វាចា​ឥត​ទោស​ ៥ យ៉ាង

សារវន្តកថា

ការដែលនិយាយមិនដឹងពេល មិនដឹងវេលាចេះតែនិយាយទៅ ៗ នាំឱ្យខូចប្រយោជន៍ច្រើនយ៉ាងណាស់ គួរគប្បីយើងគិតនិយាយឱ្យស្គាល់កាល ស្គាល់វេលាអធ្យាស្រ័យ ហើយឱ្យបានជាប្រយោជន៍ផង ទើបប្រសើរ ត្បិតព្រះជាគ្រូយើងព្រះអង្គទ្រង់សម្ដែងថា វាចាដែលបុគ្គលពោលទៅហើយឥតមានទោសនោះ មាន ៥ យ៉ាងគឺ ៖

១- កាលេនចភាសិតា ពោលសមគួរតាមកាលដែលគួរពោល គឺថាបើនឹងពោលប្រារព្ធទៅនឹងបុគ្គលណា ត្រូវសង្កេតមើល កាលវេលាអធ្យាស្រ័យបុគ្គលនោះ កាលគួរពោលសឹមពោល កាលមិនគួរពោលកុំពោល កាលគួរពោលនោះ គឺកាលដែលគេទំនេរឥតមានការអ្វី ហើយគេក៏ត្រេកអរទទួលចង់ស្ដាប់ពាក្យខ្លួនផង កាលដែលមិនគួរពោលនោះ គឺកាលដែលគេកំពុងតែរវល់ធ្វើការងារជាដើម ឬ គេកំពុងតែជាប់ពាក្យនិយាយនឹងអ្នកឯណាមួយ។

២- សម្មាចភាសិតា បើនឹងពោលកាលណា វាចាក៏ល្អពីរោះប្រពៃវាជាប្រកបដោយធម៌ វៀរបង់នូវ វចីទុច្ចរិតទាំង៤។

៣- សណ្ហាចភាសិតា បើនឹងពោលកាលណា វាចាល្អិតហ្មត់ចត់ គឺថាពាក្យត្រង់ណាដែលពោលទៅហើយ អ្នកស្ដាប់ ស្ដាប់មិនទាន់ចូលចិត្តសេចក្ដីច្បាស់លាស់នៅឡើយ នៅមានងឿងឆ្ងល់សន្ទិះសង្ស័យក៏ខំគិតរកឧបាយនាំឧទាហរណ៍ឯណាមួយដែលកន្លងទៅហើយក្ដី ដែលមាននៅក្នុងបច្ចុប្បន្ននេះក្ដី ទាញយកមកប្រៀបផ្ទឹម ឧបមាឧបមេយ្យពន្យល់ ឱ្យទាល់តែគេយល់ស្ដាប់បានដោយងាយ។

៤- អត្ថសញ្ហិតាភាសិតា បើនឹងពោលកាលណា ពោលតែពាក្យណា ដែលជាពាក្យមានប្រយោជន៍ ពាក្យជាច្បាប់ឱ្យបានជាតម្រាប់ល្អដល់ខ្លួនផង ដល់អ្នកស្ដាប់ផង។

៥- មេត្តចិត្តេនចភាសិតា បើនឹងពោលកាលណា ពោលប្រកបដោយមេត្តាចិត្ត គឺថាវាចាចេញទៅយ៉ាងណា ចិត្តខាងក្នុង ក៏យ៉ាងនោះដែរ គឺល្អព្រមទាំងខាងក្នុងខាងក្រៅ មិនមានចិត្តគិតទុច្ចរិត អាក្រក់ខាងក្នុង ហើយពោលបញ្ចើតែវាចាឱ្យល្អពីរោះតែខាងក្រៅឱ្យគេជឿតាម។

ព្រះមហាវិមលធម្ម នាម ថោង
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ

អាចារ្យ  អ៊ិត ហាក់
គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
អ្នកពណ៌នា

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments