វ‍ិជ្ជានិងអវ‍ិជ្ជា

សារវន្តកថា

មហាវារសំយុត្តខ្សែ ១៦ សម្ដែងថាមានភិក្ខុ ១ អង្គ មាននាមនិងគោត្រមិនប្រាកដ ទូលសួរព្រះដ៏មានព្រះភាគ កាលដែលព្រះអង្គគង់នៅវិហារព្រះជេតពន នគរសាវត្ថី ដោយបាលីថា ៖

អវិជ្ជាអវិជ្ជាភន្តេវុច្ចតិ កតមានុខោភន្ដេអវិជ្ជា  កិតាវតាចអវិជ្ជាគតោហោតិ។

ប្រែថា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាល្ងង់ខ្លៅមិនដឹងព្រះអង្គពោលឱ្យឈ្មោះថាអវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនអវិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងចំណោមនៃអវិជ្ជា មានដោយហេតុប៉ុន្មានយ៉ាង ?។

ព្រះដ៏មានព្រះភាគព្រះអង្គសម្ដែងវិសជ្ជនាថា ៖

យំខោភិក្ខុទុក្ខេអញាណំ  ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ  ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចតិកិក្ខុអវិជ្ជា  ឯតាវតាចអវិជ្ជាគតោហោតិ។

ប្រែថា ៖ ម្នាលភិក្ខុ សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងសភាវៈគឺតណ្ហា ជាទីប្រជុំបណ្ដាលឱ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងឧបាយជាទីរម្លត់នូវកងទុក្ខឯណាមែនពិត ម្នាលភិក្ខុសេចក្ដីល្ងង់ពុំដឹងច្បាស់ ៤ យ៉ាងនេះ ព្រះតថាគតពោលឱ្យឈ្មោះថាអវិជ្ជា បុគ្គលដែលលុះអំណាចនៃអវិជ្ជាដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ភិក្ខុនោះ ទូលសួរនូវវិជ្ជាតទៅទៀត ដោយបាលីថា ៖

វិជ្ជាវិជ្ជាតិភន្តេវុច្ចតិ  កតមានុខោភន្តេវិជ្ជា  កិតាវតាចវិជ្ជាគតោហោតិ។

ប្រែថា ៖ បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាដែលចេះដឹងច្បាស់ ព្រះអង្គពោលឱ្យឈ្មោះថាវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន វិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងអំណាចនៃវិជ្ជា កើតបានដោយហេតុប៉ុន្មាន ? ព្រះដ៏មានព្រះភាគព្រះអង្គសម្ដែងវិសជ្ជនាថា ៖

យំខោភិក្ខុ  ទុក្ខេញាណំ  ទុក្ខសមុទយេញណំ  ទុក្ខនិរោធញាណំ  ទុក្ខនិរោគាមិនិបដិបទា  យញាណំ  អយំវុច្ចតិភិក្ខុវិជ្ជា  ឯតាវតាចវិជ្ជាគតោហោតិ។

ប្រែថា ៖ ម្នាលភិក្ខុ សេចក្ដីចេះដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិតសេចក្ដីចេះដឹងច្បាស់ក្នុងសភាវៈ គឺតណ្ហាជាទីប្រជុំបណ្ដាលឱ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់ក្នុងឧបាយជាទីរម្លត់នូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីរម្លត់ទុក្ខឯណាមែនពិត ម្នាលភិក្ខុ សេចក្ដីចេះដឹងច្បាស់ទាំង ៤ យ៉ាងនេះ ព្រះតថាគតពោលឱ្យឈ្មោះថាវិជ្ជា បុគ្គលដែលដល់នូវវិជ្ជា កើតមានដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

ម្យ៉ាងវិញទៀត ក្នុងគម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនូវទោសនៃអវិជ្ជាមាន ៥ ដោយបាលីថា ៖

បញ្ចហាការេហិ  អវិជ្ជាយអាទីនវោហោតិ

 ប្រែថា ៖ ទោសរបស់អវិជ្ជា កើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាង។

កតមេហិបញ្ចហាការេហិអវិជ្ជាយអាទីនវោហោតិ អនិច្ចត្ថេនអវិជ្ជាយអាទីនវោហោតិ ទុក្ខត្ថេនអវិជ្ជាយ-អាទីនវោហោតិ អនត្តត្ថេនអវិជ្ជាយអាទីនវោហោតិ  សន្តាបត្ថេនអវិជ្ជាយអាទីនវោហោតិ   វិបរិណាមណត្ថេន-អវិជ្ជាយអាទីនវោហោតិ  ឥមេហិបញ្ចហិអាការេហិ  អវិជ្ជាយអាទីនវោហោតិ ។

ប្រែថា ៖ ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាងដូចម្ដេចខ្លះ ? វិសជ្ជនាថា ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វមិនឱ្យតាំងនៅជានិច្ច ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យដល់នូវសេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងកាយនិងចិត្ត ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យមានតែស្រាយៗ មិនឱ្យមានខ្លឹមសារ ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យក្ដៅក្រហាយសព្វប្រព្រឹត្តទៅក្នុងកាយនិងចិត្តជានិច្ចមួយ ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យទ្រុឌទ្រោមចាស់ជរាគ្រាំគ្រាប្រែប្រួលទៅជាប្រក្រតី ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអាការទាំងឡាយ ៥ យ៉ាងនេះឯង។

អវិជ្ជាដែលនឹងរលត់សូន្យទៅដោយអាការ ៨ យ៉ាងដោយបាលីថា ៖

កតមេហិ  អដ្ឋហិអាការេហិ  អវិជ្ជានិរុជ្ឈតិ  និទាននិរោធេនអវិជ្ជានិរុជ្ឈតិ  សមុទយនិវោធេនអវិជ្ជានិរុជ្ឈតិ  ជាតិនិរោធេនអវិជ្ជានិរុជ្ឈតិ  ហេតុនិរោធេនអវិជ្ជានិរុជ្ឈតិ  បច្ចយនិរោធេនអវិជ្ជានិរុជ្ឈតិ  ញាណុប្បាទេនអវិជ្ជា-និរុជ្ឈតិ  និរោធុបដ្ឋានេនអវិជ្ជានិរុជ្ឈតិ  ឥមេហិ អដ្ឋហិអាការេហិអវិជ្ជានិរុជ្ឈតិ។

ប្រែថា ៖ អវិជ្ជារលត់សូន្យទៅដោយអាការទាំងឡាយ ៨ យ៉ាងដូចម្ដេច ? វិសជ្ជនា អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវនាមនិងរូបដែលជាទីតាំងកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅ  ដោយកិរិយារលត់នូវសភាវៈគឺតណ្ហាដែលជាទីប្រជុំកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅដោយកិរិយារលត់នូវជាតិ ១ អវិជ្ជារលត់សូន្យទៅដោយកិរិយារលត់នូវបច្ច័យ គឺអាហារនិងផស្ស និងនាមរូប ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយាកើតឡើងនៃញាណ គឺប្រាជ្ញដឹងច្បាស់ ១ អវិជ្ជារលត់សូន្យទៅ  ដោយកិរិយាបង្កើតឡើងប្រាកដនៃនិរោធ ១ ថែមអវិជ្ជា ១ ទៀត ដែលជាមេដើមរលត់សូន្យទៅដោយធម៌ទាំង ៧ ខាងដើមនេះត្រូវជា ៨ អវិជ្ជារលត់សូន្យទៅ ដោយអាការទាំងឡាយ ៨ នេះ។

សម្ដែងអំពីអវិជ្ជានិងវិជ្ជាចប់សេចក្ដីជាសង្ខេបប៉ុណ្ណេះ ៕

មហាវារសំយុត្តខ្សែ ១៦ និងបដិសម្ភិទាខ្សែ ៩

ព្រះញាណបវរវិជ្ជា អែម
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ អធិប្បាយ

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments