សាមគ្គី​កថា

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូម​នមស្ការ ចំពោះ​ព្រះ​ភគវន្ត​មុនី​អរហំ​សម្មា​សម្ពុទ្ធ​ព្រះ​អង្គ​នោះ ( ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយ​សង្ឃ​ដោយ​សេចក្ដី​គោរព )។

វេលា​នេះ អាត្មា​ភាព​សូម​សម្ដែង​អំពី​ដើម​កំណើត​នៃ​សន្តិសុខ​ក្នុង​លោក ជា​សង្ខេប តាម​កាល​វេលា ដូច​មាន​សេចក្ដី​ត​ទៅ​នេះ ៖

សុខា សង្ឃស្ស សាមគ្គី សេចក្ដី​ព្រម​ព្រៀង​គ្នា​រវាង​ពួក​ក្រុម ជា​ហេតុ​នាំ​ឱ្យ​កើត​សន្តិសុខ​ក្នុង​លោក។

ព្រះ​ពុទ្ធ​ភាសិត​នេះ មាន​សេចក្ដី​ដែល​គួរ​លើក​មក​អធិប្បាយ ៣ បទ គឺ សាមគ្គី ១ បទ សង្ឃ ១ បទ និង​សុខៈ ១ បទ។

សាមគ្គី ប្រែ​ថា « សេចក្ដី​ព្រម​ព្រៀង​គ្នា ដំណើរ​ស្រុះ​ស្រួល​មូល​មិត្ត​នឹង​គ្នា រួប​រួម​គ្នា ចង​បាច់​គ្នា ពួត​ដៃ​គ្នា វេញ​គំនិត​ចូល​គ្នា មាន​ចិត្ត​ស្មើ​គ្នា មាន​អធ្យាស្រ័យ​ត្រូវ​គ្នា ទុក​ចិត្ត​គ្នា មិន​បែក​ចិត្ត​ពី​គ្នា មាន​ចិត្ត​ស្មោះ​ស្មគ្រ​រក​គ្នា មាន​ករណីយ​កិច្ច​ត្រូវ​គ្នា ចុះ​ចិត្ត​ស៊ប់​ដូច​គ្នា ចុះ​សម្រុង​គ្នា មាន​មេត្រី​ចិត្ត​រលាយ​ចូល​គ្នា​ដូច​ជា​ទឹក​និង​ទឹក ឥត​ទាស់​ទែង​ខ្វែង​គំនិត​គ្នា មិន​ប្រកួត​ប្រកាន់​គ្នា មិន​ចង​គំនុំ​គ្នា »។

សង្ឃ ប្រែ​ថា « ពួក ក្រុម ប្រជុំ ហ្វូង បន គណៈ កាយ សង្គម ឬបរិស័ទ »។ តែ​បើ​តាម​ព្រះ​វិន័យ​វិញ លោក​សំដៅ​យក​ភិក្ខុ​តាំង​ពី ៤ រូប​ឡើង​ទៅ ហៅ​ថា សង្ឃ។

សុខៈ ប្រែ​ថា « សេចក្ដី​សប្បាយ​រីក​រាយ ធម្មជាត​ទទេ​សោះ​តែ​ជា​របស់​គួរ​ប្រាថ្នា – គួរ​ស្រឡាញ់ ដំណើរ​ស្រួល ស្រណុក មិន​វឹក​វរ មិន​ជ្រួល​ច្របល់ មិន​ក្រវល់​ក្រវាយ មិន​រកាំ​ចិត្ត មិន​ក្ដៅ​ក្រហាយ មិន​ស្ដាយ​ក្រោយ ជា​ដើម គឺ​សេចក្ដី​សម្រាន្ត​យ៉ាង​ស្រួល។ តែ​ក្នុង​ទី​នេះ សំដៅ​យកសន្តិសុខ គឺ​សេចក្ដី​សុខ​ស្ងប់ ឬសន្តិភាពដែល​ជា​ទី​ប្រាថ្នា​របស់​លោក​ទាំង​មូល។

កាល​បើ​រួបរួម​សេចក្ដី​ប្រែ​នៃ​ព្រះ​ពុទ្ធ​ភាសិត​ទាំង៣បទ​នេះ ចង​ឱ្យ​ទៅ​ជា​ប្រយោគ​មួយ​ទៅ សឹង​ឃើញ​ច្បាស់​ថា សន្តិសុខ​ដែល​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​លោក​ទាំង​មូល នឹង​កើត​ឡើង​យ៉ាង​ងាយ​មិន​ចាំ​បាច់​វិនិច្ឆ័យ​រក​ផ្លូវ​ដទៃ​ក្រៅ​អំពី​សាមគ្គី​នេះ​ឡើយ។

សាមគ្គី​នេះ ចែក​ចេញ​ជា ៣ យ៉ាង​គឺ ៖

កាយ​សាមគ្គី សេចក្ដី​ស្រុះ​ស្រួល​ព្រម​ព្រៀង​គ្នា​ដោយ​កាយ ១

វចី​សាមគ្គី សេចក្ដី​ស្រុះ​ស្រួល​មូល​មាត់​គ្នា​ដោយ​ពាក្យ​សម្ដី ១

ចិត្ត​សាមគ្គីមនោ​សាមគ្គី  សេចក្ដី​ព្រម​ព្រៀង​ស្រុះ​ស្រួល​មូល​គំនិត​គ្នា​ខាង​ផ្លូវ​ចិត្ត ១។

ការ​ស្រុះ​ស្រួល​រួម​រក្ស​រាប់​រក​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ពួក​គណៈ ឬ​សង្គម រហូត​ដល់​លោក​ជា​ទី​បំផុត មិន​ប្រេះឆា​បែក​បាក់​គ្នា​ជា​ពួក​បក្ស​គណៈ​និកាយ រមែង​ជា​បច្ច័យ​ឱ្យ​បាន​ទទួល​នូវ​សន្តិសុខ និង​សេចក្ដី​ចម្រើន​រុង​រឿង​ឥត​អាក់ ឥត​មាន​ឧបសគ្គ​អ្វី​មួយ​មក​រារាំង​បាន​ឡើយ។

សាមគ្គី​នេះ​ឯង ទុក​ជា​កម្លាំង​មួយ​យ៉ាង​សំខាន់ ដែល​អាច​ជួយ​សាសនា ប្រទេសជាតិ និង​លោក​ទាំង​មូល​ឱ្យ​បាន​ចម្រើន​ជាប់​មាំ​ឋិតថេរ មិន​ឱ្យ​ត្រឡប់​រៀវរោយឬ​វិនាស​ទៅ​បាន បើ​សាសនិកជន​ឬ​ប្រទេស​ជាតិ​ណា​មាន​សាមគ្គីធម៌​ចម្រុង​ចម្រើន​ដុះ​ដាល ឬ​ក៏​តាំង​នៅ​ជាប់​មាំ​ល្អ​ហើយ សាសនិក​ជនឬ​ប្រទេស​ជាតិ​នោះ រមែង​បាន​ទទួល​សេចក្ដី​សុខ​ដ៏​ថ្កុំថ្កើង​រុង​រឿង​យ៉ាង​អស្ចារ្យ ឥត​មាន​អំណាច​អ្វី​ចូល​ទៅ​លុកលុយ​ឱ្យ​សាបសូន្យ​រលាយ​រលត់​បាន​ឡើយ ប្រៀប​ដូច​ជា​សរសៃ​អំបោះ​តូច​ឆ្មារ ប្រសិន​បើ​គេ​យក​ច្រើន​សរសៃ​ទៅ​វេញ​ត្របាញ់ ឬ​ត្រកួញ​ចូល​ជាមួយ​គ្នា គេ​អាច​យក​សសៃអំបោះ​នោះ​ទៅ​ចង​សត្វ​ទាំង​ឡាយ​មាន​ដំរី​ជា​ដើម ដែល​សត្វ​មាន​កម្លាំង​ច្រើន​ឱ្យ​ជាប់​បាន សត្វ​ទាំង​នោះ មិន​អាច​នឹង​ទាញ​រើ​ឱ្យ​ដាច់​ខ្សែ​អំបោះ​នោះ​បាន​ឡើយ។ សូម្បី​រូប​កាយ​យើង​ទៀត​សោត ដែល​នឹង​តាំង​នៅឬ​នឹង​ចម្រើន​ឡើង​បាន ក៏​ដោយ​សារ​អាស្រ័យ​សាមគ្គី​របស់​ធាតុ​ទាំង៤ អាការ៣២ និង​សរីរាវយវៈដ៏​សេស​ក៏​ដូច្នោះ​ដែរ បើ​របស់​ទាំង​នេះ​មិន​រួប​រួមឬ​មិន​នៅ​ជួប​ជុំ​គ្នា ពុក​ផុយ ឬ​ក៏​បែក​ចែក​កម្លាំង​គ្នា​ហើយ រូប​កាយ​យើង​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅឬ​ចម្រើន​ឡើង​បាន​ឡើយ។ នៅ​ក្នុង​ព្រៃ​មាន​សត្វ​ចតុប្បាទ ១ ពួក​មាឌ​តូច ៗ ហៅ​ថា សុនខ​ព្រៃ មាឌ​តូច​ជាង​សុនខ​ស្រុក​ទៅ​ទៀត​តែ​មាន​សាមគ្គី​ស្រុះ​ស្រួល​គ្នា​ជា​ទី​បំផុត វា​អាច​ទៅ​ចោម​រោម​ខាំ​សត្វ​ទាំង​ឡាយ មាន​ខ្លា និង​សីហៈ​ជា​ដើម ដែល​ជា​សត្វ​មាន​មាឌ​ធំ​សម្បើម​ហើយ​កាច​សាហាវ​យ៉ាង​ក្រៃលែង យក​ទៅ​ធ្វើ​ជា​អាហារ​របស់​វា​បាន សត្វ​ខ្លា​និង​សីហៈ​ជា​ដើម​តែង​មាន​ភ័យ​ដ៏​ពន្លឹក​អំពី​ពួក​សុនខ​ព្រៃ​ជានិច្ច។ ស្រមោច សង្អារ កណ្ដៀរ ឃ្មុំ​ និង​ម្រោម​ជា​ដើម វា​អាស្រ័យ​ធម៌​សាមគ្គី​ស្រុះ​ស្រួល​រួម​រក្ស​រាប់​រក​គ្នា បាន​ជា​វា​អាច​ញ៉ាំង​កិច្ច​គ្រប់​យ៉ាង​ឱ្យ​សម្រច​តាម​បំណង​បាន ទាំង​នេះ​ក៏​ព្រោះ​អាស្រ័យ​សាមគ្គី​ជា​ហេតុ។­

សុនខ​ព្រៃ​ជា​ដើម ជា​សត្វ​តិរច្ឆាន​ទាំង​មាឌ​ក៏​តូច​ហើយ​ថែម​ទាំង​កាច​សាហាវ​ពន់​ពេក​ណាស់ ឥត​ដែល​មាន​សាសនា​ណា​ប្រៀន​ប្រដៅ​ឥត​ដែល​មាន​សៀវភៅ​ក្បួន​ច្បាប់​សម្រាប់​មើល ទាំង​គ្មាន​អ្នក​ប្រាជ្ញ​សម្រាប់​ទូន្មាន​ប្រៀន​ប្រដៅ​ឱ្យ​ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ឱ្យ​មាន​សាមគ្គី​ស្រុះ​ស្រួល​គ្នា​សោះ​ទេ តែ​វា​ចេះ​បណ្ដុះ​សាមគ្គី​ស្រុះស្រួល​រវាង​គ្នា​វា​បាន។ ចុះ​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ជាតិ​ត្រឡាំង មាន​សាសនា​ល្អ​វិសេស​សម្រាប់​កាន់​រក្សា មាន​ក្បួន​តម្រា​សម្រាប់​មើល មាន​អ្នក​ប្រាជ្ញ​យ៉ាង​ឆ្នើម ៗ សម្រាប់​ទូន្មាន​ប្រៀនប្រដៅ ថែម​ទាំង​មាន​ជាតិ​អ្នក​ដឹង​ខុស​ត្រូវ​ខ្មៅ​ស​ល្អ​អាក្រក់​ក៏​ស្រាប់ ក៏​គួរ​តែ​បណ្ដុះ​សាមគ្គី​ឱ្យ​កើត​ឡើង កុំ​ឱ្យ​អន់​ថយ​ខ្សោយ​ជាង​សត្វ​តិរច្ឆាន​មាន​កណ្ដៀរ​ជា​ដើម។ កុំ​ប្រើ​សម្ដី​លូក​លើ​សើ​ក្រោម ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​ក្លាយ​ទៅ​ជា​ទោស​វិញ​ទេ។ ឯ​ការ​ខំ​ប្រឹង​ប្រែង​ជួយ​ជ្រោម​ជ្រែង​ព្រះ​ពុទ្ធ​សាសនា នឹង​ប្រទេស​ជាតិ​ឱ្យ​បាន​ចម្រើន​ឡើង​នោះ បើ​ប្រាស​ចាក​ទំនងឬ​ប្រាស​ចាក​ឧបាយ​រួបរួម​បណ្ដុះ​សាមគ្គី​ហើយ ក៏​មិន​ងាយ​នឹង​បាន​សម្រេច​ប្រយោជន៍​តាម​បំណង​បាន​ឡើយ វត្ថុ​បំណង​នោះ​នឹង​ទៅ​ជា​អសារ​ឥត​ការ។

ក្នុង​សម័យ​ឥឡូវ​នេះ តម្លៃ​​នៃ​សីលធម៌​និង​វឌ្ឍនធម៌ ចេះ​តែ​រលត់​ខ្សត់​ខ្សោយ​រលាយ​អស់​ទៅ នាំ​ឱ្យ​អស់​សេចក្ដី​សង្ឃឹម​ក្នុង​ផ្លូវ​សន្តិសុខ​ព្រម​ទាំង​វឌ្ឍនធម៌ បើ​ទុក​ណា​ជា​ខំ​ប្រឹង​ប្រែង​ស្វែង​ស្វះ​រក​ដោយ​សតិ​បញ្ញា ដ៏​ល្អិត​សុខុម​យ៉ាង​ណា​ក៏​កម្រ​នឹង​ធ្វើ​ឱ្យ​កើត​ឱ្យ​ចម្រើន​ឡើង​បាន។ គួរ​ណាស់​តែ​សាធុជន​ខំ​ប្រឹង​ធ្វើ​តាម​ឱ្យ​កើត​មាន​ឡើង។

បើ​តាម​ច្បាប់​ព្រះ​ពុទ្ធ​សាសនា​ថា សន្តិសុខ​ក្នុង​លោក​នេះ នឹង​កើត​ឡើង​បាន​ក៏​ដោយ​សារ​កម្លាំង​នៃ​សាមគ្គី​ធម៌និង​មេត្រី​ចិត្ត​ដ៏​បរិសុទ្ធ។

ឯ​ការ​ប្រេះឆា​បាក់​បែក​ខូច​ខាត​អន្តរាយ ឬ​វិនាស​ទៅ​នៃ​សាមគ្គី​នឹង​មេត្រី​ចិត្ត​នេះ កើត​ឡើង​ដោយសារ​ហេតុ​ច្រើន​ប្រការ គឺ​ដោយសារ​ឧបក្កិលេស​ធម៌ ដោយសារ​អគតិ និង​ដោយសារ​ទិដ្ឋិ​ជា​ដើម។ ឯ​ការ​ប្រេះឆា​ដោយ​សារ​ឧបក្កិលេសធម៌​នោះ បាន​ដល់​ឧបក្កិលេស ១៦ គឺ​ ៖

១ – អភិជ្ឈាវិសមលោភៈ សេចក្ដី​រំលោភ​ចង់​បាន​ហួស​ទំនង ឬបំពាន​យក​របស់​គេ​មក​ធ្វើ​ជា​របស់​ខ្លួន

២ – ទោសៈ ប្រទូសរ៉ាយ ផ្ដន្ទា បៀតបៀន ឬជិះ​ជាន់​គេ

៣ – កោធៈ ក្រោធ​ខឹង ឬ​ក៏​ធ្វើ​ទុក្ខ​បុក​ម្នេញ​គេ

៤ – ឧបនាហៈ ចង​ពៀរ ចង​គំនុំ  វេច​ខ្ចប់​នូវ​កំហឹង​ទុក

៥ – មក្ខៈ លុប​គុណ ឃ្នើស​គុណ ឬ​បំភ្លេច​គុណ​គេ

៦ – បលាសៈ វាយ​ឫក​ស្មើ លើក​ខ្លួន​ផ្ទឹម​នឹង​លោក – អ្នក​ដែល​មាន​បុណ្យ​សក្តិ ឬ​ចង់​ប្រណាំង​វាសនា

៧ – ឥស្សា ឫស្យា ច្រណែន​ឈ្នានីស​គេ

៨ – មច្ឆរិយៈ សេចក្ដី​កំណាញ់​ស្វិត​ស្វាញ លាក់​លៀម​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ឬ​មិន​ព្រម​ចែក​រំលែក​លាភ យស – សុខ – សរសើរ និង​ប្រយោជន៍​ព្រម​ទាំង​អានុភាព​និង​សមត្ថភាព​ដល់​អ្នក​ដទៃ

៩ – មាយា មាន​ពុត​ត្បុត​អាក្រក់ ឬ​បិទ​បាំង​ទោស​ខ្លួន​ទម្លាក់​ទោស​របស់​ខ្លួន​ទៅ​លើ​អ្នក​ដទៃ

១០ – សាថេយ្យៈ អួត​អាង​អែប​អប ឬ​សរសើរ​លើក​គុណ​ដែល​មិន​មាន​ក្នុង​ខ្លួន​ថា​មាន

១១ – ថម្ភៈ កោង​កាច ព្រហើន – រឹង​ត្អឹង ឬ​ចចេស​មុខ​រឹង

១២ – សារម្ភៈ ប្រណាំង​ប្រជែង ចង់​ឈ្នះ ឬ​ដណ្ដើម​យក​ពូកែ​តែ​ម្នាក់​ឯង

១៣ – មានះ អួត​ថា​វិសេស​ជាង​គេ លើក​កម្ពស់ ឬ​ប្រកាន់​ខ្លួន​ឆ្មើង​កន្រ្ទើង ក្រអឺត​ក្រអោង

១៤ – អតិមានះ ចង់​ឱ្យ​ខ្ពស់​ហួស​វិស័យ គឺ​មើល​ងាយ​គេ

១៥ – មទៈ ស្រវឹង​ឈ្លក់ ឬ​ប្រកាន់​គំនិត​ក្នុង​លាភ យស ​សុខ ​សរសើរ

១៦ – បមាទៈ ធ្វេស​ប្រហែស លង់​ខ្លួន បោះ​ចិត្ត​ទៅ​ក្នុង​កាម​គុណ ភ្លេច​ស្មារតី ឬ​ប្រាស​ចាក​សតិ​សម្បជញ្ញៈ។

ការ​ប្រេះឆា​ដោយ​អគតិ​គឺ​ការ​លម្អៀង​នោះ បាន​ដល់​អគតិ ៤ យ៉ាង​គឺ ៖

១ – ឆន្ទាគតិ សេចក្ដី​លម្អៀង ព្រោះ​យល់​មុខ ព្រោះ​ស្រឡាញ់ ព្រោះ​គាប់​ចិត្ត​ថា​ល្អ ថា​ប្រសើរ។

២ – ទោសាគតិ សេចក្ដី​លម្អៀង ព្រោះ​ស្អប់ ព្រោះ​ខឹង មិន​ពេញ​ចិត្ត។

៣ – មោហាគតិ សេចក្ដី​លម្អៀង ព្រោះ​ល្ងង់​ខ្លៅ​ពុំ​យល់​ការ​ខុស ត្រូវ – ជ្រៅ​រាក់។

៤ – ភយាគតិ សេចក្ដី​លម្អៀង ព្រោះ​ខ្លាច​បុណ្យ ខ្លាច​អំណាច ខ្លាច​ធនធាន ឬខ្លាច​ចិត្ត​គេ។

ចំណែក​ការ​ប្រេះឆា​សាមគ្គី​ដោយ​ទិដ្ឋិ គឺ​ការ​ឈ្វេង​យល់​ខុស​បាន​ដល់​ទិដ្ឋិ​ជា​សត្រូវ​ធំ២យ៉ាងគឺ ៖

១ – ឧច្ឆេទ​ទិដ្ឋិ លទ្ធិ​មិន​ជឿ​ស្ថាន​សួគ៌ – នរក មិន​ជឿ​បាប បុណ្យ – គុណ – ទោស – អាក្រក់ – ល្អ​ជា​ដើម គិត​តែ​បាន​ថ្កុំ​ថ្កើង​រុង​រឿង​ឬ​សប្បាយ​ក្នុង​បច្ចុប្បន្ន។

២ – អត្តទិដ្ឋិ លទ្ធិ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ពួក​បក្ខ​ខ្លួន ឬ​ត្រកូល​ខ្លួន។

ធម៌​ដ៏​លាមក​ប៉ុណ្ណេះ​ជា​ដើម សុទ្ធ​តែ​ជា​ឈ្នាន់​បំបែក​សាមគ្គី ជា​មូល​ហេតុ​បំផ្លាញ​សាមគ្គី ឱ្យ​វិនាស​អន្តារាយ​រលត់​រលាយ​សាប​សូន្យ​វិនាស​ទៅ។ ហេតុ​នេះ ពុទ្ធ​មា​មក​ជន​ទាំង​ឡាយ​គួរ​តែ​ចៀស​វាង​ឱ្យ​ស្រឡះ​កុំ​បណ្ដោយ​ឱ្យ​អកុសល​ធម៌​ទាំង​នោះ​កើត​មាន​ក្នុង​សន្ដាន​ឡើយ ទើប​អាច​បណ្ដុះ​សាមគ្គី​រវាង​សាសនិក​ជន ឬ​មនុស្ស​ជាតិ​ផង​គ្នា​ឱ្យ​កើត​ឡើង​បាន។ បន្ទាប់​ពី​នេះ​នឹង​សូម​សម្ដែង​អំពី​ធម៌​ជា​គ្រឿង​បណ្ដុះ​សាមគ្គី​ដូច​ត​ទៅ​នេះ។

សាមគ្គី​ដែល​នឹង​កើត​ឡើង​បាន ឬ​សូម្បី​ប្រេះឆា​បែក​បាក់​ទៅ​ហើយ​នឹង​ផ្សារ​ត​ឱ្យ​ជាប់​ទៅ​វិញ​បាន ដោយ​អាស្រ័យ​ធម៌​ច្រើន​ប្រការ​គឺ ដោយ​សារ​សង្គហវត្ថុ និង​សារាណីយ​ធម៌​ជា​ដើម។ ឯ​សារាណីយ​ធម៌​មិន​បាន​យក​មក​សម្ដែង​ទេ ព្រោះ​ពេល​វេលា​ដែល​ត្រូវ​សម្ដែង​នៅ​ខ្លី​ពេក សូម​យក​តែ​សង្គហ​វត្ថុ​មក​សម្ដែង​តែ​ម្ដង ឯ​សង្គហ​វត្ថុ​នោះ​មាន ៤ យ៉ាង​គឺ ៖

១ – ទានៈ កាយ​ឱ្យ​ទេយ្យ​វត្ថុ ឬ​ចែក​រំលែក​អានុភាព​និង​សមត្ថភាព​ដល់​គ្នា​តាម​កាល​គួរ។

២ – បេយ្យ​វាចា ការ​ពោល​វាចា​គួរ​ឱ្យ​គេ​ចង់​ឮ​ចង់​ស្ដាប់ ឬ​ឧស្សាហ៍​រាក់​ទាក់​រួសរាយ​ដោយ​ពាក្យ​ពីរោះ ចំពោះ​ជន​ទួទៅ​មិន​រើស​មុខ ឧស្សាហ៍​រំឭក​ដាស់​តឿន​ប្រាប់​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា ឬ​ពោល​ពី​ច្បាប់​ទម្លាប់​នឹង​សេចក្ដី​ខុស​ត្រូវ​ឱ្យ​គេ​បាន​ចេះ​ដឹង​ដោយសារ​ខ្លួន។

៣ – អត្ថ​ចរិយា ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា ឬ​ធ្វើ​ប្រយោជន៍​ឱ្យ​កើត​ឡើង​ដល់​ខ្លួន​ព្រម​ទាំង​អ្នក​ដទៃ។

៤ – សមានត្តតា ការ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ស្មើ គឺ​មិន​រឹង​ត្អឹង មិន​ប្រកាន់​ខ្លួន​ដោយ​ជាតិ ត្រកូល យសសក្ដិ និង​ទ្រព្យ​សម្បត្តិ។

អាត្មាភាព​សម្ដែង​មក​អំពី​ធម៌​ជា​ហេតុ​ឱ្យ​សាមគ្គី​សាប​សូន្យ​វិនាស​ទៅ​នឹង​ធម៌​ជា​គ្រឿង​ធ្វើ​សាមគ្គី​ឱ្យ​ចម្រើន​ឡើង​នេះ សមគួរ​ដល់​វេលា​នឹង​បញ្ចប់​ហើយ។ ដោយ​អំណាច​កុសល​ដែល​កើត​អំពី​ធម្មទេសនា​នេះ​សូម​ឱ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​កើត​មាន​សាមគ្គីធម៌​ឡើង តាំង​ពី​ពេល​នេះ​ទៅ កុំ​បី​ខក​ខាន​ឡើយ។

ឯវំ សម្មតា ធម្មទេសនា ការ​សម្ដែង​ធម៌ សន្មត​ថា​ចប់​ដោយ​សេចក្ដី​សង្ខេប​តែ​ប៉ុណ្ណេះ តាម​សមគួរ​ដល់​កាល​វេលា។

មហា ឈឹម មី សិស្ស​សាលា​បាលី​ជាន់ខ្ពស់
វត្ត​សារាវ័ន​តេជោ សង្កាត់​លេខ ៣ ភ្នំពេញ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments