នមោតស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស (៣ដង )
សន្តិសន្តេហិបូជិតំ ពុទ្ធពុទ្ធេនទេសីតំ
ធម្មំ ធម្មវរំលទ្ធំ សំឃំសំឃវរំនមេ។
ធម្មានុសន្ធិ ព្រះសទ្ធម្មវិសេសទេសនា និងបានជាបុព្វាបរ លំដាប់រៀបរៀងជាតំណតសេចក្ដីគ្នា អំពីមុនមកក៏ទេ វេលានោះនឹងពណ៌នាក្នុងរតនប្បណាមគាថា ដែលបូរាណាចារ្យ លោកបានចារឹកទុកក្នុងខាងដើមនៃគម្ពីរ វជីរសារដីកា ថាខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំចំពោះនូវអង្គសម្ដេចព្រះមុនិន្ទពិនលោកនាថ ព្រះអង្គមានសេចក្ដីក្ដៅក្រហាយដោយកងកិលេសមានអវិជ្ជា និងតណ្ហាជាដើម រម្លត់បង់ហើយចាកកាយសន្ដានព្រះអង្គទ្រង់ផ្ចាញ់នូវបញ្ចពិធមារទាំង៦ ឈ្នះស្រឡះហើយព្រះអង្គបានត្រាស់សព្វញ្ញុតញ្ញាណជាព្រះពុទ្ធប្រាកដ គង់លើរតនបល្លង្កជាបុគ្គលគួរគឺទេវតា និងមនុស្សទាំងឡាយ ដែលមានចិត្តសន្ដោសត្រេកអរក្នុងកងកុសលគប្បីបូជា។
ខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំ ចំពោះនូវព្រះនវលោកុត្តរធម៌ទាំង៩ចំពូក ព្រមទាំងបរិយត្តិធម៌ គឺបិដកទាំងបី ចែកចេញជាធ្មមក្ខន្ធបានប្រាំបីម៉ឺនបួនពាន់ព្រះធម្មក្ខន្ធ ជាធម៌ មិនគឺអ្នកឯណាដទៃសម្ដែងតែងតាំងទុកមក ពិតជាធម៌គឺអង្គសម្ដេចព្រះលោកុត្តមាចារ្យជាម្ចាស់ ព្រះអង្គបានត្រាស់ហើយ ទ្រង់សម្ដែងតាំងទុកមក ជាប្រយោជន៍ដល់វេនេយ្យសត្វប្រតិបត្តិតាម និងបានរួចផុតចាកទុក្ខ។
ខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំចំពោះនូវព្រះអរិយសង្ឃទាំង៨ចំពូក ដែលបានត្រាស់ដឹងនូវលោកុត្តរធម៌ដ៏ប្រសើរ លោកប្រសើរជាងបុគ្គល មានក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម ជាស្រែបុណ្យដ៏ប្រសើរវិសេសដល់សត្វលោក។
អធិប្បាយមកក្នុងបទរតនបណាមគាថា ចប់សេចក្ដីសង្ខេបតែប៉ុណ្ណោះ ដើម្បីការពារនូវសេចក្ដីអន្តរាយគ្រប់ចំពូកដល់សាសនិកជន ដែលបានប្រតិបត្តិល្អក្នុងព្រះពុទ្ធសាសនា និងបានសេចក្ដីសុខសេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខដោយផលានិសង្ស ដែលបាននមស្ការនឹករឭកដល់ពុទ្ធគុណ ធម្មគុណ សង្ឃគុណនេះឯង ឥតោបរំ ដទៃអំពីបទនមស្ការនេះ នឹងបានសម្ដែងអំពីសេចក្ដីប្រព្រឹត្តសម្អាតនូវរបស់ផ្សេងៗ ដែលជារបស់គួរសម្អាតឱ្យស្អាតហ្មត់ចត់ល្អ និងចម្រើនប្រយោជន៍ក្នុងបច្ចុប្បន្ននេះ នឹងបរលោក ដើម្បីជាប្រយោជន៍ដល់សប្បុរសទាំងឡាយបានមើល បានស្ដាប់ហើយនិងប្រតិបត្តិតាមឱ្យបានសមគួរត្រឹមត្រូវតាមពុទ្ធោវាទ។
សេចក្ដីប្រព្រឹត្តសម្អាតនូវរបស់ផ្សេងៗនោះ សម្ដេចព្រះមហាមុនីនាថជាម្ចាស់ ព្រះអង្គទ្រង់សម្ដែងដោយន័យជាអនេកបរិយាយ មានក្នុងព្រះវិន័យខ្លះ ក្នុងព្រះសូត្រខ្លះ ក្នុងព្រះអភិធម្មខ្លះ ជាច្រើនហួសកម្លាំងព្យាយាម ហេតុនេះសូមបំព្រួញសេចក្ដីឱ្យខ្លី ចុះមកសម្ដែងចង់ឱ្យមានជាបទមាតិកាជាការងាយនឹងសិក្សា។
ឯបទមាតិកានោះ មាន ៦ គឺ ៖
១- កាយបរិភោគវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុ គឺរាងកាយនិងគ្រឿងបរិភោគ។
២- ភូមិវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុ គឺដែនដី ទីលំនៅ។
៣- សព្វកម្មន្តវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុការងារទាំងពួង។
៤- កាយទ្វារវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុគឺកាយទ្វារ។
៥- វចីទ្វារវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុគឺវចីទ្វារ។
៦- មនោទ្វារវត្ថុ កិរិយាប្រព្រឹត្តសម្អាតវត្ថុគឺមនោទ្វារ។
ប្រព្រឹត្តសម្អាតនូវវត្ថុ គឺរាងកាយនិងគ្រឿងបរិភោគនោះ ដូចមានបាលីក្នុងគម្ពីរព្រះវិសុទ្ធិមគ្គខ្សែ៦ ដែលព្រះពុទ្ធឃោសាចារ្យ លោកបានដកស្រង់យកអំពីវត្តខន្ធកវិន័យ គម្ពីរមហាវគ្គមកចារឹកទុកក្នុងគម្ពីរព្រះវិសុទ្ធមគ្គថា ៖
ទីឃានិកេល ខលោមានិឆិន្ទិតតព្វានិ ជិណ្ណចីវ រេសុទឡ្ហិ កម្មំវា តុន្នកម្មំវា កត្តព្វំកិលិដ្ឋានិវា
រជិតព្វានិ សចេបត្តេ មលំហោតិ បត្តោបច្ចិតព្វោ បញ្ចបីថាទីនិ សោធេតព្វានីតិ។
អធិប្បាយថា បើសក់និងពុកមាត់ ពុកចង្កា និងក្រចកម្រាមដៃ ជើងនិងរោមទាំងឡាយដុះឡើងវែង ភិក្ខុទាំងឡាយគប្បីកោរកាត់ចេញសំពត់ចីវរសម្រាប់ស្លៀកដណ្ដប់ចាស់គ្រាំគ្រា គប្បីធ្វើទឡ្ហីកម្ម គឺកិរិយាប៉ះថែមបំពេញឱ្យមាំជាដើម ឬធ្វើតុន្នកម្ម កិរិយាដែលជួសជុលជាដើម បើសំពត់ចីវរទាំងឡាយប្រឡាក់មន្ទិលសៅហ្មង គប្បីបោកគក់ជ្រលក់ដុសលាងឱ្យល្អ ថាបើមានមន្ទិលច្រែះស្នឹមសៅហ្មងកើតឡើងក្នុងបាត្រ បាត្រនោះភិក្ខុគប្បីដុសខាត់លាបប្រេង ដុត ឬហាលថ្ងៃឱ្យស្អាតល្អ។
ទីដេក ទីអង្គុយទាំងឡាយ មានគ្រែ និងតាំងជាដើម ភិក្ខុគប្បីដុសខាត់បោសច្រាសជូតសម្អាតនូវសំរាម និងផង់ធូលីឱ្យស្អាតល្អៗដែលអង្គសម្ដេចព្រះសព្វញ្ញូជាម្ចាស់ ទ្រង់អនុញ្ញាតដូចអធិប្បាយមកនេះ ព្រះអង្គមិនអនុញ្ញាតចំពោះតែភិក្ខុនោះទេ ព្រះអង្គទ្រង់អនុញ្ញាតសាធារណៈទូទៅដល់អ្នកបួស និងគ្រហស្ថដែលជាសប្បុរសទាំងអស់ គប្បីប្រតិបត្តិតាម។
ព្រោះព្រះអង្គទ្រង់ឈ្វេងយល់ទោស ដែលបុគ្គលមិនប្រព្រឹត្តសម្អាតនេះច្រើនប្រការណាស់ មានរោគ កម រមាស់ និងធ្វើចិត្តខ្លួនមិនឱ្យស្អាតផូរផង់បរិសុទ្ធជាដើម ហើយព្រះអង្គទ្រង់យល់គុណប្រយោជន៍ដែលបុគ្គលប្រព្រឹត្តសម្អាតជាមង្គលនិងសេចក្ដីសុខ សេចក្ដីចម្រើនក្នុងបច្ចុប្បន្ននេះ គឺមានចិត្តរបស់ខ្លួនផូរផង់ស្អាតបរិសុទ្ធ ជាហេតុនឹងមិនឱ្យមានរោគជាដើម ប្រយោជន៍ក្នុងបរលោក អធិប្បាយថា បើបុគ្គលបានប្រព្រឹត្តសម្អាតវត្ថុខាងក្រៅឱ្យស្អាតបរិសុទ្ធល្អហើយ វត្ថុខាងក្នុងគឺចិត្តនិងចេតសិក ក៏នឹងកាន់យកនូវវត្ថុខាងក្រៅ ដែលស្អាតបរិសុទ្ធល្អនោះមកជាអារម្មណ៍ និងផូរផង់ស្អាតបរិសុទ្ធទៅតាមវត្ថុខាងក្រៅនោះឯង បើនឹងបរិច្ចាគទ្រព្យឱ្យទាន ក៏នឹងបានផលានិសង្សច្រើនបរិសុទ្ធល្អ បើនឹងចម្រើនភាវនា និងញ៉ាំងគុណវិសេសមានឈានជាដើម ឱ្យកើតឡើងបានដោយងាយ។
ហេតុដូចនេះ សាធុជនទាំងឡាយដែលប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើនគប្បីប្រព្រឹត្តតាមន័យ ដែលបានអធិប្បាយមកនេះចុះ សមគួរតាមពុទ្ធានុញ្ញាតពិត។
ម្យ៉ាងទៀត ព្រះសម្មាសម្ពុទ្ធព្រះអង្គ ទ្រង់សម្ដែងប្រាប់ទោសនៃបុគ្គលដែលខ្ជិលច្រអូសមិនលុបលាងជម្រះញើសក្អែលមន្ទិលមុខមាត់ធ្មេញ ដោយច្រាសនិងឈើស្ទន់ជាដើម ថានឹងមានទោស ៥ប្រការ ដូចមានបាលីក្នុងគម្ពីរសារត្ថសង្គហ ខ្សែ ១១ ថា ៖
បញ្ចិមេភិក្ខវេអាទីនវាទន្តកដ្ឋស្សអខាទ នេកតមេបញ្ច អចភ្ខាស្សំ មុខំ ទុតទ្ធំ ហោតិ រសាហរណី យោនវិសុជ្ឈន្តិបិត្តំ សេហ្ហំ ភត្តំ ន បរិយោនទ្ធតិ ភត្ត មស្សនច្ឆាទេតិ ឥមេខោភិក្ខវេ បញ្ចាទីនវាទន្តកដ្ឋ ស្សអខាទនេ
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ ៥ ប្រការនេះកើតមានប្រាកដក្នុងកិរិយាមិនទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលខ្ជិលច្រអូសមិនលាងលុបជម្រះមន្ទិលញើសក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឱ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច ម្នាលភិក្ខុទាំងឡាយទោសទាំង ៥ ប្រការនោះដូចម្ដេចខ្លះ។
ព្រះអង្គទ្រង់សម្ដែងវិសជ្ជនា ដោយព្រះអង្គឯង ថាទោសទាំង ៥ ប្រការនោះគឺ ៖
១- សេចក្ដីសាបសូន្យកើតឡើងដល់ភ្នែក បង្កើតឱ្យមានរោគងងឹត និងស្រវាំង ឈឺចាប់ក្នុងភ្នែក។
២- មាត់មានក្លិនស្អុយជាទីខ្ពើមរអើមដល់ខ្លួនឯង និងអ្នកដទៃ។
៣- សរសៃដែលជាទីទទួលនូវរសអាហារមិនស្អាតបរិសុទ្ធល្អ ជាហេតុឱ្យបរិភោគអាហារមិនមានរសជាតិឆ្ងាញ់ពិសាបរិសុទ្ធល្អ។
៤- ប្រមាត់និងស្លេស្ម មិនគ្របសង្កត់រួបរឹតជក់យកនូវជាតិបាយ ទឹក ស្អាតល្អ។
៥- បុគ្គលនោះមិនឃ្លានបាយ បាយមិនគាប់ចិត្ត បរិភោគមិនសូវបាន កើតជារោគស្គមក្រហមលឿង។
ម្នាលភិក្ខុទាំងឡាយ ទោសទាំង ៥ ប្រការនេះបង្កើតមានពិតប្រាកដដល់បុគ្គល ដែលខ្ជិលសម្អាតកាយ មានមិនលាងលុបជម្រះមុខមាត់មន្ទិលធ្មេញជាដើម ដោយឈើស្ទន់ ឬច្រាសឱ្យស្អាតល្អ។
អង្គសម្ដេចព្រះទសពលញាណ ទ្រង់សម្ដែងប្រាប់ទោសយ៉ាងនេះហើយ ព្រះអង្គទ្រង់សម្ដែងប្រាប់អានិសង្សជាខាងក្រោយ ដោយវារបាលីថា ៖
បញ្ចិមេ ភិក្ខុវេ អានិសំសាទន្តកដ្ឋស្សខាទនេ កត មេបញ្ចចក្ខុស្សំមុខំទុគន្ធំ ន ហោតិ រសាហរណិ យោវិសុជ្ឈន្តិ បិត្តំសេម្ហំភត្តំបរិយោនទ្ធតិ ភតមស្សច្ឆាទេតិ ឥមេខោភិក្ខវេបញ្ចានិសំសាទន្តកដ្ឋស្សខាទនេ។
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៥ ប្រការនេះ កើតមានប្រាកដក្នុងកិរិយាទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលមានឧស្សាហ៍ព្យាយាមលុបជម្រះមន្ទិល ញើស ក្អែល មុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឱ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ ប្រការនោះដូចម្ដេចខ្លះ ព្រះអង្គវិសជ្ជនាដោយព្រះអង្គឯងថា អានិសង្សទាំង ៥ ប្រការនោះគឺ ៖
១- សេចក្ដីសាបសូន្យមិនមានដល់ភ្នែក ជាប្រយោជន៍ គឺមានភ្នែកថ្លាល្អ មិនងងឹត មិនស្រវាំង មិនមានរោគឈឺចាប់កើតឡើងក្នុងភ្នែក។
២- មាត់មានក្លិនស្អុយមិនមាន។
៣- សរសៃទាំងឡាយ ដែលជាទីទទួលនូវរសអាហារស្អាតបរិសុទ្ធល្អ។
៤- ប្រមាត់និងស្លេស្ម គ្របសង្កត់រួបរឹតជក់យកជាតិបាយទឹកស្អាត បរិសុទ្ធល្អ។
៥- បាយទឹកជាទីគាប់ចិត្តនៃបុគ្គលនោះ បរិភោគអាហារបានមិនទ្រាន់ មិនឆ្អើម មិនបង្កើតជារោគស្គម។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះ កើតឡើងពិតប្រាកដដល់បុគ្គលដែលមានឧស្សាហ៍ព្យាយាម លាងលុបជម្រះមុខមាត់មន្ទិលធ្មេញដោយឈើស្ទន់ជាដើម ដូ្ចច្នេះយើងទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខពិត។
ន័យមួយទៀតលោកសម្ដែងថា បុគ្គលដែលនឹងបរិភោគអាហារត្រូវឱ្យពិនិត្យពិចារណាក្នុងថ្ងៃ១ បើបរិភោគច្រើនវេលា ត្រូវឱ្យបរិភោគអាហារដែលទន់ៗមុន កុំឱ្យបរិភោគដែលរឹងៗមុន បើបរិភោគអាហាររឹងៗមុន ហើយបរិភោគអាហារដែលទន់ៗក្រោយអាហារដែលទន់ៗនោះ នោះរលួយទៅឆាប់ អាហារដែលរឹងនោះរលួយទៅមិនទាន់នាំឱ្យខណ្ឌឱ្យស្ទះពោះវៀន ខ្យល់ប្រព្រឹត្តទៅពុំស្រួលជាហេតុនឹងឱ្យកើតនូវរោគឈឺពោះ ចុកសៀតជាដើម។
ព្រោះហេតុដូច្នេះ បានជាអង្គសម្ដេចព្រះមុនិន្ទជិនស្រី ព្រះអង្គទ្រង់អនុញ្ញាតឱ្យភិក្ខុសាមណេរឆាន់បបរមុនភត្ត ហើយទ្រង់សម្ដែងប្រាប់អានិសង្សបបរទាំង១០ប្រការ ចំពោះនឹងព្រាហ្មណ៍ម្នាក់ មានក្នុងគម្ពីរមហាវគ្គខ្សែ ១៦ ថា ៖
ទសយិមេព្រាហ្មណ៍ អានិសំសាយាគុយា
កតមេទស យាតុំ ទេន្ដោអាយុំទេតិ
វណ្ណំទេតិ សុខំទេតិ ពលំទេតិ
បដិកាណំទេតិ យាកុំបីតា ទុទ្ធំបតិហនតិ
បិចាសំបដិវិនោទេតិ វាតំអនុលោមមេតិ
វត្ថីបរិសោធេតិ អាមាវសេសំចាបេតិ
ឥមេខោព្រាហ្មណ ទសានិសំសាយាកុយាតិ។
អធិប្បាយថា ម្នាលព្រាហ្មណ៍ អានិសង្សបបរទាំងឡាយមាន ១០ ប្រការនេះ បង្កើតមានប្រាកដដល់បុគ្គលអ្នកបរិភោគ និងបុគ្គលអ្នកឱ្យ កតមេទស អានិសង្សបបរទាំងឡាយមាន ១០ ប្រការនោះគឺបុគ្គលអ្នកឱ្យនូវបបរឈ្មោះថា ឱ្យអាយុជីវិត ១ ឱ្យនូវពណ៌សម្បុរល្អ ១ ឱ្យនូវសេចក្ដីសុខសប្បាយ ១ ឱ្យនូវកម្លាំងខ្លាំង ១ ឱ្យនូវប្រាជ្ញាឆ្លៀវឆ្លាសក្នុងសម្ដីនិយាយ ១ បបរគឺបុគ្គលផឹកហើយកម្ចាត់បង់នូវសេចក្ដីឃ្លាន ១ បន្ទោរបង់ចំពោះនូវសេចក្ដីសម្រេកស្រេកទឹក ១ ញ៉ាំងខ្យល់ក្នុងពោះវៀនឱ្យប្រព្រឹត្តទៅតាមស្រួល១ ញ៉ាំងពោះវៀន តូច – ធំ ឱ្យស្អាតបរិសុទ្ធដោយជុំវិញ ១ ញ៉ាំងអាហារចាស់ដ៏សេសសល់ ដែលខ្លួនបរិភោគមុនមិនទាន់ទ្រុឌទ្រោមទៅ ឱ្យទ្រុឌទ្រោមស្អាតល្អ ១។
ម្នាលព្រាហ្មណ៍ អានិសង្សបបរទាំង១០ប្រការនេះនឹងបង្កើតមានប្រាកដដល់បុគ្គលអ្នកឱ្យទានបបរជាប្រយោជន៍ក្នុងលោកខាងមុខ ហេតុដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យបរិភោគបបរជាអាហារទន់មុនបាយ ព្រោះបាយជាអាហាររឹង ដើម្បីសង្រ្គោះដល់ភិក្ខុសាមណេរ នឹងមិនឱ្យបង្កើតមានជារោគ និងសម្រេចនូវអានិសង្សទាំង ១០ ប្រការ ដូចបានពណ៌នាមកនេះឯង សប្បុរសទាំងឡាយគប្បីប្រតិបត្តិតាមន័យ ដែលបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខ។ ន័យមួយទៀត លោកសម្ដែងថា បុគ្គលនឹងប្រព្រឹត្តធ្វើរាងកាយរបស់ខ្លួនមិនឱ្យមានរោគ មិនឱ្យលំបាក ឱ្យប្រព្រឹត្តស្រួលក្នុងបច្ចុប្បន្ននេះ គប្បីប្រព្រឹត្តចង្រ្កមគឺ ដើរទៅដើរមកឱ្យស្រួលសរសៃ និងបានអានិសង្ស ៥ យ៉ាង ដូចមានបាលីក្នុងគម្ពីរសារត្ថសង្គហខ្សែ ១១ ថា ៖
បញ្ចិមេភិក្ខុវេ ចង្ក័មេអានិសំសាកតមេបញ្ច អទ្ធានក្ខមោហោត៌ អប្បាពានោហោតិ អសិតបីតខាយិត សាយិតំ សម្មាបរិណា មំតច្ឆតិ ចង្ក័មាធិកតោ សមាធិចិររដ្ឋិតិកោហោតិ ឥមេខោ ភិក្ខវេបញ្ចានិសំសា ចង្កមេ ។
សេចក្ដីប្រែតាមពុទ្ធភាសិតថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៥ យ៉ាងនេះ នឹងបង្កើតមានប្រាកដដល់អ្នកប្រព្រឹត្តចង្រ្កម គឺថាប្រព្រឹត្តដើរដោយប្រក្រតី កតមេបញ្ច ម្នាលភិក្ខុទាំងឡាយ ៥ យ៉ាងនោះដូចម្ដេចខ្លះ ព្រះអង្គទ្រង់សម្ដែង វិសជ្ជនាដោយព្រះអង្គឯងថា ៖
ម្នាលភិក្ខុទាំងឡាយ អានិសង្សចង្រ្កម ៥ យ៉ាងនោះ គឺបុគ្គលអ្នកព្យាយាមដើរទៅដើរមក ប្រព្រឹត្តសង្រួមកាយនោះ បើត្រូវការនឹងដើរទៅកាន់ផ្លូវឆ្ងាយ នឹងអាចអត់ធន់ដើរ មិនសង្កៀរជើង មិនឈឺជើង ចុកខ្នងចង្កេះជាដើម ១ និងមានព្យាយាមជាគ្រឿងតម្កល់មាំ ១ មានជំងឺអាពាធចុកសៀតតិច ១ វត្ថុ គឺបាយនិងអាហារភោជនដែលខ្លួនស៊ីផឹក ហិតភ្លក្ស នឹងដល់នូវកិរិយាទ្រុឌទ្រោមទៅដោយប្រពៃ ១ សមាធិ គឺកិរិយាតម្កល់ចិត្តមាំ ក្នុងគុណវិសេសទាំងពួងដែលខ្លួនបានត្រាស់ដឹងក្នុងវេលាដែលដើរចង្រ្កមនោះ និងស្ថិតនៅអស់កាលយូរមិនភ្លេចទៅឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ យ៉ាងនេះ នឹងបង្កើតពិតប្រាកដដល់អ្នកប្រព្រឹត្តចង្រ្កម ដែលអង្គសម្ដេចព្រះបរមគ្រូជាម្ចាស់ទ្រង់អនុញ្ញាតឱ្យចង្រ្កមដើរទៅ ដើរមកនេះ មិនចំពោះតែលោកអ្នកចម្រើនព្រះកម្មដ្ឋានប៉ុណ្ណេះទេ ទោះបីបុគ្គលឯណាៗក្ដី ក៏គប្បីប្រព្រឹត្តឥរិយាបថដើរនេះចុះ ជាហេតុនឹងឱ្យបានអានិសង្សទាំង ៥ ប្រការដូចគ្នា។
សម្ដែងមកអំពីកាយបរិភោគវត្ថុ បទមាតិកាជាបឋម ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ។
២- ភូមិវត្ថុបទ មាតិកាទី២ និយាយពីកិរិយាសម្អាតវត្ថុ គឺផែនដីទីនៅនោះ អធិប្បាយថាភិក្ខុសាមណេរគប្បីធ្វើអំបោស បោសច្រាសទីអារាមព្រះវិហារ និងលានព្រះចេតិយឱ្យស្អាតរាបស្មើល្អ កុំឱ្យមានសំរាមទីត្រង់ណាដែលគគ្រិកគគ្រក់ មានភក់ និងជ្រាំជាដើម មិនស្អាត មិនរាបទាបល្អ ត្រូវយករនាស់រាស់យកសំរាមចេញ ហើយយកដីមានដីខ្សាច់ជាដើម មកចាក់លុបទីនោះ បំបាត់ក្លិនស្អុយអាក្រក់នោះចេញ ដើម្បីនឹងរក្សារាងកាយមិនឱ្យផ្សាយក្លិនសម្អុយ ចូលមកក្នុងកាយនឹងក្លាយបង្កើតជារោគគ្រុនរងា កើតពិសនិងអហិវាតករោគជាដើម ដោយរដូវដែលផ្សាយខ្យល់បក់ក្លិនអាក្រក់ ចំហាយធាតុអាកាសជាខាងក្រៅចូលមកតាមធាតុអាកាសជាខាងក្នុង ដែលមានជាចន្លោះៗក្នុងរូបយើងនេះ នឹងនាំឱ្យមានរោគផ្សេងៗ បើទីត្រង់ណាស្មៅដុះមានពណ៌ខៀវ ភិក្ខុនឹងទៅធ្វើឱ្យរដករបេះរលីងឃ្លាតចាកទីពុំគួរ នឹងត្រូវអាបត្តិបាចិត្តិយក្នុងភូតនាមសិក្ខាបទ ត្រូវឱ្យអនុប្បសម្បសន្នដែលជាវេយ្យាវច្ចករចាត់ចែងទើបគួរ ថាបើជាគ្រហស្ថ គឺឧបាសកឧបាសិកាវិញ ក៏គប្បីបោសច្រាសដែនទីស្ថានលំនៅរបស់ខ្លួនឱ្យស្អាតបរិសុទ្ធល្អ នឹងកើតមានសិរីសួស្ដី បានសេចក្ដីសុខសប្បាយ មានមិនកើតរោគជាដើម ក្នុងបច្ចុប្បន្ននេះ។
ថាបើគ្រហស្ថមានប្រាថ្នានូវប្រយោជន៍ក្នុងបរលោក ក៏គប្បីចូកជម្រះបោសច្រាសនូវទីវត្តអារាម ព្រះវិហារ នឹងបានផលានិសង្សច្រើន បានសេចក្ដីសុខសេចក្ដីចម្រើនទៅខាងមុខ រាប់ពុំបាន។
ដូចមានបាលីដែលព្រះអានន្ទាចារ្យ លោកបានដកស្រង់មកអំពីគម្ពីរបរិវារវិន័យ មកចារឹកទុកក្នុងគម្ពីរសារត្ថសង្គហខ្សែ ២ សរសើផលានិសង្ស បោសសម្អាតទីនៅផ្សេងៗដោយវារបាលីពុទ្ធភាសិតថា បព្វានិសំសាសមជ្ជនិយា សេចក្ដីថា អានិសង្សទាំងឡាយនៃបុគ្គល ដែលបានបោសសម្អាតផែនដីទីលំនៅផ្សេងៗមាន ៥ ប្រការ ឯអានិសង្សបោសសម្អាតទីនៅផ្សេងៗមាន ៥ ប្រការនោះគឺ ៖
សក្កចិត្តបសី ទតិ បុគ្គលអ្នកមានឧស្សាហ៍បោសសម្អាត និងញ៉ាំងចិត្ត ចេតសិករបស់ខ្លួនឱ្យជ្រះថ្លាស្អាតផូរផង់បរិសុទ្ធល្អ បើធម្មជាតិខាងក្នុងស្អាតបរិសុទ្ធល្អហើយ នឹងមានរោគកើតមកពីណា ? វិញ្ញាណនឹងចាប់យកទីដែលស្អាតបរិសុទ្ធមកជាអារម្មណ៍ ហើយនឹងប្រែគំនិតដែលមិនស្អាតផូរផង់នោះឱ្យស្អាតផូរផង់ទៅតាមអារម្មណ៍នោះបាន បើនឹងចម្រើនព្រះកម្មដ្ឋានចាប់យកព្រះពុទ្ធគុណជាដើមជាអារម្មណ៍ និងញ៉ាំងបីតិនិងបាមោជ្ជឱ្យកើតឡើងប្រាកដ ចេតនាដែលស្អាតផូរផង់ និងពិចារណាកំណត់នូវសង្ខារជា អនិច្ចំ ទុក្ខំ អនត្តា រឿយៗ ទៅបានបើមានឧបនិស្ស័យចាស់ ក៏នឹងត្រាស់ដឹងនូវមគ្គផលក្នុងពេលនោះ បើគ្មានឧបនិស្ស័យទេក៏គង់បានផលានិសង្ស ជាវាសនាធម៌ទៅខាងមុខនឹងបានសម្រេចមគ្គផលក្នុងម្នាក់ ព្រះពុទ្ធជាអនាគតមិនខាន លោកសម្ដែងអាងនិទានថាដូចបុស្សទេវថេរ បានបោសសម្អាតលានព្រះចេតិយហើយ សម្លឹងមើលលានព្រះចេតិយដែលស្អាតល្អហឫទ័យរបស់លោកក៏ស្អាតផូរផង់ ទៅតាមអារម្មណ៍នោះ ចាប់យកព្រះពុទ្ធគុណជាអារម្មណ៍ ញ៉ាំងបីតិឱ្យកើតឡើងបានសម្រេចមគ្គផលក្នុងវេលានោះឯង ដូចទត្តភិក្ខុ នៅក្នុងកណ្ឌវិហារ បានបោសសម្អាតនូវលានព្រះចេតិយ ហើយបានសម្លឹងមើលនូវទីដែលខ្លួនសម្អាតនោះ បានចំពោះនូវឱទាតកសិណ ញ៉ាំងសមាបត្តិទាំង ៨ ឱ្យកើតឡើង ចម្រើននូវវិបស្សនាតទៅទៀត បានសម្រេចព្រះអរហត្តផលក្នុងវេលានោះ ដោយផលដែលបានបោសសម្អាតនោះឯង អានិសង្សជាគម្រប់ ២ គឺ បរចិត្តំបសីទតិ តបុគ្គលអ្នកមានឧស្សាហ៍បោសសម្អាតទីលំនៅផ្សេងៗ និងញ៉ាំងចិត្តនៃបុគ្គលដទៃឱ្យជ្រះថ្លាផូរផង់ល្អ អធិប្បាយថា បុគ្គលទាំងឡាយដែលមានបណ្ដាសក្តិក្ដី ឥតបណ្ដាសក្តិក្ដី បានដើរទៅឃើញទីកន្លែងត្រង់ណា មានទីអារាមព្រះវិហារជាដើម ដែលបុគ្គលបានចូកជម្រះបោសច្រាសសម្អាតឱ្យស្អាតរាបទាបល្អ និងមានចិត្តជ្រះថ្លាផូរផង់ ស្រឡាញ់រាប់អានបុគ្គលនោះ ដោយពិត លោកសម្ដែងអាងនិទានតិស្សភិក្ខុនៅក្នុងជម្ពូកោលវិហារ បានបោសសម្អាតនូវលានព្រះចេតិយ ហើយបញ្ជូនសំរាមយកទៅចាក់ចោលវេលានោះ មានព្រះថេរមួយអង្គឈ្មោះ តិស្សទត្តត្ថេរ ចុះអំពីសំពៅហើយក្រឡេកមើលលានព្រះចេតិយ ដែលភិក្ខុនោះបោសសម្អាត ហើយមានសេចក្ដីជ្រះថ្លាសួរបញ្ហាចំពោះនឹងភិក្ខុនោះ ភិក្ខុនោះក៏បានវិសជ្ជនាដោះស្រាយបញ្ហានោះដរាបដល់ចប់ទៅ។
មានព្រះថេរបួនព្រះអង្គទៀត បានមកដល់ហើយបានឃើញលានព្រះចេតិយស្អាតល្អ ដើរចូលទៅខាងក្នុងមានចិត្តផូរផង់ល្អ ញ៉ាំងជាតិស្សរញាណឱ្យបង្កើតឡើង ព្រះថេរៈអង្គ ១ បានរឭកជាតិបាន៨កប្ប ព្រះថេរៈអង្គ ១ រឭកជាតិបាន១៦កប្ប ព្រះថេរៈអង្គ ១ រឭកជាតិបាន២០កប្ប ព្រះថេរៈអង្គ ១ រឭកជាតិបាន៣០កប្ប ដោយចិត្តដែលជ្រះថ្លាផូរផង់នោះឯង។
អានិសង្សជាគម្រប់ ៣ គឺ ទេវតាអត្តមនោហោតិ ទេវតាទាំងពួងនឹងមានចិត្តរីករាយជ្រះថ្លា ស្រឡាញ់រាប់អាននូវបុគ្គលអ្នកបោសសម្អាតនោះ លោកសម្ដែងអាងនិទានថាដូចភិក្ខុ១អង្គនៅក្នុងវិហារមួយ ព្យាយាមបោសសម្អាតនូវលានព្រះចេតិយ ខឿនព្រះពោធិព្រឹក្ស និងទីអារាមព្រះវិហារនោះស្អាតស្មើល្អ ទេវតាទាំងឡាយដែលនៅអាស្រ័យក្នុងទីនោះមានចិត្តជ្រះថ្លាបានយកផ្កាមកបូជាដល់ភិក្ខុនោះ ហើយបានថែទាំរក្សាភិក្ខុនោះឱ្យបានសេចក្ដីសុខ។
អានិសង្សជាគម្រប់ ៤ គឺ ចាសាទិកសំវត្តនិកំបុញ្ញឧបចិនាតិ បុគ្គលអ្នកបោសសម្អាតឈ្មោះថា ចូលទៅជិតសន្សំនូវបុញ្ញរាសី ជាទីញ៉ាំងចិត្តជ្រះថ្លាឱ្យប្រព្រឹត្តទៅ ព្រមដល់ទីប្រជុំជនទាំងឡាយគេនឹងពណ៌នាសរសើរដោយអាការផ្សេងៗ។
អានិសង្សជាគម្រប់ ៥ គឺ កាយស្សភេទាបរម្មរណាសុក គឺ សត្តលោកំឧបបជ្ជតិ សេចក្ដីថាបុគ្គលដែលបានធ្វើសម្មជ្ជនកិច្ចទីលំនៅនោះ បើធ្វើមរណកាលរម្លាយនូវរាងកាយទៅខាងមុខ នឹងបានទៅកើតក្នុងសុគតិ គឺជាតិជាមនុស្ស និងក្នុងលោក គឺស្ថានសួគ៌ដោយពិត អានិសង្សទាំង ៥ ប្រការនេះនឹងកើតឡើងប្រាកដដល់បុគ្គលអ្នកព្យាយាម សម្មជ្ជនកិច្ចទីលំនៅមានអារាមព្រះវិហារជាដើម។ ដូច្នេះសប្បុរសទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះ ចុះនឹងបានប្រយោជន៍ទាំងពីរប្រការ គឺប្រយោជន៍ក្នុងបច្ចុប្បន្នលោកនេះ និងប្រយោជន៍ក្នុងបរលោក ដោយផលានិសង្សដែលបានបោសច្រាសនេះឯង។
សម្ដែងមកអំពីភូមិវត្ថុបទមាតិកា ជាគម្រប់ពីរចប់សេចក្ដីជាសង្ខេបប៉ុណ្ណេះ។
ពីនេះនឹងសម្ដែងសព្វកម្មន្តវត្ថុបទមាតិកា ជាគម្រប់៣តទៅទៀត។
៣- សត្វកម្មន្តវត្ថុ គឺប្រព្រឹត្តសម្អាតវត្ថុ គឺការងារទាំងពួងនោះ អធិប្បាយថាបុគ្គលជាអ្នកប្រាជ្ញមានប្រាជ្ញានៅគ្រប់គ្រងផ្ទះជាឃរាវាសនេះ ដែលនឹងតាំងខ្លួនឱ្យជាអ្នកមានទ្រព្យសម្បត្តិបាននោះ គប្បីប្រកបការងារឱ្យស្អាតល្អ មានប្រកបការងារធ្វើស្រែចម្ការ និងរក្សាគោក្របីនិងជំនួញផ្លូវទឹក ផ្លូវគោកជាដើម មិនឱ្យវឹកវរប្រាសចាកអំពើមិនចម្រើន មានកិរិយាប្រព្រឹត្តកន្លងនៅកាលគួរធ្វើ និងកិរិយាប្រកបការងារដ៏សមគួរ និងខ្ជិលមិនធ្វើនូវការងារឱ្យធូរពេកជាដើម ហើយត្រូវប្រកបការងារឱ្យប្រកបព្រមដោយហេតុទាំង ៥ ប្រការគឺ កាលញ្ញូ ដឹងនូវកាលវែង កាលចម្រើន ១ បតិរូបការី ធ្វើនូវការងារដ៏សមគួរ និងញ៉ាំងទ្រព្យសម្បត្តិឱ្យចម្រើនឡើង មិនឱ្យខាតខូចវិនាសទៅ ១ អនលសតា ភាវៈមិនប្រព្រឹត្តខ្ជិលច្រអូសអាងកាលវេលាខុស ១ ឧដ្ឋានវិរិយសម្បទា បរិបូណ៌ដោយព្យាយាមជាហេតុក្រោកឡើងមិនធុញថប់ ១ អនព្យសនិយតាភាវប្រព្រឹត្តញ៉ាំងខ្លួន និងកូនប្រពន្ធ និងការងារទាំងឡាយមិនឱ្យវិនាសខូចខាតទៅ ១ បុគ្គលអ្នកប្រកបការងារមិនវឹកវរយ៉ាងនេះ នឹងបាននូវទ្រព្យពិត ព្រោះហេតុដូច្នោះបានជាអង្គសម្ដេចព្រះដ៏ទ្រង់នូវព្រះភាគ កាលព្រះអង្គសម្ដែងធម៌ទេសនាដល់អាឡវកយក្ស ក្នុងគម្ពីរយក្ខសំយុត្តិដោយព្រះគាថាបតិរូប កោវិធុរវាឧដ្ឋានតាវិន្ទតេធម៌ សេចក្ដីថា បុគ្គលជាអ្នកប្រាជ្ញញ៉ាំងកិច្ចទាំងឡាយមានបរទេសនិងកាលជាដើម មិនឱ្យសាបសូន្យទៅហើយធ្វើនូវឧបាយជាហេតុបាននឹងត្រាស់ដឹងដ៏សមគួរដល់ទ្រព្យជាលោកិយនិងលោកុត្តរ មានធុរៈមិនដាក់ចុះ ដោយអំណាចដែលមានព្យាយាមប្រកបមាំក្នុងចិត្តបរិបូណ៌ ដោយព្យាយាមជាហេតុក្រោកឡើងមិនបន្ធូរបន្ថយដោយអំណាចព្យាយាមដែលប្រកបមាំក្នុងកាយ បុគ្គលប្រព្រឹត្តយ៉ាងនេះទៀងតែនឹងបាននូវទ្រព្យជាលោកិយនិងលោកុត្តរពិត ដូចមានបាលីក្នុងចុឡកសេដ្ឋី ជាតកវណ្ណនា ក្នុងបឋមវគ្គនៃគម្ពីរឯកនិបាតលោកសម្ដែងអាងនិទានថា ដូចបុរសកម្សត់ម្នាក់ជាកូនក្មួយនៃចុឡកសេដ្ឋី។
ជាអ្នកប្រាជ្ញមានព្យាយាមល្អ បានឮពាក្យចុឡកសេដ្ឋី ជានាយនិយាយថា កណ្ដុរស្លាប់នេះ បើអ្នកឯណាមានព្យាយាមល្អ រើសយកទៅលក់នឹងញ៉ាំងទ្រព្យសម្បត្តិឱ្យកើតឡើង នឹងបានជាអ្នកមានទ្រព្យសម្បត្តិច្រើនក្នុងនគរនេះ ឯបុរសកម្សត់នោះ ក៏រើសយកសត្វកណ្ដុរស្លាប់នោះទៅលក់ឱ្យជនអ្នកចិញ្ចឹមឆ្មាជាដើម ហើយប្រកបការជំនួញជើងទឹកជើងគោក មិនយូរប៉ុន្មានកំណត់បាន៤ខែបានទ្រព្យ៤សែនកហាបណៈ សេដ្ឋីជាម្ចាស់មានសេចក្ដីត្រេកអរពេញចិត្ត ហើយបានឱ្យកូនស្រីរបស់ខ្លួនជាប្រពន្ធនៃបុរសនោះ បុរសនោះក៏បានជាសេដ្ឋីធំមានទ្រព្យច្រើន ចាប់ដើមតាំងពីថ្ងៃនោះទៅដោយផលដែលបានប្រកបការងារស្អាតល្អនោះឯង ឯសម្បត្តិជាលោកុត្តរវិញលោកសម្ដែងអាងនិទានថា ដូចជាព្រះថេរៈអង្គមួយ ឈ្មោះមហល្លក មហាតិស្សលោកមានព្យាយាមល្អ មិនខ្ជិលច្រអូសនឹងចម្រើនព្រះកម្មដ្ឋាន វេលាណាដែលសេចក្ដីខ្ជិលនិងងងុយមកគ្របសង្កត់លោក យកចំបើងមកជ្រលក់ទឹកដាក់លើក្បាល ដើរចុះទៅក្នុងទឹកប្រមាណត្រឹមក ដើម្បីឃាត់នូវសេចក្ដីខ្ជិល និងងងុយនោះ ខំព្យាយាមកន្លងទៅអស់១២ឆ្នាំហើយ បានសម្រេចព្រះអរហត្តផលល្បីទៅក្នុងជម្ពូទ្វីបជាអស្ចារ្យដោយផលានិសង្ស ដែលព្យាយាមល្អនោះឯង ម្យ៉ាងទៀត បាលីក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាមង្គលសូត្រខ្សែ ១២ លោកសម្ដែងថា ៖
យោបនសកល ទិវសភាតំសុបិត្វា កមន្តេន
ករោតិ ជាដើមអធិប្បាយថា បុគ្គលមែនឯណាប្រព្រឹត្តដេកលក់អស់ចំណែកថ្ងៃទាំងអស់ មិនធ្វើការងារទាំងឡាយ វេលាយប់ក៏មិនក្រោកឡើងប្រារព្ធធ្វើនូវការងារទាំងឡាយនោះ ឬអ្នកស្រវឹងដោយសុរាជានិច្ច ឬជាអ្នកលេងក្នុងល្បែងទាំងពួង មានល្បែងស្រីនិងបៀប៉ោជាដើម បុគ្គលនោះឈ្មោះថាធ្វើនូវការងារទាំងឡាយរបស់ខ្លួន ឱ្យវឹកវរព្រោះតែខ្លួនខ្ជិលប៉ុណ្ណោះឯង បុគ្គលប្រព្រឹត្តខ្ជិលប្រាកដដូច្នេះ មិនអាចដើម្បីនឹងញ៉ាំងឃរាវាសជាតិ ឱ្យតាំងឡើងបាននឹងដល់នូវសេចក្ដីទុក្ខលំបាកក្នុងបច្ចុប្បន្ននេះដោយពិត ព្រោះហេតុដូច្នេះបានជាអង្គសម្ដេចព្រះទីបទុត្តមាចារ្យជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងសិង្គាលសុត្តថា នទិវាសោប្បសីលេន រតិឧដ្ឋានទេសិតា និច្ចមត្តេនសោណ្ឌេន សក្កា អាវសិតុំឃរំ សេចក្ដីថាផ្ទះសម្បែងគឺបុគ្គលខ្ជិលអ្នកល្មោភដេកក្នុងវេលាថ្ងៃជាប្រក្រតី មិនអាចដើម្បីនឹងគ្រប់គ្រងផ្ទះបាន ផ្ទះសម្បែងគឺ បុគ្គលខ្ជិលជាប្រក្រតីដេកក្នុងវេលាយប់មិនក្រោកឡើងប្រារព្ធនូវការងារក្នុងពេលព្រះអាទិត្យមិនទាន់រះឡើងជាប្រក្រតី មិនអាចដើម្បីនឹងគ្រប់គ្រងផ្ទះបាន ផ្ទះសម្បែងគឺបុគ្គលខ្ជិលប្រព្រឹត្តលេងល្បែងៗ ជាអ្នកលេងស្រី ជាអ្នកលេងស៊ីបាយ ជាអ្នកលេងស៊ីនំ ជាអ្នកលេងស៊ីដំឡូង ជាអ្នកលេងស៊ីផឹក មានសេចក្ដីស្រវឹងជាប់ជានិច្ច មិនអាចដើម្បីនឹងគ្រប់គ្រងផ្ទះបាន សប្បុរសទាំងឡាយគប្បីប្រព្រឹត្តតាមពុទ្ធដីកាដូចបានអធិប្បាយមកនេះចុះ នឹងអាចធ្វើខ្លួនឱ្យបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងបច្ចុប្បន្ននេះដោយពិត។
ព្រោះហេតុដូច្នោះហើយ បុគ្គលជាគ្រហស្ថអ្នកស្វែងរកនូវផ្ទះសម្បែង មិនគប្បីប្រព្រឹត្តខ្ជិលដេកច្រើន មិនគប្បីប្រព្រឹត្តជាបែបអ្នកលេងតែបុគ្គល ប្រព្រឹត្តខ្ជិលដេកច្រើន នឹងប្រព្រឹត្តជាបែបអ្នកលេងប្រាកដដូច្នោះ បុគ្គលនោះទៀងតែនឹងដល់នូវសេចក្ដីទុក្ខលំបាកដោយចំណែកមួយៗ លោកសម្ដែងអាងមាននិទានថា ដូចជាកុសិតមាណព ជាកូនសិស្សនៃអាចារ្យទិសាបាមោក្ខ ថ្ងៃមួយបានទៅរកឧសជាមួយនឹងមាណពទាំង៥០០ ដល់ ទៅក្នុងព្រៃមាណពទាំងឡាយដទៃ គេចូលទៅរកកាប់ឧសទាំងអស់គ្នា ឯកុសិតមាណពកម្ជិលបានឃើញដើមថ្លាន់ ១ មានម្លប់ល្អ អាងវេលាថានូវថ្ងៃនៅឡើយ សេចក្ដីខ្ជិលងងុយដេកបង្កើតឡើងក្នុងពេលនោះ គិតថាអញដេកសម្រាកបានបន្តិចសិន ហើយក៏ដេកលក់ទៅ ដរាបទាល់តែព្រលប់ មាណពដទៃរកឧសបានគ្រប់គ្នាត្រឡប់មកវិញ ឃើញកុសិតមាណពនៅដេកលក់នៅដដែល ហើយគេដាស់មាណពនោះឱ្យក្រោកឡើង គេប្រាប់ថាល្ងាចណាស់ហើយ ឯកុហិតមាណពក្រោកឡើងប្រញាប់ប្រញាល់ពុំទាន់ស្វាងងងុយ ប្រវាឡើងទៅលើដើមថ្ងាន់ ដៃចាប់កាច់មែកថ្ងាន់នោះ ឯមែកថ្ងាន់នោះក៏បាក់វាត់មកត្រូវភ្នែកទាំង២ បែកខ្វាក់វិនាសទៅ ឯឧសក៏ពុំបានភ្នែកក៏ខ្វាក់ ខ្លួនក៏ដល់សេចក្ដីទុក្ខជាទម្ងន់ព្រោះតែល្មោភដេក នោះឯងគ្រហស្ថទាំងឡាយ ដែលប្រាថ្នាសេចក្ដីចម្រើន កុំគប្បីប្រព្រឹត្តតាមបែបកុសិតមាណពដូចបានអធិប្បាយមកនោះឡើយ ហើយគប្បីវៀរលែងនូវវត្ថុដែលជាទីអាងជាទីតាំង ញ៉ាំងសេចក្ដីខ្ជិលងងុយឱ្យកើតឡើងក្នុងចិត្តសន្ដាន ជាហេតុនឹងធ្វើការងាររបស់ខ្លួនឱ្យវឹកវរវិបរិតផ្សេងៗ ទៅដូចមានបាលីក្នុងគម្ពីរមង្គលទីបនី អដ្ឋកថាមង្គលសូត្រ ពោលអាងព្រះពុទ្ធដីកាថា ៖
តេនាហភគវា អតិសីតន្តិកម្មំ នករោតិ ។ល។ ឧបទ្នាចភោតាបរិក្ខយំតច្ឆន្តីតិ អធិប្បាយថាព្រោះហេតុនោះព្រះដ៏មានព្រះភាគព្រះអង្គពោលថា វត្ថុជាទីអាងជាទីតាំងនៃសេចក្ដីខ្ជិលមាន ៦ប្រការ គឺបុគ្គលឯណាពោលអាងថា វេលានេះត្រជាក់ណាស់ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះក្ដៅណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះល្ងាចណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះព្រឹកណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះក្ដៅណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះល្ងាចណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាវេលានេះនៅព្រឹកណាស់ ហើយឈប់បង្អង់មិនធ្វើការងារទាំងពួង ១ ពោលអាងថាឃ្លានបាយណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១ ពោលអាងថាស្រេកទឹកណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង ១។
កាលបើបុគ្គលនោះ ច្រើននៅដោយសេចក្ដីអាងនូវកិច្ចយ៉ាងនេះហើយ ភោគគឺសម្បត្តិទាំងឡាយទាំងពួង ដែលមិនទាន់កើតឡើងនឹងមិនកើតឡើង ភោគទាំងឡាយគឺសម្បត្តិទ្រព្យទាំងពួងដែលកើតឡើងហើយនឹងដល់នូវសេចក្ដីវិនាសទៅវិញ។
ហេតុនេះសប្បុរសទាំងឡាយ ដែលជាអ្នកប្រដៅងាយត្រូវតែវៀរលែងវត្ថុជាទីអាង នៃសេចក្ដីខ្ជិលទាំង ៦ ប្រការនេះចេញឱ្យស្រឡះ ហើយគប្បីប្រតិបត្តិតាមពុទ្ធឱវាទដូចបានអធិប្បាយមករួចហើយ បានឈ្មោះថាអ្នកប្រព្រឹត្តសម្អាតការងារទាំងពួងឱ្យស្អាតល្អដោយពិត។
សម្ដែងមកក្នុងសព្វកម្មន្តវត្ថុបទ មាតិកាជាគម្រប់៣ចប់ សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ ពីនេះនឹងបានសម្ដែងកាយទ្វារវត្ថុបទមាតិកាជាគម្រប់ ៤ តទៅទៀត ៖
៤- ឯកាយទ្វារវត្ថុ ប្រព្រឹត្តសម្អាតវត្ថុ គឺកាយទ្វារនោះអធិប្បាយថាសប្បុរសទាំងឡាយ គប្បីប្រព្រឹត្តរក្សាបិទឃាត់ហាមនូវអំពើអាក្រក់មិនស្អាត កុំឱ្យកើតឡើងបានក្នុងកាយទ្វារ ដូចមានបាលីក្នុងគម្ពីរសុត្តជាតកនិទានានិសង្សខ្សែ ៦ ថា ៖
កាយប្បកោបំរក្ខេយ្យ កាយេនសំវុត្តោសិយា
កាយេនទុច្ចរំតំហិត្វា កាយេនសុចរិតំចរេ
សេចក្ដីថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកនៃកាយ គឺញ៉ាំងកាយមិនឱ្យកម្រើកឡើង ប្រព្រឹត្តធ្វើនូវអំពើអាក្រក់មិនស្អាតដោយកាយបុគ្គល គប្បីសង្រួមបិទឃាត់ហាមនូវអំពើអាក្រក់មិនស្អាតដោយកាយ បុគ្គលគប្បីលះបង់នូវអំពើប្រព្រឹត្តអាក្រក់មិនស្អាតដោយកាយ បុគ្គលគប្បីប្រព្រឹត្តឱ្យស្អាតបរិសុទ្ធល្អដោយកាយ គឺវៀរលែងកាយទុច្ចរិត សេចក្ដីប្រព្រឹត្តអាក្រក់ដោយកាយទាំង ៣ ប្រការដូចមានបាលីក្នុងគម្ពីរមង្គលទីបនីខ្សែ ៧ ថា តត្ថចាណាតិ ចាតោ អទិន្នាទានំ កាមេសុមិច្ឆាចារោ ថាអង្គសម្ដេចព្រះសព្វវិទូបរមគ្រូជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកក្នុងអាគារវិន័យ ជាវិន័យសម្រាប់គ្រហស្ថថាបុគ្គលដែលមានចិត្តស្រឡាញ់រាងកាយរបស់ខ្លួន គប្បីប្រព្រឹត្តវៀរលែងអំពើដែលធ្វើកាយឱ្យអាក្រក់ទាំង ៣ ប្រការគឺ ៖
១- បាណាតិបាតោ ប្រព្រឹត្តញ៉ាំងសត្វឱ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាហេតុនឹងឱ្យមានពៀរទៅខាងមុខ បើបុគ្គលឯណាប្រព្រឹត្តធ្វើអំពើបាណាតិបាត ឱ្យចម្រើនឡើងហើយ បុគ្គលនោះធ្វើមរណកាលទៅវេលាណានឹងទៅកើតនរក រួចអំពីនរកនឹងទៅជាប្រេត រួចអំពីប្រេតនឹងទៅកើតជាអសុរកាយ រួចអំពីអសុរកាយនឹងទៅកើតជាតិរច្ឆាន រួចអំពីតិរច្ឆានដោយសេសសល់ផលកម្មនោះ នឹងមកជាមនុស្ស មានរូបដ៏វិកលវិការផ្សេងៗដ៏អាក្រក់ មានបាក់ដៃបាក់ជើងក្រងែងក្រងង់ ខ្វិនខ្វាក់ជាដើម មានជំងឺអាពាធបៀតបៀនក៏ច្រើន មានអាយុក៏ខ្លី សេចក្ដីទុក្ខកើតឡើងជានិច្ច ព្រាត់ប្រាសញាតិសន្ដាន មិត្តសម្លាញ់បងប្អូនកូនចៅ ពុំបានព្រមព្រៀងគ្នាដោយផលបាណាតិបាតនោះឯង។
ម្យ៉ាងទៀត លោកសម្ដែងអំពីទោសថា បើបុគ្គលសម្លាប់សត្វតូចមានទោសតិច ព្រោះសត្វនោះមានសរីរៈតូចអ្នកដែលនឹងសម្លាប់នោះមានព្យាយាមក៏តិច សម្លាប់សត្វធំមានទោសច្រើន ព្រោះសត្វនោះមានសរីរៈធំ អ្នកដែលនឹងសម្លាប់នោះ មានព្យាយាមក៏ធំ សម្លាប់សត្វតូចក្ដី ធំក្ដីមានទោសច្រើន ព្រោះសត្វនោះមានគុណច្រើន សម្លាប់សត្វតូចក្ដី ធំក្ដីមានទោសតិច ព្រោះអ្នកសម្លាប់នោះ មានកិលេសនិងព្យាយាមមិនក្លៀវក្លា សម្លាប់សត្វតូចក្ដី ធំក្ដី មានទោសច្រើន ព្រោះអ្នកសម្លាប់នោះមានកិលេសនិងព្យាយាមដ៏ក្លៀវក្លា ឯបាណាតិបាតនេះ ប្រកបដោយសាហត្ថិកបយោគ សម្លាប់ដោយខ្លួនឯង ក៏ត្រូវទោសអាណត្តិកបយោគបង្គាប់ បើអ្នកដទៃឱ្យសម្លាប់ក៏ត្រូវទោស តែថាបើសម្លាប់ប្រកបដោយអង្គទាំង ៥។
ក- ចាណោ សត្វមានជីវិត
ខ- ចាណសញ្ញិតា សម្គាល់ដឹងថាសត្វមានជីវិត
គ- វធកចិត្តំ ចិត្តក្លែងនឹងសម្លាប់
ឃ. ឧបក្កមោ ព្យាយាមនឹងសម្លាប់
ង- តេនមរណំ កិរិយាសម្លាប់សត្វនោះ បានដោយព្យាយាមនោះ។
បើបុគ្គលសម្លាប់សត្វព្រមដោយអង្គទាំង៥នេះ ទើបឈ្មោះថាត្រូវបាណាតិបាត បើសម្លាប់សត្វមិនព្រមដោយអង្គទាំង៥នេះទេ មិនឈ្មោះថាត្រូវបាណាតិបាតឡើយ។
បុគ្គលដែលប្រព្រឹត្តធ្វើអំពើបាណាតិបាតនេះ ឈ្មោះថាមិនស្រឡាញ់ខ្លួន មិនរាប់អានខ្លួនប្រព្រឹត្តធ្វើខ្លួនឯងមិនឱ្យស្អាតល្អ ឱ្យអាក្រក់ទៅខាងមុខ ហេតុនេះសប្បុរសទាំងឡាយមិនគប្បីប្រព្រឹត្តធ្វើនូវអំពើបាណាតិបាតនេះឡើយ ត្រូវតែប្រតិបត្តិតាមព្រះពុទ្ធដីកាដូចអធិប្បាយមកនេះ ទើបបានសេចក្ដីសុខទៅខាងមុខដោយពិត។
២- អទិន្នាទានំ កិរិយាកាន់យកនូវទ្រព្យនៃបុគ្គលដទៃ ដែលគេពុំបានឱ្យហើយដោយកាយដោយវាចា ឈ្មោះថាលួចយកនូវទ្រព្យនៃបុគ្គលដទៃ ទោះលួចយកដោយខ្លួនឯងក្ដី ប្រើបង្គាប់អ្នកដទៃឱ្យលួចយកក្ដី ឬធ្វើវិការឱ្យនិមិត្តផ្សេងៗ មានញាក់មុខប៉ប្រិចភ្នែកដៃជើងជាដើម ឱ្យអ្នកដទៃលួចយកនូវទ្រព្យនៃបុគ្គលដទៃនោះក្ដី ក៏ឈ្មោះថាអទិន្នាទានដូចគ្នា។
ម្យ៉ាងវិញទៀត ទោសអទិន្នាទាននោះ លោកសម្ដែងថា បើបុគ្គលលួចយកនូវទ្រព្យនៃបុគ្គលដទៃមានថ្លៃថោកថយ មានទោសតិចលួចយកនូវទ្រព្យនៃបុគ្គលដទៃ មានថ្លៃច្រើនមានទោសច្រើន លួចយកនូវទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដីមានទោសតិច ព្រោះបុគ្គលនោះមានគុណតិចលួចយកនូវទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដី មានទោសច្រើន ព្រោះបុគ្គលនោះមានគុណច្រើន លួចយកទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដីមានគុណក្ដី ឥតគុណក្ដី មានទោសតិចព្រោះអ្នកដែលលួចនោះ មានកិលេសនិងព្យាយាមតិចមិនក្លៀវក្លា មានទោសច្រើនព្រោះមានកិលេសនិងព្យាយាមច្រើនដ៏ក្លៀវក្លា។
ឯអទិន្នាទាននេះមានបយោគដូចបាណាតិបាត ប្រកបដោយអង្គ ៥ គឺ ៖
ក- បរបរិត្តហិតំ ទ្រព្យគឺបុគ្គលដទៃគេហួងហែងរក្សាទុក។
ខ- បរបរិត្តហិតសញ្ញិតា សម្គាល់ដឹង ថាទ្រព្យគឺបុគ្គលដទៃគេហួងហែងរក្សាទុក។
គ- ថេយ្យចិត្តំ ចិត្តជាហេតុលួចយក។
ឃ- ឧបក្កមោ ព្យាយាមនឹងលួច។
ង- តេនហរណំ កិរិយាលួចយកនូវទ្រព្យនោះបានដោយព្យាយាមនោះ គឺបុគ្គលលួចព្រមដោយអង្គទាំង ៥ នេះទើបត្រូវអទិន្នាទាន បើមិនព្រមដោយអង្គទាំង៥នេះទេ មិនត្រូវអទិន្នាទាននោះឡើយ។
បើបុគ្គលឯណា ប្រព្រឹត្តលួចយកនូវទ្រព្យនៃបុគ្គលដទៃឱ្យច្រើនចម្រើនឡើងហើយ បុគ្គលនោះធ្វើមរណកាលទៅនឹងទៅកើតក្នុងនរកប្រេត អសុរកាយ តិរច្ឆាន សេសសល់ផលអទិន្នាទាននោះ នឹងវិលមកកើតជាមនុស្សវិញ ជាអ្នកកម្សត់អត់ឃ្លានដល់នូវសេចក្ដីទុក្ខលំបាក រកស៊ីចិញ្ចឹមជីវិតបានដោយកម្រ រកបានរបស់អ្វីៗ តិចតួចមក មានចោរលួច ចោរប្លន់ដណ្ដើមយកអស់ទៅ ដោយផលអទិន្នាទាននោះឯង។
ហេតុនោះអ្នកទាំងឡាយជាសប្បុរស ដែលមានសេចក្ដីប្រាថ្នា នឹងដោះខ្លួន រើខ្លួនឱ្យរួចផុតចាកពីសេចក្ដីកម្សត់ទ័លក្រទៅខាងមុខ ត្រូវតែវៀរលែងចាកអទិន្នាទាន ហើយប្រព្រឹត្តឱ្យសមគួរតាមព្រះពុទ្ធដីកាដូចបានអធិប្បាយមកនេះ ទើបឈ្មោះថាស្រឡាញ់ខ្លួន ធ្វើខ្លួនឱ្យស្អាតល្អទៅខាងមុខដោយពិត។
៣- កាមេសុមិច្ឆាចារោ កិរិយាប្រព្រឹត្តខុស ប្រព្រឹត្តដ៏លាមកគឺបណ្ឌិតគប្បីតិះដៀលចំណែកមួយក្នុងកាមទាំងឡាយ អធិប្បាយថាបើបុរសឯណាប្រព្រឹត្តក្បត់ចិត្តប្រពន្ធហើយ ទៅធ្វើសេវនកិច្ចនឹងស្រីដទៃ ឬស្រីឯណាទៅប្រព្រឹត្តក្បត់ចិត្តស្វាមីរបស់ខ្លួន ទៅសេពសន្ថវៈនឹងបុរសដទៃដោយសេចក្ដីប្រាថ្នានូវអសទ្ធម្មបុរសនោះ ឬស្រីនោះឈ្មោះថាដាច់សីលកាមេសុមិច្ឆាចារ។
ឯកាមេសុមិច្ឆារនេះ បើបុគ្គលឯណាប្រព្រឹត្តទៅក្នុងអគមនីយដ្ឋាន គឺជាទីដែលមិនគប្បីសេពគប់នោះ ប្រាសចេញចាគគុណសម្បត្តិមានសីលគុណជាដើម បុរសនោះមានទោសតិច បើបុគ្គលឯណាប្រព្រឹត្តទៅក្នុងអគមនីយដ្ឋាន គឺទីជាទីដែលមិនគប្បីសេពគប់នោះបរិបូណ៌ដោយគុណសម្បត្តិ មានសីលគុណជាដើម បុរសនោះមានទោសច្រើន។ ម្យ៉ាងទៀតអគមនីយដ្ឋាន ទីដែលមិនគប្បីសេពគប់នោះមានគុណក្ដី ឥតគុណក្ដី កាមេសុមិច្ឆាចារ ដែលបុគ្គលប្រព្រឹត្តទៅដោយសេចក្ដីកំហែងតាមអំណាចខ្លួនមានទោសធ្ងន់ បើបុគ្គលទាំងពីរនាក់មានសេចក្ដីប្រាថ្នាស្មើគ្នាក្នុងកាមេសុមិច្ឆាចារ មានទោសស្រាល ព្រោះបុរសនោះមានកិលេសនិងព្យាយាមទន់មិនក្លៀវក្លា មានទោសធ្ងន់ព្រោះបុរសនោះមានកិលេសនិងព្យាយាមដ៏ក្លៀវក្លា បុគ្គលឯណាប្រព្រឹត្តសេពគប់កាមេសុមិច្ឆាចារនេះ ឱ្យច្រើនចម្រើនឡើងហើយ បុគ្គលនោះលុះធ្វើមរណកាលក្សិណក្ស័យជីវិតទៅវេលាណា ទៀងតែទៅកើតក្នុងនរកប្រេត ឬអសុរកាយ ឬតិរច្ឆាន សេសសល់ផលនោះនឹងមកកើតជាមនុស្សខ្ទើយជាច្រើនជាតិ កើតជាមនុស្សឆ្កួត ជាមនុស្សមានរូបអាក្រក់គ្មានអ្នកណានីមួយគេស្រឡាញ់រាប់អានឡើយ សត្រូវដទៃតែងបៀតបៀនជានិច្ច មានតែសេចក្ដីទុក្ខលំបាកជាប្រក្រតី ដោយសេសសល់ផលកាមេសុមិច្ឆាចារនោះឯង កាមេសុមិច្ឆាចារនេះជាកាយបយោគ ប្រព្រឹត្តសេពខ្លួនឯងទើបត្រូវ បើបង្គាប់ប្រើអ្នកដទៃឱ្យសេពមិនត្រូវឡើយ ប្រកបដោយអង្គ ៤។
ក- អគមនីយវត្ថុ ទីដែលមិនគួរសេព។
ខ- តស្មឹសេវនចិត្តំ ចិត្តប៉ងបំណងដើម្បីសេពក្នុងទីដែលមិនគួរសេពនោះ។
គ- សេវនប្បយោគោ ព្យាយាមដើម្បីសេព។
ឃ- មគ្គេនមគ្គបដិបត្តិអធិវាសន កិរិយាញ៉ាំងមគ្គឱ្យដល់ចំពោះចូលទៅតាមទ្វារមគ្គ។
បើបុគ្គលធ្វើសេវនកិច្ចប្រកបដោយអង្គទាំង៤នេះ ទើបត្រូវកាមេសុមិច្ឆាចារ បើមិនប្រកបព្រមដោយអង្គទាំង៤នេះទេ មិនត្រូវកាមេសុមិច្ឆាចារឡើយ។
ហេតុដូច្នេះ សប្បុរសទាំងឡាយ ដែលស្រឡាញ់រូបកាយខ្លួនត្រូវតែវៀរលែងចាកកាមេសុមិច្ឆាចារនេះឱ្យស្រឡះចេញ ប្រព្រឹត្តឱ្យត្រូវត្រង់តាមពុទ្ធានុញ្ញាត ដូចបានសម្ដែងមកហើយនេះ ទើបបានឈ្មោះថាអ្នកថែទាំរក្សារាងកាយខ្លួនឱ្យស្អាតបរិសុទ្ធប្រព្រឹត្តទៅខាងមុខ បុគ្គលដែលប្រព្រឹត្តធ្វើនូវអំពើបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារទាំង៣នេះ ឈ្មោះថាធ្វើកាយរបស់ខ្លួនឱ្យអាក្រក់បុគ្គលដែលបានវៀរលែងប្រព្រឹត្តធ្វើនូវអំពើទាំង ៣ ប្រការ មានបាណាតិបាតជាដើមនេះ ឈ្មោះថាធ្វើកាយរបស់ខ្លួនឱ្យល្អ។
សម្ដែងអំពីកាយទ្វារវត្ថុ បទមាតិកាជាគម្រប់៤ចប់ សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ។
តពីនេះនឹងសម្ដែងពីវចីទ្វារវត្ថុ បទមាតិកាជាគម្រប់៥តទៅទៀត ឯវចីទ្វារវត្ថុនោះគឺប្រព្រឹត្តសម្អាតវត្ថុគឺវចីទ្វារ អធិប្បាយថាបុគ្គលគប្បីរក្សាសង្រួមឃាត់ហាមនូវពាក្យអាក្រក់ ដែលមិនស្អាតល្អដោយវចីទ្វារ ដូចមានបាលីក្នុងគម្ពីរសុត្តជាតកនិទាននិសង្សខ្សែ ៦ ថា ៖
វចីបកោបំរក្ខេយ វាចាយសំវុតោសិយា
វចីទុច្ចរិតំហិត្វា វាចាយសុចរិតំចរេ។
អធិប្បាយថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកឡើងនៃវាចា គឺថាមិនប្រព្រឹត្តញ៉ាំងពាក្យសម្ដីដែលអាក្រក់ឱ្យកម្រើកកើតឡើងបាន បុគ្គលគប្បីសង្រួមឃាត់ហាមនូវពាក្យពោលអាក្រក់ បុគ្គលគប្បីលះបង់នូវកិរិយាប្រព្រឹត្តអាក្រក់មិនស្អាតល្អដោយវាចា ហើយគប្បីប្រព្រឹត្តឱ្យជាសុចរិត ស្អាតបរិសុទ្ធល្អដោយវាចាគឺវៀរលែងវចីទុច្ចរិត ៤ ប្រការ គឺមុសាវាទោ កិរិយាប្រព្រឹត្តពោលនូវពាក្យកុហកបញ្ឆោតមិនពិតដល់អ្នកដទៃឱ្យគេខូចខាតប្រយោជន៍ ឱ្យគេបង់ទ្រព្យសម្បត្តិព្រោះខ្លួន ជាហេតុនឹងឱ្យមានពៀរទៅខាងមុខ។
ឯបុគ្គលដែលពោលនូវពាក្យ កុហកមិនពិតដល់បុគ្គលឯណាបំបាត់នូវប្រយោជន៍នៃបុគ្គលឯណា ថាបើប្រយោជន៍នោះជារបស់នៃបុគ្គលនោះច្រើនក៏មានទោសច្រើន បើបំបាត់នូវប្រយោជន៍នៃបុគ្គលឯណាបុគ្គលនោះមានគុណតិចក៏មានទោសតិច បំបាត់នូវប្រយោជន៍បុគ្គលឯណាដែលមានគុណច្រើនក៏មានទោសច្រើន។ ម្យ៉ាងទៀតបុគ្គលអ្នកពោលនូវពាក្យមុសាវាទមានទោសតិច ព្រោះបុគ្គលនោះមានកិលេសទន់មិនក្លៀវក្លា មានទោសធ្ងន់ព្រោះមានកិលេសដ៏ក្លៀវក្លា ជាវចីបយោគពោលកុហកដោយខ្លួនឯង ទើបត្រូវមុសាវាទ បើប្រើបុគ្គលដទៃឱ្យពោលកុហកមិនត្រូវមុសាវាទឡើយ។
មុសាវាទនេះមានអង្គ ៤ គឺ ៖
ក- អតថំវត្ថុ វត្ថុមិនពិត។
ខ- វិសំវាទនចិត្តំ ចិត្តប្រាថ្នាដើម្បីពោលឱ្យឃ្លាត។
គ- តជ្ជោវាយាមោ ព្យាយាមនឹងពោលនូវពាក្យនោះឱ្យឃ្លាត។
ឃ- បរស្សតទត្ថវិជាននំ កិរិយាញ៉ាំងបុគ្គលដទៃឱ្យខឹងច្បាស់ គឺថាឱ្យជឿនូវសេចក្ដីដែលមិនពិតនោះឯង បើពោលនូវពាក្យកុហកប្រកបព្រមដោយអង្គទាំង ៤ នេះហើយ ទើបត្រូវមុសាវាទ បើពោលមិនប្រកបព្រមដោយអង្គទាំង៤នេះទេ មិនត្រូវមុសាវាទឡើយ។
២- បិសុណាវាចា ចេតនាជាហេតុពោលនូវពាក្យស៊កសៀតញុះញង់បំបែកបំបាក់បុគ្គលដទៃ ឱ្យគេកើតឈ្លោះប្រកែកបែកមិត្រសម្លាញ់របស់គេ ឬថានិយាយញុះញង់បំបែកមិត្រគេ ដើម្បីល្បួងយកមកជាមិត្រខ្លួនវិញ ឈ្មោះថាបិសុណាវាចា។
ឯបិសុណាវាចានេះមានអង្គ ៤ គឺ ៖
ក- ភិន្ទិតព្វោបរោ បុគ្គលដទៃគឺខ្លួនគប្បីបំបែក។
ខ- ភេទបុរេក្ខារតាបិយកម្យតា ភាវៈបំបែកទម្លាយមិត្រគេឱ្យប្រព្រឹត្តទៅខាងមុខ ប្រាថ្នាយកមកជាមិត្រសម្លាញ់ខ្លួនឯងវីញ។
គ- តជ្ជោវាយាមោ ព្យាយាមពោលនូវពាក្យបំបែកមិត្រគេនោះ។
ឃ- តស្សតទ្ទវិជាននំ កិរិយាញ៉ាំងបុគ្គលនោះឱ្យដឹងច្បាស់នូវសេចក្ដីនោះ។
បើពោលប្រកបព្រមដោយអង្គទាំង ៤ នេះ ហើយទើបត្រូវបិសុណាវាចានេះ បើមិនព្រមដោយអង្គទាំង ៤ នេះទេ មិនត្រូវបិសុណាវាចាឡើយ ឯបិសុណាវាចានេះ បើនឹងហៅថាបេសុណ្ណវាទដូច្នេះវិញក៏បាន។
៣- ផរុសវាចា ចេតនាចំណែកមួយដ៏អាក្រក់តាំងឡើងព្រមដោយវចីបយោគ គឺព្យាយាមពោលពាក្យអាក្រក់ខ្លួនឯងផ្ដាច់បង់នូវសេចក្ដីរាប់អានសេចក្ដីសុខនៃបុគ្គលដទៃ ញ៉ាំងសេចក្ដីក្ដៅក្រហាយចិត្តឱ្យកើតឡើងដល់អ្នកដទៃ មានជេរប្រទេចជាដើម ឬពោលចាក់ដោតអ្នកដទៃ ពោលចំពោះរូបណានោះអាចមានចិត្តគ្នាន់ក្នាញ់នូវសេចក្ដីទុក្ខដ៏ក្រៃលែង ឈ្មោះថាផរុសវាចាឬនឹងហៅថាផរុសវាទដូច្នេះវិញក៏បាន ឯផរុសវាចានេះ ទោះបីពោលនូវពាក្យល្អពិតតែចិត្តអាក្រក់ទេ ក៏ឈ្មោះជាផរុសវាចា បើពោលនូវពាក្យនោះអាក្រក់ចិត្តក៏អាក្រក់ឈ្មោះថាផរុសវាចា បើពោលពាក្យអាក្រក់ទេ តែចិត្តនោះល្អប្រាថ្នានូវប្រយោជន៍ដល់បុគ្គល នោះដូចមាតានិងបិតា ជេរប្រដៅកូនចៅជាដើម ពោលនូវពាក្យទាំងនេះមិនឈ្មោះថាផរុសវាចាឡើយ ដូចមានបាលីក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាខ្សែ៧ លោកសម្ដែងអាងនិទានថា មានឧបាសិកាម្នាក់មានកូនប្រុសមួយ កូននោះប្រាថ្នាចង់ទៅលេងព្រៃជាមួយនឹងអ្នកស្រុក ឯមាតាក៏ឃាត់កូននោះម្ដងពីរដង កូននោះក៏មិនស្ដាប់រឹងចចេសតែដើរទៅ ឯមាតាក៏ជេរប្រទេចថា អាឯងទៅក៏ទៅចុះ ឱ្យក្របីព្រៃវ័ធស្លាប់ក្នុងព្រៃទៅចុះ។
ឯកូនទៅដល់ក្នុងព្រៃ ស្រាប់តែមានក្របីព្រៃមួយបោលមកបម្រុងនឹងវ័ធកូននោះ ក៏ធ្វើសច្ចកិរិយាថា បើមាតាខ្ញុំពោលពាក្យអាក្រក់តែមានចិត្តល្អប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំទេ ក៏សូមឱ្យក្របីនេះឈរនៅនៅទីនេះកុំឱ្យចូលមកដល់ឡើយ។ ក្របីព្រៃនោះក៏ឈរនៅនឹងក្នុងទីនោះមិនអាចចូលមកបានឡើយ។
ពោលពាក្យសម្ដីអាក្រក់ តែចិត្តល្អប្រាថ្នានូវប្រយោជន៍ដូចនិទាន ដែលអាងមកនេះ មិនឈ្មោះថាផរុសវាចាឡើយ។
ផរុសវាចាមានអង្គ ៣ ៖
ក- អកោសិតព្វោបរោ បុគ្គលដទៃ គឺខ្លួនគប្បីជេរ។
ខ- កុប្បិតចិត្តំ ចិត្តខឹងហើយ
គ- អកោសនា កិរិយាជេរប្រទេច។
បើពោលព្រមដោយអង្គទាំង៣នេះ ទើបត្រូវផរុសវាចា បើមិនព្រមដោយអង្គទាំងនេះទេ មិនត្រូវផរុសវាចាឡើយ។
៤- សម្ផប្បលាបោ កិរិយាពោលនូវពាក្យឥតប្រយោជន៍ មាននិយាយនូវរឿងតិរច្ឆានកថាជាដើម ប្រកបដោយអង្គពីរគឺ ៖
ក- ភារតយុទ្ធសិតាហរណាទិ និរត្ថកថា បុរេក្ខារតា ភាវៈញ៉ាំងពាក្យពោលឥតប្រយោជន៍ មាននាំមកនូវរឿងចម្បាំងនៃភារតសេន និងរឿងនាងសិតាជាដើម ឱ្យប្រព្រឹត្តទៅខាងមុខ។
ខ– តថារូបិកថាកថន កិរិយាពោលនូវពាក្យមានសភាពដូច្នោះ។
បើពោលព្រមដោយអង្គទាំងពីរនេះ ទើបត្រូវសម្ផប្បលាប បើមិនប្រកបដោយអង្គទាំងពីរនេះទេ មិនត្រូវសម្ផប្បលាបឡើយ សប្បុរសទាំងឡាយដែលមានសន្ដានចិត្តល្អ គប្បីវៀរលែងចាកវចីទុច្ចរិត គឺសេចក្ដីប្រព្រឹត្តអាក្រក់មិនល្អ ដោយវាចាជាហេតុនឹងឱ្យមានទោស ធ្លាក់ចុះទៅក្នុងអបាយទាំង៤ មាននរកជាដើម រួចអំពីអបាយនោះមក ដោយសេសសល់នៃផលបាប នឹងមកកើតជាមនុស្ស មានមាត់អាក្រក់ សម្ដីអាក្រក់ និយាយសម្ដីអ្វីទៅនឹងអ្នកឯណា គេក៏មិនស្ដាប់ សូម្បីតែកូនចៅរបស់ខ្លួន ក៏មិនស្ដាប់ជាច្រើនជាតិ បុគ្គលដែលវៀរលែងមិនប្រព្រឹត្តពោលនូវវចីទុច្ចរិតទាំង… យ៉ាង ដូចអធិប្បាយមកនេះ បានឈ្មោះថាប្រព្រឹត្តសម្អាតវចីទ្វាររបស់ខ្លួនឱ្យស្អាតបរិសុទ្ធល្អ ត្រូវត្រង់តាមព្រះពុទ្ធភាសិតដោយពិត សម្ដែងវចីទ្វារវត្ថុបទមាដិកា ជាគម្រប់ ៥ ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណេះ។
តពីនេះនឹងបានសម្ដែង មនោទ្វារវត្ថុបទមាតិកាគម្រប់ ៦ តទៅទៀត ៖
មនោទ្វារវត្ថុ ប្រព្រឹត្តសម្អាតវត្ថុ គឺមនោទ្វារនោះ អធិប្បាយថាបុគ្គលគប្បីរក្សាសង្រួមបទ ឃាត់ហាមចិត្តរបស់ខ្លួនមិនឱ្យប្រព្រឹត្តសន្សំនូវអារម្មណ៍ដ៏អាក្រក់ មិនស្អាតល្អដូចមានបាលីក្នុងគម្ពីរសុត្តជាតក (ខ្សែ៦) ថា ៖
មនោបកោបំរក្ខេយ្យ មនសាសំវតោ
សិយាមនោទុច្ចរិតំហិត្វា មនសាសុចរិតំចរេ។
អធិប្បាយថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកនៃចិត្ត គឺថាញ៉ាំងចិត្តមិនឱ្យកម្រើកឡើង កាន់យកនូវអារម្មណ៍ដ៏ខុសមិនស្អាតល្អ បុគ្គលគប្បីសង្រួមបិទឃាត់ហាមនូវសេចក្ដីរិះគិតខុសដោយចិត្ត បុគ្គលគប្បីលះបង់នូវសេចក្ដីប្រព្រឹត្តអាក្រក់មិនស្អាតល្អដោយចិត្ត ហើយប្រព្រឹត្តឱ្យជាសុចរិតស្អាតល្អដោយចិត្ត កាន់យកនូវអារម្មណ៍ត្រូវប្រពៃ គឺថាប្រព្រឹត្តវៀរលែងចាកមនោទុច្ចរិតទាំង៣ប្រការ ឯមនោទុច្ចរិតទាំង ៣ ប្រការនោះគឺ ៖
១- អភិជ្ឈា ចេតនាសម្លឹងយកនូវទ្រព្យនៃបុគ្គលដទៃ គឺសេចក្ដីលោភចង់បានបង្អោនចិត្ត បន្ទន់ចិត្តទៅកាន់ទ្រព្យអ្នកដទៃ ដើម្បីយកមកជារបស់ខ្លួនឈ្មោះថាអភិជ្ឈា។
ឯអភិជ្ឈានេះមានអង្គ ២ គឺ ៖
ក- បរភណ្ឌំ ទ្រព្យជារបស់នៃបុគ្គលដទៃ
ខ- អត្តនោបរិណាននំ កិរិយាបង្អោនចិត្តទៅកាន់ទ្រព្យអ្នកដទៃ ដើម្បីខ្លួន។
ចេតនាដែលប្រកបដោយអង្គទាំង២នេះ ទើបត្រូវអភិជ្ឈា បើចេតនាមិនប្រកបដោយអង្គទាំង២នេះទេ មិនត្រូវអភិជ្ឈាឡើយ។
២- ព្យាបាទោ ចេតនាធម៌ញ៉ាំងប្រយោជន៍ និងសេចក្ដីសុខនៃបុគ្គលដទៃឱ្យវិនាសទៅ គឺថាចេតនាធម៌ដែលខឹងគំនុំគុំគួននឹងបុគ្គលឯណា ញ៉ាំងបុគ្គលនោះឱ្យវិនាសទៅ បើធ្វើបុគ្គលនោះឱ្យវិនាសទៅពុំបានព្យាយាមគិតញ៉ាំងទ្រព្យឥតវិញ្ញាណក្ដី ទ្រព្យមានវិញ្ញាណក្ដី របស់នៃបុគ្គលនោះឱ្យវិនាសទៅឈ្មោះថាព្យាបាទ។
ព្យាបាទនេះមានអង្គពីរគឺ ៖
ក- បរសត្តោ សត្វដទៃ។
ខ- តស្សចវិនាសចិន្ដា សេចក្ដីរិះគិតដើម្បីញ៉ាំងសត្វដទៃនោះ ឱ្យវិនាសទៅ។
ចេតនាធម៌ដែលប្រកបដោយអង្គទាំងពីរនេះ ទើបឈ្មោះថាព្យាបាទ បើចេតនាធម៌ មិនប្រកបដោយអង្គទាំងពីរនេះទេ មិនឈ្មោះថាព្យាបាទឡើយ។
៣- មិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសប្រកាន់យកខុសថាជាត្រូវ ព្រោះមិនមានន័យកិរិយាកាន់យកដោយសមគួរតាមពិត។ អធិប្បាយថាអង្គសម្ដេចព្រះអនន្តញាណ សាស្ដាចារ្យទ្រង់សម្ដែងថាសង្ខារធម៌ទាំងឡាយជាអនិច្ចំ ទុក្ខំ អនត្តា គឺថាមិនទៀង នាំមកនូវសេចក្ដីទុក្ខមិនជារបស់នៃខ្លួន គ្មានខ្លឹមសារបុគ្គលឯណាពិចារណាឃើញនូវសង្ខារធម៌ជាអនិច្ចលក្ខណៈ ថាជារបស់ទៀងវិញ ជាទុក្ខលក្ខណៈថាជាសុខវិញ ជាអនត្តលក្ខណៈថាជាខ្លួនវិញ បុគ្គលដែលពិចារណាឃើញដូច្នេះនោះ ឈ្មោះថាមិច្ឆាទិដ្ឋិ។
ម្យ៉ាងទៀត ក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាមង្គលសូត្រខ្សែ៧ថា ៖
មិច្ឆាទិដ្ឋិ សហគតេន ខន្ធសិវាទយោសេដ្ឋាតិ
តេសំអភិវាទន អញ្ជលិកម្មភូតបីថកបរិភណ្ឌាទីនិករោតិ។
អធិប្បាយថា បុគ្គលឯណាពិចារណាឃើញវិបរិតដោយចិត្តរិះគិត ខុសថាទេវតាទាំងឡាយមានខន្ធកុមារនឹងព្រះឥសូរជាដើម ដ៏ប្រសើរដោយវិសេសក្នុងលោក ហើយធ្វើនូវកិរិយាបូជាមានអភិវាទកម្ម គឺអំពើធ្វើបង្អោនកាយថ្វាយខ្លួន លុតជង្គង់ថ្វាយបង្គំនិងអញ្ជលីកម្ម គឺអំពើធ្វើនូវក្រពុំម្រាមដៃលើកឡើងប្រណម្យនមស្ការ សំពះដល់ទេវតាទាំងឡាយមានខន្ធកុមារ និងព្រះឥសូរជាដើមនោះ និងធ្វើនូវតាំងសម្រាប់បូជាដល់រូបភូតខ្មោច និងប្រោះព្រំដោយគ្រឿងបូជា មានគោមជាដើម កិរិយាធ្វើយ៉ាងនេះឈ្មោះថាមិច្ឆាទិដ្ឋិ។ ម្យ៉ាងទៀតបុគ្គលដែលកាន់យកនូវទិដ្ឋិសេចក្ដីចូលចិត្តថាសត្វបង្កើតក្នុងសុគត និងទុគ្គតិបានសេចក្ដីសុខនិងទុក្ខ មិនមែនបង្កើតអំពីកម្មដែលបុគ្គលធ្វើល្អនិងអាក្រក់នោះទេ កើតមកអំពីសម្នាក់នៃទេវតាទាំងឡាយ មានខន្ធកុមារនិងព្រះឥសូរជាដើម ឱ្យនូវសេចក្ដីទុក្ខនិងសុខដល់មនុស្សទាំងឡាយ បុគ្គលចូលចិត្តយ៉ាងនេះឈ្មោះថាមិច្ឆាទិដ្ឋិ។
ឯមិច្ឆាទិដ្ឋិនេះសម្ដែងដោយសង្ខេបមាន២ គឺអនិយតាមិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសមិនទៀងជាសតេកិច្ឆា ប្រកបដោយកិរិយារក្សាបានគឺថានៅប្រដៅទូន្មានបាន ព្រោះចិត្តមិនទាន់ធ្លាក់ចុះដល់ជវនចិត្តជាគម្រប់ប្រាំពីរនៅឡើយ ១ និយតាមិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសប្រកាន់យកមាំជាអតេកកិច្ឆា គឺអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមប្រដៅទូន្មានពុំបាន ព្រោះចិត្តធ្លាក់ចុះដល់ជវនចិត្តជាគម្រប់ ៧ គឺបុគ្គលដែលប្រកបដោយទិដ្ឋិ ៣ យ៉ាង ៖
១- នត្ថីកទិដ្ឋិ សេចក្ដីឃើញខុសថាអំពើដែលបុគ្គលធ្វើមានទានជាដើម មិនមានផលឥតប្រយោជន៍ទាំងអស់។
២- អកិរិយទិដ្ឋិ សេចក្ដីឃើញខុសថាកម្មអាក្រក់ និងកម្មល្អដែលបុគ្គលប្រព្រឹត្តធ្វើទាំងប៉ុន្មាន ឈ្មោះថាមិនធ្វើទាំងអស់ គ្មានបាបបុណ្យអ្វីឡើយ។
៣- អហេតុកទិដ្ឋិ សេចក្ដីឃើញខុសថាផលនិងកម្មទាំងពីរនេះមិនមានទេ សត្វដែលកើតឡើងដែលនឹងបរិសុទ្ធក៏បរិសុទ្ធដោយខ្លួនឯង ដែលនឹងសៅហ្មងក៏សៅហ្មងដោយខ្លួនឯងជាធម្មតាៗ បុគ្គលដែលប្រកបដោយទិដ្ឋិទាំង ៣ នេះឈ្មោះ និយតាមិច្ឆាទិដ្ឋិ មានទោសធំបំផុតទៀងតែនឹងធ្លាក់ទៅក្នុងលោកន្តរនរកដោយពិត។
ឯមិច្ឆាទិដ្ឋិនេះ មានអង្គ ២ គឺ ៖
វត្ថុនោតហិការវិបរិតតា ភាវៈវិបរិតប្រាសចាកអាការ ដែលពិតដោយមិច្ឆាទិដ្ឋិ គឺខ្លួនកាន់យកហើយនូវវត្ថុមិនពិត ១ យថាចតំតណ្ហាតិ តថាភាវេនតស្សបដ្ឋានំ បុគ្គលកាន់យកនូវអត្ថដែលមិនពិតនោះដោយប្រការឯណា កិរិយាកើតឡើងប្រាកដនៃអត្ថដែលមិនពិតនោះ ដោយប្រការដូច្នោះ ១ ចេតសិកធម៌ដែលប្រកបដោយអង្គទាំងពីរនេះ ទើបឈ្មោះថាមិច្ឆាទិដ្ឋិ បើមិនប្រកបដោយអង្គទាំងពីរនេះទេមិនឈ្មោះថាមិច្ឆាទិដ្ឋិឡើយ អ្នកដែលបានស្ដាប់ ឬបានមើលគួរពិចារណាឱ្យច្រើន ទើបសង្ឃឹមថាបានយល់ខ្លះ ឬយល់ទាំងអស់តាមប្រាជ្ញាតិចច្រើន បើពុំនោះសោតសឹងតែពុំដឹងជាសម្ដែងកន្លែងត្រង់នេះថាដូចម្ដេចទេ។
ឯអនិយតាមិច្ឆាទិដ្ឋិ ដែលមិនទៀងនោះ បើបុគ្គលបានស្ដាប់ពាក្យប្រដៅអ្នកប្រាជ្ញហើយ ដឹងខ្លួនថាខ្លួនឃើញខុស លះបង់នូវទិដ្ឋិនោះចោលចេញ បុគ្គលនោះធ្វើមរណកាលទៅនឹងទៅកើតក្នុងសុគតិភព បើមិនលះបង់នូវទិដ្ឋិនោះចោលចេញទៀត តែធ្វើមរណកាលទៅនឹងទៅកើតក្នុងទុគតិភាព គឺនរកប្រេត អសុរកាយ តិរច្ឆានដោយចំណែក១ ហេតុដូច្នោះយើងទាំងឡាយដែលប្រាថ្នាសេចក្ដីសុខទៅខាងមុខ គប្បីវៀរលែងចាកមនោទុច្ចរិត សេចក្ដីដែលប្រព្រឹត្តអាក្រក់ មិនស្អាតល្អដោយចិត្តទាំង ៣ យ៉ាង ដូចបានសម្ដែងមករួចហើយគប្បីញ៉ាំងមនោសុចរិត សេចក្ដីដែលប្រព្រឹត្តសម្អាតចិត្តឱ្យពេញបរិបូណ៌បានឈ្មោះថាប្រព្រឹត្តសម្អាតវត្ថុ គឺមនោទ្វារឱ្យស្អាតបរិសុទ្ធល្អទើបនឹងបានសេចក្ដីសុខ សេចក្ដីចម្រើនទៅខាងមុខដោយពិត សម្ដែងមនោទ្វារវត្ថុបទ មាតិកាជាគម្រប់៦ចប់សេចក្ដីជាសង្ខេបប៉ុណ្ណោះ។
សូមផ្សាយផលានិសង្សឱ្យបានសម្រេច ដល់សាធុសប្បុរសទាំងឡាយ ដែលមានដួងសទ្ធាជ្រះថ្លាបានស្ដាប់ធម៌ទេសនាក្នុងវេលានេះ សូមឱ្យបានសម្រេចនូវសម្បត្តិទាំង ៣ ប្រការ គឺសម្បត្តិមនុស្ស ១ សម្បត្តិទេវតា ១ សម្បត្តិនិព្វានជាទីបំផុត ១ សម្ដែងរឿងប្រតិបត្តិសម្អាតនូវរបស់ដែលគួរសម្អាតចងជាបទមាតិកាមាន ៦ មាតិកាមិនទាន់ចប់សព្វគ្រប់ទេ តែថានឹងសន្មតិថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ឯវំក៏សមគួរដោយនូវវេលានេះឯងហោង។
ចប់កាយបរិភោគាទិវត្ថុកថា
ប្រភព ៖ កម្ពុជសុរិយា លេខ ៩ – ១០- ១១ – ១២ ឆ្នាំ ១៩២៦ – ២៧