ប្រស្នាសត្តកណ្ដូបនិងគ្រុឌ[១] (សោផជាតក)
រឿងនេះតគ្នាពីរឿងមុនសម្ដែងសេចក្ដីថា សម័យនោះភិក្ខុទាំងឡាយបបួលគ្នាទៅប្រជុំក្នុងរោងធម្មសភា ហើយពោលសរសើរបញ្ញាបារមីព្រះសម្មាសម្ពុទ្ធថា អាវុសោ ម្នាលអ្នកទាំងឡាយ មហាបញ្ញោ ព្រះអង្គមានប្រាជ្ញាច្រើន បុថុបញ្ញោ ព្រះអង្គមានបញ្ញាក្រាស់ដូចជាផែនដី តិក្ខបញ្ញោ ព្រះអង្គមានបញ្ញាដ៏មុតដូចខ័នថ្លា គម្ភិរបញ្ញោ ព្រះអង្គមានបញ្ញាជ្រាលជ្រៅដូចទឹកសមុទ្ទ ជវនបញ្ញោ ព្រះអង្គមានបញ្ញាដ៏រហ័សវាងវៃ ហាសបញ្ញោ ព្រះអង្គមានបញ្ញាញ៉ាំងលោកនេះ ព្រមទាំងទេវលោកឱ្យស្រើបស្រួលបាន និព្វេធិកបញ្ញោ ព្រះអង្គមានបញ្ញាពុំបានងឿងឆ្ងល់នឹងបញ្ហាអ្វីដ៏ហោចទៅ សូម្បីតែបញ្ហាសត្តតិរច្ឆាន ក៏ព្រះអង្គអាចជ្រាបច្បាស់ពុំមានសេសសល់ ព្រះអង្គអាចដោះស្រាយបញ្ហាព្យាករណ៍ដ៏ពីរោះពេកគួរយើងទាំងឡាយគប្បីស្ដាប់ណាស់ អហោវត តថាគតោ មហាបញ្ញោ ឱហ្ន៎ព្រះតថាគតជាម្ចាស់យើង ព្រះអង្គមានបញ្ញាអ្វីច្រើនដល់ម្ល៉េះ។
ពាក្យដែលភិក្ខុទាំងឡាយពោលសរសើរ គុណព្រះអង្គនោះពុំបាត់ស្ងាត់ឡើយ បានជ្រាបទៅដល់ព្រះសោតាទិព្វថ្លៃនៃព្រះអង្គហើយទ្រង់យាងទៅកាន់ទីប្រជុំនៃភិក្ខុទាំងឡាយ សួរព័ត៌មាននោះបានជ្រាបសព្វគ្រប់ហើយ ទើបព្រះអង្គមានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានប្រាជ្ញាអាចដោះស្រាយសត្តតិរច្ឆានបាន មិនតែក្នុងកាលឥឡូវនេះទេ ព្រះតថាគតមានប្រាជ្ញា អាចដោះស្រាយប្រស្នាសត្តតិរច្ឆានបានតាំងតែពីក្នុងកាលមុនមក ព្រះអង្គសម្ដែងដូច្នេះហើយ ទ្រង់គង់ស្ងៀមនៅដោយតុណ្ហីភាព។
ភិក្ខុទាំងឡាយក៏បានអារាធនានិមន្តព្រះអង្គ ឱ្យនាំអតីតនិទានមកសម្ដែង ដើម្បីនិងបានស្ដាប់សេចក្ដីរាល់គ្នា។
ឯអង្គសម្ដេចព្រះលោកុត្តមាចារ្យជាម្ចាស់ ព្រះអង្គបានទទួលអារាធនានិមន្តពីព្រះភិក្ខុសង្ឃទាំងឡាយ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ម្នាលភិក្ខុទាំងឡាយ នាកាលអតីតកាលកន្លងរំលងទៅយូរណាស់ហើយ មានស្ដេច ១ ព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី។
គ្រានោះព្រះបរមពោធិសត្ត បានអន្ទោលទៅកើតក្នុងត្រកូលនៃកុដុម្ពីក៍ដ៏ជាធំ លុះដល់ចម្រើនវ័យធំឡើងហើយ អំណើះឥតអំពីមាតាបិតាទៅ សម្បត្តិទ្រព្យទាំងប៉ុន្មានបានមកព្រះបរមពោធិសត្តទាំងអស់។
ឯពោធិសត្តនោះក៏គិតថា អញនិងឱ្យនូវទានហើយទៅកាន់ស្ថានសួគ៌ គិតស្រេចហើយក៏បរិច្ចាគទ្រព្យទាំងអស់ឱ្យទៅជាទានដល់ស្មូមយាចកអ្នកកម្សត់ទុគ៌តទាំងឡាយ នៅសល់ប៉ុន្មានបែងសម្បត្តិនោះជាពីរចំណែក ចំណែកមួយថ្វាយទៅព្រះមហាក្សត្រ ចំណែក ១ ទៀតឱ្យទៅដល់ពពួកញាតិទាំងឡាយរបស់ខ្លួន ហើយចេញទៅបួស ជាតាបសឫសីនៅអាស្រ័យក្នុងអាស្រមបទប្រទេសព្រៃហិមពាន្ត ចិញ្ចឹមជីវិតរស់នៅដោយមើមឈើនិងផ្លែឈើ ហើយបានធ្វើនូវកសិណបរិកម្មចម្រើនបាននូវឈានសមាបត្តិស្ទាត់ ក៏នៅអាស្រ័យក្នុងទីនោះអស់កាលយូរ។
គ្រានោះមានដើមជ្រៃធំមួយ នៅខាងកើតនៃអាស្រមបទនោះ មានសត្តកណ្ដូបធំ ១ មានសរីរៈដ៏ធំប្រមាណប៉ុនផ្កាល្ពៅ នៅអាស្រ័យនិងដើមជ្រៃនៅជាប្រក្រតី។
កាលនោះ មានសត្តគ្រុឌធំមួយហើរចេញទៅអំពីព្រៃហិមពាន្ត ត្រាច់ទៅរកចំណីអាហារសព្វទិសទាំងពួង រកអាហារពុំបាន ហើយក៏ហើរមកទំលើដើមជ្រៃធំនោះ ក្រឡេកមើលទៅបានឃើញសត្តកណ្ដូបធំទំនៅមែកជ្រៃនោះហើយ គ្រុឌគិតថា ” ឱហ្ន៎អាហារអញបានហើយតើ ” ទើបគ្រុឌនោះបានពោលចំពោះទៅនឹងសត្តកណ្ដូបធំថា ” សលភ ម្នាលសត្តកណ្ដូបអញនឹងស៊ីអ្នកឯងឥឡូវនេះ “។ ចំណែកឯសត្តកណ្ដូបធំ បានឮសំឡេងគ្រុឌហើយភិតភ័យរន្ធត់ញាប់ញ័រសព្វសព៌ាង្គរាងកាយ ខំរិះគិតស្វែងរកឧបាយនិងដោះខ្លួនដូចម្ដេច ដ្បិតសត្តគ្រុឌនេះមានកម្លាំងខ្លាំងពេកណាស់ នឹងបរិភោគស៊ីអញជាចំណីវា ជីវិតរបស់អញមុខជានឹងមិនមានក្នុងកាលឥឡូវនេះ “។ សត្តកណ្ដូបធំគិតដូច្នេះហើយ បានពោលទៅនឹងសត្តគ្រុឌនោះថា ភោមហាគរុឡ[២] ម្នាលសត្តគ្រុឌធំដ៏ចម្រើន អ្នកឯងចេះអ្វីបានជាអ្នកឯងគិតស៊ីអញជាចំណីឯង។
កាលនោះសត្តគ្រុឌធំបានពោលទៅនឹសត្តកណ្ដូបវិញថា ” អ្នកឯងចេះដឹងអ្វី “។
សត្តកណ្ដូបធំពោលថា ” ម្នាលសត្តគ្រុឌ អញនេះជាបុគ្គលឆ្លាសចេះដឹងណាស់ “។
សត្តគ្រុឌពោលថា ” ម្នាលសត្តកណ្ដូប ថាបើអ្នកឯងចេះដឹងណាស់ ត្រូវអ្នកឯងពោលមកនឹងចុះ អញនឹងស្ដាប់ផងមើល “។
សត្តកណ្ដូបធំបានពោលតបទៅវិញថា ” ម្នាលគ្រុឌអញនឹងសួរបញ្ហាទាំងឡាយ ៤ ចំពូកនឹងអ្នកឯង ថាបើអ្នកឯងចេះដឹងមែន ដោះប្រស្នាអញរួច ទើបអ្នកឯងស៊ីអញជាចំណីបានស្រួលល្អ ថាបើអ្នកមិនចេះដឹងអ្វីទេ ហើយស៊ីអញជាចំណីអ្នកឯង ក្បាលអ្នកឯងនិងបែកជាប្រាំពីរភាគពុំខាន “។
សត្តគ្រុឌស្ដាប់ហើយពោលថា ” ម្នាលសត្តកណ្ដូបធំ អ្នកឯងចូរសួរបញ្ហានោះមកចុះ អញនិងឆ្លើយឥឡូវនេះ “។
សត្តកណ្ដូបនោះក៏សួរបញ្ហាចំពោះទៅនឹងសត្តគ្រុឌថា ” ម្នាលសត្តគ្រុឌ សភាវៈតែ ១ ឈ្មោះថារុងរឿងល្អក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី “។
ឯសត្តគ្រុឌឆ្លើយថា “ព្រះចន្ទរះឡើងក្នុងថ្ងៃ ១៥ កើតនេះ ឈ្មោះថាល្អក្រៃលែង”។
ចំណែកឯសត្តកណ្ដូបស្ដាប់ហើយពោលថា ” ម្នាលសត្តគ្រុឌដ៏ចម្រើន ព្រះចន្ទរះឡើងក្នុងថ្ងៃ ១៥ កើតល្អបានតែក្នុងលោកពុំបានល្អក្នុងខ្លួនឡើយ សភាវៈដទៃដែលល្អក្នុងខ្លួន អ្នកឯងពុំបានដឹងនូវអដ្ឋកថា ពុំបានដឹងនូវសេចក្ដីអធិប្បាយឡើយ។ ម្នាលសត្តដ៏ចម្រើន សភាវៈតែមួយដ៏ល្អិតសុខុម ក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី “។
ចំណែកខាងសត្តគ្រុឌឆ្លើយតបថា ” ម្នាលសត្តកណ្ដូបធំដ៏ចម្រើន ឯសភាវៈល្អិតដ៏សុខុមក្រៃលែង មានតែសម្លីកប្បាសជាសភាវៈល្អិតម៉ដ្ដគឺបុគ្គលថ្លែងពុំបាន “។
សត្តកណ្ដូបស្ដាប់ហើយពោលថា ” ម្នាលសត្តគ្រុឌដ៏ចម្រើន ឯសម្លីកប្បាសល្អិតម៉ដ្ដថ្លែងពុំបានមានតែក្នុងខ្លួនពុំមានក្នុងខ្លួនឡើយ ឯសភាវៈល្អិតម៉ដ្ដដែលមានក្នុងខ្លួនអ្នកឯងពុំបានដឹងនូវអដ្ឋកថា ពុំបានដឹងនូវសេចក្ដីអធិប្បាយឡើយ។ ម្នាលសត្តគ្រុឌដ៏ចម្រើន សភាវៈតែមួយដ៏វែងពិត ក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី “។
សត្តគ្រុឌស្ដាប់ហើយឆ្លើយតបថា ” ម្នាលសត្តកណ្ដូបធំ ឯវែងក្រៃលែងនោះមានតែផ្លូវ ជនទាំងឡាយដើរទៅក្នុងមួយថ្ងៃៗពុំចេះផុត ផ្លូវនេះឈ្មោះថាសភាវៈវែងក្រៃលែង “។
សត្តកណ្ដូបស្ដាប់ហើយពោលថា ” ម្នាលសត្តគ្រុឌដ៏ចម្រើន អ្នកឯងពុំបានដឹងនូវអដ្ឋកថា ពុំបានដឹងនូវសេចក្ដីអធិប្បាយឡើយ ម្នាលសត្តគ្រុឌដ៏ចម្រើន សភាវៈតែមួយពុំមានហើយពុំមានក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី “។
សត្តគ្រុឌស្ដាប់ហើយឆ្លើយតបថា ” ម្នាលសត្តកណ្ដូបធំ ឯមរណធម៌នេះឈ្មោះថា ខ្យល់ដកដង្ហើមចេញនៃសត្តលោកទាំងឡាយ បានឈ្មោះថាសភាវៈពុំមានដ៏ក្រៃលែង “។
គ្រានោះសត្តកណ្ដូបធំបានស្ដាប់ហើយពោលថា ” ម្នាលសត្តគ្រុឌដ៏ចម្រើន អ្នកឯងពុំបានដឹងនូវអដ្ឋកថា ពុំបានដឹងនូវសេចក្ដីអធិប្បាយឡើយ បណ្ដាបញ្ហាទាំង ៤ នេះ សូម្បីតែបញ្ហាមួយក៏អ្នកឯងពុំបានដឹងសោះ បើអ្នកឯងស៊ីអញ ក្បាលអ្នកឯងនិងបែកជា ៧ ភាគ ថាបើអ្នកឯងប្រាថ្នានិងស៊ីអញ មានតែយើងទាំងឡាយទៅកាន់សម្នាក់តាបសឫសី ហើយសួរសេចក្ដីអធិប្បាយប្រស្នានេះសិន បើតាបសឫសីបានព្យាករណ៍ដោះស្រាយប្រស្នានេះហើយ ពាក្យអ្នកឯងសមត្រូវមែន ទើបអ្នកឯងស៊ីអញបានដោយស្រួល “។
គ្រានោះសត្តគ្រុឌពោលថា ” ម្នាលកណ្ដូបពាក្យអ្នកឯងពោលមកប្រពៃហើយ អញនឹងទៅឥឡូវនេះ ” គ្រុឌពោលដូច្នេះ ហើយក៏ហើរឡើងតាមអាកាស ចូលទៅកាន់សម្នាក់ឫសី ថ្វាយបង្គំហើយឈរនៅទីដ៏សមគួរមួយ។
ឯសត្តកណ្ដូបក៏ហើរឡើងតាមអាកាស ចូលទៅកាន់សម្នាក់តាបសឫសី ថ្វាយបង្គំហើយក៏ឈរនៅក្នុងទីសមគួរមួយ ដល់កណ្ដូបនោះឈរនៅក្នុងទីដ៏សមគួរស្រេចហើយ ក៏ពោលនូវពាក្យបដិសណ្ឋារៈស្រួលបួលទៅនឹងតាបសឫសីថា ” ភន្តេ បពិត្រលោកដ៏ចម្រើន កច្ចិតេខមនិយំ យន្តគឺសរីររាងកាយមានទ្វារ ៩ មានចក្រ ៤ គួរលោកគប្បីអត់សង្កត់បានខ្លះដែរ ឬ កច្ចិយាបនិយំ យន្តគឺសរីរៈមានទ្វារ ៩ មានចក្រ ៤ គួរគឺលោកគប្បីឱ្យប្រព្រឹត្តទៅបានដោយស្រួលទេឬ ? ”។
តាបសឫសីស្ដាប់ហើយថា ” ម្នាលកណ្ដូបធំដ៏ចម្រើន កច្ចិយាបនិយំ យន្តគឺសរីររាងកាយមានទ្វារ ៩ មានចក្រ ៤ គឺអាត្មាគប្បីឱ្យប្រព្រឹត្តទៅបានស្រួលខ្លះដែរ អថោខមនិយំ ម៉្យាងវិញទៀត យន្តគឺសរីររាងកាយមានទ្វារ ៩ មានចក្រ ៤ គឺអាត្មាគប្បីអត់សង្កត់បានដោយស្រួលទេ “។
ចំណែកខាងសត្តកណ្ដូប បានស្ដាប់ហើយពោលថា “បពិត្រលោកម្ចាស់ដ៏ចម្រើន គ្រុឌនេះគិតនឹងស៊ីខ្ញុំជាចំណីអាហារវា ខ្ញុំក៏បានសួរនូវប្រស្នាទាំងឡាយ ៤ ជំពូក ទៅនឹងសត្តគ្រុឌនេះ ឯសត្តគ្រុឌនេះសូម្បីតែប្រស្នាមួយក៏ពុំដឹង ឥឡូវនេះយើងទាំង ២ នាក់បានចូលមកកាន់សម្នាក់លោកម្ចាស់ សូមលោកម្ចាស់ដោះស្រាយនូវសេចក្ដីអធិប្បាយនៃប្រស្នានេះដល់យើងទាំងឡាយ “។
តាបសឫសីពោលថា ” ម្នាលសត្តកណ្ដូបធំដ៏ចម្រើន អ្នកឯងពោលនូវប្រស្នាទាំងឡាយ ៤ នោះដូចម្ដេច ចូរអ្នកឯងពោលមកមើល “។
សត្តកណ្ដូបពោលថា ” ភន្តេ បពិត្រលោកដ៏ចម្រើន ខ្ញុំម្ចាស់បានសួរប្រស្នានឹងគ្រុឌនេះថា សភាវៈតែមួយឈ្មោះថារុងរឿងល្អក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី ឯសត្តគ្រុឌនេះឆ្លើយថា ព្រះចន្ទពេញបូណ៌មី ឈ្មោះថារុងរឿងល្អដ៏ក្រៃលែង”។
តាបសឫសីសួរគ្រុឌថា ពាក្យនេះអ្នកឯងពោលពិតមែនឬ។
គ្រុឌពោលថា បពិត្រលោកដ៏ចម្រើន ពាក្យនេះខ្ញុំម្ចាស់បានពោលពិតមែន។
តាបសឫសីពោលថា អ្នកឯងពុំបានដឹងប្រស្នានេះមែន ហើយឫសីព្យាករណ៍ដោះប្រស្នានេះថា ម្នាលសត្តគ្រុឌ សីល ៥ ក្ដី សីល ៨ ក្ដី សីល ១០ ក្ដី មានដល់មនុស្សទាំងឡាយឯណា មនុស្សទាំងឡាយនោះឈ្មោះថារុងរឿងល្អក្រៃលែងដោយវិសេសក្នុងលោក។
កណ្ដូបស្ដាប់ហើយ ឱ្យសាធុការថាសាធុ ៗ ហើយពោលថា បពិត្រលោកដ៏ចម្រើន ខ្ញុំម្ចាស់បានសួរប្រស្នា ១ ទៀតថា សភាវៈតែមួយដ៏ល្អិតម៉ដ្ដសុខុម ក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី គ្រុឌនោះឆ្លើយតបថា សម្លីកប្បាសជាសភាវៈល្អិតម៉ដ្ដដ៏សុខុមក្រៃលែងគឺបុគ្គលថ្លែងពុំបាន។
តាបសឫសីសួរថា ម្នាលគ្រុឌពាក្យនេះអ្នកឯងពោលពិតមែនឬ។
គ្រុឌពោលថា ពាក្យនេះខ្ញុំម្ចាស់បានពោលពិតមែន។
តាបសឫសីពោលថា ត្វំសុណោសិ អ្នកឯងស្ដាប់ពាក្យអាត្មាចុះ ឯសភាវៈល្អិតម៉ដ្ដដ៏សុខុមក្រៃលែងនោះ គឺលោកុត្តរធម៌ទាំង ៩ ចំពូក ព្រមទាំងព្រះបរិយត្តិធម៌ មានន័យផ្សេងៗ ឈ្មោះថាសភាវៈល្អិតម៉ដ្ដដ៏សុខុមក្រៃលែង។
កណ្ដូបស្ដាប់ហើយឱ្យសាធុការថាសាធុៗ ហើយទូលថា បពិត្រលោកដ៏ចម្រើន ខ្ញុំម្ចាស់បានសួរប្រស្នា ១ ទៀតថា សភាវៈតែ ១ វែងឆ្ងាយ ដ៏ក្រៃលែងជាងសភាវៈឯទៀតគឺសភាវៈអ្វី គ្រុឌនេះតបថា ផ្លូវដែលមនុស្សទាំងឡាយត្រាច់ទៅសព្វថ្ងៃ ឈ្មោះថាសភាវៈវែងឆ្ងាយក្រៃលែង។
តាបសឫសីសួរគ្រុឌថា ម្នាលគ្រុឌពាក្យនេះអ្នកឯងពោលមែនឬ។
គ្រុឌឆ្លើយថា បពិត្រលោកដ៏ចម្រើន ខ្ញុំម្ចាស់បានពោលពិតមែន។
តាបសឫសីស្ដាប់ហើយពោលថា ម្នាលគ្រុឌដ៏ចម្រើន អ្នកឯងពុំដឹងមែន អ្នកឯងត្រូវស្ដាប់ពាក្យអាត្មាវិញ ធម៌ទាំងឡាយពីរគឺសប្បុរិសធម៌ និងអសប្បុរិសធម៌ ទើបឈ្មោះថាវែងឆ្ងាយតអំពីគ្នានិងគ្នាដ៏ក្រៃលែង ត្រើយសមុទ្ទឈ្មោះថាឆ្ងាយដោយវិសេសអំពីសមុទ្ទ ផែនដីឈ្មោះថាឆ្ងាយដោយវិសេសដោយអាកាស ១ រយគុណ ១ ពាន់គុណ ១ ម៉ឺនគុណ ១ សែនគុណ អ្នកឯងពោលថាផ្លូវឆ្ងាយដោយវិសេសនោះខុសទេគ្រុឌ។
កណ្ដូបស្ដាប់ហើយឱ្យសាធុការថាសាធុៗ ហើយទូលថា បពិត្រតាបសដ៏ចម្រើន ខ្ញុំម្ចាស់បានសួរប្រស្នា ១ ទៀតថា សភាវៈតែ ១ ពុំមាន ហើយពុំមានដោយវិសេសជាងសភាវៈឯទៀត គឺសភាវៈអ្វី គ្រុឌឆ្លើយថាមរណធម៌ឈ្មោះថាខ្យល់ដង្ហើមចេញនៃសត្វទាំងពួង បានជាឈ្មោះថាសភាវៈពុំមានដ៏ក្រៃលែង។
តាបសឫសីសួរគ្រុឌថា ម្នាលគ្រុឌពាក្យនេះអ្នកឯងពោលមែនឬ។
គ្រុឌពោលថា ខ្ញុំម្ចាស់បានពោលពិតមែន។
តាបសឫសីស្ដាប់ហើយពោលថា ម្នាលគ្រុឌដ៏ចម្រើន អ្នកឯងពុំដឹងមែន អ្នកឯងត្រូវស្ដាប់ពាក្យអាត្មាអធិប្បាយវិញ បណ្ដាព្រះអរិយសាវកទាំងឡាយ លោកបានចម្រើននូវវិបស្សនាហើយ បាននូវបឋមជ្ឈានដរាបដល់បញ្ចមជ្ឈាន ហើយដល់នូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល ហើយបាននិព្វានទៅ ខន្ធទាំងឡាយ ៣២ មានសក់ជាដើមដ៏សេសសល់ក៏រលត់សូន្យអស់ទៅ ចំណែកខាងព្រះពុទ្ធនិងបច្ចេកពុទ្ធនិងពុទ្ធសាវកទាំងឡាយ លោកក៏បានចូលនិព្វានទៅ បានឈ្មោះថាមិនមានហើយមិនមានក្រៃលែង ម្នាលគ្រុឌដ៏ចម្រើនពាក្យដែលអ្នកពោលថា មរណធម៌ឈ្មោះថាខ្យល់ដង្ហើមចេញ ឈ្មោះថាមិនមានដ៏ក្រៃលែងនោះខុសទេគ្រុឌ។
គ្រានោះសត្តកណ្ដូបធំក៏ឱ្យសព្ទសាធុការថាសាធុ ៗ ប្រពៃហើយ ៗ។
ទេវតាទាំងឡាយដែលនៅក្នុងព្រៃនោះ ក៏ឱ្យសព្ទសាធុការព្រមគ្នាដ៏មានសំឡេងញាប់ញ័រទាំងផែនដីជាអស្ចារ្យក្រៃពេក។
ក្នុងខណៈនោះ កណ្ដូបធំបានពោលនូវពាក្យយ៉ាងនេះទៅនឹងគ្រុឌថា ភោគគរុឡ ម្នាលគ្រុឌដ៏ចម្រើន ប្រស្នាទាំង ៤ ចំពូកនេះអញបានសួរហើយ អ្នកឯងមិនអាចដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ពាក្យអ្នកឯងមិនត្រូវ សមមតាមពាក្យព្យាករណ៍របស់តាបសឫសីទេ បើដូច្នេះអ្នកឯងនឹងស៊ីអញឬមិនស៊ីអញទេ។
គ្រុឌឆ្លើយថា អញមិនត្រូវការនឹងស៊ីអ្នកឯងដែរ។
កាលនោះតាបសឫសីបានឱ្យឱវាទដល់សត្តគ្រុឌថា ម្នាលគ្រុឌចាប់ដើមអំពីថ្ងៃនេះទៅ អ្នកឯងត្រូវបរិភោគតែអាហារដែលគួរ អាហារណាដែលពុំគួរអ្នកឯងកុំបរិភោគឡើយ ហើយអ្នកត្រូវរក្សាសីល ៥ នេះឱ្យជាប់កុំប្រហែសធ្វេសឡើយ។
សត្តគ្រុឌបានទទួលទទួលតាមឱវាទហើយថ្វាយបង្គំលាតាបសឫសី ធ្វើប្រទក្សិណ ៣ ជុំហើយហើរទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
ឯសត្តកណ្ដូបធំក៏ថ្វាយបង្គំលាតាបសឫសី ហើយទៅកាន់ទីលំនៅរបស់ខ្លួនវិញហោង។
សម្ដេចព្រះមុនិន្ទជិនស្រីសាស្ត្រាចារ្យជាម្ចាស់ ព្រះអង្គទ្រង់នាំព្រះធម្មទេសនានេះមកសម្ដែងចប់ហើយ ទ្រង់ពោលនូវបទព្រះគាថាជាទីបំផុតថា ៖
ជនិកាមហាមាយា បិតាសុទ្ធោទនោអហុ
ពារានសិភូមិបាលោ អានន្ទោកនិដ្ឋោមម
សលភោចសារីបុត្តោ មផគ្គល្លានោចគរុឡោ
សព្វចញាតិកាតទា អហេសុំពុទ្ធបរិសា
តាបសោចមហាបញ្ញោ អហមេវិតថាគតោ។
អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ស្ត្រីជាមាតាបង្កើតនៃពោធិសត្តវិលមកឥឡូវនេះបានជាព្រះនាងសិរិមហាមាយាពុទ្ធមាតា កុដុម្ពីក៍ដែលជាបិតានៃពោធិសត្វមកឥឡូវនេះបានជាព្រះបាទសុទ្ធោទនជាពុទ្ធបិតា ព្រះបាទព្រហ្មទត្តជាម្ចាស់រក្សានូវផែនដីក្នុងនគរពារាណសី វិលមកឥឡូវនេះបានជាភិក្ខុឈ្មោះ អានន្ទ ជាប្អូននៃតថាគត សត្តកណ្ដូបធំ វិលមកឥឡូវនេះបានជាភិក្ខុឈ្មោះសារីបុត្ត សត្តគ្រុឌ វិលមកឥឡូវនេះបានជាភិក្ខុឈ្មោះមោគ្គល្លាន ញាតិទាំងឡាយទាំងពួងក្នុងកាលនោះ វិលមកឥឡូវនេះបានជាពុទ្ធបរិសទ្យទាំងអស់ ចំណែកតាបសឫសីដែលមានប្រាជ្ញាច្រើន វិលមកមកឥឡូវនេះគឺអង្គព្រះតថាគតនេះឯង។
(សម្ដែងរឿងប្រស្នាសត្តកណ្ដូបនិងសត្តគ្រុឌក្នុងសោផជាតកចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ)
[១]ពាក្យនេះភាសាបាឡីថា ករុឡ គរុឡនេះប្រែថា សត្វគ្រុឌក៏បាន សត្វសសេះក៏បាន។ [២]សព្ទថា គរុឡនេះ ប្រែថា សត្វគ្រុឌក៏បាន ថា សត្តសសេះក៏បាន។ប្រស្នាធម៌
ព្រះញាណបវរវិជ្ជា អែម ចាងហ្វាងសាលាបាឡីជាន់ខ្ពស់នៅក្រុងភ្នំពេញ
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-១៩៣២