ឈ្នះ​ខ្លួន​ឯង​ប្រសើរ​បំផុត

សារវន្តកថា

តាមធម្មតា មនុស្សក្នុងលោកដែលរួមគ្នានៅជាសង្គមតូចក្ដី ធំក្ដី តែងមានការវិវាទឈ្លោះទាស់ទែងគ្នា ដោយការដណ្ដើមយកត្រូវ ឬយកឈ្នះតែរៀងខ្លួន។ ផលជម្លោះនេះ បើក្នុងសង្គមតូចៗ បង្កើតទៅជាវាយដាល់កាប់សម្លាប់គ្នា ឬក្ដីក្ដាំប្ដឹងប្ដល់ដល់រាជការ ឱ្យវិនិច្ឆ័យរកខុសរកត្រូវឱ្យ ក្នុងសង្គមធំៗ បង្កទៅជាចម្បាំងតស៊ូដោយកម្លាំងអាវុធ ជាហេតុធ្វើឱ្យជាតិប្រទេសវិនាសអន្ដរាយ។ ផលចុងបំផុតនៃជម្លោះ គឺអ្នកដែលកម្លាំងខ្សោយ ក៏ចាញ់ អ្នកដែលមានកម្លាំងខ្លាំង ក៏ឈ្នះ។ បណ្ដាការឈ្នះនិងការចាញ់ ក្នុងការតស៊ូដោយកម្លាំងនេះ ការឈ្នះ គេរាប់ថាប្រសើរបំផុត ព្រោះអាចវាតអំណាចចេញទៅតាមឥទ្ធិពលរបស់ខ្លួនបាន។ តែចម្បាំងនេះទុកថាជាចម្បាំងខាងក្រៅ ជ័យជម្នះនៃចម្បាំងខាងក្រៅនេះ អ្នកប្រាជ្ញទាំងឡាយមានព្រះសម្ពុទ្ធជាដើមមិនសរសើរសោះឡើយ ព្រោះអ្នកដែលឈ្នះហើយ ចួនកាលត្រឡប់ទៅជាចាញ់វិញ ដោយហេតុអ្នកឈ្នះតែងទទួលពៀរ អ្នកចាញ់តែងដេករករឿងនឹងសងសឹកវិញ។

ក្នុងខ្លួនមនុស្សយើង មានសង្គមពីរ ដែលតែងប្រឆាំងគ្នា គឺសង្គមចិត្តកុសល និងសង្គមចិត្តអកុសល។ ចិត្តទាំង ២ ក្រុមនេះ តែងទាស់ឈ្លោះគ្នាទៅវិញទៅមក។ បើចិត្តអកុសលច្បាំងឈ្នះចិត្តកុសល ក៏សង្កត់ផ្ទប់ចិត្តកុសលមិនឱ្យក្រោករួច ហើយដឹកនាំកាយឱ្យធ្វើអំពើពាលយង់ឃ្នងមានប្រការផ្សេងៗ ដឹកនាំមាត់ឱ្យពោលពាក្យប្រកបដោយទោសច្រើនយ៉ាង។ ផលក្នុងទីបំផុត ចិត្តអកុសលក៏ផ្ដល់ឱ្យមនុស្សយើងទទួលរងទុក្ខលំបាកតាមស្ថានការណ៍ដែលបានប្រព្រឹត្ត។ រឿងនេះ គួរឃើញដូចអ្នកលេងស្រី អ្នកផឹកស្រា អ្នកលេងល្បែងភ្នាល់ អ្នកប្រព្រឹត្តធ្វើចោរកម្មលួចប្លន់ ឆបោកយកទ្រព្យសម្បត្តិអ្នកដទៃជាដើម ពួកជនអ្នកប្រព្រឹត្តអំពើពាលលាមកទាំងនេះ តែងវិនាសខ្លួន វិនាសទ្រព្យសម្បត្តិ។ នេះឯងមកអំពីចិត្តអកុសលគ្របបាំងបិទចិត្តកុសល ៗ គ្មានកម្លាំងនឹងរើខ្លួនបាន ទើបធ្វើឱ្យគេងប់មុខស្លុងចុះទៅក្នុងអំពើអាក្រក់ ឥតតក់ស្លុត ឥតខ្មាសអៀនសោះឡើយ។

ប្រសិនបើចិត្តកុសលច្បាំងឈ្នះចិត្តអកុសលវិញ ចិត្តកុសលក៏ដឹកនាំមនុស្សយើង ឱ្យចូលចិត្តធ្វើតែអំពើល្អ និយាយតែពាក្យជាគុណប្រយោជន៍ ដឹកនាំឱ្យរៀបឫកពាសុភាពរាបសា។ ពួកជនដែលមានចិត្តកុសលឈ្នះចិត្តអកុសលនោះ តែងទទួលផលជាសុខ ចំណែកលាភ យស និងសេចក្ដីសរសើរ ក៏ចេះតែកើតមានជាលំដាប់ ដូចចូឡេកសាដកព្រាហ្មណ៍ដែលមានសំពត់ដណ្ដប់តែមួយ ប្រើពីរនាក់ប្ដីប្រពន្ធ ពេលមួយគាត់បានចូលទៅស្ដាប់ធម៌ព្រះសម្ពុទ្ធ ក៏មានសទ្ធាចិត្ត (ចិត្តសទ្ធា) ចង់ថ្វាយសំពត់ដណ្ដប់នោះចំពោះព្រះអង្គតែសទ្ធាចិត្តនេះច្បាំងនឹងមច្ឆេរចិត្ត (ចិត្តកំណាញ់មិនចង់ថ្វាយវិញ) តាំងពីព្រលប់ដល់ជត់ភ្លឺមិនអាចយកជ័យបាន។ ក្នុងរយៈវេលាមួយរាត្រីនោះ ចួនកាលសទ្ធាចិត្តមានកម្លាំងសង្កត់សទ្ធាចិត្ត។ លុះដល់ជិតភ្លឺ ចូឡេកសាដកព្រាហ្មណ៍ ទើបដាច់ស្រេចក្នុងចិត្តឥតរើរុះថា ត្រូវតែថ្វាយសំពត់ដណ្ដប់ ដល់ព្រះសម្ពុទ្ធ ខានពុំបាន។ ត្រង់នេះ ទុកថាសទ្ធាចិត្តច្បាំងឈ្នះមច្ឆេរចិត្ត។ ក្នុងកាលជាបន្ទាប់នេះ ចូឡេកសាដកព្រាហ្មណ៍បានទទួលសេចក្ដីសរសើរ ព្រមទាំងបានទទួលសំពត់សាដក៣២គូ នឹងខ្ញុំប្រុសខ្ញុំស្រី គោក្របីសេះជាដើមអំពីព្រះបាទបសេនទិកោសល។ ការបានសេចក្ដីសរសើរជាដើមនៃចូឡេកសាដកព្រាហ្មណ៍នេះ គឺជាផលដែលកើតអំពីចិត្តកុសលផ្ដល់មកឱ្យ។

ចម្បាំងនៃចិត្តកុសលនិងចិត្តអកុសលនេះ រាប់ថាជាចម្បាំងខាងក្នុង ព្រោះកើតមានខាងក្នុងសន្ដានមនុស្សយើងរាល់រូប។ បណ្ដាជ័យជម្នះខាងក្នុងនេះ ជ័យជម្នះរបស់ចិត្តអកុសល បណ្ឌិតមិនរាប់ថាជាជម្នះដ៏ប្រសើរទេ ព្រោះឱ្យផលជាទុក្ខដល់សត្វ ជ័យជម្នះរបស់ចិត្តកុសល ទើបរាប់ថាជាជម្នះដ៏ប្រសើរ ព្រោះឱ្យផលជាសុខ តាមសមគួរដល់កម្លាំងកសាងមក។

សេចក្ដីនេះសមដូចពុទ្ធភាសិតថា អត្តា ហវេ ជិតំ សេយ្យោ ឈ្នះខ្លួនឯងប្រសើរ។ ពាក្យថាខ្លួនឯង  សំដៅយកចិត្ត  ឈ្នះខ្លួនឯង  គឺឈ្នះចិត្តឯង សំដៅយកចិត្តកុសលឈ្នះចិត្តអកុសលនោះឯង។

ចិត្តអកុសលដែលមានកម្លាំងអាចឈ្នះចិត្តអកុសលបាន ដោយអាស្រ័យធម៌ ២ ប្រការ គឺ សញ្ញាមៈ (ការរវាំង) និងទមៈ (ការបង្វឹក)។ សញ្ញាមៈ ជាធម៌ទី ១ មានភារៈខាងការសង្រួម រវាំង ប្រាស្រ័យឃ្លាំមើលអារម្មណ៍ដែលចូលមកក្នុងទ្វារទាំង ៦ ឱ្យដឹងថាអារម្មណ៍នេះល្អឬមិនល្អ កាលបើអារម្មណ៍ណាចូលមកហើយ នាំឱ្យកើតសោមនស្សឬទោមនស្ស ក៏ទប់ឃាត់ចិត្តមិនឱ្យសោមនស្ស មិនឱ្យទោមនស្ស។ បន្ទាប់មកត្រូវមុខទមៈ ជាធម៌ទី ២ ដែលមានភារៈខាងទូន្មានប្រៀនប្រដៅចិត្ត សម្រាប់ប្រដៅចិត្តឱ្យដើរទៅក្នុងទីប្រកបដោយគុណ។ កុសលចិត្ត កាលបើមានធម៌សញ្ញាមៈនិងទមៈ នេះជាអាវុធហើយ ក៏អាចឈ្នះចិត្តអកុសលបានដោយងាយ។ ដូច្នេះ យើងជាពុទ្ធសាសនិកជនមិនគប្បីច្បាំងនឹងជនដទៃទេ គប្បីច្បាំងតែនឹងខ្លួនឯង ព្រោះឈ្នះខ្លួនឯងប្រសើរបំផុត។

ឈ្នះអ្វីមិនប្រពៃស្មើនឹងឈ្នះចិត្ត
ដែលប្រព្រឹត្តធ្វើអំពើមិនសមសួន
ច្រានចោលអស់គ្មានអាឡោះអាល័យស្ងួន
អាចធ្វើខ្លួនមានសួស្ដីជ័យជោគល្អ។
ការចាញ់ចិត្តគឺបណ្ដោយទៅតាមចង់
មិនគិតត្រង់អង្គខុសត្រូវផ្លូវខ្មៅស
តែងមានទុក្ខឃើញទាន់ហន់តាមជាន់ក
លុះតំណទៅជាតិមុខទុក្ខអនន្តរ៍។

យូរ អ៊ុន

ឃុនសុវត្តិវេទី យូរ   អ៊ុន

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments