ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម រហូតមកដល់រជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ គឺក្នុងរវាង គ.ស. ១៨៥៩ មកដល់ គ.ស. ១៩២៧ នៅប្រទេសខ្មែរយើងមានល្បែងផ្សេងៗ ប្លែកៗជាច្រើន ដែលគេតែងនិយមលេងនៅជាន់នោះ ប៉ុន្តែដល់មកសម័យនេះ ល្បែងទាំងនោះ ខ្មែរយើងឈប់លេង ស្ទើរតែរកអ្នកណាស្គាល់គ្មាន តួយ៉ាងដូចល្ខោនស្បែក ដែលយើងហៅថាណាំងស្បែក។ នៅសម័យនេះល្ខោនស្បែកនោះ គេឈប់លេងទៅហើយ គ្រាន់តែនៅមានគេចាំខ្លះដោយគេធ្លាប់បានឃើញមក។
ហេតុនេះហើយ បានជាក្រុមជំនុំទំនៀមទម្លាប់ ខំស្រាវជ្រាវយករឿងនេះមករក្សាទុក ក្រែងអំណឹះអំពីចាស់ៗ ដែលបានចេះចាំនោះទៅរឿងរ៉ាវនឹងបាត់ទៅដែរ។ ល្បែងនេះដូចមានសេចក្ដីតទៅនេះ ៖
ល្ខោនស្បែកនេះ មិនមានលេងជាប្រក្រតីដូចល្ខោនធម្មតាទេ មានលេងមួយដងមួយកាលចំពោះតែមានពិធីបុណ្យធំៗ ដូចយ៉ាងបុណ្យចម្រើនព្រះជន្មនិងបុណ្យថ្វាយព្រះភ្លើងជាដើម ហើយគេលេងតែរឿងរាមកេរ្តិ៍។
រូបភាពស្បែកដែលលេងនោះ គឺជាស្បែកគោ ឬស្បែកក្របីដែលគេយកមកឆ្លាក់ទម្លុះជារូបផ្សេងៗ ដូចជារូបព្រះនារាយណ៍ ព្រះឥសូរជាដើម របៀបឆ្លាក់ស្បែកនេះ ជាការលំបាកហើយយូរផង កាលបើគេឆ្លាក់បានជារូបហើយ គេយកទៅលាបពណ៌ខាត់ឱ្យរលើបតាមរបៀបទើបគេយកបន្ទះឫស្សីមកគាបសងខាង ធ្វើជាមេសម្រាប់កាន់ជើតទៅមកនៅពេលលេង រូបភាពស្បែកមានច្រើនយ៉ាងណាស់ មានរូបភាពស្វា រូបភាពហោះ រូបភាពប្រជុំពល រូបភាពជាក្បួនហែ។ល។
ប៉ុន្តែក្នុងចំណោមរូភាពស្បែកទាំងនោះ មានរូបភាព ៣ ជារូបភាពសំខាន់ជាងគេ គឺរូបព្រះឥសូរ ១ ព្រះនរាយណ៍ ១ និងឥសី ១ ដែលគេហៅថា “រូបភាពស្ដេច” ឬថា “ស្បែកស្ដេច” រូបទាំង ៣ ខាងលើនេះ កាលនឹងចាប់ធ្វើ ពួកជាងត្រូវកាន់ត្រណម ហើយចំពោះរូបព្រះឥសូរនិងព្រះនារាយណ៍ គេត្រូវរើសយកស្បែកគោដែលស្លាប់ដោយអំពើខ្មោចព្រាយ ឯរូបឥសីគេត្រូវយកស្បែកខ្លាធំ ឬខ្លាឃ្មុំមកធ្វើ។ កាលនឹងចាប់ធ្វើរូបទាំងនេះ ជាងត្រូវស្លៀកពាក់ស ហើយត្រូវធ្វើក្នុងមួយថ្ងៃឱ្យហើយស្រេច ថែមទាំងមានរៀបចំរណ្ដាប់បូជាព្រះពិស្ណុការទៀតផង។
រូបភាពស្បែកនេះ នៅពេលលេង គេត្រូវយកទៅបញ្ចាំងលើផ្ទាំងសំពត់សស្ដើងទំហំប្រមាណជា ៧ ឬ ១១ ហាត់បួនជ្រុង ដែលចងសន្ធឹងនៅខាងមុខរោង នៅខាងក្រោយផ្ទាំងសំពត់មានជើងក្រានមួយធំសម្រាប់ដុតចន្លុះទ្រោលបំភ្លឺ ដើម្បីឱ្យអ្នកមើលពីខាងក្រៅ ឃើញស្រមោលរូបភាពនោះៗ។
ហេតុនោះល្ខោនស្បែកនេះ គេលែងតែវេលាយប់ ដោយយកពន្លឺភ្លើងជាគ្រឿងឆ្លុះបញ្ចាំង។ គេជញ្ជូនភាពស្បែកជាគ្រឿងភ្លេងទៅរៀបដាក់ក្នុងរោងនោះឱ្យហើយស្រេចតាំងពីវេលាថ្ងៃ។ ដល់ពេលយប់ពួកអ្នកលេងទាំងប៉ុន្មាន គឺអ្នកជើត អ្នកចរចា ត្លុក និងពួកភ្លេងពិណពាទ្យក៏ទៅប្រជុំនៅរោងនោះដើម្បីលេង។ មុននឹងចាប់លេងរឿង អ្នកលេងធ្វើពិធីហោមរោងហ៊ោ ៣ ដង។
អ្នករក្សាចន្លុះ អុជចន្លុះ៣ដើម ដើរប្រទក្សិណជើងចន្លុះ៣ជុំ ហើយឆួលភ្លើងទៅលើគំនរអាចម៍ចន្លុះនៅក្នុងជើងក្រាន ចន្លុះក៏ឆេះធ្លោឡើង អ្នកលេងគ្រប់គ្នា លុះធ្វើពិធីតាមទំនៀមចប់ហើយ ក៏ចាប់ផ្ដើមលេងរឿងស្វាសស្វាខ្មៅប្រចាប់គ្នា។ នៅវេលានោះ គេឮសូរតែស្រឡៃនិងស្គរធំ ភ្លេងឯទៀតឈប់នៅស្ងៀម។ តែចួនកាលគេមិនលេងរឿងស្វាប្រចាប់គ្នាទេ គេលេងរឿងនាងមេខលា រាមសូរឬអរជុន ដែលគេទុកជារឿងចាប់របាំងខាងដើមរឿងដែរ។
កាលលេងចប់បទហោមរោងនិងរបាំបើករោងហើយ គេក៏ចាប់លេងសាច់រឿងតទៅ។
ចំណែកឯបទភ្លេងនោះ គេលេងដូចភ្លេងល្ខោនធម្មតា ប៉ុន្តែគេច្រើននិយមតែភ្លេងវង់តូចដែលមានតែសម្ភោរ ១ ស្គរធំ ១ រនាត ១ គង ១ ស្រឡៃ ១ និងឆឹង ១។ ឯល្បែងល្ខោនស្បែកនេះ ក្នុងសម័យសព្វថ្ងៃ គេពុំសូវលេងទេ ដោយគេនិយមចូលចិត្តមើលល្បែងសម័យថ្មីទៅវិញ។
មានភាពជាល្ខោនស្បែកមួយយ៉ាងទៀត ដែលត្រូវលេងក្នុងវេលាយប់ ដោយបញ្ចាំងលើផ្ទាំងសំពត់សដែរ គឺណាំងតាលុង ដែលខ្មែរយើងហៅរត់មាត់គ្រប់គ្នាថា អាយ៉ងៗ។ ណាំងតាលុងនេះ មានរូបតែមួយៗ ប្រមាណប៉ុនកដៃប៉ុណ្ណោះ ប៉ុន្តែរូបនោះ គេធ្វើឱ្យកម្រើកមាត់ដៃជើងបាន ហើយដោយអ្នកលេងចេះកំប្លែងផ្សំផង ក្មេងក្ដី ចាស់ក្ដី ចូលចិត្តមើលជាច្រើន។ ណាំងតាលុងមិនលេងរឿងរាមកេរ្តិ៍ទេ ច្រើនលេងតែរឿងតូចៗ ដូចរឿងព្រះជិនវង្ស រឿងព្រះសមុទ្ទជាដើម។ ឯភ្លេងគេប្រើភ្លេងអារក្សដែលមានតែស្គរមួយ ចាប៉ី ១ ទ្រ ១ ឆាប ១ និងស្រឡៃ ១ រោងសម្រាប់លេងណាំងតាលុងនេះតូចទេ ភាពស្បែកក៏តូចផ្ទាំងសំពត់សក៏តូច អ្នកលេងក៏មានគ្នាតិច ហើយអ្នកលេងនិយាយរឿងហូរហែរតាមដំណើររឿង មិនមានអ្នកពោលជាពាក្យកាព្យដូចណាំងស្បែកទេ។ ដោយនៅមានមនុស្សចូលចិត្តមើលច្រើន ទើបនៅមានណាំងតាលុងលេងរាល់ឆ្នាំនៅព្រះរាជធានីភ្នំពេញ តែនៅមានលេងតែក្នុងព្រះរាជពិធីផ្សេងៗ និងនៅពេលខ្លះដែលព្រះករុណាទ្រង់សព្វព្រះរាជហឫទ័យឱ្យលេងដាក់ទានដល់ប្រជារាស្ត្រ។
ហេតុដែលខ្មែរយើងហៅណាំងតាលុងថា អាយ៉ងៗ ទៅវិញមកពីកាលក្នុងរាជ្យព្រះករុណានរោត្ដមនិងព្រះករុណាស៊ីសុវត្ថិ មានអ្នកលេងណាំងតាលុងម្នាក់ឈ្មោះ យ៉ង ប៉ិនប្រសប់កំប្លែងណាស់ អ្នកទៅមើលណាំងតាលុងចេះតែនាំគ្នាថា “ទៅមើលអាយ៉ង ទៅមើលអាយ៉ង” ឈ្មោះនោះក៏ជាប់មកទល់សព្វថ្ងៃ រហូតដល់ទៅមានអ្នកស្រុកខ្លះភ្លេចថា ស្បែកនោះឈ្មោះណាំងតាលុងទៅទៀត។
ល្បែងនេះយើងពុំដឹងច្បាស់ថា មានមកទាំងពីកាលណា ឬបានចម្លងមកពីស្រុកណា ដោយពិតទេ។ ប៉ុន្តែតាមសេចក្ដីអធិប្បាយរបស់លោក Rene Nicolasដែ លពោលអំពីរឿងណាំងស្បែកនិងណាំងតាលុងសៀមមានសេចក្ដីថា បានជាហៅណាំងតាលុង ព្រោះភាពណាំងបែបនោះអ្នកស្រុកប៉ាតាលុងក្នុងប្រទេសថៃបានយកពីប្រទេសជ្វាមកលេងជាដំបូង។ លោកបានពោលទៀតថា នៅខាងប្រទេសថៃ ក៏មានលេងណាំងដែរ ថាណាំងនោះគេបានចម្លងមកពីស្រុកជ្វា នៅស្រុកជ្វាគេហៅថា “វ៉ាយ៉ាំង” ហើយថាជ្វាក៏បានចម្លងមកពីប្រទេសឥណ្ឌាទៀតដែរ។ នៅប្រទេសជ្វាមានល្ខោនស្បែកនេះពីរបែប មួយបែបមានជារូបភាពដាច់ៗគ្នា មួយបែបទៀត ដែលជ្វាហៅថា “វ៉ាយ៉ាំងបេបែរ” គឺមានភាពស្បែកធំជាតួមនុស្សអង្គុយឬហោះ ជាភាពប្រជុំពល។ល។ ដូចជាល្ខោនស្បែកយើងពិតៗ ឯរបៀបធ្វើពិធីហោមរោង របៀបលេង មានអ្នកពោលរឿងទៀតក៏ដូចគ្នា។ ឃើញដូចនេះ យើងអាចសន្និដ្ឋានបានថា ខ្មែរចម្លងភាពល្ខោននេះមកពីប្រទេសឥណ្ឌា អំពីជ្វា ព្រោះមានទំនៀមជាច្រើនទៀតរបស់ខ្មែរ ដែលក្លាយមកពីឥណ្ឌា ពីជ្វា ដូចជារឿងរាមកេរ្តិ៍មកពីឥណ្ឌា រឿងអេណាវមកពីជ្វា។
សព្វថ្ងៃនៅប្រទេសកម្ពុជា គេមានរក្សាភាពស្បែកនេះទុកនៅឡើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យ ឯការទម្លុះស្បែកជារូបភាពផ្សេងៗ ល្អៗ មាននៅក្នុងខេត្តសៀមរាបនៅឡើយ កាលតាំងពិព័រណ៍អន្តរជាតិឆ្នាំ១៩៥៦ គេបានទាំងនាំយកអ្នកជំនាញការឆ្លាក់ស្បែក មកធ្វើបង្ហាញជនបរទេសផង។ ជាងឆ្លាក់មិនឆ្លាក់ត្រឹមតែភាពល្ខោនស្បែក ឆ្លាក់ធ្វើជាគម្របចង្កៀងតាំងផ្ទះជារូបល្មមៗ សម្រាប់ព្យួរនៅជញ្ជាំងផ្ទះផង។
តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
អ្នកស្រី ពេជ្រ-សល់ រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩