នក្ខត្តជាតក

នានា​ជាតក

ឯកនិបាតជាតក

នក្ខត្តជាតកំ

នក្ខត្តំបដិមានេន្តិ ឥទំសត្ថាជេតវនេវិហរន្តោ អញ្ញតរំ អាជិវកំអារព្ភកថេសិ ។

(សេចក្ដីថា) កាលព្រះបរមសាស្ដាចារ្យទ្រង់ប្រថាប់ក្នុងព្រះវិហារឈ្មោះជតវន ព្រះអង្គទ្រង់ប្រារព្ធចំពោះនូវអាជិវក១រូប ហើយទ្រង់សម្ដែងនូវព្រះធម៌ទេស្នានេះថា នក្ខតំបដិមានេន្តំ ដូច្នេះជាដើម បានឮរៀបមកថា (ក្នុងសម័យមួយ) មានកុលបុត្រមួយ មានប្រក្រតីនៅក្នុងនគរសាវត្ថីទៅស្ដីដណ្ដឹងនាងធីតានៃត្រកូលមួយនៅក្នុងជនបទ ដើម្បីផ្សំផ្គុំនឹងបុត្រប្រុសរបស់ខ្លួនតាមប្រវេណី លោកបានព្រមព្រៀងគ្នាហើយ បានកំណត់វេលានឹងរៀបមង្គលការ កាលជិតថ្ងៃកំណត់នោះហើយកុលបុត្រនោះបានសាកសួរអាជីវក ដែលធ្លាប់មកកាន់ត្រកូលនៃខ្លួនថា លោកបើខ្ញុំនឹងធ្វើមង្គលការកូនក្នុងថ្ងៃឈ្មោះនោះតើល្អឬមិនល្អ។ អាជិវក​អាក់អន់ចិត្តថាពីមុនកំណត់គេមិនសួរគេមិនយល់យើងជាអ្នកសិក្សាស្ទាត់ក្នុងក្បួននោះ បើដូច្នោះយើងពោលបំផ្លាញមង្គលការនេះ ហើយអាជិវកថានែអ្នកថ្ងៃនោះជាថ្ងៃកាចអាក្រក់ណាស់ អ្នកកុំធ្វើមង្គលការក្នុងថ្ងៃនោះឡើយ ថាបើអ្នកមិនជឿចេះតែធ្វើទៅហើយ ក៏នឹងដល់នូវសេចក្ដីវិនាសធំមិនខាន (ចូរអ្នកធ្វើមង្គលការក្នុងថ្ងៃដទៃទៅវិញ)។ ត្រកូលនោះធ្លាប់ជឿអាជីវកនោះណាស់បានជាត្រឡប់ឈប់ធ្វើមង្គលការក្នុងថ្ងៃដែលកំណត់នោះទៅវិញ (កំណត់ថានឹងធ្វើមង្គលការក្នុងថ្ងៃដទៃគ្មានបានឱ្យដំណឹង)  ចំណែកឯត្រកូលខាងស្រីដែលនៅក្នុងជនបទ លុះដល់ថ្ងៃកំណត់នោះហើយ ក៏រៀបចាត់ចែងប្រុងប្រៀបបម្រុងទុកស្រេច។ ហើយអង្គុយចាំមើលផ្លូវជនដែលនៅក្នុងនគរ លុះបានដឹងច្បាស់ប្រាកដថាជននៅក្នុងនគរមិនមកមែនហើយ ក៏គិតថាជននៅក្នុងនគរគេកំណត់ថ្ងៃពីខ្លួនឯង គេចជាមិនមកវិញក៏ពីខ្លួនឯង (ធ្វើឱ្យយើងបង់គំនិត) របស់នឹងរៀបបម្រុងក៏នឹងទៅជាឥតប្រយោជន៍ទទេ ជនដែលនៅក្នុងជនបទតូចចិត្តណាស់ ក៏លើកនាងធីតាឱ្យទៅត្រកូលដែលគេត្រូវការ បង្ខំឱ្យរៀបមង្គលការដោយរបៀបនោះហើយទៅ។

ឯជនដែលនៅក្នុងនគរក៏រៀបដំណើរនាំបណ្ដាការដោយរបៀបធំណាស់អស់ពីចិត្តទៅដល់ក្នុងថ្ងៃដទៃហើយសូមរៀបមង្គលការជនដែលនៅក្នុងជនបទដោះសាថា ថ្ងៃដែលអ្នកកំណត់នេះខ្ញុំក៏បានរៀបប្រដាប់ប្រដាសព្វគ្រប់ចាំអ្នក លុះអ្នកមិនមកក្នុងថ្ងៃនោះៗ បណ្ដាការខ្ញុំចាត់ចែងជ្រុលអស់ទៅហើយ និងចោលឱ្យឥតប្រយោជន៍ដូចម្ដេចបាន ហេតុនោះខ្ញុំលើកនាងធីតានោះឱ្យទៅត្រកូលដទៃទៅ ឥឡូវនេះគេរៀបមង្គលការដោយរបៀបនោះរួចទៅហើយ។ ជនដែលនៅក្នុងនគរប្រកាន់ថាចុះពីថ្ងៃមុនអ្នកព្រមមូលមាត់ថាឱ្យនាងធីតានោះមកកូនខ្ញុំ ថ្ងៃនេះម្ដេចក៏គេចឱ្យទៅគេវិញ។ ជនដែលនៅក្នុងជនបទប្រកែកថា អ្នកកំណត់ថ្ងៃដោយខ្លួនឯង អ្នកមិនមកក៏ដោយខ្លួនឯង (ដោយមើលងាយខ្ញុំ) បានជាខ្ញុំឱ្យធីតាខ្ញុំមានប្ដីរួចទៅហើយ (អ្នកចេះគិតដូចម្ដេចបាន) មានតែអ្នកវិលទៅវិញដោយដំណើរនោះចុះ។ ជនដែលនៅក្នុងនគរដឹងកំហុសរបស់ខ្លួនទាល់គំនិតសូរបង់ខាត មិនបាននាងធីតាខាតបង់ទាំងបណ្ដាការយ៉ាងធំវិលមកវិញដៃទទេ។

រឿងខូចខាតមង្គលការនៃត្រកូលនោះគឺ ពួកអាជីវកក៏ចរចារផ្សាយទៅក្នុងពួកព្រះភិក្ខុសង្ឃ ឱ្យជាក់ច្បាស់ថាខ្លួនជាអ្នកបង្ខូច។ (ក្នុងសម័យមួយ) ភិក្ខុទាំងឡាយជួបជុំក្នុងរោងជំនុំផ្ដើមពោលឡើងថា មង្គលការនៃត្រកូលនោះ ខូចខាតដោយពួកអាជិវកនោះបំផ្លាញទេតើ។ រឿងរ៉ាវនេះមិនបាត់ស្ងាត់ក៏ជ្រាបដល់ព្រះសោតទិព្វថ្លៃនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់យាងទៅកាន់ទីប្រជុំនោះហើយទ្រង់ត្រាស់សួរថា អ្នកទាំងឡាយប្រជុំគ្នាពោលអំពីរឿងអ្វីឥឡូវនេះ។ ភិក្ខុទាំងឡាយយកសេចក្ដីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន យើងទាំងឡាយ ពោលអំពីរឿងអាជីវកបំផ្លាញមង្គលការនៃត្រកូលនោះព្រះអង្គ។ ព្រះពិជិតមារទ្រង់មានព្រះពុទ្ធដីកាថា នែភិក្ខុទាំងឡាយអាជីវកនេះបំផ្លាញមង្គលការរបស់ត្រកូលនោះ មិនតែក្នុងកាលឥឡូវនេះទេ អាជីវកនេះធ្លាប់បំផ្លាញតាំងពីមុនមកមែនពិត ហើយព្រះអង្គទ្រង់នាំមកនូវអតីតនិទានថា។ នែភិក្ខុទាំងឡាយកាលកន្លងរំលងយូរទៅហើយ កាលនោះមានស្ដេចទ្រង់ព្រះនាមថា ព្រះបាទព្រហ្មទត្តរាជសោយរាជ្យក្នុងព្រះនគរឈ្មោះពារាណសី កាលនោះមានត្រកូលមួយមានប្រក្រតីនៅក្នុងនគរនោះ ទៅនិយាយដណ្ដឹងនាងធីតានៃត្រកូលនៅក្នុងជនបទ ដើម្បីផ្សំផ្គុំនឹងបុត្រប្រុសរបស់ខ្លួន មូលមាត់ហើយកំណត់ថ្ងៃខែនឹងរៀបមង្គលការ។ ក្រោយនោះក៏បានសាកសួរអាជីវកជាកុលូបដ្ឋាកថា លោកខ្ញុំនឹងធ្វើមង្គលការកូនប្រុសខ្ញុំក្នុងថ្ងៃឈ្មោះនោះតើល្អឬមិនល្អ។ អាជីវកនោះកើតទោមនស្សដោយគិតឃើញថា ត្រកូលនេះគេសួរគ្រាន់តែសាកល្បងយើងទេតើ មិនមែនជាជឿយើងថាចេះដឹងប៉ុន្មានទេ បើដូច្នោះយើងពោលពាក្យទទេកុំឱ្យត្រកូលនេះ ធ្វើមង្គលការនោះកើតឡើយហើយប្រាប់ថា នែអ្នកថ្ងៃនោះជាថ្ងៃកាចអាក្រក់ណាស់អ្នកកុំធ្វើបើអ្នកខំតែធ្វើក្នុងថ្ងៃនោះនឹងដល់នូវគ្រោះធំមិនខាន ត្រកូលនោះជឿអាជីវកនោះណាស់បានជាបង្អង់ខាន កំណត់ទៅថ្ងៃដទៃវិញ (មិនបានឱ្យដំណឹង)។

ឯជនដែលនៅក្នុងជនបទដល់ពេលជិតកំណត់នោះ ក៏ខ្វល់ខ្វាយចាត់ចែងរបៀបសព្វគ្រប់ហើយ ទន្ទឹងមើលផ្លូវជនដែលនៅក្នុងនគរ លុះបានដឹងច្បាស់ប្រាកដជាជននៅក្នុងនគរមិនមកមែនហើយ ក៏កើតរំខានថាអ្នកនេះពោលពាក្យពុំពិតឱ្យយើងបង់គំនិតខូចខាតទ្រព្យរបស់ដែលរៀបចំ និងកេរ្តិ៍ឈ្មោះជាធំបំផុត កើតក្ដៅក្រហាយដូច្នោះហើយ ក៏ហៅត្រកូលដទៃមកហើយ លើកនាងធីតានោះបង្ខំឱ្យរៀបមង្គលការ ដោយរបៀបរៀបចំនោះហើយស្រេចទៅ។ ជនដែលនៅក្នុងនគរ លុះដល់ថ្ងៃដែលខ្លួនកំណត់តែម្នាក់ឯង ក៏រៀបដំណើរដឹកនាំបណ្ដាការដោយរបៀបដ៏ស្ដុកស្ដម្ភទៅដល់ក្នុងថ្ងៃដទៃទៀត ហើយសូមរៀបមង្គលការតាមបំណង។ ជនដែលនៅក្នុងជនបទនិយាយដោះដៃថា នែអ្នកខ្ញុំប្រុងប្រៀបប្រដាប់ប្រដាសន្ធឹកសន្ធាប់ណាស់ក្នុងថ្ងៃកំណត់របស់អ្នកនោះ ដល់បាត់អ្នកមិនឃើញមក ខ្ញុំ គិតថាអ្នកមុខជាលែងមកហើយ ខ្ញុំក៏លើកនាងធីតានោះឱ្យទៅត្រកូលដទៃទៅវិញ គេរៀបមង្គលការដោយរបៀបដែលរៀបចាំអ្នកនោះរួចទៅហើយ ។ ជនដែលនៅក្នុងនគរវាថា ចុះដែលអ្នកមូលមាត់ថាឱ្យខ្ញុំស្រេចហើយ ម្ដេចក៏គេចកែដូច្នោះទៅវិញ។ ជនដែលនៅក្នុងជនបទវិវាទថា អ្នកកំណត់ថ្ងៃខែដោយខ្លួនឯង មិនមកវិញក៏ដោយខ្លួន យ៉ាងនេះហេតុពីអ្នកមើលមកយើងថាមិនស្មើមុខ។ ជនដែលនៅក្នុងនគរពោលត្រង់ថា ខ្ញុំបាទសួរឫក្សពារអាជីវក ៗ ថាមិនល្អបានជាខ្ញុំមិនមកជនដែលនៅក្នុងជនបទថាការនេះហួសទៅហើយ ចូរអ្នកវិលទៅដោយដំណើរនោះវិញចុះ។

កាលនោះមហាបុរសគឺព្រះបរមពោធិសត្វជាអ្នកប្រាជ្ញមានការផ្សេងៗ ត្រាច់ពីក្នុងនគរពារាណសី ចូលទៅកាន់ជនបទនោះ ក្នុងពេលដែលជនទាំងឡាយនោះកំពុងកើតវិវាទគ្នានឹងគ្នា ព្រះមហាបុរសក៏ជ្រាបហេតុវិវាទនោះសព្វគ្រប់ ទើបអធិប្បាយថា អ្នកដែលរាប់អានប្រកាន់នក្ខត្តឫក្សថា ថ្ងៃនេះល្អថ្ងៃនេះអាក្រក់នោះមានប្រយោជន៍ពីណា តែងខាតប្រយោជន៍ខាតលាភជាដរាប ដូចជនដែលនៅក្នុងនគរ ព្រោះតែជឿពួកអាជិវកមើលឬក្សពារឱ្យទើបខាតប្រយោជន៍ធំដូច្នេះ។ ហើយព្រះមហាបុរសសម្ដែងគាថានេះដូច្នេះថា។

នក្ខត្តំបដិមានេន្តំ អត្ថោពាលំឧបច្ចគា

អត្ថោអត្ថស្សនក្ខត្តំ កឹករិស្សន្តិតារកាតិ។

(សេចក្ដីថា) ប្រយោជន៍តែងកន្លងបង់នូវបុគ្គលពាល ដែលរាប់អាននូវនក្ខត្តឫក្ស គឺគន់គូររកឫក្សពារល្អអាក្រក់ ប្រយោជន៍ដែលបុគ្គលស្វែងរកបាន ក៏ជាឫក្សពារនៃប្រយោជន៍ ផ្កាយទាំងឡាយនៅក្នុងអាកាស ក៏នឹងធ្វើជាឫក្សពារដូចម្ដេចបាន។

ចំណែកឯជនដែលនៅក្នុងនគរ ជាអ្នកជឿឫក្សពារតាមអាជីវក ក៏បង់ខាតប្រយោជន៍ធំ ខានបាននាងធីតានោះផងបង់ខាតបណ្ដាការ នឹងដំណើរទៅមកដោយអធិកអធម​នោះផងក៏ត្រឡប់វិលមកផ្ទះវិញដោយស្ងួតស្ងប់មិនរីករាយ។

ព្រះបរមលោកនាថសាស្ដាចារ្យទ្រង់មានព្រះពុទ្ធដីកាថាម្នាលភិក្ខុទាំងឡាយអាជីវកដែលធ្វើមង្គលការ របស់ជនដែលនៅក្នុងនគរឱ្យអន្តរាយ មិនតែក្នុងកាលឥឡូវនេះទេ អាជីវកនេះធ្លាប់បំផ្លាញឱ្យវិនាសតាំងពីដើមមក យ៉ាងនេះឯង។

ហើយព្រះអង្គទ្រង់សម្ដែងនូវប្រជុំជាតកថា នែភិក្ខុទាំងឡាយអាជីវកក្នុងកាលនោះមកជាអាជីវកឥឡូវនេះ ត្រកូលទាំងឡាយក្នុងកាលនោះ មកជាត្រកូលទាំងឡាយក្នុងឥឡូវនេះ ព្រះមហាបុរសដែលពោលនូវព្រះគាថា នោះមិនគឺអ្នកឯណាដទៃឡើយ គឺអង្គអញតថាគតនេះឯងហោង។

នក្ខត្តជាតកំនិដ្ឋិតំ

អត្តនាមត្យាធិប្បាយ

រឿងរ៉ាវជាគម្រប់ ២ នេះខ្ញុំខំខ្វល់ខ្វាយឆ្លៀតប្រែរៀបរៀងដោយសេចក្ដីពេញចិត្តក្នុងសុភាសិតហើយនឹងរឿងរ៉ាវនេះ ទុកជាព្រះធម៌នឹងដកចិត្តឱ្យផុតអំពីមង្គលភ្ញាក់ផ្អើលទៅបាន ព្រោះបណ្ដាជនគ្រប់រូបទាំងខ្ញុំនឹងគេ តែងតែជឿប្រកាន់ឫក្សពារពេលាថាជាគ្រឿងសេសក្នុងលោក ម្ល៉ោះហើយបើនឹងធ្វើការអ្វីមានធ្វើបុណ្យជាដើម នោះតែងត្រាច់ទៅរកគ្រូអាចារ្យគន់គូររកឫក្សពារជាដរាប ច្រើនពេញចិត្តតែខែញីនិងថ្ងៃអណ្ដែត ចៀសចាកខែឈ្មោលថ្ងៃលិចនិងថ្ងៃកាឡកិណីជាដើម មិនហ៊ានធ្វើហេតុខ្លាចចង្រៃនិងខ្លាចមានគ្រោះថ្នាក់ផ្សេងៗ បានជាខំរាប់អានបបោសអង្អែលមិនហ៊ានលះបង់ឡើយ ជំនឿដែលជឿយ៉ាងនេះយូរយារ​ណាស់មកហើយ បើគិតតាមគំនិតលោកអ្នកប្រាជ្ញបុរាណមានព្រះសម្មាសម្ពុទ្ធជាដើម ដែលលោកពោលនូវសុភាសិតនឹងរឿងរ៉ាវនេះ ឃើញថាការប្រកាន់ឫក្សពារនេះ រាក់ណាស់សាបរលាបណាស់ ព្រោះខ្លាចតែចង្រៃនិងខ្លាចគ្រោះថ្នាក់តែប៉ុណ្ណោះ ត្រង់ដែលខាតវេលាខូចប្រយោជន៍របស់ខ្លួន ព្រោះចាំដល់ថ្ងៃល្អឱ្យខាតលាភ នោះគិតមិនឃើញសោះ។ ពុទ្ធសាសនិកជន ជនដែលកាន់ព្រះពុទ្ធសាសនា នោះគេមិនសូវអើពើក្នុងមង្គលភ្ញាក់ផ្អើលនោះឡើយ គេជឿតែកម្មនិងផលរបស់កម្មថា បុគ្គលឯណាសម្អាតកាយវាចាចិត្តជាសុចរិតល្អបុគ្គលនោះនឹងបានទទួលនូវរង្វាន់ល្អគឺ សេចក្ដីសុខចម្រើនអំពីផលសុចរិតនោះ បុគ្គលឯណាមិនសម្អាតកាយវាចាចិត្តជាទុច្ចរិតអាក្រក់ បុគ្គលនោះនឹងបាននូវរង្វាន់អាក្រក់គឺ សេចក្ដីទុក្ខព្រួយលំបាកអំពីផលទុច្ចរិតនោះឯង មិនឃ្លៀងឃ្លាតឡើយ។ មានសុភាសិតក្នុងបុព្វណ្ហសូត្រក្នុងគម្ពីរមជ្ឈិមនិកាយដូច្នេះថា។

សុនក្ខត្តំសុមង្គលំ សុបភាសំសុហដ្ឋិតំ សុខណោសុមុ ហុត្តោច សុយិដ្ឋំព្រហ្មចារីសុ។ បទក្ខិណំកាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំមនោកម្មំ បណិធីតេបទក្ខិណា។ បទក្ខិណានិ-កត្វាន លភន្តតេបទក្ខិណេ។

(សេចក្ដីថា) នក្ខតឫក្ស ល្អក្ដី មង្គលល្អក្ដី រស្មីល្អក្ដី ព្រះអាទិត្យរះឡើងល្អក្ដី យាមល្អក្ដី ការបូជាល្អក្ដី ក្នុងបុគ្គលទាំងឡាយប្រព្រឹត្តនូវធម៌ដ៏ប្រសើរ។ អំពើដែលបុគ្គលធ្វើដោយកាយជាខាងស្ដាំ ដោយវាចាជាខាងស្ដាំ ដោយចិត្តជាខាងស្ដាំ ការតម្កល់ទុករបស់ជាខាងស្ដាំ។ បុគ្គលទាំងឡាយ លុះបានធ្វើនូវអំពើទាំងឡាយ ជាខាងស្ដាំហើយតែងបាននូវប្រយោជន៍ទាំងឡាយជាខាងស្ដាំដែរ។

សេចក្ដីយល់របស់ខ្ញុំថា គ្រោះនិងឧបទ្រពចង្រៃទាំងឡាយជាដើម តែងមកតែពីផលទុច្ចរិត ថាបើបុគ្គលមានអំពើទុច្ចរិតក្នុងកាយវាចាចិត្តហើយ ទោះរកឫក្សពារពេលាបន់ស្រន់សែនព្រេនប្រកក់ប្រសិទ្ធយ៉ាងណាផង ក៏ពុំរួចពីគ្រោះថ្នាក់ជាដើមនោះឡើយ ព្រោះសភាវៈអស់ទាំងនោះមិនឈ្នះកម្លាំងកម្មពៀរទេ កម្មពៀរនេះមានកម្លាំងឈ្នះកម្លាំងអ្វីៗ ទាំងអស់ដោយពិត ៕

អាចារ្យ ហិម អាំងស្បុកទ័រត្រួតសាលាវត្ត
ប្រែពីបាលីមកជាភាសាខ្មែរ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments