ល្បែងចោះប្រមាត់

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

ក្នុងប្រទេសកម្ពុជា អ្នកភូមិកំពង់ភ្លុក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាភូមិនៅមាត់ទន្លេសាប គេតែងលេងល្បែងម្យ៉ាង ហៅ “ល្បែងចោះប្រមាត់” ប្លែកពីស្រុក – ភូមិឯទៀត។

ល្បែងនេះ គេលេងក្នុងរដូវវស្សា ពីថ្ងៃទី ១ រោច ខែភទ្របទ ទៅទល់នឹងថ្ងៃ ១៥ កើត ខែកត្តិក រៀងរាល់ឆ្នាំ។

របៀបលេង ៖ មានទូកពីរ មួយសម្រាប់ដេញ សុទ្ធតែប្រុស មួយ​សម្រាប់រត់ សុទ្ធតែស្រី ទំហំនិងចំណុះទូកប្រហែលគ្នា ហើយចំណុះមានកម្រិតត្រឹម ៤ នាក់ ទៅ ១០ នាក់យ៉ាងច្រើន។ បើមានអ្នកលេងច្រើន គេផ្គូ​ទូកជាគូៗ គឺទូកប្រុស ១ ស្រី ១ ជាមួយគូ។

ល្បែងនេះគេលេងក្នុងទីដែលមានទឹករាក់ៗ ជម្រៅត្រឹមកឬលិចក្បាល។ ពេលផ្ដើមលេង អ្នកលេងទាំងពីរពួក គេចុះទូកពេញៗ​ចំណុះតែរៀងខ្លួន ហើយទូកខាងប្រុសធ្វើជាអុំលេងៗ ទៅរកទូកខាងស្រីដែលជាគូនឹងទូកខ្លួន លុះខាងប្រុសអុំលេងៗទៅជិតទូកខាងស្រី ប្រុសៗស្រែកសួរថា “ចោះប្រមាត់” ស្រីៗ។ ចួនកាលឆ្លើយថា “ចោះក៏ចោះ” ចួនកាលឆ្លើយថា “ទេ” ចួនកាលឥតឆ្លើយតប។ ខាងប្រុសបានឮពាក្យថា ព្រមក្ដី មិនព្រមក្ដី ឬស្ងៀមក្ដី ក៏ស្រែកព្រមគ្នាថា “ដេញៗ”។ ឮតែថាដេញប៉ុណ្ណោះ ខាងស្រីក៏អុំទូករត់ ខាងប្រុសក៏ខំអុំតាម។ ការដេញតាមនោះ ចួនកាលក៏ទាន់ ចួនកាលក៏ទេ ស្រេចលើកម្លាំងរៀងខ្លួន បើខាងប្រុសដេញទាន់ ក៏លោតទៅតោងទាញទូកខាងស្រីឱ្យលិចហែលព្រាតព្រោង។ ពេលនោះ ខាងស្រីគេលែងប្រកាន់ខ្លួនគេក្រមុំហើយ គេចេះតែប្រឡែងប្រឡូកគ្នាក្នុងទឹក ប្រុសៗដេញញៀចស្រីៗ ត្រាតែអស់ចិត្តអស់ថ្លើម ហត់រៀងខ្លួន ទើបគេនាំគ្នាស្ដារទូកឡើង ហើយគេនាំគ្នាអុំលេងតទៅទៀតសារជាថ្មី។ កាលដេញទាន់គេពន្លិច គេ​​ញៀចគ្នាជាថ្មីទៀត។ បើលេងពេលព្រឹកត្រាតែដល់ពេលបាយ បើលេងពេលយប់ត្រាតែពាក់កណ្ដាលអធ្រាត្រ ទើបខាងប្រុស គេបើកឱ្យខាងស្រីទៅផ្ទះរៀងខ្លួន។

ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក ដូចមានឈ្មោះខាងលើ គេលេងដោយស្មោះត្រង់ ឥតមានប្រកាន់ថាខុសត្រូវអ្វីឡើយ គិតតែពីនាំគ្នារីករាយ សប្បាយជាកម្សាន្តម្យ៉ាងប៉ុណ្ណោះ។

ល្បែងនេះរាប់ចូលក្នុងកីឡាហាត់ប្រាណ ឱ្យរាងកាយឡើងសាច់ដុំ មានសុខភាពបរិបូណ៌។

តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

ទំនៀមទម្លាប់        នៃខេមរជាតិ

ខ្មែរគួរខ្មីឃ្មាត        សិក្សាពេញទី។

ព្រោះខេមរជាតិ     ជាជាតិសោភី

     ក្នុងទ្វីបអាស៊ី         តាំងពីព្រេងនាយ។

ច. ព.

ប្រភព  ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments