តាមការស្រាវជ្រាវរបស់ខ្ញុំអំពីខេត្តខ្លះនៅក្នុងប្រទេសកម្ពុជា ខ្ញុំបានអានសៀវភៅខ្លះ ហើយនិងឯកសារខ្លះទៀត ដែលលោក ឌឿ – វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរ (ពីថ្ងៃ ២២ – ៨ – ៥៣)។ លោក ឌឿ – វ៉ាន់ ថា បានដឹងឮតាម លោក ហាស់ – ត្ដៀង អាយុ ៨៨ឆ្នាំ និងលោក ទៀប – សំរិទ្ធិ អាយុ ៨៥ឆ្នាំ និយាយប្រាប់។ ការធៀបអត្ថបទរបស់លោក ឌឿ – វ៉ាន់ ទៅនឹងអត្ថបទមួយជាភាសាបារាំងរបស់លោក ម៉ាដ្រូល (Madrolle) ឃើញមានកន្លែងមួយមានឈ្មោះដូចគ្នា ដូច្នេះខ្ញុំសូមជូនប្រវត្តិដូតតទៅនេះ។
១- តាមឯកសាររបស់លោក ឌឿ – វ៉ាន់ ថា ក្រុងកំពតពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវ នៅតាមមាត់សមុទ្ទដែលជាកំពង់សម្រាប់ឱ្យអ្នកជំនួញចតទូកនិងសំពៅ។ តក្រោយមក មានចិន យួន ចាម ទៅសង់ខ្ទមនៅជាកំប៉ូតៗទទឹងថ្ងៃ នៅតាមបណ្ដោយមាត់ព្រែកដៃសមុទ្ទដើម្បីលក់ដូររកស៊ី។ កន្លែងដែលចាម ចិន យួន មកសង់ខ្ទមនៅ គេសង្កេតទៅឃើញជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត”។ ចំណេរក្រោយមក ទឹកសមុទ្ទកាន់តែថយទៅៗ ទើបមានដីខ្សាច់ដុះនាឡើង ដើមឈើល៏មានដុះមកជាលំដាប់ដែរ ហើយខ្មែរ ចិន ចាម យួន ជ្វា ក៏ហ៊ានសង់ផ្ទះខ្ពស់ៗឡើង ព្រោះអាងថាបើមានខ្យល់មកបានដើមឈើគ្រាន់ការពារផ្ទះសម្បែង។
ពេលដែលមានផ្ទះនៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឱ្យឈ្មួញអម្រែកជិតឆ្ងាយ ពួកឈ្មួញតែងចូលចតទូកឬឈប់ដំណើរ ដើម្បីបរិភោគបាយនៅកន្លែងនោះ។ ពេលក្រោយមក ពួកឈ្មួញជើងគោកទឹកឱ្យឈ្មោះផ្សារកំប៉ូតឬភូមិកំប៉ូតថា “ផ្សារកំពង់បាយ”។ នាមបញ្ញត្តិទាំងពីរនេះប្រើច្របូកច្របល់គ្នា ខ្លះហៅថា “ផ្សារកំប៉ូត” ខ្លះហៅថា “ផ្សារកំពង់បាយ” តែក្រោយមកទៀតរហូតមកដល់សព្វថ្ងៃនេះ គេហៅថាខេត្ត “កំពត”។
២- តាមលោកម៉ាដ្រូល (Madrolle) ថា ទីប្រជុំជននៅតាមឆ្នេរសមុទ្ទ មានដុះសុទ្ធតែដើមផ្អាវ។ ទីប្រជុំនេះមានសង្កាត់ជាច្រើន តែកន្លែងដែលឈ្មោះថាកំពតសព្វថ្ងៃនេះ ឈ្មោះថា “កំពង់បាយ”។
លោកម៉ាដ្រូល និងលោក ឌឿ – វ៉ាន់ ថា “កំពង់បាយ” ដូចគ្នា តែត្រង់លោក ឌឿ – វ៉ាន់ ថា ផ្សារកំប៉ូត ឃើញថាប្លែកគ្នា តែមានឃ្លាមួយ លោក ម៉ាដ្រូល ថា កំពត ប្រហែលមកពីកម្ពុជា (D’autres voient dans Kampot l’origine,ou le dérivé, du nom Kampuchea…)
ត្រង់នេះ បើតាមយោបល់ខ្ញុំថា លោក ម៉ាដ្រូល សន្និដ្ឋានថាមកពីពាក្យថា កម្ពុជា ដូចជាសមដែរ។ រឿងនេះខ្ញុំសូមជូនតាមអក្ខរាវិរុទ្ធថា កម្ពុជា គេអាចសរសេរទៅជាកម្ពុជរដ្ឋ ដល់គេកាត់រដ្ឋចេញទៅ នៅសល់តែ កម្ពុជ។ ពេលដែលក្រុងកំពតកំពុងតែកកើត ខ្ញុំសន្និដ្ឋានថា មានឈ្មួញជាតិសៀមតាមសមុទ្ទមកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ។ ភាសាសៀម ពាក្យថា កម្ពុជ អាចថាកម្ពុត ដល់យូរៗដោយសេចក្ដីធ្វេសប្រហែសបាត់ស្រៈ (ុ) ទៅនៅសល់ថា កំពត។
សរុបសេចក្ដីទៅឃើញថាលោក ឌឿ – វ៉ាន់ និយាយថា “ផ្សារកំប៉ូត” ក្លាយទៅជាកំពត ឯ លោក ម៉ាដ្រូល ថាមកពីកម្ពុជា ក្លាយទៅជាកំពត។
ពាក្យរបស់លោក ឌឿ – វ៉ាន់ “ផ្សារកំប៉ូត” សមទៅតាម “សូរ” “កំប៉ូត” < “កំពត” ពាក្យលោក ម៉ាដ្រូល “កម្ពុជា” សមទៅតាមអក្ខរាវិរុទ្ធិ “កម្ពុជ – កម្ពុជា” > “កំពត”។
ចំពោះរឿងនេះ សូមអ្នកអានទាំងឡាយជួយវិនិច្ឆ័យផងចុះ។
ស្រាវជ្រាវដោយ ឌឹក គាម
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣