រឿង ​អាចោរ​ចិត្ត​ជា

រឿង​ព្រេង​និទានខ្មែរ

កិរ ដូចបានឮតៗមកថា កាលនោះមានក្មេងប្រុសម្នាក់ នៅក្នុងស្រុកមួយ​​ មានឈ្មោះមិនប្រាកដ សន្មតិហៅថា អាចោរចិត្តជា លុះចម្រើនធំឡើងអាពុកស្លាប់ទៅនៅតែម្ដាយ ឯចៅនោះក៏មិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមតាម ទើបមាតាយកទៅឱ្យនៅវត្តរៀនអក្សរ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មា គ្រូរំឭកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់។

នឹងពណ៌នាពីស្ដេចក្នុងនគរនោះ សម័យថ្ងៃមួយ ស្ដេចចេញចុងព្រះរាជរោង ឱ្យសេនាបតីនាហ្មឺនសព្វមុខមន្ត្រីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា មានខេត្តមួយនោះនៅទំនេរពុំទាន់មានឈ្មោះណាទៅនៅឈររក្សា បើអ្នកឯណាថ្វាយប្រាក់យើង៤០រៀលដាក់ឃ្លាំង យើងឱ្យទៅឈរធ្វើចៅហ្វាយស្រុករក្សាខេត្ត​​នោះតទៅ ស្ដេចក៏យាងចូលខាងក្នុងព្រះបរមរាជវាំងវិញ។

ចំណែកឯមន្ត្រីតូចម្នាក់លុះមកដល់ផ្ទះវិញ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក លុះដល់វេលាយប់ចូលដំណេក និយាយនឹងភរិយាថា នាងអើយឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០រៀលថ្វាយដាក់ឃ្លាំង ទ្រង់ឱ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្ត​​នោះ ភរិយាឆ្លើយថាឱអ្នកអើយចិត្តខ្ញុំចង់ឱ្យអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃខ្លួនយើងក្រីក្រលំបាកតោកយ៉ាក នឹងរកប្រាក់ថ្វាយស្ដេចពុំបាន ហើយបន់ទេវតាថាសូមទេវតាជួយខ្ញុំឱ្យបានប្រាក់៤០រៀលថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកក្នុងគ្រានេះ។

ឯអាចោរជាវេលាយប់ដើរលួចគេអង្គុយក្រោមផ្ទះមន្ត្រីនោះបានឮដូច្នោះហើយមានចិត្តអាណិត ក៏ទៅយកប្រាក់៤០រៀលពីផ្ទះអាត្មា វេចនឹងកំណាត់សំពត់ជាតីមកដល់ក៏លូកដៃតាមប្រហោងជញ្ជាំងទុកឱ្យមន្ត្រីនោះរួចត្រឡប់ទៅវិញ លុះព្រឹកភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតីក៏ចាប់លើកស្រាយមើលឃើញប្រាក់៤០រៀល អរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់៤០រៀលហើយគឺទេវតាឱ្យ ប្រពន្ធក៏ស្ទុះមកមើលឃើញច្បាស់មានចិត្តត្រេកអរពន់ពេក។

លុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់ ៤០ រៀលទៅថ្វាយស្ដេចដាក់ឃ្លាំង ទើបស្ដេចតាំងមន្ត្រីនោះឱ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្ត​​នោះតទៅ។

ចំណែកឯអាចោរចិត្តជាបានដឹងថាមន្ត្រីនោះបានធ្វើចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្ត​​នោះ ធ្វើដំណើរឱ្យគេចាប់បាន ម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះទៅជូនចៅហ្វាយស្រុកៗ បង្គាប់នាយភូមិ​ឃុំឱ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះ លុះវេលាយប់ស្ងាត់អាចោរចិត្តជានិយាយតែម្នាក់ឯងថា ឱហេតុតែឯងមានចិត្តអាណិតគេៗ គេចង់ធ្វើចៅហ្វាយស្រុក ខ្លួនឯងយកប្រាក់៤០រៀលវេចនឹងកំណាត់សំពត់ជាតីមកឱ្យគេទាំងយប់ ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាអាណិតឯងបន្តិចសោះ គេដាក់ច្រវាក់ឃុំទុកឱ្យវេទនា អាចោរចិត្តជានិយាយតែពាក្យដដែលៗម្នាក់ឯងច្រើនដង។

ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮអាចោរនិយាយដូច្នោះហើយប្រឹក្សាគ្នាថា អាចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់ គួរតែយើងចុះទៅសួរវាឱ្យជាក់ច្បាស់ ទើបចៅហ្វាយស្រុកនោះចុះពីផ្ទះទៅសួរអាចោរថាអញឮឯងនិយាយរឿងអី យើងស្ដាប់បានខ្លះមិនបានខ្លះ ចូរឯងនិយាយរឿងនោះឱ្យយើងស្ដាប់ក្នុងវេលានេះដោយពិត ទើបអាចោរចិត្តជានិយាយថា ខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចគេរាល់យប់យកមកចិញ្ចឹមជីវិត កាលលោកនៅជាមន្រ្តីតូចពុំទាន់បានធ្វើចៅហ្វាយស្រុក វេលាយប់មួយនោះខ្ញុំដើរលួចគេខ្ញុំអង្គុយក្រោមផ្ទះលោក ឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់៤០រៀលពីណានឹងថ្វាយស្ដេចៗ ឱ្យធ្វើចៅហ្វាយស្រុកខេត្ត​​នោះប្រពន្ធលោកថា យើងក្រីក្រ ម្ល៉េះនឹងបានប្រាក់ពីណា ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់៤០រៀលវេចនឹងកំណាត់សំពត់ជាតីមកដាក់ជិតក្បាលដំណេកទុកជូនលោក ខ្ញុំក៏ត្រឡប់ទៅវិញ ថ្ងៃក្រោយឮគេនិយាយថា លោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្ត​​នេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោក​ៗ ក៏ធ្វើទោសខ្ញុំមិនប្រណី ចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថា ឱអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែន ដែលអញធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយ វេលានេះឯងកុំភ័យកុំតូចចិត្ត ព្រឹកនេះអញដោះឯងឱ្យរួចពីទោស មួយទៀតឯងនឹងអញយកគ្នាជាសម្លាញ់ទៅ។

ទើបចៅហ្វាយស្រុកសួរថា ឯងឈ្មោះអី បុរសនោះជម្រាបថា ខ្ញុំឈ្មោះអាចោរចិត្តជា រួចឡើងលើផ្ទះវិញ។

លុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់នាយភូមិឃុំឱ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា អាសម្លាញ់ឯងនៅនឹងអញចុះយើងនឹងចិញ្ចឹម ពីថ្ងៃនេះតទៅឯងកុំលួចគេទៀត អាចោរចិត្តជាឆ្លើយថា ពីរឿងលួចនោះអញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះយកទៅចិញ្ចឹមមាតាអញមេម៉ាយ ចៅហ្វាយស្រុកក៏ឱ្យប្រាក់៣០រៀលយកទៅឱ្យមាតា អាចោរចិត្តជាមិនព្រមយក ចៅហ្វាយស្រុកក៏សួរថា អាសម្លាញ់ឯងនៅភូមិផ្ទះឯណា ចូរឯងប្រាប់អញឱ្យត្រង់ អាចោរចិត្តជាប្រាប់ថា អញនៅភូមិផ្ទះត្រង់ណោះ ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ។

នឹងពណ៌នាពីលោកយោមរាជ និងមន្ត្រីតូចម្នាក់ក៏តសេចក្ដីវិវាទទាស់គ្នាយូរខែហើយ មន្ត្រី​តូចនោះមានចិត្តគំនុំគិតសម្លាប់លោកយោមរាជនោះឱ្យបាន តែមន្ត្រីតូចនោះមានបាវស្រីម្នាក់ទំនុកទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់ បាវស្រីនោះខំផ្គាប់ផ្គុនបម្រើចៅហ្វាយមិនមានទាស់ វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងបាវស្រីនោះថា វេលានេះឯងអាណិតអញ ពីព្រោះអញស្អប់លោកយោមរាជនោះណាស់ អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកឯណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែនាងឯងមានតម្រិះប្រាជ្ញា ហើយមន្ត្រីនោះបង្គាប់បាវស្រីថាចូរឯងចេញពីអញទៅរកប្រាក់លោកយោមរាជ នៅនឹងគេចុះរួចឯងខំបម្រើផ្គាប់ផ្គុនគេឱ្យដូចកាលនៅនឹងអញ បើលោកយោមរាជ នោះគេទុកចិត្តស្និទស្នាល ឱ្យឯងចូលបម្រើខាងក្នុងបានហើយឯងចាំតែមើល លុះវេលាយប់​ស្ងាត់​កាលណាបើលោកយោមរាជនោះសម្រាន្តលក់ ចូរឯងរម្លាយសំណឱ្យពុះក្ដៅ រួចយកទៅចាក់ក្នុងមាត់នឹងស្លាប់មិនខាន គ្មានអ្នកឯណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះអញនឹងចេញប្រាក់លោះ​ឯងយកមកវិញឱ្យរួចពីខ្ញុំគេ បាវស្រីនោះទទួលតាមការសព្វគ្រប់។

ឯអាចោរចិត្តជាវេលាយប់នោះដើរលួចគេអង្គុយក្រោមផ្ទះមន្ត្រីនោះ កាលមន្ត្រីនោះនិយាយបង្គាប់បាវស្រីឱ្យសម្លាប់លោកយោមរាជដូចម្ដេច ស្ដាប់បានការទាំងអស់។

ថ្ងៃក្រោយបាវស្រីនោះលាម្ចាស់ទៅរកប្រាក់លោកយោមរាជនៅ លោកយោមរាជក៏ទទួលចេញប្រាក់លោះឱ្យនៅបម្រើរៀងមក នាងនោះខំបម្រើផ្គាប់ផ្គុនលោកយោមរាជនិងលោកជំទាវគ្មានទាស់ចិត្ត លោកយោមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឱ្យចេញចូលខាងក្នុងបម្រើជិតរៀងមក វេលារាត្រីមួយនោះយប់ស្ងាត់បាវស្រីនោះវាដឹងថា លោកយោមរាជនិងលោកជំទាវសម្រាន្តលក់ហើយវាដុតភ្លើងរម្លាយសំណកំពុងតែពុះក្ដៅ វាលើកសំណនោះទៅចាក់ក្នុងមាត់លោកយោមរាជស្លាប់ទៅ វាត្រឡប់ទៅដេកតាមកន្លែងវិញ។

លុះព្រឹកឡើងលោកជំទាវភ្ញាក់ក៏បានដឹងថាប្ដីស្លាប់ហើយស្រែកទ្រហោយំ មនុស្សផ្អើលឆោឡោមកមើលឃើញលោកយោមរាជស្លាប់មែន តែមិនដឹងជាស្លាប់ពីរោគអី ដោយគ្មានស្លាកស្នាមបន្តិចសោះ លោកជំទាវនោះទៅទូលស្ដេចតាមរឿងដែលប្ដីស្លាប់ ទ្រង់ក៏ចាត់មន្ត្រីឱ្យមកមើលៗ រួចមិនដឹងជាស្លាប់ពីរោគអី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅទូលតាមរឿងវិញ ស្ដេចឱ្យយកសពទៅបញ្ចុះទុកតាមគួរ។

ក្រោយនោះជារដូវទ្វាទសមាស នាហ្មឺនសព្វមុខមន្ត្រីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យោមរាជ បានដឹងច្បាស់ប្រាកដ យើងឱ្យធ្វើទីយោមរាជ រួចស្ដេចចូលខាងក្នុងវិញ សេនាបតីនាហ្មឺនសព្វមុខមន្ត្រីក៏ទៅផ្ទះគ្រប់ខ្លួនទីទៃ ៗ។

ចៅហ្វាយស្រុកម្នាក់នោះចង់ធ្វើយោមរាជណាស់ លុះទៅដល់ខេត្ត​​ក៏ទៅរកអាចោរចិត្តជាៗ សួរថា អាសម្លាញ់ឯងមករកអ្វី ចៅហ្វាយស្រុកប្រាប់ថា អញមកមានការសួរឯងបន្តិចដ្បិតលោកយោមរាជស្លាប់តែមិនដឹងជាស្លាប់ពីរោគអី ឥឡូវស្ដេចមានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយោមរាជឃើញពិតប្រាកដ ទ្រង់ឱ្យធ្វើទៅយោមរាជ រឿងនេះអាសម្លាញ់ឯងបានដឹងឬទេ ដ្បិតអញចង់ធ្វើយោមរាជណាស់ អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់កាលវេលារាត្រីនោះអញដើរលួចគេអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់ឈ្មោះ (សុខ) ផ្ទះនៅខាងជើងផ្ទះលោកយោមរាជតែឆ្ងាយពីគ្នាបន្តិច មន្ត្រីនោះនិយាយនឹងបាវស្រីម្នាក់ថា អញស្អប់លោកយោមរាជពន់ពេកយើងចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ ក្នុងគ្រានេះត្រូវឯងជួយអញជាប្រាកដ ចូរឯងចេញពីអញទៅរកប្រាក់លោកយោមរាជនោះនៅ បើគេព្រមទទួលឱ្យនៅហើយឯងខំបម្រើឱ្យត្រូវចិត្ត បើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ឯងដុតភ្លើងរម្លាយសំណឱ្យពុះក្ដៅហើយឯងយកទៅចាក់ក្នុងមាត់លោកយោមរាជនោះគង់ស្លាប់មិនខាន អញស្ដាប់បានចាំជាក់ប្រាកដ ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែឱ្យគាស់ខ្មោចយោមរាជនោះ មកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយោមរាជមិនខាន ចៅហ្វាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញ។

ថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចតាមរឿង ស្ដេចឱ្យមុខក្រសួងទៅចាប់មន្ត្រីឈ្មោះ (សុខ) និងមេស្រីនោះយកមកឃុំទុក រួចឱ្យគាស់ខ្មោចលោកយោមរាជវះមើលឃើញសំណនៅក្នុងពោះមែន ទើបស្ដេចឱ្យជំនុំជម្រះ មន្ត្រីនិងមេស្រីនោះឆ្លើយថា ខ្ញុំ​សម្លាប់លោកយោមរាជពិតប្រាកដ ទ្រង់ឱ្យប្រហារជីវិតទាំងពីរនាក់ចោលទៅ ទ្រង់តាំងចៅហ្វាយស្រុកឱ្យធ្វើទីយោមរាជ។

ឯចៅហ្វាយស្រុកបានធ្វើទីយោមរាជហើយឱ្យបម្រើទៅហៅអាចោរចិត្តជាៗ សម្លាញ់លុះមកដល់ប្រាប់ថាអាសម្លាញ់អើយ ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវអញបានធ្វើយោមរាជហើយ ដែលអញបានធ្វើយោមរាជនេះ គឺឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចគេទៀត អញចិញ្ចឹមមាតាឯងនឹងសម្លាញ់ឯងលុះអស់ជីវិត អាចោរចិត្តជាឆ្លើយថា អញសុំលួចតែម្ដងទៀតរួចត្រឡប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជាទៅលួចដង្ខៅចិនបានប្រាក់នឹងសំពត់ខោអាវជាច្រើនយកទៅជូនមាតា លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយោមរាជថា អាសម្លាញ់យប់មិញអញលួចគេបានប្រាក់និងសំពត់អាវច្រើនណាស់ ពីថ្ងៃនេះទៅអញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ លោកយោមរាជតបថា បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីប្រាប់អញៗ ឱ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត ឯលោកយោមរាជនិងអាចោរចិត្តជា រាប់អានស្រឡាញ់គ្នាក្រៃពេក រួចអាចោរចិត្តជាលាលោកយោមរាជទៅនៅរក្សាមាតាវិញ ៕

រឿងអាចោរចិត្តជាចប់តែប៉ុណ្ណោះ

ឧកញាបញ្ញាធិបតី យិន ចាងហ្វាងព្រះរាជនិពន្ធ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments