អត្តកថា

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះភគវន្តមុនីអរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្ដីគោរព)។

ឱកាសនេះ អាត្មាភាពសូមសម្ដែងធម្មីកថាតាមព្រះពុទ្ធដីកាក្នុងគម្ពីរសំយុត្តនិកាយថា នត្ថិ  អត្តសមំ  បេមំ  “សេចក្ដីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមាន” ដើម្បីជាសណ្ដាប់នៃពុទ្ធសាសនិកជន ដូចមានសេចក្ដីតទៅនេះ ៖

សម្ដេចព្រះមហាមុនីបរមគ្រូទ្រង់សម្ដែងបញ្ជាក់អំពី “អត្តា” គឺខ្លួនរបស់មនុស្សក្នុងលោកថា “មនុស្សយើងគ្មានស្រឡាញ់អ្វីឱ្យប្រហែលនឹងខ្លួន ឬជាងខ្លួនទេ”។

ពាក្យថា “អត្តា” នេះ មានបទវិគ្រោះថា សុខទុក្ខំ អទតិៈ ខាទតីតិ អត្តា (ប្រែថា) សភាវៈដែលទំពាស៊ីនូវសុខនិងទុក្ខឈ្មោះថា “អត្តា”។ អត្តានេះខ្មែរយើងប្រែថា ខ្លួន ហេតុដូច្នេះ ពាក្យថា ខ្លួនមិនគិតអ្វីដទៃឡើយ គឺចិត្តនេះឯង ព្រោះចិត្តតែងជ្រកសម្ងំនៅក្នុងកាយ ហើយអាចគិតនូវអារម្មណ៍ផ្សេងៗ ដឹងថាស្រួលឬមិនស្រួល បានចំណែកអវយវៈតូចធំមានដៃនិងជើងជាដើមហៅថា កាយឬរាងកាយ កាយហើយនិងចិត្តទាំងពីរនេះ លុះតែអាស្រ័យគ្នានឹងគ្នាទើបអាចប្រព្រឹត្តទៅបាន ព្រោះហេតុនេះ គួរសន្និដ្ឋានថា “ការប្រជុំព្រមដោយកាយនិងចិត្ត ហៅថា ខ្លួន”។

ធម្មតាមនុស្សក្នុងលោកតែងស្រឡាញ់កាយនិងចិត្ត ដែលលោកសន្មតហៅថាខ្លួននេះឯង ជាងអ្នកដទៃឬជាងវត្ថុអ្វីៗគ្រប់យ៉ាង កុំចាំបាច់និយាយដល់មនុស្សដែលមានរាងកាយល្អមាំមួននោះឡើយ ដោយហោចទៅ សូម្បីដែលមនុស្សមានរាងកាយពិការជាទម្ងន់ មានកើតឃ្លង់ឬខ្វាក់ជាដើម ក៏នៅតែស្រឡាញ់ខ្លួនឯងជាងអ្នកដទៃ ទោះបីស្វាមីភរិយាបងប្អូនកូនចៅឬទ្រព្យសម្បត្តិដែលមានតម្លៃ ដូចត្បូងពេជ្រ មាស ប្រាក់ជាដើម ដែលគេរាប់ថាជាទីស្រឡាញ់នោះ ក៏គង់តែមិនស្រឡាញ់ស្មើនឹងខ្លួនដែរ  អ្នកដែលស្រឡាញ់របស់ទាំងនោះ ហើយខំស្វែងរកដោយមិនគិតនឿយហត់ ក៏ព្រោះតែសេចក្ដីស្រឡាញ់ខ្លួនទើបបានស្វែងរកមកដើម្បីជាគ្រឿងជួយទំនុកបម្រុងខ្លួននោះឯង សេចក្ដីនេះគួរជ្រាប ដូចមនុស្សក្នុងលោកទាំងមូលដែលនឹងធ្វើការងារអ្វីៗគ្រប់យ៉ាងក៏សុទ្ធតែប្រារព្ធខ្លួនឯងជាមុន ហើយទើបបានធ្វើតាមសេចក្ដីប៉ុនប៉ងនោះ ឬតាមសេចក្ដីយល់ឃើញថាត្រូវធ្វើយ៉ាងណាគ្រប់ៗគ្នាទាំងអស់ ដូចកូនឈ្នួលដែលធ្វើការឱ្យគេ ក៏ព្រោះតែចង់បានថ្លៃឈ្នួល ពេទ្យដែលរក្សារោគឱ្យគេ ក៏ព្រោះតែចង់បានកំណល់រង្វាន់ ឬអ្នកដែលធ្វើអ្វីមួយ ក៏ព្រោះតែប្រាថ្នាផលប្រយោជន៍ គឺទ្រព្យសម្បត្តិនិងយសបរិវារជាដើម ដើម្បីទំនុកបម្រុងខ្លួនជាមុន ហើយទើបទំនុកបម្រុងអ្នកដទៃដែលនៅអាស្រ័យនឹងខ្លួនជាខាងក្រោយ។

សម្ដែងមកនេះ ដើម្បីបញ្ជាក់ឱ្យឃើញច្បាស់ជាធម្មតាមនុស្សក្នុងលោក តែងស្រឡាញ់ខ្លួនឯងជាងអ្នកដទៃ។ ព្រោះហេតុនោះ បានជាព្រះសក្យមុនីជាម្ចាស់ទ្រង់ត្រាស់ទេសនាថា នត្ថិ អត្តសមំ  បេមំ  “សេចក្ដីស្រឡាញអ្វីស្មើនឹងខ្លួនមិនមានឡើយ”។

មនុស្សទាំងពួងដែលធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ណាមួយ ព្រោះតែស្រឡាញ់ខ្លួននោះក៏មែនពិតហើយ ប៉ុន្តែតាមធម្មតារបស់មនុស្សក្នុងលោកនេះ ច្រើនតែខ្វល់ខ្វាយក្នុងការងារដែលមានប្រយោជន៍ក្នុងបច្ចុប្បន្នទាន់ភ្នែកឃើញ មិនសូវខ្វល់ខ្វាយប្រយោជន៍ក្នុងជាតិខាងមុខច្រើនផងទេ។

មានជនចំពូកខ្លះ មិនស្វែងរកគុណធម៌សេចក្ដីល្អ សេចក្ដីត្រូវដាក់ខ្លួន គឺមិនធ្វើទានមិនរក្សាសីលជាដើមទេ។ មិនតែប៉ុណ្ណោះអ្នកខ្លះថែមទាំងបណ្ដែតបណ្ដោយឱ្យកាយវាចាចិត្តប្រព្រឹត្តលង់ទៅតាមអំណាចបាបអកុសលលាមកអាក្រក់ មានសេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងភាន់ច្រឡំ ជាដើមទៀតផង។ ជនបែបនេះ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម ឱ្យឈ្មោះថាជាមនុស្សស្អប់ខ្លួន ធ្វើខ្លួនឱ្យដូចជាសឹកសត្រូវដល់ខ្លួនឯងវិញ។

ព្រោះហេតុនេះឯង សាធុជនទាំងឡាយដែលជាបណ្ឌិតប្រកបដោយប្រាជ្ញា កាលបើជ្រាបច្បាស់ថា ខ្លួនជាទីស្រឡាញ់របស់ខ្លួនជាបំផុតហើយ គួរតែប្រញាប់ប្រញាល់កម្ចាត់បង់អកុសលធម៌ដ៏លាមកអាក្រក់ឱ្យឃ្លាតចេញឆ្ងាយចាកសន្ដាន គួរកុំបណ្ដោយឱ្យលង់ខ្លួនទៅតាមអំណាចកិលេសធម៌ជាគ្រឿងសៅហ្មងចិត្ត គឺ លោភ ទោសៈ មោហៈឡើយ។

ន័យមួយទៀត អ្នកដែលស្រឡាញ់ខ្លួន គួរតែប្រញាប់ស្វែងរកទីពឹង គឺបុណ្យកុសលមកតម្កល់ទុកក្នុងខ្លួនឱ្យឆាប់ៗ ឱ្យទាន់ជីវិតនៅរស់ ព្រោះជីវិតរបស់មនុស្សសត្វទាំងឡាយ មិននៅថិតថេរយឺនយូរប៉ុន្មានឡើយ មុខជានឹងដល់នូវសេចក្ដីស្លាប់សូន្យទៅយ៉ាងឆាប់រហ័ស បើជនណាមួយធ្វេសប្រហែស ឬយល់ខុសថា ខ្លួនមិនងាយនឹងស្លាប់ទេ ជននោះឯងក៏មុខជានឹងបណ្ដែតបណ្ដោយចិត្តឱ្យប្រព្រឹត្តធ្វើតែអំពើបាបអកុសល ឥតរវល់នឹងអំពើបុណ្យ មានឱ្យទាននិងរក្សាសីលជាដើមឡើយ បើប្រសិនជាកំពុងតែធ្វេសប្រហែសដូច្នោះ ហើយចួនជាប្រទះលើពេលដែលសេចក្ដីស្លាប់ត្រូវមកដល់ក្នុងមរណសម័យនោះ ទោះបីមានចិត្តប្រាថ្នាចង់ធ្វើការកុសលក៏មិនងាយនឹងធ្វើបាន ព្រោះចិត្តមិនធ្លាប់ជួបប្រទះនឹងបុណ្យកុសលដល់ម្ដងសោះ។

ម្យ៉ាងទៀតសេចក្ដីស្លាប់នេះ ជាកំពូលនៃសេចក្ដីទុក្ខព្រួយយ៉ាងធំ ព្រោះវេលាដែលទៀបនឹងស្លាប់នោះ តែងមានសេចក្ដីលំបាកយ៉ាងខ្លាំងជាមុនបំផុតហើយទើបស្លាប់ បើយ៉ាងដូច្នេះ អ្នកដែលធ្វេសប្រហែសមិនខំសាងសន្សំបុណ្យកុសលមានទាន សីល  ភាវនាជាដើម ទុក្ខក្នុងចិត្តឱ្យបានច្រើនអំពីចម្ងាយឱ្យហើយទេ ធ្វើម្ដេចនឹងអាចសាងសន្សំបុណ្យក្នុងពេលដែលមានសេចក្ដីព្រួយដោយមរណៈមកគ្របសង្កត់នោះបាន។ កាលបើមិនមានអំពើបុណ្យកុសលណាមួយមកជួយឧបត្ថម្ភគាំទ្រក្នុងពេលនោះហើយ មុខជានឹងខូចកំណើតដែលកើតជាមនុស្សនេះ អ្នកនោះឯងរមែងបែរមុខឆ្ពោះទៅកាន់ចតុរាបាយ គឺទៅកើតក្នុងនរកឬប្រេតជាដើម កាលបើទៅកើតក្នុងអបាយនោះហើយ កម្រណាស់នឹងត្រឡប់មកកើតជាមនុស្សវិញបាន សមដូចព្រះពុទ្ធភាសិតថា ចិត្តេ សំកិលិដ្ឋេ  ទុគ្គតិ  បាដិកង្ខា  “កាលបើចិត្តសៅហ្មងហើយ ទុគ្គតិក៏រមែងកើតប្រាកដ” បើទុកជាមិនចង់បាន មិនចង់ទៅកើត ក៏គង់តែគេចមិនផុត ចៀសវាងពុំរួចដែរ។ ព្រោះហេតុនេះហើយបានជាយើងទាំងឡាយគួរតែស្ដាយកំណើតដែលកើតមកជាមនុស្សនេះឱ្យណាស់ ដ្បិតដែលយើងបានមកកើតជាមនុស្សនេះមិនមែនងាយទេ សឹងបានដោយកម្រក្រៃពេកណាស់ ដូចពុទ្ធភាសិតក្នុងគម្ពីរខុទ្ទកនិកាយថា ៖

កិច្ឆោ  មនុស្សប្បដិលាភោ  កិច្ឆំ  មច្ចាន  ជីវិតំ

កិច្ឆំ សទ្ធម្មស្សវនំ  កិច្ឆោ  ពុទ្ធានមុប្បាទោ

“កិរិយាដែលត្រឡប់មកកើតជាមនុស្ស ជារបស់ក្រ ជីវិតគឺការរស់នៅរបស់សត្វទាំងឡាយ ថាធម្មជាតិក្រ  ការស្ដាប់ធម៌របស់សប្បុរសជាកិច្ចកម្រ  កិរិយាកើតឡើងរបស់ព្រះពុទ្ធជាម្ចាស់ទាំងឡាយ ជារបស់ក្រ”។

ឥឡូវនេះ យើងទាំងឡាយបានកើតមកជាមនុស្ស ហើយមានជីវិតរស់នៅ ព្រមទាំងបានចួបប្រទះនឹងធម៌អាថ៌ដែលជាពាក្យប្រដៅយ៉ាងពិសេសនេះថែមទៀត ក៏ប្រហែលគ្នានឹងបានទាន់ព្រះពុទ្ធដែរ បានឈ្មោះថារួចអំពីសេចក្ដីក្រទាំង ៤ យ៉ាងនោះហើយ គឺថាជាបុញ្ញលាភដ៏ប្រសើរបំផុតរបស់យើងទាំងឡាយ គួរតែខំប្រឹងធ្វើបុណ្យ មានឱ្យទាន រក្សាសីល ចម្រើនភាវនា ព្រមទាំងរៀនសូត្រធម៌អាថ៌ឱ្យចេះចាំស្ទាត់ជាដើម យ៉ាងប្រញាប់គ្រាន់នឹងបានជាទីពឹងពំនាក់ក្នុងជាតិនេះនិងជាតិខាងមុខតទៅ គួរកុំបណ្ដែតបណ្ដោយឱ្យខូចជាតិកំណើត ដែលកើតមកជាមនុស្សនេះឡើយ។ ធម្មតាបុគ្គលដែលបានទូក ឬសំពៅ និងរទេះមកហើយ មិនគួរនឹងទុកយាននេះឱ្យពុកផុយរលួយខូចចោលទទេៗ គួរតែប្រញាប់ផ្ទុកទំនិញ ហើយចេញទៅជួញឱ្យមានកម្រៃ សេចក្ដីនេះមានឧបមាយ៉ាងណាមានគួរនាដូចយើងទាំងឡាយ ដែលបានមកចាប់កំណើតជាមនុស្សហើយ មិនគួរបណ្ដោយឱ្យរាងកាយ ចាស់ឈឺស្លាប់ខូចទៅទទេៗ គួរតែប្រញាប់ធ្វើបុណ្យកុសល ដើម្បីយករបស់ចំណេញ គឺសេចក្ដីសុខក្នុងជាតិនេះ និងជាតិខាងមុខដោយឆាប់រហ័ស។

ម្យ៉ាងទៀត សាធុជនណាដែលបានកសាងសន្សំបុណ្យកុសលមានឱ្យទាន រក្សាសីល៥ សីល៨ ជាដើម សាធុជននោះទើបឈ្មោះថាជាមនុស្សស្រឡាញ់ខ្លួន ហើយដុសខាត់សម្អាតខ្លួនឱ្យ​ស្អាត​សេចក្ដីនេះដូចពុទ្ធភាសិត ក្នុងគម្ពីរខុទ្ទកនិកាយថា៖

អត្តានញ្ចេ  បិយំ  ជញ្ញា  រក្ខយ្យ  នំ  សុរក្ខិតំ

តិណ្ណមញ្ញតរំ  យាមំ  បដិជ្ជគ្គេយ្យ  បណ្ឌិតោ

“បើបណ្ឌិតដឹងខ្លួនថាខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឱ្យល្អ គួរថែទាំសម្អាតខ្លួនក្នុងវ័យទាំង ៣ វ័យណាមួយឱ្យបាន”។

ឯវិធីនឹងថែទាំរក្សាខ្លួន ឬនឹងដុសខាត់ស្អិតស្អាងខ្លួនឱ្យស្អាតនោះ ដូចសេចក្ដីអធិប្បាយតទៅនេះ។

បើជាគ្រហស្ថគួរធ្វើបុណ្យទាំងឡាយ មានឱ្យទាន រក្សាសីល៥ សីល៨ជាដើម តាមសមគួរនឹងកម្លាំងរបស់ខ្លួន បើជាបព្វជិតគួរខ្វល់ខ្វាយធ្វើវត្តប្រតិបត្តិតូច-ធំ ឬខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រធម៌វិន័យឱ្យចេះចាំស្ទាត់ ហើយប្រព្រឹត្តឱ្យត្រឹមត្រូវ។ ធ្វើយ៉ាងនេះទើបហៅថាថែរក្សាខ្លួន ព្រមទាំងស្អិតស្អាងឱ្យស្អាតល្អដោយពិត បើប្រសិនជាគ្រហស្ថមិនអាចធ្វើការកុសលក្នុងរវាងបឋមវ័យឱ្យសព្វគ្រប់បាន ព្រោះមានសេចក្ដីខ្វល់ខ្វាយក្នុងការងារ លុះចូលក្នុងមជ្ឈិមវ័យគួរកុំប្រហែសធ្វេសឡើយ គួរខំប្រឹងធ្វើឱ្យបាន បើប្រសិនជាក្នុងរវាងមជ្ឈិមវ័យរវល់ដោយកិច្ចការរបរចិញ្ចឹមជីវិតខ្លួននិងកូនចៅ មិនអាចធ្វើការកុសលបានទេ លុះចូលដល់រវាងបច្ឆិមវ័យ គួរប្រឹងជម្នះចិត្តធ្វើឱ្យខាងតែបានកុំឱ្យខាន យ៉ាងនេះទើបហៅថាស្រឡាញ់ខ្លួនហើយបីបាច់រក្សាខ្លួនសម្អាតខ្លួន បើមិនធ្វើការកុសលគ្រប់វ័យទាំងអស់ មិនហៅថាស្រឡាញ់ខ្លួនឡើយ ត្រឡប់បានឈ្មោះថាស្អប់ខ្លួន ធ្វើខ្លួនឱ្យសូន្យចាកប្រយោជន៍វិញ។

ឯចំណែកខាងបព្វជិត បើក្នុងបឋមវ័យរវល់នឹងរៀនសូត្រធម៌អាថ៌ឬធ្វើជាអាចារ្យបង្រៀនសិស្សគណៈ ឬក៏រវល់នឹងធ្វើវត្តតូចធំ មានការបម្រើឧបជ្ឈាយ៍អាចារ្យជាដើម ហើយធ្វេសប្រហែសមិនបានធ្វើសមណធម៌ លុះដល់ចូលក្នុងរវាងមជ្ឈិមវ័យ គួរកុំប្រហែសឡើយ គួរខំចម្រើនសមណធម៌ឱ្យបាន បើប្រសិនជាក្នុងរវាងមជ្ឈិមវ័យរវល់រៀនបាលីនិងអដ្ឋកថា ឬរវល់នឹងវិនិច្ឆ័យកាត់សេចក្ដីខុសត្រូវឱ្យគេ ឬក៏រវល់នឹងដោះសារអាថ៌ប្រស្នា ហើយក៏ធ្វេសប្រហែសទៅខ្លះ លុះចូលដល់បច្ឆិមវ័យ គួរខំធ្វើសមណធម៌កុំឱ្យខាន បើបានធ្វើទើបឈ្មោះថា ស្រឡាញ់ខ្លួនរក្សាខ្លួន សម្អាតខ្លួនឱ្យស្អាតល្អ។

អាត្មាភាពសម្ដែងធម៌ទេសនាមកនេះ សមគួរដល់កាលវេលានឹងបញ្ចប់តែប៉ុណ្ណេះ។ សូមជូនពរដល់ពុទ្ធបរិសទ័ សូមឱ្យបានប្រកបដោយឥដ្ឋមនុញ្ញផលវិបុលសុខគ្រប់ប្រការ !។

ទុក្ខប្បត្តា  ច  និទ្ទុក្ខា  ភយប្បត្តា  ច  និព្ភយា

សោកប្បត្តា  ច  និស្សោកា  ហោន្ត  សព្វេបិ  បាណិនោ

សត្វទាំងឡាយទាំងពួងដែលមានសេចក្ដីទុក្ខ សូមឱ្យបាត់សេចក្ដីទុក្ខទៅ ! ដែលមានភ័យ សូមឱ្យបាត់ភ័យទៅ ! ដែលមានសេចក្ដីសោកសូមឱ្យបាត់សេចក្ដីសោកទៅ !

រតនត្តយតេជេន  កម្ពោជរដ្ឋវាសិនោ

វុឌ្ឍឹ  វិរុឡ្ហំ  បប្បោន្តុ  សន្តិភាវញ្ច  នាញ្ញថា

ដោយតេជៈនៃព្រះរតនត្រ័យ គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ សូមឱ្យប្រជាជនទាំងឡាយអ្នកនៅក្នុងកម្ពុជរដ្ឋ បានលូតលាស់ចម្រើននិងសន្តិភាពកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។

ព្រះមហា សៅរ៍-យ៉យ វត្តឧណ្ណាលោម
និស្សិតសាលាបាលីជាន់ខ្ពស់
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments