វេទព្វជាតក

នានា​ជាតក

ឯកនិបាតជាតក

វេទព្ពជាតក

អនុបាយេនយោអត្ថន្តិ ឥទំសត្ថាជេតវនេវិហរន្តោ

ទុព្ពច្ចភិក្ខុំអារព្ភកថេសិ

សេចក្ដីថា កាលព្រះសាស្ដាបរមគ្រូទ្រង់ប្រថាប់ក្នុងអារាមឈ្មោះជេតវន ព្រះអង្គទ្រង់ប្រារព្ធចំពោះនឹងទុព្វច្ចភិក្ខុ ហើយទ្រង់សម្ដែងធម៌ទេសនានេះថា អនុបាយេនយោអត្ថិ ដូច្នេះជាដើម។ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុអ្នកឯងជាភិក្ខុប្រដៅក្រ នេះមិនតែក្នុងកាលឥឡូវនេះទេ តាំងពីមុនមកក៏ជាអ្នករឹងរូស ប្រដៅក្រមិនធ្វើតាមពាក្យរបស់អ្នកប្រាជ្ញដែរ ទាល់តែពួកចោរវាប្រហារដោយដាវដ៏មុត ដាច់ជាពីរកំណាត់ ហើយបោះចោលនៅទៀបផ្លូវធំទៅ បុរស១ពាន់នាក់ជាពួកចោរ ក៏ដល់នូវកិរិយាក្ស័យទៅនៃជីវិត អាស្រ័យនូវអ្នកឯងនោះផង។ (ភិក្ខុទាំងឡាយអារាធនានិមន្ត) ទើបព្រះអង្គទ្រង់នាំមកនូវរឿងរ៉ាវដ៏កន្លងទៅហើយដូច្នេះថា ៖

នែភិក្ខុទាំងឡាយ កាលព្រះបាទព្រហ្មទត្តព្រះអង្គទ្រង់សោយរាជសម្បត្តិ ក្នុងព្រះនគរឈ្មោះពារាណសី​ក្នុងអតីតកន្លងរំលងទៅហើយ។ កាលនោះមានព្រាហណ៍ម្នាក់នៅក្នុងស្រុកមួយក្បែរ​នគរនោះ ព្រាហ្មណ៍នោះឯងចេះវេទព្ពមន្ត បានជាឈ្មោះថាវេទព្ពព្រាហ្មណ៍។ ដោយឮថាមន្តឈ្មោះវេទព្ពនោះ ជាមន្តតម្លៃច្រើនរាប់ពុំបាន (មន្តនោះ) កាលប្រកបព្រមនូវឫក្សពារសព្វគ្រប់ ព្រាហ្មណ៍សេពនូវមន្តនោះហើយងើយមើលអាកាស ភ្លៀងកែវ ៧ ប្រការក៏នឹងធ្លាក់ចុះមកអំពីអាកាស (ឱ្យកាន់យកតាមប្រាថ្នា)។ កាលនោះពោធិសត្វ​ជាម្ចាស់យើងក៏ចូលទៅនៅសូមរៀនមន្ត ក្នុងសម្នាក់នៃព្រាហ្មណ៍នោះ។ ក្នុងថ្ងៃមួយ​ ព្រាហ្មណ៍មានកិច្ចផ្សេងៗ ក៏កាន់យកនូវពោធិសត្វចេញអំពីស្រុករបស់ខ្លួន ត្រាច់ទៅកាន់ដែលឈ្មោះចេត្តតាមសេចក្ដីបំណងរបស់ខ្លួន។ (កាលនោះ) មានចោរទាំងឡាយចំនួន ៥ រយនាក់ឈ្មោះ បេសនកចោរ តាំងទីនៅក្នុងព្រៃមួយជាចន្លោះនៃផ្លូវ តែងឃ្លាំចាំចាប់សម្លាប់អ្នកដំណើរ ចោរទាំងឡាយនោះកំហែងចាប់វេទព្ពព្រាហ្មណ៍ផងនិងពោធិសត្វផង។ ចោរទាំងឡាយនោះ ហេតុអ្វីបានជាឈ្មោះ បេសនកចោរ ដូច្នោះ។ សេចក្ដីចោរទាំងឡាយនោះ លុះចាប់បានជនច្រើននាក់ មិនឃាត់ខាំងឃុំទុកទាំងអស់នោះទេ មានលែងបញ្ជូនទៅវិញខ្លះ ដើម្បីនាំនូវទ្រព្យរបស់មកលោះដោះសាជនដែលជាប់នោះ ហេតុដូច្នោះបានជាឈ្មោះថា បេសនកចោរ។ ចោរទាំងឡាយដែលតាំងទីនៅក្នុងព្រៃ តាមទម្លាប់របស់ចោរនោះ ថាបើចាប់បានអាពុកនិងកូនប្រុស តែងលែងបញ្ចូនកូនប្រុសឱ្យទៅ បើចាប់បានម្ដាយនិងកូនស្រី តែងលែងបញ្ជូនម្ដាយឱ្យទៅ បើចាប់បានបងប្អូន តែងលែងបញ្ជូនបងឱ្យទៅ បើចាប់បានអាចារ្យនិងសិស្ស តែងលែងបញ្ជូនសិស្សឱ្យទៅដោយឧបាយនោះ។ ក្នុងកាលនោះចោរទាំងឡាយឃុំឃាត់វេទព្ពព្រាហ្មណ៍ជាអាចារ្យ លែងបញ្ជូនពោធិសត្វជាសិស្សឱ្យទៅ  ។ ឯព្រះបរមពោធិសត្វ (កាលជ្រាបហេតុនោះសព្វគ្រប់ហើយ) ក៏ក្រាបថ្វាយបង្គំលាអាចារ្យ (ហើយនិយាយលួងលោមថា) បពិត្រលោកគ្រូខ្ញុំទៅតែ១ថ្ងៃ ឬ២ថ្ងៃ ខ្ញុំនឹងត្រឡប់មក (សម្រេចកិច្ចនេះដល់លោកគ្រូ) សូមលោកគ្រូកុំភិតភ័យឡើយ ទោះបីឫក្សពារល្មមនឹងញ៉ាំងភ្លៀងទ្រព្យឱ្យធ្លាក់ចុះបានក្ដី ក៏កុំសម្ដែងសិល្បសាស្រ្តនោះឡើយ សូមលោកគ្រូធ្វើតាមពាក្យខ្ញុំ ស៊ូទ្រាំអត់ធន់សេចក្ដីទុក្ខបន្តិចចុះ ព្រោះពួកចោរតែងមានចិត្តកាចក្លៀវក្លាណាស់ ក្រែងវាមិនអត់ លោកគ្រូនឹងដល់នូវសេចក្ដីវិនាសធំ ខ្ញុំទៅនេះដើម្បីនឹងនាំមកនូវទ្រព្យមិនបង្អែបង្អង់យឺតយូរឡើយ។ បរមពោធិសត្វពោលពាក្យដូច្នោះហើយ ក៏លោតលាចេញដើរទៅ។ ក្រោយនោះព្រះអាទិត្យក៏អស្ដង្គតទៅ ចោរទាំងឡាយក៏គំរាមព្រាហ្មណ៍ដោយពាក្យផ្សេងៗ ហើយចងព្រាហ្មណ៍ជាប់មាំនាំមកផ្ដេកក្នុងទីមួយ។ វេលានោះមណ្ឌលព្រះចន្ទពេញបូណ៌មី ក៏រះអំពីលោកធាតុខាងកើតដ៏រុងរឿង។ ព្រាហ្មណ៍ក្រឡេកឃើញមណ្ឌលព្រះចន្ទ ក៏ស្ដាប់ជាក់ថាឫក្សពារនេះប្រកបដោយពេលល្អណាស់ បើនឹងញ៉ាំងភ្លៀងទ្រព្យឱ្យធ្លាក់ចុះបានដោយងាយព្រាហ្មណ៍គិតថា (អាជ្ញារបស់ពួកចោរនេះទម្ងន់ពន់ពេកណាស់មិនអាចនឹងទ្រាំបាន) ប្រយោជន៍អ្វីអញនឹងធន់ទុក្ខធ្ងន់យ៉ាងនេះ អញនឹងសេពមន្តញ៉ាំងភ្លៀងទ្រព្យឱ្យធ្លាក់ចុះ ហើយអញនឹងឱ្យទ្រព្យដល់ចោរទាំងឡាយ អញនឹងបានរួចពីសេចក្ដីទុក្ខ ដើរចេញទៅជាសុខតាមសមគួរ ព្រាហ្មណ៍គិតដូច្នោះហើយ ក៏ហៅពួកចោរមកព្រាហ្មណ៍សួរថា បពិត្រអ្នកទាំងឡាយដែលអ្នកចាប់ខ្ញុំមកនេះដើម្បីអ្វី។ ពួកចោរប្រាប់ថាលោកអាចារ្យ យើងចាប់នេះដើម្បីទ្រព្យរបស់ប៉ុណ្ណោះឯង។ ព្រាហ្មណ៍ថាបពិត្រអ្នកដ៏ចម្រើន ថាបើអ្នកទាំងឡាយត្រូវការដោយទ្រព្យសម្បត្តិដូច្នោះ សូមអស់អ្នកស្រាយចំណងលែងខ្ញុំសិនចុះ ហើយសូមរៀបឱ្យខ្ញុំកក់ក្បាល ហើយឱ្យខ្ញុំស្លៀកសំពត់ស ហើយឱ្យខ្ញុំប្រោះព្រំនូវគ្រឿងក្រអូប និងប្រដាប់ទៅដោយផ្កាផ្ញីទាំងឡាយ (ខ្ញុំនឹងជូនទ្រព្យរបស់ដល់អស់ទាំងអ្នក​តាមប្រាថ្នា) ពួកចោរបានស្ដាប់ពាក្យព្រាហ្មណ៍នោះហើយក៏ចាត់ចែងធ្វើដោយប្រការដូច្នោះ។ ព្រាហ្មណ៍បានទទួលរបៀបនោះសព្វគ្រប់ហើយ ក៏រំឭកសែពនូវមន្តនោះហើយសម្លឹងមើលអាកាស ទ្រព្យទាំងឡាយក៏រុះចុះចាកអាកាស (ពោរពាសពេញ)។ ចោរទាំងឡាយមានចិត្តសោមនស្សគ្រប់គ្នាក៏រើសប្រមូលវេចជាបង្វេចក្នុងសំពត់បង្កទាំងឡាយ ហើយក៏នាំចេញចាកទីនោះទៅ។ ចំណែកឯវេទព្ពព្រាហ្មណ៍នោះក៏ត្រាច់​ទៅតាមក្រោយនៃចោរទាំងឡាយនោះ។ កាលនោះមានពួកចោរដ៏ទៃទៀតចំនួន ៥ រយនាក់ ក៏ស្ទាក់ចាប់ពួកចោរដែលនាំនូវទ្រព្យនោះ។ ពួកចោរដែលនាំនូវទ្រព្យសួរថា អ្នកចាប់យើងនេះដើម្បីអ្វី។ ពួកចោរដ៏ទៃប្រាប់ថាយើងចាប់នេះដើម្បីទ្រព្យសម្បត្តិ។ ចោរដែលនាំនូវទ្រព្យថា បើអ្នកត្រូវការទ្រព្យសម្បត្តិដូច្នោះ ចូរអ្នកចាប់ព្រាហ្មណ៍ដែលដើរក្រោយនេះចុះ ព្រាហ្មណ៍នេះហើយជាអ្នករមិលមើលអាកាសញ៉ាំងទ្រព្យនេះឱ្យធ្លាក់ចុះបានដល់យើងទាំងឡាយនេះឯង។ ពួកចោរដ៏ទៃបានដឹងដូច្នោះហើយ ក៏លែងពួកចោរ (ទាំងនោះ) ហើយក៏ស្ទាក់ចាប់វេទព្ពព្រាហ្មណ៍នោះជាប់ហើយ កំហែងដោយពាក្យនេះថា លោកអាចារ្យចូរឱ្យទ្រព្យសម្បត្តិដល់ពួកយើងផង។ ចំណែកឯវេទព្ពព្រាហ្មណ៍ក៏និយាយអង្វរដោយពាក្យនេះថា បពិត្រអ្នកដ៏ចម្រើនខ្ញុំគប្បីឱ្យនូវទ្រព្យរបស់ដល់អ្នកទាំងឡាយ ប៉ុន្តែថា ការដែលប្រកបនូវឫក្សពារនឹងញ៉ាំងភ្លៀងទ្រព្យឱ្យធ្លាក់ចុះ នោះនឹងបានដល់ថ្ងៃមួយ​ក្នុងថ្ងៃបំផុតអំពីឆ្នាំនេះ ណ្ហើយចុះអ្នកថាបើអ្នកប៉ុនប៉ងនូវទ្រព្យនោះក៏សូមអស់អ្នករេរង់ចាំដល់នោះចុះ ខ្ញុំនឹងញ៉ាំងភ្លៀងទ្រព្យរបស់ឱ្យរុះចុះ ជូនអ្នកតាមសេចក្ដីប្រាថ្នាមិនហ៊ានខាន។ ចោរទាំងឡាយក៏កើតក្ដៅក្រហាយគំរាមថា ម្នាលព្រាហ្មណ៍ចង្រៃយើងឱ្យទម្លាក់របស់ដល់យើងទាំងឡាយក្នុងកាលឥឡូវនេះ ក៏គេកែសំនួនថានឹងឱ្យដល់ឆ្នាំក្រោយ (នរណានឹងដេកអត់ចាំយក) ម៉្លោះហើយចោរកន្ត្រាក់យកដាវដ៏មុតកាប់កាត់វេទព្ពព្រាហ្មណ៍ដាច់ជាពីរកំណាត់ ហើយបោះចោរទៅនៅក្បែរផ្លូវធំ ហើយក៏រលះរលាំងម្នីម្នាដេញតាមចោរទាំង ៥ រយនោះ លុះទាន់ហើយក៏តយុទ្ធគ្នាទៅវិញទៅមក ពួកចោរដែលនាំនូវទ្រព្យក៏តស៊ូពុំបាន ចាញ់ថ្វីដៃនៃពួកចោរដទៃ ៗ ក៏សម្លាប់ពួកចោរម្ចាស់ទ្រព្យនោះទាំងអស់ កាន់យកទ្រព្យទាំងអស់នោះទៅ ក៏ប៉ន្តែដោយអំណាចនៃសេចក្ដីលោភពួកចោរទាំងនោះ ក៏កើតវិវាទអំពីទ្រព្យនោះ ចោរទាំង ៥ រយក៏បែកគ្នាជាពីរពួក ចំនួន ២ រយ ៥០ ម្ខាង ក៏តយុទ្ធគ្នាប្រហារគ្នានឹងគ្នា ទាល់តែវិនាសអស់ម្ខាង ទ្រព្យទាំងអស់នោះមូលមកក្នុងកណ្ដាប់ដៃ នៃចោរ ២ រយ ៥០ ដែលមានជ័យជម្នះចោរទាំងអស់នោះប្រកបដោយសេចក្ដីលោភ ក៏បែកគ្នាជាពីរពួកទៀត ពួកចោរទាំងនោះក៏ចេះតែបែកចិត្តពីគ្នា សម្លាប់គ្នានឹងគ្នាដោយឧបាយនេះ ទាល់តែអស់ពួកចោរទាំង ១ ពាន់នាក់នៅសល់តែចោរពីរនាក់។ ចំណែកឯចោរពីរនាក់នោះ ក៏បបួលគ្នាជញ្ជូននាំនូវទ្រព្យទាំងអស់ ទៅលាក់ទុកក្នុងព្រៃទៀបទ្វារស្រុក ចោរ ១ នាក់កាន់ខ័នអង្គុយចាំនៅទៀបគំនរទ្រព្យចោរ ១ នាក់ទៀតកាន់យកអង្ករទៅចម្អិនបាយក្នុងស្រុក។ ទ្រព្យសម្បត្តិដែលកើតឡើងដោយសេចក្ដីលោភ ជាទ្រព្យក្ដៅក្រហាយ តែងវិលទៅរកសេចក្ដីវិនាសអន្តរាយជាប្រាកដ។ ចោរដែលនៅចាំគំនរទ្រព្យរបស់ មានគំនិតអាក្រក់ថា ប្រយោជន៍អ្វីនឹងបែងចែកទ្រព្យនេះជាពីរចំណែក បើដូច្នោះកាលបើអ្នកធ្វើបាយនេះកាន់បាយមកដល់ អញនឹងប្រហារដោយខ័នសម្លាប់ឱ្យស្លាប់ផុត (កុំឱ្យនៅនាំដាច់ខាតចំណែក) ម៉្លោះហើយទន្ទឹងចាំមើលផ្លូវអ្នកធ្វើបាយ។ ឯចោរដែលទៅធ្វើបាយនោះគិតអាក្រក់ថា (ប្រយោជន៍អ្វីឱ្យវានៅទាមចំណែក) កាលធ្វើបាយឆ្អិនហើយ បរិភោគឆ្អែតដោយខ្លួនឯងរួចរោយថ្នាំបំពុលច្របល់ក្នុងបាយដ៏សែស ហើយនាំយកទៅឱ្យ។ ចោរដែលនាំបាយនោះប្រគល់បាយហើយអង្គុយនៅចោរដែលកាន់ខ័នក្រៅនេះក៏កាប់កាត់ដោយខ័នដ៏មុត ឱ្យដាច់ជាពីរកំណាត់បោះចោលទៅ ហើយទៅកាន់ទីបរិភោគបាយ (ដោយរីករាយថាទ្រព្យនេះមូលត្រកូលហើយ) ដល់ចោរបរិភោគទៅ ថ្នាំពុលដែលនៅក្នុងបាយនោះក៏ពុលប្រកាច់ស្លាប់ក្នុងទីនោះទៅទៀត។ នេះហើយអំពើអាក្រក់បណ្ដាលឱ្យដល់នូវសេចក្ដីវិនាសធំយ៉ាងនេះឯង។

ថ្លែងពីព្រះបរមពោធិសត្វ ដល់ប្រមូលធនធានបានធួនល្មមហើយ ក៏រលះរលាំងទៅកាន់ទីនោះ ហើយគយគន់រំពៃរកលោកអាចារ្យ និងពួកចោរទាំងឡាយមិនឃើញ ៗ តែទ្រព្យរុះរោយរាយ ព្រះបរមពោធិសត្វគិតថា ទ្រព្យដែលរោយរាយនេះ គឺលោកគ្រូមិនធ្វើតាមពាក្យអញហើយ ឱជនទាំងឡាយនេះអើយ ប្រហែលដល់នូវសេចក្ដីវិនាសធំមិនលែងឡើយ ហើយព្រះបរមពោធិសត្វត្រាច់ទៅតាមផ្លូវធំ (បន្តិចទៅ) បានឃើញខ្មោចវេទព្ពព្រាហ្មណ៍ដាច់ខ្លួនជាពីរភាគនៅប្របផ្លូវធំលោកក៏មានសេចក្ដីសង្វេគថា ឱលោកគ្រូអើយលោកមិនធ្វើតាមពាក្យខ្ញុំ ឥឡូវនេះទទួលមរណភាពទៅហើយ។ ព្រះបរមពោធិសត្វរៀបរោចប្រមូលនៅអុសបោះជើងថ្កល់​ ហើយលើកខ្មោចវេទព្ពព្រាហ្មណ៍ដាក់លើជើងថ្កល់ ហើយបេះផ្កាទាំងឡាយបូជាហើយ ធ្វើឈាបនកិច្ចហើយចៀសចេញទៅ (ទៅពីនោះបន្តិចទៅ) បានឃើញខ្មោចចោរទាំងឡាយ ៥ រយ ស្លាប់ដួលដេរដាស (ហួសពីនោះបន្តិចទៅ) ឃើញខ្មោចចោរ ២ រយ ៥០ ស្លាប់ដេកគរគងលើគ្នាត្រៀបត្រា ហើយឃើញខ្មោចចោរថមថយភាគពាក់កណ្ដាល ៗ ស្លាប់ហែរ ៗ ជាលំដាប់គ្នាទៅ ព្រះបរមពោធិសត្វគិតថា ជនទាំងឡាយច្រើនដល់ពាន់វិនាសទៅដោយសារទ្រព្យសម្បត្តិ មិនអាចនឹងធ្វើអាណាព្យាបាលទ្រព្យសម្បត្តិនេះបាន ចុះទ្រព្យសម្បត្តិទាំងអស់នោះខ្ចាត់ខ្ចាយទៅនៅក្នុងទីណាអេះ (ប្រហែលជាពួកចោរទុកដាក់លាក់ក្នុងទីណាទេដឹង)។ ទើបបរមពោធិសត្វត្រាច់ទៅបន្តិចទៀតក៏បានឃើញចោរពីរនាក់នោះ ចោរ ១ នាក់ដេកស្លាប់ច្រងាង ចោរ ១ នាក់ទៀតស្លាប់នៅទៀបកញ្ចប់បាយ ហើយព្រះបរមពោធិសត្វចូលទៅតាមស្នាមទក់ៗ ដែលមានទំនងដានជើងចោរនាំទ្រព្យចូលទៅលាក់ទុក ក៏ស្រាប់តែឃើញគំនរបង្វេចទ្រព្យរបស់នោះ ជាគំនរគរគោកចំនួន ៥ រយសម្ពាយធំៗ នៅទីនោះ។ ព្រះបរមពោធិសត្វគិតទៅឃើញច្បាស់នូវកិច្ចការ ដែលជនទាំងឡាយនោះមានវេទព្ពព្រាហ្មណ៍ជាដើម ធ្វើតាំងពីដើមទាល់ដល់សេចក្ដីវិនាសទាំងអស់ យល់ឃើញថាហេតុនេះកើតឡើង ដោយហេតុលោកគ្រូមិនធ្វើតាមពាក្យត្រូវដោយភាវៈនៃខ្លួនជាមនុស្សប្រដៅក្រ ទើបដល់នៅសេចក្ដីវិនាសធំយ៉ាងនេះឯង មិនវិនាសតែត្រឹមលោកគ្រូ ១ ជាបច្ច័យនាំបុរស១ពាន់ឱ្យវិនាសទៅទាំងអស់ឥតសេសសល់ ពួកចោរ១ពាន់ដល់នូវសេចក្ដីវិនាស ក៏ព្រោះខ្លួនប្រកបហេតុឱ្យចម្រើនដោយហេតុមិនមែនជាឧបាយ ហើយព្រះបរមពោធិសត្វពោលនូវគាថាដូច្នេះថា។

អនុបាសេនយោអត្ថំ              ឥច្ឆតិសោវិហញ្ញតិ

ចេតាហនឹសុវេទព្ពំ                 សព្ពេតេព្យសនមជ្ឈតន្តិ។

(សេចក្ដីថា) បុគ្គលឯណាប្រាថ្នានូវប្រយោជន៍ ដោយហេតុមិនមែនជាឧបាយ បុគ្គនោះបាននូវសេចក្ដីក្ដៅក្រហាយគឺវិនាសធំ ជនទាំងឡាយគឺវេទព្ពព្រាហ្មណ៍ផង ចោរទាំងឡាយក្នុងដែនឈ្មោះចេត្តផង សាបសូន្យអស់ជនទាំងឡាយទាំងអស់នោះប្រហារគ្នានឹងគ្នាឱ្យដល់នូវសេចក្ដីវិនាសគ្មានសេសសល់ឡើយ។

ព្រះបរមពោធិសត្វបន្លឺឡើងនូវវាចា ញ៉ាំងព្រៃឱ្យខ្ទរខ្ទ័រឡើងថា លោកគ្រូអាចារ្យរបស់យើង ធ្វើសេចក្ដីព្យាយាមមិនមែនជាឧបាយ ញ៉ាំងភ្លៀងទ្រព្យឱ្យធ្លាក់ចុះ លុះអស់ទៅនៃជីវិតខ្លួនឯងផង ទ្រព្យនោះជាពិសជាបច្ច័យនាំឱ្យវិនាសជីវិតនៃពួកចោរ ៥ រយពីរដងដទៃនោះផង។

ព្រះបរមពោធិសត្វសម្ដែងនូវសុភាសិតនេះហើយ ទេវតាទាំងឡាយនៅក្នុងព្រៃក៏ថ្វាយពរសព្ទសាធុការ ហើយព្រះអង្គនាំយកនូវទ្រព្យរបស់នោះដោយឧបាយល្អ។ ហើយព្រះអង្គធ្វើបុណ្យមានឱ្យទានជាដើម បានសេចក្ដីសុខចម្រើនដរាបដល់អស់អាយុ ព្រះអង្គយាងទៅកើតក្នុងស្ថានសួគ៌ទេវលោកដោយពិត។

ព្រះបរមសាស្ដាចារ្យទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុ អ្នកឯងជាភិក្ខុប្រដៅក្រយ៉ាងនេះ មិនតែឥឡូវនេះទេ អ្នកឯងជាអ្នករឹងរូសប្រដៅក្រតាំងពីដើមមក ទាល់ដល់នូវសេចក្ដីវិនាសធំ ដោយភាវៈប្រដៅនោះឯង។

ហើយព្រះអង្គទ្រង់សម្ដែងនូវប្រជុំជាតកថា នែអ្នកទាំងឡាយ វេទព្ពព្រាហ្មណ៍ក្នុងកាលនោះ គឺទព្ពច្ចភិក្ខុនេះ បរមពោធិសត្វជាសិស្សព្រាហ្មណ៍ក្នុងកាលនោះ មិនគឺអ្នកឯណាដទៃឡើយ គឺអង្គអញតថាគតនេះឯងហោង។

វេទព្ពជាតកកំនិដ្ឋិតំ។

អត្តនោមត្យាធិប្បាយ

រឿងរ៉ាវជាបឋមនេះ ខ្ញុំខំខ្នះខ្នែងឆ្លៀតប្រែរៀបរៀង ក្នុងពេលដែលទំនេរពីពេលធ្វើការ ដោយសេចក្ដីពេញចិត្តរបស់ខ្ញុំថា សុភាសិតហើយនិងរឿងរ៉ាវនេះ ជាព្រះធម៌ធ្វើខ្លួនអ្នកសិក្សា ឱ្យប្រព្រឹត្តត្រឹមត្រូវល្អឡើងបាន ដ្បិតបណ្ដាជនក្នុងលោកសន្និវាសនេះទាំងរូបខ្ញុំនិងរូបគេ តែងមានគំនិតវិបល្លាសលោភលន់ចង់បានចង់មានធនធានស្ទើតែនឹងគ្រប់រូប ប៉ុន្តែកិរិយាដែលនឹងស្វែងរកធនធាន នោះមិនសូវសម្អាតក្នុងការដែលស្វែងរកដោយសុចរិតត្រឹមត្រូវ ច្រើនតែស្វែងរកដោយសង្កត់សង្កិនកំហែងបង្ខំគេខុសទំនង ទ្រព្យសម្បត្តិដែលរកបានមកខុសទំនងនោះ ឈ្មោះថាទ្រព្យមិនប្រកបដោយគន្លងធម៌ ឬនឹងថាទ្រព្យក្ដៅក្រហាយដូច្នេះវិញក៏បាន ក៏ឯទ្រព្យក្ដៅក្រហាយនោះ ទោះមានច្រើនដល់ប៉ុន្មាន មិនបាននាំមកនូវសេចក្ដីសុខចម្រើនឡើយ ច្រើនតែវិលទៅកាន់សេចក្ដីវិនាសវិញជាកំណត់ ប្រជាជនដែលមានទ្រព្យក្ដៅក្រហាយដោយស្វែងរកមិនស្រួល នោះដល់ពេលដែលនឹងអន្តរាយទៅវិញ មិនសាបសូន្យតែទ្រព្យក្ដៅក្រហាយប៉ុណ្ណោះទេ មានប៉ុន្មានវិនាសទៅទាំងអស់ជាដរាប មិនលិចលង់តែទ្រព្យសម្បត្តិប៉ុណ្ណោះ ថែមវិនាសជីវិតខ្លួនផងជាធម្មតា ដូចវេទព្ពព្រាហ្មណ៍នឹងពួកចោរដែលមានក្នុងរឿងរ៉ាវនោះ។ ចំណែកពុទ្ធសាសនិកជន ជនដែលប្រតិបត្តិតាមពាក្យប្រដៅរបស់ព្រះពុទ្ធជាម្ចាស់នោះ បើប្រាថ្នាធនធាន តែងស្វែងរកត្រឹមត្រូវតាមហេតុតាមឧបាយ អ្នកស្វែងរកដោយត្រឹមត្រូវនោះ គេតែងតម្កល់ខ្លួនក្នុងព្រះត្រ័យសរណគមន៍ ខ្ជាប់សីល ៥ សីល ៨ កុសលកម្មបថ ១០ ហើយគេតែងបរិច្ចាគទានរឿយៗ ឯកិរិយាស្វែងរកធនធាននោះគេតែងប្រយត្ន មិនឱ្យប៉ះពាល់ដល់បែកធ្លាយវិន័យរបស់ខ្លួនឡើយ ធនធានដែលស្វែងរកត្រឹមត្រូវយ៉ាងនេះ ជាទ្រព្យប្រកបដោយគន្លងធម៌ ជាទ្រព្យត្រជាក់ ឯទ្រព្យត្រជាក់ក៏តែងឆ្ពោះមុខទៅរកសេចក្ដីសុខចម្រើន មិនដែលវិនាសទៅផ្ដេសផ្ដាសឡើយ។ ដូចសេដ្ឋីឈ្មោះអនាថ-បិណ្ឌិក ជាឧបាសកប្រកបដោយគុណទាំងនោះ ហើយជាអ្នកមានសម្បត្តិធំ។ ទ្រព្យ ១៨ កោដិដែលសល់ពីចាយ កប់ទុកទៀបមាត់សមុទ្ទមាត់ច្រាំងសមុទ្ទនោះចម្រេះបាក់ធ្លាក់ទាំងទ្រព្យនោះចុះទៅក្នុងសមុទ្ទអស់ទៅ។ ទ្រព្យ ១៨ កោដិទៀតពួកឈ្មួញខ្ចីទៅធ្វើជំនួញ ទាមិនបាន ប៉ុន្តែទ្រព្យដែលបានដោយត្រឹមត្រូវ មិនត្រូវវិនាសទៅ ស្រាប់តែមានទេវតា ១ ចង់បានកន្លែងនៅនាខ្លោងទ្វា ទេវតានោះយកចិត្តទុកដាក់ជញ្ជូនទ្រព្យពីក្នុងសមុទ្ទផង ទាពីអ្នកជំនួញផងយកមកដាក់ឃ្លាំងសេដ្ឋីវិញគ្រប់ចំនួន ១៨ កោដិពីរដងឥតមានខ្វះកន្លះឡើយ។ យ៉ាងនេះហើយហៅថាទ្រព្យសម្បត្តិដែលបានប្រកបដោយគន្លងធម៌ មិនអន្តរាយឡើយ។ រឿងនេះមានក្នុងធម្មបទ។ លោកអ្នកសិក្សាចូរទ្រទ្រង់តាមរឿងរ៉ាវនេះឱ្យបានបរិបូណ៌ទៅចុះ ៕

អាចារ្យ ហឹម អាំងស្ប៉ិកទ័រត្រួតសាលាវត្ត
ប្រែចេញពីបាលីមកជាភាសាខ្មែរ

ប្រភព ​៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments