ព្រះមហាពិទូរ ក្រសេម រៀបរៀង
ពិធីពលិការ
ព្រះពិស្ណុការ ដ៏ជាគ្រូដើមខាងវិជ្ជាជាង
ពាក្យថា ពិស្ណុការ នេះជាឈ្មោះអ្នកណា ? គួរឱ្យពិចារណាស្រាវជ្រាវរក។ តាមដែលធ្លាប់ដឹងមកពិស្ណុជាឈ្មោះព្រះនារាយណ៍ សឹងប្លែងចេញមកពីពាក្យដើមថា វិស្ណុ នឹងថាគេបូជាព្រះនារាយណ៍ មើលទៅក៏ដូចជាមិនមែន ព្រោះមិនមានប្រាកដក្នុងទីណាថា ព្រះនារាយណ៍ជាជាងកសាងផ្ទះសម្បែងជាដើមសោះ មានប្រទះតែថា ទេវបុត្រមួយអង្គឈ្មោះវិស្សកម្មជាជាងរបស់ព្រះឥន្រ្ទ ដូចមានប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនាជាច្រើនអន្លើថា កាលព្រះឥន្រ្ទត្រូវការនឹងកសាងអ្វីរមែងត្រាស់ប្រើព្រះវិស្សកម្មទេវបុត្រ ឱ្យទៅកសាងជាដរាប សូម្បីពាក្យថាវិស្សកម្មនេះក៏ប្រែបានសេចក្ដីសមរឿងថា ការកសាងទីលំនៅឬថា អ្នកកសាងទីលំនៅ។ ដោយសេចក្ដីសន្និដ្ឋានឃើញថាដែលប្រើជាពិស្ណុការ នោះគង់ឃ្លៀងឃ្លាតមកពីពាក្យថា វិស្សកម្មនោះឯង។
អំពីនេះនឹងពណ៌នាពីរបៀបបូជាព្រះពិស្ណុការឬព្រះវិស្សកម្មនោះតទៅ ជាងខ្មែរកាលនឹងកសាងរបស់ដែលសំខាន់ ដូចយ៉ាងប្រាសាទ វិហារ ផ្ទះ និងធ្វើទូកធំៗជាដើម មានទំនៀមរៀបពលិការបូជាព្រះពិស្ណុការ ដែលជាគ្រូកសាងដើមដោយមានគតិកាន់ មនុស្សលោកយើងនេះដែលនឹងចេះការវិជ្ជាជាងធ្វើសារពើកិច្ចការទាំងពួង អាស្រ័យដោយព្រះពិស្ណុការឬព្រះវិស្សកម្មប្រសិទ្ធប្រសាទឱ្យមក ហេតុនេះកាលគេនឹងធ្វើអ្វី រមែងបូជាគ្រូដើមនោះ ដើម្បីឱ្យការនោះសម្រេចទៅដោយស្រួល កុំឱ្យមានគ្រោះថ្នាក់ មានធ្លាក់ឬមុតដៃ មុតជើងជាដើម ទំនៀមនេះក៏ចេញមកតែពីគតិព្រហ្មញ្ញសាសនានោះឯង។
ក៏ឯរបៀបគ្រឿងពលិការនោះ តាមក្បួនបុរាណលោកកំណត់ទុកជា៣យ៉ាង ផ្សេងគ្នាដោយធំនិងតូចដូច្នេះ ៖
របៀបទី១
កាលនឹងធ្វើការធំមានប្រាសាទ វិហារ ជាដើម ត្រូវរៀបពលិការយ៉ាងធំតាមនោះគឺ ៖
រាន៥ ថ្នាក់១ មានរបស់ពលិការដាក់បូជានៅរាននោះ បាយសី៥ថ្នាក់១គូ បាយសីប៉ាកឆាម១គូ ស្លាធម៌៤ ជម៤ ទឹកអប់៤ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ សំពត់សក្រាលរាន៥ហត្ថ ប្រាក់៤បាទឬក្រដាសមាស ប្រាក់ ក្បាលជ្រូក២ និងមានភ្លេងពិណពាទ្យ១វង់។
ដល់វេលានឹងពលិការ ត្រូវយកគ្រឿងប្រដាប់ធ្វើការទាំងប៉ុន្មាននោះ មានដឹង ដែកឈូសពន្លាក ជាដើម មករៀបតាំងនៅមុខរានទេវតា។ មេជាងផ្ដើមសូត្រអារាធនាអញ្ជើញព្រះពិស្ណុការដ៏ជាគ្រូជាងនិងទេវតាដែលរក្សាទីកន្លែងដែលកសាងនោះ សូមឱ្យអញ្ជើញមកទទួលសេពសោយគ្រឿងពលិការ និងសូមឱ្យជួយប្រសិទ្ធីការនេះ ឱ្យសម្រេចទៅដោយរួសរាន់ កុំឱ្យមានគ្រោះថ្នាក់ មានមុតដៃ មុតជើងជាដើមឡើយ។ ចប់ហើយអ្នកភ្លេងលេងភ្លេង៣ដង តាមទំនៀមជាសូរេច។
របៀបទី២
កាលនឹងធ្វើការជាយ៉ាងកណ្ដាល មិនតូច មិនធំ ត្រូវរៀបគ្រឿងពលិការយ៉ាងកណ្ដាល មានតទូកធំជាដើមដូច្នេះ។
រានទេវតា៣ថ្នាក់១ មានគ្រឿងពលិការ គឺបាយសី ប៉ាកឆាម៤ ស្លាធម៌៤ ជម៤ ទឹកអប់៤ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ សំពត់ស៥ហត្ថ និងប្រាក់៦ស្លឹង ឬក្រដាសមាសក្រដាសប្រាក់។ និងមានសំពត់ជាតី២បន្ទះទំហំទទឹងបណ្ដោយ ១ហត្ថ ៤ជ្រុង គូរជាយន្តក្បាល៤បញ្ចុះអក្ខរសិម្ពលី វេលាធ្វើបានជារាងហើយឱ្យយកទៅបិទត្រង់ខ្ពនិងមាត់តគ្នា ខាងក្បាល១ ខាងកន្សៃ១។ មេជាងត្រូវរៀបពលិការដូចពោលហើយខាងលើ។
របៀបទី៣
កាលនឹងធ្វើផ្ទះ គប្បីរៀបគ្រឿងពលិការដូច្នេះ ៖
រានទេវតា៣ថ្នាក់១ មានគ្រឿងពលិការ គឺ បាយសីប៉ាកឆាម១គូ ស្លាធម៌១គូ ជម១គូ ទឹកអប់១គូ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ សំពត់ស៥ហត្ថ និងក្រដាសមាស ក្រដាសប្រាក់។ និងមានសំពត់ជាតីប្រមាណ១ហត្ថ៤ជ្រុងគូរយន្តក្បាល៤ តែតម្រាខ្លះថាឱ្យគូរយន្តក្រួច។ ឱ្យយកសំពត់យន្តនេះទៅបិទភ្ជាប់នឹងមេដំបូល ស្រេចហើយទើបរៀបពលិការដូចពោលហើយខាងលើ។
អំពីនេះ នឹងអធិប្បាយអំពីសំពត់យន្តបន្តិចតទៅទៀត ដើម្បីនឹងបំបាត់សេចក្ដីសង្ស័យរបស់អ្នកខ្លះ ដែលអាចនឹងកើតសង្ស័យឡើងបាន ដ្បិតមានក្បួនខ្លះថា ឱ្យគូរយន្តក្បាល៤ ក្បួនខ្លះថាឱ្យគូរយន្តក្រួចបញ្ចុះបាលីវដ្ដកបរិត្ត ដើម្បីការពារកុំឱ្យភ្លើងឆេះផ្ទះនោះ ដោយអាងយករឿងក្នុងវដ្ដកបរិត្តដែលថាកាលព្រះពុទ្ធអង្គនៅជាពោធិសត្វ កើតជាកូនសត្វក្រួច វេលាមួយនោះមាតាបិតាមិននៅទទួលមានភ្លើងព្រៃឆេះ មកដល់ទៀបសម្បុក កូនក្រួចនោះភ័យក៏ភាវនាវដ្ដកបរិត្ត ភ្លើងក៏រលត់ទៅមិនបានឆេះដល់សម្បុក។
តាមសេចក្ដីសន្និដ្ឋានថា យន្តក្បាល៤ នោះជារបស់ដើម មានមកអំពីបុរាណកាល ដល់មកវេលាដែលខ្មែរកាន់ព្រះពុទ្ធសាសនាដេរដាសពេញពាសស្រុកហើយ ទើបកើតមានទំនៀមធ្វើយន្តក្រួច១យ៉ាងឡើងទៀត ដោយសេចក្ដីនិយមដូចពោលហើយ។
សំពត់នោះអ្នកខ្លះហៅថា សំពត់នាងលក្ខណ៍ ផ្ទះអ្នកខ្លះហៅថា សំពត់ព្រះភូមិ អ្នកខ្លះហៅថាសំពត់ព្រះពិស្ណុការ។
ការពលិការព្រះពិស្ណុការនេះ គេតែងធ្វើក្នុងវេលាដែលនឹងប្រុងរបស់ដែលត្រូវធ្វើនោះ គឺពីព្រឹកត្រូវរៀបបូជាព្រះពិស្ណុការ ដល់ថ្ងៃរសៀលត្រូវរៀបបូជាក្រុងពលី។ តែបើនឹងធ្វើក្នុងវេលាដែលប្រមូលគ្រឿងទព្វសម្ភារៈមកសព្វគ្រប់ហើយ ចាប់ផ្ដើមនឹងឈូសសិទ្ធគ្រឿងនោះ ក៏ធ្វើពិធីពលិការព្រះពិស្ណុការតែម្ដង ដល់វេលាឈូសសិទ្ធស្រេចហើយនឹងប្រុង ត្រូវសែនក្រុងពលីដូច្នេះវិញ ឃើញទំនងជាងនិងពលិការក្នុងថ្ងៃជាមួយគ្នាតែម្ដង ក្នុងវេលាប្រុងនោះឃើញមិនសូវសម ព្រោះការបានធ្វើមកពាក់កណ្ដាលហើយ ទើបមកធ្វើជាក្រោយ បើនឹងមានគ្រោះថ្នាក់អ្វីអាចនឹងមានរួចទៅហើយក៏បាន ព្រះពិស្ណុការនឹងចាប់ទោសថា មិនអើពើនឹងបូជារំឭកដល់លោកក៏បាន ខនេះនឹងគួរយ៉ាងណា អ្នករាប់អានទំនៀមទម្លាប់បុរាណគួរតែពិចារណាមើលចុះ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី១