ធម្ម​ភាសិត

សារវន្តកថា

អារម្ភកថា

រឿងធម្មភាសិតនេះដែរ នាំផ្ដើមឱ្យឡើងដោយខ្ញុំបាទមានចេតនារឭកចំពោះដល់ឧបការគុណសាសនៈនៃសម្ដេចព្រះបរមសាស្ដាចារ្យ ដែលលោកអ្នកប្រាជ្ញទាំងឡាយនិពន្ធចារឹកទុកក្នុងគម្ពីរនិងក្បួនខ្នាតផ្សេងៗ តាំងជាបែបផែនតមក។

ចំណែកខ្ញុំបាទសោត ដែលមានវីរិយបានសន្សំសេពគប់សិក្សានឹងលោកដ៏ជាបណ្ឌិតខ្លះ បានទស្សនានឹងសវនាការខ្លះមកជារឿយ ៗ ច្រើនឆ្នាំក៏បង្កើតមានបសាទសទ្ធា ជឿជាក់ក្នុងសាសនសម្ដេចព្រះបរមសាស្ដាចារ្យ ពេញចិត្តយ៉ាងក្រៃពេក ហើយដោយមានយោនិសោមនសិការៈចាំទុកបានខ្លះក្នុងដួងហឫទ័យវត្ថុ បានតាំងចាត់ចែងរៀបរបៀបរឿងនេះឡើងឈ្មោះថា ធម្មភាសិត ដើម្បីជាហិតានុហិតប្រយោជន៍ដល់អត្តភាពនិងសាសនិកពុទ្ធបរិស័ទ ដែលមានប្រាថ្នាក្នុងគតិធម្មានុធម្មបដិបត្តិ ជាមគ្គវិថីទៅកាន់ភូមិនៃវិវដ្ដគាមិនីកុសលដែលអាចនឹងតម្កល់អត្តភាព តាំងនៅក្នុងអប្បមាទធម៌ដ៏ប្រសើរផុត។

សម័យដែលចាប់តែងរឿងនេះឡើង បានលៃលកយកតាមបែបផែនដើមខ្លះ កែថែមថយតាមមតិខ្លះ ដើម្បីសម្រួលរេទៅតាមសភាវៈនៃដំណើរសេចក្ដី ឱ្យបានងាយចូលចិត្ត តែថាទោះលោកអ្នកដែលបានទទួលមើលរឿងនេះហើយ បើឃើញថាមានទាស់ខុសខ្លះ ក៏សូមអភ័យទោស ព្រោះជាការទើបរៀបរៀងជាបឋម បើប្រសិនជាឃើញថាជាសារធម៌ធួនល្មមពេញចិត្ត នោះក៏គួរធ្វើយោនិសោមនសិការៈទុកក្នុងហឫទ័យយកជាខបដិបត្តិឱ្យឆ្ពោះទៅកាន់ទិដ្ឋុជុកម្មនៃពុទ្ធសាសនី ជាទីថាវរកាលដ៏អង្វែង។

ន័យអវសាននេះ ខ្ញុំបាទសូមឧទ្ទិសកុសលបុញ្ញរាសីដល់ពពួកពុទ្ធសាសនិកទាំងឡាយ ដែលបានទស្សនានូវសវនាការសេចក្ដីធម្មភាសិតនេះ សូមឱ្យបានចំណែកផលតម្កល់នៅសេចក្ដីសុខតាមប្រាថ្នាសព្វគ្រប់ប្រការចុះ។

ធម្មភាសិត

អត្តាហិអត្តនោនាថោ                  ខ្លួននោះឯងជាទីពឹងរបស់ខ្លួន

កោហិនាថោបរោសិយា               អ្នកដទៃឯណានឹងជាទីពឹងបាន

អត្តាហិសុទន្តេន                         បុគ្គលមានខ្លួនបានបង្ហាត់ល្អហើយ

នាថំលភតិទុល្លភំ                       រមែងបានទីពឹងដែលគេបានដោយក្រ

គ្រានេះនឹងអធិប្បាយសេចក្ដីពុទ្ធនិពន្ធគាថាភាសិត របស់សម្ដេចព្រះធម្មសាមិស្សរាធិបតី ដែលបានឧទ្ទេសទុកជានិក្ខេបបទជាលំដាប់ទៅ ឱ្យល្មមសមរូបតាមធម្មភាសិត។

ដំណើរសេចក្ដីថា (ពាក្យថាខ្លួន) សព្ទនេះជាពាក្យសម្មតិហៅ ដើម្បីនឹងឱ្យស្គាល់ងាយរាល់គ្នា លោកកំណត់យកអត្តភាពសេចក្ដីប្រជុំព្រមនៃបញ្ចខន្ធ គឺរូបវេទនា សញ្ញា សង្ខារវិញ្ញាណ ទាំងអស់នេះឈ្មោះថា ខ្លួនឬន័យមួយទៀតសម្គាល់យកចិត្តនេះឯង ឈ្មោះថាខ្លួន។ ឯពាក្យថា ខ្លួនជាទីពឹងរបស់ខ្លួននោះ អធិប្បាយថា គុណសេចក្ដីល្អទាំងឡាយនឹងបង្កើតឡើងបាន ក៏អាស្រ័យខ្លួនជាអ្នកធ្វើទើបនឹងកើតឡើង ឬនឹងបានទទួលសេចក្ដីសុខទុក្ខប្រការឯណានីមួយ ក៏ព្រោះខ្លួនបានធ្វើកម្មល្អអាក្រក់ ទើបឃើញថាខ្លួនជាទីពឹងរបស់ខ្លួនបើពិចារណាតែសើរៗហើយ ក៏មិនអាចនឹងឃើញបានដោយងាយ ព្រោះថាបុគ្គលយើងនឹងចាប់បដិសន្ធិមានជីវិតន្ទ្រីយ៍ចម្រើនឡើងដោយលំដាប់ ដរាបកើតជារូបធម៌ នាមធម៌ តាំងខ្លួនបានបរិបូណ៌ក៏ព្រោះបិតាមាតាជាទីពឹងជាដែនកើត នឹងជួយទំនុកបម្រុងរក្សាដោយប្រពៃ មានសេចក្ដីស្រឡាញ់ថ្និតថ្នមមិនឱ្យបុត្តរបស់ខ្លួនបានសេចក្ដីទុក្ខលំបាក ហេតុនេះទើបអ្នកប្រាជ្ញពោលថា មាតាបិតាជាព្រហ្មរបស់បុត្ត ដូចក្នុងនិពន្ធពុទ្ធភាសិតដែលចេញមកពីមង្គលត្ថទិបនីថា ព្រហ្មាតិមាតាបិតរេ ប្រែថាមាតាបិតាឈ្មោះថាជាព្រហ្មរបស់បុត្ត នេះក៏បំភ្លឺសេចក្ដីថា មាតាបិតាជាទីពឹងរបស់បុត្តដោយត្រង់ គ្មានអ្នកណាជំទាស់បាន មិនតែប៉ុណ្ណោះ ទើបនឹងពោលឱ្យអស់ទៅក៏នៅមានញាតិមិត្តជាទីពឹងទៀតផង ព្រោះក្នុងកាលកិច្ចធុរៈបង្កើតឡើងចំពោះមុខក្ដី ក្នុងវេលាខ្លួនបានទុក្ខលំបាកក្ដី រមែងតែងអាស្រ័យសេចក្ដីជួយជ្រោមជ្រែងគាំពាររបស់ញាតិមិត្តទាំងអស់គ្រូអាចារ្យជាទីពឹងរបស់សិស្ស ព្រះរាជាមហាក្សត្រិយ៍ជាទីពឹងរបស់រាស្រ្ត ព្រះពុទ្ធជាម្ចាស់ជាទីពឹងរបស់ពួកពុទ្ធបរិស័ទសមដូចពុទ្ធភាសិតត្រាស់ទុកថា មហា-ការុណាកោនាថោ ប្រែថា លោកដ៏ជាទីពឹង រមែងប្រកបដោយករុណាធំ។

សេចក្ដី ដូចបានសម្ដែងមកហើយខាងដើមនោះ ឱ្យចុះសេចក្ដីសន្និដ្ឋានថាបុគ្គលដទៃក៏ជាទីពឹងបានដូចគ្នា តែប្រព្រឹត្តទៅដោយអាការខាងក្រៅ បើពិចារណាឱ្យសុខុមល្អិតចុះទៅជាងនោះទៀត ក៏គង់ឃើញប្រាកដថាខ្លួននេះឯងជាទីពឹងរបស់ខ្លួន ដោយអធិប្បាយថា បណ្ដាសិស្សវិទ្យាសេចក្ដីចេះដឹងទាំងពួងនឹងបង្កើតឡើង ក៏អាស្រ័យខ្លួនជាអ្នកសិក្សាសូត្ររៀនដោយខ្លួនឯង គ្រូអាចារ្យគ្រាន់តែជាអ្នកណែនាំប៉ុណ្ណោះ បើខ្លួនជាមនុស្សខ្ជិលច្រអូសហើយ ធ្វើម្ដេចវិជ្ជាទាំងនោះនឹងមានក្នុងខ្លួនបាន ព្រះបរមសាស្ដាចារ្យសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ទេសនាប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយសេចក្ដីព្យាយាមអ្នកទាំងឡាយគប្បីធ្វើដោយខ្លួនឯងចុះ តថាគតគ្រាន់តែប្រាប់ផ្លូវឱ្យទេ ដូច្នេះត្រូវឱ្យឃើញថា ខ្លួនជាទីពឹងរបស់ខ្លួន ន័យមួយទៀតថា សេចក្ដីបរិសុទ្ធឬសៅហ្មងដែលជាប់ដោយកិលេសខាងក្នុងសោត ក៏ព្រោះខ្លួនប្រព្រឹត្តអំពើកម្មល្អឬអាក្រក់ ទើបចិត្តនោះបរិសុទ្ធខ្លះសៅហ្មងខ្លះផ្សេងៗគ្នា គ្មានបុគ្គលណាមកធ្វើឱ្យបរិសុទ្ធឬសៅហ្មងបាន សមដូចទេសនាក្នុងធម្មបទខុទ្ទកនិកាយថា

អត្តនាវកតំបាបំ អត្តនាសំ កិលិស្សតិ អត្តនាអកតំបាបិ អត្តនាវវិសុជ្ឈតិ

សុទ្ធិអសុទ្ធិបច្ចត្តំ នាញ្ញោអញ្ញំវិសោធយេ

ប្រែថា ធ្វើបាបចំពោះខ្លួនឯង រមែងសៅហ្មងចំពោះខ្លួនឯង មិនធ្វើបាបចំពោះខ្លួនឯងហើយរមែងបរិសុទ្ធចំពោះខ្លួនឯង សេចក្ដីបរិសុទ្ធឬសៅហ្មងបង្កើតចំពោះខ្លួន អ្នកដទៃនឹងញាំងអ្នកដទៃឱ្យបរិសុទ្ធមិនបាន។

ដោយន័យនេះថា ខ្លួននឹងបរិសុទ្ធចាកសព្វកិលេសាសវៈទាំងពួងបាន ក៏ព្រោះប្រីជាញាណរបស់ខ្លួនជម្រះចេញឱ្យវិនាសទៅ ព្រោះហេតុដូច្នោះបើខ្លួនធ្វើល្អឬអាក្រក់ត្រូវខ្លួនជាអ្នកទទួលផលរបស់កម្មនោះ គ្មាននរណាទទួលជួសខ្លួនបានឡើយគប្បីឃើញក្នុងវេលាដែលខ្លួនកំពុងឈឺធ្ងន់ប្រកបដោយទុក្ខវេទនាយ៉ាងខ្លាំងនោះចុះ ញាតិមិត្តដែលនៅក្នុងទីនោះ ក៏គ្មានញាតិមិត្តណាមួយមកជួយទទួលរំលែកយកទុក្ខវេទនានោះទៅបាន មានតែខ្លួនឯងទទួលរងទុក្ខវេទនា ត្រាតែជាឬស្លាប់នេះក៏សម្ដែងបំភ្លឺឱ្យឃើញប្រាកដថា អ្នកដទៃក្រៅចាកខ្លួនហើយ គ្មាននរណាជាទីពឹងបាន សមដូចទេសនាន័យក្នុងបាទទីពីរថា កោហិនាថោបរោសិយា ប្រែថា អ្នកដទៃឯណានឹងគប្បីជាទីពឹងបាន។

អធិប្បាយថា អ្នកដទៃដូចជាមាតាបិតាបុត្តភរិយាញាតិមិត្ត អ្នកទាំងអស់នេះគ្មានអ្នកឯណាមួយជាទីពឹងដល់យើងបាន នឹងពឹងបានក៏តែការខាងក្រៅ ដូចការជួយជ្រោមជ្រែងក្នុងកិច្ចធុរៈចំពូកខ្លះ ដែលជាប់ដោយកម្លាំងខ្លះ ជាប់ដោយសម្បត្តិទ្រព្យខ្លះ និងជាប់ដោយការដទៃៗ ខ្លះដែលជាចំណែកខាងក្រៅប៉ុណ្ណោះ ចំណែកកម្មដែលកើតក្នុងខ្លួននោះ បើយើងធ្វើហើយ ដល់វេលាកម្មនោះឱ្យផលគ្មាននរណាជួយឱ្យរួចពីទុក្ខបាន គប្បីឃើញដូចព្រះទេវទត្តជាតួយ៉ាង សូម្បីព្រះសាស្ដាប្រកបដោយព្រះមហាករុណាដល់សព្វសត្វប្រមាណមិនអស់ក៏ទ្រង់ជួយមិនរួច ត្រូវឱ្យប្រព្រឹត្តទៅតាមកម្មដែលធ្វើនោះ គង់តែព្រះទេវទត្តធ្លាក់នរកឈ្មោះអវីចី សោយទុក្ខវេទនាជាមហន្តសមដូចព្រះពុទ្ធវចនគាថាដែលមានក្នុង សគាថវគ្គ សំយុត្តនិកាយថា ទុក្ខោបាបស្សឧច្ចយោ បុច្ឆាតបតិទុក្កដិ ប្រែថា សេចក្ដីសន្សំឡើងនៃបាបនាំមកនូវទុក្ខ សេចក្ដីអាក្រក់រមែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយ។ ព្រោះហេតុនោះ ទើបឃើញថាមនុស្សដទៃមិនជាទីពឹងរបស់ខ្លួនបានមែន គប្បីឃើញដូចមនុស្សយើងក្នុងកាលមច្ចុរាជ គឺសេចក្ដីស្លាប់មកដល់ បិតាមាតាក្ដី បុត្តភរិយាក្ដី ញាតិមិត្តដទៃក្ដី គ្មានអ្នកណាមួយដែលនឹងអាចជួយតទល់ឱ្យរួចផុតពីអំណាចមច្ចុរាជបាន ទោះជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក្ដី ក៏ជាការហួសវិស័យនឹងចាយជួយឱ្យរួចបាន សមដូចវចនៈដែលមានក្នុងធម្មបទខុទ្ទកនិកាយថា នសន្តិបុត្តាណាយ នបិតានបិពន្ធវា អន្តកេនាធិបន្នស្ស នត្ថិញាតិសុតាណតា។  ប្រែថា បុគ្គលកាលដែលមច្ចុរាជគ្របសង្កត់ហើយ បិតាមាតា បុត្តភរិយា និងញាតិមិត្តទាំងឡាយ ក៏មិនអាចជួយតទល់នឹងសេ្ដចមច្ចុរាជបាន។ ព្រោះហេតុនោះគួរយើងស្វែងរកទីពឹងដ៏សមគួរដល់ខ្លួនទាន់ក្នុងវេលាកំពុងមានកម្លាំងកាយបរិបូណ៌ មិនគួរធ្វើខ្លួនឱ្យជាអ្នកប្រមាទ បើដឹងថាខ្លួនជាទីសម្លាញ់របស់ខ្លួនហើយ គប្បីរក្សាខ្លួនទុកឱ្យល្អក្នុងវ័យទាំង៣ គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ សមដូចនិពន្ធពុទ្ធភាសិតថា អត្តានញ្ចេបិយំជញ្ញា រក្តេយ្យនំសុរក្ខិតំ តិណ្ណំអញ្ញតរំយាមិ បដិជគ្គេយ្យបណ្ឌិតោ  ប្រែថា បើបណ្ឌិតដឹងថាខ្លួនជាទីសម្លាញ់របស់ខ្លួនហើយ គួររក្សាខ្លួននោះឱ្យល្អ គប្បីរវាំងខ្លួនក្នុងវ័យទាំងបី។ បុគ្គលដែលនឹងរកទីពឹងដល់ខ្លួនបាននោះ  ក៏ត្រូវប្រកបខ្លួនជាអ្នកព្យាយាម សេចក្ដីមិនប្រមាទ សេចក្ដីរវាំងខ្លួន និងសេចក្ដីបង្ហាត់ខ្លួនឱ្យល្អ ទើបនឹងជួបទីពឹងរបស់ខ្លួនបាន។ សមដូចនិពន្ធខទី៣ថា អត្តាហិសុទន្តេន។ ប្រែថា បុគ្គលមានខ្លួនបង្ហាត់ល្អ។ អធិប្បាយថា កិរិយាដែលបុគ្គលបានបង្ហាត់តម្រង់កាយវាចាចិត្តរបស់ខ្លួន ឱ្យស្ងប់ស្ងៀមប្រាសចាកអកុសលធម៌ទាំងឡាយ គឺកាយវៀរចាកប្រទូសរ៉ាយរាងកាយសត្វឱ្យដល់សេចក្ដីវិនាស វៀរចាកលួចទ្រព្យរបស់អ្នកដទៃ វៀរចាកការមេថុនធម៌ នឹងបុត្រភរិយាអ្នកដទៃ។

ផ្លូវវាចា មានវៀរចាកនិយាយកុហក និយាយស៊កសៀតចាក់ដោត និយាយពាក្យអាក្រក់កម្ដៅក្រហាយ និយាយពាក្យថ្លុកកំប្លែងឥតផលឥតប្រយោជន៍ ផ្លូវចិត្ត មានវៀរចាកការគិតលោភចង់បានរបស់គេ វៀរចាកគិតព្យាបាទប៉ងបំផ្លាញគេ វៀរចាកឃើញខុសក្រៅគន្លងធម៌។ ធម្មតាមនុស្សយើងទាំងឡាយរមែងមានធុរៈកិច្ចការផ្សេងៗគ្នា អ្នកស្រែរមែងបង្ហូរទឹកបញ្ចូលស្រែ អ្នកធ្វើព្រួញរមែងពត់តម្រង់ព្រួញ អ្នកចាំងឈើ (គឺជាងឈើ) រមែងកាប់តម្រង់ឈើ អ្នកដែលជាបណ្ឌិតរមែងបង្ហាត់ខ្លួននេះត្រូវតាមពុទ្ធភាសិតក្នុងធម្មបទខុទ្ទនិកាយថា ឧទកញ្ហិន យន្តិនេត្តិកា ឧសុការានម-យន្តិតេជនំ ទារុំនមយន្តិតច្ឆកា អត្តានំទមយន្តិបណ្ឌិតា។ ប្រែថា ធម្មតាមនុស្សទាំងឡាយពួកអ្នកស្រែរមែងបង្ហូរទឹកបញ្ចូលស្រែ អ្នកធ្វើព្រួញរមែងពត់តម្រង់ព្រួញ អ្នកចាំងឈើរមែងកាប់ចាំងតម្រង់ឈើ អ្នកដែលជាបណ្ឌិតរមែងបង្ហាត់ខ្លួន។

ព្រោះហេតុនោះ យើងទាំងឡាយគប្បីដាស់តឿនខ្លួនដោយខ្លួនឯង ក្នុងកាលដែលចិត្តយើងកំពុងតែរវើរវាយទៅកាន់អារម្មណ៍ផ្សេងៗ ឬចិត្តកើតសេចក្ដីនឿយណាយក្នុងការប្រព្រឹត្តគុណធម៌ល្អ ទើបសមនឹងបាលីពុទ្ធភាសិតក្នុងធម្មបទថា អត្តនា ចោទយត្តានំ។ ប្រែថា ត្រូវដាស់តឿនខ្លួនដោយខ្លួនឯង។

កាលបើសាធុជនបានបង្ហាត់ខ្លួននិងដាស់តឿនខ្លួន ឱ្យស្ងប់ចាកអកុសលធម៌ ដែលជាចំណែកអាក្រក់ចេញអស់ដោយសីលហើយ តអំពីនោះក៏គួរជម្រះកិលេសយ៉ាងកណ្ដាលដែលហៅថា និវរណធម៌ទាំង៥ មានកាមឆន្ទៈជាដើម ដោយអំណាចសមាធិ បើពេលណាចិត្តប្រកបដោយកាមឆន្ទៈ គឺមានចិត្តតម្រេកក្នុងរូបជាដើម គួរពិចារណាកាយគតាសតិឬអសុភ ត្រាតែកើតសេចក្ដីមិនត្រេកអរក្នុងរូបនោះឡើង បើពេលណាចិត្តបង្កើតសេចក្ដីព្យាបាទ ត្រូវចម្រើនមេត្តានិងករុណា បើថីនមិទ្ធកើតឡើងត្រូវចម្រើនអនុស្សតិ៦យ៉ាងណានីមួយ មានពុទ្ធានុស្សតិរឭកគុណព្រះពុទ្ធជាដើម បើឧទ្ធច្ចកុក្កច្ចកើតឡើង ត្រូវចម្រើនវណ្ណកសិណ មានសម្លឹងមើលពណ៌សជាដើម ដើម្បីឱ្យចិត្តស្ងប់ក្នុងអារម្មណ៍តែមួយ។ បើវិចិកិច្ឆាកើតឡើង ត្រូវចម្រើនភូតកសិណ៤គឺ ដី ទឹក ភ្លើង ខ្យល់។

កាលបើបង្ហាត់ចិត្តរបស់ខ្លួនឱ្យស្ងប់ជាសម្មាសមាធិ ប្រាសចាកនិវរណ៥ ហើយប្រកបដោយអង្គ៥ គឺ វិតក វិចារ បីតិ សុខ ឯកគ្គតា បានស្រេចហើយ តអំពីនោះចិត្តនឹងបរិសុទ្ធប្រាសចាកឧបកិលេសទាំងឡាយ គួរជាទីតាំងវិបស្សនាភាវនាតទៅ។

បើសាធុជននឹងចម្រើនវិបស្សនា គប្បីចម្រើនតាមឧទេសតទៅថា សព្វេសង្ខារាអនិច្ចា សព្វេសង្ខារាទុក្ខា សព្វធម្មា អនត្តា។ ប្រែថាសង្ខារទាំងឡាយមិនទៀង សង្ខារទាំងឡាយជាទុក្ខ ធម៌ទាំងឡាយជាអនត្តា។ ហើយកំណត់ប្រើបញ្ញាពិចារណាសង្ខារទាំងឡាយឱ្យឃើញថា សេចក្ដីបង្កើតឡើងខាងដើម សេចក្ដីប្រែប្រួលទៅខាងកណ្ដាល សេចក្ដីសាបសូន្យជាទីបំផុត រំពឹងឱ្យច្បាស់ប្រាកដថា សង្ខារនេះជាភ័យដែលគួរខ្លាច មិនទៀងយឺនយូរបាន ចូលពិចារណាយ៉ាងនេះត្រាតែកើតអាទីនពឃើញទោសរបស់សង្ខារនោះ ថាប្រកបទៅដោយទោសទុក្ខមានប្រការផ្សេងៗ កាលកំណត់ពិចារណាសង្ខារឃើញប្រាកដថាជារបស់មិនទៀងហើយ តអំពីនោះ អនត្តា ក៏នឹងឃើញជាក់ដោយបញ្ញារបស់ខ្លួនជា យថាភូតញាណទស្សនៈ គឺបញ្ញាឃើញតាមសេចក្ដីពិតយ៉ាងណាត្រាតែជាហេតុមិនប្រកាន់ជាប់ដោយតណ្ហា ថានោះជារបស់យើង មិនប្រកាន់ជាប់ដោយមានទិដ្ឋិ ថានោះជាខ្លួនរបស់យើង ដកអត្តវាទុប្បាទាន សេចក្ដីប្រកាន់ខ្លួនចេញអស់ហើយ តអំពីនោះ និពិ្វទា សេចក្ដីនឿយណាយក៏នឹងបង្កើតមានឡើងក្នុងចិត្ត កាលបើចិត្តនឿយណាយហើយ រមែងអស់តម្រេក កាលបើចិត្តអស់តម្រេកហើយ រមែងរបូតផុតចាកកិលេសសាសវៈទាំងឡាយ បុគ្គលនោះឈ្មោះថាមានផ្លូវទៅខាងមុខគឺព្រះនិព្វាន រមែងបានជួបសេចក្ដីសុខដ៏វិសេស សមតាមភាសិតបរិហារថា និព្វានំបរមំសុខំ  ប្រែថា ព្រះនិព្វានជាសុខយ៉ាងវិសេស។ មិនបាច់កើតចាស់ឈឺស្លាប់តទៅទៀតឈ្មោះថាបុគ្គលនោះមានទីពឹងដែលគេបានដោយក្រ គឺផលមកអំពីការទូន្មានបង្ហាត់ខ្លួនដោយលំដាប់ តាំងពីជម្រះកិលេសយ៉ាងគ្រាតដោយសីល ជម្រះកិលេសយ៉ាងកណ្ដាលដោយសមាធិ ជម្រះកិលេសយ៉ាងល្អិតដោយបញ្ញា ត្រាតែសម្រេចព្រះនិព្វានទើបត្រូវតាមពុទ្ធបរិហារដែលពោលទុកក្នុងបទទីបំផុតថា នាថំលភតិទុល្លភំ ប្រែថា បានទីពឹងដែលគេបានដោយក្រ។ អធិប្បាយថាការដែលមនុស្សយើងនឹងបានទីពឹងដ៏ប្រសើរយ៉ាងនេះក្រណាស់ ព្រោះហេតុថាមនុស្សយើងនេះជាអ្នកក្រាស់ដោយកិលេសច្រើន ជាអ្នកធ្លាក់នៅក្នុងអំណាចរបស់តណ្ហាមាន ទិដ្ឋិ ហើយជាអ្នកជាប់នៅក្នុងលោកាមិសគឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍ ដែលគួរស្រឡាញ់គួរប្រាថ្នា បីដូចជានុយដែលបិទជាប់នឹងសន្ទូច មនុស្សល្ងង់មិនអាចនឹងស្គាល់ដល់សេចក្ដីពិតរបស់លោក ទើបច្រើនតែធ្លាក់ទៅទុគ្គតិកម្រនឹងចួបសុគតិសួគ៌ សមដូចវចនៈគាថាដែលមានក្នុងធម្មបទខុទ្ទកនិកាយថា អន្ធភូតោ អយំលោកោ តនុកេត្ថវិបស្សតិ សកុណោជាលមុត្តោវ អប្បោសគ្គាយគច្ឆតិ ប្រែថា សត្វលោកនេះជាអ្នកងងឹត នឹងឃើញច្បាស់ក្នុងលោកនេះតិចណាស់ នឹងទៅកាន់សុគតិក៏តិចណាស់ ដូចសត្វស្លាបដែលជាប់អន្ទាក់នាយព្រានហើយ ដែលនឹងរបូតរួចពីអន្ទាក់ទៅបាននោះតិចណាស់។ តែត្រឹមសុខក្នុងសួគ៌កម្រនឹង​ចួបទៅហើយ ចំណង់បើព្រះនិព្វានដ៏ជាទីពឹងយ៉ាងប្រសើរ នោះកម្រនឹងប្រាថ្នាបានយ៉ាងណាទៅ។ បុគ្គលដែលនឹងជួបព្រះនិព្វានបានក៏ត្រូវប្រកបសេចក្ដីព្យាយាមឱ្យមាំ ទើបនឹងផុតចាកទុកទាំងឡាយ សមដូចទេសនាន័យដែលមានក្នុងសគាថវគ្គសំយុត្តនិកាយថា វិរិយនទុក្ខមច្ចេតិ ប្រែថា មនុស្សនឹងឆ្លងឱ្យផុតទុក្ខបាន ព្រោះសេចក្ដីព្យាយាម។ សូម្បីអង្គព្រះសាស្ដាដែលសម្រេចព្រះសម្មាសម្ពោធិញាណបាន ក៏អាស្រ័យសេចក្ដីព្យាយាមនេះឯង ព្រោះហេតុនោះសាធុជនដែលស្វែងរកសេចក្ដីសុខ គប្បីព្យាយាមជម្រះកិលេសរបស់ខ្លួនដោយលំដាប់ទៅទើបនឹងឃើញផ្លូវព្រះនិព្វាន។ ឯគន្លងផ្លូវដែលនឹងទៅកាន់ព្រះនិព្វាននោះ ត្រូវដើរតាមអរិយមគ្គ ៨ ប្រការ មានសម្មាទិដ្ឋិជាដើម មានសម្មាសមាធិជាបរិយោសាន បើធ្វើអរិយមគ្គទាំង ៨ ប្រការ ឱ្យបរិបូណ៌ទាល់តែកើតជាមគ្គសាមគ្គីហើយ ទើបនឹងសម្រេចជាអរិយមគ្គអរិយផល បរិសុទ្ធនៃញាណទស្សនៈបាន ហេតុនោះទើបលោកពោលសរសើរថា មគ្គានដ្ឋំគិកោសេដ្ឋោ វេសេវនគ្គា នត្ថញ្ញោ ទស្សនស្ស វិសុទ្ធិយា ប្រែថា ផ្លូវមានអង្គ ៨ ប្រសើរក្រៃលែងផ្លូវទាំងឡាយ ឥតផ្លូវដទៃឱ្យបរិសុទ្ធន័យទស្សនៈលើសគ្មាន។ ព្រោះហេតុនោះទើបឃើញថាផ្លូវដែលនឹងទៅកាន់សេចក្ដីសុខមិនមែនជារបស់ដែលធ្វើបានងាយ ត្រូវអាស្រ័យវិរិយៈនិងបញ្ញារបស់ខ្លួន ដូចនិពន្ធពុទ្ធភាសិតថា បញ្ញាយ បរិសុជ្ឈតិ ប្រែថា បុគ្គលរមែងបរិសុទ្ធិដោយបញ្ញា។

ឯនិព្វាននេះ កាលបុគ្គលណាបានសម្រេចហើយ រមែងដឹងចំពោះខ្លួនជាសន្ទិដ្ឋិកោ អ្នកដែលបានសម្រេច គប្បីឃើញដោយខ្លួនឯង ទើបឃើញថានិព្វានជាធម៌ប្រសើរល្អិតសុខុមក្រៃពេក កម្របុគ្គលនឹងធ្វើបាន រួមសេចក្ដីថាខ្លួននេះឯងជាទីពឹងរបស់ខ្លួន អ្នកដទៃទីពឹងពុំបានឡើយ ទោះជាពឹងក៏បានតែអាការខាងក្រៅ ហើយខ្លួនសោតក៏ប្រកបដោយសេចក្ដីល្អផង ចំណែកគុណគឺសេចក្ដីល្អទាំងឡាយដែលនឹងបង្កើតឡើងក៏មកពីខ្លួនប្រព្រឹត្តដោយខ្លួនឯង អ្នកដទៃគ្រាន់តែណែនាំឬចង្អុលផ្លូវឱ្យប៉ុណ្ណោះ នឹងជាទីពឹងដល់ខ្លួនមិនបាន គប្បីឃើញដូចជាសេចក្ដីស្លាប់មកដល់ចំពោះមុខ បិតាមាតាឬញាតិក៏ពឹងមិនបាន ដូចសម្ដែងមកហើយខាងដើមនោះ។ បើសាធុសប្បុរសនឹងបង្ហាត់ខ្លួនឱ្យល្អ គប្បីព្យាយាមធ្វើសីល សមាធិ បញ្ញា ឱ្យបរិបូណ៌ក្នុងខន្ធសន្ដាន ហើយប្រព្រឹត្តតាមអរិយមគ្គ ៨ ប្រការឱ្យស្អាតបរិសុទ្ធ ក៏នឹងសម្រេចមគ្គផលនិព្វានចួបសុខយ៉ាងវិសេស ដូចបរិហារមកដូច្នេះឯង។

ឱវាទានុសាសន៍

១- គិតដល់មិត្តដែលស្លាប់កើតក៏ដូចគ្នា តែអ្នកខ្លះក៏នៅជាជាប់ល្ងង់ធ្ងន់ ទោះជាចេះៗចង់ហួសជ្រុលជ្រួសមន្ត ទើបនិពន្ធ ពាក្យដាសតឿនក្រើនតទៅ។

២- កិច្ចណាមួយដែលមិនជាប្រយោជន៍ប្រាណ អ្នកដទៃក៏មិនបានកុំខ្វល់ខ្វាយ ចំណង់អ្វីឱ្យតែល្មមកម្លាំងកាយ ត្រាប់ទន្សាយងើយរកខែគេថាឆោត។

៣- មនុស្សជរាតែប្រព្រឹត្តយុត្តិធម៌ គួរយើងចរចូលទៅគប់គោរពជ្រក តែទុំស្នួលមិនស្រួលស្និទជិតទៅមក យើងរាប់រកយកតែគួរក៏បានហើយ។

៤- ប្រាក់មួយសែនមែនបើជាសម្បត្តិគេ យើងមានតែសេនមួយទេវិសេសជាង ព្រោះប្រាក់គេៗទុកប្រើបម្រើរាង ម្ដេចសារពាង្គពោះយើងអត់វាបាត់ល្មូល។

៥- ត្មាតអើយត្មាតប្រឹងដៀលត្មះតែក្អែកម្ល៉េះ កាយខ្លួនឆ្អេះកោតចេះបិទឥតអាក្រក់ ស៊ីសពខ្មោចមហឹង្សាសេះសុនខ គួរហ៊ានហក់មកហាពោលថ្កោលទោសក្អែក។

៦- ទោះឃើញអ្វីទាស់ចំណុចត្រូវចំណង់ គួរបង្អង់កុំបង្ហើបប៉បូរញែក មិនដូច្នោះច្បាស់ជាភាន់មាន់ជាក្អែក ថ្លឹងមើលភ្នែកត្រចៀកចិត្តគិតឱ្យល្អ។

៧- ទ្រព្យអ្នកក្រៅមានយ៉ាងគ្រាន់មួយពាន់ពាង មិនជាជាងប្រាក់មួយរៀលរបស់ខ្លួន គួរលាក់សុំថែទាំទុកតាមចំនួន គ្រាន់ជាខ្លួនជួយគ្រាឃ្លាន មានបាយខ្លះ។

៨- មនុស្សស្លាប់ហើយរិះគន់បានគ្មានហ៊ានតប ពោលប្រកបខុសគាប់ចិត្តឥតប្រកែក មនុស្សរស់ៗចុះទៅស្ដីថ្វីឱ្យបែក តែពាក្យប្លែកជជែកភ្លាមមិនស្ងៀមទេ។

៩- កូនស្រីល្អកុំឱ្យល្អានហាមកំលោះ ដាំឈើផ្លែពាន់រផ្លោះកុំឱ្យជិត ល្ងនិងស្ករស្រមោចមុខជាភ្លក្សលិឍ តែបណ្ដោយឱ្យរោមជិតចេញពណ៌សៅ។

១០- ត្បាញកញ្ជើមានបន្ទោះជាបន្ទាត់ ប្រយត្នមាត់ភ្លាត់ទាស់ទែងស្លែងសម្ដី ពាក្យពីរោះទោះជាក្មេងពុំដឹងក្ដី គង់សរសើរថាស្រដីគប្បីស្ដាប់។

១១- ចួបដុំមាសចេះតែក្រាញមិនចង់ក្រោក មាសរត់មករកកាប៉ៅឯងកាលណា គួររកកេះខ្វេះកកាយដោយឧស្សាហ៍ ដូចពាក្យថាចាប់ក្របីបន្ទាន់ជុះ។

១២- នារីរួមក្នុងលំនៅមួយនិងប្រុស សូម្បីបើមិនខូចខុសក៏សៅហ្មង កាន់សិក្ខាការវេនីនៅនឹកប៉ង គង់សៅហ្មងកើតជាស្នឹម ក្នុងព្រហ្ម័ន។

១៣- ឆ្កែវាខាំថ្វីក៏ចាំទៅខាំឆ្កែ គម្រង់ហុយក្លិនស្អុយអែគួរដែរឬ គេចឱ្យឆ្ងាយទៅមិនជាសោះវាឈឺ ថ្ងៃក្រោយគឺមានពេលកែ ថាឆ្កែជា។

១៤- តុលាការ លោកមិនមែន ឪម៉ែទេ ទោះចាញ់ឈ្នះ ស្រេចនៅគេ ទាំងសង្ខាង ត្រូវបង់ខ្វាត់ កាត់សេចក្ដី យកច្បាប់អាង បើកុំសាង រឿងក្ដីក្ដាំ ជាកម្មល្អ។

១៥- គេស្អប់យើង ហើយពោលរឿង ឡើងឱ្យឮ ពាក្យនោះគឺ គួរល្មមកែ គិតប្រែប្រុង ខ្លាចក្រែងតែ ក្រអូបក្រៅ ស្អុយនៅក្នុង តែយើងថ្លោះ ច្បាស់ជាជង់ ផុងកប់ភក់។

១៦- ព្រហ្មវិហារ ឆ្កែមិនហ៊ាន វាយឱ្យចាល តែឱនក្បាល ទាបទៅជិត លិឍលេងបាន ជាតិជាឆ្កែ ទុកតាមឆ្កែ សត្វតិរច្ឆាន មានបាយកក ក៏ឱ្យទាន មួយចានទៅ។

៧- ឱអាសូរ សត្វបម្រើ ប្រើស្រួលណាស់ រីឯម្ចាស់ ប្រឹងវាយវ័ធ រលាត់ស្បែក ប្រើស្រួលហើយ ចាំវាយថ្វី ឱ្យឈឺពេក លរំពាត់ មាត់យើងស្រែក តឿនបានហើយ។

– នៅត្រង់ណា ហាពោលតែ ពីរឿងគេ រឿងផុងខ្លួន មានឬទេ មិនសម្ដែង អាក្រក់ល្អ ជារបរ របស់ឯង កុំទៅថ្លែង តែរឿងគេ វាកើតអី។

១៩- ត្មាតចម្អេះ ចេះពាំកែវ មកដាក់ដៃ គួរទទួលរវៀសរវៃ កុំបីរា ទោះជាឆ្អេះ ឆ្អាបយ៉ាងណា តែខ្លួនវា កែវនោះជា ទ្រព្យតម្លៃ កុំបីខ្ពើម។

 ២០- ឃើញមានច្រើន តែស្រឡាញ់ កូនប្រពន្ធ អ្នកមានគុណ ជាទម្ងន់ ពុំគន់គិត បុត្តភរិយា តើនរណា មិនស្នេហ៍ស្និទ្ធ តែគួរគិត គុណទឹកដោះ ដែលបៅផង។

២១- មុតក្រចក ចូកចាក់ចុប ដាច់តែស្បែក មុតកាំបិត ចិតរហែក ហូរឈាមសើម មុតនេត្រា នៃសត្រី ទ្រុតឆ្លុះថ្លើម មុតសម្ដី មាត់សម្បើម ហៅឆ្នើមមុត។

២២- យើងពេញចិត្ត គេស្បិតចង់ ហាក់បង់ចាញ់ ដូចស្រឡាញ់ សត្វកណ្ដូប កណ្ដាលស្មៅ សន្លាក់ដៃ ជើងយើងនោះ ទោះផ្ដុសព្រៅ ទ្រាំខាំមាត់ អត់ឱបទៅ ត្រូវជាជាង។

 ២៣- បើឃើញអ្វី ឱ្យសម្លឹង តែនឹងនេត្រ កុំសង្កេត គន់រកហេតុ ភិនភេទផ្ដាស កាយផងគេ កុំសម្គាល់ គិតវិបល្លាស កុំរហ័ស ហាមាត់ដៀល ដំនៀលគេ។

២៤- សរសេរខុស កោសកែថ្មី ឥតបីចោល កាប់ឈើខុស ត្រូវដែកគោល ទន់មុខពាប់ បាញ់សត្វខុស នោះខាតតែ រំសេវគ្រាប់ ប្រមូលសព្វ ទៅគិតខុស ខូចថ្លៃច្រើន។

២៥- បើក្ដៅថ្ងៃ ដៃបាំងឆត្រ បំបាត់បាន ឬមួយស្រៀវ ក្ដៅក្នុងប្រាណ មានថ្នាំផឹក ឬក្ដៅភ្លើង យើងគ្រាន់ទ្រាំ ទៅរកទឹក ក្ដៅសន្ធឹក គឺក្ដៅចិត្ត ពេលឥតទ្រព្យ។

២៦- ទ្រាំលំបាក ព្រោះចង់បាន ទ្រព្យសម្បត្តិ លុះបានមក មិនប្រយត្ន គិតឱ្យគង់ ជោរចចើល មើលងាយចាយ ជះឆុងៗ ក៏លិចលង់ លើសចំនួន ដែលរកបាន។

២៧- ពូជសាបព្រោះ គួរពិគ្រោះ ស្រែឱ្យស្រួល ក្រែងទីទួល ក្រួសរវាន គ្មានទីល្បាប់ ស្រែនិងស្រូវ ត្រូវឱ្យល្មម ពូជមួយក្ដាប់ យ៉ាងនេះឬ បើមិនឆាប់ ចេញផលល្អ។

២៨- ភ្លើងភ្នក់ធំ ឆេះដង្គុំ ក្នុងព្រៃជ្រៅ មិនត្រូវទៅ ក្ដៅផងសោះ ព្រោះឆេះព្រៃ បើភ្លើងក្រាន យើងឆេះ នោះគួរភ័យ ព្រោះក្ដៅដល់ ដួងហឫទ័យ ទប់ពុំឈ្នះ។

២៩- ខ្មោចតាយហោង ហាក់បើលង ទាំងម៉ឺនលាន ក៏ឥតមាន ហ៊ានពាធា ជាទម្ងន់ ខ្មោចក្នុងផ្ទះ ច្បាស់ជាកាច់ ផ្ដាច់ជីពជន្ម តែស្ងៀមទុក មុខជាមន្ដ ដេញមិនខ្ចាត់។

៣០- ក្ដារឈើទាល បន្ទាក្រាស់ ពេញបន្ទុក ចង់ពុះច្រៀក បំបែកមុខ មិនក្រសោះ ក្រតែមុខ មនុស្សក្រាស់ ក្រាស់ចេញក្រោះ កុំចាំងចោះ ឱ្យស្ដើងវិញ វាស្ដាយដៃ។

៣១- អ្នកចម្ការ បារយកគ្រាប់ ល្ងសណ្ដែក ខំទូលរែក ទៅសាបព្រោះ អស់ច្រើនថាំង រំពឹងសព្វ មិនគប្បី គួរស្ដាយខ្លាំង ឱគេតាំង ដាំថ្មីទៀត យកចំណេញ។

៣២- ទូកធ្លុះធ្លាយ ដោយផ្លូវព្រៃ យកដីញាត់ ផ្ទះធ្លាយធ្លុះ ជួសជុលបាត់ ឥតព្រួយប្រាណ គូទថង់ធ្លុះ នោះកម្រជុលជិតបាន ស្ដាយថង់ចាស់ ត្រូវផ្ចាលប្រាណ ធន់កម្មទៅ។

ពិចារណាសង្ខារ

គន់គ្រឹហា គួរនាដូច រូបសង្ខារ សង់ទុកយូរ មានវិការៈ បាក់បែក រូបកាយសោត ក៏ទ្រោតទ្រេត ទ្រុឌទ្រោមប្លែក មិនល្អឯក ដូចរាងរៅ នៅកំលោះ។

ភ្នែកក៏ល្អក់ សក់ក៏ស្កូវ ត្រូវពេលទ្រម ត្រចៀកក៏ព្រម ទាំងហឹងថ្លង់ ពុំឮសោះ សតិក៏ទន់ ធ្ងន់ភាន់ភាំង កម្លាំងខ្សោះ ធ្មេញក៏បាក់ ធ្លាក់រង្គោះ អស់មុនស្លាប់។

តែតណ្ហា នេះអីម្ល៉េះ មិនចេះចាស់ ចិត្តសង្វាស សង្វាតគិត ឥតសុខសាប់ ឃើញក្រមុំ ខំក្រមាច់ ភ្លេចខ្លួនស្លាប់ រកឧបាយ បោកចំបាប់ ចំបែងខ្វល់។

ទាំងថ្ងៃទាំងយប់ កន្លងគ្រប់ ពេលទៅហើយ ឱលោកអើយ គួរគិតខំ សន្សំផល គិតដល់ជន្ម គន់ដល់កាយ កុំឱ្យសល់ ជីវិតនេះ ណានឹងដល់ មួយម៉ឺនឆ្នាំ។

ក្ដីមរណៈ នោះតែងមាន តែគ្រប់សត្វ តែពុទ្ធពង្ស ទ្រង់អរហត្ត កាត់កងកម្ម ប្រសើរលើស វិសេសលប់ តែងឧបត្ថម្ភ គង់ស្ដេចកាន់ មរណកម្ម និព្វានអើយ ៕

 បាន-តេង គ្រូបង្រៀនកុមារវត្តស្វាយពពែ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments