ព្រះគ្រូញាណសំវរ ញាណ – ឈឺន
ក្រុមពុទ្ធសាសនបណ្ឌិត្យ
ប្រែនិងរៀបរៀង
សុភាសិតវាចាកថា
នមត្ថុរតនត្តយស្ស
សូមនមស្ការចំពោះព្រះរតនត្រ័យគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយសេចក្ដីគោរព។
គ្រានេះនឹងរៀបរៀងសេចក្ដីក្នុងមង្គលទី១០ តាមន័យដែលព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងទុកក្នុងមង្គលសូត្រថា សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ ប្រែថា វាចាឯណាដែលបុគ្គលពោលដោយល្អ ដោយពីរោះដោយប្រពៃនេះ ជាមង្គលដ៏ឧត្ដម។
ក៏ឯវាចាសព្ទនេះ ព្រះអដ្ឋកថាចារ្យលោកអធិប្បាយចងវិគ្គហថា វុច្ចតីតិ វាចា ធម្មជាតិឯណាដែលបុគ្គលពោល ធម្មជាតិនោះ ហៅថា វាចា។
ឯវាចានោះ លោកកំណត់យកសំឡេងជាប្រមាណ វាចាសព្ទក្នុងបទដទៃ ដូចក្នុងវចីកម្មកថា លោកសម្ដែងអំពីវចីសុចរិតទាំង៤គឺ វៀរពាក្យកុហក ពាក្យទ្រគោះ ពាក្យញុះញង់ ពាក្យរោយរាយឥតប្រយោជន៍ លោកកំណត់យកចេតនាជាប្រមាណ គឺបុគ្គលមានចេតនាជាកុសល។
ពោលពាក្យពិតមិនកុហកជាដើម ហៅថាវចីសុចរិតឬហៅថាពាក្យសុភាសិតក៏បាន តែមិនរាប់ចូលក្នុងមង្គលទី១០នេះឡើយ ឯមង្គលទី១០នេះលោកសំដៅយកតែសំឡេងជាប្រមាណ គឺបុគ្គលមានចេតនាយ៉ាងណាៗក៏ដោយ ឱ្យតែពោលបញ្ចេញល្អពីរោះនាំឱ្យកើតសេចក្ដីជ្រះថ្លា ឬឱ្យកើតសេចក្ដីនឿយណាយចាករាគាទិក្កិលេសកើតមគ្គកើតផលហៅថា សុភាសិតវាចា គឺពាក្យជាសុភាសិត។
ម្យ៉ាងទៀត ឯលក្ខណៈរបស់ពាក្យសុភាសិតនោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងទុកក្នុងសុភាសិតសូត្រ គម្ពីរអង្គុត្តរនិកាយ បញ្ចកនិបាតថា មាន៥ប្រការដោយបាលីថា ៖
បញ្ចហិ ភិក្ខវេ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ ន ទុពា្ភសិតា អនវជ្ជា ច អននុជ្ជា ច វិញ្ញូនំ។
ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ៥ឈ្មោះថា សុភាសិត មិនបានឈ្មោះថាទុព្ភាសិតឡើយ ជាវាចាប្រាសចាកទោស គឺរាគាទិក្កិលេសទាំងមិនលុះទៅដោយអំណាចអគតិទាំង៤ជាដើមផង ជាវាចាដែលអ្នកប្រាជ្ញទាំងឡាយមិនគប្បីតិះដៀលផង។
លុះព្រះអង្គទ្រង់សម្ដែងដូច្នេះរួចហើយ ទើបទ្រង់សម្ដែងជាពាក្យកថេតុកម្យតាបុប្ផាថា កតមេហំ បញ្ចហិ វាចាប្រកបដោយអង្គ៥នោះតើដូចម្ដេចខ្លះ ?
ទើបទ្រង់វិសជ្ជនាដោយព្រះអង្គឯងថា អង្គ៥នោះគឺ កាលេន ច ភាសិតា ហោតិ វាចាដែលបុគ្គលពោលក្នុងកាលគួរ ១។
សច្ចា ច ភាសិតា ហោតិ វាចាដែលបុគ្គលពោលដោយពិតត្រង់ ១។
សណ្ហា ច ភាសិតា ហោតិ វាចាដែលបុគ្គលពោលដោយល្អិតល្អពីរោះ ១។
អត្ថសញ្ហិតា ច ភាសិតាហោតិ វាចាដែលបុគ្គលពោលប្រកបដោយប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ១។
មេត្តចិត្តេន ច ភាសិតា ហោតិ វាចាដែលបុគ្គលពោលប្រកបដោយចិត្តមេត្តា ១។
ន័យមួយទៀតលក្ខណៈពាក្យសុភាសិតនោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងទុកក្នុងសុភាសិតសូត្រ គម្ពីរអង្គុត្តរនិកាយ ចតុកនិបាតថា មាន៤ប្រការ ដោយបាលីថា ចតូហិ ភិក្ខវេ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ ន ទុញ្ហាសិតា អនវជ្ជា ច អននុវជ្ជា ច វិញ្ញូនំ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ៤ ឈ្មោះថាសុភាសិត មិនបានឈ្មោះថា ទុញ្ភសិតឡើយ ជាវាចាប្រាសចាកទោស គឺរាគាទិក្កិលេស ទាំងមិនលុះទៅដោយអំណាចអគតិទាំង៤ជាដើមផង ជាវាចាដែលអ្នកប្រាជ្ញទាំងឡាយមិនគប្បីតិះដៀលផង។ល។ ឯវាចាប្រកបដោយអង្គ៤នោះគឺ ៖
ឥធ ភិក្ខវេ ភិក្ខុ សុភាសិតំយេវ ភាសតិ នោ ទុញ្ហសិតំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលវាចាជាសុភាសិត ១។
ធម្មំយេវ ភាសតិ នោ អធម្មំ ពោលវាចាដែលមានធម៌ មិនពោលវាចាដែលមិនមានធម៌ ១។
បិយមេវ ភាសតិ នោ អប្បិយំ ពោលវាចាជាទីស្រឡាញ់ មិនពោលវាចាមិនជាទីស្រឡាញ់ ១។
សច្ចំយេវ ភាសតិ នោ អលិកំ ពោលវាចាពិតត្រង់ មិនពោលវាចាកុហក ១។
លុះព្រះអង្គសម្ដែងដូច្នេះរួចហើយ ទើបទ្រង់ត្រាស់ជាបទគាថានេះតទៅទៀតថា សុភាសិតំ ឧត្ដមមាហុ សន្ដោ ធម្មំ ភណេ នាហំ តំ ទុតិយំ បិយំ ភណេ នាប្បិយំ តំ តតិយំ សច្ចំ ភណេ នាលិកំ តំ ចតុត្ថំ ប្រែថា សប្បុរសទាំងឡាយមានព្រះពុទ្ធជាដើម តែងពោលសរសើរពាក្យសុភាសិតថាជាពាក្យដ៏ឧត្ដម បុគ្គលគប្បីពោលពាក្យដែលមានធម៌ មិនគប្បីពោលពាក្យដែលមិនមានធម៌ឡើយ ពាក្យនោះជាទី២ បុគ្គលគប្បីពោលពាក្យដែលជាទីស្រឡាញ់ មិនគប្បីពោលពាក្យដែលមិនជាទីស្រឡាញ់ឡើយ ពាក្យនោះជាទី៣ បុគ្គលគប្បីពោលពាក្យពិតត្រង់ មិនគប្បីពោលពាក្យកុហកឡើយ ពាក្យនោះជាទី៤។
ទោសនៃទុញ្ភសិតាវាចា
លំដាប់តពីនេះនឹងសម្ដែងខាងទោសនៃទុញ្ភសិតាវាចាជាមុន ទោសនៃទុញ្ភសិតាវាចានោះ ក៏គឺវចីទុច្ចរិតទាំង៤យ៉ាងនោះឯង ដូចនឹងសម្ដែងតទៅនេះ ៖
១- ទោសពោលពាក្យមិនពិត ជាហេតុដកចោលនូវគុណគឺ សច្ចវាចា។
២- ទោសពោលពាក្យបេសុញ្ញវាទ ឬបិសុណាវាទ ជាហេតុដកចោលនូវគុណ គឺសុភាសិត និងគុណគឺសេចក្ដីនៅរួបរួមដោយមិត្រសម្លាញ់ខ្លួន។
៣- ទោសពោលពាក្យផរុសវាទ ជាហេតុដកចោលនូវគុណគឺបិយវាចាដែលគេស្រឡាញ់។
៤- ទោសពោលពាក្យសម្ផប្បលាប ជាហេតុដកចោលនូវគុណគឺសម្មាវាចា ដែលជាពាក្យធម៌។
ន័យដទៃទៀតថា
១- ទោសពោលពាក្យមុសាវាទ ជាហេតុឱ្យគេពោលបង្កាច់មិនពិត។
២- ទោសពោលពាក្យបិសុណាវាទ ជាហេតុឱ្យគេបំបែកមិត្រសម្លាញ់ខ្លួន។
៣- ទោសពោលពាក្យផរុសវាទ ជាហេតុឱ្យគេស្អប់ព្រោះពាក្យសម្ដីខ្លួន។
៤- ទោសពោលពាក្យសម្ផប្បលាប ជាហេតុឱ្យគេមិនអើពើនឹងពាក្យសម្ដីខ្លួន ទាំងនាំឱ្យខាតខូចប្រយោជន៍ដែលខ្លួនត្រូវបាន ត្រឡប់ទៅជាមិនបានវិញក៏មាន សមដូចនិទានដែលមានក្នុងគម្ពីរតេរសនិបាត នាំមកសម្ដែងអំពីទោសនៃមុសាវាទថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតក្នុងត្រកូលចណ្ឌាលក្នុងចណ្ឌាលគ្រាម ព្រះអង្គជាបណ្ឌិតចេះមន្តធ្វើឈើឱ្យមានផ្កាផ្លែក្នុងរដូវមិនគួរកាល។ ថ្ងៃមួយពោធិសត្វចេញទៅព្រៃពីព្រឹក ទើបរាយមន្តធ្វើដើមស្វាយមួយដើម នៅចម្ងាយ៧ជំហានអំពីកន្លែងដែលព្រះអង្គឈរ ទើបព្រះអង្គយកទឹកចំនួន១០០កម្បង់ទៅស្រប់លើដើមស្វាយៗ នោះមានស្លឹកចាស់ជ្រុះអស់មួយរំពេច លាស់ស្លឹកខ្ចីឡើងបញ្ចេញផ្កាផ្លែទុំក្នុងពេលនោះ ពោធិសត្វបេះយកមកបរិភោគក៏មានឱជារសប្រហែលដូចរសទិព្វ ព្រះអង្គបរិភោគលុះត្រាតែឆ្អែត ហើយបេះដាក់អំរែករែកទៅផ្ទះ ចែកបុត្តភរិយាផង លក់ដូរផង។
កាលនោះ មានព្រាហ្មណ៍ម្នាក់ បានសូមរៀនមន្តពីពោធិសត្វ ៗ ក៏ឱ្យរៀនហើយផ្ដាំថា បើមានអ្នកណាមួយសួរថា ព្រាហ្មណ៍ឯងរៀនមន្តនេះពីសម្នាក់អ្នកណាៗ ចូរព្រាហ្មណ៍ឯងប្រាប់គេឱ្យត្រង់កុំកុហកហ្នះ តែប្រាប់ដោយមុសាវាទហើយមន្តនេះ នឹងវិនាសទៅវិញមិនលែងឡើយ ព្រាហ្មណ៍ទទួលបណ្ដាំហើយ ដើររៀងៗទៅដល់ក្រុងពារាណសី បានចូលទៅធ្វើជានាយច្បារក្នុងសម្នាក់ព្រះបាទពារាណសី តែងប្រតិបត្តិតាមវិធីមន្ត ផ្លែស្វាយក៏ចេះតែផ្លែឥតអាក់មិនថារដូវណាព្រាហ្មណ៍ក៏បានរង្វាន់ច្រើនបរិបូណ៌។
ថ្ងៃជាខាងក្រោយទៀត ព្រះបាទពារាណសីមានបន្ទូលសួរថា នែព្រាហ្មណ៍អ្នកឯងរៀនមន្តនេះមកពីសម្នាក់អ្នកណា គ្រូដើមរបស់អ្នកឈ្មោះអ្វី ព្រាហ្មណ៍អៀនខ្មាសមិនហ៊ានក្រាបទូលទៅឈ្មោះពោធិសត្វជាគ្រូដើម ព្រោះពោធិសត្វនៅក្នុងត្រកូលចណ្ឌាល ប្រែជាក្រាបទូលដោយពាក្យមុសាវាទថា រៀនមន្តនេះពីសម្នាក់អាចារ្យទិសាបាមោក្ខវិញ មន្តក៏អន្តរធានបាត់ទៅក្នុងមួយរំពេចនោះ ព្រាហ្មណ៍មិនដឹងជាមន្តរបស់ខ្លួនវិនាសសោះ។ លុះដល់ព្រះបាទពារាណសីយាងទៅប្រពាតឱទ្យានស្ដេចមានបន្ទូលថា នែមាណព ចូរអ្នកនាំផ្លែស្វាយមកមើល ព្រាហ្មណ៍រាយមន្តទៅមិនបានកើតផ្លែស្វាយដូចបំណង ទើបដឹងជាក់ថា មន្តរបស់អាត្មាវិនាសហើយ ស្ដេចសួរពីរបីដង ទើបព្រាហ្មណ៍ក្រាបទូលតាមពិត ស្ដេចទ្រង់ខ្ញាល់បង្គាប់ឱ្យធ្វើទោស រាជបុត្រក៏ធ្វើទោសតាមព្រះរាជឱង្ការហើយប្រាប់ថា បើព្រាហ្មណ៍ឯងទៅសូមទោសគ្រូដើមរបស់អ្នក ក្រែងអ្នកនឹងបានមន្តនេះមកវិញ ទើបអ្នកនឹងបាននៅក្នុងដែននេះតទៅទៀត បើអ្នកមិនទៅសូមទោសទេ ចូរអ្នកដើរចេញពីដែននេះឱ្យឆាប់ទៅ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបដើរទៅកាន់សម្នាក់ពោធិសត្វជាគ្រូដើម សូមរៀនមន្តទៀត ព្រះអង្គមិនព្រមឱ្យរៀន ហើយទ្រង់ត្មះតិះដៀលថា ឱ្យរៀនទៀតឯណាបាន មនុស្សពោលពាក្យមុសាវាទដូចព្រាហ្មណ៍ឯងនេះមានមន្តមកពីណា ចូរព្រាហ្មណ៍ឯងចៀសចេញទៅ យើងមិនគាប់ចិត្តនឹងបុគ្គលពោលមុសាវាទដូចព្រាហ្មណ៍ឯងនេះទេ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបមកគិតក្នុងចិត្តថា បើអាត្មាអញរកទីពឹងមិនបានដូច្នេះ ហើយនឹងរស់នៅជាមនុស្សធ្វើអ្វី ស្លាប់ទៅវិញប្រសើរជាង គិតហើយក៏ដើរចូលទៅក្នុងព្រៃ ដល់នូវមរណភាពឥតទីពឹងឡើយ។
បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទ១ ហើយគង់នឹងដល់នូវទោសទុក្ខដូចរឿងព្រាហ្មណ៍នេះឯង។
ចប់រឿង អម្ពមន្តជាតក
មានរឿងដទៃទៀតក្នុងគម្ពីរតិក្កនិបាត
មានសេចក្ដីដំណាលថា ក្នុងអតីតកាលកន្លងទៅយូរហើយមានសេដ្ឋីបុត្របីនាក់ជាសម្លាញ់នឹងគ្នា នៅក្នុងក្រុងពារាណសី ឯក្នុងក្រុងនោះមានស្រះឈូកមួយ មានបុរសម្នាក់អ្នករក្សាស្រះឈូកជាមនុស្សកំបុតច្រមុះ។ ថ្ងៃមួយសេដ្ឋីបុត្រទាំងបីនាក់ចង់ប្រដាប់តែងខ្លួនដោយកម្រងផ្កា ទើបនាំគ្នាដើរចូលទៅកាន់សម្នាក់អ្នករក្សាស្រះឈូកដោយប៉ងថា យើងទាំងអស់គ្នានឹងពោលពាក្យមិនពិត សរសើរគុណបុរសកំបុត្រច្រមុះនេះ ហើយនឹងសូមផ្កាគាត់ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ សេដ្ឋីបុត្រជាបឋម (ទី១) កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថាថា ៖
យថា កេសា ច មស្សុចឆិន្នំ ឆិន្នំ វិរូហតិ
ឯវំរូហតុ តេ នាសា បទុមំ ទេហិ យាចិតោ
ប្រែថា សក់និងពុកចង្កាគេកោរកាត់ហើយគង់ដុះឡើងវិញបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យដុះឡើងដូចសក់និងពុកចង្កានោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ។
សេដ្ឋីបុត្រជាគម្រប់ពីរ កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថា ថា
យថា សារទិកំ ពីជំខេត្តេ វុត្តំ វិរូហតិ
ឯវំ រូហតុ តេ នាសាបទុមំទេហិ យាចិតោ
ប្រែថា ធម្មតាពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែឬក្នុងចម្ការ ក្នុងរដូវសរទកាល គឺរដូវសម្រកតែងលូតលាស់ដុះឡើងបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យលូតលាស់ដុះឡើងដូចពូជទាំងនោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ។
បុរសអ្នករក្សាស្រះឈូកក៏ខឹងអន់ចិត្ត មិនឱ្យផ្កាឈូកដល់សេដ្ឋីបុត្រទាំងពីរនាក់នោះឡើយ ព្រោះសេដ្ឋីបុត្រទាំងពីរនាក់នោះពោលពាក្យមុសាវាទ។
ឯសេដ្ឋីបុត្រជាគម្រប់បី កាលរៀបនឹងសូមផ្កាក៏ពោលពាក្យពិតសូត្រជាបទគាថាថា
ឧភោបិ បលបន្តេ តេ អបិ បទុមានិ ទស្សតិ
វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា
ទេហិ សម្ម បទុមានិ តស្ស មេ សម្ម យាចិតោ
ប្រែថា សេដ្ឋីបុត្រទាំងពីរនាក់នោះ ពោលពាក្យមិនពិតចំពោះអ្នកដោយគំនិតគិតថា អ្នកនឹងឱ្យផ្កាមិនខាន ក៏នាំគ្នាពោលពាក្យប្រៀបធៀបក្ដី មិនពោលក្ដី ពាក្យនោះមិនជាប្រមាណដល់ចិត្តអ្នក ឯចំណែកខ្ញុំៗគិតថា ធម្មតាច្រមុះបើកំបុតហើយវាមិនដែលដុះវិញទេ តែពាក្យនេះខ្ញុំមិនពោលសំដៅដល់ច្រមុះអ្នកទេ ខ្ញុំមកនេះមានបំណងតែនឹងសូមផ្កាប៉ុណ្ណោះ អើសម្លាញ់ ខ្ញុំត្រូវការសូមផ្កាអ្នក ចូរសម្លាញ់ អ្នកឱ្យផ្កាដល់ខ្ញុំដោយស្រួលចុះ បុរសអ្នករក្សាស្រះឈូកក៏តបថា អ្នកទាំងពីរនាក់នោះពោលពាក្យមុសាវាទ ឯអ្នកនេះពោលពាក្យតាមសភាវៈពិត ខ្ញុំនឹងឱ្យផ្កាដល់អ្នក ថាហើយក៏កាច់ផ្កាយកមកចងជាបាច់ហុចឱ្យទៅ។
បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទហើយ នឹងខាតលាភដូចរឿងសេដ្ឋីបុត្រទាំងពីរនាក់នោះឯង អ្នកលះចោលមិនពោលពាក្យមុសាវាទហើយ នឹងបានលាភចម្រើនដូចសេដ្ឋីបុត្រជាគម្រប់បី ដែលនាំមកក្នុងរឿងជាមួយគ្នានេះ។
ចប់រឿងសេដ្ឋីបុត្រ៣នាក់
ទោសបិសុណាវាចា
មានរឿងក្នុងគម្ពីរធម្មបទ បច្ឆិមភាគ
សេចក្ដីថា កាលក្នុងសាសនាព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ មានព្រះថេរៈពីរអង្គជាសម្លាញ់នឹងគ្នា មានព្រះទ័យស្មើដូចជាបងប្អូនកើតក្នុងផ្ទៃមាតាជាមួយគ្នា។ ថ្ងៃមួយមានភិក្ខុជាធម្មកថិកមួយរូប ទៅពោលពាក្យញុះញង់បំបែកព្រះថេរៈទាំងពីរ១អង្គឱ្យបែកចាកសេចក្ដីរាប់អាន លុះភិក្ខុធម្មកថិកនោះធ្វើកាលកិរិយាស្លាប់ទៅ ក៏ទៅរងទុក្ខក្នុងអវីចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ លុះរួចពីនរកមកទៅកើតជាសូករប្រេត គឺប្រេតមានសណ្ឋានដូចជាជ្រូក មានខ្លួនជាមនុស្ស ក្បាលជាជ្រូករងទុក្ខលើភ្នំគិជ្ឈកូដក្នុងពុទ្ធកាលនេះ ទោសទាំងនេះជាទោសព្រោះពោលបិសុណាវាចានោះឯង។
ព្រះវង្គិសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដែលរាប់បញ្ចូលមកក្នុងសុភាសិតសូត្រដូច្នេះថា
តមេវ វាធំ ភាសេយ្យ យាយត្តានំ ន តាបយេ
បរេ ច ន វិហឹសេយ្យ សា វេ វាចា សុភាសិតា។
ប្រែថា បុគ្គលមិនគប្បីធ្វើខ្លួនឱ្យក្ដៅក្រហាយផង មិនគប្បីបៀតបៀនអ្នកដទៃផង ដោយវាចាណា គប្បីពោលតែវាចានោះចុះ វាចានោះឯងហើយជាសុភាសិត។
ចប់រឿងសូករប្រេត
ទោសផរុសវាចា
សេចក្ដីថា គ្រាកាលព្រះសាស្ដាគង់ព្រះជន្មនៅឡើយ ព្រះអង្គទ្រង់តិះដៀលឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា។ល។ សហស្សេន បរាជយេតិ។
ប្រែថា ម្នាលភិក្ខុទាំងឡាយ ផរុសវាចានេះ ជាវាចាអាចធ្វើប្រយោជន៍ឱ្យវិនាសទៅបាន មួយទៀតសោត ជាវាចាជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រអ្នកនឹងអត់ធន់ទ្រាំបាន ដោយហោចទៅ សូម្បីតែសត្វតិរច្ឆានក៏គង់មិនគាប់ចិត្តនឹងផរុសវាចានោះដែរ រឿងនេះសមដូចនិទានដែលមានក្នុងជាតកសម្ដែងថា ៖
កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតជាគោឈ្មោះនន្ទិវិសាលក្នុងក្រុងតក្កសិលា។
ថ្ងៃមួយ ព្រាហ្មណ៍ម្នាក់បាននាំយកកូនគោមកអំពីសម្នាក់ទក្ខិណទាយកព្រាហ្មណ៍ ហើយឱ្យឈ្មោះគោនោះថា នន្ទិវិសាល ព្រាហ្មណ៍តែងចិញ្ចឹមដោយបបរនិងបាយស្រួយ គោនោះក៏បានធំចម្រើនឡើងដោយលំដាប់ មានកម្លាំងអាចអូសរទេះដ៏ធ្ងន់ៗ បានមួយរយរទេះ លុះចំណេរមកខាងក្រោយ ព្រាហ្មណ៍ជាម្ចាស់បានភ្នាល់នឹងគោវិន្ទសេដ្ឋី ដាក់១ពាន់កហាបណៈ ដើម្បីឱ្យគោនន្ទិវិសាលអូសរទេះដ៏ធ្ងន់ ចំនួន១រយរទេះ ថាហើយក៏កើបក្រួសខ្សាច់ផ្ទុកឱ្យពេញរទេះមួយរយចងបន្តគ្នាបង្ហែៗទៅ ទើបទឹមគោនន្ទិវិសាលឱ្យអូសរទេះទាំងនោះឱ្យបានឃ្លាតពីក្រោយមកដល់កន្លែងកង់រទេះមុខប៉ុណ្ណោះ ចាំយកចាញ់ឈ្នះគ្នាក្នុងពេលអូសរួចឬមិនរួចនោះ ឯព្រាហ្មណ៍ក៏ឡើងទៅអង្គុយលើទូករទេះ លើកជន្លួញឡើងស្រែកហៅថា នែគោកៀច គោកោងកាច ចូរឯងអូសរទេះទៅ គោស្ដាប់ពាក្យមិនពីរោះគាប់ចិត្តខ្លួនសោះ ក៏អស់កម្លាំងអូសរទេះមិនរួចឡើយ ព្រាហ្មណ៍ជាម្ចាស់ក៏ចាញ់បង់ទ្រព្យរាប់ដោយពាន់កហាបណៈក្នុងកាលនោះ ព្រោះភ្នាល់ចាញ់គោវិន្ទសេដ្ឋីនោះ។ ពោធិសត្វឃើញព្រាហ្ម៍កើតទុក្ខដូច្នោះ ទើបនិយាយថា នែព្រាហ្មណ៍ ចូរព្រាហ្មណ៍ឯងទៅភ្នាល់ទៅភ្នាល់នឹងគោវិន្ទសេដ្ឋីម្ដងទៀត ដាក់ពីរពាន់កហាបណៈវិញ តែថាព្រាហ្មណ៍ឯងកុំពោលពាក្យផរុសវាទជាពាក្យទុព្ភាសិតដូចមុនទៀតឡើយ ត្រូវពោលតែពាក្យជាសុភាសិត អ្នកនឹងឈ្នះគោវិន្ទសេដ្ឋីមិនខានឡើយ ព្រាហ្មណ៍ទៅធ្វើតាមបង្គាប់នោះ ក៏បានឈ្នះគោវិន្ទសេដ្ឋីវិញ។
ពោធិសត្វក៏ត្រេកអរដោយព្រាហ្មណ៍ជាម្ចាស់ខ្លួន បានលាភផង ដោយខ្លួនបានអូសរទេះនោះរួចផង។
បុគ្គលអ្នកពោលពាក្យផរុសវាទហើយ តែងនឹងបានប្រទះសេចក្ដីក្ដៅក្រហាយដូចព្រាហ្មណ៍នោះ លុះតែលះចោលមិនពោលពាក្យផរុសវាទ ទើបនឹងបានលាភ បានប្រទះសេចក្ដីរីករាយជាខាងក្រោយ។
សមដូចព្រះពុទ្ធដីកាដែលទ្រង់សម្ដែងទុកក្នុងគម្ពីរអង្គុត្តរនិកាយ ឯកនិបាតដូច្នេះថា
មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ។
ប្រែថា បុគ្គលគប្បីពោលពាក្យពីរោះជាទីគាប់ចិត្ត កុំគប្បីពោលពាក្យពីរោះមិនជាទីគាប់ចិត្តឱ្យសោះ កាលដែលព្រាហ្មណ៍ពោលពាក្យពីរោះជាទីគាប់ចិត្ត គោនន្ទវិសាលរើឡើងនូវរទេះដ៏ពេញដោយក្រួសខ្សាច់ទៅបាន ហើយធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិច្រើន គោនន្ទិវិសាលក៏ត្រេកអរព្រោះខ្លួនអូសរទេះរួចផង ព្រោះធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិផង។
ចប់នន្ទិវិសាលជាតក
មានរឿងមួយទៀតក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតដូចគ្នា និយាយអំពីពោធិសត្វ កើតជាគោឈ្មោះសារម្ភៈនៅក្នុងសម្នាក់ព្រាហ្មណ៍ម្នាក់ ក្នុងក្រុងតក្កសិលា សេចក្ដីដូចគ្នានឹងនន្ទិវិសាលជាតកនោះដែរ។
លុះព្រះសម្ពុទ្ធទ្រង់នាំរឿងសារម្ភជាតកនេះចប់ហើយ ទើបទ្រង់សម្ដែងជាបទគាថា ថា
កល្យាណិមេវ មុញ្ចេយ្យ ន ហិ មុញ្ចេយ្យ បាបិកំ មោក្ខោ កល្យាណិយា សាធុ តបតិ បាបិកំ។
ប្រែថា បុគ្គលគប្បីពោលបញ្ចេញនូវពាក្យពីរោះ រួចចាកទោស៤ប្រការ មានមុសាវាទជាដើម កុំគប្បីពោលបញ្ចេញនូវពាក្យដ៏លាមកអាក្រក់មិនជាទីគាប់ចិត្តនៃអ្នកទាំងឡាយឡើយ។
កិរិយាពោលបញ្ចេញនូវពាក្យពីរោះជាគុណធ្វើឱ្យសម្រេចប្រយោជន៍ល្អ បើពោលបញ្ចេញនូវពាក្យដ៏លាមកអាក្រក់ហើយ នឹងបានសេចក្ដីសោកសៅទុក្ខលំបាកមិនខានឡើយ។
ចប់រឿងគោឈ្មោះសារម្ភៈ (ចប់ក្រុមទី ២)
ទោសសម្ផប្បលាប
សេចក្ដីថា បុគ្គលឯណាពោលពាក្យឥតប្រយោជន៍ឥតផល បុគ្គលនោះឯងឈ្មោះថា អធម្មវាទី អធម្មវាទីបុគ្គលនោះឈ្មោះថា ជាអ្នកធ្វើព្រះសទ្ធម្មគឺសាសនាព្រះពុទ្ធឱ្យវិនាសទៅឆាប់។
ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងកបិលសូត្រក្នុងគម្ពីរឯកនិបាតង្គុត្តរដូច្នេះថា
យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ
ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសម្ដែងសភាវៈមិនមែនធម៌ថាជាធម៌[៣] (សម្ដែងធម៌ពិតថាមិនមែនជាធម៌វិញ) ម្នាលភិក្ខុទាំងឡាយភិក្ខុទាំងនោះឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងសេចក្ដីសុខដល់ជនច្រើន ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងមិនបានជាគុណដល់ជនច្រើន (គ្រាន់តែជាអ្នកប្រតិបត្តិ) ដើម្បីសេចក្ដីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះតែងសោយនូវទោសមានប្រមាណច្រើន (មិនតែប៉ុណ្ណោះសោត) ភិក្ខុនោះឈ្មោះថា ធ្វើព្រះសទ្ធម្មគឺសាសនារបស់តថាគតឱ្យសាបសូន្យទៅ។ ដូចរឿងកបិលភិក្ខុដែលនាំមកសម្ដែងក្នុងគម្ពីរធម្មបទនោះ។
សេចក្ដីថា កាលក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ មានភិក្ខុមួយរូបឈ្មោះកបិលភិក្ខុ អ្នកចេះចាំព្រះត្រៃបិដកមានបរិវារច្រើនផង មានលាភច្រើនផង ក៏មានចិត្តស្រវឹងដោយការនៃខ្លួនជាពហុស្សូត ប្រកាន់មានះរឹងត្អឹង ព្រោះតណ្ហាគ្របសង្កត់ក៏ពោលពាក្យញាំញីបង្កាច់បង្កិនរបស់គួរក្នុងធម៌វិន័យ ត្រឡប់ថាមិនគួរ របស់មិនគួរក្នុងធម៌វិន័យ ត្រឡប់ថាគួរវិញ ភិក្ខុដែលត្រឹមត្រូវក្នុងវិន័យ ពោលហាមប្រាមក៏មិនស្ដាប់ ប្រែជាជេរប្រទេចដល់ភិក្ខុទាំងនោះវិញ ដោយពាក្យផរុសវាទ លុះច្យុតអំពីមនុស្សលោកនេះ ក៏ទៅឆេះក្នុងអវិចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ សេសផលពីនោះមកកើតជាត្រីឆ្ពិនមាសក្នុងស្ទឹងអចិរវតី មានមាត់ស្អុយអាក្រក់ ព្រោះជេរប្រទេចភិក្ខុផងគ្នា មានសម្បុរល្អដូចមាស ព្រោះទ្រទ្រង់ព្រះត្រៃបិដកក្នុងកាលនោះ។
ហេតុដូច្នេះពាក្យពោលជាសម្ផប្បលាប ដែលអ្នកប្រាជ្ញមិនរាប់ថាជាធម៌ បុគ្គលគប្បីលះចោលចេញ ពាក្យពោលជាអសម្ផប្បលាបដែលអ្នកប្រាជ្ញរាប់ថាជាធម៌ បុគ្គលគប្បីពោលចុះ។
ចប់រឿងកបិលភិក្ខុ
អធិប្បាយអំពីទោសនៃទុព្ភាសិតាវាចាក៏អស់សេចក្ដីតែត្រឹមនេះ។
គុណនៃសុភាសិតាវាចា
លំដាប់តអំពីនេះនឹងសម្ដែងគុណនៃសុភាសិតាវាចាវិញ។ គុណនៃសុភាសិតាវាចានោះ ប្លែកគ្នាដូច្នេះខ្លះក៏មាន
១- ពាក្យសច្ចវាចា ជាហេតុដកចោលនូវទោសគឺមុសាវាទ
២- ពាក្យសុភាសិតាវាចា ជាហេតុដកចោលនូវទោសគឺបិសុណាវាចា
៣- ពាក្យបិយវាចា ជាហេតុដកចោលនូវទោសគឺផរុសវាចា
៤- ពាក្យថាធម៌ ជាហេតុដកចោលនូវទោសគឺសម្ផប្បលាប។
ន័យដទៃទៀតថា
១- មិនពោលពាក្យមុសាវាទ រាប់ថាពោលពាក្យពិតគឺសច្ចវាចា
២- មិនពោលពាក្យបិសុណាវាទ រាប់ថាពោលពាក្យជាសុភាសិត
៣- មិនពោលពាក្យផរុសវាទ រាប់ថាពោលពាក្យបិយវាចា
៤- មិនពោលពាក្យសម្ផប្បលាប រាប់ថាពោលពាក្យជាធម៌។
ន័យទាំងពីរនេះ មានសេចក្ដីរួមចុះជាមួយគ្នា ប្លែកតែដោយការអធិប្បាយប៉ុណ្ណោះ។
គុណអ្នកមិនពោលពាក្យមុសាវាទ
បុគ្គលអ្នកមិនពោលពាក្យមុសាវាទហើយ ជាគុណនឹងឱ្យរួចអំពីមរណភ័យបាន ដូចសត្វកិន្នរ[៤] មួយគូរញីឈ្មោល ដែលមានសចក្ដីមកក្នុងគម្ពីរតេរសនិបាត តក្ការិយជាតក។
មានរឿងដំណាលថា គ្រាកាលនោះមានព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី ដើរទៅព្រៃហេមពាន្តដើម្បីបាញ់ម្រឹគ ព្រាននោះបានចាប់យកសត្វកិន្នរមួយគូញីឈ្មោល នាំមកថ្វាយព្រះបាទពារាណសី ៗ ទ្រង់ត្រាស់សួរថា កិន្និរនេះមានគុណដូចម្ដេចខ្លះ ព្រានព្រៃក្រាបទូលថា កិន្នរនេះចេះរាំផង ចេះច្រៀងផង រាំក៏ល្អមើល ច្រៀងក៏ពីរោះស្ដាប់ មនុស្សយើងចេះមិនដូចឡើយ ស្ដេចទ្រង់ព្រះសណ្ដាប់កិត្តិគុណ[៥] ដូច្នោះហើយ មានព្រះទ័យត្រេកអរទ្រង់ប្រទានទ្រព្យសម្បត្តិដល់ព្រានព្រៃមានប្រមាណច្រើន ហើយទ្រង់ត្រាស់ប្រើឱ្យកិន្នរទាំងពីរឱ្យច្រៀងរាំនិងទតកម្សាន្តព្រះទ័យ។
ទើបកិន្នរទាំងពីរគិតថា កាលយើងច្រៀងក៏មិនពីរោះពីសាអ្វីកាលរាំសោតក៏មិនល្អមើលអ្វី នឹងទៅជារាំជាច្រៀងតែផ្ដេសផ្ដាស ទោសមុសាវាទក៏នឹងកើតមានដល់យើង ព្រោះតែពោលច្រើន ព្រោះតែធ្វើច្រើន សុទ្ធតែមិនពិត។ កិន្នរទាំងពីរគិតដូច្នោះហើយ ក៏មិនច្រៀងមិនរាំ ស្ដេចប្រើហើយប្រើទៀត សត្វកិន្នរទាំងពីរនៅតែមិនច្រៀងមិនរាំទើបទ្រង់ខ្ញាល់ប្រើគេឱ្យយកទៅសម្លាប់ មេកិន្នរបានស្ដាប់ព្រះរាជឱង្ការដឹងថា ស្ដេចទ្រង់ខ្ញាល់នឹងឱ្យសម្លាប់អាត្មាដូច្នោះ ក៏មិនគិតថា គួរអញនឹងពោលពាក្យល្អក្នុងកាលឥឡូវនេះចុះ មេកិន្នរគិតហើយទើបសូត្រជាបទគាថាថា
សតំ សហស្សានំទុព្ភាសិតានំ
កល្លម្បិនាគ្ឃតិសុភាសិតស្ស
ទុព្ភាសិតំ សង្កមានោ កិលេសេ
តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ
ប្រែថា រយពាន់គុណន័យវាចាជាទុព្ភាសិត គង់មិនដល់មួយចំណិតនៃវាចាជាសុភាសិត កាលបុគ្គលពោលពាក្យឱ្យយាងចុះកាន់គន្លងទុព្ភាសិតហើយ នឹងបានសោយទុក្ខលំបាកនិងសៅហ្មងមិនលែងឡើយ។
ហេតុនោះបានជាកិន្នរឈ្មោលនៅស្ងៀមមិនច្រៀងមិនរាំ ព្រោះខ្លាចទុព្ភាសិត មិនមែនស្ងៀមនៅដោយការល្ងង់ខ្លៅទេ។
ព្រះបាទពារាណសី ទ្រង់ព្រះសណ្ដាប់ពាក្យមេកិន្នរហើយ មានព្រះទ័យរីករាយ ក៏ទ្រង់មានព្រះរាជឱង្ការបង្គាប់ឱ្យនាំមេកិន្នរទៅលេងឯព្រៃហិមពាន្ត ទ្រង់ព្រះបង្គាប់ឱ្យយកកិន្នរឈ្មោលទៅសម្លាប់ធ្វើព្រះស្ងោយក្នុងពេលព្រឹក។ កិន្នរឈ្មោលបានឮហើយនឹកក្នុងចិត្តថា ទំនងជាស្ដេចឱ្យសម្លាប់អញដោយពិត បើដូច្នោះគួរអញនឹងពោលពាក្យពីរោះខ្លះក្នុងកាលឥឡូវនេះចុះ កិន្នរឈ្មោលគិតហើយ ក៏ពោលពាក្យជាវេយ្យាករណ៍[៦]ថា បណ្ដាសត្វទ្វេបាទទាំងអស់ តែងបរិភោគស្មៅជាចំណីមានផ្ទៃមេឃជាទីពឹងពំនាក់ បណ្ដាមនុស្សទាំងអស់ មានសត្វចិញ្ចឹមជាទីពឹងទីពំនាក់ ព្រោះថា មនុស្សតែងរស់នៅបាន ក៏អាស្រ័យនឹងបញ្ចគោរស [៧] ចំណែកខ្លួនខ្ញុំមានព្រះអង្គជាទីពឹងទីពំនាក់ ប្រពន្ធខ្ញុំមានជាទីពឹងទីពំនាក់ កាលខ្ញុំទាំងពីរនាក់មានជីវិតរស់នៅដរាបណា នឹងមិនបានលះចោលគ្នាដរាបនោះ ហេតុដូច្នោះ បើព្រះអង្គប្រាថ្នានឹងលែងមេកិន្នរ ឱ្យមេកិន្នរឱ្យទៅឯព្រៃហិមពាន្ត ត្រូវតែព្រះអង្គឱ្យសម្លាប់ខ្ញុំឱ្យហើយជាមុនទៅ សឹមលែងមេកិន្នរឱ្យទៅជាខាងក្រោយចុះ។
ព្រះបាទពារាណសី បានទ្រង់ស្ដាប់សម្ដីនៃសត្វទាំងពីរ ពីរោះដូច្នោះ ក៏ត្រឡប់ជាស្រួលព្រះទ័យ ទ្រង់ប្រើព្រានព្រៃឱ្យនាំយកកិន្នរទាំងពីរទៅលេងឯព្រៃហិមពាន្ត ហើយទ្រង់ហាមមិនឱ្យអ្នកណាមួយសម្លាប់កិន្នរទាំងពីរ ចាប់ដើមតាំងពីរថ្ងៃនោះទៅ សត្វកិន្នរទាំងពីរបានរួចពីមរណភ័យ ព្រោះខ្លាចមុសាវាទ មិនហ៊ានពោលពាក្យទុព្ភាសិតតាំងនៅនឹងតែក្នុងពាក្យជាសុភាសិតតែម្យ៉ាង សមដូចបតគាថាថា
តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា
ប្រែថា ជនជាបណ្ឌិតអ្នកមានបញ្ញា កាលប្រាថ្នាចង់ឱ្យរួចចាកមរណភ័យនោះ គប្បីលះចោលពាក្យកុហក ហើយពោលតែពាក្យសច្ចៈ [៨]មួយផ្នែកប៉ុណ្ណោះ។
ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដរាបចូលក្នុងសុភាសិតសូត្រដូច្នេះថា
សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា
ប្រែថា វចីសច្ចជាវាចាមិនស្លាប់ពិត វចីសច្ចនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយតែងសន្សំហើយពីមុនៗ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ គឺធម៌ជាប្រយោជន៍ខ្លួនផង ប្រយោជន៍អ្នកដទៃផង តាមធម្មតាមិនឃ្លៀងឃ្លាតឡើយ។
ចប់រឿងកិន្នរ
ពាក្យដែលជាសច្ចវាទ តែងមកនូវប្រយោជន៍ខ្លួន នឹងប្រយោជន៍អ្នកដទៃនោះ បានសេចក្ដីដូចរឿងអធិមុត្តកសាមណេរក្នុងគម្ពីរធម្មបទ នឹងរឿងមហាសុត្តសោមបណ្ឌិត ក្នុងគម្ពីរអសីតិ-និបាត និងរឿងមនុស្សស្រ្តីម្នាក់ក្នុងគម្ពីរធម្មបទដែរ។
គុណបិយវាចា
សេចក្ដីថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ក្នុងក្រុងពារាណសី មានសេដ្ឋីបុត្រ៤នាក់នាំគ្នាចេញទៅពីផ្ទះអង្គុយជុំគ្នាក្រោមដើមឈើមួយដើម ក្រឡេកឃើញព្រានម្រឹគម្នាក់ផ្ទុកសាច់ក្នុងរទេះដឹកទៅលក់ ក៏នាំគ្នាសូមសាច់អំពីព្រាននោះ សេដ្ឋីបុត្រជាបឋមពោលសូមថានែចៅព្រានចង្រៃ អ្នកឯងដឹកសាច់ទៅលក់ឯណា ឱ្យមកអញមួយដុំ ព្រានម្រឹកគិតថា អ្នកនេះសូមអញ គួរតែពោលពាក្យល្អ គិតហើយទើបតបថា អើសម្ដីអ្នកនេះជាផរុសវាចា មិនឆ្ងាញ់ពិសាប្រហែលដូចសាច់វាវ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់វាវដល់អ្នក ថាហើយក៏ឱ្យសាច់វាវមួយដុំទៅ។
សេដ្ឋីបុត្រជាគម្រប់ពីរ ពោលសូមថា អើអ្នកបង អ្នកដឹកសាច់ទៅលក់ឯណា ចូរឱ្យខ្ញុំសូមមួយដុំ ព្រានម្រឹគគិតថា អើសម្ដីអ្នកនេះគួរសមហ៊ានហៅអាត្មាអញថាបង ហាក់ដូចជាបងប្អូនរបស់ខ្លួន សម្ដីនេះពីរោះប្រហែលដូចសាច់ចំឡកដ៏ឆ្ងាញ់ គិតហើយទើបតបថា អើសម្ដីរបស់អ្នកគួរហើយ ប្រហែលដូចសាច់ចំឡក បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ចំឡកដល់អ្នក ថាហើយក៏ឱ្យសាច់ចំឡកមួយដុំទៅ។
សេចដ្ឋីបុត្រជាគម្រប់បីពោលសូមថា បពិត្របិតាអ្នកដឹកសាច់ទៅលក់ឯណា ចូរអ្នកឱ្យសាច់ខ្ញុំមួយដុំផង ព្រានម្រឹគគិតថា សម្ដីដែលហៅថាបពិត្របិតាដូច្នេះ មានតែកូនហៅឪពុក ញ៉ាំងបេះដូងនៃឪពុកឱ្យញាប់ញ័រ គិតហើយទើបតបថា អើសម្ដីរបស់អ្នកពីរោះហើយ ប្រហែលដូចសាច់បេះដូង បើដូច្នោះ ខ្ញុំនឹងឱ្យសាច់បេះដូងដល់អ្នក ថាហើយក៏ឱ្យសាច់បេះដូងមួយដុំទៅព្រមទាំងសាច់ឆ្ងាញ់ឯទៀតខ្លះផង។
សេចដ្ឋីបុត្រជាគម្រប់៤ ពោលសូមថា នែសម្លាញ់ អ្នកដឹកសាច់ទៅលក់ឯណា ចូរសម្លាញ់ឯងចែកឱ្យយើងខ្លះផង ព្រានម្រឹគគិតថាមនុស្សប្រុស បើគ្មានមិត្រសម្លាញ់ក្នុងស្រុកនឹងគេហើយ ក៏ដូចជាគ្មានស្រុកនៅ ឧបមាដូចព្រៃមិនមានមនុស្សជ្រកពួននៅដូច្នោះដែរ ឥឡូវអ្នកនេះ គាត់នៅអាត្មាអញថា សម្លាញ់ ៗ ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាមកយូរហើយ គិតហើយទើបតបថា អើសម្ដីរបស់អ្នកដែលពោលមកនេះ ប្រហែលដោយសម្បត្តិរបស់ខ្លួនទាំងអស់នេះ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ព្រមទាំងរទេះរបស់ខ្ញុំនេះទាំងអស់ដល់អ្នកជាសម្លាញ់ ថាហើយក៏បររទេះដឹកសាច់ទៅឱ្យសេដ្ឋីបុត្រជាគម្រប់៤នោះទៅ។
សេដ្ឋីបុត្រនោះក៏រាប់អានស្មោះស្មើ ប្រាប់ប្រពន្ធកូនឱ្យរាប់អានស្មើទៅ ហើយហាមលែងឱ្យធ្វើអំពើបាណាតិបាតតទៅទៀត ឱ្យនៅដោយសម្បត្តិរបស់ខ្លួនដរាបដល់អស់ជីវិត សេដ្ឋីបុត្រមានលាភបានសាច់ច្រើនជាងសេដ្ឋីបុត្រឯទៀតៗ ក៏ព្រោះគុណគឺពោលបិយវាចារនោះឯង។
ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាថា
បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា
យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ
ប្រែថា សម្ដីឯណាដែលគេត្រេកអររីករាយហើយ បុគ្គលគប្បីពោលសម្ដីជាបិយវាចានោះកុំខាន។
មួយវិញទៀត បុគ្គលបើពោលពាក្យឯណាក្ដី កុំកាន់ពាក្យដ៏លាមកដែលជាផរុសវាចាមិនជាទីស្រឡាញ់នោះឡើយ ត្រូវពោលតែពាក្យជាបិយវាចាដែលជាទីស្រឡាញ់នៃអ្នកទាំងឡាយ។
ចប់រឿងសេដ្ឋីបុត្រ៤នាក់
អធិប្បាយអំពីគុណនៃសុភាសិតាវាចាអស់សេចក្ដីតែត្រឹមនេះ។
តពីនេះនឹងអធិប្បាយក្នុងគុណរបស់អ្នកស្ដាប់សុភាសិតចំពោះព្រះភក្រ្តវិញ។
សេចក្ដីថា ពុទ្ធភាសិតដែលព្រះពុទ្ធទ្រង់សម្ដែងទាំងប៉ុន្មាន អ្នកប្រាជ្ញតែងរាប់ថាជាសុភាសិតាវាចាទាំងអស់ ព្រោះថា ព្រះអង្គពោលសំដៅសេចក្ដីក្សេមក្សាន្តគឺព្រះនិព្វាន សំដៅសេចក្ដីផុតចាកវដ្ដទុក្ខ គឺព្រះនិព្វាន សំដៅសេចក្ដីមិនកើតមិនចាស់ មិនឈឺមិនស្លាប់ គឺព្រះនិព្វាន។
បានជាព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដូច្នេះថា
យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា
ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា
ប្រែថា ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងនូវវាចាណាជាក្សេមក្សាន្ត វាចានោះហើយខ្ពស់វិសេសផុតជាងវាចាទាំងឡាយនានា ព្រោះសំដៅសេចក្ដីដែលដល់នូវព្រះនិព្វាន ជាដែនធ្វើឱ្យអស់ទុក្ខទៅបាន។
ឯអ្នកស្ដាប់សុភាសិតចំពោះព្រះភក្រ្តហើយ បានលុះមគ្គផលដូចមានសេចក្ដីទៅនេះ
កាលទ្រង់សម្ដែងព្រះធម្មចក្កប្បវត្តនសូត្រ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរនិងព្រហ្ម១៨កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
កាលទ្រង់សម្ដែងអនត្តលក្ខណសូត្រ បញ្ចវគ្គិយភិក្ខុទាំង៥រូប បានតម្កល់នៅក្នុងទីជាព្រះអរហន្ត។
ថ្ងៃជាខាងក្រោយទៀត បុរស៥៥នាក់ មានយសកុលបុត្រជាដើម បានលុះព្រះអរហត្តផល ក៏ព្រោះបានស្ដាប់ទេសនានេះ។
កាលទ្រង់សម្ដែងអាទិត្តបរិយាយសូត្រ ក្នុងគយាសីសប្រទេស[៩] ជដិលមួយពាន់នាក់ បានលុះព្រះអរហត្តផល។
កាលទ្រង់សម្ដែងតិរោកុឌ្ឌសូត្រ ពួកជន៨ម៉ឺន៤ពាន់នាក់ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
កាលទ្រង់សម្ដែងខទិរង្គារជាតក សត្វ៨ម៉ឺន៤ពាន់ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
កាលទ្រង់សម្ដែងបារាយនសូត្រ សត្វ១៤កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
កាលទ្រង់សម្ដែងព្រះអភិធម្ម សត្វ៨០កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
កាលទ្រង់សម្ដែងសក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន។
នៅមានច្រើនជាងនេះ ដោយសែនកោដិ លើសកម្លាំងបញ្ញានឹងរាប់សត្វទាំងនោះបាន។
គុណអ្នកស្ដាប់សុភាសិតចំពោះព្រះភក្ត្រចប់។
គុណអ្នកស្ដាប់សុភាសិតជាសាធារណៈ
សេចក្ដីថា កិរិយាស្ដាប់ធម៌ទេសនាទាំងអស់ក្ដី ស្ដាប់ចម្រៀងដែលប្រកបដោយធម៌ក្ដី ក៏រាប់ថា ស្ដាប់សុភាសិតទាំងអស់នោះ សមដូចមាននិទានថា កាលព្រះសម្ពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានហើយ មានភិក្ខុ៦០រូបក្នុងសីហលទ្វីប ជាអ្នករៀនវិបស្សនា បានឮចម្រៀងមនុស្សស្រីម្នាក់អ្នករក្សាស្រែក្នុងស្រុកលង្កា ច្រៀងប្រកបដោយសំវេជ្ជនីយធម៌៤ម៉ាត់គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុទាំងនោះកាន់យកមកពិចារណាជាអារម្មណ៍ ក៏លុះព្រះអរហត្តផលក្នុងពេលនោះ។
មានភិក្ខុមួយរូបទៀត ឈ្មោះតិស្សៈ ជាអ្នករៀនវិបស្សនាដែរ បានឮចម្រៀងមនុស្សស្រីម្នាក់ ចុះកាច់ផ្កាឈូកក្នុងស្រះច្រៀងដោយទំនុកថាផ្កាឈូកអើយរីកស្រស់តែពេលព្រឹក ល្គឹកបើពេលល្ងាចស្វិតស្រពោនវិញ ដោយកំដៅព្រះអាទិត្យមានឧបមាយ៉ាងណា មនុស្សសត្វទាំងឡាយអើយ តែងស្វិតស្រពោនជ្រួញជ្រីវទន់ទោរទៅដោយកម្លាំងជរាញាំញីគ្របសង្កត់ ក៏មានឧបមេយ្យដូចផ្កាឈូកនោះដែរ។ តិស្សភិក្ខុកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានលុះព្រះអរហត្តផលក្នុងពេលនោះ។
មានរឿងមួយទៀតថា កាលក្នុងចន្លោះពុទ្ធកាលមានបុរសម្នាក់នាំកូនប្រុសរបស់ខ្លួន៧នាក់ដើរមកពីព្រៃ លុះដើរមកដល់ស្រុកបានឮចម្រៀងមនុស្សស្រីម្នាក់កំពុងស្រិតអង្ករច្រៀងដោយទំនុកថា សរីរាងកាយយើងនេះ គឺអំណាចជរាញាំញីឱ្យស្វិតស្រពោនជ្រួញជ្រីវទៅ ពណ៌សម្បុរស្បែកដែលអាស្រ័យសរីរាងកាយ យើងនេះសោត ក៏បែកធ្លាយទៅដោយកម្លាំងមរណៈ សរីរាងកាយយើងនេះ តែច្រឡំដោយគ្រឿងចង្អៀតចង្អល់នៃម្រឹត្យុគឺសេចក្ដីស្លាប់ ជាសម្បុកនៃហ្វូងដង្កូវជាកន្លែងសម្រាប់ដាក់របស់ស្មោកគ្រោកផ្សេងៗ ជាភាជន៍សម្រាប់តម្កល់របស់មិនស្អាត សរីរាងកាយនេះប្រហែលដោយកំណាត់ឈើ។
បុរសជាបិតាព្រមនិងកូនទាំង៧នាក់ បានកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានសម្រេចពោធិញ្ញាណជាព្រះបច្ចេកពុទ្ធទាំងអស់គ្នាគ្រានោះឯង។
និទានទាំងបីរឿងដែលនាំមកនេះ អ្នកប្រាជ្ញរាប់ថា ចម្រៀងនោះជាសុភាសិតាវាចាដោយពិត។
គុណអ្នកស្ដាប់សុភាសិតសាធារណចប់។
សុភាសិតសូត្រដ៏ប្រកបដោយលក្ខណៈ៥ផង ៤ផង រួចសម្ដែងមកដោយសង្ខេបនេះ បានឈ្មោះថាមង្គល ព្រោះនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ គឺលោកិយនិងលោកុត្តរៈ។
បានជាព្រះសម្មាសម្ពុទ្ធទ្រងមានព្រះពុទ្ធដីកាផ្ទួនទៀតថា ឥមេហិ ខោ ភីក្ខវេ ចត្វហិ អង្គេហិ សមន្នាគតា វាចា សុភាសិតា ហោតិ ដូច្នេះជាដើម សេចក្ដីប្រែដូចមានមកខាងដើមរួចហើយ។
សម្ដែងមកខាងក្នុងមង្គលជាគម្រប់ ១០ អស់សេចក្ដីតែប៉ុណ្ណេះ
លំដាប់តពីនេះនឹងរៀបរៀងក្នុងតិរច្ឆានកថា ដែលជាពាក្យគឺអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងតិះដៀលថា ជាពាក្យមិនពីរោះមិនជាទីនាំមកនូវសម្បត្តិសួគ៌និងសម្បត្តិនិព្វាន តាមន័យដូចមានក្នុងគម្ពីរទសកង្គុត្តរព្រមទាំងអដ្ឋកថា និងពាក្យដែលមានក្នុងទុព្ភាសិតវណ្ណនាប៉ែកខាងវិន័យ និងពាក្យដែលមានក្នុងគម្ពីរធម្មបទដ្ឋកថា ដូច្នេះជាដើមថា ៖
អ្នកជាចោរ អ្នកជាជនពាល អ្នកជាមនុស្សវង្វេង អ្នកជាឱដ្ឋ អ្នកជាគោ អ្នកជាលា អ្នកជាសត្វនរក អ្នកជាសត្វតិរច្ឆាន អ្នកមិនមានសេចក្ដីសុខ អ្នកមានតែសេចក្ដីទុក្ខ បើភិក្ខុពោលឡកឡាយ ចំអកចំអន់ជេរប្រទេចគេដោយពាក្យទាំង១០ម៉ាត់នេះ នឹងត្រូវអាបត្តិទុព្ភាសិតរាល់ៗម៉ាត់ បើសាមណេរនឹងត្រូវទណ្ឌកម្ម បើគ្រហស្ថនឹងត្រូវទោសក្នុងវចីកម្មមិនលែងឡើយ។
ប៉ុន្តែក្នុងទីនេះ មានបំណងនឹងអធិប្បាយនូវតិរច្ឆានកថា២៦ម៉ាត់ដែលមានក្នុងគម្ពីរទេសកង្គុត្តរ ព្រមទាំងអដ្ឋកថា ដូចមានសេចក្ដីទៅនេះ
១- រាជកថំ និយាយអំពីស្ដេចថា មានអានុភាពធំយ៉ាងនេះៗ ឬនិយាយថា ស្ដេចឯណោះមានរូបល្អគួរជាទីពិតពិលរមិលមើល ដូច្នេះជាដើម (ដោយតម្រេក មិនគួរ បើនិយាយថា ស្ដេចទាំងនោះមានបុណ្យគួរជាទីអស្ចារ្យ ហើយមានសទ្ធាជ្រះថ្លា ឬនិយាយថា សូម្បីមានបុណ្យដល់ម្ល៉ោះ គង់ធន់ទ្រាំនឹងមច្ចុរាជមិនបាន ដូច្នេះទើបគួរ)។
២- ចោរកថំ និយាយអំពីមូលទេវចោរ មេឃមាលចោរថា មានអានុភាពធំយ៉ាងនេះៗជាដើម។
៣- មហាមត្តកថំ និយាយអំពីមហាមាត្យខ្លាំងពូកែជាដើម។
៤- សេនាកថំ និយាយអំពីពលសេនា ឬនិយាយអំពីកងទ័ពជើងគោកមានអង្គ៤ គឺ ដំរី សេះ រថ ពលថ្មើរជើងជាដើម។
៥- ភយកថំ និយាយអំពីភ័យ (អារម្មណ៍គួរខ្លាច) ជាដើម។
៦- យុទ្ធកថំ និយាយអំពីចម្បាំងភារតៈ ដោយពាក្យថា ជនឈ្មោះឯណោះ គឺជនឯណោះសម្លាប់ហើយជាដើម។
៧- អន្នកថំ និយាយអំពីបាយ។
៨- បានកថំ និយាយអំពីទឹកថា ខ្ញុំស៊ីបាយផឹកទឹកមានសម្បុរយ៉ាងនេះ មានរសយ៉ាងនេះ ឬថា ទឹកប្រៃ សាបជាដើម។
៩- វត្ថកថំ និយាយអំពីសំពត់។
១០- សយនកថំ និយាយអំពីទីដំណេក។
១១- មាលាកថំ និយាយអំពីកម្រងផ្កា។
១២- គន្ធកថំ និយាយអំពីគ្រឿងក្រអូប។
(បើនិយាយថា ខ្ញុំបានថ្វាយបាយ ទឹក សំពត់ ដំណេក កម្រងផ្កា គ្រឿងក្រអូប ដល់អ្នកមានសីល ឬដល់ចេតិយដូច្នេះ ទើបគួរ។
១៣- ញាតិកថំ និយាយអំពីញាតិថា ញាតិរបស់យើងក្លៀវក្លា ឬថាញាតិរបស់យើងតែងត្រាច់ទៅដោយយានជំនិះដ៏វិចិត្រយ៉ាងនេះៗ ដោយតម្រេក មិនគួរបើនិយាយថា ញាតិរបស់យើងតែងធ្វើកម្មជាប្រយោជន៍ ឥឡូវលោកធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរ។
១៤- យានកថំ និយាយអំពីយានជំនិះថា ខ្ញុំតែងត្រាច់ទៅដោយយានជំនិះយ៉ាងនេះ ៗ ជាដើម បើនិយាយពាក្យដូច្នេះដោយតម្រេក មិនគួរបើនិយាយថា ពីមុនខ្ញុំបានថ្វាយស្បែកជើងយ៉ាងនេះដល់សង្ឃដូច្នេះជាដើម ទើបគួរ។
១៥- តាមកថំ និយាយអំពីអ្នកស្រុក ដូចពាក្យថា អ្នកស្រុកឯណោះជាអ្នកក្លៀវក្លាដោយអំណាចមានលំនៅស្ដុកស្ដម្ភ មានបាយបរិភោគងាយ អ្នកស្រុកឯណោះមិនក្លៀវក្លា ដោយអំណាចមានលំដៅមិនស្ដុកស្ដម្ភ មានបាយស៊ីក៏ក្រ ពោលដូច្នេះជាដើមដោយតម្រេក មិនគួរ បើពោលថា អ្នកស្រុកឯណោះធ្វើកម្មជាប្រយោជន៍ មានសទ្ធាថាឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះទើបគួរ។
១៦- និគមកថំ និយាយអំពីអ្នកនិគមស្រុកដែលមានពួកអ្នកជំនួញជើងគោកច្រើន។
១៧- នគរកថំ និយាយពីក្រុង (ទីប្រជុំមនុស្សបរិបូណ៌)។
១៨- ជនបទកថំ និយាយអំពីអ្នកជនបទ ប្រទេសជាប់ដោយមនុស្សជាតិដេរដាស ឬប្រទេសជាផ្លូវដើរចេញចូលរបស់ជន ពាក្យទាំង៣ម៉ាត់ គឺនិគមកថំ នគរកថំ នឹងជនបទកថំ មានអធិប្បាយដូចតាមកថំដែរ។
១៩- ឥត្ថីកថំ និយាយអំពីស្រីថា មានរូបល្អ ទ្រង់ទ្រាយល្អជាដើម ដោយតម្រេក មិនគួរ បើនិយាយអំពីស្រីថា មានរូបល្អ ទ្រង់ទ្រាយល្អជាដើម ដោយតម្រេក មិនគួរ បើនិយាយថា ស្រីមានសទ្ធាជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរ។
១១- សូរកថំ និយាយអំពីយោធាឈ្មោះនន្ទមិគដ៏ក្លៀវក្លា ដូច្នេះជាដើម ដោយសេចក្ដីតម្រេក មិនគួរ បើនិយាយថា យោធានោះៗ មានសេចក្ដីជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរឬនិយាយអំពីទឹកស្រវឹងច្រើនប្រការដោយតម្រេក មិនគួរ បើនិយាយដោយអំណាចទោសគួរខ្លាច គួររាងចាល ទើបគួរ។
២១- វិសិខាកថំ និយាយអំពីច្រកតូចច្រកធំ ដូចពាក្យថា ច្រកឯណោះមានមនុស្សក្លៀវក្លា ដោយអំណាចមានទីលំនៅស្ដុកស្ដម្ភ មនុស្សក្នុងច្រកឯណោះ មិនក្លៀវក្លា ព្រោះមានទីលំនៅមិនស្ដុកស្ដម្ភ ពោលដូច្នេះដោយតម្រេក មិនគួរ បើពោលថា មនុស្សក្នុងច្រកឯណោះៗ មានសទ្ធាជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះទើបគួរ។
១២- កុម្ភទាសីកថំ និយាយអំពីខ្ញុំស្រីអ្នកដងទឹក ដោយពាក្យថា ស្រីនេះឈ្លាសក្នុងការរាំនឹងច្រៀងគួរជាទីមើលគួរជាទីមើលគួរជាទីស្ដាប់ ពោលដូច្នេះជាដើម ដោយតម្រេក មិនគួរ បើពោលថា ទាសីនោះមានសទ្ធាដូច្នេះ ទើបគួរ។
២៣- បុព្វបេតកថំ និយាយអំពីញាតិដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ សេចក្ដីអធិប្បាយដូចក្នុងញាតិថាដែរ។
២៤- នានត្តកថំ និយាយពាក្យផ្សេងៗ ដែលសេសសល់ចាកវិមុត្តិ គឺពាក្យផ្ដេសផ្ដាសមិនជាប្រយោជន៍។
២៥- លោកក្ខាយិថំ និយាយពាក្យរៀបរាប់នូវអាយតនៈរបស់លោកនិងចំពុះរបស់សត្វ ដូចពាក្យថា អ្នកណានិម្មិតលោក អ្នកឯណោះនិម្មិតលោក ក្អែកសព្រោះមានឆ្អឹងស កុកក្រហម [១០]ព្រោះមានឈាមក្រហមដូច្នេះជាដើម។
២៦- សមុទ្ទក្ខាយិកំ និយាយអំពីសមុទ្ទ ដូចពាក្យថា សមុទ្ទជ្រៅយ៉ាងណា ដូច្នេះជាដើម។
ពាក្យទាំង ២៦ ម៉ាត់នេះជាតិរច្ឆានកថា គ្រហស្ថនិងបព្វជិតមិនត្រូវពោលឡើយ។
កាលបើគ្រហស្ថនិងបព្វជិតទាំងឡាយ បានវៀរចាកតិរច្ឆានកថាទាំងនេះរួចហើយ ត្រូវខំព្យាយាមពោលនូវកថាវត្ថុ១០យ៉ាងចុះ ព្រោះកថាវត្ថុទាំង ១០ យ៉ាងនេះ ជាទីសប្បាយរបស់ព្រហ្មចារីបុគ្គល ហើយជាពាក្យរាប់ចូលក្នុងសុភាសិតសូត្រផង។
ឯកថាវត្ថុទាំង១០យ៉ាងនោះគឺ អប្បិច្ឆកថា និយាយនូវពាក្យដែលនាំមកនូវគុណគឺសេចក្ដីមិនប្រាថ្នាប្រការ ១ សន្ដុដ្ឋីកថា និយាយនូវពាក្យនាំឱ្យកើតសេចក្ដីសន្ដោស [១១]ប្រការ ១ បវិវេក [១២]កថា និយាយនូវពាក្យដែលដល់នូវសេចក្ដីវិវេក (ការស្ងាត់) មានកាយវិវេកជាដើម ប្រការ ១ អសំសគ្គកថា និយាយសរសើរនូវសេចក្ដីប្រតិបត្តិដែលមិនច្រឡំដោយពួកដោយគណៈ ប្រការ ១ កិរិយារម្ភកថា និយាយនូវវិធីដែលប្រាថ្នានូវសេចក្ដីព្យាយាមប្រការ ១ សីលកថា និយាយអំពីសីលប្រការ ១ សមាធិកថា និយាយអំពីសមាធិ ប្រការ១ បញ្ញាកថា និយាយអំពីវិបស្សនាបញ្ញា ប្រការ ១ វិមុត្តិកថា និយាយអំពីអរហត្តផលវិមុត្តិ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយអំពីបច្ចវេក្ខណញ្ញាណ ប្រការ ១។
រួមជាកថាវត្ថុ១០ប្រការ កថាវត្ថុទាំង១០ប្រការនេះឯងហើយដែលហៅថា សប្បាយកថា រាប់ថាជាសុភាសិត។
សុភាសិតដែលរៀបរៀងមកក្នុងទីនេះ ខ្ញុំបានដកស្រង់មកអំពីគម្ពីរមង្គលត្ថទីបនីអដ្ឋកថាមង្គលសូត្រនិងគម្ពីរអង្គុត្តរនិកាយទសកនិបាត ព្រមទាំងគម្ពីរធម្មបទដ្ឋកថាខុន្ទកនិកាយ និងគម្ពីរព្រះវិសុទ្ធិមគ្គ ជាសេចក្ដីសង្ខេបគ្រប់អន្លើ មិនបានជាសេចក្ដីពិស្ដារទេ ក៏សន្មតថាចប់សុភាសិតកថាតែប៉ុណ្ណេះ។
កាលបើចប់ហើយ សូមផ្សាយសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ប្រការដល់អស់លោកអ្នកដែលបានមើលបានស្ដាប់សព្វៗកាលទៅហោង ៕
—————
១ត្រង់គ្នានឹងឧបក្កិលេសទី៥ គឹមក្ខ ដែលហៅថាមក្ខនោះគឺរមិលគុណគេ ឬវេរឃ្នើសគុណគេ គឺវេរឃ្នើសគុណរបស់គ្រហស្ថឬបព្វជិត ដែលគេបានធ្វើល្អមកចំពោះខ្លួន។ ដូចយ៉ាងគ្រហស្ថខ្លះដែលជាអ្នកក្រីក្រលំបាក ហើយមានអ្នកណាមួយគេមានសេចក្ដីអនុគ្រោះជួយទំនុកបម្រុង ផ្ចុងផ្ដើមលើកតម្កើងឱ្យបានខ្ពង់ខ្ពស់ ជាមនុស្សមានទ្រព្យសម្បត្តិគ្រាន់បើឡើង ស្រាប់តែដល់ពេលក្រោយ គ្រហស្ថនោះក៏រំលុបបំបាត់អំពើល្អដែលគេបានធ្វើមកចំពោះខ្លួននោះថា << អ្នកឯងឥតបានធ្វើអ្វីបន្តិចបន្តួចដល់ខ្ញុំទេ យ៉ាងនេះទៅវិញ។ ឬដូចជាបព្វជិតខ្លះ តាំងពីនៅជាសាមណេរតូច ហើយមានលោកអង្គណាមួយ គឺអាចារ្យឬឧបជ្ឈាយ៍ លោកបានជួយទំនុកបម្រុងដោយបច្ច័យទាំង៤ ទាំងបានបង្រៀនបាលីអដ្ឋកថា ហើយថែមទាំងបានពន្យល់ឱ្យមានសេចក្ដីឈ្លាសវៃ ក្នុងគម្ពីរដីកាតាមផ្លូវធម៌ផងទៀត ស្រាប់តែដល់ពេលក្រោយអ្នកបួសនោះ មានស្ដេចឬរាជមហាមាត្យ ធ្វើសក្ការៈគោរពរាប់អាន (ដល់ខ្លួន ) ហើយក៏លែងគោរពកោតក្រែងចំពោះអាចារ្យនិងឧបជ្ឈាយ៍របស់ខ្លួនវិញ ដោយពោលថា កាលពីដើមអាចារ្យនិងឧបជ្ឈាយ៍នេះ លោកបានជួយទំនុកបម្រុងយ៉ាងនេះផង បានឱ្យដុះដាលលូតលាស់យ៉ាងនេះផង ក៏ឥឡូវនេះលោកលែងមានសេចក្ដីស្នេហានឹងឯងហើយ ហើយក៏ស្រាប់តែរំលុបបំបាត់អំពើល្អរបស់អាចារ្យនិងឧបជ្ឈាយ៍ទាំងនោះចេញទៅថា លោកទាំងអស់នេះគ្មានធ្វើអ្វីបន្តិចបន្តួចដល់អញទេ ការបំបាត់អំពើល្អដែលគេធ្វើមកចំពោះខ្លួនយ៉ាងនេះឯង ហៅថាមក្ខ (វេរឃ្នើសគុណគេ ) លុះមក្ខកើតឡើងហើយក៏ធ្វើចិត្តឱ្យប្រទុស្ត មិនឱ្យមានរស្មីភ្លឺបាន ព្រោះហេតុនោះបានជាលោកពោលថា ចិត្តនោះជាឧបក្កិលេស។ (បបញ្ចសូទនី អដ្ឋកថាមជ្ឈិមនិកាយ )
១ព្រះថេរៈ១អង្គដែលជាមហាថេរ លោកមានវស្សា ៦០ ព្រះថេរៈ១អង្គ ដែលជាអនុថេរ លោកមានវស្សា៥៩។
[២]ច្បាប់ខ្លះជា ឧទព្វហិ សេចក្ដីប្រែដូចគ្នា។
[៣]– ត្រង់គ្នានឹងភេទករវត្ថុ ១៨ ប្រការគឺ ១ អធម្មំ ធម្មោតិ ទីបេតិ សម្ដែងសភាវៈដែលមិនមែនធម៌ថាជាធម៌ ២ ធម្មំ អធម្មោតិ ទីបេតិ សម្ដែងធម៌ថាមិនមែនជាធម៌ ៣ អវិនយំ វិនយោតិ ទីបេតិ សម្ដែងសភាវមិនមែនវិន័យ ៤ វិនយំ អវិនយោតិ ទីបេតិ សម្ដែងវិន័យថាមិនមែនវិន័យ ៥ អភាសិតំ អលបិតំ តថាគតេន ភាសិតំ លបិតំ តថាគតេនាតិ ទីបេតិ សម្ដែងពាក្យដែលតថាគតមិនបានពោលមិនបានចរចា ថាតថាគតបានពោលបានចរចា ៦ ភាសិតំ លបិតំ តថាគតេន អភាសិតំ អលបិតំ តថាគតេនាតិ ទីបេតិ សម្ដែងពាក្យដែលតថាគតបានពោលបានចរចា ថាតថាគតមិនបានពោលមិនបានចរចា ៧ អនាចិណ្ណំ តថាគតេន អាចិណ្ណំ តថាគតេន ទិបេតិ សម្ដែងកិច្ចដែលតថាគតមិនបានសន្សំ ថាតថាគតបានសន្សំ ៨ អាចិណ្ណំ តថាគតេន អនាចិណ្ណំ តថាគតេនាតិ ទីបេតិ សម្ដែងកិច្ចដែលតថាគតបានសន្សំ ថាតថាគតមិនបានសន្សំ ៩ អប្បញ្ញត្តំ តថាគតេន បញ្ញត្តំ តថាគតេនាតិ ទីបេតិ សម្ដែងសិក្ខាបទដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត ១០ បញ្ញត្តំ តថាគតេន អប្បញ្ញត្តំ តថាគតេនាតិ ទីបេតិ សម្ដែងសិក្ខាបទដែលតថាគតបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្ត ១១ អនាបត្តិ អាចត្តិតិ ទីបេតិ ទីបេតិ សំដែងអនាបត្តិ ថាជាអាបត្តិ ១២ អាបត្តិ អនាបត្តិតិ ទីបេតិ សម្ដែងអាបត្តិ ថាជាអនាបត្តិ ១៣ លហុកំ អាបត្តិ គរុកា អាបត្តីតិ ទីបេតិ សម្ដែងអាបត្តិស្រាលថាជាអាបត្តិធ្ងន់ ១៤ គរុកំ អាបត្តិ លហុកា អាបត្តីតិ ទីបេតិ សម្ដែងអាបត្តិធ្ងន់ ថាជាអាបត្តិស្រាល ១៥ សាវសេសំ អាបត្តិ អនវសេសា អាបត្តីតិ ទីបេតិ សម្ដែងអាបត្តិដែលជាសាវសេស ថាជាអាបត្តិអនវសេស ១៦ អនវសេសំ អាបត្តិសាវសេសា អាបត្តីតិ ទីបេតិ សម្ដែងអាបតិដែលជាអនវសេស ថាអាបត្តិជាសាវសេស ១៧ ទុដ្ឋុល្លំ អាបត្តឹ អទុដ្ឋុល្លា អាបត្តីតិ ទីបេតិ សម្ដែងទុដ្ឋល្លាបត្តិ ថាជាអទុដ្ឋុល្លាចត្ថិ ១៨ អទុដ្ឋុល្លំ អាបត្ថិ ទុដ្ឋុល្លា អាបត្តីតិ សម្ដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ (កោសម្ពិកក្ខន្ឌកមហាវគ្គ និងសង្ឃភេទក្ខន្ធកចុល្លវគ្គ)
[៤]– សត្វចំពូកមួយមានសណ្ឋានទ្រង់ទ្រាយដូចមនុស្សយើងដែរ ប្លែកតែមានស្លាបហោះហើរទៅតាមអាកាសបាន ហើយច្រើនមានតែនៅព្រៃធំៗ ដូចយ៉ាងព្រៃហេមពាន្តជាដើម។
[៥]– គឺពាក្យសរសើរអំពីចំណេះសត្វកិន្នរនោះ។
[៦]– របៀបបាលីជាពាក្យរាយមិនមានឃ្លាមិនមានសង្កាត់ជាក្រុមៗ គឺ ៨ អក្សរឬ ១១ អក្សរ ១២ អក្សរ។ល។ ដូចជាគាថាទេ ដូចបាលីធម្មចក្កប្បវត្តនសូត្រពីដើមរហូតដល់ចប់ សុទ្ធតែជាវេយ្យាករណ៍ជាពាក្យរាយទាំងអស់។
[៧]– រស់ដោយទឹកដោះគោមាន ៥ យ៉ាងគឺ ខីរំ ទឹកដោះស្រស់ដែលទើបនឹងរូតមកថ្មី ១ ទធិ ទឹកដោះដែលក្លាយទៅជាទឹកដោះជូរ ១ ឃតំ ទឹកដោះដែលរងថ្លា ១ តក្កំ ទឹកដោះដែលឡើងប្រេង ១ នវណីតំ ទឹកដោះខាប់ -ខាន់ ១។
[៨]– សច្ចៈមាន ៤ យ៉ាងគឺ វចីសច្ច បានដល់ពាក្យសម្ដីពិតពាក្យសម្ដីទៀង ដូចពាក្យថាបុគ្គលគប្បីនិយាយពាក្យពិតពាក្យទៀង ១ សម្មតិសច្ច បានដល់ការសន្មត ដូចជាគេសន្មតថា ជននេះជាព្រាហ្មណ៍ពិត ជននេះជាក្សត្រពិតជាដើម ទិដ្ឋិសច្ច បានដល់សេចក្ដីយល់ឃើញ ដូចយល់ឃើញថា នេះជារបស់ពិត ក្រៅពីនេះជារបស់ខុសទទេមិនពិតឡើយ ១ បរមត្ថសច្ច បានដល់អរិយសច្ចទាំង ៤ ប្រការមានទុក្ខអរិយសច្ចជាដើម ១។ (មគ្គវគ្គវណ្ណនា ធម្មបទដ្ឋកថា)។
[៩]– ជាឈ្មោះស្រុកមួយតំបន់ ប៉ែកខាងឥណ្ឌា ក្នុងពុទ្ធសម័យ។
[១០]– ក្នុងអដ្ឋកថាវិន័យខ្លះថាកុកខ្មៅ ឯក្នុងទីនេះថា កុកក្រហមវិញ។ (មនោរដ្ឋបូរណី អដ្ឋកថាអង្គុត្តរនិកាយទសកនិបាត)។
[១១]– មាន៣យ៉ាងគឺ យថាលាភសន្ដោស ត្រេកអរតាមគួរក្នុងបច្ច័យ៤ ដែលស្វែងរកបានមក ១ យថាសារូបសន្ដោស ត្រេកអរក្នុងបច្ច័យ ៤ ដ៏សមរម្យដល់ខ្លួន ១ យថាពលសន្ដោស ត្រេកអរក្នុងបច្ច័យ៤ តាមគួរដល់កម្លាំង ១ សន្ដោសទាំង៣ប្រការនេះ ចែកចេញជាប្រភេទមាន១២ប្រការ ដោយអំណាចបច្ច័យទាំង៤ គឺចីវរបច្ច័យ បិណ្ឌបាតបច្ច័យ សេនាសនបច្ច័យ គិលានភេសជ្ជបច្ច័យ មានពិស្ដារក្នុងសន្ដុដ្ឋីកថា ទីបនី បើជាគ្រហស្ថវិញគួរសន្ដោសតែក្នុងភរិយារបស់ខ្លួន តាមគួរ។
[១២]– វិវេក៣យ៉ាងគឺ ១ កាយវិវេកស្លាត់កាយគឺចូលទៅនៅក្នុងទីស្លាត់ ២ ចិត្តវិវេក ស្លាត់ចិត្តចាកនីវរណៈ៣ ឧបធំវិវេក ស្លាត់ចាកឧបធិកិលេស។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី២-៥-៧ ~ ឆ្នាំ១៩៣៩ ខ្សែទី២-៣
Great content! Super high-quality! Keep it up! 🙂