មនុស្ស​យើង​មិន​ផុត​ពី​ទុក្ខ

សារវន្តកថា

[១]  ជីវិតរបស់យើងទាំងឡាយដែលមិនសប្បាយរីករាយមិនស្រស់បស់នោះ ជាគ្រឿងចង្អុលបង្ហាញឱ្យដឹងថា “យើងរាល់គ្នារងទុក្ខ”។

ហេតុអ្វីបានជាយើងរងទុក្ខ ?

ហេតុតែជីវិតរបស់យើងគ្មានឥស្សរភាព។

ហេតុអ្វីបានជាជីវិតរបស់យើងគ្មានឥស្សរភាព។

ហេតុតែយើងជាប់ចំណង ១០ ប្រការ។ ចំណងទាំង ១០ នោះ ចងក្រៀកឱ្យយើងជាប់ណាស់ ប៉ុន្តែវាបន្លាយឱ្យវែងបណ្ដោយឱ្យយើងដើរត្រាច់ទៅបានតាមទំនើងចិត្ត តែក្នុងកម្រិតរង្វង់ខ្សែដែលអនុញ្ញាតឱ្យយើងដើរប៉ុណ្ណោះ យើងនឹងដើរឱ្យហួសចេញក្រៅកម្រិតខ្សែនោះទៅទៀតមិនបានទេ ប្រៀបដូចគោដែលគេចនឹងស្នឹងហើយចេះតែដើរក្រឡឹងជុំវិញស្នឹងដូច្នោះ។

ចំណងទាំង ១០ នោះ គេវេញបញ្ចូលគ្នាជាខ្សែ១ធ្លុង ចុងខ្សែម្ខាងចងក្រៀកខ្លួនយើងជាប់ ចុងខ្សែម្ខាងទៀតចងឆ្វាក់នឹងបង្គោលគ្រាក់មួយដ៏រឹងមាំមួនក្រៃលែង បើខ្សែនោះមិនទាន់សឹកដាច់ដរាបណា ជីវិតរបស់យើងក៏គ្មានឥស្សរភាពដរាបនោះជាដាច់ខាត ហេតុនេះហើយបានជាយើងមិនផុតពីទុក្ខ នេះជាពាក្យឆ្លើយតបនឹងប្រស្នាខាងដើម។

ឯចំណងទាំង ១០ ប្រការនោះ វាចេះធ្វើឧបាយកលច្រើនយ៉ាងណាស់ វាចងយើងមិនឱ្យដឹងខ្លួនសោះ វាចេះធ្វើមាយាប្រលោមលួងលោមយើងឱ្យស្លុងចិត្តទៅតាមវា វាចេះឆ្ពិនភ្នែកយើងឱ្យមើលឃើញខ្លួនវាថាជាខ្សែមាសសង្វារកងកន់ដាំសុទ្ធតែត្បូងពេជ្រ យើងកើតចិត្តប្រតិពទ្ធស្នេហានឹងវាភ្លេចស្មារតីស៊ូប្ដូរជីវិត លុះវាដឹងថាយើងភ្លេចខ្លួនហើយវាទង់ទាញយើងសន្សឹមៗ បន្តិចម្ដងៗ ឱ្យយើងធ្លាក់ខ្លួនទៅជាអ្នកទោសរបស់វាឱ្យយើងទៅជាទាសភាពរបស់វា ហេតុនេះហើយបានជាជីវិតយើងគ្មានឥស្សរភាព។

ចំណងទាំង ១០ ប្រការនោះ លោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាឱ្យឈ្មោះតាមភាសាបាលីថា សំយោជនៈ ប្រែថា “គ្រឿងចងមនុស្សសត្វ” មាន ១០ ប្រការគឺ ៖

ចំណងទី ១  សេចក្ដីសម្គាល់ខុសក្នុងរាងកាយទាំងមូលថា រូបរាងកាយនេះមានខ្លឹមសារ និងសម្គាល់ថាខ្លួនយើងមានអំណាចពេញលេញ អាចបង្គាប់បញ្ជាររូបរាងកាយខ្លួនឯងឱ្យបានដូចចិត្តប្រាថ្នារបស់ខ្លួន ហើយប្រកាន់យករាងកាយទាំងមូលនោះថាជារបស់ខ្លួនជាដើម តាមការណ៍​ពិត គំនិតដែលសម្គាល់ដូច្នោះខុសស្រឡះទាំងអស់។ ខ្សែនេះភាសាបាលីហៅថា សកាយទិដ្ឋិ  “សេចក្ដីយល់ឃើញថារាងកាយជារបស់ខ្លួនយើង”។

ចំណងទី ២  សេចក្ដីសង្ស័យថា ការរើខ្លួនឱ្យផុតពីការដេកលក់ គឺសេចក្ដីប្រមាទស្រវឹង សេចក្ដីល្អប្រពៃដែលអាចជប់ជីវិតឱ្យស្រស់ថ្លាបាន ការធ្វើដំណើរជីវិតត្រង់ទៅកាន់វិថីនៃសេចក្ដីបរិសុទ្ធមានពិតមែនឬ ឬក៏គ្មានទេ។ ខ្សែនេះជាភាសាបាលីហៅថា វិចិកិច្ឆា  “សេចក្ដីសង្ស័យ”។

ចំណងទី ៣  ការមិនយល់ច្បាស់លាស់ ចូលចិត្តមិនត្រង់មិនត្រូវក្នុងការទូន្មានហាត់ពត់កាយវាចាឱ្យល្អបរិសុទ្ធ និងមិនយល់ច្បាស់នូវសេចក្ដីរៀបរយដែលជាប់ទាក់ទងនឹងការហាត់ពត់កាយវាចា ត្រឡប់ជាវង្វែងយល់ខុសថា អំពើនោះ ៗ ជាអំពើឱ្យកើតឫទ្ធីខ្លាំងពូកែ ឱ្យមានសេចក្ដីសក្ដិសិទ្ធិ ឯខ្លួននឹងស្អាតបរិសុទ្ធបាន ក៏ព្រោះតែសេចក្ដីសក្តិសិទ្ធនោះឯងជាដើមចម។ ខ្សែនេះភាសាបាលីហៅថា សីលពត្តបរាមាសៈ  “ការបបោសអង្អែលក្នុងសីលនិងវត្ត”។

ចំណងទី ៤  តម្រេកក្នុងអារម្មណ៍ជាទីស្រឡាញ់ ដែលមានកម្ដៅយ៉ាងខ្លាំងក្លា ព្រះពុទ្ធជាម្ចាស់ទ្រង់ហៅថា រាគគ្គិ “ភ្លើងគឺរាគ”។ ខ្សែនេះភាសាបាលីហៅថា កាមរាគៈ  “តម្រេកក្នុងកាម”។

ចំណងទី ៥  សេចក្ដីថ្នាំងថ្នាក់នៃចិត្តក្នុងកាលមានសេចក្ដីក្រោធចូលមកគ្របសង្កត់។ ខ្សែនេះភាសាបាលីហៅថា បដិឃៈ “សេចក្ដីខ្ពើមថ្នាំងថ្នាក់នៃចិត្ត”។

ចំណងទី ៦  ចិត្ត​ដែលជាប់ចំពាក់ក្នុងរូបធម៌ឬរូបភពជ្រុលហួសទៅ ទាល់តែឃើញថារូបនោះជារបស់គួរត្រេកអរហើយក៏មានចិត្តជាប់ស្អិត។ ខ្សែនេះភាសាបាលីហៅថា រូបរាគ តម្រេកក្នុងរូប”។

ចំណងទី ៧  ចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ដែលមិនមានរូបប្រាកដ គ្រាន់តែមានឈ្មោះជាគ្រឿងដឹង ទាល់តែឃើញថាអាម្មរណ៍ទាំងនោះគួរត្រេកអរហើយជាប់ចិត្តស្អិតទៅ។ ខ្សែនេះភាសាបាលីហៅថា អរូបរាគៈ “តម្រេកក្នុងអរូប”។

ចំណងទី ៨  សេចក្ដីសម្គាល់ខ្លួនឯងថា ខ្លួនយើងជាមនុស្សម្នាក់ដែរ ហើយយកខ្លួនទៅប្រៀបនឹងអ្នកដទៃ ជាហេតុឱ្យលើកកម្ពស់ខ្លួនថាខ្ពស់ជាងគេឬថាស្មើនឹងគេ ឬក៏ដាក់ខ្លួនថាថោកទាបជាងគេ។ ខ្សែនេះភាសាបាលីហៅថា មានះ “សេចក្ដីប្រកាន់ខ្លួន”។

ចំណងទី ៩  សេចក្ដីអណ្ដែតអណ្ដូងនៃចិត្តទៅតាមអារម្មណ៍នោះៗ សេចក្ដីរាយមាយក្នុងអារម្មណ៍។ ខ្សែនេះភាសាបាលីហៅថា ឧទ្ធច្ចៈ “សេចក្ដីអណ្ដែតអណ្ដូង”។

ចំណងទី ១០  សេចក្ដីមិនដឹងខ្លួន មិនដឹងប្រាណ ការមិនដឹងទាន់ យល់មិនទាន់។ ខ្សែនេះតាមភាសាបាលីហៅថា អវិជ្ជា សេចក្ដីមិនដឹង”។

មនុស្សយើងជាបុថុជ្ជនអ្នកក្រាស់ដោយកិលេស អាចនឹងកាត់ខ្សែចំណងទាំង ១០ ប្រការដាច់ដែរឬទេ ?

អាចនឹងកាត់ដាច់បាន ប៉ុន្តែមិនមែនកាត់តែងម្ដងដាច់អស់ទាំង១០ ទេត្រូវតែមានព្យាយាមកាត់ ១ សរសៃឬ២សរសៃម្ដង ដរាបដល់ដាច់អស់ទាំង១០ ទើបយើងផុតពីទុក្ខ បើយើងកាត់ដាច់អស់៩សរសៃហើយ នៅសល់តែ១សរសៃប៉ុណ្ណោះ ក៏យើងមិនទាន់ផុតពីទុក្ខដែរ ហេតុនេះយើងត្រូវតែព្យាយាមកាត់ឱ្យដាច់អស់គ្រប់ទាំង១០សរសៃ កុំឱ្យនៅសល់១សរសៃឡើយ។

ព្រះបរមគ្រូនៃយើងទ្រង់ត្រាស់ប្រាប់ថា មនុស្សនឹងផុតចាកទុក្ខបាន ព្រោះសេចក្ដីព្យាយាម គឺព្រះអង្គទ្រង់បង្គាប់ឱ្យយើងមានព្យាយាមខំកាត់កិលេសទាំងអស់ មានសំយោជន៍ ១០ ប្រការនេះជាដើមទើបយើងនឹងផុតចាកទុក្ខ ក្លាយពីបុថុជ្ជនទៅជាព្រះអរិយៈបាន នេះជាពាក្យឆ្លើយតបនឹងប្រស្នាដែលតាំងទុកខាងដើម។

ចប់

[១]– អធិប្បាយអំពីធម៌ ១០ ជាគ្រឿងចងក្រៀកមនុស្ស (សំយោជន៍ ១០) តាមច្បាប់ពុទ្ធសាសនា លេខ ម.៤៣៥ ទំព័រ ៦០៦…។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments