នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
វេលានេះ នឹងសម្ដែងព្រះសទ្ធម្មទេសនាក្នុងវីរិយារម្ភកថា ដើម្បីប្រដាប់សតិបញ្ញា និងជាគ្រឿងជួយជ្រោមជ្រែងឱ្យកើតឧស្សាហៈក្នុងសម្មាបដិបត្តិ ដល់សាធុជនពុទ្ធបរិស័ទទួទៅតាមពុទ្ធានុសាសនីថា ៖
កោសជ្ជំ ភយតោ ទិស្វា វីរិយារម្ភញ្ច ខេមតោ
អារទ្ធវីរិយា ហោថ ឯសា ពុទ្ធានុសាសន
ប្រែថា « អ្នកទាំងឡាយ បើឃើញសេចក្ដីខ្ជិលថាភ័យហើយឃើញសេចក្ដីព្យាយាមដ៏ម៉ឺងម៉ាត់ថាជាសេចក្ដីក្សេមហើយ ចូរជាអ្នកមានសេចក្ដីព្យាយាមដ៏ម៉ឺងម៉ាត់ចុះ នេះជាពុទ្ធានុសាសនី »។
អធិប្បាយថា៖ ធម្មតាបុគ្គលគ្រប់រូបរមែងមានករណីយកិច្ចដែលត្រូវធ្វើ ទាំងជានាទីរបស់ខ្លួននឹងនាទីរបស់បុគ្គលដទៃ។ ឯនាទីរបស់ខ្លួននោះគឺការតាំងខ្លួនឱ្យបានជាអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងលោកនេះ ឯនាទីរបស់បុគ្គលដទៃនោះ គឺនាទីដែលខ្លួនត្រូវធ្វើដល់អ្នកដទៃតាមសមគួរដល់អាកាសដូចជាខ្លួននៅក្នុងឋានៈជាអ្នកតូច ក៏ត្រូវស្ដាប់បង្គាប់លោកអ្នកធំ ជួយធ្វើធុរៈរបស់លោកឱ្យសម្រេច ប្រព្រឹត្តខ្លួនឱ្យជាទីស្រឡាញ់គាប់ចិត្តលោកអ្នកធំ ៗ ក៏ត្រូវមានចិត្តមេត្តាករុណាដល់អ្នកតូច រហូតដល់ករណីយកិច្ចផ្សេង ៗ មានកិច្ចដែលទាក់ទងដល់ជាតិ សាសនា មហាក្សត្រដោយឋានៈជាពលរដ្ឋរបស់ជាតិនឹងរបស់សាសនាផង។ ករណីយកិច្ចទាំងអស់នេះ បើបុគ្គលធ្វើបានសម្រេចដោយរៀបរយ ក៏ជាគុណធ្វើខ្លួន ឱ្យមានតម្លៃថ្លៃថ្នូរ ទាំងបានឈ្មោះថាខ្លួនជាទីពឹងរបស់ខ្លួន។ ជនបែបនេះមិនគ្រាន់តែជាទីពឹងរបស់ខ្លួនប៉ុណ្ណោះទេ អាចជាទីពឹងអាស្រ័យរបស់ជនទួទៅទៀតបាន។ ទីពឹងទាំងពីរប្រការនេះ មនុស្សគ្រប់គ្នារមែងត្រូវការប្រាថ្នាដូចគ្នា ប៉ុន្តែមានបុគ្គលខ្លះមិនអាចសម្រេចលទ្ធផលតាមប្រាថ្នា។ រឿងនេះមិនមែនព្រោះអ្វី ព្រោះតែសេចក្ដីខ្ជិលដែលជាមេកិលេសមួយធំ នាំមិនបានសម្រេចដូចប្រាថ្នា។
សេចក្ដីខ្ជិលនេះ ជាកិលេសមួយដែលមានទោសជាអនេកប្បការហើយជាកំផែងពទ្ធរាំងមិនឱ្យសេចក្ដីចម្រើនចូលមកក្នុងសន្ដានបាន ធ្វើឱ្យចិត្តរួញរាក្នុងការងារគ្រប់ជំពូក ទោះបីធ្វើការងារណា ក៏ធ្វើសោះតែគេថា មិនធ្វើដោយតាំងចិត្តប៉ងនឹងឱ្យសម្រេច។ មនុស្សខ្ជិលច្រើនអាងហេតុថា ពេលនេះក្ដៅណាស់ រងាណាស់ ត្រជាក់ណាស់ ព្រឹកណាស់ ល្ងាចណាស់ ឃ្លានណាស់ ឆ្អែតណាស់ ដូច្នេះហើយមិនធ្វើការងារ។
ការសិក្សាសូត្ររៀនសិល្បវិជ្ជា បើខ្ជិលមិនព្យាយាមសូត្រទន្ទេញទេ សិល្បវិជ្ជាការនោះ ក៏ដល់នូវសេចក្ដីភ្លាំងភ្លេចសាបសូន្យអស់ទៅ បុគ្គលអ្នកគ្រប់គ្រងផ្ទះសម្បែង បើខ្ជិលមិនជួសជុលផ្ទះដែលគ្រាំគ្រាទេ ផ្ទះនោះក៏នឹងបាក់បែកខ្ចាត់ខ្ចាយអន្តរាយទៅ គ្រហស្តឬបព្វជិត បើខ្ជិលមិនឧស្សាហ៍ជម្រះដុសលាងរាងកាយឬគ្រឿងប្រើប្រាស់ទេ រាងកាយឬគ្រឿងប្រើប្រាស់នោះក៏នឹងមានពណ៌និងក្លិនសៅហ្មងមិនស្អាត បុគ្គលអ្នកមានទ្រព្យសម្បត្តិ បើខ្ជិលមិនប្រុងប្រយត្នរក្សាឱ្យល្អទេ ទុកដូចជាបើកឱកាសឱ្យចោរលួចយកទៅបាន។ សេចក្ដីនេះសមដូចពុទ្ធភាសិតថា ៖
អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ
ប្រែថា ៖ មន្តទាំងឡាយមានការមិនស្វាធ្យាយជាមន្ទិល ផ្ទះទាំងឡាយមានការមិនជួយជួសជុលជាមន្ទិល សេចក្ដីខ្ជិលច្រអូសជាមន្ទិលដល់ពណ៌សម្បុរ សេចក្ដីប្រមាទជាមន្ទិលរបស់អ្នករក្សា។
បុគ្គលដែលខ្ជិលមិនធ្វើការងារ រមែងមិនបានទទួលនូវទ្រព្យដែលជាហេតុឱ្យកើតសេចក្ដីសុខកាយ សុខចិត្ត។ មនុស្សខ្ជិលរមែងបានជួបប្រទះតែផ្លូវវិនាសអន្តរាយភោគទ្រព្យ មិនដែលបានទទួលសេចក្ដីសុខដែលកើតអំពីលោកិយទ្រព្យ មិនបាច់និយាយសេចក្ដីសុខ ដែលជាលោកុត្តរទ្រព្យនោះឡើយ។
ម្យ៉ាងទៀត មនុស្សខ្ជិល ក្រៅអំពីភ្លាត់ចាកប្រយោជន៍ ចាកសេចក្ដីសុខនោះហើយ នៅមានការប្រព្រឹត្តមិច្ឆាជីវៈ ប្រកបការងាររកស៊ីមិនត្រឹមត្រូវតាមគន្លងធម៌មានលួចប្លន់ជាដើម ដោយសម្គាល់ការងារជាសម្មាអាជីវៈ ថាជាការលំបាកហួសនិស្ស័យខ្លួន មនុស្សកម្ជិលនោះឈ្មោះថាធ្វើទុក្ខឱ្យមានដល់ខ្លួនឯង ក្នុងបច្ចុប្បន្ននិងអនាគត គឺក្នុងបច្ចុប្បន្នមានក្ដៅក្រហាយព្រោះត្រូវម្ចាស់គេប្រទូសរ៉ាយ ហើយនៅមានគេចាប់ចងដាក់ទោសទៀត ឬបើគេមិនចាប់មិនបានក៏គង់មានភ័យខ្លាចនឹករអា ដេកមិនលក់ បក់មិនល្ហើយ កាលបើលះលោកនេះទៅហើយ ទោសនោះក៏នៅជាប់តាមទៅឱ្យផលគេ។ សមដូចព្រះពុទ្ធដីកាដែលព្រះបរមគ្រូទ្រង់ត្រាស់ទុកក្នុងសព្វលហុសសូត្រថា « ម្នាលភិក្ខុទាំងឡាយ ! បុគ្គលប្រព្រឹត្តនូវការកាន់យកវត្ថុដែលគេមិនបានឱ្យ រមែងធ្លាប់ខ្លួនតែលួចដែលជាហេតុឱ្យធ្លាក់នរក ការកាន់យករបស់ដែលម្ចាស់គេមិនបានឱ្យ មានទោសយ៉ាងស្រាលបំផុត ត្រឹមធ្វើមនុស្សអ្នកប្រព្រឹត្តឱ្យវិនាសចាកភោគទ្រព្យ កិរិយារកស៊ីដូច្នេះជាអំពើរបស់មនុស្សខ្ជិល មនុស្សខ្ជិលមិនធ្វើការងារប្រព្រឹត្តតែចោរកម្មនោះ មិនអាចនឹងគ្រប់គ្រងផ្ទះបានទេ ភោគទ្រព្យដែលមិនទាន់កើត ក៏នឹងមិនកើតឡើង ភោគទ្រព្យដែលកើតឡើងហើយនឹងវិនាសសាបសូន្យទៅវិញ ទ្រព្យទាំងឡាយចេះតែកន្លងរំលងបុគ្គលនោះទៅ »។ បុគ្គលខ្ជិលជាមនុស្សឥតទ្រព្យឥតប្រាជ្ញា នៅក្នុងលោកនេះក៏តាំងខ្លួនមិនបាន ជាមនុស្សអស់ទីពឹងពាក់ពំនាក់អាស្រ័យ ឈមមុខទៅពឹងនរណាក៏ពឹងមិនបានដូចចិត្តប៉ង ក្លាយទៅជាមនុស្សក្រីក្រលំបាក អស់សេចក្ដីក្សេមក្សាន្តអំពីខ្លួន ជាមនុស្សលិចចុះក្នុងសេចក្ដីទុក្ខមិនមានថ្ងៃណាដែលនឹងបានផុសងើបមុខឡើយ ដូចកល់ដុំថ្មដែលធ្លាក់ចុះក្នុងស្ទឹងដ៏ជ្រៅ ទោះបីមានជីវិតរស់នៅក៏រកសេចក្ដីចម្រើនមិនមាន ព្រោះហេតុនេះហើយទើបលោកចាត់ថា ៖ កិរិយាខ្ជិលច្រអូសនេះជាភ័យមួយយ៉ាងធំក្រៃលែង។ ប្រទេសណាសម្បូរដោយប្រជាជនខ្ជិលច្រើន ប្រទេសនោះរមែងកប់ទៅលើភ័យតែម្យ៉ាងប៉ុណ្ណោះ។ កាលបើប្រជាជនឃើញសេចក្ដីខ្ជិលថាជាភ័យហើយ គួរព្យាយាមប្រឹងប្រែងប្រកបការងាររបស់ខ្លួន ដោយមិនរួញរាត្អួញត្អែរ ទោះបីមានឧបសគ្គគ្រោះថ្នាក់យ៉ាងណាមករារាំង ក៏មិនលះបង់កិច្ចការនោះឧស្សាហ៍ខ្វល់ខ្វាយតស៊ូទាល់តែមានជ័យជម្នះឈ្នះឧបសគ្គ ត្រាតែបានសម្រេចផលដែលខ្លួនប្រថ្នា។
សេចក្ដីព្យាយាមនោះមានលក្ខណៈ ៣ ប្រការគឺ ៖
១ – អនិក្ខិត្តធុរតា ការមិនដាក់ធុរៈចោល
២ – អនិព្វិន្ទតា ការមិននឿយណាយធុញទ្រាន់
៣ – អសង្គរតា ការធ្វើការងារតាមកាលវេលាមិនបណ្ដោះដៃ។
សេចក្ដីព្យាយាមនេះ បើបុគ្គលយកទៅប្រើក្នុងផ្លូវល្អដែលហៅថា សម្មាវាយាមៈ ( ព្យាយាមត្រូវ ) នោះរមែងអំណោយផលល្អ បើនាំយកទៅប្រើក្នុងផ្លូវមិនល្អដែលហៅថា មិច្ឆាវាយាមៈ ( ព្យាយាមខុស ) រមែងអំណោយផលអាក្រក់។ តែសេចក្ដីបំណងក្នុងពុទ្ធភាសិតនេះ ព្រះបរមគ្រូទ្រង់សំដៅយកព្យាយាមដែលត្រូវ ព្រោះសេចក្ដីព្យាយាមត្រូវអាចឱ្យសម្រេចប្រយោជន៍ខ្លួននឹងបុគ្គលដទៃទួទៅ ទាំងមិនមានការបៀតបៀននូវគ្នានឹងគ្នាផង។
រឿងនេះគប្បីឃើញតួយ៉ាងដូចព្រះបរមសាស្ដា កាលទ្រង់តាំងសេចក្ដីព្យាយាមស្វែងរកពោធិញាណ ចាប់តាំងពីទ្រង់បំពេញបារមីមកអស់រយៈវេលាជាច្រើនសែនកប្បទល់គ្នានឹងបច្ឆិមជាតិ មុនពេលដែលព្រះអង្គបានត្រាស់ដឹង ក៏បានស្ដេចទៅសិក្សាក្នុងសម្នាក់នៃគ្រូដទៃ និងទ្រង់បំពេញព្យាយាមយ៉ាងតឹងរ៉ឹង រហូតដល់បានត្រាស់នូវអនុត្តរសម្មាសម្ពោធិញ្ញាណសមតាមបំណង។ សេចក្ដីសម្រេចនេះ ឱ្យផលយ៉ាងធំក្រៃលែង គឺព្រះអង្គទ្រង់ឆ្លងផុតចាកសេចក្ដីទុក្ខបាន ហើយថែមទាំងស្ដេចចារិកទៅប្រៀនប្រដៅវេនេយ្យសត្វ ឱ្យបានផុតចាកទុក្ខផងទៀត រហូតដល់ទ្រង់ប្រតិស្ឋានព្រះធម៌វិន័យល្អប្រពៃ ទុកជាសាសនា ឱ្យពួកយើងប្រព្រឹត្តប្រតិបត្តិតាមដរាបដល់សព្វថ្ងៃនេះ នេះជាផលនៃសេចក្ដីព្យាយាមត្រូវ។ សូម្បីក្នុងកាលជាខាងក្រោយអំពីកាលដែលព្រះអង្គត្រាស់ដឹងមក ព្រះអង្គបានត្រាស់ដឹងនឹងភិក្ខុទាំងឡាយថា អប្បដវានី សទាហំ បទហាមិ ជាដើម ( ប្រែថា ) « ម្នាលភិក្ខុទាំងឡាយ ! តថាគតមិនជាអ្នកថយក្រោយ ផ្ដើមតាំងសេចក្ដីព្យាយាមថា សាច់និងឈាមក្នុងរាងកាយរបស់តថាគតនេះ ចង់រីងស្ងួតហួតហែងទៅ សល់នៅតែស្បែកនិងឆ្អឹងក៏ដោយ ផលឯណាដែលគប្បីសម្រេចដោយកម្លាំងនៃបុរស ដោយព្យាយាមរបស់បុរស ដោយសេចក្ដីនឿយហត់បែកញើសរបស់បុរស បើមិនទាន់បានសម្រេចផលនោះទេតថាគតនឹងមិនបញ្ឈប់សេចក្ដីព្យាយាមជាដាច់ខាត »។
ត្រង់ដែលថា « ឃើញសេចក្ដីព្យាយាមដ៏ម៉ឺងម៉ាត់ថាជាសេចក្ដីក្សេម » ក្នុងពុទ្ធភាសិតនេះ គឺឃើញថាសេចក្ដីព្យាយាមជាហេតុនៃផលគឺសេចក្ដីសម្រេចអំណោយផលល្អទាំងក្នុងគតិលោកនិងគតិធម៌។ ក្នុងគតិលោក មានព្រះពុទ្ធភាសិតដែលត្រាស់ដល់អាឡវកយក្ខក្នុងយក្ខសំយុត្តជាគ្រឿងអាងថា បដិរូបការី ធុរវា ឧដ្ឋាតា វិន្ទតេ ធនំ « អ្នកមានធុរៈធ្វើការដោយហ្មត់ចត់ រមែងរកទ្រព្យបាន »។ ក្នុងគតិធម៌ ដូចព្រះអង្គទ្រង់ត្រាស់ថា « ម្នាលភិក្ខុទាំងឡាយ ! អរិយសាវ័កក្នុងព្រះធម៌វិន័យនេះជាអ្នកមានសេចក្ដីព្យាយាមតឹងរ៉ឹង ដើម្បីលះអកុសលធម៌ ដើម្បីសេចក្ដីដល់ព្រមនៃកុសលធម៌ ជាអ្នកមានកម្លាំងកំហែង ទោះបីនឿយហត់ក៏មិនដាក់ធុរៈក្នុងកុសលធម៌។ លោករមែងពេញចិត្តនឹងសេចក្ដីព្យាយាម ប្រារព្ធសេចក្ដីព្យាយាម ផ្គងចិត្តផ្ដើមតាំងចិត្តទុក ដើម្បីមិនឱ្យកើតឡើងនៃអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ដើម្បីញ៉ាំងកុសលធម៌ដែលមិនទាន់កើតឱ្យកើតឡើង ដើម្បីតាំងនៅ ដើម្បីសេចក្ដីមិនសាបសូន្យ ដើម្បីកើតឡើងដោយក្រៃលែង ដើម្បីសេចក្ដីចម្រើន ដើម្បីសេចក្ដីបរិបូណ៌នៃកុសលធម៌ ដែលកើតឡើងហើយដូច្នេះជាដើម »។
កាលបើបុគ្គលពិចារណាឃើញសេចក្ដីខ្ជិលថាជាភ័យ ឃើញសេចក្ដីព្យាយាមដ៏មុះមុតថាជាដែនកើតនៃសេចក្ដីព្យាយាម ដូចឱសថដែលបំបាត់ពិសដូច្នេះហើយ ក៏គប្បីលះបង់សេចក្ដីខ្ជិលចោលចេញ ហើយប្រកបសេចក្ដីព្យាយាមក្នុងការងារដែលត្រឹមត្រូវឡើង ដូចមានពុទ្ធភាសិតថា ៖
អនត្ថំ បរិវិជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ
« បណ្ឌិតរមែងលះវៀរនូវរបស់ដែលគ្មានប្រយោជន៍ កាន់យកតែរបស់ដែលមានប្រយោជន៍ »។
ក្នុងគតិលោក សេចក្ដីព្យាយាមជាកម្លាំងយ៉ាងមាំក្នុងកិច្ចការតូចធំ។ បុគ្គលដែលនឹងតាំងខ្លួនបាន រហូតដល់មានកិត្តិយសខ្ពស់ក្ដី ប្រទេសជាតិនឹងរុងរឿងឈានទៅមុខក្ដី ក៏ព្រោះប្រជាជនជាពលរដ្ឋរបស់ប្រទេសនោះក្នុងម្នាក់ ៗ សុទ្ធតែជាអ្នកមានសេចក្ដីព្យាយាមខំប្រឹងប្រកបការងារតាមនាទីរបស់ខ្លួន ៗ មិនវង្វេងវង្វាន់ភាន់ទៅក្នុងផ្លូវអបាយមុខ ដែលជាប្រធាននៃសេចក្ដីវិនាស គឺមិនផឹកសុរានិងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ព្រោះជាហេតុឱ្យធ្វើសេចក្ដីអាក្រក់ឯទៀត ៗ មិនដើរកណ្ដាលយប់ព្រលប់ ព្រោះជាហេតុឱ្យខូចការងារនិងសេចក្ដីរង្កៀសសង្ស័យដល់មនុស្សទាំងឡាយ មិនលេងល្បែងភ្នាល់មានប្រការផ្សេង ៗ ព្រោះជាហេតុឱ្យខូចទ្រព្យសម្បត្តិ និងធ្វើនិស្ស័យឱ្យថោកទាបថយចុះ មិនគប់មនុស្សអាក្រក់ជាមិត្តព្រោះជាហេតុនាំឱ្យធ្វើសេចក្ដីអាក្រក់ មិនជាទីទំនុកចិត្តជឿរបស់មនុស្សទាំងឡាយ។ អ្នកដែលមានសេចក្ដីប្រាថ្នានូវសេចក្ដីចម្រើនដោយភោគទ្រព្យ គប្បីវៀរចាកហេតុនៃសេចក្ដីវិនាសទាំងនេះចេញ។
បើអ្នកណាពឹងផ្អែកទៅលើអ្នកដទៃនិងបច្ច័យខាងក្រៅ មានសង្ឃឹមជោគជាតារាសីជាដើម សេចក្ដីសង្ឃឹមបែបនេះ ជារបស់មិនគាប់គួរសោះ ព្រោះជាគ្រោះបង់ច្រើនជាងគ្រោះបាន។ ព្រោះហេតុនោះទើបគួរកម្ចាត់ឱ្យអស់ចេញ ហើយបែរមកនិយមត្រេកអរជឿមាំក្នុងកម្លាំងកាយនឹងសតិបញ្ញារបស់ខ្លួន ទើបនឹងបានសម្រេចផលសមតាមបំណងមិនខាន។
ចំណែកគតិធម៌ បុគ្គលដែលចម្រើនលូតលាស់ក្នុងធម៌ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ រហូតដល់រលាស់ខ្លួនចេញចាកទុក្ខបាន ក៏ព្រោះអាស្រ័យសេចក្ដីព្យាយាម ដូចមានពុទ្ធភាសិតថា ៖ វីរិយេន ទុក្ខមច្ចេតិ « បុគ្គលដែលនឹងកន្លងផុតសេចក្ដីទុក្ខទៅបាន ក៏ព្រោះសេចក្ដីព្យាយាម »។
សេចក្ដីព្យាយាមនោះចែកជា ៤ គឺ ៖
១ – ព្យាយាមប្រយត្នមិនឱ្យបាបកើតឡើងក្នុងសន្ដាន
២ – ព្យាយាមលះបាបដែលកើតឡើងហើយ
៣ – ព្យាយាមធ្វើកុសលឱ្យចម្រើនឡើងក្នុងសន្ដាន
៤ – ព្យាយាមរក្សាកុសលដែលកើតឡើងហើយមិនឱ្យសាបសូន្យ។
ប៉ុន្តែសេចក្ដីព្យាយាមទាំង ៤ នេះ បើបំព្រួញឱ្យខ្លីចុះមកមានត្រឹម ២ គឺព្យាយាមលះបាប ១ ព្យាយាមបំពេញកុសល ១ ទាំងពីរយ៉ាងនេះជាកិច្ចគួរធ្វើ។ ប៉ុន្តែមនុស្សពាលយល់ឃើញថាលំបាកធ្វើ ចំណែកបណ្ឌិតយល់ឃើញថាងាយធ្វើ ព្រោះចិត្តរបស់បណ្ឌិតតែងត្រេកអរក្នុងការប្រព្រឹត្តល្អជានិច្ច ដូចពុទ្ធភាសិតថា សុករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ សេចក្ដីល្អមនុស្សល្អធ្វើបានដោយងាយ សេចក្ដីល្អមនុស្សអាក្រក់ធ្វើបានដោយលំបាក »។
មនុស្សល្អ រមែងខ្វល់ខ្វាយក្នុងការលះបង់សេចក្ដីអាក្រក់ ប្រព្រឹត្តសេចក្ដីល្អ។ សេចក្ដីអាក្រក់និងសេចក្ដីល្អទាំងពីរនេះ ជារបស់ដែលបុគ្គលអាចនឹងលះនិងបំពេញឱ្យមានបាន។ ព្រះបរមគ្រូសាស្ដាចារ្យបានត្រាស់ទុកថា « នែភិក្ខុទាំងឡាយ ! អ្នកទាំងឡាយចូរលះអកុសលចេញចុះ ព្រោះបុគ្គលអាចនឹងលះអកុសលបាន បើសិនជាបុគ្គលមិនអាចនឹងលះអកុសលបានទេ តថាគតក៏មិនអាចនឹងប្រៀនប្រដៅឱ្យអ្នកទាំងឡាយលះអកុសលបានដែរ មួយទៀត អកុសលនេះ បើបុគ្គលលះបានហើយ ប្រព្រឹត្តទៅដើម្បីមិនមែនជាប្រយោជន៍ ប្រព្រឹត្តទៅដើម្បីសេចក្ដីទុក្ខវិញ តថាគតក៏មិនប្រៀនប្រដៅអ្នកទាំងឡាយឱ្យលះអកុសលដែរ តែអកុសលនេះបុគ្គលអាចនឹងលះបាន កាលបើលះបានហើយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍និងសេចក្ដីសុខ ទើបតថាគតប្រដៅអ្នកទាំងឡាយឱ្យលះអកុសល » ដូច្នេះ នេះជាបហានកិច្ច គឺកិច្ចដែលគួរលះ។ សូម្បីក្នុងភាវនាកិច្ច ៗ ដែលគួរចម្រើន ក៏អាចធ្វើបានដូចគ្នា។ កិច្ចទាំងពីរនេះបុគ្គលអ្នកមានព្យាយាម អាចធ្វើឱ្យសម្រេចបាន។ មនុស្សអ្នកមានព្យាយាមខំប្រឹងប្រែងធ្វើការ ដែលប្រាសចាកទោសបានទ្រព្យមកហើយ រមែងបានទទួលប្រយោជន៍អំពីភោគទ្រព្យ ៥ យ៉ាងគឺ ៖
១– ចិញ្ចឹមខ្លួននិងមាតាបិតា បុត្រ ភរិយា បាវព្រាវឱ្យជាសុខ
២– ចិញ្ចឹមមិត្តសម្លាញ់ឱ្យជាសុខ
៣– បំបាត់អន្តរាយដែលកើតអំពីហេតុផ្សេង ៗ
៤– ធ្វើពលី ៥ យ៉ាងគឺ៖
ក– សង្រ្គោះញាតិ
ខ– ទទួលភ្ញៀវ
គ– ធ្វើបុណ្យឧទ្ទិសឱ្យដល់អ្នកស្លាប់
ឃ– ថ្វាយពន្ធដារដល់រាជការផែនដីសូម្បីសង្រ្គោះដល់ប្រទេសជាតិ ឬលះទ្រព្យទំនុកបម្រុងប្រទេសជាតិដើម្បីសេចក្ដីចម្រើនស្ថាពរ ចាត់ជារដ្ឋពលីអនុលោមចូលក្នុងខនេះ។
ង– ធ្វើបុណ្យឧទ្ទិសផលផ្សាយដល់ទេវតា។
៥ – បរិច្ចាគទានដល់សមណព្រហ្មណ៍អ្នកប្រព្រឹត្តល្អ។
សាធុវោ បពិត្រសប្បុរសទាំងឡាយ ថ្ងៃនិងយប់ចេះតែកន្លងទៅ មិនមែនយប់និងថ្ងៃគ្រាន់តែកន្លងទៅប៉ុណ្ណោះទេ កាលវេលាដែលកន្លងទៅនេះ តែងស៊ីលេបនូវអាយុនិងសព្វវត្ថុទាំងឡាយឱ្យជរាទ្រុឌទ្រោមបែកធ្លាយទៅផង កាលបើយ៉ាងនេះ កិច្ចណាដែលធ្វើ ត្រូវប្រញាប់ប្រញាល់ធ្វើឱ្យហើយទៅ កុំរួញរាឬរង់ចាំពេលវេលាឡើយ ចូរប្រារព្ធសេចក្ដីព្យាយាមដែលនឹងនាំខ្លួនទៅកាន់សេចក្ដីសុខចម្រើន សមដូចពុទ្ធភាសិតថា អជ្ជេវ កិច្ចមាតប្បំ ដូច្នេះជាដើម (ប្រែថា « បុគ្គលគួរធ្វើសេចក្ដីព្យាយាមក្នុងថ្ងៃនេះឱ្យហើយ អ្នកណាហ្ន៎នឹងដឹងថា សេចក្ដីស្លាប់នឹងមានមកក្នុងថ្ងៃស្អែក សេចក្ដីជៀសវាងឱ្យផុតអំពីមច្ចុមារមិនមានឡើយ »។ បណ្ឌិតទាំងឡាយហៅបុគ្គលអ្នកមានសេចក្ដីព្យាយាមមិនខ្ជិល ទាំងកណ្ដាលថ្ងៃនិងកណ្ដាលយប់ថាជាអ្នកមានរាត្រីមួយ ៗ សុទ្ធតែចម្រើន។ កាលបើសាធុជនអ្នកមានប្រាជ្ញាញាណ ឃើញទោសនៃសេចក្ដីខ្ជិលច្រអូស និងឃើញអានិសង្សនៃសេចក្ដីព្យាយាម ដោយសភាពជាធម៌ដ៏ក្សេមប្រាសចាកភ័យដូច្នេះហើយ គួរតែបំបរបង់នូវសេចក្ដីខ្ជិលច្រអូសទ្រមក់ដែលប្រចាំនៅក្នុងសន្ដានឱ្យអន្តរធានទៅ ហើយប្រញាប់ប្រញាល់ប្រារព្ធសេចក្ដីព្យាយាមក្នុងការងារដែលប្រាសចាកទោស រហូតដល់បានឃើញនូវប្រយោជន៍ក្នុងលោកទាំងពីរ ទាំងបានឈ្មោះថា ធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ទាំងឡាយ សមដោយភាសិតបរិយាយ ដែលបានលើកឡើងតាំងទុកក្នុងខាងដើមថា៖ កោសជហជំ ភយតោ ទិស្វា ។ ល។ ឯសា ពុទ្ធានុសាសនី។ អាត្មាភាពសម្ដែងមកក្នុងវីរយារម្ភកថាក៏ចប់ដោយសង្ខេបតាមកាលវេលាតែប៉ុណ្ណេះ។ ឯវំ។
ព្រះគ្រូបាសាទរង្សីអនុគណ កែ – អឿន ( វីរិយប្បញ្ញោ )
វត្តព្រះព្រហ្មរតន៍ ខែត្រសៀមរាប
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤