រឿង ​បុរស​៤​នាក់

រឿង​ព្រេង​និទានខ្មែរ
ទី១ ក្បាលទមពែក  ទី២ សំបោហៀរ   ទី៣ ពព្រៀកភ្នែក    ទី៤ សម្ទក់ជើង

មានថ្ងៃមួយបុរស៤នាក់ដើរទៅចួបគ្នានៅសាលាសម្នាក់មួយ​ បាននិយាយសួរគ្នាទៅវិញទៅមក ថាអាទំពែកបើអាឯងដើរហាលថ្ងៃអាឯងក្តៅដែរឬទេ អាទំពែកឆ្លើយថាអញដើរហាលថ្ងៃមិនក្តៅទេ ចុះអាសំបោហៀរបើកាលណាសំបោហៀរចេញមកពីក្នុងច្រមុះច្រើនអាឯងជូតវាចេញដែរឬមិនជូនទេ អាសំបោហៀរឆ្លើយបា្រប់ទៅវិញថាអញមិនជូតចេញទេ ចុះអាពព្រៀកភ្នែកបើមមង់វាមករោមភ្នែកអាឯងច្រើនអាឯងបក់បណ្តេញវាចេញដែរឬមិនបក់វាចេញទេ អាព្រៀកភ្នែកប្រាប់ទៅវិញថា អញមិនបក់បណ្តេញវាឱ្យហើរចេញពី​ទីភ្នែកអញចុះអាសម្ទក់ជើងបើអាឯងដើរទៅណាឆ្ងាយអាឯងមានចុករួយស្រពន់ជើងទេ អាសម្ទក់ជើងប្រាប់ទៅវិញថា អញមិនដែលចុករួយស្រពន់ជើងអញទេ បើអញមានចុករួយស្រពន់ជើងអញមិនដើររួចពីផ្ទះមកចួបនឹងអាឯងទាំងអស់គ្នាទេ អាទាំង៤នាក់នេះ ដល់និយាយអួតខ្លួនវាថាខ្លាំងពូកែដោយខ្លួនយ៉ាងនេះ ក៏វាបបួលគ្នាទាំង៤នាក់ធ្វើជាពួកម៉ាកមិត្រសម្លាញ់គ្នា ហើយវាចង់ដឹងឫទ្ធិខ្លាំងពូកែម្នាក់ៗ ក៏វានាំគ្នាចុះដើរពីសាលាទៅទៀតដល់ដើរទៅឆ្ងាយបន្តិចទៅអាទំពែកវាហាលថ្ងៃក្តៅ អាសម្ទក់ជើងក៏វារួយចុកស្រពន់ជើងវា អាសំបោហៀរក៏សំបោហៀរចូលមាត់ច្រើន ហើយអាពព្រៀកភ្នែកក៏មានមមង់រោមភ្នែកវាច្រើន តែអ្នកទាំង៤ នាក់នេះមិនហ៊ានចេញវាចានិយាយដូចម្តេចពីព្រោះអួតខ្លួនសុទ្ធតែពូកែដោយខ្លួន ហើយទទួលដើរទៅប្រទះឃើញត្រពាំងមួយ​មានទឹកយ៉ាងតិចល្មម ក៏អាទំពែកបបួលគ្នាចុះទៅផឹកទឹកនោះដល់ចុះទៅដល់ក្នុងត្រពាំងកំពុងតែក្បង់ទឹកផឹក អាសម្ទក់វាមានវាចា ថាអញក្បង់ទឹកផឹកអម្បាញ់មិញប្រទះឃើញត្រីរ៉ស់មួយ​ ប្រហែលប៉ុនកំភួនជើងហើយវាលូកដៃវាទៅស្ទាបជើងវា អាទំពែកឮថាអាសម្ទក់ឃើញត្រីរ៉ស់ប៉ុនកំភួនជើងក៏វាបបួលគ្នាបាចទឹកត្រពាំងនោះយកត្រី ហើយដល់បាចទឹកនោះខ្លាំងទៅវាខ្ចាយទឹកខ្ទាតមកប៉ះក្បាលទំពែក ហើយអាសំបោហៀរទៅលើកដៃចង្អុលថា ត្រីហែលទៅខាងណោះហើយ ហក់មកខាងណេះវិញហើយ ឯខ្នងដៃហើយនិងច្រមុះប៉ះគ្នាហើយបានអាពព្រៀកទះដៃទៅចំមុខហើយនឹងទៅបៀតត្រចៀកវាថា ៗ អាណាធ្វើយ៉ាងម្តេចក៏អញស្តាប់បានដឹងទាំងអស់គ្នា។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments