ឃុនសោភ័ណភក្ដី អិម – ភន
ប្រែនិងរៀបរៀង
ធម្មតាមនុស្សទាំងអស់ក្នុងលោកនេះ រមែងមានការប្រាស្រ័យទាក់ទងរកគ្នាដោយសេចក្ដីសង្រ្គោះទៅវិញទៅមក ដូចយ៉ាងមាតាបិតានិងបុត្តធីតា គ្រូបាអាចារ្យនិងសិស្សានុសិស្ស ស្វាមីនិងភរិយាជាដើម។ អ្នកដែលបានធ្វើសេចក្ដីសង្រ្គោះគេមុនដំបូងឈ្មោះថាបុព្វការី អ្នកដែលបានទទួលសេចក្ដីសង្រ្គោះអំពីសម្នាក់បុព្វការីបុគ្គលនោះ ហើយសម្ដែងសេចក្ដីតបគុណវិញ ឈ្មោះថាកតញ្ញូកតវាទី បុគ្គលទាំងពីរពួកនេះបើបានប្រព្រឹត្តស្មោះត្រង់នឹងគ្នាទៅវិញទៅមក រមែងបានសេចក្ដីសុខ – ចម្រើន ក្នុងលោកនេះនិងលោកខាងមុខ ឯបុគ្គលទីពីរដែលហៅថាកតញ្ញូកតវាទីនោះ ឃើញថាកម្រមានណាស់ក្នុងលោកនេះ សម្បូរតែខាងបុគ្គលដែលរមិលគុណឬបំភ្លេចគុណគេចោលដែលហៅថាអកតញ្ញូ។ តាមច្បាប់និយមទុកមកថា ៖ អ្នកដែលលុបគុណ រមិលគុណ វេរឃ្នើសគុណគេ នឹងទៅជាមនុស្សអាក្រក់បំផុតក្នុងបណ្ដាមនុស្សទាំងអស់ ហើយនឹងត្រូវទទួលរងទុក្ខទោសភ័យអន្តរាយដោយអនេកប្បការ ក្នុងឥធលោកនិងបរលោកជាប្រាកដ។ សូមស្រង់យកចូឡបទុមជាតកមកប្រតិស្ឋទុកក្នុងទីនេះ ដើម្បីឱ្យឃើញជាពស្ដុតាង ហើយគ្រាន់ជាគ្រឿងប្រដាប់សតិបញ្ញានៃអស់លោកដូចសេចក្ដីតទៅនេះ ៖
អតីតេ ពារាណសីរញ្ញោ សត្ត បុត្តា អហេសុំ។
តេសំសព្វជេជ្ឋកោ បទុមោ នាម កុមារោ ពោធិសត្តោ។
បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថា ៖ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វៗខ្លួនពុំខានឡើយ លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថា ៖ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតា – បិតាហើយចេញទៅអំពីនគរ លុះដើរៗទៅបានទៅដល់ផ្លូវដាច់ស្រយាលក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វា រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ៣ ចំណែក ហើយបរិភោគសាច់ដែលជាចំណែករបស់ខ្លួនតែរៀងៗខ្លួន។
នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក។ គឺបណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែកៗរៀងរាល់ថ្ងៃ មិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរត្ន ហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែកៗ តែរាល់ៗថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុនៗមក។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នា ដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថា ៖ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយ ចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងអស់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត។ ឯភរិយាបាននិយាយថា ៖ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឱ្យភរិយាផឹក ក៏ជង្គង់ខ្លួនដោយព្រះខ័នដ៏មុត យកឈាមឱ្យភរិយាផឹក។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ ជើង ត្រចៀក និងច្រមុះឱ្យកំបុតអស់ ហើយដាក់នៅក្នុងពោងពាយបណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរនាំយកទៅកាន់បណ្ណសាលា បានធ្វើរណប្បតិកម្ម គឺកិរិយាបិទរុំដំបៅដោយកិច្ចទាំងឡាយមានលាងនិងលាប រុំដោយសំពត់ជាដើម។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះៗ រាល់ៗថ្ងៃ។ កាលនោះព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះឱ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិពទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្តមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថា ៖ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំមួយធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថា ៖ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថា ៖ បពិត្រអ្នកជាស្វាមី ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឱ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សម្នាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់។ ឯព្រះពោធិសត្វមហាបុរសរត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង។ ចួនជាពេលនោះ មានស្ដេចទន្សង ១ មានសេរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ។ សត្វទន្សងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឱ្យព្រះបរមពោធិសត្វអគ្គមហាបុរសរត្នអង្គុយនៅលើខ្នងរបស់ខ្លួនហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមាគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះរាមថាព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាតំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឱ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឱ្យទានតែរាល់ៗថ្ងៃឥតមានលស់ថ្ងៃណាមួយឡើយ។
កាលនោះស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតលក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែងរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថា បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឱ្យជាភរិយានៃបុរសពិការ នេះ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រាច់ស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ។ ពួកមនុស្សបានឮសម្ដីសាសព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថា នាងនេះពិតជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឱ្យបាយបបរជាច្រើន បានឱ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថា នាងឯងចូរដាក់ប្ដីរបស់នាងឱ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឱ្យលំបាកនឹងបញ្ជិះលើស្មាពេក។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀងៗទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឱ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត។ គាប់ចួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថា អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឱ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឱ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ។ នាងនោះក៏បានថ្លែងសាសព្ទសេចក្ដីក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យដែលបានថ្លែងរួចមកហើយក្នុងខាងដើម។ ព្រះរាជាទ្រង់ត្រាស់សួរបញ្ជាក់ថា នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រតិពទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ។ រួចហើយទ្រង់ត្រាស់បង្គាប់ទៅពួករាជអាមាត្យថា នែអ្នកទាំងឡាយរាល់គ្នា ចូរអ្នកទាំងឡាយយកអង្រែមកសំពងសម្លាប់អាកំបុតចង្រៃអប្រិយនេះឱ្យឆាប់ៗទៅ ហើយចូរនាំគ្នាកាត់ត្រចៀក ច្រមុះ នៃស្រ្ដីបាបអប្រិយកាឡកណ្ណីអប្បលក្ខណ៍នេះឱ្យឆាប់កុំទុកវាឡើយ។ ព្រះពោធិសត្វដែលទ្រង់ធ្វើអាការគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឱ្យគេធ្វើដូច្នោះឡើយ។ រួចហើយព្រះអង្គទ្រង់ប្រើរាជអាមាត្យឱ្យចងកញ្រ្ចែងលើក្បាលនាងនោះដូចដើមវិញ ហើយឱ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ហើយទ្រង់ត្រាស់ឱ្យអាមាត្យនាំចេញយកទៅចោលឱ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ១២ គ.ស. ១៩៤៥ ព.ស. ២៤៨៥