កម្លាំង​នៃ​សាមគ្គី

សារវន្តកថា

និទានសុភាសិតរឿងតច្ឆកសូករៈ

សាមគ្គី គឺសេចក្ដីព្រមព្រៀងនៃជនអ្នកនៅរួបរួមគ្នាជាពួកជាសង្គម ដោយជឿស្ដាប់បង្គាប់បញ្ជានិងឱវាទរបស់អ្នកដែលជាប្រធាន ស្រុះចិត្តគ្នាដើរតាមក្រោយដោយសេចក្ដីគោរព ជាកម្លាំងអាចប្រកាសនូវភាវៈរឹងប៉ឹងមាំមួននៃពួកសង្គម ឱ្យជាទីកោតខ្លាចដល់ពួកសត្រូវនានា អាចការពារភយន្តរាយដ៏កំណាច និងបង្ក្រាបឱ្យបាក់បបដោយរៀបរយ ញ៉ាំងសេចក្ដីសុខក្សេមក្សាន្ត រុងរឿងឱ្យកើតមានឡើង ដូចរឿងតច្ឆកសូករៈ ដែលនឹងនាំមកពណ៌នាទុកជានិទស្សនៈតទៅនេះ ៖

ក្នុងអតីតកាល មានជាងឈើម្នាក់ តាំងគ្រឹហាឋាននៅស្រុកមួយ ក្បែរទ្វារក្រុងពារាណសី។ ថ្ងៃមួយជាងឈើនោះចូលទៅកាន់ព្រៃដើម្បីរកឈើមកធ្វើការរបស់ខ្លួន បានឃើញកូនជ្រូកមួយតូចធ្លាក់ទៅក្នុងអណ្ដូង ក៏ចាប់យកមកចិញ្ចឹមទុក ឱ្យឈ្មោះតច្ឆកសូករៈ។ តច្ឆកសូករៈនោះបានធ្វើការជួយកម្លាំងជាងឈើជាច្រើន គឺជួយប្រមៀលឈើដោយច្រមុះ ពាំកាំបិត ពន្លាក ពូថៅ ញញួរទៅឱ្យ លុះជ្រូកនោះធំឡើងក៏មានកម្លាំងច្រើន មានខ្លួនធាត់ធំ។ ជាងឈើបានតាំងមេត្តាចិត្តអាណិតស្រឡាញ់ទុកស្មើកូនរបស់ខ្លួន ខាងក្រោយមកគិតថា បើទុកជ្រូកនេះឱ្យនៅក្នុងទីនេះតទៅ មុខជាមានអ្នកណាមកបៀតបៀន ទើបនាំទៅលែងក្នុងព្រៃ។ តច្ឆកសូករៈគិតថា អាត្មាអញមិនអាចនៅក្នុងព្រៃតែម្នាក់ឯងបានទេ ត្រូវតែស្វែងរកញាតិមិត្រមករួបរួមគ្នា តាំងជាហ្លាក់ឋាននៅទើបបាន គិតហើយក៏ត្រាច់ដើរស្វែងរកទៅតាមព្រៃញៀតស្បាត កាលបានប្រទះហ្វូងជ្រូកជាច្រើនក៏មានសេចក្ដីត្រេកអរ ទើបពោលថា យើងត្រាច់ដើរស្វែងរកពួកញាតិឯណាតាមព្រៃភ្នំក្រំថ្មទាំងឡាយ ឥឡូវនេះយើងបានចួបប្រទះពួកញាតិទាំងនោះហើយ មើមឈើ ផ្លែឈើក៏មានច្រើន ព្រៃភ្នំនិងទឹកស្ទឹងក៏គួរជាទីរីករាយអាចនឹងបានសម្រាន្តជាប្រាកដ យើងនឹងនៅជាមួយញាតិទាំងឡាយក្នុងទីនេះ ហើយនឹងមិនខ្វល់ខ្វាយ មិនរង្កៀស មិនសោយសោក មិនគិតខ្លាចអ្វីតទៅ។

ជ្រូកទាំងឡាយ បានឮពាក្យតច្ឆកៈហើយ ទើបពោលថា ម្នាលតច្ឆកៈ អ្នកចូរទៅរកទីជ្រកពួនដទៃវិញទៅ ព្រោះទីនេះសត្រូវរបស់ពួកយើងមានវាធ្លាប់មកសម្លាប់កូនជ្រូកក្នុងទីនេះស៊ីជានិច្ច។

តច្ឆកសូករៈសួរថា នរណាហ្ន៎ជាសត្រូវពួកយើងក្នុងទីនេះ ? នរណាមកញាំញីកម្ចាត់ពួកញាតិអ្នកព្រមព្រៀងគ្នា  ដែលគេកម្ចាត់បានដោយក្រ ?  អ្នកចូរប្រាប់សេចក្ដីដែលយើងសួរនេះមកចុះ។

ជ្រូកទាំងឡាយឆ្លើយថា ម្នាលតច្ឆកៈ មានស្ដេចខ្លាមួយក្រឡាពាក់បង្កង់ ជាសត្វមានកម្លាំង មានចង្កូមជាអាវុធ វាធ្លាប់មកសម្លាប់ជ្រូកក្នុងទីនេះស៊ីជានិច្ច។

តច្ឆកសូរករៈពោលថា ទោះបីពួកយើងមិនមានចង្កូមពូកែមាំមួន ក៏គង់មានកម្លាំងកាយបរិបូណ៌ដែរ បើប្រសិនជាស្រុះចិត្តគ្នា​ទាំងអស់ហើយ ក៏អាចនឹងចាប់សត្វមានចង្កូមមានកម្លាំងមួយឱ្យនៅក្នុងអំណាចបាន។

ជ្រូកទាំងឡាយពោលថា ម្នាលតច្ឆកៈ អ្នកពោលវាចាចាប់ចិត្តចាប់ថ្លើមសប្បាយត្រចៀក (អើពួកយើងសុខចិត្តតស៊ូ) ក្នុងពេលច្បាំង បើអ្នកណារត់គេច ពួកយើងនឹងនាំគ្នាសម្លាប់អ្នកនោះចោលក្នុងខាងក្រោយ។

តច្ឆកសូករៈទូន្មានជ្រូកទាំងឡាយ ឱ្យសាមគ្គីរួបរួមគ្នាជាចិត្តមួយ ហើយទើបសួរថា ខ្លាមកពេលណា ?។ ជ្រូកទាំងឡាយប្រាប់ថា ថ្ងៃនេះវាមកចាប់យកជ្រូកមួយតាំងពីព្រឹកទៅហើយ ព្រឹកស្អែកទើបវាមកទៀត។ តច្ឆកៈសូករៈជាសត្វឈ្លាសក្នុងការច្បាំង កំណត់ដឹងទីជយភូមិថា នៅទីនេះមិនអាចនឹងយកជ័យជម្នះបានទេ ព្រោះហេតុនោះ ទើបត្រាច់ដើរជ្រើសរើសរកភូមិប្រទេសបានមួយកន្លែង ឱ្យជ្រូកទាំងឡាយរកអាហារស៊ីឱ្យឆ្អែតក្នុងវេលារាត្រី ហើយនិយាយពន្យល់ថា ធម្មតាក្បួនចម្បាំងមាន ៣ គឺ ៖ សកដព្យុហៈ (ក្បួនទ័ពរទេះ) ១ ចក្រព្យុហៈ (ក្បួនទ័ពកង់) ១ និងបទុមព្យុហៈ (ក្បួនទ័ពស្រទាប់ផ្កាឈូក) ១ រួចហើយទើបតាំងក្បួនបទុមព្យុហៈ តាំងពីពេកព្រឹក គឺរៀបដាក់ហ្វូងជ្រូកទុកជាជាន់ៗ ដូចត្របកឈូក ឱ្យកូនជ្រូកដែលនៅបៅនៅត្រង់កណ្ដាល ឱ្យមេជ្រូកទាំងនោះនៅពទ្ធជុំវិញ ហើយចាត់ឱ្យជ្រូកញីដែលមានអាយុយ៉ាងកណ្ដាលៗ ពទ្ធហ៊ុមមួយជាន់ទៀត ត្រង់ចន្លោះៗជ្រូកញីទាំងនោះ ចាត់ឱ្យកូនជ្រូកដែលលែងឱ្យបៅដោះ និងជ្រូកស្ទាវៗមានចង្កូមតូចជ្រកនៅតាមចន្លោះៗទៀត ក្នុងចន្លោះជ្រូកចង្កូមតូចៗ មានជ្រូកចង្កូមធំៗនៅប្រចាំការពារ ក្នុងចន្លោះជ្រូកចង្កូមធំៗ មានជ្រូកចាស់ជ្រកនៅជារយៈៗទៀត ហើយដាក់ជ្រូកដែលមានកម្លាំងទុកក្នុងទីផ្សេងៗជាពួកៗ មួយពួក ១០ ខ្លះ ២០ ខ្លះ ៣០ ខ្លះ ហើយឱ្យនាំគ្នាជីករណ្ដៅសម្រាប់លាក់ខ្លួន មួយរណ្ដៅ ជីកជារបាំងមានសណ្ឋានដូចជាចង្អេរ មួយរណ្ដៅទៀត ក្នុងចន្លោះរណ្ដៅទាំងពីរនេះ ឱ្យធ្វើរូបស្រដៀងតាំងដែលខ្លួនជ្រកអាស្រ័យស្រេចហើយ ក៏នាំជ្រូកអ្នកច្បាំងដែលខ្លាំងពូកែទាំងឡាយត្រាច់ដើរដាស់ទឹកចិត្តជ្រូកទាំងឡាយដែលចាត់ទុកក្នុងទីផ្សេងៗ។ កាលតច្ឆកសូករៈចាត់ត្រៀមការច្បាំងយ៉ាងនេះ ក៏ល្មមពេលព្រះអាទិត្យបញ្ចេញរស្មីរះឡើងមក។

លំដាប់នោះ ព្យគ្ឃរាជក៏ចេញចាកអាស្រមនៃជដិលកោង មកឈរនៅនាចង្កេះភ្នំ ជ្រូកទាំងឡាយប្រាប់ដល់តច្ឆកៈថា លោកដ៏ចម្រើន គូវេរារបស់ពួកយើងមកដល់ហើយ។ តច្ឆកៈទើបប្រាប់ថា អ្នកទាំងឡាយកុំភ្លេចឡើយ បើខ្លាធំនោះធ្វើអាការយ៉ាងណា អ្នកទាំងឡាយគប្បីធ្វើយ៉ាងនោះ សម្ដែងឱ្យដឹងថាជាប្រតិបក្សរបស់វា។ ខណៈនោះ ខ្លាធំរលាស់កាយបន្ទន់ខ្លួនចុះបន្តិចហើយបន្ទោបស្សាវៈ។ ចំណែកពួកជ្រូកក៏ធ្វើត្រាប់ដូច្នោះ។ ខ្លាធំក្រឡេកឃើញជ្រូកទាំងឡាយ ហើយក៏បន្លឺសំឡេងគំរាម។ ចំណែកពួកជ្រូកក៏បន្លឺសំឡេងតាមខ្លាដែរ ខ្លាធំសម្លឹងឃើញកិរិយារបស់ពួកជ្រូកដូច្នោះ ទើបគិតថា “ជ្រូកទាំងនេះមិនដូចពីថ្ងៃមុនៗសោះ ថ្ងៃនេះគង់ជាសត្រូវចំពោះអញជាប្រាកដបានជាវានាំគ្នាឈរនៅជាពួក ឃើញថាមាននាយកមកជួយចាត់ការ ថ្ងៃនេះអាត្មាអញមិនគួរចូលទៅជិតជ្រូកទាំងនេះទេ” គិតហើយក៏ខ្លាចនូវសេចក្ដីមរណៈ ទើបត្រឡប់ទៅកាន់សម្នាក់នៃជដិលកោងវិញ។

លំដាប់នោះ ជដិលកោងឃើញខ្លាធំមកដៃទទេ ក៏ពោលថា ម្នាលព្យគ្ឃរាជអ្នកក្លាហាន ថ្ងៃនេះប្រហែលជាអ្នកលះវៀរបាណាតិបាត អ្នកឱ្យអភ័យដល់សត្វទាំងឡាយស្មោះហើយឬ ? ឬចង្កូមនិងក្រចករបស់អ្នកមិនមានទៅហើយ អ្នកចូលទៅដល់កណ្ដាលហ្វូងជ្រូកហើយ ម្ដេចក៏ត្រឡប់មកសញ្ជប់សញ្ជឹងសុបសៅគួរឱ្យអាសូរដូច្នេះ។

ខ្លាធំពោលតបថា មិនមែនចង្កូមនិងក្រចករបស់ខ្ញុំករុណាមិនមាននោះទេ ទាំងកម្លាំងកាយក៏មានបរិបូណ៌ព្រម ប៉ុន្តែខ្ញុំករុណាក្រឡេកឃើញពួកជ្រូកព្រមដោយញាតិប្រជុំនៅក្នុងទីជាមួយគ្នា ព្រោះហេតុនោះ បានជាខ្ញុំករុណាមកសញ្ជប់សញ្ជឹងសុបសៅតែម្នាក់ឯងនៅក្នុងព្រៃ តាមដែលធ្លាប់បានដឹងឃើញមកពីមុនៗ ជ្រូកទាំងនេះគ្រាន់តែក្រឡេកឃើញខ្ញុំករុណា ក៏ធ្លាក់ទឹកមុខនាំគ្នាបោលខ្ចាត់ខ្ចាយទៅក្នុងទិសតូច – ធំ រកទីជ្រកអាស្រ័យ ប្លែកអីថ្ងៃនេះវាព្រមព្រៀងមូលត្រកូលជាពួកឈរនៅក្នុងទីដែលខ្ញុំករុណាមិនងាយនឹងញាំញីវាបាន វាមាននាយកបង្គាប់ការព្រមព្រៀងគ្នាជាពួកក្រុម គង់នឹងបៀតបៀនខ្ញុំករុណាជាប្រាកដ បានជាខ្ញុំករុណាមិនប្រាថ្នាជ្រូកទាំងនោះ។

ជដិលកោងស្ដាប់ដូច្នោះ កាលនឹងធ្វើឱ្យខ្លាធំកើតឧស្សាហ៍ ទើបពោលថា ព្រះឥន្ទ្រតែមួយអង្គប៉ុណ្ណោះ អាចឈ្នះពួកអសុរដ៏ច្រើនបានអជ្ឈុប្បាតកសត្ត (សត្វរកស៊ីឆាប) ត្រឹមតែមួយប៉ុណ្ណោះក៏អាចញាំញីសម្លាប់សត្វស្លាបទាំងហ្វូងបាន ខ្លាធំតែមួយនៅកណ្ដាលហ្វូងម្រឹគក៏អាចសម្លាប់ម្រឹគដែល​ឆ្ងាញ់​ៗបាន ព្រោះកម្លាំងរបស់ខ្លាយ៉ាងហ្នឹងឯង។

ខ្លាធំពោលបញ្ជាក់ថា អ្នកដែលមានញាតិព្រមព្រៀងមូលត្រកូលគ្នា ព្រះឥន្ទ្រមិនអាចធ្វើឱ្យនៅក្នុងអំណាចបានឡើយ អជ្ឈុប្បាតកសត្ត ក៏ធ្វើឱ្យនៅក្នុងអំណាចពុំបាន ទោះបីខ្លាធំដែលជាអធិបតីនៃពួកម្រឹគ ក៏ធ្វើឱ្យនៅក្នុងអំណាចមិនបាន ខ្លាធំមិនអាចធ្វើសត្វដែលមានញាតិព្រមព្រៀងមូលត្រកូលគ្នាឱ្យនៅក្នុងអំណាចបានឡើយ។

ជដិលកោង កាលញុះញង់បញ្ចោរឱ្យខ្លាកើតឧស្សាហ៍ទៀត ទើបពោលថា បក្សីតូចទាំងឡាយមានឈ្មោះថាកុម្ភិល ជាបក្សីត្រាប់ហើរទៅជាហ្វូង រមែងរីករាយសប្បាយចិត្ត ហើរទៅព្ធដ៏អាកាស សញ្ចររកអាហារជាក្រុមៗ កាលហ្វូងបក្សីទាំងនោះនៅមូលគ្នាជាពួក បើមានបក្សីណាមួយម្នាក់ចេញទៅក្រៅហ្វូង ខណៈនោះអជ្ឈុប្បាតកសត្ត រមែងឆាបយកបក្សីនោះ យ៉ាងនេះជាផ្លូវឧបាយរបស់ខ្លាធំ។ កាលជដិលកោងពោលដូច្នោះហើយ ទើបញុះញង់បញ្ជោរជាឧបាយដាស់ចិត្តតទៅថា ម្នាលព្យគ្ឃរាជ អ្នកមិនទាន់ដឹងកម្លាំងកំហែងរបស់អ្នកឯងទេកុំក្រែងខ្លាចឡើយ ចូរគំរាមដោយសំឡេង  ហើយស្ទុះតម្រង់ទៅតែប៉ុណ្ណោះពួកជ្រូកក៏នឹងនៅរួមគ្នាមិនបាន នឹងត្រូវខ្ចាត់ខ្ចាយជាប្រាកដ។

ខ្លាធំជាសត្វមានចង្កូមនិងក្រចក ត្រូវជដិលលោភសម្លឹងចំពោះអាមិស ញុះញង់បញ្ជោរឱ្យកើតសេចក្ដីអង់អាច ក៏ស្ទុះសំដៅទៅក្នុងហ្វូងជ្រូកដែលមានចង្កូមដូចគ្នា ដោយគិតសម្គាល់ថានឹងធ្វើបានដូចពីមុនៗមក។

ជ្រូកទាំងឡាយបានឃើញទើបប្រាប់ដល់តច្ឆកៈថា លោកនាយ ! អាចោរចង្រៃវាមកទៀតហើយ។ តច្ឆកសូករៈ​លួងលោមថា “អ្នកទាំងឡាយកុំខ្លាចឡើយ” ថាហើយក៏ក្រោកឡើងឈរលើតាំងត្រង់ចន្លោះរណ្ដៅទាំងពីរនោះ ចំណែកខ្លាធំក៏សម្ដែងកម្លាំងបោលសម្ដីដាក់តច្ឆសូករៈៗក៏ត្រឡប់ក្រោយលោតចុះក្នុងរណ្ដៅខាងមុខ។ ខ្លាធំស្ទុះទៅដោយរហ័សភ្លែត តែមិនទាន់ ក៏ជ្រុលទៅធ្លាក់រណ្ដៅដែលមានសណ្ឋានដូចចង្អេរ ស្រុញខ្លួនមូលខ្លំដូចបាច់ស្មៅ។ តច្ឆកៈក៏ស្ទុះលោតផ្លោះឡើងអំពីរណ្ដៅដោយរហ័សបន្ទាន់ឱនចាក់ដោយចង្កូម ត្រង់ចន្លោះភ្លៅក្រោយ ខ្វេះកកាយទាញសញ្ជែកឱ្យរហែកធ្លុះធ្លាយរហូតដល់បេះដូង មាត់ខាំសាច់ខ្លាគ្រវែងចោលទៅលើមាត់រណ្ដៅ ហើយស្រែកប្រាប់ជ្រូកទាំងឡាយមកស៊ីសាច់ខ្លា។ ជ្រូកទាំងឡាយនាំគ្នាមកស៊ីហើយពោលថា លោកនាយ! លោកចាប់បានតែខ្លាធំមួយប៉ុណ្ណោះទេ នៅមានខ្លាកំណាចមួយទៀតដែលលោកមិនទាន់ចាប់បាន ខ្លាកំណាចនោះជានាយករបស់ហ្វូងខ្លា។ តច្ឆកសូករៈទើបសួរថា នាយកខ្លានោះគឺអ្នកណា ?។ ជ្រូកទាំងឡាយប្រាប់ថា គឺជដិលកោងម្នាក់ ធ្លាប់ស៊ីសាច់ដែលខ្លារកមកបានជានិច្ចកាល។

តច្ឆកសូករៈ ព្រមដោយជ្រូកទាំងឡាយ លើកគ្នាទៅកាន់អាស្រមនៃជដិលកោង ដោយប្រញាប់។

ចំណែកជដិលកោងនោះ ឃើញខ្លាបាត់យូរ ក៏ឈរទន្ទឹងមើលផ្លូវ ស្រាប់តែឃើញជ្រូកបោលព្រូមកច្រើន ក៏ធ្លាក់ចិត្តគិតថា ប្រហែលជាជ្រូកទាំងនេះសម្លាប់ខ្លាបាន ហើយតាមមកសម្លាប់អញទៀត ទើបស្ទុះម្នីម្នាឡើងទៅលើដើមល្វាមួយដើម។ តច្ឆកសូករៈក៏បង្គាប់ឱ្យជ្រូកស្ទាវៗ ឱ្យឈ្មុសកកាយត្រង់គល់ល្វា ឱ្យជ្រូកញីទាំងឡាយទៅពាំនាំទឹកមកស្រោច ឱ្យជ្រូកដែលមានខ្នាយធំទាំងឡាយ ខាំកកេរឫសជុំវិញដើម ដរាបនៅសល់តែឫសកែវមួយប៉ុណ្ណោះ។ តច្ឆកសូករៈ ស្រែកប្រាប់ឱ្យជ្រូកទាំងឡាយថយចេញទៅ ហើយខ្លួនឯងក៏លត់ជង្គង់ចុះយកខ្នាយគាស់គល់ឈើដោយកម្លាំងដ៏ពូកែ ឫសកែវក៏ដាច់ថ្មិល ដើមល្វាក៏រលំដួលចុះមក។ គ្រាន់តែជដិលកោងធ្លាក់ដល់ដីភ្លាម ហ្វូងជ្រូកក៏ជញ្ជែងគ្នាខាំកកេរស៊ីសាច់ជាអាហារ។

ខណៈនោះ ទេវតាដែលស្ថិតនៅក្នុងដងព្រៃ បានឃើញហេតុការណ៍ដ៏អស្ចារ្យដូចពណ៌នាមកនេះ ទើបពោលថា ការដែលមានញាតិជំរុំគ្នាគង់ញ៉ាំងប្រយោជន៍ឱ្យសម្រេច ទោះបីដើមឈើដែលដុះនៅក្នុងព្រៃក៏ដូចគ្នា ជ្រូកទាំងឡាយព្រមព្រៀងព្រួតដៃគ្នាសម្លាប់ខ្លាធំ ក្នុងច្រកផ្លួវតែមួយបាន។

ជ្រូកទាំងឡាយ លុះស្លាប់ខ្លាធំនិងជដិលកោងទាំងពីរបានហើយក៏មានសេចក្ដីសប្បាយរីករាយចិត្ត នាំគ្នាបន្លឺសំឡេងលាន់ឮគឺកកង លុះបានបង្ក្រាបសត្រូវស្ងប់រៀបរយហើយ ទើបប្រឹក្សាគ្នា អភិសេកតច្ឆកសូករៈ ឱ្យជានាយកនាំគ្នាត្រាច់ដើរស្វែងរកទឹកសម្រាប់ស្រោចប្រោះព្រំ ប្រទះឃើញសង្ខសម្រាប់ដាក់ទឹករបស់ជដិលកោងក្នុងបណ្ណសាលា ក៏យកទៅដាក់ទឹកឱ្យពេញ ធ្វើទក្ខិណាព័ត៌ អភិសេកស្រោចតច្ឆកសូករៈត្រង់គល់ឈើនោះឯង ហើយទើបស្រោចទឹកអភិសេកជ្រូកញីមួយឱ្យជាអគ្គមហេសីនៃស្ដេចតច្ឆកសូករៈ។

វិធីអភិសេក ទើបនិយមប្រើអង្គុយលើតាំងធ្វើពីឈើល្វា និងស្រោចទឹកដោយសង្ខទក្ខិណាព័ត៌ជាប្រពៃណីមកតាំងអំពីកាលនោះឯង។

ចប់រឿងតច្ឆកសូករៈ

គុណនៃសាមគ្គី

សាមគ្គីការព្រមកាយវាចាចិត្ត                  បើសណ្ឋិតមានក្នុងបក្សគណៈណា
បក្សក្រុមនោះនឹងរុងរឿងថាវរា               មានជីវ៉ារស់ក្នុងលោកបានអង្វែង។
បើពលរដ្ឋប្រាកដមានសាមគ្គី                 យ៉ាងពេញទីរដ្ឋនឹងមានជោគគួរស្ញែង
ជនបរទេសសឹងកោតខ្លាចគោរពឯង       មិនហ៊ានក្លែងគិតតតាំងជាសត្រូវ។
ច្នេះគួរយើងខេមរៈអ្នកស្នេហ៍ជាតិ             ជួយក្រុមញាតិជាតិផងយើងឱ្យដើរផ្លូវ
ត្រូវធម៌នេះឱ្យពាសពេញប្រទេសទៅ       ឱ្យមាននៅក្នុងសន្ដានគ្រប់ខ្មែរអើយ !

យូរ អ៊ុន

ព្រះមហា ម៉ៅ  – ខាន់ ក្រុមជំនុំព្រះត្រៃបិដក
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments