បាយាសិ​រាជ​ញ្ញ​សូត្រ

នានា​សូត្រ

ឧបោទ្ធាតកថា

« ពាក្យផ្ដើម »

បាយាសិរាជញ្ញសូត្រនេះ លោកមហា នន្ទ បានប្រែចេញពីគម្ពីរទីឃនិកាយ មហាវគ្គ រៀបរៀបសេចក្ដីជាភាសាខ្មែរ ចប់ស្រេចតាំងពីក្នុងព្រះពុទ្ធសករាជ ២៤៧១ តែនៅជាសំណៅពុំទាន់បានផ្ទៀងផ្ទាត់និងស្រង់ចម្លងចេញដោយត្រឹមត្រូវនៅឡើយ ដោយលោកមហា នន្ទ ធ្លាក់ខ្លួនជាប់នៅក្នុងអំណាចព្យាធិបច្ចាមិត្រ គឺកាសរោគ ( រោគក្អក ) រោគនេះវាចូលមកជ្រកសម្ងំនៅសរីរកាយរបស់លោក វាមិនព្រមងាកថយចេញ ទោះបីខ្លួនលោកមហា នន្ទ ខំប្រឹងប្រហារដោយគ្រឿងសស្រ្តាវុធពោល គឺ ឱសថផ្សេងៗដូចម្ដេច វាក៍មិនព្រមងាកថយចេញ ក្រាញឃ្លៀចនៅៗនោះ ហើយវាបៀតបៀនឈ្លេចឈ្លីស៊ីជញ្ជក់សាច់ឈាម ឱ្យថមថយកម្លាំងព្រមទាំងសរីរាវយវៈចុះបន្តិចម្ដងៗដោយលំដាប់។ ដល់មកក្នុងព្រះពុទ្ធសករាជ ២៤៧៣ នេះ រោគនោះក៏កាន់តែមានកម្លាំងខ្លាំងឡើងៗ បានផ្ដាច់បង់នូវជីវិតិន្រ្ទិយរបស់លោកមហា នន្ទ ក្នុងឆ្នាំមមីទោស័កនេះ។

កាលក្នុងពេលដែលលោកមហា នន្ទ រៀបនឹងទម្លាយសង្ខារចេញចាកលោកនេះទៅ បានប្រារព្ធដល់ការកុសលដែលលោកបានធ្វើទុកក្នុងព្រះពុទ្ធសាសនា ជាបុញ្ញនិធិរបស់លោក ក៏នឹកមកដល់ការមួយ​ ដែលលោកធ្វើពុំទាន់ស្រេច គឺការប្រែព្រះសូត្រនេះឯង ទើបលោកបាននិយាយផ្ដាំនឹងខ្ញុំថាឱ្យជួយផ្ទៀងផ្ទាត់និងជួយចាត់ចែងឱ្យបានសម្រេចជារបស់ត្រឹមត្រូវឱ្យផង នឹងបានជាសម្បត្តិឧត្ដម នាំឱ្យមានប្រយោជន៍ក្នុងព្រះពុទ្ធសាសនាតទៅ។

ខ្ញុំក៏បានទទួលភារៈក្នុងការនេះ ហើយបានចាត់ចែងផ្ទៀងផ្ទាត់ឱ្យសរសេរចម្លងដោយត្រឹមត្រូវស្រេចហើយ បានយកទៅតម្កល់ទុកជាសម្បត្តិក្នុងព្រះរាជបណ្ណាល័យ-កម្ពុជា ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិកជនទាំងឡាយតទៅ។

ឯសេចក្ដីប្រែជាភាសាខ្មែរនេះមិនបានត្រឹមស្មើគ្នានឹងបាលី ដែលជាគោលដើមនោះទេ ព្រោះក្នុងបាលីមានសេចក្ដីផ្ទួនសាំដដែលៗជាច្រើនអន្លើ កាលបើប្រែជាភាសាខ្មែរឱ្យសាំដដែលៗ ដូចគ្នានឹងបាលី ជាហេតុនាំឱ្យអផ្សុកឬធុញទ្រាន់ដល់អ្នកដែលត្រូវការមើល។ ព្រោះហេតុនោះ ទើបបានប្រែកាត់សេចក្ដីឱ្យខ្លីចុះច្រើនអន្លើ គឺត្រង់ណាដែលសាំដដែលៗ កាត់ចោលចេញ ត្រង់ណាខ្លីពេកស្ដាប់ពុំបាន ក៏បន្ថែមបំពេញសេចក្ដីឱ្យវែងបន្តិចឡើង ដើម្បីឱ្យងាយស្ដាប់តាមសេចក្ដីដែលមានក្នុងអដ្ឋកថា។

សេចក្ដីក្នុងព្រះសូត្រនេះ មានអត្ថនៃប្រស្នាដ៏ឧត្តមពីរោះគួរចង់ស្ដាប់ណាស់ ខ្ញុំមានសង្ឃឹមថាព្រះសូត្រនេះ កាលបើអ្នកដែលជាសិក្ខាកាម បានមើល បានអាន ឬបានស្ដាប់ ដោយយកចិត្តទុកដាក់ប្រាកដ នឹងនាំឱ្យកើតមានប្រយោជន៍ច្រើនយ៉ាងដូច្នេះ។

១- នឹងមានសេចក្ដីស្ងើចអស្ចារ្យក្នុងចិត្ត ចំពោះត្រង់សេចក្ដីដែលយើងអ្នកមើលមិនដែលបានគិតដល់ ក៏ត្រឡប់ទៅជាមានទំនងមានផ្លូវឱ្យចេះគិតដល់ទៅបាន។

២- នឹងនាំឱ្យមានគំនិតប្រាជ្ញាវាងវៃ ដោយបានសង្កេតសេចក្ដីក្នុងប្រស្នាទាំងនោះ ហើយស្រូបយកមកទុកដាក់ក្នុងចិត្តរបស់ខ្លួន។

៣- នឹងនាំឱ្យគំនិតអ្នកដែលធ្លាប់យល់ឃើញទាស់ឆ្វេងពីផ្លូវត្រូវ ត្រឡប់ប្រែជាយល់ឃើញត្រូវតាមសេចក្ដីពិតវិញ។

៤- នឹងនាំឱ្យអ្នកដែលមានគំនិតយល់ត្រូវស្រាប់ មានសេចក្ដីពេញចិត្តនិងជ្រះថ្លាជាភិយ្យោភាពឡើងទៀត។

ទីបំផុតនេះ សូមឧទ្ទិសផលដែលកើតឡើងអំពីកុសលកម្ម គឺការចាត់ចែងផ្ទៀងផ្ទាត់ព្រះសូត្រនេះដរាបដល់ហើយស្រេច ឱ្យបានសម្រេចដល់ទៅលោកមហា នន្ទ ជាអ្នកប្រែនឹងរៀបរៀងដំបូង ដែលនិមន្តទៅបរលោកហើយ សូមឱ្យលោកបានសេចក្ដីសុខ និងមានសេចក្ដីចម្រើន អស់កាលយូរអង្វែងទៅហោង។

ថ្ងៃ ៥ ᧼ ៩ មមី ទោស័ក ពុទ្ធសករាជ ២៤៧៣
ត្រូវនឹងថ្ងៃ ២១ ខែអាអ៊ូត ឆ្នាំ ១៩៣០

ព្រះគ្រូសំឃវិជ្ជា ហ. តាត អាចារ្យបង្រៀននៅសាលាបាឡីជាន់ខ្ពស់ ក្រុងភ្នំពេញ

នន្ទបវត្តិ- សំខេប

លោកមហានន្ទ កើតនៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំវក ក្នុងឃុំវាំងចាស់ (ឧដុង្គ) ខណ្ឌត្រាចទង ខេត្តកំពង់ស្ពឺ មាតាឈ្មោះ ខៀវ បិតាឈ្មោះ ស៊ីន។ កាលនៅជាកុមារតូច អាយុប្រមាណជា ១៣ឆ្នាំបានចូលទៅសិក្សារៀនចំណេះអក្សរខ្មែរ ក្នុងទីវត្តប្រាង្គណ៍ ក្នុងឃុំ- ខេត្តជាមួយគ្នា។ ដល់អាយុ ១៧ឆ្នាំ បានបួសជាសាមណេរហើយបានសិក្សារៀនព្រះត្រៃបិដកមក។ ដល់អាយុគម្រប់ ២០ឆ្នាំគត់ បានបំពេញឧបសម្បទាជាភិក្ខុនៅក្នុងទីវត្តប្រាង្គណ៍ លោកគ្រូព្រះធម្មឃោសា មាស ជាព្រះឧបជ្ឈាយ៍ លោកគ្រូសមុហធម្មឃោសា យិន និងលោកគ្រូអាចារ្យ ឡាំង ជាឧបសម្បទាចារ្យរបស់លោកមហា នន្ទ ព្រះឧបជ្ឈាយ៍បានឱ្យនាមបញ្ញត្តិក្នុងឆាយ៉ាជា « នន្ទថេរ » (តាមឈ្មោះដើម ) ហើយលោកបានសិក្សារៀនព្រះត្រៃបិដកត​មក​ទៀត។ ដល់អាយុប្រមាណជា ២៥ ឬ ២៦ បានធ្វើជាអាចារ្យបង្ហាត់បង្រៀនព្រះត្រៃបិដកដល់ភិក្ខុសាមណេរ​តមក។ ដល់អាយុ ២៩ឆ្នាំ បានចូលមកប្រឡងប្រយោគព្រះត្រៃបិដកក្នុងទីវិហារវត្តព្រះកែវ​មរកត​ក្រុងភ្នំពេញក្នុងរាជព្រះករុណាព្រះបាទសម្ដេចព្រះសិរីសុវត្ថិ បានទីជាមហា ៣ ប្រយោគ។ តាំងអំពីនោះមក លោកមហា នន្ទ បានចាត់ចែងបង្ហាត់បង្រៀនធម៌វិន័យ ដល់ភិក្ខុសាមណេរនិងគ្រហស្ថទាំងឡាយជាច្រើន ហើយលោកបានតែងធម៌អាថ៌ទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាក៏ក្រែលដែរ គឺបានប្រែព្រះធម្មចក្កប្បវត្តនសូត្រ បាលីមកជាភាសាខ្មែរមួយ​ចប់ ( សូត្រនេះព្រះរាជបណ្ណាល័យ បានយកមកបោះពុម្ពក្នុងសៀវភៅកម្ពុជសុរិយា ឆ្នាំទី២ រួចហើយ ) បានប្រែបាយាសិរាជញ្ញសូត្របាលីមកជាភាសាខ្មែរមួយ​ចប់ បានប្រែរថវិនីតសូត្របាលីមកជាភាសាខ្មែរមួយ​ចប់ និងធម៌អាថ៌រាយរងក្រៅពីនេះ ក៏ក្រែល។ លោកមហា នន្ទ នេះ គួររាប់បញ្ចូលថាជាភិក្ខុអង្គមួយ​ ដែលជាពហុស្សូតជាអ្នកមានឧស្សាហក្នុងការដែលនាំឱ្យព្រះពុទ្ធសាសនាចម្រើនឡើង។ ដល់មកអាយុគម្រប់អាយុ ៤៥ ក៏មានព្យាធិរោគគឺរោគក្អកចូលមកចាប់ជាប់ក្នុងសរីរកាយ ហើយបៀតបៀនឱ្យថមថយកម្លាំងព្រមទាំងសរីរាវយវៈចុះបន្តិចម្ដងៗ ដរាបដល់អាយុគម្រប់ ៤៧ ឆ្នាំ រោគនោះឯងកាន់តែចម្រើនខ្លាំងឡើងៗ បៀតបៀនចាក់ដោតរូបលោកមហា នន្ទ ឱ្យដល់នូវសេចក្ដីឈឺចាប់និងក្ដៅក្រហាយជាទីបំផុត ឥតមានអ្វីនឹងជួយការពារបានឡើយ លោកមហា នន្ទ ក៏ទម្លាយសង្ខារចេញចាកលោកនេះទៅកាន់បរលោក នៅវេលារសៀលម៉ោង ១ ក្នុងថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំមមីទោស័ក ពុទ្ធសករាជ ២៤៧៣ ត្រូវនឹងថ្ងៃ ៩ ខែសូយេត ឆ្នាំ១៩៣០ ក្នុងទីវត្តប្រាង្គណ៍ ( ឧដុង្ដ )។

ព្រះគ្រូសំឃវិជ្ជា ហ. តាត ជាអ្នករៀបរៀង

បាយាសិរាជញ្ញសូត្រ

ទីឃនិកាយ មហាវគ្គ

ឯវម្មេសុតំ សូត្រនេះឈ្មោះបាយាសិរាជញ្ញសូត្រ គឺខ្ញុំ ( ឈ្មោះអានន្ទ )  បានស្ដាប់ហើយ ដោយអាការយ៉ាងនេះថា ក្នុងសម័យមួយ​ ព្រះកុមារកស្សបថេរដ៏មានអាយុ លោកនិមន្តទៅក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃប្រមាណ ៥០០ អង្គ បានទៅដល់សេតព្យនគរក្នុងដែនកោសល ហើយក៏គង់សម្រេចនូវឥរិយាបថទាំង ៤ ក្នុងសីសបាវ័ន គឺព្រៃដ៏ដេរដាសដោយឈើធ្នង់ នៅជាខាងជើងសេតព្យនគរ។ រីឯសេតព្យនគរនោះ ជាស្រុកបរិបូណ៌ដោយរាជបរិភោគ និងបរិបូណ៍ដោយធញ្ញាហារ ជាស្រុកកុះករដោយប្រជាជន និងសត្វគោក្របីដំរីសេះជាច្រើន ព្រមទាំងសម្បូណ៌ដោយស្មៅ ដោយអុសដោយទឹកជាច្រើន។

ព្រះបាទបសេនទិកោសល ទ្រង់បានព្រះរាជទានសេតព្យនគរនោះ ដល់ក្សត្រមួយ​អង្គទ្រង់ព្រះនាម « បាយាសិ » មិនទាន់បានរាជាភិសេកនៅឡើយឱ្យជាព្រហ្មទេយ្យសម្បត្តិ គឺព្រះរាជទាន ឱ្យជារបស់ដាច់ខាតដល់ស្ដេចបាយាសិ ៗ ក៏នៅគ្រប់គ្រងសម្បត្តិក្នុងសេតព្យនគរនោះ។

ក្នុងសម័យនោះ ស្ដេចបាយាសិ មានគំនិតវិបល្លាសយល់ឃើញខុសជាមិច្ឆាទិដ្ឋិ ថា «នត្ថិបរោលោកោ លោកដទៃ ( ក្រៅពីលោកនេះ ) មិនមាន នត្ថិសត្តាឱបបាតិកា សត្វទាំងឡាយដែលកើតក្នុងលោកនេះ តែស្លាប់ទៅហើយក៏សូន្យលែងកើតទៀត នឹងបានទៅកើតក្នុងស្ថាននរកឬក្នុងស្ថានសួគ៌ឯណានោះ​ មិនមានឡើយ នត្ថិសុកតទុក្កតានំកម្មានំផលវិបាកោ ផលវិបាករបស់កម្មដែលបុគ្គលធ្វើល្អនិងអាក្រក់ក៏ មិនមាន»។

គ្រានោះ ព្រាហ្មណ៍និងគហបតីទាំងឡាយដែលអាស្រ័យនៅក្នុងសេតព្យនគរ បានឮដំណឹងថា ព្រះកុមារកស្សបលោកជាសាវកនៃព្រះសមណគោតម និមន្តមកជាមួយនឹងព្រះភិក្ខុសង្ឃប្រមាណ ៥០០ អង្គ គង់នៅក្នុងសីសបាវ័នដែលនៅខាងជើងនៃសេតព្យនគរ។ ម្យ៉ាងទៀត កិត្តិសព្ទរបស់លោកនោះ ផ្សាយខ្ចរខ្ចាយទៅថា លោកជាអ្នកប្រាជ្ញ អ្នកឆ្លៀវឆ្លាស ជាពហុស្សូត មានសម្ដីដ៏វិចិត្រគួរចង់ស្ដាប់ មានប្រាជ្ញាវាងវៃ លោកជាអ្នកចេះដឹង ជាអង្គព្រះអរហន្ត កិរិយាដែលបានឃើញព្រះអរហន្ត ដូចជាព្រះកុមារកស្សបនោះជាគុណប្រសើរណាស់។ ទើបព្រាហ្មណ៍និងគហបតីទាំងឡាយក៏នាំគ្នាចេញពីសេតព្យនគរនោះ ទៅជាពួក ៗ តម្រង់ទៅកាន់សីសបាវ័ន។

ក្នុងសម័យនោះ ស្ដេចបាយាសិគង់ខាងលើប្រាសាទ ទ្រង់ទតព្រះនេត្រទៅ ក៏ឃើញព្រាហ្មណ៍និងគហបតីទាំងឡាយ កំពុងតែនាំគ្នាចេញពីសេតព្យនគរ មានមុខបែរទៅខាងឧត្ដរទិសាភាគជាពួកៗ ទើបត្រាស់សួរមហាអាមាត្យ ក៏បានជ្រាបដោយសព្វគ្រប់ ហើយត្រាស់បង្គាប់មហាអាមាត្យឱ្យទៅប្រាប់ពួកព្រាហ្មណ៍និងគហបតីទាំងនោះឱ្យរងចាំព្រះអង្គផង ស្ដេចនឹងយាងទៅកាន់សម្នាក់ព្រះកុមារកស្សបថេរនោះជាមួយដែរ។

គ្រានោះ ស្ដេចបាយាសិ មានពួកព្រាហ្មណ៍និងគហបតីទាំងនោះចោមរោមជាបរិវារ ទ្រង់គមនាការយាងទៅដល់ក៏សម្ដែងនូវសេចក្ដីរោះរាយគួរសម ជាមួយនឹងព្រះកុមារកស្សបថេរ ហើយពោលប្រាស្រ័យនូវពាក្យគួរជាទីរីករាយ ហើយគង់នៅក្នុងទីមួយ​ដ៏សមគួរ។ ចំណែកខាងពួកព្រាហ្មណ៍និងគហបតីទាំងនោះ ពួកខ្លះថ្វាយបង្គំព្រះកុមារកស្សបថេរ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះធ្វើនូវសេចក្ដីរាក់ទាក់គួរសមជាមួយនិងកុមារកស្សប ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះលើកដៃប្រណម្យចំពោះទៅកាន់ព្រះកុមារកស្សប ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រកាសនាមនិងគោត្ររបស់ខ្លួន ហើយក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏អង្គុយស្ងៀមៗតែម្ដងទៅ។ ចំណែកស្ដេចបាយាសិ បានគង់នៅក្នុងទីមួយ​ដ៏សមគួរហើយក៏មានព្រះបន្ទូលចំពោះទៅព្រះកុមារកស្សបថេរថា « បពិត្រព្រះកុមារកស្សបដ៏ចម្រើន ខ្ញុំព្រះករុណាតែងនិយាយយ៉ាងនេះតែងឃើញយ៉ាងនេះថា « លោកដទៃមិនមាន សត្វដែលជាឧបបាតិកទាំងឡាយមិនមាន » ( សម្ដីនិងគំនិតរបស់ខ្ញុំយ៉ាងនេះលោកម្ចាស់ នឹងយល់ឃើញថាត្រូវ ថាល្អ ថាពិតដែរ ឬក៏លោកម្ចាស់ យល់ឃើញដូចម្ដេច )។

ព្រះកុមារកស្សបថេរ លោកមានថេរវាចាតបមកវិញថាថ្វាយព្រះពរមហាបពិត្រ អាត្មាភាពធ្លាប់បានឃើញ ធ្លាប់បានឮដែរ អ្នកដែលនិយាយយ៉ាងនេះ អ្នកដែលមានសេចក្ដីយល់ឃើញយ៉ាងនេះ ហេតុដូចម្ដេច បានជាគេនិយាយ គេចូលចិត្តថា « លោកដទៃ មិនមាន សត្វដែលជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន។ មហាបពិត្រ បើដូច្នោះអាត្មាភាពត្រឡប់សួរចំពោះទៅព្រះអង្គវិញក្នុងរឿងនេះ ព្រះអង្គយល់ឃើញដូចម្ដេច សូមឆ្លើយដូច្នោះចុះ។ មហាបពិត្រ ព្រះអង្គសម្គាល់ឃើញដូចម្ដេច ព្រះចន្ទនិងព្រះអាទិត្យនេះ ជាទេវតា ឬជាមនុស្សនៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន ព្រះចន្ទនិងព្រះអាទិត្យនេះជាទេវតា មិនមែនជាមនុស្សទេ នៅក្នុងលោកដទៃ មិនមែននៅក្នុងលោកនេះទេ។

កុ. ថ្វាយព្រះពរមហាបពិត្រ តាមដោយនូវបរិយាយដែលព្រះអង្គឆ្លើយមកនេះ មានតែត្រូវចូលចិត្តថា « លោកដទៃ មាន សត្វដែលជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន លោកម្ចាស់មានថេរវាចាដូច្នេះក៏ពិតមែនហើយ តែខ្ញុំនៅតែមានសេចក្ដីយល់ឃើញដូចមុន។

កុ. ថ្វាយព្រះពរមហាបពិត្រ ហេតុអ្វីក៏បានជាព្រះអង្គនៅតែមានសេចក្ដីយល់ឃើញដូចមុនដដែល ព្រះអង្គនៅមានសេចក្ដីបរិយាយដូចម្ដេចទៀត។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន បានជាខ្ញុំនៅតែមានសេចក្ដីយល់ឃើញដូចមុនដដែល ព្រោះខ្ញុំនៅមានបរិយាយដូច្នេះទៀតថា មិត្រអាមាត្យនិងញាតិសាលោហិតទាំងឡាយរបស់ខ្ញុំ កាលដែលរស់នៅក្នុងលោកនេះ បានធ្វើនូវអំពើអកុសលកម្មទាំងឡាយ គឺសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងផ្លូវកាម និយាយពាក្យកុហក និយាយពាក្យចាក់ដោតគេ និយាយពាក្យញុះញង់គេ និយាយពាក្យឥតប្រយោជន៍ លុះក្នុងអំណាចសេចក្ដីលោភ មានចិត្តព្យាបាទគេ និងមានគំនិតយល់ឃើញខុស លុះដល់កាលមកខាងក្រោយអ្នកទាំងនោះមានជំងឺឈឺជាទម្ងន់ ខ្ញុំបានដឹងថា អ្នកទាំងនោះមានជំងឺឈឺមិនអាចនឹងត្រឡប់ជាវិញទេ ទើបខ្ញុំបានទៅនិយាយនឹងអ្នកជំងឺទាំងនោះថា « អ្នកដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកខ្លះ គេនិយាយថា អ្នកណាប្រព្រឹត្តធ្វើនូវអំពើអកុសលមានសម្លាប់សត្វជាដើម អ្នកនោះតែទម្លាយរាងកាយគឺស្លាប់ទៅ នឹងទៅកើតក្នុងអបាយភូមិមាននរកជាដើម ឥឡូវខ្លួនអ្នកបានធ្វើនូវអំពើអកុសលទាំងឡាយមានសម្លាប់សត្វដើមនោះហើយ បើពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះជាពាក្យពិតប្រាកដមែន អ្នកឯងតែទម្លាយរាងកាយស្លាប់ទៅនឹងទៅកើតក្នុងអបាយភូមិនោះមែន សត្វទាំងឡាយដែលឧបបាតិក មានមែន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មានមែន។ អ្នកជំងឺទាំងនោះបានទទួលពាក្យបណ្ដាំរបស់ខ្ញុំ ហើយក៏ធ្វើកាលកិរិយាក្ស័យទៅ ឥឡូវបាត់មិនឃើញត្រឡប់មកប្រាប់ បើមិនមកប្រាប់ដោយខ្លួនឯងគួរតែប្រើបម្រើឱ្យមកប្រាប់ បម្រើក៏មិនឃើញ »។ បពិត្រព្រះកុមារកស្សប សេចក្ដីបរិយាយរបស់ខ្ញុំ មានយ៉ាងនេះ បានជាខ្ញុំនៅតែមានគំនិតយល់ឃើញថា « លោកដទៃ មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមានផលវិបាករបស់កម្មដែលសត្វធ្វើល្អនឹងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះអាត្មាភាព នឹងសូមសួរព្រះអង្គក្នុងប្រស្នានេះវិញ ព្រះអង្គយល់ឃើញយ៉ាងណា សូមព្រះអង្គឆ្លើយយ៉ាងនោះចុះ ព្រះអង្គសម្គាល់សេចក្ដីត្រង់នេះដូចម្ដេច សេចក្ដីថា រាជបុរសទាំងឡាយចាប់ចោរដែលប្រព្រឹត្តអាក្រក់ក្នុងព្រះនគរនេះបានមក ហើយថ្វាយដល់ព្រះអង្គ ៗ ក៏ត្រាស់បង្គាប់ឱ្យចងដើមដៃទាំងពីរមកខាងក្រោយហើយឱ្យនាំចោរទាំងនោះចេញទៅតាមទ្វារព្រះនគរខាងត្បូងហើយឱ្យកាត់ក្បាល ក្នុងកន្លែងដែលសម្រាប់សម្លាប់ចោរ។ រាជបុរសទាំងឡាយ កាលបើទទួលព្រះរាជអាជ្ញារបស់ព្រះអង្គហើយ ក៏ធ្វើតាមព្រះរាជឱង្ការសព្វគ្រប់ ហើយឱ្យចោរនោះអង្គុយក្នុងកន្លែងដែលសម្រាប់សម្លាប់ចោរ រួចក៏ផ្គូរផ្គងនឹងសម្លាប់។ ចោរនោះក៏និយាយអង្វរពួកពេជ្ឈឃាដគឺបុរសដែលជាអ្នកសម្លាប់នោះថា « បពិត្រអស់លោកទាំងឡាយសូមលោកមេត្តាឈប់បង្អង់បន្តិចសិន ព្រោះមិត្តសម្លាញ់និងញាតិសាលោហិតទាំងឡាយរបស់ខ្ញុំ នៅក្នុងស្រុកនិងនិគមឯណោះ ៗ គេនឹងមកចួបនឹងខ្ញុំក្នុងពេលនេះ។ រីឯពួកបុរសអ្នកសម្លាប់ កាលបើចោរទួញយំអង្វរដូច្នេះ តើនឹងបង្អង់ចាំតាមពាក្យអង្វររបស់ចោរ ឬនឹងកាត់ក្បាលចោរដែលកំពុងទួញយំនោះ ព្រះអង្គ។

បា. បពិត្រព្រះកុមារកស្សប ពួកបុរសអ្នកសម្លាប់នឹងមិនព្រមឈប់បង្អង់តាមពាក្យអង្វររបស់ចោរនោះឡើយ នឹងកាត់ក្បាលចោរ ក្នុងពេលដែលចោរកំពុងតែយំសោកអង្វរនោះឯង លោកម្ចាស់។

កុ. ថ្វាយព្រះពរមហាបពិត្រ ចោរនោះជាមនុស្សពិតសូមអង្វរពួកបុរសអ្នកសម្លាប់ដែលមានជាតិជាមនុស្សដូចគ្នា អង្វរមិនបាន ចំណង់បើមិត្រអាមាត្យនិងញាតិសាលោហិតទាំងឡាយរបស់ព្រះអង្គ ដែលធ្វើអកុសលកម្មមានសម្លាប់សត្វជាដើមហើយស្លាប់ទៅកើតក្នុងអបាយភូមិមាននរកជាដើម នឹងអង្វរពួកនិរយបាល ឱ្យឈប់បង្អង់កុំអាលឱ្យធ្វើទុក្ខទោស នាំត្រឡប់មកថ្វាយដំណឹងដល់ព្រះអង្គសិន ធ្វើម្ដេចពួកនិរយបាលនឹងព្រមឈប់បង្អង់ចាំបាន នឹងមិនព្រមតាមអង្វរនោះឡើយ។ ហេតុដូច្នេះ សូមព្រះអង្គជ្រាបដោយសេចក្ដីអធិប្បាយនេះចុះថា « លោកដទៃមាន សត្វទាំងឡាយជាឧបបាតិកក៏មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ ក៏មាន »។

បា. បពិត្រព្រះកុមារកស្សប លោកម្ចាស់អធិប្បាយពន្យល់សេចក្ដីមកយ៉ាងនេះ ក៏ឃើញថាពិតមែនហើយ តែខ្ញុំនៅតែមានគំនិតយល់ឃើញដដែល ថា « លោកដទៃ មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរមហាបពិត្រ ព្រះអង្គនៅមានបរិយាយដូចម្ដេចទៀត បានជាព្រះអង្គនៅតែប្រកាន់ទិដ្ឋិដដែល។

បា. លោកម្ចាស់ ខ្ញុំនៅមានបរិយាយដូច្នេះទៀត ថាមិត្រអាមាត្យនិងញាតិសាលោហិតទាំងឡាយរបស់ខ្ញុំ កាលដែលរស់នៅក្នុងលោកនេះ បានវៀរចាកអំពើអកុសលទាំងឡាយ មានវៀរចាកកិរិយាសម្លាប់សត្វជាដើម លុះដល់កាលមកខាងក្រោយ អ្នកទាំងនោះមានជំងឺឈឺជាទម្ងន់ ខ្ញុំដឹងថាអ្នកទាំងនោះមានជំងឺឈឺមិនអាចនឹងត្រឡប់ជាវិញទេ ក៏បានចូលទៅនិយាយនឹងអ្នកទាំងអស់នោះថា « អ្នកដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកខ្លះ គេនិយាយថា អ្នកឯណាមួយបានធ្វើនូវអំពើកុសលកម្ម មានមិនសម្លាប់សត្វជាដើម អ្នកនោះលុះរាងកាយស្លាប់ នឹងទៅកើតក្នុងសុគតិភូមិ គឺស្ថានសួគ៌ ឥឡូវអ្នកទាំងឡាយ បានធ្វើនូវអំពើកុសលកម្ម មានមិនសម្លាប់សត្វជាដើមហើយ បើពាក្យសមណព្រាហ្មណ៍នោះ ជាពាក្យពិតប្រាកដមែន តែអ្នកស្លាប់ទៅនឹងទៅកើតក្នុងស្ថានសួគ៌ដោយពិត បើអ្នកបានទៅកើតក្នុងស្ថានសួគ៌ហើយ អ្នកគប្បី​ត្រឡប់​​មកប្រាប់យើងឱ្យដឹងផងថា « លោកដទៃមានមែន សត្វទាំងឡាយជាឧបបាតិកមានមែន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់មានមែន ក៏អ្នកទាំងនោះបានទទួលពាក្យបណ្ដាំរបស់ខ្ញុំ ហើយធ្វើកាលកិរិយាក្ស័យទៅ ឥឡូវមិនឃើញត្រឡប់មកប្រាប់ បើមិនមកដោយខ្លួនឯងក៏គួរតែប្រើបម្រើឱ្យមកប្រាប់ បម្រើក៏មិនឃើញមក។ បពិត្រព្រះកុមារកស្សបខ្ញុំមានរឿងបរិយាយយ៉ាងនេះ បានជាខ្ញុំនៅតែប្រកាន់ទិដ្ឋិដដែល។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះអាត្មាភាពសូមនាំសេចក្ដីឧបមាមួយមកថ្វាយព្រះអង្គទៀតថា « មានបុរសម្នាក់ធ្លាក់ទៅក្នុងរណ្ដៅគូថលាមក គ្រានោះព្រះអង្គបានទតព្រះនេត្រទៅឃើញហើយ ក៏បង្គាប់រាជបុរសទាំងឡាយ ឱ្យលើកបុរសនោះឡើងអំពីរណ្ដៅលាមកនោះ ហើយឱ្យយកបន្ទះឫស្សីកៀរគូថលាមកចេញអំពីខ្លួនបុរសនោះ ហើយឱ្យដុសលាងខ្លួនបុរសនោះដោយទឹក មួយអន្លើដោយដីសម្រាប់កក់បាន ៣ ដង រួចឱ្យលាបស្រឡាបខ្លួនបុរសនោះ ដោយប្រេងសម្រាប់លាបដោយលម្អិតគ្រឿងក្រអូបបីដងទៀត ហើយឱ្យយកកម្រងផ្កានិងលម្អិតគ្រឿងលាបគ្រឿងផាត់ និងសំពត់យ៉ាងល្អយ៉ាងថ្លៃ មកឱ្យបុរសនោះប្រដាប់តាក់តែងកាយរួចស្រេចហើយ ឱ្យបុរសនោះឡើងកាន់ប្រាសាទ ហើយឱ្យចាត់ចែងបម្រើបុរសនោះដោយកាមគុណទាំងយ៉ាង។ រាជបុរសទាំងឡាយក៏ធ្វើតាមព្រះរាជឱង្ការទាំងអស់។ ថ្វាយពរមហាបពិត្រ ព្រះអង្គសម្គាល់សេចក្ដីនេះដូចម្ដេច បុរសនោះកាលបើរួចចេញអំពីរណ្ដៅលាមក ហើយបានប្រដាប់តាក់តែងកាយរបស់ខ្លួនដោយគ្រឿងលម្អ ហើយឡើងទៅអាស្រ័យនៅខាងលើប្រាសាទ កំពុងត្រេកត្រអាលដោយកាមគុណទាំង ៥ យ៉ាងនេះហើយ បុរសនោះនឹងមានសេចក្ដីប្រាថ្នាចង់ចុះទៅក្នុងរណ្ដៅលាមកនោះម្ដងទៀតឬអ្វី។

បា. ទេលោកម្ចាស់ បុរសនោះឥតមានប្រាថ្នានឹងចង់ចុះទៅក្នុងរណ្ដៅលាមកនោះវិញឡើយ ព្រោះរណ្ដៅលាមកនោះពេញទៅដោយវត្ថុមិនស្អាត មានក្លិនស្អុយអាក្រក់គួរខ្ពើមរអើមក្រៃពេកណាស់។

កុ. ថ្វាយព្រះពរមហាបពិត្រ រណ្ដៅលាមកនោះជាទីស្មោកគ្រោកមិនស្អាតគួរខ្ពើមរអើមដល់បុរសនោះយ៉ាងណា មនុស្សលោកក៏ជាទីស្មោកគ្រោកមិនស្អាតមានក្លិនស្អុយ គួរជាទីខ្ពើមរអើមក្រៃពេក ដល់ទេវតាទាំងឡាយ យ៉ាងនោះដែរ។ ម្យ៉ាងទៀត មនុស្សលោកនេះមានក្លិនស្អុយ ផ្សាយឡើងទៅលើចម្ងាយ ១០០ យោជន៍ ដោយហេតុនេះ បានជាមិត្រអាមាត្យនិងញាតិសាលោហិតរបស់ព្រះអង្គ ដែលធ្វើអំពើកុសលកម្មមានកិរិយាវៀរលែងសម្លាប់សត្វជាដើម ហើយធ្វើកាលកិរិយាក្ស័យទៅ ៗ កើតក្នុងស្ថានសួគ៌ មិនអាចនឹងត្រឡប់មកថ្វាយដំណឹងដល់ព្រះអង្គវិញបាន។ ហេតុដូច្នេះ សូមព្រះអង្គជ្រាបដោយសេចក្ដីអធិប្បាយនេះចុះ ថា « លោកដទៃ មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់  មាន »។

បា. បពិត្រព្រះកុមារកស្សប លោកម្ចាស់អធិប្បាយពន្យល់មកយ៉ាងនេះ ក៏ឃើញជាត្រូវមែនហើយ ប៉ុន្តែសេចក្ដីបរិយាយរបស់ខ្ញុំនៅមានទៀត មិត្រអាមាត្យនិងញាតិសាលោហិតរបស់ខ្ញុំ បានវៀរចាកអំពើអកុសលកម្មទាំងឡាយមានវៀរចាកកិរិយាសម្លាប់សត្វជាដើម ដល់មានជំងឺឈឺជាទម្ងន់ ខ្ញុំបានចូលទៅនិយាយថា មានសមណព្រាហ្មណ៍ពួកខ្លះគេនិយាយថា អ្នកឯណាបានវៀរចាកអំពើអកុសលកម្មមានវៀរចាកកិរិយាសម្លាប់សត្វជាដើម អ្នកនោះដល់ទម្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងស្ថានសួគ៌ នៅរួមជាមួយគ្នានឹងពួកទេវតាទាំងឡាយក្នុងស្ថានតាវត្តិង្ស បើពាក្យសមណព្រាហ្មណ៍នោះជាពាក្យពិតប្រាកដមែន ខ្លួនអ្នកចេះនៅតែទម្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងស្ថានសួគ៌  នៅរួមជាមួយនឹងពួកទេវតាទាំងឡាយក្នុងស្ថានតាវត្តិង្ស​ដោយពិត អ្នកគប្បីត្រឡប់មកឱ្យដំណឹងយើងផង។ ក៏អ្នកទាំងនោះទទួលពាក្យបណ្ដាំរបស់ខ្ញុំហើយធ្វើកាលករិយាក្ស័យទៅ ឥឡូវបាត់មិនឃើញត្រឡប់មកឱ្យដំណឹង បើមិនមកដោយខ្លួនឯង គួរតែឱ្យបម្រើមក បម្រើក៏មិនឃើញមក។ បានជាខ្ញុំនៅតែប្រកាន់ទិដ្ឋិដដែល។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះអាត្មាភាពសូមសួរព្រះអង្គវិញក្នុងប្រស្នានេះថា មួយ​រយឆ្នាំរបស់មនុស្សលោកនេះត្រូវជាមួយរាត្រីរបស់ទេវតានៅក្នុងស្ថានតាវត្តិង្ស ៣០ រាត្រីទិព្វនោះជា ១ខែ ១២ខែទិព្វនោះជា ១ឆ្នាំ ១ពាន់ឆ្នាំទិព្វនោះជាអាយុរបស់ទេវតានៅក្នុងស្ថានតាវត្តិង្ស។ រីឯមិត្រអាមាត្យនិងញតិសាលោហិតរបស់ព្រះអង្គ ដែលបានវៀរចាកអកុសលកម្មមានមិនសម្លាប់សត្វជាដើម ហើយធ្វើកាលកិរិយាក្ស័យទៅក៏ទៅកើតក្នុងស្ថានសួគ៌ នៅរួមជាមួយគ្នានឹងពួកទេវតាក្នុងស្ថានតាវត្តិង្ស បើប្រសិនព្រះអង្គបានផ្ដាំមែន តែពួកទេវតាទាំងនោះគិតថា យើងនៅត្រេកត្រអាលសប្បាយដោយកាមគុណទិព្វនេះ ពីរបីរាត្រីសិនសន្សឹមយើងទៅឱ្យដំណឹងដល់ស្ដេចបាយាសិ បើជាទេវតាពួកនោះ នៅឈប់បង្អង់តែពីរបីថ្ងៃប៉ុណ្ណោះ ឆ្នាំក្នុងមនុស្សលោកនេះកន្លងទៅ ពីរបីរយឆ្នាំទៅហើយ។ ហេតុដូច្នេះ សូមព្រះអង្គជ្រាបដោយសេចក្ដីអធិប្បាយនេះចុះ ថា « លោកដទៃ មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន »។

បា. បពិត្រព្រះកុមារកស្សប មិនមែនដូច្នោះទេ ប្រសិនបើពួកយើងធ្វើកាលកិរិយាក្ស័យទៅអស់កាលយូរអង្វែងយ៉ាងនេះ តើទេវតាណានឹងមកឱ្យដំណឹងដល់លោកម្ចាស់ ថាទេវតាទាំងឡាយនៅក្នុងស្ថានតាវត្តិង្ស មាន ថាទេវតាទាំងឡាយក្នុងស្ថានតាវត្តិង្ស មានអាយុវែងយឺនយូរយ៉ាងនេះ ខ្ញុំមិនជឿលោកម្ចាស់ទេ។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះ បុរសដែលខ្វាក់អំពីកំណើត មិនដែលមើលឃើញរូបទាំងឡាយ ដែលមានពណ៌ខ្មៅ ពណ៌ស ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម និងរូបដែលស្មើនិងមិនស្មើនឹងរូបផ្កាយ រូបព្រះចន្រ្ទ រូបព្រះអាទិត្យ។ បុរសខ្វាក់អំពីកំណើតនោះ និយាយថា រូបទាំងឡាយ មានរូបដែលមានពណ៌ខ្មៅ ពណ៌សជាដើម មានរូបព្រះចន្រ្ទនិងព្រះអាទិត្យជាទីបំផុត នោះមិនមានទេ អ្នកដែលមើលទៅឃើញរូបទាំងនោះក៏មិនមាន បើប្រសិនជារូបទាំងនោះមានមែន ឬអ្នកដែលមើលទៅឃើញរូបទាំងនោះមានមែនយើងក៏គង់ដឹង គង់ស្គាល់ គង់ឃើញ។ ថ្វាយព្រះពរមហាបពិត្រ បើបុរសខ្វាក់អំពីកំណើត និយាយដូច្នេះតើឈ្មោះថានិយាយត្រូវ ឬនិយាយខុស ព្រះអង្គ។

បា. បពិត្រព្រះកុមារកស្សប ពាក្យដែលបុរសខ្វាក់ពីកំណើតនិយាយដូច្នេះមិនត្រូវទេ ព្រោះថារូបទាំងឡាយមានរូបមានពណ៌ខ្មៅជាដើម ជារូបមានប្រាកដ តែបុរសខ្វាក់អំពីកំណើតមើលមិនឃើញ ហើយក៏និយាយតាមទំនើងចិត្តខ្លួនថាមិនដឹង មិនដែលឃើញ ដូច្នេះទៅ។

កុ. ថ្វាយព្រះពរមហាបពិត្រ ព្រះអង្គឧបមាដូចជាបុរសដែលខ្វាក់អំពីកំណើតនោះឯង ព្រះអង្គមានព្រះអង្គមានព្រះបន្ទូលតាមសេចក្ដីសម្គាល់ តាមសេចក្ដីយល់ឃើញរបស់ព្រះអង្គ ថា « អ្នកណាមកឱ្យដំណឹងដល់ព្រះកុមារកស្សបថា ទេវតានៅក្នុងស្ថានតាវត្តិង្សមាន ថា ទេវតានៅក្នុងស្ថានតាវត្តិង្សនោះមានអាយុវែង » ដូច្នេះ។ ថ្វាយព្រះពរមហាបពិត្រ លោកដទៃឥតមានអ្នកណានឹងមើលទៅឃើញបាន ដូចសេចក្ដីដែលព្រះអង្គសម្គាល់ថាមើលឃើញដោយមំសចក្ខុ គឺភ្នែកប្រក្រតីនោះឡើយ។ សមណព្រាហ្មណ៍ទាំងឡាយឯណា ដែលលោកអាស្រ័យនូវទីសេនាសនៈដ៏ស្ងាត់នៅក្នុងព្រៃ សមណព្រាហ្មណ៍ទាំងឡាយនោះ លោកមិនប្រមាទ លោកមានសេចក្ដីព្យាយាម លោកមានចិត្តបញ្ជូនត្រង់ទៅកាន់ព្រះនិពា្វន លោកជម្រះនូវចក្ខុទិព្វ គឺថាលោកបាននូវចក្ខុទិព្វ។ សមណព្រាហ្មណ៍ទាំងនោះហើយ ដែលលោកមើលឃើញ នូវលោកនេះផង នូវលោកដទៃផង នូវសត្វទាំងឡាយជាឧបបាតិកផង ដោយចក្ខុទិព្វដ៏បរិសុទ្ធស្អាត កន្លងនូវចក្ខុរបស់មនុស្ស (សាមញ្ញ)។ ហេតុដូច្នេះ សូមព្រះអង្គជ្រាបតាមសេចក្ដីបរិយាយនេះចុះ ថា « លោកដទៃ  មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន »។

បា. បពិត្រព្រះកុមារកស្សប លោកម្ចាស់អធិប្បាយពន្យល់មកយ៉ាងនេះ គួរតែឱ្យជឿណាស់ហើយ ប៉ុន្តែការត្រិះរិះគិតរបស់ខ្ញុំក្នុងរឿងនេះនៅមានទៀត ខ្ញុំគិតឃើញថា សមណព្រាហ្មណ៍ទាំងឡាយក្នុងលោកនេះ លោកមានសីលល្អ មានគុណធម៌ល្អ លោកប្រាថ្នាចង់តែរស់នៅ លោកមិនប្រាថ្នាចង់ស្លាប់ទេ លោកប្រាថ្នាសេចក្ដីសុខ លោកខ្ពើមសេចក្ដីទុក្ខ។ ខ្ញុំត្រិះរិះគិតទៅឃើញថា សមណព្រាហ្មណ៍ទាំងឡាយ ដែលលោកមានសីលបរិសុទ្ធល្អ មានគុណធម៌ល្អ លោកក៏គង់ដឹងច្បាស់ថា « សេចក្ដីប្រសើរ សេចក្ដីល្អ នឹងមានដល់លោក ក្នុងកាលដែលលោកស្លាប់អំពីលោកនេះទៅ ហេតុអ្វីក៏បានជាលោកមិនបរិភោគថ្នាំពិស មិនប្រហារជីវិតខ្លួនដោយគ្រឿងសស្ត្រាវុធ មិនចងក មិនលោតទៅក្នុងជ្រោះឱ្យស្លាប់ដោយខ្លួនឯង ពីក្នុងលោកនេះទៅ នឹងទៅយករបស់ប្រសើរក្នុងបរលោកឯណោះ ឬក៏សមណព្រាហ្មណ៍ទាំងឡាយនោះ លោកមិនដឹងជា សេចក្ដីប្រសើរ សេចក្ដីល្អ នឹងមានដល់ខ្លួនលោកក្នុងកាលដែលលោកស្លាប់អំពីលោកនេះទៅទេ បានជាលោកប្រាថ្នាចង់រស់នៅ លោកមិនប្រាថ្នាសេចក្ដីស្លាប់។ បពិត្រព្រះកុមារកស្សប សេចក្ដីយល់ឃើញរបស់ខ្ញុំយ៉ាងនេះ បានជាខ្ញុំនៅមានសេចក្ដីប្រកាន់ថា « លោកដទៃ មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះអាត្មាភាពនឹងធ្វើសេចក្ដីឧបមាមួយថ្វាយ។ មហាបពិត្រ កាលព្រេងព្រឹទ្ធពីដើម មានព្រាហ្មណ៍ម្នាក់មានឈ្មោះមិនប្រាកដ ព្រាហ្មណ៍នោះមានប្រពន្ធពីរ ប្រពន្ធទីមួយមានកូនប្រុសម្នាក់មានអាយុប្រមាណជា ១០ឆ្នាំ ឬ ១២ឆ្នាំ ប្រពន្ធទីពីរក៏មានគភ៌ឡើងទៀត។ សម័យនោះព្រាហ្មណ៍ជាបិតាធ្វើកាលកិរិយាក្ស័យទៅ ទើបមាណពជាកូននោះ ទៅនិយាយនឹងស្រីជាម្ដាយចុងថា បពិត្រអ្នកដ៏ចម្រើន ទ្រព្យសម្បត្តិ ស្រូវ អង្ករ មាសប្រាក់ទាំងអស់នេះ ជារបស់បិតាខ្ញុំទាំងអស់ ដែលជារបស់អ្នកនោះតែបន្តិចបន្តួចក៏មិនមានទេ អ្នកចូរប្រគល់ទ្រព្យមត៌កទាំងអស់នោះឱ្យមកខ្ញុំ។ នាងព្រាហ្មណី ( ម្ដាយចុង ) នោះក៏និយាយអង្វរឃាត់មាណពនោះថា ម្នាលកូន ចូរបាឯងឈប់បង្អង់រង់ចាំម្ដាយប្រសូតកូនមកសិន បើកូននោះជាប្រុសនឹងត្រូវបានទ្រព្យសម្បត្តិនេះមួយ​ចំណែកដែរ បើកូននោះជាស្រីក៏នឹងបានជាបាទបរិចារិកា ជាភរិយានៃបាឯង។ យូរបន្តិចមក មាណពនោះទៅនិយាយតឿនម្ដងទៀត ជាគម្រប់ពីរដង។ នាងព្រហ្មណី ក៏និយាយឃាត់ដូចមុន។ យូរបន្តិចមកទៀតមាណពនោះ ទៅនិយាយតឿននាងព្រហ្មណីម្ដងទៀត ជាគម្រប់បីដង។ កាលបើមាណព និយាយតឿនអស់វារៈបីដងដូច្នោះហើយ នាងព្រាហ្មណីនោះក៏កាន់កំបិតចូលទៅក្នុងបន្ទប់ហើយវះឧទររបស់ខ្លួន ដោយប្រាថ្នាចង់ដឹងថាកូនដែលនឹងប្រសូតមកនោះជាប្រុសឬជាស្រី។ នាងព្រាហ្មណីនោះ ធ្វើខ្លួនផង ធ្វើជីវិតរបស់ខ្លួនផង ធ្វើគភ៌ផង ធ្វើសម្បត្តិដែលខ្លួនត្រូវបានផង ឱ្យវិនាសអន្តរាយអស់ទៅ នាងព្រាហ្មណីជាស្រីពាលមិនឆ្លាស ចង់បានទ្រព្យមត៌កដោយមិនត្រូវទំនង ក៏ដល់នូវសេចក្ដីវិនាសធំ មានឧបមាយ៉ាងណា ក៏ឧបមេយ្យដូចជា ព្រះអង្គជាមនុស្សពាលមិនឆ្លាស ស្វែងរកបរលោកដោយមិនត្រូវទំនង ក៏គង់នឹងដល់នូវសេចក្ដីវិនាសធំមិនខាន។ ឯសមណព្រាហ្មណ៍ទាំងឡាយលោកមានសីលបរិសុទ្ធល្អ លោកមានគុណធម៌ល្អ លោកមានជីវិតរស់នៅអស់កាលយូរអង្វែងទៅនោះ ព្រោះលោកនៅសោយផលបុណ្យរបស់លោកផង លោកប្រតិបត្តិដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខដល់ប្រជុំជនច្រើនផង ដើម្បីអនុគ្រោះដល់សត្វលោកផង។ មហាបពិត្រ សូមព្រះអង្គជ្រាបតាមសេចក្ដីបរិយាយនេះចុះ ថា « លោកដទៃមាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន »។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន លោកម្ចាស់អធិប្បាយពន្យល់មកនេះ ក៏ឃើញថាល្មមចូលចិត្តណាស់ហើយ តែខ្ញុំនៅតែមានសេចក្ដីបរិយាយក្នុងរឿងនេះទៀត។ លោកម្ចាស់ រាជបុរសទាំងឡាយ បានចាប់ចោរដែលប្រព្រឹត្តអាក្រក់ក្នុងព្រះនគរនេះ យកមកឱ្យខ្ញុំ ៗ ក៏បង្គាប់ថា ឱ្យយកចោរនោះទាំងរស់ដាក់ទៅក្នុងខ្ទះ បិទមាត់ខ្ទះដោយស្បែកស្រស់ ហើយបិទពរឱ្យជិតដោយដីស្អិតហើយ ហើយឱ្យលើកដាក់ទៅលើចង្រ្កាន រួចឱ្យដុតភ្លើងឡើង។ រាជបុរសទាំងឡាយក៏ធ្វើតាមបង្គាប់ខ្ញុំគ្រប់ប្រការ ខ្ញុំកាលបើបានដឹងថាចោរដែលនៅក្នុងខ្ទះនោះស្លាប់ហើយ ក៏បង្គាប់ឱ្យដាក់ខ្ទះនោះមកវិញ ឱ្យទម្លាយដីដែលបិទពរនោះចេញ ហើយឱ្យបង្ហើបស្បែកដែលបិទមាត់ខ្ទះនោះបន្តិចម្ដងៗ ដោយប្រាថ្នានឹងសង្កេតមើលជីវិតគឺសេចក្ដីរស់នៅ ( ព្រលឹង ) របស់ចោរនោះដែលចេញទៅ ក៏មិនឃើញព្រលឹងនោះចេញទៅឡើយ ហេតុដូច្នេះបានជាខ្ញុំនៅតែមានសេចក្ដីយល់ឃើញថា « បរលោក មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរ បើដូច្នោះអាត្មាភាពសូមសួរព្រះអង្គវិញ ព្រះអង្គដែរផ្ទំស្កល់ក្នុងវេលាថ្ងៃ ព្រះអង្គដែលទ្រង់សុបិននិមិត្តឃើញសួនច្បារ ព្រៃព្រឹក្ស ភូមិប្រទេស និងស្រះបោក្ខរណីដែលជាទីគាប់ព្រះហឫទ័យខ្លះដែរឬទេ។

បា. ខ្ញុំដែរអាស្រ័យដំណេកក្នុងវេលាថ្ងៃ ធ្លាប់ដែលឃើញសុបិននិមិត្តយ៉ាងដូច្នោះដែរ លោកម្ចាស់។

កុ. ថ្វាយព្រះពរ ចុះក្នុងពេលដែលព្រះអង្គកំពុងផ្ទំ ស្រីទាំងឡាយមានស្រីគម និងស្រីតឿជាដើម ដែលជាអ្នករក្សាព្រះអង្គមានដែរឬអ្វី ព្រះអង្គ។

បា. មានដែរ លោកម្ចាស់។

កុ. ចុះក្នុងពេលដែលព្រះអង្គកំពុងតែទ្រង់សុបិននិមិត្ត ស្រីទាំងនោះបានឃើញព្រលឹងដែលចេញពីព្រះអង្គទៅ ឬចូលមកក្នុងព្រះអង្គវិញ ដែរឬអ្វី មហាបពិត្រ។

បា. ឱលោកម្ចាស់អ្នកណានឹងមើលព្រលឹងនោះឃើញ។

កុ. ថ្វាយព្រះពរមហាបពិត្រ ស្រីទាំងនោះជាមនុស្សមានជីវិតដូចព្រះអង្គដែរ មើលព្រលឹងដែលចេញពីព្រះអង្គទៅ ឬដែលចូលមកក្នុងព្រះអង្គវិញ មិនឃើញហើយ ចំណង់បើព្រលឹងដែលចេញពីមនុស្សស្លាប់ ព្រះអង្គធ្វើម្ដេចនឹងទតទៅឃើញ ហេតុដូច្នេះសូមព្រះអង្គជ្រាបថា « បរលោក មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន »។

បា. បពិត្រព្រះកុមារកស្សប លោកម្ចាស់អធិប្បាយពន្យល់មកយ៉ាងនេះ ក៏ពិតមែនហើយ តែសេចក្ដីបរិយាយរបស់ខ្ញុំក្នុងរឿងនេះនៅមានទៀត។ លោកម្ចាស់ រាជបុរសទាំងឡាយចាប់បានចោរដែលប្រព្រឹត្តអាក្រក់ក្នុងព្រះនគរនេះ នាំមកឱ្យខ្ញុំ ៗ បានបង្គាប់ឱ្យថ្លឹងចោរនោះទាំងរស់ដោយជញ្ជីង ហើយឱ្យបាញ់សម្លាប់ដោយធ្នូ ( ព្រួញ ) រួចឱ្យថ្លឹងចោរដែលស្លាប់ហើយនោះម្ដងទៀត។ ចោរនោះកាលដែលមានជីវិតរស់នៅ មានរាងកាយស្រាលល្មមផង ទន់ស្រួលផង គួរដល់ការងារគឺធ្វើអ្វី ៗ ធ្វើបានដោយស្រួលផង លុះដល់ចោរនោះស្លាប់ទៅកាលណា ក៏មានរាងកាយធ្ងន់ណាស់ផង រឹងណាស់ផង មិនគួរដល់ការងារគឺធ្វើអ្វីៗ មិនកើតផង។ បពិត្រព្រះកុមារកស្សបដ៏ចម្រើន បរិយាយរបស់ខ្ញុំនៅមានយ៉ាងនេះឯង បានជាខ្ញុំនៅមានសេចក្ដីចូលចិត្តថា « បរលោក មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរមហាបពិត្រ បើដូច្នោះអាត្មាភាពនឹងធ្វើសេចក្ដីឧបមាមួយ​ថ្វាយ សេចក្ដីថា បុរសម្នាក់ថ្លឹងដុំដែកដែលកំពុងក្ដៅកំពុងឆេះដោយភ្លើង ដល់មកខាងក្រោយទៅថ្លឹងដុំដែកដដែលនោះទៀត តែជាដុំដែកត្រជាក់ស្និទ្ធ​ឥតមានភ្លើងឆេះ មហាបពិត្រ ក្នុងវេលាណាហ្ន៎ ដុំដែកនោះជារបស់ស្រាលល្មមផង ទន់ស្រួលផង គួរដល់ការងារគឺធ្វើអ្វី ៗ ធ្វើបានដោយស្រួលផង ក្នុងកាលដែលដុំដែកកំពុងក្ដៅកំពុងឆេះដោយភ្លើងឬក៏ក្នុងកាលដែលដុំដែកត្រជាក់ស្និទ្ធ។

បា. បពិត្រព្រះកុមារកស្សប ដុំដែកដែលប្រកបដោយតេជោធាតុនឹងវាយោធាតុ ជាដុំដែកកំពុងក្ដៅកំពុងឆេះដោយភ្លើង ដុំដែកនោះជារបស់ស្រាលល្មមផង ទន់ស្រួលផង គួរដល់ការងារស្រួលផង ដុំដែកដែលមិនប្រកបដោយតេជោធាតុនិងវាយោធាតុ ជាដុំដែកត្រជាក់ឥតមានឆេះដោយភ្លើងដុំដែកនោះជារបស់ធ្ងន់ណាស់ផង រឹងណាស់ផង មិនគួរដល់ការងារផង។

កុ. ថ្វាយព្រះពរមហាបពិត្រ សេចក្ដីនេះក៏មានឧបមាដូច្នេះឯង រាងកាយនេះ កាលបើប្រកបដោយអាយុផង ប្រកបដោយចំហាយនៃភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ក្នុងកាលឯណា រាងកាយនោះក៏ជារបស់ស្រាលល្មមផង ទន់ស្រួលផង គួរដល់ការងារស្រួលផង ក្នុងកាលនោះឯង កាលបើរាងកាយនេះឥតមានប្រកបដោយអាយុ ដោយចំហាយនៃភ្លើងធាតុ ដោយវិញ្ញាណទេ រាងកាយនោះជារបស់ធ្ងន់ណាស់ផង រឹងណាស់ផង មិនគួរដល់ការងារផង។ មហាបពិត្រ តាមដោយនូវសេចក្ដីបរិយាយយ៉ាងនេះ សូមព្រះអង្គជ្រាបថា « បរលោក មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនឹងធ្វើអាក្រក់ មាន។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន លោកម្ចាស់នាំសេចក្ដីឧបមាមកពន្យល់យ៉ាងនេះ ក៏ឃើញថាពិតមែនហើយ។ ប៉ុន្តែសេចក្ដីបរិយាយរបស់ខ្ញុំនៅមានទៀត លោកម្ចាស់ រាជបុរសទាំងឡាយបានចាប់ចោរដែលធ្វើអំពើអាក្រក់ក្នុងដែននេះនាំមកឱ្យខ្ញុំ ៗ ក៏បានបង្គាប់ឱ្យសម្លាប់ចោរនោះ តែហាមមិនឱ្យធ្វើ ឆវី ស្បែក សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង ឱ្យវិនាស ខូច ដោយគិតថា ចាំសង្កេតមើលព្រលឹងរបស់ចោរដែលចេញទៅ កាលដែររាជបុរសប្រារព្ធនឹងសម្លាប់ចោរនោះ ខ្ញុំបានបង្គាប់ពួកអ្នកសម្លាប់ឱ្យផ្ដេកចោរនោះផ្ងាឡើង ទើបឱ្យសម្លាប់។ ពួកអ្នកសម្លាប់ក៏ធ្វើតាមបង្គាប់ ខ្លួនខ្ញុំចាំសង្កេតមើលព្រលឹងរបស់ចោរដែលចេញទៅ មិនឃើញ រួចឱ្យផ្ដេកផ្កាប់មុខទៅវិញ ក៏មើលព្រលឹងមិនឃើញ ឱ្យផ្ដេកបែរទៅខាងស្ដាំ ខាងឆ្វេង ឱ្យលើកបញ្ឈរក្បាលឡើងលើ ឱ្យសំយុងក្បាលចុះក្រោមជើងឡើងលើ ហើយពិនិត្យមើលទៀតក៏មិនឃើញ រួចឱ្យគោះដោយដុំដី ដោយកំណាត់ឈើ ដោយគ្រឿងសស្ត្រា ឱ្យប្រមៀលត្រឡប់ទៅ ត្រឡប់មកចុះឡើង ក៏មិនឃើញព្រលឹងរបស់ចោរចេញទៅ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ របស់ចោរដែលស្លាប់ទៅនោះនៅមានទាំងអស់ អាយតនៈខាងក្រៅគឺរូប សំឡេង ក្លិន រស ផោផ្ឋព្វ ក៏មាន តែចោរដែលស្លាប់នោះមិនឃើញរូបនោះដោយភ្នែក មិនឮសំឡេងនោះដោយត្រចៀក មិនធំក្លិននោះដោយច្រមុះ មិនទទួលឱជារសនោះដោយអណ្ដាត មិនទទួលគ្រឿងសម្ផស្សនោះដោយកាយ។  បពិត្រលោកម្ចាស់ សេចក្ដីបរិយាយយ៉ាងនេះ នាំឱ្យខ្ញុំចូលចិត្តច្បាស់ថា « បរលោក មិនមាន សត្វទាំងឡាយជាឱបបាតិកា មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរ បើដូច្នោះអាត្មាភាពនឹងនាំរឿងមួយមកធ្វើជាសេចក្ដីឧបមាថ្វាយ មហាបពិត្រ កាលព្រេងព្រឹទ្ធពីដើមមានបុរសម្នាក់ចេះផ្លុំសង្ខដើរសំដៅទៅកាន់ជនបទមួយ​ ដែលនៅខាងចុងដែន ហើយចូលទៅក្នុងស្រុកមួយ​ ដែលនៅក្នុងជនបទនោះ លុះចូលទៅដល់កណ្ដាលស្រុក ក៏ឈរផ្លុំសង្ខនោះបីបទ រួចដាក់សង្ខទៅលើផែនដី ហើយអង្គុយក្នុងទីមួយដ៏សមគួរទៅ។ គ្រានោះ មនុស្សទាំងឡាយដែលនៅក្នុងជនបទនោះ ក៏ផ្អើលឈូឆរឡើងនិយាយគ្នាថា « ម្នាលគ្នាយើងទាំងឡាយ សំឡេងអ្វីហ្ន៎ អម្បាញ់មិញនេះ ពីរោះជាប់ក្នុងចិត្ត គួរឱ្យស្រណោះ គួរឱ្យស្រងូតស្រងាត់ គួរឱ្យលន្លង់លន្លោច » ហើយនាំគ្នាចូលទៅឯអ្នកផ្លុំសង្ខ សួរថា « អ្នកដ៏ចម្រើន សំឡេងអម្បាញ់មិញនេះ ជាសំឡេងអ្វី ក៏ពីរោះជាប់ក្នុងចិត្តម្ល៉េះ »។ បុរសអ្នកផ្លុំសង្ខប្រាប់ថាសំឡេងសង្ខ។ អ្នកស្រុកទាំងនោះក៏នាំគ្នាចូលទៅឯសង្ខ លើកសង្ខនោះផ្ងាឡើងហើយនិយាយអង្វរថា « ម្នាលសង្ខ ចូរអ្នកបន្លឺសំឡេងមកទៀតមើល »។ សង្ខក៏មិនបន្លឺសំឡេង។ អ្នកស្រុកទាំងនោះនាំគ្នាផ្ដេកសង្ខផ្កាប់ទៅវិញផង ផ្ដេកទៅខាងស្ដាំ ផ្ដេកទៅខាងឆ្វេងផង គោះដោយដៃ ដោយដុំដី ដោយកំណាត់ឈើ ដោយគ្រឿងសស្ត្រាផង ដើម្បីឱ្យសង្ខបន្លឺសំឡេងឡើង។ សង្ខក៏មិនបន្លឺឡើងនូវសំឡេង។ មហាបពិត្រ ក្នុងលំដាប់នោះ អ្នកផ្លុំសង្ខក៏គិតថា « ឱ៎ មនុស្សទាំងឡាយនៅក្នុងជនបទនេះ ជាមនុស្សល្ងង់ មនុស្សឆោតណាស់ហ្ន៎ ហេតុដូចម្ដេចក៏ទៅស្វែងរកសំឡេងសង្ខមិនត្រូវទំនងដូច្នេះ » ទើបបុរសអ្នកផ្លុំសង្ខនោះ ក៏ចាប់​សង្ខ​លើ​កឡើងផ្លុំបីបទទៀត ហើយកាន់យកសង្ខនោះដើរចេញពីស្រុកនោះទៅ។ គ្រានោះ ពួកមនុស្សដែលនៅក្នុងជនបទនោះក៏បានដឹងហើយនិយាយគ្នាថា « សង្ខនេះ កាលបើបានប្រកបដោយបុរសអ្នកចេះផ្លុំផង ដោយព្យាយាមគឺបុរសនោះបានផ្លុំផង ដោយខ្យល់ផង ទើបចេញសំឡេងបាន កាលបើមិន​បានប្រកបដោយរបស់ទាំង ៣ យ៉ាងនេះទេ ក៏នឹងចេញសំឡេងឮមិនបាន »។

មហាបពិត្រ កាយនេះក៏ដូច្នោះដែរ កាយរបស់មនុស្សនេះ កាលបើបានប្រកបដោយអាយុ ប្រកបដោយចំហាយនៃភ្លើងធាតុ និងប្រកបដោយវិញ្ញាណ ទើបឈានទៅមុខបានថយមកក្រោយបាន ឈរបាន អង្គុយបាន ដេកបាន ឃើញរូបដោយភ្នែកបាន ស្ដាប់សំឡេងដោយត្រចៀកបាន ធុំក្លិនដោយច្រមុះបាន ទទួលឱជារសដោយអណ្ដាតបាន ទទួលសម្ផស្សដោយកាយបាន ដឹងនូវធម៌ដោយចិត្តបាន រាងកាយនេះ កាលបើមិនបានប្រកបដោយធម្មជាតិទាំង ៣ យ៉ាងនោះទេ ក៏មិនអាចនឹងសម្រេចនូវឥរិយាបថទាំង ៤ គឺដេកដើរ ឈរ អង្គុយបានឡើយ ឬនឹងទទួលនូវអារម្មណ៍ទាំង ៦ មានរូបជាដើមដោយអាយតនៈទាំង ៦ មានភ្នែកជាដើម ក៏ពុំបាន។ ថ្វាយព្រះពរមហាបពិត្រ តាមសេចក្ដីបរិយាយយ៉ាងនេះ សូមព្រះជ្រាបថា « បរលោក មាន សត្វទាំងឡាយជាឧបបាតិក មាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មាន »។

បា. បពិត្រព្រះកុមារកស្សប លោកម្ចាស់អធិប្បាយពន្យល់មកនេះ ក៏ឃើញថាពិតមែនហើយ តែសេចក្ដីបរិយាយរបស់ខ្ញុំក្នុងរឿងនេះ នៅមានទៀត។ លោកម្ចាស់ រាជបុរសទាំងឡាយបានចាប់ចោរដែលប្រព្រឹត្តធ្វើអំពើអាក្រក់ នាំមកឱ្យខ្ញុំ ៗ បានបង្គាប់ឱ្យកោសឆវី គឺសម្បុរស្បែក ដើម្បីនឹងសង្កេតរកមើលព្រលឹង មិនឃើញ រួចឱ្យពន្លះស្បែក ឱ្យអារសាច់ កាត់សរសៃ ពុះឆ្អឹង ឆ្កិះឆ្កៀលខួរក្នុងឆ្អឹង ដើម្បីរកមើលព្រលឹង ក៏មិនឃើញទៀត។ លោកម្ចាស់ សេចក្ដីនេះឯងនាំឱ្យខ្ញុំចូលចិត្តថា « បរលោក មិនមាន សត្វទាំងឡាយជាឧបបាតិក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន »។

កុ. ថ្វាយព្រះពរ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្ដីឧបមាមួយថ្វាយទៀត មហាបពិត្រ កាលព្រេងព្រឹទ្ធពីដើមមានជដិលម្នាក់ ជាអ្នកបម្រើភ្លើង អាស្រ័យនៅក្នុងបណ្ណសាលាប្របដងព្រៃធំមួយ។ គ្រានោះមានពួកអ្នករទេះនៅក្នុងជនបទឯទៀត មានដំណើរចេញពីស្រុករបស់ខ្លួន ទៅដោយរទេះ ទៅដាក់រទេះ អាស្រ័យដំណេកក្នុងទីជុំវិញអាស្រមរបស់ជដិលអ្នកបម្រើភ្លើងនោះអស់មួយរាត្រី ហើយបរទេះចេញទៅទៀត។ លំដាប់នោះជដិលអ្នកបម្រើភ្លើងគិតថា អ្នករទេះគង់នឹងមានភ្លេចរបស់អ្វីខ្លះមិនខាន គិតហើយក៏ទៅឯកន្លែងគេដាក់រទេះ បានឃើញក្មេងប្រុសតូចម្នាក់ក្បាលត្រងោល គេផ្ដេកចោលនៅទីនោះ ក៏រើសកូនតូចនោះយកមកចិញ្ចឹមថែរក្សា ដរាបដល់កូនតូចនោះបានចម្រើនវ័យឡើង មានអាយុប្រមាណជា ១០ឆ្នាំឬ ១២ឆ្នាំ។ សម័យនោះ ជដិលអ្នកបម្រើភ្លើង ត្រូវការនឹងទៅកាន់ជនបទដោយមានកិច្ចរវល់ ក៏ហៅកុមារនោះមកផ្ដាំថា « កូន បិតាត្រូវការនឹងទៅកាន់ជនបទ ចូរបាឯងប្រតិបត្តិថែទាំបម្រើភ្លើងកុំឱ្យរលត់ បើប្រសិនជារលត់ទៅ កំបិត អុស និងគូពំនួតភ្លើងមាននៅនេះស្រាប់ហើយ ចូរបាឯងបង្កាត់ភ្លើងឱ្យឆេះឡើងវិញ លុះផ្ដាំទុកដាក់ស្រេចហើយ ក៏ចូលទៅកាន់ជនបទទៅ។ ឯកុមារតូចដែលនៅចាំអាស្រម ក៏ខ្វល់ខ្វាយតែនឹងការលេងភ្លេចថែរក្សាភ្លើង ៗ ក៏រលត់អស់ទៅ កុមារនោះឃើញភ្លើងរលត់ដូច្នោះ ក៏នឹកដល់ពាក្យជដិលជាបិតាផ្ដាំទុក ថាបើភ្លើងនេះរលត់ កំបិត អុស និងគូពំនូតភ្លើងមាននៅនេះស្រាប់ ឱ្យបង្កាត់ឡើង។ លុះនឹកដូច្នោះហើយ ក៏យកកំបិតមកច្រាសពំនួតភ្លើង រកមើលភ្លើង មិនឃើញមានភ្លើង ទើបពុះពំនួតភ្លើងនោះជាពីរ ជាបី ជាបួនចម្រៀក រហូតដល់ដប់ចម្រៀកក៏មិនឃើញភ្លើង ខំពុះពំនួតភ្លើងនោះខ្ទេចខ្ទីជាចម្រៀកតូច-ធំ រកមើលភ្លើងក៏មិនឃើញ។ រីឯជដិលអ្នកបម្រើភ្លើងដែលទៅកាន់ជនបទ កាលបើរួចកិច្ចរវល់ហើយ ក៏ត្រឡប់មកកាន់អាស្រមវិញ ឃើញកុមារនោះកំពុងតែពុះពំនួតភ្លើងរកភ្លើង ក៏សួរថា កូនឯងធ្វើអ្វី។ កុមារតូចនោះក៏និយាយរៀបរាប់ប្រាប់ជដិលជាបិតា តាមគំនិតដែលខ្លួនគិត។ ជដិលអ្នកបម្រើភ្លើងគិតថាឱកុមារនេះល្ងង់ឆោត ជាមនុស្សមិនឆ្លាសមិនប្រសប់ទេតើ គិតហើយក៏ចាប់យកគូពំនួតភ្លើងពីដៃកុមារនោះមកពួត ដោយខ្លួនឯងដរាបដល់បានបង្កាត់នោះឆេះឡើងវិញហើយ ប្រាប់កុមារនោះថា « ម្នាលកូន បាឯងជាមនុស្សល្ងង់ ឆោត មិនឆ្លាសសោះ ទៅពុះឯពំនួតភ្លើងរកភ្លើង ឯងធ្វើមិនត្រូវទំនងយ៉ាងនេះ តើធ្វើម្ដេចនឹងភ្លើងមាន។

មហាបពិត្រ កុមារដែលល្ងង់ ឆោត មិនឆ្លាស ទៅពុះពំនួតភ្លើងរកភ្លើង មិនឃើញភ្លើង យ៉ាងណាមិញ ព្រះអង្គក៏យ៉ាងនោះដែរ ព្រះអង្គជាមនុស្សល្ងង់ឆោត មិនឆ្លាស ទៅស្វែងរកបរលោកដោយមិនត្រូវទំនង ធ្វើម្ដេចនឹងឃើញបរលោកនោះ។ ហេតុដូច្នេះ សូមព្រះអង្គលះបង់នូវទិដ្ឋិដ៏លាមកអាក្រក់នេះចោលចេញ ទិដ្ឋិដ៏លាមកនេះ សូមកុំកើតមានដល់ព្រះអង្គឡើយ ព្រោះទិដ្ឋិនេះប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខអស់កាលដ៏យូរ។

បា. លោកម្ចាស់ អធិប្បាយពន្យល់មកយ៉ាងនេះក៏ពិតមែនហើយ តែខ្ញុំមិនអាចនឹងលះបង់នូវទិដ្ឋិដ៏លាមកនេះចោលចេញបានឡើយ ព្រោះព្រះបាទបសេនទិកោសល និងស្ដេចទាំងឡាយដែលនៅខាងក្រៅលោកជ្រាបថា ខ្ញុំប្រកាន់ទិដ្ឋិយ៉ាងនេះទៅហើយ ប្រសិនបើខ្ញុំបង់ទិដ្ឋិនេះចោលចេញសមជនទាំងឡាយនោះនឹងពោលតិះដៀលថា « ខ្ញុំនេះជាមនុស្សល្ងង់ខ្លៅមិនឆ្លាស ទៅប្រកាន់យកសេចក្ដីអាក្រក់ទុកក្នុងខ្លួន » កាលបើយ៉ាងនេះ ខ្ញុំនឹងរក្សាប្រកាន់នូវទិដ្ឋិនោះ ដោយសេចក្ដីក្រោធផង ដោយសេចក្ដីលុបគុណផង ដោយការប្រមាទមើលងាយផង ( ជាហេតុនាំមិនឱ្យសប្បាយកាយសប្បាយចិត្ត )

កុ. មហាបពិត្រ បើដូច្នោះអាត្មាភាពនឹងនាំរឿងមួយ​មកឧបមាថ្វាយទៀត។ កាលព្រេងព្រឹទ្ធពីដើម មានពួកឈ្មួញរទេះធំមួយ មានរទេះមួយពាន់ នាំគ្នាចេញអំពីជនបទដែលនៅក្នុងបុរត្ថិទិស ចំពោះទៅកាន់ជនបទដែលនៅក្នុងបច្ឆិមទិស។ ឯពួករទេះនោះតែចេញទៅកាន់ទីណា ស្មៅ អុស ទឹក និងស្លឹកឈើស្រស់ក្នុងទីនោះ ក៏អស់រលីងទៅដោយឆាប់រហ័ស។ ក្នុងរទេះទាំង ១ ពាន់នោះ មាននាយឈ្មួញពីរនាក់ជាធំ នាយឈ្មួញម្នាក់ៗ មានរទេះប្រាំរយៗ ពួកឈ្មួញទាំងនោះគិតគ្នាថា រទេះពួកយើងនេះច្រើនណាស់ បើយើងចេញទៅព្រមគ្នាទាំងអស់ចំពោះទៅកាន់ទីណាៗ ស្មៅ អុស ទឹក និងស្លឹកឈើស្រស់ ក្នុងទីនោះៗ នឹងអស់ទៅដោយឆាប់រហ័សបើដូច្នេះមានតែយើងត្រូវបំបែករទេះជាពីរ​ចំណែក ហើយនឹងចេញទៅមួយ​ចំណែកម្ដង លុះគិតព្រមគ្នាហើយក៏បំបែករទេះនោះចេញជាពីរចំណែក ក្នុងចំណែកមួយៗ មានរទេះប្រាំរយៗ។ នាយឈ្មួញចំណែកមួយដែលត្រូវចេញទៅមុន បានចាត់ចែងឱ្យមនុស្សទាំងឡាយ ផ្ទុកស្មៅ អុស ទឹក និងស្លឹកឈើស្រស់ ពេញរទេះហើយក៏បរចេញទៅ បានប្រមាណពីរបីថ្ងៃ ក៏បានឃើញបុរសម្នាក់មានសម្បុរខ្មៅ ភ្នែកក្រហម សៀតផ្កាកុមុទ មានសំពត់និងសក់ទទឹក បរទេះមកពីខាងមុខ មានកង់រទេះប្រឡាក់ទៅដោយទឹកនឹងដីភក់សើមៗ ទើបសួរថា « អ្នកមកពីណា ទៅណា បុរសនោះឆ្លើយប្រាប់មកវិញថា ខ្ញុំមកពីជនបទឯណោះ ទៅកាន់ជនបទឯណោះ  នាយឈ្មួញសួរទៀតថា តាមផ្លូវទៅមុខទៅ មានភ្លៀងមានទឹកដក់តាមដំណាក់ឬទេ បុរសនោះប្រាប់ថា តាមផ្លូវទៅខាងមុខមានភ្លៀងច្រើន មានទឹកដក់តាមដំណាក់រៀងទៅ ស្មៅនិងស្លឹកឈើក៏លូតលាស់ឡើងហើយ បើអ្នកចង់ឱ្យរទេះស្រាលនឹងបរទៅបានឆាប់រហ័ស អ្នកចូរទម្លាក់ស្មៅ អុស និងទឹកដែលមានក្នុងរទេះទាំងអស់នេះចោលចេញទៅ ព្រោះទៅតាមផ្លូវមានស្មៅ ទឹក និងអុស បរិបូណ៌​ណាស់។ នាយឈ្មួញជាមនុស្សល្ងង់ខ្លៅ បានឮគេប្រាប់ដូច្នោះក៏ជឿតាមហើយឱ្យរើស្មៅ អុស នឹងទឹក ពីក្នុងរទេះទាំងនោះចោលចេញអស់ រួចបររទេះទទេទៅ លុះដល់ដំណាក់ទីមួយ​ មិនឃើញមានស្មៅ មាន​អុស មានទឹក ក៏ប្រឹងបររទេះបង្ខំទៅទៀត ដល់ទៅដំណាក់ទី២ ទី៣ ទី៤ ទី៥ ទី៦ និងដំណាក់ទី៧ ក៏មិនឃើញមានស្មៅ មានអុស មានទឹកដូចគ្នាគ្រប់ដំណាក់។ មនុស្សនិងសត្វគោក្របី ក៏ដល់នូវសេចក្ដីវិនាសធំដោយមិនមានអាហារ ឯយក្ខដែលដំណែងខ្លួនជាបុរសចាំកុហកប្រាប់ផ្លូវ ក៏តាមមកបរិភោគមនុស្សនិងសត្វទាំងនោះអស់រលីង នៅសេសសល់តែឆ្អឹងគរចោលក្នុងទីនោះ។

ចំណែកនាយឈ្មួញទី២ បានបង្គាប់ឱ្យមនុស្សទាំងឡាយផ្ទុកស្មៅ អុស និងទឹកពេញរទេះហើយ ក៏បរចេញទៅជាខាងក្រោយ ទៅប្រទះនឹងបុរសសម្បុរខ្មៅ ភ្នែកក្រហមនោះទៀត។ បុរសនោះបានក្លែងនិយាយកុហកប្រាប់ដល់នាយឈ្មួញទី២នោះ អំពីផ្លូវទៅខាងមុខ ដូចសេចក្ដីដែលបានក្លែងនិយាយប្រាប់ដល់នាយឈ្មួញមុននោះ។ នាយឈ្មួញទី២ ដែលទៅក្រោយនេះជាមនុស្សមានប្រាជ្ញាឆ្លាស ស្រែកប្រាប់មនុស្សទាំងអស់នោះថា « ម្នាលគ្នាយើងទាំងឡាយ បុរសដែលនិយាយប្រាប់ផ្លូវនេះ មិនមែនជាមិត្រសម្លាញ់ មិនមែនជាញាតិសាលោហិតអ្វីនឹងយើងទេ យើងមិនត្រូវជឿតាមពាក្យបុរសនេះឡើយ » ហើយក៏នាំគ្នាបររទេះទៅមុខទៀត មិនបានរើរបស់អ្វីមួយពីក្នុងរទេះចោលចេញឡើយ ទៅដល់ដំណាក់ទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ ក៏មិនឃើញមានស្មៅ មានអុស មានទឹក ដូចពាក្យបុរសនោះប្រាប់ឡើយ លុះទៅដល់ដំណាក់ទី៧ ក៏ឃើញរទេះនិងទ្រព្យសម្បត្តិនៅក្នុងរទេះ ព្រមទាំងគំនរឆ្អឹងមនុស្សនិងឆ្អឹងសត្វនៅក្នុងទីនោះទើបនាយឈ្មួញទី២ នោះបញ្ឈប់រទេះ ហៅមនុស្សទាំងអស់មកប្រាប់ថានាយឈ្មួញដែលមកមុនជាមនុស្សល្ងង់ខ្លៅ មិនឆ្លាសចាញ់កលឧបាយរបស់យក្ខវាបញ្ឆោត ក៏បានដល់នូវសេចក្ដីវិនាសធំទាំងអស់គ្នា លុះប្រាប់រួចហើយក៏បង្គាប់ឱ្យមនុស្សទាំងឡាយរើយកទ្រព្យដែលមានតម្លៃថ្លៃៗ អំពីរទេះទាំងនោះមកដាក់ក្នុងរទេះរបស់ខ្លួនៗ ហើយបរចេញទៅទៀត បានឆ្លងផ្លូវដែលឆ្ងាយដាច់ស្រយាលនោះទៅបានដោយសេចក្ដីសុខសួស្ដី។

មហាបពិត្រ នាយឈ្មួញទី១ ដែលជាអ្នកនាំឈ្មួញទាំងឡាយ ដល់នូវសេចក្ដីវិនាសធំយ៉ាងនេះ ព្រោះខ្លួនជាមនុស្សពាលល្ងង់មិនឆ្លាស មានឧបមាដូចម្ដេចមិញ ឧបមេយ្យដូចជាព្រះអង្គជាមនុស្សពាលល្ងង់ពុំឆ្លាស គិតស្វែងរកបរលោកដោយមិនត្រូវទំនងមិនត្រូវបែប ក៏នឹងដល់នូវសេចក្ដីវិនាសធំមិនខាន។ ម្យ៉ាងទៀត មនុស្សទាំងឡាយដែលជឿស្ដាប់ពាក្យនាយឈ្មួញល្ងង់ហើយដល់នូវសេចក្ដីវិនាសធំនោះ ក៏ដូចគ្នានឹងមនុស្សទាំងឡាយដែលសម្គាល់នូវពាក្យរបស់ព្រះអង្គ ថាជាពាក្យគួរជឿ គួរស្ដាប់ ហើយនាំគ្នាកាន់តាម មនុស្សទាំងនោះគង់តែនឹងដល់នូវសេចក្ដីវិនាសធំទៅខាងមុខ​មិនខាន។

មហាបពិត្រ ព្រះអង្គចូរលះបង់នូវទិដ្ឋិដ៏លាមកចោលចេញទៅ ទិដ្ឋិដ៏លាមកចោលចេញទៅ ទិដ្ឋិលាមកអាក្រក់នេះកុំកើតមានដល់ព្រះអង្គឡើយ ព្រោះទិដ្ឋិនេះប្រព្រឹត្តទៅដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខលំបាកអស់កាលយូរ។

បា. លោកម្ចាស់ សម្ដែងសេចក្ដីឧបមាពន្យល់មកយ៉ាងនេះឃើញថាពិតមែនហើយ ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិនេះចោលចេញបានឡើយ ព្រោះព្រះបាទបសេនទិកោសលនិងស្ដេចទាំងឡាយឯទៀត លោកជ្រាបថាខ្ញុំជាអ្នកប្រកាន់ទិដ្ឋិយ៉ាងនេះទៅហើយ បើខ្ញុំលះបង់ចោលទៅ នឹងមានតិះដៀលថាខ្ញុំនេះជាមនុស្សពាល មនុស្សល្ងង់ខ្លៅ មិនឆ្លាស។

កុ. មហាបពិត្រ បើដូច្នោះអាត្មាភាពនឹងនាំរឿងមួយមកឧបមាថ្វាយទៀត កាលព្រេងព្រឹទ្ធពីដើម មានបុរសម្នាក់ជាអ្នកចិញ្ចឹមជ្រូក មានកាល ១ ថ្ងៃ ចេញពីស្រុករបស់ខ្លួនទៅកាន់ស្រុកដទៃ បានឃើញលាមក ( គូថ ) ជាច្រើនដែលគេជុះចោលក្នុងទី ១ ជាលាមកស្ងួតក្រៀមរឹងដោយត្រូវកម្ដៅថ្ងៃឥតមានធុំក្លិនស្អុយ។ បុរសអ្នកចិញ្ចឹមជ្រូកនោះ ក៏គិតថាលាមកក្រៀមនេះ គួរអញយកទៅឱ្យជ្រូកវាស៊ី គិតហើយក៏ក្រាលសំពត់ទៅលើផែនដី ប្រមូលលាមកក្រៀមៗ ដាក់លើសំពត់វេចជាបង្វេចមួយធំ ហើយលើកឡើងទូលលើក្បាលត្រឡប់មកវិញ កាលដែលបុរសទូលលាមកនោះ ត្រឡប់មកដល់ពាក់កណ្ដាលផ្លូវ ក៏ចួនមហាមេឃបង្អុរភ្លៀងធំធ្លាក់ចុះមក រីឯលាមកក្រៀមដែលនៅក្នុងបង្វេចនោះ កាលបើត្រូវទឹកភ្លៀងក៏រីករលាយហៀរហូរចុះមកប្រឡាក់ខ្លួនទាំងអស់គ្មានសេសសល់អ្វី ប្រឡាក់រហូតដល់ដើមក្រចកដៃ-ជើង ធុំក្លិនស្អុយអាសោចអស់ទាំងខ្លួន មនុស្សទាំងឡាយឃើញហើយ គេស្ដីគេតិះដៀលថា « បុរសនេះជាមនុស្សឆ្កួតលេលាទេ ឬអ្វីបានជាវេចលាមកទូលលើក្បាលឱ្យហៀរហូរប្រឡាក់អស់ទាំងខ្លួនយ៉ាងនេះ » បុរសដែលទូលលាមកបានឮគេស្ដីឱ្យដូច្នោះ ក៏ឆ្លើយឈ្លោះតបទៅនឹងគេវិញថា « ក្រែងតែអ្នករាល់គ្នាទើបជាមនុស្សឆ្កួតលេលា ឯយើងនេះមិនមែនឆ្កួតលេលាដូចអ្នករាល់គ្នាថានោះទេ គឺយើងទូលចំណីទៅឱ្យជ្រូកយើងវាស៊ី។

មហាបពិត្រ ព្រះអង្គដែលប្រកាន់ទិដ្ឋិអាក្រក់មិនព្រមលះបង់ចោល ប្រៀបដូចជាមនុស្សអ្នកចិញ្ចឹមជ្រូក ដែលទូលលាមកលើក្បាលមិនព្រមទម្លាក់ចោលនោះឯង។ ហេតុនេះសូមព្រះអង្គលះបង់នូវទិដ្ឋិអាក្រក់នេះចោលទៅ ព្រោះទិដ្ឋិអាក្រក់នេះមិនមែនជាគុណប្រយោជន៍អ្វីទេ នាំតែសេចក្ដីទុក្ខលំបាកអស់កាលយូរអង្វែងមកឱ្យព្រះអង្គតែម្យាងប៉ុណ្ណោះ។

បា. បពិត្រព្រះកុមារកស្សបដ៏ចម្រើន រឿងដែលលោកម្ចាស់នាំមកឧបមាឱ្យខ្ញុំស្ដាប់នេះ ឃើញថាពិតមែនណាស់ហើយ តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិដែលធ្លាប់ប្រកាន់មកយូរហើយនោះឱ្យដាច់ស្រឡះចេញពីខ្លួនទៅបានទេ ព្រោះបានជាធ្លាប់ចិត្តគំនិតទៅហើយ លោកម្ចាស់។ ម្យ៉ាងទៀតក្សត្រទាំងឡាយ មានព្រះបាទបសេនទិកោសលជាដើមលោកជ្រាបថាខ្ញុំជាអ្នកប្រកាន់ទិដ្ឋិយ៉ាងនេះ ៗ តែខ្ញុំលះបង់ ចោលទៅ នឹងមានគេតិះដៀលខ្ញុំថា ជាមនុស្សពាលល្ងង់ខ្លៅ មិនឆ្លាស។

កុ. ថ្វាយព្រះពរ បើដូច្នោះ អាត្មាភាពសូមនាំរឿងមួយមកឧបមាថ្វាយទៀត កាលព្រេងព្រឹទ្ធពីដើម មានបុរសពីរអ្នកជាសម្លាញ់នឹងគ្នា បានបបួលគ្នាទៅរកស៊ីជួញក្នុងជនបទដទៃ លុះទៅដល់ស្រុកមួយដែលគេបោះបង់ចោលនៅក្នុងជនបទនោះ ក៏បានឃើញសម្បកធ្មៃច្រើន គេចោលនៅប្របស្រុកនោះ ទើបសម្លាញ់ទី១ ដែលជាអ្នកបបួលមក និយាយនឹងសម្លាញ់ទី២ ដែលតាមមកនោះថា « សម្លាញ់ » យើងមកនេះប្រាថ្នាមកធ្វើការងាររកស៊ី ឥឡូវសម្បកធ្មៃគេចោលក្នុងទីនេះគរគោកគួរយើងរើសយកទៅប្រកបការងាររបស់យើងហើយក៏នាំគ្នាចងសម្បកធ្មៃវេចជាសម្ពាយស្ពាយដើរទៅទៀត ដើរបន្តិចទៅបានឃើញសរសៃធ្មៃដែលគេកូតស្រាប់គេចោលក្នុងទីមួយនោះច្រើន។ សម្លាញ់ទី១ និយាយទៅនឹងសម្លាញ់ទី២ ថា  « សម្លាញ់ សម្បកធ្មៃដែលយើងស្ពាយមកនេះមិនល្អទេ គួរយើងចោលសម្បកធ្មៃទៅ ហើយយើងនឹងរើសយកសរសៃធ្មៃដែលគេកូតស្រាប់នេះវិញល្អជាង »។ សម្លាញ់ទី២ ឆ្លើយតបមកវិញថា « សម្លាញ់បើអ្នកចង់ចោលសម្បកធ្មៃក៏ចោលតែរបស់អ្នកទៅចុះ ឯរបស់ខ្ញុំ ៗ បានជាស្ពាយជាប់មកយូរហើយ ខ្ញុំមិនចោលទេ ខ្ជិលរើរុះសម្ពាយ។ សម្លាញ់ទី១ ក៏ចោលសម្បកធ្មៃនោះទៅ  ហើយរើសយកសរសៃធ្មៃដែលគេកូតស្រាប់ មកវេចជាសម្ពាយស្ពាយដើរទៅទៀត។ សម្លាញ់ទាំងពីរនាក់នោះនាំគ្នាដើរទៅ បានដល់ទៅស្រុកគេបោះបង់ចោលមួយ​ទៀត ឃើញសំពត់ដែលគេត្បាញដោយសរសៃធ្មៃជាច្រើនគេចោលក្នុងទី ១ ទើបសម្លាញ់ទី១ បបួលសម្លាញ់ទី២ ឱ្យចោលសម្បកធ្មៃទៅ ឱ្យយកសំពត់ដែលត្បាញដោយសរសៃធ្មៃវិញ។ សម្លាញ់ទី២ ក៏មិនព្រមចោល ថាស្ពាយ ដ្បិតស្ពាយយូរណាស់មកហើយផង ខ្ជិលរើរុះសម្ពាយផង។ សម្លាញ់ទី១ ក៏ចោលសរសៃធ្មៃទៅ រើសយកសំពត់ដែលគេធ្វើដោយសសៃធ្មៃតែម្នាក់ឯងហើយនាំគ្នាដើរទៅទៀត ទៅដល់ស្រុកគេបោះបង់ចោលមួយទៀត បានឃើញសម្បកឈើ ឃើញអម្បោះដែលធ្វើដោយសម្បកឈើ ឃើញសំពត់ដែលត្បាញដោយអំបោះ​ធ្វើពីសម្បកឈើ ឃើញកប្បាស ឃើញអំបោះដែលធ្វើពីកប្បាស ឃើញសំពត់ដែលត្បាញដោយអំបោះធ្វើពីកប្បាស ឃើញដែក ឃើញសំណ ឃើញសំឫទ្ធ ឃើញប្រាក់ ឃើញមាស ដែលគេចោលក្នុងទីមួយ ក៏បបួលសម្លាញ់ទី២ ឱ្យរើសម្បកធ្មៃដែលស្ពាយជាប់មកនោះចោលចេញទៅ ឱ្យរើសយកមាសវេចស្ពាយទៅវិញ។ សម្លាញ់ទី២ ក៏មិនព្រមចោលសម្បកធ្មៃនោះ ថាបានជាស្ពាយជាប់ឆ្ងាយណាស់មកហើយ ចោលទៅស្ដាយ។ ឯសម្លាញ់ទី១ នោះក៏រើចោលរបស់ដែលរើសយកមកមុនៗនោះចេញ ហើយត្រឡប់រើសមាស​មក​វេចជាសម្ពាយស្ពាយទៅវិញ។ សម្លាញ់ទាំងពីរនាក់នាំគ្នាត្រឡប់មកកាន់ស្រុកទេសរបស់ខ្លួនៗ​វិញ។ បុរសជាសម្លាញ់ឯណា ដែលស្ពាយសម្បកធ្មៃមក មាតាបិតា បុត្រភរិយា មិត្រសម្លាញ់ របស់បុរសនោះ ឥតមានសេចក្ដីរីករាយសប្បាយ មានតែទុក្ខនិងទោមស្ស មិនបាននូវសេចក្ដីសុខកាយសុខចិត្តឡើយ បុរសជាសម្លាញ់ឯណាដែលបានស្ពាយមាសយកមក បិតាមាតា បុត្រភរិយា មិត្រសម្លាញ់របស់បុរសនោះ ក៏មានសេចក្ដីរីករាយសប្បាយគ្រប់គ្នា បានសេចក្ដីសុខកាយសុខចិត្ត។

មហាបពិត្រ ព្រះអង្គដែលមិនព្រមលះចោលនូវទិដ្ឋិអាក្រក់ ដូចគ្នានឹងបុរសដែលស្ពាយសម្បកធ្មៃ មិនព្រមចោលសម្បកធ្មៃនោះឯង។ ហេតុដូច្នេះ សូមព្រះអង្គលះបង់ចោលនូវទិដ្ឋិដ៏លាមកអាក្រក់នេះចេញ ទិដ្ឋិដ៏លាមកនេះកុំកើតមានដល់ព្រះអង្គឡើយ ព្រោះទិដ្ឋិនេះនឹងនាំឱ្យព្រះអង្គបាននូវសេចក្ដីវិនាស សេចក្ដីមិនចម្រើន នឹងនាំឱ្យបាននូវសេចក្ដីទុក្ខលំបាកអស់កាលយូរ។

ព្រះបាទបាយាសិ បានស្ដាប់ថេរវាចាព្រះកុមារកស្សបថេរលោកនាំរឿងមកអធិប្បាយប្រៀបធៀបណែនាំពន្យល់សេចក្ដីសព្វគ្រប់ប្រការដូច្នោះហើយ ក៏មានព្រះបន្ទូលសរសើរចំពោះទៅព្រះកុមារកស្សបថេរថា បពិត្រព្រះកុមារកស្សបដ៏ចម្រើន ខ្ញុំម្ចាស់មានសេចក្ដីពេញចិត្តនឹងសេចក្ដីជ្រះថ្លា តាំងពីបានស្ដាប់សេចក្ដីឧបមាប្រៀបធៀបរបស់លោកម្ចាស់ពីខាងដើមម្ល៉េះ ប៉ុន្តែខ្ញុំមានប្រាថ្នាចង់ស្ដាប់នូវប្រស្នាដ៏វិចិត្រពីរោះតទៅទៀត បានជាចេះតែធ្វើជាពើឈ្លៀតឆ្លើយទទឹងទាស់នឹងលោកម្ចាស់មិនព្រមបណ្ដោយតាម។ បពិត្រព្រះកុមារកស្សប ខ្ញុំករុណាបានកន្លងផុតនូវសេចក្ដីសង្ស័យហើយ។ បពិត្រព្រះកុមារកស្សប លោកម្ចាស់បានប្រកាសធម៌ទេសនាបំភ្លឺឱ្យខ្ញុំម្ចាស់បានភ្លឺស្វាងបានឃើញជាក់ច្បាស់ ( ទៅក្នុងធម៌ពិតធម៌មែន ) ដោយអនេកបរិយាយ ប្រៀបដូចជាគេធ្វើអ្វីមួយដែលបិទបាំងឱ្យចំហស្រឡះឡើង ឬក៏ដូចជាគេប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវឱ្យស្គាល់ផ្លូវច្បាស់ឡើង ពុំនោះសោតដូចជាកាន់ប្រទីបដែលមានពន្លឺស្វាងរុងរឿង ទ្រោលបំភ្លឺទៅក្នុងទីងងឹត ឱ្យមនុស្សដែលមានភ្នែកភ្លឺបានឃើញនូវរូបទាំងពួងដោយជាក់ច្បាស់បាន។

ព្រះបាទបាយាសិ មានព្រះបន្ទូលសរសើរធម្មទេសនាដូច្នោះហើយ ក៏បញ្ចេញវចីភេទប្រកាសប្ដេជ្ញាខ្លួនជាឧបាសកក្នុងព្រះពុទ្ធសាសនាថា ៖

« ឯសាហំ ភោកស្សប ភគវន្តំ គោតមំ សរណំគច្ឆាមិ

ធម្មញ្ច ភិក្ខុសំឃញ្ច ឧបាសកំ មំ ភវំ

កស្សបោ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ។

បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំព្រះករុណាម្ចាស់នេះ សូមដល់នូវព្រះដ៏មានព្រះភាគព្រះនាមគោតម ព្រមទាំងព្រះធម៌និងព្រះសង្ឃ ថាជាទីពឹងទីរឭកសូមព្រះកស្សបដ៏ចម្រើន ចូរចាំទុកចុះ ថាខ្ញុំព្រះករុណាម្ចាស់ជាឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតរៀងទៅ »។

ព្រះបាទបាយាសិ ប្រកាសខ្លួនជាឧបាសកក្នុងព្រះពុទ្ធសាសនាស្រេចហើយ ក៏សួរព្រះកុមារកស្សបថេរអំពីការបូជាមហាយញ្ញថា « បពិត្រព្រះកុមារកស្សប ខ្ញុំម្ចាស់មានប្រាថ្នានឹងធ្វើនូវមហាយញ្ញ ( ការបូជាធំ ) សូមលោកម្ចាស់ប្រាប់ពន្យល់ខ្ញុំផង មហាយញ្ញនោះត្រូវធ្វើដូចម្ដេច ដែលនឹងនាំឱ្យបានប្រយោជន៍ នឹងនាំឱ្យបានសេចក្ដីសុខអស់កាលយូរ។

ព្រះកុមារកស្សបថេរ ថ្វាយព្រះពរថា « មហាបពិត្រក្នុងវិធីធ្វើការបូជាយញ្ញ (បើ ) ជនទាំងឡាយសម្លាប់គោឬសម្លាប់សត្វទាំងឡាយមានពពែ ជៀមនិងជ្រូក មាន់ជាដើមសត្វទាំងឡាយផ្សេងៗ ក៏ដល់នូវសេចក្ដីវិនាសជីវិត ព្រោះតែការបូជាយញ្ញនោះ។ ឯបុគ្គលជាបដិគ្គាហក ( អ្នកទទួលនូវការបូជា ) ជាអ្នកមានគំនិតយល់ឃើញខុស មានសេចក្ដីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានស្មារតីតម្កល់ទុកខុស មានកិរិយាតម្កល់ចិត្តឱ្យនឹងខុស។ ការបូជាយញ្ញមានសភាពយ៉ាងនេះ មិនមានផលមិនមានអានិសង្សច្រើនឡើយ ឥតមានសេចក្ដីរុងរឿងដ៏ធំទូលាយផ្សាយទៅឡើយ ( ព្រោះអ្នកឱ្យក៏មិនបរិសុទ្ធ អ្នកទទួលក៏មិនបរិសុទ្ធ )។

ថ្វាយព្រះពរមហាបពិត្រ អ្នកធ្វើស្រែនាំយកពូជស្រូវនិងនង្គ័លរនាស់ចូលទៅក្នុងព្រៃ ហើយព្រោះពូជទៅក្នុងទីស្រែដែលមិនល្អ គឺស្រែមានទីដីក្រហេងក្រហូងមិនរាបស្មើ មានដង្គត់គល់ឈើនិងថ្មក្រួសច្រើន ពូជដែលសាបព្រោះទៅនោះខ្ទេចខ្ទីស្អុយរលួយដោយត្រូវខ្យល់និងកម្ដៅថ្ងៃ ហើយថែមទាំងភ្លៀងមិនស្រួល គឺភ្លៀងធ្លាក់មិនត្រូវតាមកាលតាមរដូវផងទៀត។ មហាបពិត្រ បើអ្នកស្រែធ្វើស្រែយ៉ាងនេះ តើពូជដែលសាបព្រោះទៅនោះនឹងចម្រើនដុះលូតលាស់បែកគុម្ពបែកសន្លឹក មានផ្កាផ្លែឡើងបានឬទេ អ្នកម្ចាស់ស្រែនោះនឹងត្រូវបាននូវផលអំពីស្រែនោះបរិបូណ៌ ដោយសេចក្ដីរីករាយសប្បាយដែរ ឬដូចម្ដេច។

បា. មិនមែនដូច្នោះទេ លោកម្ចាស់។

កុ. ថ្វាយព្រះពរ សេចក្ដីនេះមានឧបមាដូចម្ដេចមិញ ឯការបូជាយញ្ញ ក៏មានឧបមាដូច្នោះ ( ព្រោះថា ) បុគ្គលអ្នកធ្វើការបូជាយញ្ញ ទៅសម្លាប់សត្វទាំងឡាយមានគោនិងពពែជាដើម ឬថាសត្វទាំងឡាយផ្សេងៗ ដល់នូវសេចក្ដីស្លាប់ព្រោះតែការបូជាយញ្ញ ចំណែកអ្នកទទួលការបូជា ក៏ជាអ្នកប្រតិបត្តិខុស មានទិដ្ឋិយល់ឃើញខុស និងមានសេចក្ដីត្រិះរិះខុសជាដើម ការបូជាយញ្ញមានសភាពយ៉ាងនេះមិនមានផលមិនមានអានិសង្សច្រើនទេ មិនមានសេចក្ដីរុងរឿងដ៏ធំទូលាយផ្សាយចម្រើនទៅទេ។

មហាបពិត្រ ម្យ៉ាងទៀត ក្នុងវិធីធ្វើការបូជាយញ្ញ ជនទាំងឡាយ មិនបានសម្លាប់សត្វទាំងឡាយមានគោនិងពពែជាដើម ឬថាសត្វទាំងឡាយផ្សេងៗ ក៏មិនបានដល់នូវសេចក្ដីស្លាប់ ព្រោះតែការបូជាយញ្ញនោះទេ។ ចំណែកបដិគ្គាហក ( អ្នកទទួលនូវការបូជា ) ជាអ្នកមានគំនិតយល់ឃើញត្រូវ មានសេចក្ដីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ តម្កល់ស្មារតីត្រូវ តម្កល់ចិត្តឱ្យនឹងត្រូវ ការបូជាយញ្ញ មានសភាពយ៉ាងនេះ មានផលមានអានិសង្សច្រើន មានសេចក្ដីរុងរឿងដ៏ធំទូលាយផ្សាយទៅច្រើន (ព្រោះអ្នកឱ្យក៏បរិសុទ្ធ អ្នកទទួលក៏បរិសុទ្ធ )។

មហាបពិត្រ អ្នកធ្វើស្រែ នាំយកពូជស្រូវនិងនង្គ័លរនាស់ចូលទៅក្នុងព្រៃ ហើយភ្ជួររាស់ ព្រោះពូជទៅក្នុងស្រែដ៏ល្អគឺ ស្រែមានទីដីរាបស្មើល្អ គ្មានដង្គត់គល់ឈើ ឫសឈើ និងក្រួសឡើយ ពូជដែលសាបព្រោះទៅ មិនខ្ទេចខ្ទីស្អុយរលួយដោយត្រូវខ្យល់និងកម្ដៅថ្ងៃ ភ្លៀងក៏ធ្លាក់ស្រួលល្អ គឺភ្លៀងត្រូវតាមកាលតាមរដូវ។ មហាបពិត្រ បើអ្នកស្រែធ្វើស្រែយ៉ាងនេះ តើពូជដែលសាបព្រោះនោះនឹងចម្រើនលូតលាស់ បែកគុម្ពបែកសន្លឹក មានផ្កាផ្លែល្អឡើងទេអ្ន កម្ចាស់ស្រែនឹងត្រូវបានផលអំពីស្រែនោះបរិបូណ៌ ដោយសេចក្ដីរីករាយសប្បាយដែរ ឬដូចម្ដេច។

បា. បើអ្នកម្ចាស់ស្រែ បានធ្វើស្រែដោយស្រួលបួលល្អដូច្នោះត្រូវបានផលអំពីស្រែនោះ ដោយសេចក្ដីរីករាយសប្បាយជាប្រាកដ។

កុ. ថ្វាយព្រះពរ សេចក្ដីនោះមានឧបមាដូចម្ដេចមិញឯការបូជាយញ្ញ ក៏មានឧបមេយ្យដូច្នោះ ( ព្រោះថា ) បុគ្គលអ្នកធ្វើការបូជាយញ្ញ មិនបានសម្លាប់សត្វទាំងឡាយមានគោនិងពពែជាដើម ឬសត្វទាំងឡាយផ្សេង ៗ ក៏មិនបានដល់នូវ សេចក្ដីស្លាប់ ព្រោះតែការបូជាយញ្ញនោះ។ ចំណែកខាងឯអ្នកទទួលនូវការបូជា ក៏ជាអ្នកមានសេចក្ដីប្រតិបត្តិត្រូវល្អមានគំនិតយល់ឃើញត្រូវ និងមានសេចក្ដីត្រិះរិះត្រូវជាដើម ការបូជាយញ្ញមានសភាពយ៉ាងនេះ មានផលអានិសង្សច្រើន មានសេចក្ដីរុងរឿងដ៏ធំទូលាយផ្សាយទៅច្រើន។

លំដាប់នោះព្រះបាទបាយាសិ បានស្ដាប់ធម្មទេសនា ដែលព្រះកុមារកស្សបលោកសម្ដែងទូន្មានប្រដៅដូច្នោះហើយក៏មានសេចក្ដីជ្រះថ្លា បាននិមន្តព្រះមហាថេរមកកាន់ព្រះរាជដំណាក់ហើយបានធ្វើទានធំអស់ ៧ថ្ងៃ។ ចាប់ដើមអំពីថ្ងៃនោះទៅ ព្រះអង្គក៏ចាត់ចែងឱ្យទានដល់សមណព្រាហ្មណ៍ និងមនុស្សកំព្រា មនុស្សដើរផ្លូវឆ្ងាយ និងអ្នកស្មូមទាំងឡាយ។

ឯទានរបស់ស្ដេចបាយាសិនោះ ចំណែកខាងភោជនដែលត្រូវឱ្យបាយដែលដណ្ដាំដោយចុងអង្កលាយច្រឡំដោយកន្ទក់ មានទឹកជ្រក់ជាគម្រប់ពីរមុខ ឯចំណែកខាងសំពត់ដែលត្រូវឱ្យទានគឺសំពត់ដែលមានសាច់គគ្រើម មានជាយក្រាស់គគ្រាំងគគ្រន់ មាណពដែលជាអ្នកខ្វល់ខ្វាយចាត់ចែងឱ្យទាននោះ ឈ្មោះឧត្តរមាណព ៗ នោះកាលបើឱ្យទានរួចហើយម្ដងៗ បាននិយាយឧទ្ទិសថា « ដោយផលានិសង្សនៃទាននេះ សូមឱ្យខ្ញុំបានចួបបានឃើញស្ដេចបាយាសិ តែក្នុងលោកនេះចុះ ដល់ទៅក្នុងបរលោក សូមឱ្យខ្ញុំបានចួបបានឃើញស្ដេចបាយាសិទៀតឡើយ។

ព្រះបាទបាយាសិ បានជ្រាបដូច្នោះហើយ ក៏ឱ្យហៅ ឧត្ដរមាណពមកហើយត្រាស់សួរថា « ម្នាលឧត្តរមាណព ហេតុអ្វីក៏អ្នកប្រាថ្នាមិនឱ្យចួបនឹងព្រះអង្គទៅក្នុងបរលោក »។

ឧត្តរមាណពក្រាបបង្គំទូលថា បានជាទូលព្រះបង្គំជាខ្ញុំប្រាថ្នាមិនឱ្យចួបនឹងព្រះអង្គទៅក្នុងបរលោក ព្រោះព្រះអង្គចាត់ចែងឱ្យទានដោយរបស់មិនល្អ ចំណែកខាងភោជនាហារ គឺបាយដែលដណ្ដាំដោយចុងអង្ករលាយឡំដោយកន្ទក់ មានទឹកជ្រក់ជាគម្រប់ពីរមុខ ភោជនយ៉ាងនេះ បើជាព្រះអង្គវិញ សូម្បីតែព្រះបាទ ព្រះអង្គក៏មិនប្រាថ្នាឱ្យប៉ះពាល់ត្រូវ កុំថាឡើយដល់ទៅប្រាថ្នានឹងសោយ ៗ ឯណាកើត។ ចំណែកខាងឯសំពត់ដែលឱ្យទាននោះ គឺសំពត់ដែលមានសាច់គគ្រើម មានជាយក្រាស់គគ្រាំងគគ្រន់ សំពត់យ៉ាងនេះ បើជាព្រះអង្គវិញ សូម្បីតែព្រះបាទព្រះអង្គក៏មិនប្រាថ្នាឱ្យប៉ះពាល់ត្រូវ កុំថាឡើយដល់ទៅប្រាថ្នានឹងស្លៀកដណ្ដប់ ៗ ឯណាកើត។

ព្រះបាទបាយាសិ បានទ្រង់ព្រះសណ្ដាប់ពាក្យឧត្តរមាណពដូច្នោះហើយ ក៏មានព្រះរាជឱង្ការបង្គាប់ថា « ម្នាលឧត្ដរមាណព បើដូច្នោះចាប់ដើមអំពីថ្ងៃនេះទៅ ភោជនាហារយ៉ាងណាដែលយើងតែងបរិភោគ អ្នកចូរឱ្យទានដោយភោជនាហារយ៉ាងនោះចុះ សំពត់យ៉ាងណាដែលយើងតែងប្រើប្រាស់ស្លៀកដណ្ដប់អ្នកចូរឱ្យទានដោយសំពត់យ៉ាងនោះចុះ »។

ឧត្ដរមាណពបានទទួលព្រះរាជឱង្ការដូច្នោះហើយ ក៏ចាត់ចែងឱ្យទានដោយភោជនាហារនិងសំពត់អាវដ៏ល្អៗ តាមព្រះរាជឱង្ការចាប់តាំងអំពីថ្ងៃនោះតរៀងទៅ។

ព្រះបាទបាយាសិ ទ្រង់ចំណាយព្រះរាជទ្រព្យឱ្យទាននោះ ប្រកបដោយអសប្បុរិសទាន ៤ យ៉ាងគឺ ៖

១- អសក្កច្ចំទានំ ឱ្យទានដោយមិនមានសេចក្ដីគោរព គឺឱ្យទានដោយមិនមានសទ្ធា។

២- អសហត្ថាទានំ ឱ្យទានមិនបានឱ្យដោយដៃខ្លួនឯង។

៣- អចិត្តិកតំទានំ ឱ្យទានដោយមិនមានចិត្តលំអុតលំឱន គឺធ្វើទានដោយមិនមានផ្ចិតផ្ចង់ ធ្វើតាមតែបាន។

៤- អបវិដ្ឋំទានំ ឱ្យទានដូចជាបោះចោល គឺធ្វើទានដោយបោះឱ្យ ទម្លាក់ឱ្យ ឬប្រមៀលទៅឱ្យ។

លុះដល់ព្រះអង្គសោយព្រះទីវង្គតទៅ ក៏បានទៅកើតនៅក្នុងចាតុម្មហារាជិកទេវលោក អាស្រ័យនៅក្នុងសេរីសកវិមាន គឺវិមានប្រាក់ មានដើមច្រេសដុះនៅប្របទ្វារ ជាវិមានសូន្យស្ងាត់ទទេ ឥតមាននាងទេវកញ្ញាណាមួយជាបរិវារឡើយ។

ឯឧត្ដរមាណពដែលជាអ្នកចាត់ចែងទាន ថ្វាយស្ដេចបាយាសិ បានធ្វើទាននោះប្រកបដោយសប្បុរិសទាន ៤ យ៉ាង គឺ ៖

១- សក្កច្ចំទានំ ឱ្យទានដោយមានសេចក្ដីគោរព

២- សហត្ថាទានំ ឱ្យទានដោយដៃខ្លួនឯង

៣- ចិត្តិកតំទានំ ឱ្យទានដោយមានសេចក្ដីលំអុតលំឱន

៤- អនបវិដ្ឋំទានំ ឱ្យទាន មិនដូចជាគេបោះចោលឡើយ។

លុះដល់ទម្លាយខន្ធធ្វើកាលកិរិយាក្ស័យទៅ ក៏បានទៅកើតនៅក្នុងតាវត្តិង្សទេវលោក។

ក្នុងសម័យនោះ ព្រះគវម្បតិថេរដ៏មានអាយុ លោករមែងនិមន្តទៅសម្នាក់ក្នុងវេលាថ្ងៃ ៗ ក្នុងសេរីសកវិមាននោះរឿយៗ។

គ្រានោះ បាយាសិទេវបុត្រ ក៏ចូលទៅថ្វាយបង្គំព្រះគវម្បតិថេរដ៏មានអាយុ ហើយស្ថិតនៅក្នុងទីមួយដ៏សមគួរ។

ព្រះគវម្បតិថេរ លោកមានវាចាសួរថា « ម្នាលអាវុសោអ្នកជាអ្វី។

បា. បពិត្រលោកដ៏ចម្រើន ខ្ញុំម្ចាស់ជាស្ដេចឈ្មោះបាយាសិ។

គ. ម្នាលអាវុសោ អ្នកឯងហ្នឹងហើយឬ ដែលប្រកាន់ទិដ្ឋិមានសេចក្ដីយល់ឃើញថា « បរលោក មិនមាន ផលវិបាករបស់កម្មដែលសត្វធ្វើល្អនិងធ្វើអាក្រក់ មិនមាន។

បា. បពិត្រលោកម្ចាស់ ខ្ញុំហ្នឹងហើយដែលជាអ្នកប្រកាន់ទិដ្ឋិដ៏លាមកយ៉ាងនេះ ប៉ុន្តែកុមារកស្សបថេរជាម្ចាស់ លោកបានភើចទាញខ្ញុំម្ចាស់នេះ ឱ្យរួចផុតចេញពីទិដ្ឋិលាមកនេះ ដោយធម៌ទេសនារបស់លោក។

គ. ម្នាលអាវុសោ ចុះឧត្ដរមាណពនោះដែលជាអ្នកចាត់ចែងឱ្យទាននោះ ទៅកើតឯណា។

បា. បពិត្រលោកម្ចាស់ ឧត្ដរមាណពនោះ គេបានឱ្យទានប្រកបដោយសប្បុរិសទាន ៤ យ៉ាង លុះដល់ទម្លាយខន្ធហើយគេបានទៅកើតក្នុងតាវត្តិង្សទេវលោកទៅហើយ ឯខ្ញុំម្ចាស់នេះជាម្ចាស់ទាន បានឱ្យទានប្រកបដោយអសប្បុរិសទាន ៤ យ៉ាង លុះធ្វើកាលកិរិយាក្ស័យហើយ ក៏បានមកកើតនៅក្នុងសេរីសកវិមាន ជាវិមានសូន្យទទេ នៅក្នុងស្ថានចាតុម្មហារាជិកទេវលោកនេះ។

ហេតុដូច្នោះ បពិត្រព្រះករុណាដ៏ចម្រើន បើដល់លោកម្ចាស់និមន្តត្រឡប់ទៅកាន់ស្ថានមនុស្សលោកវិញ សូមលោកម្ចាស់ផ្សាយដំណឹងនេះប្រាប់មនុស្សផងថា « អ្នកទាំងឡាយចូរឱ្យទានឱ្យប្រកបដោយសប្បុរិសទាន ៤ យ៉ាង ( ទាននោះទើបនឹងមានផលានិសង្សច្រើន ) ឯស្ដេចបាយាសិ ជាម្ចាស់ទានបានឱ្យទានប្រកបដោយអសប្បុរិសទាន ៤ យ៉ាង ឥឡូវទៅកើតនៅក្នុងស្ថានចាតុម្មហារាជិកទេវលោកទៅហើយ អាស្រ័យនៅក្នុងសេរីសកវិមាន ជាវិមានសូន្យទទេ ឥតមានបរិវារដល់មួយឡើយ ( ដោយអំណាចទានរបស់ស្ដេចបាយាសិនោះមានផលតិចតួចស្ដួចស្ដើងណាស់ )។ ឯឧត្តរមាណពដែលជាអ្នកចាត់ចែងទានរបស់ស្ដេចបាយាសិ គេបានឱ្យទានប្រកបដោយសប្បុរិសទាន ៤ យ៉ាង ឥឡូវបានទៅកើតនៅក្នុងស្ថានតាវត្តិង្សទេវលោកទៅហើយ (ដោយអំណាចទានរបស់ឧត្ដរមាណពនោះមានផលច្រើន )។

ក្នុងវេលានោះ ព្រះគវម្បតិថេរដ៏មានអាយុ លោកនិមន្តត្រឡប់មកកាន់ស្ថានមនុស្សលោកវិញ ក៏បានផ្សាយដំណឹងនោះដល់មនុស្សទាំងឡាយ ដូចពាក្យបាយាសិទេវបុត្របានផ្ដាំមមកនោះឯង។

ពពួកមហាជន បានស្ដាប់ថេរវាចារបស់ព្រះគវម្បតិថេរដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា បានបរិច្ចាគទ្រព្យធ្វើទានដោយសេចក្ដីគោរព លុះទម្លាយខន្ធពីមនុស្សលោកនេះទៅក៏បានទៅបង្កើតក្នុងទេវលោកជាច្រើន។

រីឯនាងបរិចារិកា ( មហេសី ) របស់ស្ដេចបាយាសិ នាងបានឱ្យទាន ប្រកបដោយសេចក្ដីគោរព លុះទម្លាយខន្ធទៅ ដោយអំណាចដែលនាងមានសេចក្ដីប្រាថ្នាចង់ចួបនឹងស្ដេចបាយាសិ ក៏បានទៅកើតក្នុងសម្នាក់ស្ដេចបាយាសិនោះឯង។

បាយាសិរាជញ្ញសុត្តំ និដ្ឋិតំ
បាយាសិរាជញ្ញសូត្រ ចប់តែប៉ុណ្ណេះហោង

លោកមហា នន្ទ នៅវត្តប្រាង្គណ៍ ឃុំវាំងចាស់ (ឧដុង្គ ) ខេត្តកំពង់ស្ពឺ
ប្រែនិងរៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-៣២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments