ពិធីបន់សុំកូន – រឿងទំនៀមទម្លាប់ខ្មែរ

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

រឿងទំនៀមទម្លាប់ខ្មែរ

ប្រទេសកម្ពុជានេះមានប្រវេណីមួយយ៉ាងហៅថា “ពិធីបន់សុំកូន” ជាកិច្ចដែលគ្មានកូនខ្លះ តែងធ្វើមកជារឿយៗ តែបើនឹងស្រាវរកទៅទៀត ក៏នឹងឃើញប្រទេសឯទៀត ដូចយ៉ាងប្រទេសឥណ្ឌាជាដើមធ្លាប់ធ្វើមកហើយដែរ តាំងអំពីសម័យមុនពុទ្ធកាល ដរាបមកដល់ពុទ្ធកាល និងក្រោយពុទ្ធកាលមកទៀត។

ក្នុងសម័យទ្វាបរយុគ (មុនពុទ្ធកាល) នោះ គឺរឿងរាមាយណៈ ដែលខ្មែរយើងហៅថា រាមកេរ្តិ៍ សឹងមានសេចក្ដីថា គ្រានោះព្រះបាទទសរថ ព្រះរាជាក្រុងស្រីអយុធ្យា ប្រទេសកោសលគ្មានព្រះរាជបុត្រជាតំណសន្តតិវង្ស ទើបត្រាស់ឱ្យអញ្ជើញព្រះវសិដ្ឋមុនី អធិបតីបរោហិត ១ ព្រះវាមទេពមុនី ភូឈួយបរោហិត ១ ព្រះសុយញ្ញមុនី ១ ព្រះជ្វាលីមុនី ១ ព្រះកាស្យបមុនី ១ និងឥសីជីព្រាហ្មណ៍ឯទៀតជាច្រើន មកប្រឹក្សាការដើម្បីនឹងធ្វើពិធីបូជាយញ្ញដល់ទេវតា សូមព្រះរាជបុត្រទីប្រឹក្សាយល់ព្រមតាម ព្រះអធ្យាស្រ័យ។ វេលាកំពុងបូជាយញ្ញប្រាកដឃើញអមនុស្សម្នាក់ រូបរាងខ្មៅដំបង តែមុខក្រហម ស្លៀកពាក់ក្រហម ខ្លួនពេញទៅរោមនីដូចជារាជសីហ៍ កាន់យកថោបាយាសផុសឡើងមកអំពីកណ្ដាលគំនរភ្លើងពិធីនោះប្រកាសប្រាប់ថា ខ្លួនជាទូតរបស់ព្រះប្រជាបតិ នាំបាយាសនេះមកថ្វាយ ដើម្បីព្រះមហេសីសោយគង់នឹងបានព្រះរាជឱរសដូចប្រាថ្នា។ ព្រះបាទទសរថទ្រង់ទទួលថោបាយាសមកហើយ ទេវទូតនោះក៏អន្តរាយបាត់ទៅ។ ទ្រង់យកបាយាសនោះមកបែងជា ៤ ភាគ ព្រះរាជទានដល់ព្រះអគ្គមហេសីទាំង ៣ នាង គឺប្រទាននាងកៅសល្យានិងនាងកៃកេយី មួយអង្គ ១ ភាគ នាងសុមិត្រា ២ ភាគតែ ១ អង្គឯង។ ព្រះនាងទាំងនោះក៏ ទ្រង់ព្រះគភ៌ប្រសូតព្រះរាជឱរសរៀងខ្លួន នាងកៅសល្យា បានព្រះរាជឱរស ១ អង្គ ព្រះនាមថា “រាម” នាងកៃកេយី បាន ១ អង្គដែរ ព្រះនាមជា ភរត នាងសុមិត្រាបាន ២ អង្គ ព្រះនាមជា លក្ស្មណ៍ ១ សត្រុឃណៈ ១។ វេលាក្រោយមកព្រះរាមនិងព្រះលក្ស្មណ៍ បានច្បាំងកម្រាបស្ដេចយក្សឈ្មោះ រាពណ (វារណ) នៅលង្កាទ្វីប។

ក្នុងសម័យពុទ្ធកាល មានរឿងសេដ្ឋីម្នាក់នៅក្នុងប្រទេសឥណ្ឌា គ្មានកូន បានធ្វើពិធីបន់សុំកូននឹងអ្នកតាព្រះជ្រៃក៏កើតបានជាកូនប្រុសពីរនាក់  កូនបងឈ្មោះមហាកាល កូនប្អូនឈ្មោះចុល្លកាល។ វេលាក្រោយមក មហាកាលបានបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា បានសម្រេចព្រះអរហត្តជាព្រះអរហន្ត ហើយប្រាកដនាមតាមដែលសហធម្មិក គឺអ្នកបួសផងគ្នាហៅថា ចក្ខុបាល។ រឿងនេះមានមកក្នុងគម្ពីរធម្មបទដ្ឋកថា។

 និងរឿងនាងសុជាតា ដ៏ជាធីតាសេដ្ឋីម្នាក់នៅស្រុកឧរុវេលសេនានិគម មានប្ដីហើយគ្មានកូន នាងបានបន់សុំកូននឹងអារុក្ខទេវតា ដែលអាស្រ័យនៅដើមពោធិព្រឹក្ស (គឺដើមពោធិដែលព្រះអង្គត្រាស់) នោះសម័យក្រោយមកនាងក៏មានកូនដូចដែលសុំ។ ថ្ងៃ ១ នោះនាងធ្វើមធុបាយាសនិងយកទៅថ្វាយអារុក្ខទេវតាដែលនាងបន់នោះ ទទួលចួបនឹងព្រះពុទ្ធអង្គស្ដេចគង់នៅក្រោមដើមពោធិនោះ នាងស្មានថាជាទេវតាដំណែងកាយឱ្យប្រាកដចុះមកទទួលគ្រឿងតង្វាយរបស់ខ្លួន ក៏លើកថាសមធុបាយាសបង្អោនចូលទៅថ្វាយ ក្នុងថ្ងៃដែលព្រះអង្គបានត្រាស់នោះឯង។ រឿងនេះមានមកក្នុងគម្ពីរបថមសម្ពោធិកថា។

ប្រជាជនជាតិខ្មែរក្ដី ជាតិដទៃក្ដី បណ្ដាដែលធ្វើពិធីបន់សុំកូន ប្រហែលជាបានជ្រាបនឹងជឿរឿងទាំងឡាយដែលពណ៌នាមកហើយខាងលើនេះទេដឹង ទើបបាននាំគ្នាធ្វើតៗមកដរាបដល់សព្វថ្ងៃនេះ។

របៀបបន់តាមដែលពួកខ្មែរយើងធ្វើមកដូច្នេះ

មានបុរសស្ត្រីខ្លះ ដែលបាននៅជាស្វាមីភរិយាផងគ្នាមកអស់កាលដ៏យូរហើយៗ គ្មានកូន តែមិនអាចដឹងបានជាប្រាកដថា “ខ្លួនជាអារឬមិនជាអារ” កាលមានសេចក្ដីប្រាថ្នាចង់បានកូនខ្លាំងក្លាឡើងក៏នាំប្ដីប្រពន្ធទៅបន់សុំកូន ចំពោះព្រះពុទ្ធរូបវត្តនេះវត្តនោះ តាមដែលខ្លួនដឹងឮថា មានព្រះបារមីស្ថិតពូកែសក្ដិសិទ្ធ អាចប្រសិទ្ធីឱ្យសម្រេចតាមដែលសុំ អ្នកខ្លះក៏ទៅបន់នឹងទេវរូបមួយ​យ៉ាងដែលហៅថា “យាយទេព” អ្នកខ្លះក៏ទៅបន់សុំនឹងអ្នកតា តែវត្ថុពីរខាងក្រោយ ក្នុងសម័យនេះមិនសូវមានអ្នកបន់ទេ ច្រើនតែបន់នឹងព្រះពុទ្ធរូបៗ ដែលគេនិយមរាប់អានថា ពូកែសក្ដិសិទ្ធនោះមាននៅគ្រប់ខេត្ត​ក្នុងប្រទេសកម្ពុជា។

វេលានឹងទៅបន់ គេរមែងនាំយកគ្រឿងសក្ការៈនោះមានផ្សេងៗគ្នា ខ្លះតិច ខ្លះច្រើន ខ្លះល្អ ខ្លះអន់បន្តិចមក ខ្លះថ្វាយវត្ថុនេះ ខ្លះថ្វាយវត្ថុនោះ តែកំណត់ដោយច្រើន គេច្រើនធ្វើជាស្លាធម៌ ១គូ (គឺជាស្លាធម៌ដែលធ្វើអំពីដើមចេកក៏មាន ដែលធ្វើអំពីផ្លែដូងក៏មាន) និងទៀនធូបភ្ញីផ្កា។ ដល់វេលាហើយគេក៏តាក់តែងកាយឱ្យស្អាតប្រដាប់ប្រដាដោយគ្រឿងសម្លៀកបំពាក់ថ្មីៗ អ្នកខ្លះក៏បានទាំងសមាទានសីលអំពីភិក្ខុសង្ឃជាមុនហើយ ទើបនាំគ្នាយកគ្រឿងតង្វាយអម្បាលនោះទៅកាន់ទីព្រះពុទ្ធរូប។ ដល់ហើយយកទៀនធូបអុជ ដោតនៅស្លាធម៌លើកថ្វាយទៅ ថយមកក្រាបថ្វាយបង្គំ ៣ ដង ហើយលើកដៃប្រណម្យតាំងសច្ចាប្រណិធានសុំទាំងពីរនាក់ ដោយបន្លឺនូវវាចាឱ្យឮឡើង ល្មមត្រចៀកខ្លួនស្ដាប់ឮច្បាស់ថា “ខ្ញុំព្រះអង្គពីរនាក់បានជាគ្នាជាស្វាមីភរិយាមកជាយូរឆ្នាំហើយ តែមិនមានកូនដល់ម្នាក់សោះ ឥឡូវខ្ញុំព្រះអង្គមានប្រាថ្នាចង់បានកូនជាយ៉ាងក្រៃពេក ដោយអំណាចព្រះបារមីរបស់ព្រះអង្គ សូមឱ្យខ្ញុំមានកូន (ចង់បានកូន ១ ឬ ២ ប្រុសឬស្រី ក៏ថាទៅតាមត្រូវការ ហើយមានពាក្យប្ដេជ្ញាទុកនឹងព្រះពុទ្ធរូបនោះថា) បើបានកូនពិតតាមដែលសុំហើយនឹងថ្វាយ …….. ” គឺនឹងថ្វាយរបស់នេះរបស់នោះ តាមដែលខ្លួនអាចនឹងថ្វាយបាន របស់ដែលនឹងថ្វាយបូជាគុណបុណ្យបារមីក្នុងលើកបារមីក្នុងលើកក្រោយនេះ ក៏មិនមានបទកំណត់ចំពោះវត្ថុនេះវត្ថុនោះដែរ ស្រេចហើយតែនឹងអាច គេបន់ថ្វាយទង់ក៏មាន ថ្វាយពិតានក៏មាន ថ្វាយអង្ស័ក​ព្រែក៏មាន ប្រគំភ្លេងថ្វាយក៏មាន បន់ជួសជុលវិហារដោយឯកទេស ឬទាំងមូលក៏មាន បន់បិទមាសអង្គព្រះពុទ្ធរូបនោះក៏មាន។ បើជារូបយាយទេពនិងអ្នកតា គេច្រើនបន់ប្រគំថ្វាយ នឹងថ្វាយមាន់ស្ងោរ ទាស្ងោរ ក្បាលជ្រូកស្ងោរជាដើម។ កាលបានកូនសមដូចដែលសុំហើយ គេក៏ចាត់ចែងភស្តុភារ​តាមដែលបានប្ដេជ្ញាទុកប្រុង ឬច្រើនជាងនោះនាំយកទៅថ្វាយ បើមិនមានកូនទេ ក៏វាហីទៅ មិនបាច់ធ្វើការលាបំណន់។

នៅមានមួយ​បែបទៀត គេធ្វើជាកថាកូនសង្កត់ ខ្សែចង្កេះឯណានីមួយយកមកក្រវាត់ ក៏ថាអាចនឹងបណ្ដាលឱ្យមានកូនដែរ។ ឯលក្ខណៈកថា កូនសង្កត់ និងខ្សែចង្កេះ នឹងមានអធិប្បាយខាងមុខ ក្នុងបទដែលនិយាយពីវិធីរក្សាគភ៌។

ប៉ុណ្ណេះសន្មតថាចប់ពិធីបន់សុំកូនហើយ។

 អំពីនេះនឹងបានអធិប្បាយសេចក្ដីខខ្លះ ដែលមិនទាន់ត្រចះ ឱ្យត្រចះឡើង ដើម្បីប្រយោជន៍ដល់អ្នកត្រូវការដឹង នឹងបានដឹងតទៅ។

ការដែលបន់ ៗ ដូច្នេះ សូមឱ្យជ្រាបថាជាលទ្ធិនៃសៃយសាស្ត្រដោយត្រង់ ព្រោះក្នុងលទ្ធិនោះគេកាន់ការបន់ ការបួងសួង ការបូជាយញ្ញ ដើម្បីឱ្យព្រះជាម្ចាស់ ឬអ្នកនេះអ្នកនោះប្រសិទ្ធពរឱ្យតាមដែលត្រូវការ។ គតិនៃពុទ្ធសាសនាសុទ្ធមិនមានការបន់ស្រន់បួងសួងដូច្នេះ ខ្មែរយើងសម័យនេះដែលរាប់ថាជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ ៗ ទៅធ្វើការបន់ស្រន់ទៅលើព្រះពុទ្ធរូបក្ដី ទេវរូបក្ដី ឬរូបអ្វីៗក្ដី ក៏ដោយជាប់គតិមកអំពីសាសនាព្រាហ្មណ៍នោះឯង ព្រោះក្នុងសម័យនោះខ្មែរយើងកាន់សាសនាព្រាហ្មណ៍យ៉ាងពេញទី។

ការបន់សុំកូនដូច្នេះ តាមដែលបានសង្កេតមើលឃើញថា មិនមែនសុទ្ធតែបានទាំងអស់គ្នាទេ អ្នកខ្លះក៏បានមែន អ្នកខ្លះក៏មិនបាន។ ដែលបាននោះ បានដោយការបន់ ឬបានដោយហេតុដទៃ គួរប្រាជ្ញនឹងគប្បីពិចារណាមើលដែរ។ មានរឿងដែលគួរនាំមកប្រកបរឿងដែលពោលមកហើយខាងដើម ២ រឿង។

រឿងទី១ ថា ព្រះពោធិរាជកុមារ គ្មាន ព្រះរាជបុត្រ ទ្រង់ប្រាថ្នាចង់បានព្រះរាជបុត្រ។ ថ្ងៃមួយនោះ ទ្រង់តាក់តែងភត្តាហារនឹងថ្វាយព្រះពុទ្ធអង្គ នៅក្នុងព្រះរាជនិវេស មុនដែលព្រះសាស្ដានឹងស្ដេចយាងទៅដល់ ត្រាស់ឱ្យយកសំពត់សមកក្រាលតាំងអំពីកន្លែងពុទ្ធាសនៈ រហូតដល់មាត់ជណ្ដើរខាងក្រោម ហើយទ្រង់ផ្សងថា បើទ្រង់មានព្រះរាជបុត្រ សូមឱ្យព្រះពុទ្ធអង្គស្ដេចយាងជាន់លើសំពត់កម្រាលនេះ បើមុខជាគ្មានព្រះរាជបុត្រ សូមកុំឱ្យព្រះអង្គទ្រង់ជាន់ឡើយ ដល់ព្រះអង្គយាងមក មិនទ្រង់ជាន់ ទ្រង់យាងចៀស។ ព្រះពោធិរាជកុមារក៏ទ្រង់ជ្រាបថា ព្រះអង្គមុខជាមិនមានព្រះរាជបុត្រ ហើយក៏គ្មានមែនរហូតដល់អស់ព្រះជន្ម។

រឿងទី២ ថា នាងមល្លិកា ជាជាយារបស់ពន្ធុលសេនាបតីបាននៅជាមួយគ្នាមកអស់កាលដ៏យូរហើយ មិនមានបុត្រធីតា ពន្ធុលទើបប្រាប់នាងទេវីថា ចូរនាងត្រឡប់ទៅនៅនឹងមាតាបិតារបស់នាងវិញចុះ ព្រោះនាងគ្មានបុត្រនឹងតវង្ស។ នាងមល្លិកាគិតថា ថ្ងៃនេះហើយនឹងដាច់អំពីប្ដី ដូច្នេះគួរអញទៅថ្វាយបង្គំលាព្រះសាស្ដាសិនហើយសឹមទៅ។ គ្រានោះនាងលាស្វាមីហើយក៏ទៅថ្វាយបង្គំលាព្រះសាស្ដា ៗ ត្រាស់សួរថានាងមានកិច្ចទៅណាមកណា នាងក៏ក្រាបទូលតាមរឿង។ ព្រះសាស្ដាត្រាស់ថា ចូរនាងត្រឡប់ទៅនៅនឹងស្វាមីវិញទៅ។ នាងក៏ធ្វើតាមព្រះពុទ្ធតម្រាស់នោះ។ ពន្ធុលឃើញនាងត្រឡប់មកវិញក៏សួរ នាងក៏រាយរឿងប្រាប់តាមព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់មក។ ពន្ធុលកាលបានស្ដាប់ពាក្យនាងហើយក៏ពិចារណាថា ធម្មតាព្រះពុទ្ធជាអ្នកឃើញវែង ដូច្នេះគួរអញឱ្យនាងនៅវិញចុះ។ លុះនៅជាមួយគ្នាមកក៏មានបុត្រជាច្រើននាក់។

រឿងទាំងពីរនេះមានមកក្នុងគម្ពីរធម្មបទដ្ឋកថា ជារឿងដែលសរសេចក្ដីថា ព្រះពុទ្ធមិនមែនជាអ្នកទទួលបំណន់ក្នុងរឿងឱ្យមានកូនឬគ្មានកូន បទដែលត្រូវគ្មានកូន វាក៏គ្មានឯងដូចព្រះពោធិរាជកុមារ។ បទដែលត្រូវមានកូនក៏មានមកឯង ដូចនាងមល្លិកា។ តែសង្កេតមើលរឿងខ្លះ ក្នុងពួកគម្ពីរជាតកឃើញថា ការបន់សុំកូន អាចនឹងបានតាមសុំខ្លះ តែអ្នកសុំត្រូវប្រកបដោយគុណធម៌យ៉ាងខ្ពស់ ហើយមានចិត្តប្រកបដោយចតុព្រហ្មវិហារ  ប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើន ប្រាថ្នាធ្វើប្រយោជន៍ដល់ប្រជុំជនជាច្រើន ខនេះអាចនឹងមានបានខ្លះ ដូចមានរឿងក្នុងជាតកកថា ព្រះមហាក្សត្រអំពីបុរាណអង្គខ្លះ គ្មានព្រះរាជបុត្រនឹងតំណសន្តតិវង្ស ពួកនាំគ្នាឡើងក្រាបទូលឱ្យទ្រង់គិតធ្វើឧបាយម្ដេច ដ៏ជាហេតុឱ្យមានព្រះរាជបុត្រ។ ព្រះមហាក្សត្រអង្គនោះ ត្រាស់ឱ្យធ្វើពលីកម្មបួងសួងដល់ទេវតាសុំឱ្យទេពច្យុតិមកកើត នឹងបានគ្រប់គ្រងផែនដី រក្សាអាណាប្រជារាស្ត្រឱ្យនៅជាសុខតទៅ ឯអង្គព្រះមហាក្សត្រ​នោះនិងព្រះអគ្គមហេសី ឬព្រះស្នំ ក៏ទ្រង់សមាទានសីលបរិសុទ្ធស្អាតជានិច្ចទៅ។ ដោយហេតុនេះ រមែងបណ្ដាលក្ដៅដល់ព្រះឥន្ទ្រ ៗ ក៏អញ្ជើញទេវតាឯណានីមួយឱ្យច្យុតមកកើត បានព្រះរាជបុត្រឡើងមែន។ បើអ្នកទ្រទ្រង់នូវគុណធម៌ ហើយធ្វើពិធីសុំតាមរបៀបដែលពោលមកនេះ គួរជឿថាអាចនឹងមានបានខ្លះ។

ឯទេវរូបមួយ​យ៉ាងជារូបស្រី ដែលខ្មែរយើងហៅថាទេព ឬយាយទែព នោះគឺជារូបនាងឧមា មហេសីរបស់ព្រះឥសូរ។ ន័យថា នាងមាននាមដល់ទៅ ១០០០ យ៉ាងដូចយ៉ាងនាមថា ភគវតី ភវានី គីរីជា បាព៌តី ទុរតា កាឡី ជាដើម នាមអម្បាលនេះជាគ្រឿងសម្ដែងគុណសម្បត្តិខ្លះ ជាគ្រឿងសរជាតិ សរត្រកូល ជាគ្រឿងសម្ដែងសេចក្ដីទារុណគឺសេចក្ដីកាចខ្លះ។ នាមឧមា ភគវតី ភវានី អម្បាលនេះសម្ដែងគុណសម្បត្តិ ព្រោះនាងជាអ្នកភ្លឺត្រចះត្រចង់ ជាអ្នកមានជោគជ័យ ជាដែនកើតនៃប្រជាជន គឺជាមាតារបស់សត្វលោក។ នាមគីរី បាព៌តី ពីរនេះសរជាតិ ព្រោះនាងកើតអំពីភ្នំ។ នាមហេមវតី នេះសរត្រកូល ព្រោះនាងជាធីតាព្រះហិមវ័ត គឺព្រៃហិមពាន្ត និងនាងមេនកា។ នាមទុរគា កាឡី ពីរនេះជាគ្រឿងសរសន្ដានខាងឯអាក្រក់ ខាងឯខ្មៅ កាឡករណី ព្រោះនាងមានឫទ្ធិ អាចធ្វើល្អក៏បាន ធ្វើឱ្យអាក្រក់ក៏បាន ធ្វើឱ្យចម្រើនក៏បាន ធ្វើឱ្យវិនាសក៏បាន។ កាលជាប្រក្រតី ឬកាលណាត្រូវការធ្វើអ្វីជាប៉ែកខាងល្អ រូបនាងក៏ប្រាកដឃើញល្អ កាលណាត្រូវការធ្វើអ្វីជាប៉ែកខាងអាក្រក់ រូបនាងក៏ប្រាកដឃើញអាក្រក់មុខក្រញិកក្រញូវដូចជាយក្ស ហេតុនោះពួកកាន់សាសនាព្រាហ្មណ៍គេទើបសាងរូបនាងជាពីរបែបល្អ ១ យ៉ាង បែបអាក្រក់ ១ យ៉ាង។ រូបល្អនោះគេតែងធ្វើពលិកម្មបួងសួង បន់ស្រន់សុំក្នុងរឿងដែលល្អបាន ន័យថា នាងសព្វព្រះហឫទ័យសោយតែឈាមមនុស្សឬឈាមសត្វ បើអ្នកណាចង់បានពរអំពីនាង គប្បីបំពេញតបៈឱ្យមាំមួន ហើយយកមនុស្សឬសត្វរស់ទៅអារកសម្លាប់យកឈាមថ្វាយ នឹងប្រទានពរជាឆាប់។ រូបអាក្រក់នោះគេកាន់ថា មិនត្រូវបន់សុំអ្វីខាងល្អ ព្រោះក្នុងវេលាដែលនាងមានរូបអាក្រក់ដូច្នេះ ជាពេលដែលនាងត្រូវតែបំផ្លិចបំផ្លាញឱ្យហិនហោចទៅ ប្រៀបដូចមនុស្សយើងកំពុងតែខឹងខ្លាំង កំពុងមុខអាក្រក់ បើជាមានអ្នកណាមកសុំអ្វីក៏មិនបានសម្រេចតាមសុំ មានតែឱ្យទោសមកវិញ បើបន់សុំឱ្យជួយបំផ្លិចបំផ្លាញបាន។

ដែលពួកខ្មែរយើងហៅថាយាយទេព ជាឈ្មោះដែលកើតឡើងក្នុងជាន់ក្រោយ ដែលអស់អ្នកចេះដឹងរឿងនោះហើយមិនដឹងជាឈ្មោះអ្វី មានរឿងរ៉ាវមកដូចម្ដេច ក៏នាំគ្នាហៅយាយទេពទៅ តាមលក្ខណៈនៃរូបនោះជាស្រី។

ព្រះមហាពិទូរក្រសេម រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments