្ដី​សុខ​ស្រួល​វិញ។

ព្រះ​អង្គ​ទ្រង់​ឃើញ​ថា សត្តនិករ​ទាំងអស់​ជា​ច្រើន​មាន​គំនិត​គិត​ធ្លោយ​យ៉ាង​នេះ មក​ពី​មោហ​ធម៌​ដែល​ស្រោប​គំនិត​សត្វ​បិទ​បាំង​ជិត ហើយ​ដឹក​នាំ​សត្វ​ឱ្យ​ធ្វើ​នូវ​អំពើ​ខុស​ផ្សេង​ៗ មោហៈ​ដែល​បិទ​គំនិត​មនុស្ស ហើយ​ដឹក​នាំ​មនុស្ស​សត្វ​ទៅ​នោះ ឧបមា​ដូច​ជា​សេចក្ដី​ល្ងង់​របស់​ពពួក​សត្វ​មមាច សត្វ​កណ្ដូប​ជា​ដើម បិទ​បាំង​មិន​ឱ្យ​ស្គាល់​ថា​ជា​គ្រឿង​ក្ដៅ​ឡើយ ហើយ​បណ្ដាល​ឱ្យ​អាច​ហាន​ចូល​ទៅ​ក្នុង​ភ្លើង ដរាប​ដល់​សេចក្ដី​វិនាស។ ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ពិចារណា​ឃើញ​ដូច្នោះ​ហើយ ក៏​កើត​មាន​ព្រះ​ទ័យ​ប្រកប​ដោយ​មហា​ករុណា គឺ​សេចក្ដី​អាណិត​ធំ​ដល់​ពួក​មនុស្ស​សត្វ​ទាំងនោះ ប្រាថ្នា​នឹង​ជួយ​ដោះ​ឱ្យ​រួច​ចេញ​ពី​សេចក្ដី​ងងឹត​ល្ងង់ ដើម្បី​នឹង​ឱ្យ​កើត​មាន​ប្រាជ្ញា​ភ្លឺ​ស្វាង​ឡើង នឹង​បាន​ស្គាល់ទុក្ខ​-សុខ អាក្រក់-ល្អ និង​គុណ-ទោស ហើយ​នឹង​ស្វែង​រក​ឧបាយ​ដោះ​ខ្លួន​ឱ្យ​រួច​ចេញ​ចាក​គ្រឿង​ទុក្ខ។ ទើប​ព្រះ​អង្គ​ទ្រង់​សម្ដែង​ធម៌​ទេសនា​ប្រដៅ​សត្តនិករ រាប់​ចំនួន​ឆ្នាំ​តាំង​ពី​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ចូល​បរិនិព្វាន​បាន​ចំនួន ៤៥ ឆ្នាំ​គត់។ ធម៌​ទេសនា​ជា​ពាក្យ​ប្រដៅ​ទាំងអស់ របស់​ព្រះ​សម្មាសម្ពុទ្ធ​នោះ​ឈ្មោះ​ថា “សាសនៈ” គឺ​ដែល​យើង​ធ្លាប់​ហៅ​ថា “សាសនា ឬ​សាស្នា” ប្រែ​ថា “ពាក្យ​ឬ​ធម៌​ជា​ច្បាប់​សម្រាប់​ប្រៀន​ប្រដៅ” បើ​រួម​ពាក្យ​ថា “ពុទ្ធ” ភ្ជាប់​មក​នឹង​ពាក្យ​ថា “សាសនា” ជា​ពាក្យ ១ ម៉ាត់ ហៅ​ថា “ពុទ្ធ​សាសនា” ប្រែ​ថា “ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ” គឺ​ច្បាប់​សម្រាប់​ប្រដៅ​មនុស្ស​សត្វ​មិន​ឱ្យ​ល្ងង់ ឱ្យ​កើត​មាន​ប្រាជ្ញា​ស្គាល់​គ្រឿង​ពិត​មែន ឬ​ឱ្យ​កើត​មាន​ចំណេះ​វិជ្ជា ឬ​ថា​ច្បាប់​សម្រាប់​ប្រដៅ​សត្វ ឱ្យ​ចេះ​គិត​ស្វែង​រក​ឧបាយ​នឹង​ដោះ​ខ្លួន​ឱ្យ​រួច​ពី​គ្រឿង​ទុក្ខ ឱ្យ​បាន​ដល់​នូវ​សេចក្ដី​សុខ។

តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា

ព្រះ​ពុទ្ធ​សាសនា​នេះ គួរ​អស់​លោក​អ្នក​ទាំងឡាយ​ជ្រាប​ថា ជា​ពាក្យ​ប្រដៅ​មាន​តម្លៃ​ដោយ​ក្រៃលែង។ ពាក្យ​ប្រដៅ​ទាំងនោះ​មាន​ពាក្យ​ខ្លះ ត្រូវ​គ្នា​នឹង​ពាក្យ​សុភាសិត​របស់​អ្នក​ប្រាជ្ញ​ទាំងឡាយ​អំពី​បុរាណ ដែល​មនុស្ស​ក្នុង​លោក​គេ​បាន​ចេះ​រៀងៗមក​តាំង​អំពី​មុន​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​មក​ក៏​មាន ពាក្យ​ខ្លះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​គំនិត​មនុស្ស​និង​ទេវតា​ទាំងអស់ ក្រៅ​តែ​អំពី​ព្រះ​សម្មាសម្ពុទ្ធ ឥត​មាន​អ្នក​ណា​មួយ​នឹង​មាន​គំនិត​គិត​បង្កើត​ឡើង​បាន​ដូច​នោះ​ក៏​មាន​ជា​ច្រើន​អន្លើ ដូច​សេចក្ដី​ដែល​សម្ដែង​ដោយ​សង្ខេប​ត​ទៅ​នេះ

១- ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ឡើង​ដំបូង ក្នុង​ស្រុក​មជ្ឈិម​ប្រទេស ៗ នោះ កាល​មុន​ដែល​មិន​ទាន់​ព្រះ​ពុទ្ធ​សាសនា មនុស្ស​ក្នុង​ប្រទេស​ទាំងនោះ​នាំ​គ្នា​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ដោយ​ច្រើន ជា​ផ្លូវ​ប្រតិបត្តិ​តឹង​ពេក​ក៏​មាន ធូរ​ពេក​ក៏​មាន ដូច​យ៉ាង​ប្រតិបត្តិ​បង្អត់​អាហារ​ខ្លួន​ឱ្យ​លំបាក​រូប​កាយ ដេក​លើ​បន្លា និង​អាំង​ភ្លើង​ក្នុង​វេលា​ថ្ងៃ​ក្នុង​រដូវ​ក្ដៅ​ជាដើម ជា​សេចក្ដី​ប្រតិបត្តិ​ឥត​ប្រយោជន៍​ទាំងអស់ ក៏​ឥត​មាន​មនុស្ស​ណាមួយ​គិត​ឃើញ​ថា​ឥត​ប្រយោជន៍ ហើយ​នឹង​រើ​គំនិត​រក​ផ្លូវ​ប្រតិបត្តិ​ថ្មី​ទៀត​ឡើយ។

ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ត្រាស់​ឡើង ទ្រង់​បាន​សម្ដែង​ធម៌​ទេសនា​ជា​ដំបូង កែ​ប្រែ​សេចក្ដី​ប្រតិបត្តិ​ទាំងនោះ គឺ​ពន្យល់​មិន​ឱ្យ​ប្រតិបត្តិ​តាម ហើយ​ឱ្យ​ប្រតិបត្តិ​តាម​បែប​យ៉ាង ដែល​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​មាន​ប្រយោជន៍​ពិត​វិញ ធម៌​ទេសនា​ជា​ដំបូង​នោះ ព្រះ​អង្គ​សម្ដែង​ថា

“ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រតិបត្តិ​ដ៏​លាមក​អាក្រក់​ទាំង​ពីរ​យ៉ាង​នេះ បព្វជិត​មិន​គួរ​សេព គឺ​ថា​មិន​ត្រូវ​ប្រតិបត្តិ​ឡើយ សេចក្ដី​ប្រតិបត្តិ​អាក្រក់​ពីរ​យ៉ាង​នោះ គឺ​កាម​សុខល្លិកានុយោគ ការ​ប្រកប​ខ្លួន​ឱ្យ​ជាប់​ចំពាក់​ដោយ​សេចក្ដី​សុខ​ក្នុង​កាម​ទាំងឡាយ ១ អត្តកិលមថានុយោគ ការ​ប្រកប​សេចក្ដី​លំបាក​ដល់​ខ្លួន​ឱ្យ​នឿយ​ហត់​ឥត​ប្រយោជន៍ ១។

សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នេះ ជា​ការ​នាំ​ឱ្យ​សាប​សូន្យ មិន​ជា​សេចក្ដី​ចម្រើន​ទេ មិន​តែ​ប៉ុណ្ណោះ​ឡើយ​ថែម​ទាំង​បណ្ដាល​ឱ្យ​បាន​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ទៀត។

ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​ដែល​មិន​លាយ​ច្រឡំ​នឹង​សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នោះ តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត​ប្រាជ្ញា ឱ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ក្រៃ​ពេក ដើម្បី​សេចក្ដី​ដឹង​ល្អ ដើម្បី​ព្រះ​និព្វាន។

ក៏​សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ​ដូចម្ដេច ? សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ គឺ​ធម៌​ដែល​គួរ​ស្វែង​រក​មាន​អង្គ ៨ ហៅ​ថា “អដ្ឋង្គិកមគ្គ” ជា​គ្រឿង​ចេញ​ផុត​ចាក​សត្រូវ​គឺ​កិលេស។

អដ្ឋង្គិមគ្គ​ទាំង ៨ នោះ​គឺ សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ត្រូវ ១ សម្មាសង្កប្បោ សេចក្ដី​ត្រិះរិះ​ត្រូវ ១ សម្មាវាចា សម្ដី​និយាយ​ត្រូវ ១ សម្មាកម្មន្តោ ការងារ​ត្រូវ ១ សម្មាអាជីវោ ចិញ្ចឹម​ជីវិត​ត្រូវ ១ សម្មាវាយាមោ ព្យាយាម​ត្រូវ ១ សម្មាសតិ សេចក្ដី​រឭក​ត្រូវ ១ សម្មាសមាធិ កិរិយា​តម្កល់​ចិត្ត​ត្រូវ ១។

២- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម្យ៉ាង​ទៀត ហៅ​ថា “សច្ចធម៌” ជា​ធម៌​ប្រកាស​នូវ​សេចក្ដី​ពិត​មែន ជា​សេចក្ដី​កំបាំង​នឹង​គំនិត​ប្រាជ្ញា​របស់​មនុស្ស​ទេវតា​ទាំងអស់ កាល​មុន​ដែល​ពុំ​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា នោះ​ឥត​មាន​អ្នក​ណា​មួយ​ចេះ​ប្រដៅ​គ្នា​ឱ្យ​គិត​ឃើញ​ត្រូវ​ដូច​សច្ចធម៌​នេះ​ឡើយ បើ​ទុក​ជា​មាន​អ្នក​ឃើញ​ខ្លះ ក៏​គ្រាន់​តែ​ឃើញ​ព្រឹលៗ មិន​ច្បាស់​លាស់ លុះ​ដល់​ព្រះ​អង្គ​បាន​ត្រាស់​ឡើង ទើប​ព្រះ​អង្គ​សម្ដែង​អំពី​ធម៌​ពិត​មែន​នោះ​ឱ្យ​អស់​មនុស្ស​ទេវតា​ទាំងឡាយ​បាន​ស្គាល់​ច្បាស់​ច្រើន​គ្នា​ឡើង ហៅ​ថា “អរិយសច្ច” ៗ នេះ​មាន ៤ យ៉ាង​គឺ

១-      ទុក្ខ កិរិយា​កើត​នៃ​ខន្ធ ៥ កិរិយា​ចាស់​គ្រាំ​គ្រា​នៃ​ខន្ធ ៥ កិរិយា​ឈឺ​ចាប់​នៃ​ខន្ធ ៥ កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ ៥ គឺ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ជា​ដើម ជា​គ្រឿង​ទុក្ខ។

២-      ទុក្ខសមុទយោ តណ្ហា​ជា​មេ​បណ្ដាល​ឱ្យ​កើត​ទុក្ខ។

៣-     ទុក្ខនិរោធោ   ធម៌​ជា​គ្រឿង​រលត់​មិន​សល់​នៃ​គ្រឿង​ទុក្ខ​គឺ​ព្រះ​និព្វាន។

៤-      ទុក្ខនិរោធគាមិនីបដិទា សេចក្ដី​ប្រតិបត្តិ​ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ដល់​នូវ​ទុក្ខ​និរោធ (សេចក្ដី​ប្រតិបត្តិ​ត្រង់​នេះ​បាន​ដល់​មជ្ឈិម​បដិបទា​ទាំង ៨ ប្រការ មាន​សម្មាទិដ្ឋិ​ជា​ដើម មាន​សម្មា​សមាធិ​ជា​ទី​បំផុត ដូច​សម្ដែង​ខាង​ដើម​ហើយ)។

អរិយសច្ច​ធម៌​ទាំង ៤ នេះ បណ្ដាល​មនុស្ស​មាន​ប្រាជ្ញា​ទាំង​ប៉ុន្មាន តែ​បាន​ឮ​បាន​ស្ដាប់ ហើយ​គិត​តាម​ទំនង​លំអាន​ធម៌​នេះ​ទៅ ក៏​នឹង​ជឿ​ប្រាកដ​ថា​ត្រូវ​ពិត​មែន ដូច​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ បាន​ដំណឹង​ថា​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ប្រទេស​ធំៗ ដូច​ក្នុង​ប្រទេស​អឺរ៉ុប គេ​បាន​ពិនិត្យ​ដល់​ព្រះ​ពុទ្ធ​សាសនា​ត្រង់​នេះ​ក៏​មាន​សេចក្ដី​ស្ងើច​អស្ចារ្យ​សរសើរ​ថា ព្រះ​ពុទ្ធ​ចេះ​សម្ដែង​ធម៌​ត្រូវ​ពិត​មែន​ណាស់។

៣- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម៉្យាង​ទៀត​សម្រាប់​ប្រដៅ​មនុស្ស ឱ្យ​ចេះ​គិត​ពិចារណា​ដល់​រូប​កាយ ឱ្យ​ឃើញ​ថា​មិន​ទៀង ថា​ជា​ទុក្ខ និង​ឱ្យ​ឃើញ​ថា​មិន​មែន​ជា​របស់​ខ្លួន ហៅ​ថា “ព្រះ​ត្រៃលក្ខណៈ” ជា​ប្រយោជន៍​នឹង​កុំ​ឱ្យ​សត្វ​ទាំងឡាយ​មាន​សេចក្ដី​ស្រវឹង​ទៅ​ក្នុង​រូប​កាយ។

ធម៌​ជា​របៀប​នៃ​ព្រះ​ពុទ្ធ​សាសនា ដែល​នាំ​យក​មក​ពន្យល់​ក្នុង​ទីនេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ជា​តួ​យ៉ាង​នៃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​តម្លៃ​វិសេស ព្រោះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​មនុស្ស​និង​ទេវតា​គិត​ប្រដៅ​ឱ្យ​ដូច​ពុំ​បាន​ឡើយ។

ដែល​នៅ​មាន​ត​ទៅ​ទៀត​នោះ​ច្រើន​ណាស់ មិន​មាន​ពេល​ល្មម​នឹង​នាំ​យក​មក​អធិប្បាយ​ឱ្យ​សព្វ​គ្រប់​បាន ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ឡើង បាន​សម្ដែង​ធម៌​ជា​ពាក្យ​ប្រដៅ​អស់ ៤៥ ឆ្នាំ ទើប​ព្រះ​អង្គ​បរិនិព្វាន​ទៅ ព្រះ​សង្គីតិកាចារ្យ​គឺ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ត​មក លោក​បាន​សង្គាយនា​រួប​រួម​ពាក្យប្រដៅ​របស់​ព្រះ​អង្គ​ទុក​ជា ៣ ផ្នែក ហៅ​ថា “ព្រះ​ត្រៃលក្ខណ​បិដក” គឺ​វិន័យ​បិដក ១ សុត្តន្ត​បិដក ១ អភិធម្ម​បិដក ១ បិដក​ទាំង ៣ នេះ​ដូច​ជា​ទូ​សម្រាប់​ដាក់​នូវ​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​នេះ​ឯង។

ម៉្យាង​ទៀត ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ឱ្យ​បាន​សេចក្ដី​សុខ​នោះ មិន​មែន​ប្រដៅ​ឱ្យ​តែ​បាន​ប្រយោជន៍​នឹង​សុខ​ក្នុង​បរលោក​​មុខ ដែល​យើង​មើល​ទៅ​មិន​ឃើញ​នោះ​ទេ ជា​ពាក្យ​ប្រដៅ​ឱ្យ​បាន​ទាំង​ប្រយោជន៍​នឹង​សេចក្ដី​សុខ​ក្នុង​លោក​នេះ​ផង ដូច​សេចក្ដី​រៀប​រាប់​ដោយ​សង្ខេប​ត​ទៅ​នេះ

១ ព្រះ​អង្គ​ប្រដៅ​មនុស្ស​មិន​ឱ្យ​ប្រព្រឹត្ត​តាម​អបាយ​មុខ ៦ យ៉ាង គឺ​មិន​ឱ្យ​មិន​ផឹក​សុរា ១ មិន​ឱ្យ​ដើរ​លេង​តាម​ច្រក​ល្ហក​ក្នុង​វេលា​យប់ ១ មិន​ឱ្យ​ដើរ​មើល​ល្បែង​មហោស្រព ១ មិន​ឱ្យ​លេង​ល្បែង​ភ្នាល់ មាន​បៀប៉ោ​ជា​ដើម ១ មិន​ឱ្យ​សម​គំនិត​នឹង​មនុស្ស​ខូច​យក​ធ្វើ​ជា​មិត្ត​សម្លាញ់ ១ មិន​ឱ្យ​ខ្ជិល​ធ្វើ​ការងារ​រក​ស៊ី ១ (បើ​អស់​លោក​អ្នក​ទាំងឡាយ​ចង់​ដឹង​សេចក្ដី​ពិស្ដារ អញ្ជើញ​មើល​សៀវភៅ​សិង្គាលោវាទសូត្រ ដែល​បោះ​ពុម្ព​ផ្សាយ​ចេញ​ពី​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា)។

២ ព្រះ​អង្គ​ប្រដៅ​មនុស្ស​ឱ្យ​ចេះ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទោ​មក​តាម​ជាន់ គឺ​មាតា​បិតា​និង​កូន គ្រូ​អាចារ្យ​និង​សិស្ស ភរិយា​និង​ស្វាមី មិត្ត​សម្លាញ់​និង​សម្លាញ់​ផង​គ្នា ចៅហ្វាយ​នាយ​និង​ទាសកម្មករ​គឺ​កូន​ឈ្នួល​ឬ​បាវព្រាវ សមណៈ​គឺ​អ្នក​បួស​និង​គ្រហស្ថ (មើល​សៀវភៅ​សិង្គាលោវាទសូត្រ)។

ព្រះ​ពុទ្ធ​សាសនា​ដែល​នាំ​យក​មក​ពន្យល់​បន្តិច​បន្តួច​ប៉ុណ្ណោះ​នេះ ឱ្យ​ឃើញ​ថា​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះ​ផង។

សូម​អស់លោក​ទាំងឡាយ​ជ្រាប​នេះ ព្រះ​ពុទ្ធ​សាសនា​នេះ​បើ​អ្នក​ណា​មួយ​បាន​កាន់ បាន​សិក្សា បាន​សង្កេត​ពិនិត្យ​មើល​ឱ្យ​សព្វ​គ្រប់​ទៅ​គង់​នឹង​បាន​ដឹង​ជា​ប្រាកដ ថា​មាន​រស​ជាតិ​ដ៏​ថ្លៃ​ថ្លា អាច​ឱ្យ​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​អ្នក​ប្រតិបត្តិ​ក្នុង​បច្ចុប្បន្ន​នេះ​ផង ក្នុង​បរលោក​ខាង​មុខ​ផង។

ឯ​សាសនា​ឯ​ទៀត​ដែល​មាន​ក្នុង​ស្រុក​យើង​ក៏​សុទ្ធ​តែ​មាន​ពាក្យ​ប្រដៅ​ឱ្យ​មនុស្ស​ប្រតិបត្តិ​ល្អ​ដោយ​ឡែក​ដែរ យើង​មិន​បន្តុះ​បង្អាប់​សាសនា​របស់​គេ​នោះ​ទេ ព្រោះ​ចូល​ចិត្ត​ថា ធម្មតា​ពាក្យ​ប្រដៅ​ដែល​ហៅ​សាសនា​នីមួយៗ បើ​ប្រសិន​ជា​ប្រដៅ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​សុទ្ធ​តែ​អាក្រក់​នោះ តើ​អ្នក​ណា​គេ​នឹង​ខំ​ប្រតិបត្តិ​តាម គឺ​មាន​ពាក្យ​ប្រដៅ​ឱ្យ​ធ្វើ​ល្អ​ដែរ បើ​មិន​មាន​ច្រើន​ក៏​គង់​មាន​ខ្លះ ល្មម​តែ​អ្នក​ដែល​ចូល​ចិត្ត​ជឿ​យក​មក​ប្រតិបត្តិ​តាម​បាន តែ​ទោះ​បី​មាន​ដូច្នោះ​ក្ដី​ក៏​គង់​មិន​មាន​លើស​លុប​ជាង​ព្រះ​ពុទ្ធ​សាសនា​ឡើយ ក្នុង​សាសនា​ឯ​ទៀត​បើ​មាន​សេចក្ដី​ប្រតិបត្តិ​ត្រូវ​ល្អ​ប៉ុន្មាន សេចក្ដី​ប្រតិបត្តិ​នោះ​ក៏​សឹង​មាន​បរិបូណ៌​គ្រប់​គ្រាន់​ខាង​ព្រះ​ពុទ្ធ​សាសនា​ឯ​ណេះ​ឥត​មាន​ខ្វះ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​នេះ​កើត​មាន​ឡើង​មុន​សាសនា​ឯ​ទៀតៗជា​ច្រើន។

ហេតុ​ដូច្នោះ អស់​លោក​អ្នក​ទាំងឡាយ​ដែល​បាន​ចូល​មកកាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ គួរ​តាំង​ចិត្ត​ប្រតិបត្តិ​ឱ្យ​ស៊ប់សួន បើ​មាន​កិច្ច​ធុរៈ​រវល់​ចំពោះ​ខ្លួន​ច្រើន មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​ពេញ​បន្ទុក​បាន ក៏​គប្បី​ប្រតិបត្តិ​យ៉ាង​តិច​ល្មម​សម​គួរ​ដល់​កម្លាំង​ដែល​អាច​នឹង​ប្រតិបត្តិ​ច្រើន​យ៉ាង តាម​ជាន់​នៃ​អ្នក​ប្រតិបត្តិ ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​ក្នុង​ខាង​មុខ។

ម្យ៉ាង​ទៀត ការ​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​នេះ ដូច​ក្នុង​សម័យ​ឥឡូវ​នេះ​ជា​ការ​លំបាក​នឹង​ចេះ​ដឹង​ពេក​ទេ ពិត​មែន​ជា​ព្រះ​ពុទ្ធ​សាសនា​ប្រៀប​ដូច​ជា​របស់​មាន​តម្លៃ​តម្កល់​នៅ​ក្នុង​ទូ​ដ៏​មាំមួន​ពោល​គឺ​ព្រះ​ត្រៃបិដក ហើយ​ចាក់​សោ គឺ​ថា​ភាសា​បាលី អ្នក​ដែល​មិន​ចេះ​ភាសា​បាលី​ដូច​គេ​ឥត​មាន​កូន​សោ​នៅ​ដៃ មិន​អាច​នឹង​ចាក់​បើក​ទូ​យក​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​មក​បាន ឯ​សព្វ​ថ្ងៃ​នេះ​ក្នុង​ស្រុក​យើង​កូន​សោ​កាន់​តែ​មាន​ក្រែល​ដែរ​ហើយ កូន​សោ​នោះ​គឺ​គម្ពីរ​សាត្រា ឬ​សៀវភៅ​ដែល​គេ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសា​យើង​ហើយ​បោះពុម្ព​ឡើង កាល​បើ​បាន​សៀវភៅ​ប្រែ​ធម៌​អាថ៌​ទាំងនោះ​មក​ក៏​ដូច​គេ​មាន​កូន​សោ​នៅ​ដៃ អាច​នឹង​ចាក់​ទូ​គឺ​ព្រះ​ត្រៃបិដក​បើក​យក​របស់​មាន​តម្លៃ​គឺ​ព្រះ​ពុទ្ធ​សាសនា មក​ប្រដាប់​តាក់​​តែង​ខ្លួន​គឺ​ប្រតិបត្តិ​តាម​ដូច​ប្រាថ្នា​បាន។

ពុទ្ធ​សាសន​បដិបត្តិ

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន ៣ ជាន់​គឺ ៖

១- ជាន់​ខាង​ក្រោម​គឺ​លោកិយ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​គឺ​ជន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ជាន់​ក្រោម គឺ​អ្នក​ដែល​ជា​បុថុជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល។

២- ជាន់​កណ្ដាល​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​មគ្គផល តាំង​ពី​ទី១ គឺ​សោតាបត្តិមគ្គ ដល់​ទី៧ គឺ​អរហត្ត​មគ្គ ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត។

៣- ជាន់​ខ្ពស់​បំផុត​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិកជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិបត្តិ​តាម។

ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​ សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស ១ សម្រាប់​គ្រហស្ថ ១។

នឹង​សម្ដែង​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​សម្រាប់​គ្រហស្ថ ដោយ​សង្ខេប​ដូច​មាន​ត​ទៅ​នេះ

ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឱ្យ​តម្កល់​នៅ​ក្នុង​អរិយ​ភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម។

អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធ​សម័យ ឬ​ក៏​ក្នុង​កាល​ខាង​ក្រោយ​ត​ពី​ព្រះ​ជា​បរម​គ្រូ​ទ្រង់​ចូល​បរិនិព្វាន​រៀង​មក ក៏​រមែង​ប្រតិបត្តិ​ទៅ​តាម​សមគួរ​ដល់​សទ្ធា​ចិត្ត​របស់​ខ្លួន​ទី​ទៃៗ អ្នក​ខ្លះ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ អ្នក​ខ្លះ​តម្កល់​ខ្លួន​នៅ​ក្នុង​និច្ចសីល និង​ឧបោសថ​សីល និង​សុចរិតទាំង៣ប្រការ អ្នក​ខ្លះ​ក៏​បាន​ប្រតិបត្តិ​តាម​គន្លង​នៃ​សមថភាវនា​និង​វិបស្សនា​ភាវនា ដរាប​ដល់​ធ្វើ​ខ្លួន​ឱ្យ​ផុត​ជាតិ​ជា​បុថុជ្ជន ឱ្យ​តម្កល់​នៅ​ក្នុង​ទី​អរិយ​ភូមិ​បាន។

អស់​លោក​អ្នក​ទាំង​ឡាយ ក៏​សុទ្ធ​តែ​ជា​អ្នក​ប្រកប​ដោយ​កិច្ច​កង្វល់ ក្នុង​ការងារ​ដែល​ត្រូវ បើ​មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​សព្វ​គ្រប់​បាន ក៏​គប្បី​ប្រតិបត្តិ​ឱ្យ​សម​គួរ​ដល់​ស្ថាន​ដែល​ត្រូវ​បាន​ឈ្មោះ​ថា​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ត្រឹម​តែ​សេចក្ដី​ខាង​ក្រោយ​នេះ​គឺ

១- តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ គឺ​តាំង​ចិត្ត​ជឿ​ជាក់​ហើយ​ចេញ​វាចា​ប្រកាស​យក ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ​ថា​ជា​ទី​ពឹង ទី​រឭក ព្រម​ទាំង​សេចក្ដី​ដឹង​ក្នុង​គុណ​នៃ​ព្រះ​រតន​ត្រ័យ​នោះ​ផង មាន​ដឹង​ថា ព្រះ​ពុទ្ធ​ព្រះ​អង្គ​មាន​នាម​ថា “អរហំ” ព្រោះ​ព្រះ​អង្គ​កម្ចាត់​បង់​ហើយ​នូវ​សត្រូវ​គឺ​ធម៌​ជា​គ្រឿង​សៅហ្មង​ដូច្នេះ​ជាដើម ដឹង​ថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះ​បរិយត្តិ​ធម៌​និង​នរលោកុត្តរ​ធម៌ ដែល​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​ល្អ ដូច្នេះ​ជា​ដើម ដឹង​ថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះ​សង្ឃ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ដូច្នេះ​ជា​ដើម។

២- សមាទាន​រក្សា​សីល ៥ គឺ​វៀរ​មិន​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃដែល​មិន​ឱ្យ ១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម ១ មិន​និយាយ​កុហក ១ មិន​ផឹក​សុរា ១។

(សីល ៥ នេះ​ត្រូវ​រក្សា​ឱ្យ​បាន​ជាប់​ជានិច្ច បើ​ប្រសិន​ជា​មាន​ដាច់​ត្រង់​សីល​ណា​មួយ​នៅ​ពេល​ណា​ដោយ​សេចក្ដី​ភ្លាំង​ភ្លាត់​នោះ ត្រូវ​សមាទាន​អំពី​អ្នក​ដទៃ ឬ​គ្រាន់​តែ​អធិដ្ឋាន​ដោយ​ខ្លួន​ឯង ឱ្យ​បាន​ជាប់​ឡើង​វិញ​ក៏​បាន)។

៣- រក្សា​នូវ​សុចរិត ៣ ប្រការ​គឺ កាយ​សុចរិត ១ វចី​សុចរិត ១ មនោ​សុចរិត ១។

កាយ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ មាន ៣ ​យ៉ាង​គឺ វៀរ​មិន​ឱ្យ​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ វៀរ​មិន​លួច​យក​ទ្រព្យ​របស់​អ្នក​ដទៃ ១ វៀរ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​គឺ​ការ​កន្លង​ប្រវេណី ១។

វចី​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មាន ៣​យ៉ាង​គឺ វៀរ​មិន​និយាយ​កុហក ១ វៀរ​មិន​និយាយ​ពាក្យ​ញុះញង់ ១ វៀរ​មិន​និយាយ​អាក្រក់​គឺ​ពាក្យ​ចាក់​ដោត​ដោយ​ការ​ប្រទេច​ផ្ដាសា ១ វៀរ​មិន​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ១។

មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត មាន៣​យ៉ាង​គឺ មិន​មាន​ប្រាថ្នា​លោភលន់​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ ១ មិន​មាន​គំនិត​គំនុំ​គុំ​ធ្វើ​អ្នក​ដទៃ​ឱ្យ​វិនាស ១ មាន​គំនិត​គិត​ត្រូវ​តាម​ហេតុ​ពិត ១ (តាំង​ពី​ត្រៃ​សរណគមន៍​ដល់​សុចរិត ៣ ប្រការ មាន​ពិស្ដារ​ក្នុង​សៀវភៅ​គិហិបដិបត្តិ)។

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដូច​រៀប​រាប់​ខាងលើ​នេះ សូម្បី​បន្តិច​ប៉ុណ្ណេះ ក៏​គង់​តែ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ ៖

១- នឹង​បាន​នូវ​អំណរ​ពេញ​ចិត្ត​ខ្លួន​ឯង​ថា “ខ្លួន​អញ​បាន​តម្កល់​ខ្លួន​ក្នុង​ទី​ដ៏​ត្រូវ​ហើយ អញ​បាន​ត្រូវ​ហើយ អញ​ឥត​មាន​ខុស​ទេ “។

២- នឹង​បាន​ជា​ទី​ទុក​ចិត្ត ជា​មនុស្ស​ជំនឿ​ពេញ​ចិត្ត​នៃ​អ្នក​ឯ​ទៀត គឺ​ថា​បើ​ខ្លួន​នៅ​ក្នុង​បន្ទុក​អ្នក​ឯ​ទៀត​ដែល​យស​សក្ដិ​ធំ​ជាង​ខ្លួន គេ​នឹង​ទុក​ចិត្ត​ជឿ​ស្រឡាញ់​រាប់​អាន ដោយ​គេ​ខឹង​ថា​ខ្លួន​ជា​អ្នក​សុចរិត​ល្អ​ហើយ គេ​នឹង​លើក​សរសើរ​ទំនុក​បម្រុង​ឱ្យ​បាន​នូវ​សេចក្ដី​ថ្កុំថ្កើង​និង​សេចក្ដី​សុខ​ស្រួល ព្រោះ​ហេតុ​ដែល​ខ្លួន​កាន់​សុចរិត​គួរ​ឱ្យ​គេ​ទុក​ចិត្ត​បាន។

៣- នឹង​មាន​កិត្តិសព្ទ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ។

៤- វេលា​ដែល​នឹង​ដល់​នូវ​មរណ​កាល ក៏​ឥត​មាន​សេចក្ដី​វង្វេង​ឡើយ។

៥- លុះ​ធ្វើ​មរណកាល​ទៅ​ហើយ ក៏​រមែង​បាន​ទៅ​កើត​ក្នុង​សុគតិភព។

ម្យ៉ាង​ទៀត សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ជ្រាប​ថា​ផល​ប្រយោជន៍​ដែល​កើត​ឡើង​អំពី​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដូច​សេចក្ដី​អធិប្បាយ​ក្នុង​ខាង​លើ​នេះ ក៏​សឹង​មាន​ប្រយោជន៍​ប្លែក​អំពី​គ្នា ដោយ​រូប​អ្នក​ដែល​ប្រតិបត្តិ​ខ្លះ​ល្ងង់ ខ្លះ​មាន​ប្រាជ្ញា​ចេះ​ដឹង បើ​ល្ងង់ បើ​ល្ងង់​ក៏​បាន​ផល​ប្រយោជន៍​តិច​ចុះ​ទៅ បើ​មាន​ប្រាជ្ញា​ចេះ​ដឹង​ក៏​បាន​ផល​ប្រយោជន៍​ចម្រើន​ឡើង ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​ក្នុង​ខាង​មុខ​នេះ ៖

ទោស​នៃ​សេចក្ដី​ល្ងង់

សេចក្ដី​មិន​ចេះ​មិន​ដឹង ហៅ​ថា​សេចក្ដី​ល្ងង់ បើ​មិន​ចេះ​អក្សរ​និង​លេខ​ហៅ​ថា​ល្ងង់​ក្នុង​អក្សរ​និង​លេខ បើ​មិន​ចេះ​ធ្វើ​ការ​អ្វី​ហៅ​ថា​ល្ងង់​ក្នុង​ការ​នោះ បើ​មិន​ចេះ​គិត​ហៅ​ថា​ល្ងង់​ក្នុង​ការ​គិត អ្នក​ណា​មាន​សេចក្ដី​ល្ងង់ អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ឥត​ចំណេះ​វិជ្ជា អ្នក​ណា​ឥត​មាន​ចំណេះ​វិជ្ជា អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ល្ងង់ ៗ នោះ​បើ​នឹង​ធ្វើ​ការ​អ្វី ការ​នោះ​ច្រើន​មិន​កើត បើ​ទុក​ជា​កើត​ច្រើន​មិន​ល្អ បើ​នឹង​និយាយ​ពាក្យ​ណា ពាក្យ​នោះ​ច្រើន​មិន​ប្រាកដ បើ​នឹង​គិត​ហេតុ​អ្វី ហេតុ​នោះ​មិន​ចេញ​មក​សម្ដែង​ឱ្យ​ប្រាកដ​ជា​ខុស​ឬ​ត្រូវ​បាន។

មនុស្ស​ល្ងង់​ឧបមា​ដូច​មនុស្ស​ខ្វាក់ ធម្មតា​មនុស្ស​ខ្វាក់​កម្រ​នឹង​ដើរ​តាម​ផ្លូវ​ឱ្យ​ត្រង់​នឹង​រហ័ស​បាន​ឡើយ ព្រោះ​មាន​សេចក្ដី​ញញើត​ញញើម​រួញ​រា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ជានិច្ច ម្ល៉ោះ​ហើយ​សេចក្ដី​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ ធ្វើ​ដំណើរ​ក៏​មិន​ឱ្យ​ប្រាកដ​ជា​ទៅ​មុខ​ឬ​ទៅ​ខាង ច្រើន​ទីសទាស ដូច​គ្នា​នឹង​មនុស្ស​ល្ងង់ បើ​នឹង​ធ្វើ​ឬ​និយាយ​ឬ​គិត ក៏​ឥត​មាន​ប្រាកដ​ក្នុង​ចិត្ត សេចក្ដី​មិន​ប្រាកដ​នេះ​ឯង មិន​អាច​នឹង​ធ្វើ​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​ការ​ឱ្យ​សម្រេច​បាន។

មាន​ពុទ្ធ​ភាសិត ១ កន្លែង​សម្ដែង​ថា មោហៈ​គឺ​សេចក្ដី​ល្ងង់​តែ​មាន​ច្រើន​ក្នុង​សន្ដាន​អ្នក​ណា​មួយ​ហើយ នឹង​អាច​ធ្វើ​អ្នក​នោះ​មិន​ឱ្យ​ស្គាល់​សេចក្ដី​អាក្រក់​ល្អនិង​ខុស​ត្រូវបាន​ឡើយ។

មាន​សុភាសិត​ពី​បូរាណ ក្នុង​គម្ពីរ​ហិតោបទេស​ជា​ភាសា​សំស្ក្រឹត សេចក្ដី​ដើម​ថា មាន​ស្ដេច ១ ព្រះ​អង្គ​នាម​សុទសិន​នៅ​ក្នុង​ក្រុង​បាដលិបុត្រ ទ្រង់​នឹក​ប្រារព្ធ​ដល់​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​សាស្ត្រ​វិទ្យា​ប្រព្រឹត្ត​តែ​ក្នុង​ផ្លូវ​ខុស ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​តម្រិះ​ថា “កូន​ដែល​គ្មាន​ចំណេះ​វិជ្ជា ជា​មនុស្ស​ល្ងង់ មិន​ប្រព្រឹត្ត​តាម​ធម៌ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​កូន​ដូច្នោះ ប្រៀប​ឧបមា​ដូច​ភ្នែក​ខ្វាក់​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ភ្នែក​នោះ មាន​តែ​សេចក្ដី​អផ្សុក​ព្រួយ​តែ​ម្យ៉ាង”។

“កូន​មាន​បី​យ៉ាង គឺ​កូន​ដែល​មិន​ទាន់​កើត ១ កូន​ដែល​កើត​ហើយ​ស្លាប់​បាត់​ទៅ​វិញ ១ កូន​ដែល​កើត​ហើយ​នៅ​រស់​តែ​ល្ងង់​ខ្លៅ ១ បណ្ដា​កូន​ទាំង ៣ យ៉ាង​នេះ គួរ​យក​កូន ២ យ៉ាង​ខាង​ដើម ព្រោះ​ថា​បើ​មាន​ទុក្ខ​ព្រួយ​ក៏​មាន​តែ ១ គ្រា ១ លើក ហើយ​ក៏​បាត់​ទៅ ឯ​កូន ១ ទី​បំផុត​នោះ​មិន​គួរ​យក​ឡើយ ព្រោះ​កូន​នោះ​នឹង​បណ្ដាល​ឱ្យ​បាន​សេចក្ដី​ទុក្ខ​ព្រួយ​ជានិច្ច”។

អ្នក​ណាមួយ ទោះ​បី​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​តាំង​នៅ​ក្នុង​តរុណ​វ័យ​គឺ​នៅ​ក្មេង​នៅ​ឡើយ កើត​នៅ​ក្នុង​ត្រកូល​ដ៏​ខ្ពង់​ខ្ពស់​ក្ដី តែ​ប្រាស​ចាក​ចំណេះ​វិជ្ជា​គឺ​ឥត​មាន​ចេះ​ដឹង​អ្វី​ហើយ អ្នក​នោះ​ឯង​ជា​មនុស្ស​ឥត​រាសី​មាន​តម្លៃ ដូច​គ្នា​នឹង​ផ្កា​ចារ (មាន​តែ​ពណ៌​ល្អ​ស្រស់) តែ​ឥត​មាន​ក្លិន​ក្រអូប។

មាន​សុភាសិត​ម្យ៉ាង​ទៀត​ថា “មនុស្ស​និង​សត្វ​គោ​មាន​ការ​នឹង​បរិភោគ​អាហារ សេព​មេថុន និង​ដេកដូច​គ្នា តែ​មនុស្ស​មានចំណេះ​វិជ្ជា​សម្រាប់​ធ្វើ​ឱ្យ​ប្លែក​អំពី​គោ មនុស្ស​ណា​ឥត​មាន​ចំណេះ​វិជ្ជា មនុស្ស​នោះ​ឈ្មោះ​ថា​ស្មើ​គ្នា​នឹង​សត្វ​គោ”។

ដែល​នាំ​រឿង​សុភាសិត​ខ្លះ​មក​អធិប្បាយ​ក្នុង​ទី​នេះ ដើម្បី​ឱ្យ​ឃើញ​ថា សេចក្ដី​ល្ងង់​នេះ​ធ្វើ​អ្នក​នោះ​ឱ្យ​បាន​ដល់​នូវ​សេចក្ដី​មិន​ចម្រើន នឹង​ទន់​ទាប​ថយ​ថោក តាំង​ពី​ក្នុង​បច្ចុប្បន្ន​នេះ​ដរាប​ដល់​លោក​ខាង​មុខ។

ឯ​ទោស​នៃ​សេចក្ដី​ល្ងង់​ដែល​នឹង​នឹង​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​នេះ​ដូច្នេះ ៖

១- បើ​ល្ងង់​ក្នុង​វិធី​អក្សរ គឺ​មិន​ចេះ​សរសេរ មិន​ចេះ​មើល​នឹង​នាំ​ឱ្យ​ខាត​បង់​នូវ​ប្រយោជន៍​ដូច្នេះ

ក- មិន​អាច​មើល​សាស្ត្រា​ឬ​សៀវភៅ​ដែល​មាន​ប្រដៅ​ល្អ ក្នុង​ព្រះ​ពុទ្ធ​សាសនា​ឬ​ក្រៅ​ពី​ព្រះ​ពុទ្ធ​សាសនា​ជា​គ្រឿង​នាំ​ឱ្យ​កើត​គំនិត​ប្រាជ្ញា។

ខ- មិន​អាច​សរសេរ​សំបុត្រ​ដោយ​ខ្លួន​ឯង​ឱ្យ​ដំណឹង​ដល់​ញាតិ​មិត្ត​ដែល​ខ្លួន​ត្រូវ​ការ។

គ- សេចក្ដី​កំបាំង​ឬ​ការ​ក្រ​ដែល​ញាតិ​មិត្ត​ផ្ញើ​សំបុត្រ​ឱ្យ​ដំណឹង​មក​ចំពោះ​ខ្លួន​នោះ​នឹង​មិន​សម្រេច​ប្រយោជន៍។

២- អ្នក​ដែល​ឥត​មាន​ចំណេះ​វិជ្ជា​អ្វី បើ​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​សម្នាក់​អ្នក​ធំ ហើយ​ចេះ​គោរព​ប្រតិបត្តិ​ឱ្យ​អ្នក​ធំ​លោក​ស្រឡាញ់​អាណិត​មេត្តា​ដូចម្ដេច​ក្ដី អ្នក​ធំ​នោះ​ក៏​មិន​អាច​នឹង​លើក​តម្កើង​អ្នក​នោះ​ឱ្យ​មាន​កេរ្តិ៍​ឈ្មោះ​យស​សក្ដិ​បាន​ឡើយ ព្រោះ​លោក​យល់​ថា​ខ្លួន​ល្ងង់ បើ​គ្រាន់​បើ​ណាស់​បាន​ត្រឹម​តែ​សេចក្ដី​សុខ ព្រោះ​អាស្រ័យ​នឹង​ឥស្សរភាព​របស់​អ្នក​ធំ​នោះ​ប៉ុណ្ណោះ តែ​ក៏​គង់​មិន​រួច​អំពី​ទី​ដែល​ជា​អ្នក​បម្រើ​គេ។

៣- មនុស្ស​ល្ងង់ ទោះ​បី​មាន​យស​សក្ដិ​ដោយ​អំណាច​ព្រេង​សំណាង​ជួយ​ឧបត្ថម្ភ​មក បើ​ថ្កុំ​ថ្កើង​គ្រាន់​បើ​បាន​តែ​ក្នុង​ទី​ឯទៀត តែ​ដល់​ក្នុង​ទី​ប្រជុំ​ក៏​នឹង​ត្រឡប់​ទៅ​ជា​មនុស្ស​ឥត​រាសី ឱ្យ​មាន​តម្លៃ​ទៅ​វិញ ព្រោះ​មិន​ចេះ​រៀប​ចំ​ធ្វើ​អាហារ​ឫកពា​ឱ្យ​សម​គួរ​ដល់​ស្ថាន​របស់​ខ្លួន ឬ​នឹង​ហា​និយាយ​ឡើង​ក៏​មិន​ត្រូវ​តាម​ទំនង​ធម៌​និង​ទំនង​ច្បាប់ ជា​ហេតុ​ឱ្យ​អ្នក​ឯ​ទៀត​គេ​ញញឹម​ក្នុង​ចិត្ត​រាល់​គ្នា​ដោយ​ការ​មើល​ងាយ ម្ល៉ោះ​ហើយ​គេ​ពុំ​ជឿ​ស្ដាប់ ពុំ​កោត​ខ្លាច ដោយ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់។

៤- មនុស្ស​ល្ងង់ ជា​មនុស្ស​ខ្សត់​មិត្ត​សម្លាញ់ ព្រោះ​គេ​មិន​សូវ​ត្រូវ​ការ​យក​ចិត្ត​ខ្លួន​ធ្វើ​ជា​មិត្ត​សម្លាញ់​ឡើយ។

ព្រោះ​ហេតុ​អ្វី ? ព្រោះ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់ បើ​នឹង​ពឹង​រក​យក​ទៅ​ឱ្យ​ជួយ​ធ្វើ​អ្វី ឬ​ជួយ​ពិគ្រោះ​ប្រឹក្សា​ការ​អ្វី​ក៏​មិន​កើត​ទាំងអស់។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments