ក្នុងព្រះរាជាណាចក្រកម្ពុជា ការគោរពបូជាដើមឈើឬរុក្ខជាតិ ដែលទាក់ទិននឹងជំនឿបែបជីវចលនិយម មានតាំងតែសម័យមុនប្រវត្តិសាស្ត្រម៉េ្លះ។ ប្រជាពលរដ្ឋ ខ្មែរចាត់ទុកថា ដើមឈើ មានជីវិតដូចមនុស្ស ពោលគឺ ចេះកើតទុក្ខ ចេះយំ ចេះសើច ចេះច្រៀងរាំឬចេះបំពេ ព្រោះមានបេះដូង មានវិញ្ញាណ មានសាច់ មានឈាមពិតៗ។
ចំណុចមួយដែលយើងត្រូវតែចាប់អារម្មណ៍ គឺចាប់ពីពេលដែលវប្បធម៌ឥណ្ឌាបានហូរចូល ហើយជ្រួតជ្រាបក្នុងសង្គមខ្មែរ នាសម័យនគរភ្នំមក ប្រជាប្រិយភាពរបស់ដើមឈើកាន់តែរីកសុះ-សាយឡើង។ ដូច្នេះហើយ បានជាមានប្រភេទដើមឈើជាច្រើន បានរក្សាឬទទួលនូវតួនាទីសំខាន់ៗថ្មី ក្នុងប្រព័ន្ធគំនិតបែបឥណ្ឌា និយមទៅវិញ។
ទោះបីជាមានការច្របាច់ជំនឿចាស់ ឱ្យចូលក្នុងប្រព័ន្ធជំនឿថ្មីក៏ដោយ មកដល់ពេលនេះ ក៏ពុំទានមានទស្សនាទានមួយណា បញ្ជាក់ច្បាស់លាស់ថា វាជាការខុសឆ្គងឬក៏ជាការចៃដន្យនោះដែរ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ការបញ្ចូលជំនឿថ្មីក្នុងប្រព័ន្ធគំនិតចាស់នេះ គ្រាន់តែចង្អុលបញ្ជាក់នូវភាពស្រដៀងគ្នាផ្នែកនិមិត្តរូបនិយមនៃសមាសភាពទាំងពីរ ដែលជាមូលហេតុនៃនិរន្តរភាពនៃជំនឿខ្មែរតែប៉ុណ្ណោះ។
ដើម្បីបញ្ជាក់ភាពត្រឹមត្រូវមនោគមន៍វិជ្ជា សាសនាសំយោគ ខាងលើនេះយើងអាចលើកយកគំនូរតំណាងព្រះប្រក់នាគប្រថាប់ក្រោមដើមពោធិ៍ ដែលគេគូរលើកំណាត់ ឬលើជញ្ជាំង ឬវត្ថុសម្រាប់គោរពបូជា។ នេះជាហេតុផលមួយ ដែលគេមិនអាចបដិសេធបាន ពីព្រោះវាបញ្ជាក់ឱ្យឃើញថា ប្រជានុរាស្ត្រខ្មែរ ជឿគោរពខ្លបខ្លាច ដើមពោធិ៍ឬជ្រៃ ដែលគេជឿថាជាសញ្ញាដ៏មានមហិទ្ធិឫទ្ធិ។ ម្យ៉ាងវិញទៀត ដើមពោធិ៍នេះ ក៏ជាជម្រកសម្រាប់ មនុស្ស សត្វ និងតំណាងនូវពុទ្ធិឬការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គផងដែរ។
ក្នុងរឿងព្រេងបុរាណខ្មែរ ព្រៃព្រឹក្សាឬរុក្ខជាតិទាំងឡាយ បានបំពេញនូវតួនាទីចម្បងបំផុត ដោយហេតុថា វាជាលំនៅស្ថាន របស់ពពួកទេពរក្ស ឬអារុក្ខអារក្សអ្នកតា ដែលបីបាច់ថែរក្សាព្រៃភ្នំឬធម្មជាតិ។ កុំភ្លេចថា មុខងារដ៏សំខាន់របស់ព្រៃឈើ មិនទាន់បានបាត់ទាំងស្រុងនៅឡើយ គឺវាផ្ដល់នូវផលានុផលគ្រប់ប្រភេទសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់មនុស្ស សត្វ ថែមទៀតផង។
ដោយប្រការនេះហើយ បានជាមនុស្សខ្មែរនៅពេលចូលបរបាញ់ កាប់ឈើ ឬរុករកឃ្មុំម្ដងៗរមែងតែបន់ស្រន់អារក្ខ អារក្ស ដើម្បីសូមក្ដីអនុញ្ញាតឬសូមទោស បើពុំដូច្នេះទេ ពុំអាចទទួលនូវសេចក្ដីសុខសប្បាយបានទេ។ ការសូមលើកលែងទោស គឺជាពិធីចាំបាច់ អនុវត្តដោយមានតង្វាយជាចំណីចំណុកថែមទៅទៀតផង ដើម្បីជាស្ពានមេត្រី ឬជាការដឹងគុណដ៏ស្មោះសរបស់ពួកគេ ចំពោះមច្ឆរិយបុគ្គលទាំងនោះ ដែលជាម្ចាស់ ជាអ្នកថែរក្សាព្រៃភ្នំឬសត្វទាំងនោះ។
ដោយឡែក តាមរយៈរឿងនិទានឬល្ខោនខ្លះ បានឱ្យយើងដឹងទៀតថា រុក្ខជាតិក៏អាចបំពេញតួនាទីជាឪពុក ម្ដាយដល់កូនកំលោះឬក្រមុំ ដែលត្រូវគេធ្វើបានឱ្យព្រាត់ប្រាសគ្នា។ គូស្នេហាដ៏កម្សត់ អាចសូមឱ្យដើមឈើតូចធំទាំងឡាយក្នុងព្រៃភ្នំ ដូចជាដើមជ្រៃជាដើម ដើម្បីធ្វើជាសាក្សីនៃសេចក្ដីស្នេហាដ៏បរិសុទ្ធរបស់ពួកគេ។ នៅទីនេះ រុក្ខជាតិពិសិដ្ឋទាំងនោះគឺបំពេញតួនាទីជំនួសព្រលឹងបុព្វការីជនឬមេបារបស់មនុស្ស។
ភស្តុតាងដ៏សំខាន់មួយទៀត កឺក្នុងព្រះរាជពង្សាវតារ ត្រង់ចំណុចដែលពាក់ព័ន្ធនឹងបក្សីចាំក្រុងគេឃើញមានដើមជ្រៃមួយ ដែលបានជួយសង្គ្រោះជីវិត ក្នុងខណៈដែលអ្នកអម្ចាស់នេះ ត្រូវតាកុ យោរដាញ់ ធ្វើឃាត។ ក្រោយពីឡើងសោយរាជ្យសម្បត្តិ ព្រះបាទបក្សីចាំក្រុង បានយកអដ្ឋិរបស់ តាកុយោវ មកបញ្ចុះក្នុងចេតិយមួយនៅខាងលិចត្រង់កន្លែងដែលដើមជ្រៃជាសក្តិសិទ្ធនេះដុះ។
តាមពិត ជំនឿលើអំណាចអាថ៌កំបាំងរបស់រុក្ខជាតិ ខ្មែរយើងមានតាំងពីយូរយារណាស់មកហើយ គឺមានតាំងពីសម័យមុនប្រវត្តិសាស្ត្រម៉េ្លះ។ ជំនឿនេះ បានជ្រួតជ្រាបក្នុងទំនៀមទម្លាប់ហើយអាចឆ្លុះបញ្ចាំង តាមរយៈគំនូរជាត់ពណ៌លើកុលាលភាជន៍ មួយចំនួន ក្នុងអំឡុងរវាង ១០០០ – ១០០ ឆ្នាំមុនគ.ស.។
ក្រោយមក ដោយជំនឿលើរុក្ខជាតិនេះ ក៏មានការវិវត្តផ្លាស់ប្ដូរទម្រង់ នាដើមសតវត្សទី១នៃគ.ស ក្នុងសម័យឥណ្ឌូរូបនីយកម្ម ហើយទោះជាយ៉ាងនេះក្ដី ក៏នៅថែរក្សាឬបំពេញតួនាទីដដែល។ សូមជម្រាបថា ក្នុងដំណាក់កាលប្រវត្តិសាស្ត្រខ្មែរ នាសម័យវប្បធម៌នគរភ្នំ បានបន្សល់នូវចម្លាក់ជាក្បាច់យ៉ាងច្រើន តំណាងឱ្យដើមឈើ។ នៅសម័យនេះទៀតសោត គេឃើញថា ដើមឈើខ្លះមានប្រភពចេញពីឥណ្ឌា ដូចជាកល្បតរុ ខ្មែរយើងលោកគោរពបូជា ដូចជាប្រពៃណី របស់ខ្លួនអ៊ីចឹងដោយលើកតម្លៃខាងនិមិត្តរូបយ៉ាងខ្ពស់។
សូមជម្រាបថា ក្នុងវប្បធម៌សំស្ក្រឹតនិងបាលី គេកត់សម្គាល់ឃើញប្រភេទឈើពិសិដ្ឋមានច្រើនប្រភេទណាស់ ដែលអារក្សឬទេវព្រឹក្សចូលចិត្តស្នាក់អាស្រ័យជាពិសេសដើមពោធិ៍ឬជ្រៃ ហើយជានិច្ចកាល នៅលើរុក្ខជាតិដ៏ពិសេសទាំងនោះ គេឃើញមានអារក្សជ្រៃ ដែលប្រកបដោយគុណធម៌និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់។ ពពួកទេពព្រឹក្សទាំងនោះ មានទម្លាប់យកអាសារឬជួយសង្គ្រោះមនុស្សលោកមិនខកខានម្ដងណាឡើយ តាមរយៈការផ្ដល់នូវសេចក្ដីសុខ សេចក្ដីសប្បាយ ឬជួយសង្គ្រោះមនុស្សលោកមិនខកខានម្ដងណាឡើយ តាមរយៈការផ្ដល់នូវសេចក្ដីសុខ សេចក្ដីសប្បាយ ឬក៏បញ្ចៀសនូវរាល់បាបកម្មឬសេចក្ដីទុក្ខទោសនានាជូនមនុស្សល្អ។
រីឯក្នុងវិស័យអក្សរសិល្ប៍និងអក្សរសាស្ត្រឥណ្ឌូ – ខ្មែរវិញ ជាញឹកញាប់ដែរដែលគេចួបវត្តមានរបស់អារក្ស ឬរុក្ខទេវតាមួយប្រភេទ មានឈ្មោះថាព្រឹក្សទេវតា (ទេពព្រឹក្ស ) ឬកល្បតរុ។ ជានិច្ចកាលរុក្ខទេវតាអង្គនេះ ជួយបីបាច់ថែរក្សា ជ្រោមជ្រែងការពារ មនុស្សលោកហើយចួនកាលផ្ដល់នូវទ្រព្យសម្បត្តិ មានមាស ពេជ្រ កែវកង ដល់សាសនិកជនថែមទៀតផង។ តាមរយៈគម្ពីរឬចម្លាក់បែបពុទ្ធនិយម យើងក៏ដឹងទៀតថា គឺរុក្ខទេវតាអង្គនេះ ដែលអាស្រ័យនៅលើដើមកល្បព្រឹក្ស ផល់នូវទ្រព្យសម្បត្តិទាំង០៤ប្រភេទដូចជា សំពត់ ឬក្រណាត់សូត្រល្អៗ ផ្កាដ៏ស្រស់ប្រិមប្រិយ ស្រាដ៏ឈ្ងុយឆ្ងាញ់ និងលក្ដពណ៌ ដើម្បីគូរឬផាត់រូបគំនូរនៅលើជើង ងាយស្រួលក្នុងការទាក់ទាញគូស្នេហ៍ភេទបុរសជាដើម។
សូមជម្រាបថា ក្នុងការអប់រំពុទ្ធសាសនិកជនឱ្យស្គាល់នូវតម្លៃនៃទស្សនាទានឬនិមិត្តរូបស៊ីជម្រៅនៃដើមកល្បព្រឹក្សខាងលើនេះ និងគុណសម្បត្តិគ្រប់បែបយ៉ាង ត្រូវបានសិល្បករខ្មែរនាសម័យបុរេអង្គរ បានឆ្លាក់រុក្ខជាតិដ៏ពិសិដ្ឋនេះនៅលើជញ្ជាំងរូងភ្នំ ដែលផ្សារភ្ជាប់ទៅនិងប្រវត្តិនៃលទ្ធិព្រះពុទ្ធសាសនា។ ដើមឈើដែល តំណាងឱ្យការសម្រេចនូវសំណូមពរទាំងឡាយរបស់មនុស្ស ត្រូវបានរកឃើញក្នុងរូងភ្នំថាំជាថូ ក្នុងខេត្តរាជបុរី ដែលជាក្បាច់មួយ ចុងសម័យវប្បធម៌បុរេអង្គរ ជាបាយអរគួរឱ្យគយគន់យ៉ាងក្រៃលែង។ ពីព្រោះដើមឈើបែកមែកសាខាដ៏មហិទ្ធិឫទ្ធិនេះ កាលបើមើលពីនៅលើមានរូបរាងដូចជាមនុស្សម្នាក់ឈរ មានព្យួរសំពត់ និងគ្រឿងអលង្ការផ្សេងៗផង។
ដោយ បណ្ឌិត មីសែល ត្រាណេ
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ២០០៦