សក្ក​បញ្ហា ប្រស្នា​ព្រះ​ឥន្ទ​សួរ​ព្រះ​សម្មា​សម្ពុទ្ធ

ប្រស្នាធម៌

រឿងនេះមានក្នុងគម្ពីរព្រះធម្មបទបច្ឆិមភាគ ខ្សែ ១៦ សម្ដែងសេចក្ដីថា ព្រះទសពលញាណជាសាស្ដា កាលព្រះអង្គគង់នៅក្នុងវិហារព្រះជេតពនទៀបក្រុងនគរសាវត្ថី ទ្រង់ប្រារព្ធចំពោះសក្កទេវរាជ ហើយសម្ដែងនូវធម្មទេសនានេះមានបទថា សព្វទានំ ដូច្នេះជាដើម។

សម័យមួយទេវតាទាំងឡាយ ប្រជុំគ្នាព្រមក្នុងស្ថានទេវលោកឈ្មោះតាវត្តិង្សភព ហើយញ៉ាំងប្រស្នាទាំងឡាយ ៤ ចំពួកឱ្យកើតឡើងព្រមគ្នាថាដូច្នេះ ៖

១- កតររំទានំនុខោទានេសុ ជំនុំទានទាំងឡាយ ទានដូចម្ដេចហ្ន៎គឺអ្នកប្រាជ្ញទាំងឡាយពោលថា ជាធំប្រសើរដោយវិសេសជាងទានទាំងពួង។

២- កតរោរសោរសេសុ ជំនុំរសទាំងឡាយ រសដូចម្ដេចហ្ន៎ គឺអ្នកប្រាជ្ញទាំងឡាយពោលថា ជាធំប្រសើរដោយវិសេស ជាងរសទាំងពួង។

៣- កតរាតិ រតីសុជេដ្ឋកា ជំនុំសេចក្ដីត្រកអរទាំងឡាយ សេចក្ដីត្រេកអរដូចម្ដេចហ្ន៎ គឺអ្នកប្រាជ្ញទាំងឡាយពោលថា ជាធំប្រសើរដោយវិសេសជាងសេចក្ដីត្រេកអរទាំងពួង។

៤- តណ្ហក្ខយោកស្មាជេដ្ឋកោតិវុច្ចតិ កិរិយាអស់ទៅនៃតណ្ហា គឺអ្នកប្រាជ្ញទាំងឡាយពោលថាជាធំដោយវិសេស ព្រោះហេតុអ្វី។

សូម្បីតែទេវតាមួយក៏ពុំអាចដើម្បីវិនិច្ឆ័យនូវប្រស្នាទាំងឡាយនោះឱ្យដាច់ស្រេចបាន ទេវតាមួយសួរទៅទេវតាមួយទៀត ទេវតានោះសួរតទៅដ៏ទៃទៀត ព្រោះហេតុដូច្នោះទេវតាទាំងឡាយនោះកាលសួរគ្នានឹងគ្នាទៅមកយ៉ាងនេះពុំចេះដាច់ស្រេច ត្រាច់ទៅក្នុងចក្កវាឡមួយម៉ឺនលោកធាតុកន្លងទៅបាន ១២ ឆ្នាំគត់។

ទេវតាទាំងឡាយទាំងមួយម៉ឺនលោកធាតុ បង្កើតជាកោលាហលជ្រួលជ្រើមគឹកកងបបួលគ្នាគឹកកងបបួលគ្នារំពឹងគិតពិចារណារកនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំង ៤ ចំពួកនោះ ពុំបានឃើញនូវសេចក្ដីអធិប្បាយប្រស្នានោះសោតដោយកាលកន្លងទៅជាយូរប្រមាណ ១២ ឆ្នាំ ហើយប្រជុំគ្នាចូលកាន់សម្នាក់ស្ដេចធំទាំង ៤ នាកាលពាក្យពោលថា ម្នាលអ្នកទាំងឡាយ កិរិយានៃទេវតាដ៏ច្រើនយ៉ាងនេះ តើប្រយោជន៍អ្វី គឺស្ដេចធំទាំងឡាយ ៤ នោះពោលហើយ ៗ ក្រាបទូលថា បពិត្រមហារាជទាំងឡាយ យើងទាំងឡាយបានញ៉ាំងប្រស្នាទាំង ៤ ចំពួកឱ្យតាំងឡើងព្រម ហើយពុំអាចវិនិច្ឆ័យឱ្យដាច់ស្រេចបាន បានជាបបួលគ្នាចូលមកកាន់សម្នាក់ព្រះអង្គទាំងឡាយ។

ស្ដេចធំទាំង ៤ បានស្ដាប់ហើយ ពោលថា តាតា ម្នាលអ្នកទាំងឡាយ ប្រស្នាទាំង ៤ ចំពូកនោះដូចម្ដេចខ្លះ។

ទេវតាទាំងឡាយពោលថា បពិត្រមហារាជទាំងឡាយ ជំនុំទាននិងរស និងសេចក្ដីត្រេកអរទាំងឡាយ ទាននិងរស និងសេចក្ដីត្រេកអរដូចម្ដេចហ្ន៎ជាធំប្រសើរដោយវិសេស កិរិយាអស់ទៅនៃតណ្ហាឈ្មោះជាធំប្រសើរដោយវិសេស ព្រោះហេតុអ្វី យើងទាំងឡាយពុំអាចដើម្បីជម្រះនូវប្រស្នានេះបាន បានជាចូលមកកាន់សម្នាក់ព្រះអង្គសូមវិនិច្ឆ័យសេចក្ដីនេះដល់យើងទាំងឡាយ។

ស្ដេចធំទាំង៤ នោះបានស្ដាប់ហើយពោលថា ម្នាលអ្នកទាំងឡាយ យើងទាំងឡាយក៏ពុំបានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនោះដែរ តែថាស្ដេចនៃយើងទាំងឡាយ ព្រះអង្គរំពឹងគិតនូវហេតុទាំងឡាយ គឺជនមួយ​ពាន់នាក់គិតហើយ អាចជ្រាបបានដោយកាលមួយរំពេច ស្ដេចនៃយើងទាំងឡាយនោះ ព្រះអង្គប្រសើរដោយវិសេសជាងយើងទាំងឡាយ ដោយប្រាជ្ញាផង ដោយបុណ្យផង ព្រោះហេតុដូច្នោះចូរអ្នកទាំងឡាយចូលមក យើងទាំងឡាយនឹងទៅកាន់សម្នាក់នៃទេវរាជនោះ ពោលដូច្នេះហើយក៏កាន់យកពពួកទេវតានោះចូលទៅកាន់សម្នាក់នៃសក្កទេវរាជ គឺទេវរាជនោះបានសួរហើយក្រាបទូលសេចក្ដីនោះសព្វគ្រប់ប្រការ។

ឯសម្ដេចព្រះចមទិព្យឥន្ទ្រាធិរាជ ទ្រង់បានស្ដាប់ហើយ ពោលថាម្នាលអ្នកទាំងឡាយ បុគ្គលដទៃពុំអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះឡើយ ប្រស្នាទាំងឡាយនេះជាវិស័យនៃព្រះសម្មាសម្ពុទ្ធពិត ព្រះអង្គពោលដូច្នេះហើយក៏សួរថា ព្រះសាស្ដាជាម្ចាស់ឥឡូវនេះព្រះអង្គគង់ក្នុងទីឯណា ទេវតា​ទាំងឡាយទូលថា ព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក្នុងវិហារឈ្មោះព្រះជេតពន ព្រះអង្គបានស្ដាប់ហើយពោលថា បើដូច្នោះអ្នកទាំងឡាយនឹងទៅកាន់សម្នាក់នៃព្រះដ៏មានព្រះភាគនោះ។ ព្រះឥន្ទ្រាធិរាជព្រមទាំងពួកទេវតាក៏ហោះចុះមកកាន់ស្ថានមនុស្សលោកមួយរំពេចដោយឫទ្ធិ ក្នុងវេលាពាក់កណ្ដាលរាត្រីហើយញ៉ាំងវិហារព្រះជេតពនឱ្យភ្លឺស្វាងរុងរឿងស្រេច ហើយចូលទៅកាន់សម្នាក់ព្រះសាស្ដាជាម្ចាស់ ថ្វាយបង្គំហើយស្ថិតនៅក្នុងទីដ៏សមគួរមួយ។

ព្រះបរមគ្រូសាស្ត្រាចារ្យ ទ្រង់សួរថា បពិត្រមហារាជ ព្រះអង្គយាងមកដោយពពួកទេវតាមានប្រមាណច្រើនយ៉ាងនេះ តើមានប្រយោជន៍អ្វី។

សម្ដេចព្រះអមរិន្រ្ទាធិរាជទូលថា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន ដ្បិតមានប្រស្នាទាំងឡាយ ៤ ចំពួក គឺពួកទេវតាទាំងពួងបណ្ដាលឱ្យកើតឡើងក្នុងទេវលោក ឈ្មោះថាបុគ្គលឯណាមួយដ៏អាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះពុំមានឡើយ សូមព្រះអង្គទ្រង់សម្ដែងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះ ដល់យើងទាំងឡាយ។

ព្រះបរមបពិត្រវិជិតមារជាម្ចាស់ ព្រះអង្គមានព្រះពុទ្ធដីកាថា សាធុមហារាជ បពិត្រមហារាជប្រពៃហើយ សព្វញ្ញុតញ្ញាណដែលព្រះតថាគតបានកសាងសន្សំញ៉ាំងបារមីទាំងឡាយ ៣០ គត់ឱ្យពេញបរិបូណ៌បានលះបង់នូវមហាបរិច្ចាគទាំងឡាយ ៥ ហើយបានត្រាស់ដឹងហើយ មិនមានប្រយោជន៍អ្វីដ៏ទៃទេ ប្រយោជន៍តែនឹងកាត់បង់នូវសេចក្ដីសង្ស័យនៃបុគ្គលទាំងឡាយប្រាកដស្មើដោយព្រះអង្គ បើដូច្នេះព្រះអង្គចូរស្ដាប់នូវប្រស្នាទាំងឡាយដែលព្រះអង្គបានសួរហើយ បពិត្រមហារាជ ធម្មទានជាធំប្រសើរជាងទានទាំងពួង រសធម៌ជាធំប្រសើរជាងរសទាំងពួង សេចក្ដីត្រេកអរក្នុងធម៌ជាធំប្រសើរជាងសេចក្ដីត្រេកអរទាំងពួង ចំណែកខាងកិរិយាអស់ទៅនៃតណ្ហា ជាធំប្រសើរដោយវិសេសព្រោះញ៉ាំងសត្វទាំងឡាយឱ្យដល់នូវព្រះអរហត្តដោយពិត ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងដូច្នេះហើយ ពោលជាបទព្រះគាថាដូច្នេះថា។

សព្វទានំធម្មទានំជិនាតំ     សព្វរសំធម្មរសោជិនាតិ

សព្វរតឹធម្មរតិជិនាតិ     តណ្ហក្ខយោសព្វទុក្ខំជិនាតិ

ប្រែ ជាកិរិយាឱ្យនូវធម៌ ឈ្នះនូវទានទាំងពួង រសធម៌ឈ្នះនូវរសទាំងពួង សេចក្ដីត្រេកអរក្នុងធម៌ ឈ្នះសេចក្ដីត្រេកអរទាំងពួង កិរិយាអស់ទៅនៃតណ្ហា ឈ្នះនូវកងទុក្ខទាំងអស់។ សេចក្ដីនេះប្រែត្រង់តាមបាលី ពីនេះនឹងអធិប្បាយតាមបទអដ្ឋកថាឱ្យពិស្ដារតទៅទៀត។

ប្រស្នាទី១ សេចក្ដីពិស្ដារថា បើបុគ្គលគប្បីឱ្យនូវត្រៃចីវរទាំងឡាយ ដ៏មានសាច់​ម៉ដ្ដ​ល្អប្រាកដស្មើដោយបណ្ដូលចេក ដល់ព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធនិងព្រះខីណាស្រពទាំងឡាយ គង់នៅក្នុងកណ្ដាប់ចក្កវាឡមួយតាំងពីស្ថានមនុស្សដ៏រាប់ដល់ព្រហ្មលោកនាយ ធ្វើពុំមានឱ្យមានចន្លោះឡើយ កិរិយាអនុមោទនាពិត គឺធម្មកថិកបានធ្វើដោយគាថាប្រកបដោយបាទ ៤ ក្នុងទីប្រជុំធំនោះ ជាគុណជាតិធំប្រសើរដោយវិសេសជាងឱ្យនូវអាមិសទាននោះដោយពិត ផលានិសង្សអាមិសទាននោះ សូម្បីតែមួយចំណិតមួយជ្រុងក៏ពុំបានឡើយ កិរិយាសម្ដែងនូវធម៌ក្ដី កិរិយាបង្ហាត់បង្ហាញនូវធម៌ក្ដី ជាធម្មទានមានផលានិសង្សដ៏ធំប្រសើរយ៉ាងនេះ។ ម៉្យាងវិញទៀត ឯធម្មសវនៈ គឺកិរិយាស្ដាប់នូវធម៌ គឺបុគ្គលឯណាបានធ្វើហើយ មហានិសំសោ អានិសង្សច្រើនដ៏ធំទូលាយនឹងកើតមានប្រាកដ ដល់បុគ្គលនោះដោយពិត។

ដ៏ហោចទៅសូម្បីតែធម្មទានដែលធម្មកថិកឱ្យប្រព្រឹត្តទៅដោយអំណាចនៃអនុមោទនា ដោយគាថាប្រកបដោយបាទ ៤ ប៉ុណ្ណោះគង់ជាធម្មទានដ៏ធំប្រសើរដោយវិសេស ជាងបិណ្ឌបាតទានគឺបរិសទ្យមានសភាពដូច្នោះ ញ៉ាំងបាត្រទាំងឡាយឱ្យពេញដោយបិណ្ឌបាត​ដ៏ប្រសើរហើយ ឱ្យហើយដល់ព្រះបច្ចេកពុទ្ធព្រះខីណាស្រពទាំងឡាយនោះផង ជាងភេសជ្ជទានគឺបរិសទ្យមានសភាពដូច្នោះ ញ៉ាំងបាត្រទាំងឱ្យពេញដោយវត្ថុទាំងឡាយមានសប្បិនិងប្រេងជាដើម ហើយឱ្យហើយដល់ព្រះពុទ្ធព្រះបច្ចេកពុទ្ធព្រះខីណាស្រពទាំងឡាយនោះឯង ជាងសេនាសនទានគឺបរិសទ្យឱ្យមានសភាពដូច្នោះ ញ៉ាំងគ្នានឹងគ្នា ឱ្យធ្វើសែនទាំងឡាយមិនតែមួយ នៃវិហារទាំងឡាយប្រាកដស្មើដោយមហាវិហារ នៃប្រាសាទទាំងឡាយប្រាកដស្មើដោយលោហប្រាសាទ ហើយឱ្យហើយផង ជាងបរិច្ចាគគឺជនទាំងឡាយមានសេដ្ឋីឈ្មោះអនាថបិណ្ឌិកជាដើមហើយផង។

មានពាក្យបុច្ឆាសួរថា ធម្មទានមានផលានិសង្សខ្ពង់ខ្ពស់ដ៏ប្រសើរដោយវិសេសយ៉ាងនេះ តើព្រោះហេតុអ្វី។

ពាក្យវិសជ្ជនាឆ្លើយថាមហាជនទាំងឡាយ កាលដែលបានធ្វើនូវបុណ្យទាំងឡាយមានសភាពដូច្នេះ ព្រោះតែបានស្ដាប់បានដឹងច្បាស់ហើយទើបធ្វើ បើពុំបានស្ដាប់ពុំបានដឹង ហើយក៏ពុំបានធ្វើនូវបុណ្យមានសភាពដូច្នេះដែរ។

ថាបើសត្វទាំងឡាយនេះមិនគប្បីស្ដាប់នូវធម៌ទេសនាទេ ក៏មិនគប្បីឱ្យនូវទានសូម្បីតែបបរមួយបោយ ឬបាយមួយវែកក៏ពុំបានឱ្យដោយពិត ធម្មទានជាទានមានផលានិសង្សធំដ៏ប្រសើរដោយវិសេស ជាងទានទាំងពួងដោយហេតុមានប្រមាណប៉ុណ្ណោះ។

ម៉្យាងវិញទៀត វៀរលែងតែព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធទាំងឡាយចេញ ឯអគ្គសាវកទាំងឡាយមានព្រះថេរឈ្មោះសារិបុត្តជាដើមប្រកបហើយដោយប្រាជ្ញា នាកាលទឹកភ្លៀងកាលធ្លាក់ចុះអស់កប្បទាំងអស់ ដ៏អាចហើយដើម្បីរាប់នូវតំណក់នៃទឹកភ្លៀងទាំងឡាយនោះបានដោយមិនឱ្យមានសល់ តែគង់ពុំអាចដើម្បីត្រាស់ដឹងនូវផលទាំងឡាយ មានសោតាបត្តិផលជាដើមដោយធម្មតាខ្លួនឯងបាន ដរាបតែបានស្ដាប់នូវព្រះធម៌គឺព្រះថេរទាំងឡាយមានអស្សជិតត្ថេរជាដើម ទើបធ្វើឱ្យជាក់ច្បាស់នូវសោតាបត្តិផលបាន លុះបានស្ដាប់ធម្មទេសនានៃព្រះបរមគ្រូជាម្ចាស់ទៀត ទើបធ្វើឱ្យជាក់ច្បាស់នូវបារមីញាណបាន។ ឯធម្មទាននេះជាទានមានផលធំដោយវិសេសដោយមានប្រមាណប៉ុណ្ណេះដោយពិត ព្រោះហេតុដូច្នោះ បានជាសម្ដេចព្រះមុនិន្ទជិនស្រីជាម្ចាស់ ទ្រង់សម្ដែងថា សព្វទានំ ធម្មទានំជិនាតិ ប្រែថា ធម្មទានអាចឈ្នះនូវទានទាំងឡាយក្នុងលោក គ្មានទានអ្វីផ្ទឹមបាន។

ប្រស្នាទី២ អធិប្បាយថារសទាំងឡាយទាំងពួងមានរសនៃដើមជាដើមក្ដី រសនៃសុធាភោជនរបស់ទេវតា​ទាំងឡាយដោយចំណែកជាឧក្រិដ្ឋក្ដី រសទាំងអស់នោះឈ្មោះថារសដែរ តែថាជារសគ្រាន់តែជាបច្ច័យនៃកិរិយាញ៉ាំងសត្វទាំងឡាយឱ្យធ្លាក់ចុះក្នុងសង្សារវដ្ដ ហើយសោយនូវទុក្ខវេទនារឿយៗ ប៉ុណ្ណោះដោយពិត។

ចំណែកខាងឯរសធម៌ឯណាគឺបណ្ឌិតពោលថាបក្ខិយធម៌ទាំង ៣៧ ដ៏ប្រសើរក្ដី គឺបណ្ឌិតពោលថាលោកុត្តរធម៌ទាំង ៩ ក្ដីរសធម៌យ៉ាងនេះ ទើបបានឈ្មោះថាជារសធម៌ធំដ៏ប្រសើរដោយវិសេសជាងរសទាំងឡាយទាំងពួងដោយពិត ព្រោះហេតុដូច្នោះបានជាសម្ដេចព្រះលោកុត្តមាចារ្យជាម្ចាស់ ទ្រង់សម្ដែងថា សព្វរសធម្មរសោជិនាតិ ប្រែថា រសធម៌អាចឈ្នះនូវរសទាំងអស់ក្នុងលោក គ្មានរសអ្វីផ្ទឹមបាន។

ប្រស្នាទី៣ អធិប្បាយថាសេចក្ដីត្រេកអរឯណា មានប្រយោជន៍ច្រើនតែមិនមួយ មានសេចក្ដីត្រេកអរក្នុងកូនប្រុសនិងកូនស្រីនិងទ្រព្យ ក្នុងល្បែងលេងស្រីនឹងល្បែងរាំនឹងច្រៀងនិងប្រគំជាដើម សេចក្ដីត្រេកអរទាំងអស់នោះឈ្មោះថា ត្រេកអរដែរ តែថាជាសេចក្ដីត្រេកអរគ្រាន់តែជាបច្ច័យនៃកិរិយាញ៉ាំងសត្វទាំងឡាយ ឱ្យធ្លាក់ចុះក្នុងសង្សារវដ្ដហើយសោយនូវទុក្ខវេទនារឿយៗ ប៉ុណ្ណេះដោយពិត។

បីតិ គឺចេតនាដែលត្រេកអរមានកម្លាំងឯណា កាលកើតឡើងខាងក្នុងនៃសន្តាន នៃបុគ្គលកាលសម្ដែងនូវធម៌ក្ដី កាលស្ដាប់នូវធម៌ក្ដី កាលបង្ហាត់បង្ហាញនូវធម៌ក្ដី បីតិគឺចេតនាដែលត្រេកអរឱ្យមានកម្លាំងនោះញ៉ាំងភាវៈនៃខ្លួនជាបុគ្គលមានចិត្តនឹង រាងកាយឱ្យរីករាយឱ្យកើតឡើងផង ញ៉ាំងទឹកភ្នែកទាំងឡាយឱ្យប្រព្រឹត្តទៅផង ញ៉ាំងសេចក្ដីព្រឺព្រួចនៃរោមឱ្យកើតឡើងផង បីតិនោះទើបឈ្មោះថាធ្វើឱ្យផុតចាកសង្សារវដ្ឋ មានព្រះអរហត្តជាទីបំផុតដោយពិត។

សេចក្ដីត្រេកអរក្នុងធម៌មានសភាពយ៉ាងនេះ ទើបបានឈ្មោះថាជាធំដ៏ប្រសើរដោយវិសេស ជាងសេចក្ដីត្រេកអរទាំងឡាយទាំងពួងដោយពិត ព្រោះហេតុដូច្នោះបានជាសម្ដេចព្រះវិសុទ្ធទេពសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងថា សព្វរតឹធម្មរតីជិនាតិ ប្រែថា សេចក្ដីត្រេកអរក្នុងធម៌ អាចឈ្នះនូវសេចក្ដីត្រេកអរទាំងពួងដោយពិតក្នុងលោក គ្មានសេចក្ដីត្រេកអរអ្វីប្រៀបផ្ទឹមបាន។

ប្រស្នាទី៤ អធិប្បាយថា ព្រះអរហត្តផលដែលបង្កើតឡើងក្នុងទីបំផុតនៃកិរិយាអស់ទៅនៃតណ្ហាដោយពុំមានសល់ បានឈ្មោះថាអស់ទៅនៃតណ្ហា ព្រះអរហត្តផលនោះជាធំប្រសើរដោយវិសេសជាងធម៌ទាំងពួង ព្រោះភាវៈនៃព្រះអរហត្តផលនោះអាចគ្របសង្កត់នូវកងទុក្ខក្នុងវដ្ដទាំងអស់បានដោយពិត ព្រោះហេតុដូច្នោះបានជាសម្ដេចព្រះសព្វវិទូបរមគ្រូជាម្ចាស់ទ្រង់សម្ដែងថា តណ្ហក្ខយោសព្វទុក្ខំជិនាតិ ប្រែថាកិរិយាអស់ទៅនៃតណ្ហា អាចឈ្នះនូវកងទុក្ខទាំងពួងក្នុងលោកដោយពិត។

នាកាលព្រះសាស្ដាជាម្ចាស់ កាលទ្រង់សម្ដែងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ដោយគាថានេះ យ៉ាងនេះចប់ហើយ កិរិយាត្រាស់ដឹងនូវធម្មរសប្រាំមានចក្ខុធម្មរសជាដើម មានប្រាកដដល់សត្វទាំងឡាយ ប្រាំបីម៉ឺនបួនពាន់ អាចផឹកទឹកអម្រឹតរសគឺអមតមហានិព្វាន ដែលជាធម៌នាំមកនូវសេចក្ដីសុខដោយចំណែកមួយ។

សម្ដេចព្រះចមត្រៃទិព្យអមរិន្ទ្រាធិរាជ បានស្ដាប់នូវធម្មកថានៃសាស្ដាទ្រង់សម្ដែងដូច្នេះហើយ ក៏លើកឡើងនូវក្រពុំអញ្ជលីប្រណម្យហើយទូលថាដូច្នេះ។

ភន្តេឯវិជេដ្ឋកេនាមធម្មទាន    កិមត្ថំអម្ភាកំបត្តឹនទាបេថ

ឥតោបដ្ឋាយសោភិក្ខុសំឃស្ស     កថេត្វាបត្តឹទាបេថភន្តេ។

ប្រែថា បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន នាកាលធម្មទានឈ្មោះថាធំប្រសើរដោយវិសេសយ៉ាងនេះហើយ ព្រះអង្គពុំបានញ៉ាំងបរិសទ្យទាំងឡាយមានភិក្ខុបរិសទ្យជាដើម បពិត្រព្រះអង្គដ៏ចម្រើ សូមព្រះអង្គទ្រង់សង្គ្រោះ ញ៉ាំងភិក្ខុសំឃដែលបានសម្ដែងនូវធម៌ឱ្យ ៗ ចំពោះនូវចំណែកបុណ្យ ដល់យើងទាំងឡាយ ចាប់ដើមតាំងតែអំពីថ្ងៃនេះទៅ។

សម្ដេចព្រះបរមគ្រូជាសាស្ដាជាម្ចាស់ ព្រះអង្គបានស្ដាប់ពាក្យព្រះឥន្ទកោសិយរាជទូលដូច្នោះហើយ  ព្រះអង្គទ្រង់ប្រជុំនូវភិក្ខុសង្ឃទាំងពួងចូលមកចួបជុំហើយ មានព្រះពុទ្ធដីកាថា ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើតាំងពីក្នុងថ្ងៃនេះជាដើមទៅ បើបានសម្ដែងឬស្ដាប់ធម៌យ៉ាងធំ បានសម្ដែងឬស្ដាប់ធម៌ប្រក្រតីក្ដី បានចូលទៅប្រជុំគ្នានិយាយធម៌ក្ដី ដ៏ហោចទៅសូម្បីសម្ដែងអនុមោទនាក្ដី គប្បីឱ្យនូវចំណែកបុណ្យដល់សត្វទាំងឡាយទាំងពួង សព្វ ៗ កាលតរៀងទៅ។

ព្រោះហេតុដូច្នោះ អ្នកប្រាជ្ញទាំងឡាយជាន់ក្រោយលោកអាងសេចក្ដីអនុញ្ញាតនេះ លោកតែងធម៌ អាកាសដ្ឋា យាទេវតា ឥមិនា សម្រាប់សូត្រឧទ្ទិសចំណែកបុណ្យជូនទៅសត្វទាំងឡាយទាំងពួង មាន ទេវតាជាដើមដោយពិត។

សម្ដែងរឿងសក្កបញ្ហា ប្រស្នាដែលព្រះឥន្ទ្រាធិរាជសួរព្រះសម្មាសម្ពុទ្ធ
ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណេះហោង។

ព្រះញាណបវរវិជ្ជា អែម ចាងហ្វាងសាលាបាឡីជាន់ខ្ពស់នៅក្រុងភ្នំពេញ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-៣២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments