រឿង ​អណ្តើក​និង​ស្វា

រឿង​ព្រេង​និទានខ្មែរ

មាននិទានមួយ​ថា អណ្តើកនិងស្វាវាទៅសុំធ្វើដន្លងនឹងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ ពាក្យគ្រាន់តែថាសុំគ្នាធ្វើដន្លងៗ ហើយស្រឡាញ់រាប់អានគ្នា ដូចអ្នកទាំងពួងគេដន្លងនោះដែរ លុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនចៅត្រូវរៀបការ ចំណែកដន្លងស្វាបានហៅភ្ញៀវពួកគេសន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញដល់អណ្តើកជាងដន្លងថា ឥឡូវកូនយើងការនេះហៅភ្ញៀវអស់ហើយ នៅតែអណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវថ្ងៃការវាជិតណាស់ទៅហើយ បើដូច្នេះឱ្យបម្រើទៅអញ្ជើញគាត់មកផង បំណាច់យើងរាប់គ្នាយូរឆ្នាំមកហើយ ៗ ក៏ចាត់បម្រើទៅអញ្ជើញ ថ្ងៃដែលគេនឹងប្រជុំញាតិស៊ីនោះអណ្តើក ក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេឡើងទៅមិនរួច ទើបឯពួកស្វាឃើញក៏ទៅប្រាប់ដន្លង​អណ្តើក​ថា ដ្បិតដន្លងមកដល់ហើយនៅឯក្រោមដើមឈើ ដន្លងស្វាក៏ចុះមកឃើញអណ្តើកក៏ប្រាប់ថា ដន្លងឡើងមិនរួចនឹងគេមានតែដន្លងឯងខាំវល្លិនេះចុះរួចយើងនឹងស្រាវឡើងទៅ ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងឱ្យអង្គុយទេ ដន្លងឯងកុំនិយាយឱ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយ តែនិយាយធ្លាក់មកស្លាប់ហើយ អណ្តើកក៏ទទួលបណ្តាំដន្លងនោះ សព្វគ្រប់ហើយតាំងទទួលខាំវល្លិ ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល្លិឡើងនាំអណ្តើកទៅឯថ្នាក់លើ។

លុះទៅទើបនឹងរៀបដល់កន្លែងដែលគេនឹងដាក់នោះចួនដន្លងស្រីស្វាឃើញអណ្តើក ក៏សួរដោយរាប់អានថាដន្លងសុខសប្បាយជាទេ អណ្តើកក៏ភ្លេចឯពាក្យបណ្តាំហាមាត់ស្តីទៅនឹងដន្លង របូតមាត់ធ្លាក់ឯខ្លួននោះមកប្រោកដល់ដី បែកឯស្នូកនោះដូចគេកាប់នឹងកាំបិតស្លាប់កាលវេលានោះទៅហោង ខានឯស៊ីការនោះទៅ។

ចប់តម្រាហៅថាមាត់អណ្តើកៗ នេះអ្នកមានប្រាជ្ញាគួរគិតឃើញថា អ្នកឯណាដែលមិនចាំបណ្តាំគេដូចជាសត្វអណ្តើកនឹងខូចខ្លួន។

ពាក្យឃ្លោងថា

អាសូរអណ្តើក ខំវារខ្វើកៗ ចង់ទៅស៊ីការ ឡើងដល់ហើយហោង ដន្លងស្រីស្វា ឃើញហើយសួរថា អ្នកមកហើយរី។ អណ្តើកបានស្តាប់ ហើយហាមាត់ប្រាប់ ប្រាថ្នានឹងស្តី របូតប្រាណមក ធ្លាក់ប្រោកដល់ដី បែកស្នូកជាបី ជាបួនប្រាំភាគ។ ខានបរិភោក្តា ព្រោះព្រើលអាត្មា មិនចាំពាក្យគេ ផ្តាំមកមុនដាក់រន្ធត្រចៀក ឥឡូវភ្លេចពាក្យ ភ្លេចពាលើស្លាប់។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments