ពហុបការធម៌

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ)។

ពេលនេះជាធម្មស្សវនកាល ត្រូវតាមសណ្ដាប់ប្រវេណីពីបុរាណសម័យនៃពុទ្ធសាសនិកជនរៀងរាបមក។ អាត្មាភាពបានទទួលភារៈមកសម្ដែងធម៌ទេសនា តាមសមគួរដល់កាលវេលា ឱកាសនេះសូមសម្ដែងអំពីពហុបការធម៌ តាមន័យព្រះពុទ្ធភាសិត ក្នុងសុត្តន្តបិដកទសុត្តរសូត្រ គម្ពីរទីឃនិកាយ ដូចមានបទព្រះបាលីថា៖

ឯកោ ធម្មោ  បហុបការោ  អប្បមាទោ  កុសលេសុ  ធម្មេសុ  អយំ  ឯកោ  ធម្មោ  ពហុបការោ

ប្រែថា “ធម៌មួយមានឧបការច្រើន គឺអប្បមាទ (ការមិនធ្វេសប្រហែស) ក្នុងធម៌ទាំងឡាយជាកុសល នេះហៅថា ធម៌មួយមានឧបការច្រើន”។

អាត្មាភាពសូមអធិប្បាយតាមន័យព្រះពុទ្ធដីកាខាងលើ ដូចសេចក្ដីតទៅនេះ ៖

អប្បមាទ ប្រែថា សេចក្ដីមិនធ្វេសប្រហែស ការមិនធ្វេសស្មារតីឬការប្រុងប្រយត្នមិនឱ្យភ្លាំងភ្លាត់។ សេចក្ដីមិនប្រហែសធ្វេសនេះជាធម៌ចម្បងជាងកុសលធម៌ទាំងពួងឬថាកុសលធម៌ទាំងពួងមានអប្បមាទជាឫសសមដូចព្រះពុទ្ធដីកាថា ៖

យេ  កេចិ  កុសលា  ធម្មា  សព្វេ  តេ  អប្បមាទមូលកា  អប្បមាទសមោសរណា  អប្បមាទោ  តេសំ  អគ្គមក្ខាយតិ 

ប្រែថា “ធម៌ទាំងឡាយណានីមួយដែលជាកុសល ធម៌ទាំងអស់នោះ មានសេចក្ដីមិនប្រមាទជាឫស គឺជាឫសគល់ប្រជុំចុះក្នុងសេចក្ដីមិនប្រមាទទាំងអស់ អ្នកប្រាជ្ញទាំងឡាយតែងពោលសរសើរសេចក្ដីមិនប្រមាទថា ជាធម៌ចម្បងជាងកុសលធម៌ទាំងនោះ”។

សេចក្ដីមិនប្រមាទនេះ អ្នកប្រាជ្ញពោលថាជាចម្បង ឬជាកំពូលនៃកុសលធម៌នោះ ព្រោះកុសលធម៌ទាំងអស់ដែលនឹងកើតឡើងបានក៏ព្រោះតែសេចក្ដីមិនប្រមាទកើតឡើងជាមុន ឬថាលុះណាតែអប្បមាទធម៌កើតឡើងមុន ទើបកុសលធម៌ផ្សេងៗទៀត កើតឡើងបាន ដូចមេដំបូលផ្ទះ ជាទីប្រជុំចុះនៃទព្វសម្ភារ មានផ្ទោង ផ្លានជាដើម។ ព្រោះហេតុនោះ ព្រះបរមគ្រូទ្រង់ត្រាស់សម្ដែងថា

នាហំ  ភិក្ខវេ  អញ្ញំ  ឯកធម្មំ  សមនុបស្សាមិ

“ម្នាលភិក្ខុទាំងឡាយ ! តថាគតជញ្ជឹងរំពឹងមើលទៅមិនឃើញមានធម៌ដទៃណា ដែលជាធម៌មានអានុភាពអាចញ៉ាំងកុសលដែលមិនទាន់កើតឡើងឱ្យកើតឡើង ដែលកើតឡើងហើយឱ្យរឹងរឹតតែចម្រើនឡើង ដូចជាសេចក្ដីមិនប្រមាទនេះឡើយ”។ ម្យ៉ាងទៀត សេចក្ដីមិនប្រមាទនេះ បើនឹងពោលតាមបរិយាយ ក៏គឺសតិហ្នឹងឯង សតិនិងអប្បាមាទ មានសេចក្ដីជាមួយគ្នា សមដូចព្រះពុទ្ធដីកាថា

ចតូសុភក្ខវេ  ឋានេសុ  ងត្តរូបេន  អប្បមាទោ  សតិ ចេតសោ  អារក្ខោ  ករណីយោ 

ប្រែថា “ម្នាលភិក្ខុទាំងឡាយ ! សេចក្ដីមិនប្រមាទ គឺសតិជាធម៌រក្សានូវចិត្ត ជាធម៌ដែលអ្នករាល់គ្នាត្រូវធ្វើក្នុងស្ថាន ៤ យ៉ាងតាមសមគួរដល់ខ្លួន។ ឯសេចក្ដីមិនប្រមាទដែលអ្នកទាំងឡាយត្រូវធ្វើក្នុងស្ថាន ៤ យ៉ាងនោះ គឺត្រូវតាំងចិត្តថា ៖

១- ចិត្តរបស់អាត្មាអញ កុំត្រេកត្រអាលក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីត្រេកត្រអាល

២- ចិត្តរបស់អាត្មាអញ កុំប្រទូស្ដក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីប្រទូស្ដ

៣-  ចិត្តរបស់អាត្មាអញ កុំវង្វេងក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីវង្វេង

៤-  ចិត្តរបស់អាត្មាអញ កុំស្រវឹងក្នុងធម៌ជាហេតុឱ្យកើតសេចក្ដីស្រវឹងឡើយ។

ន័យមួយទៀត សេចក្ដីមិនប្រមាទនេះ បើពោលដោយការប្រតិបត្តិដែលជាការទំនុកបម្រុងផ្ចុងផ្ដើមក៏បានខាងមនសិការ គឺការយកចិត្តទុកដាក់ក្នុងខយវយធម៌ គឺរំពឹងដល់សេចក្ដីអស់ទៅនិងសូន្យទៅ។ មែនពិតបុគ្គលនឹករំពឹងដល់សេចក្ដីអស់ទៅនិងសូន្យទៅនៃសង្ខារ ដោយអំណាចនៃការចាស់ ឈឺ ស្លាប់ក្ដី នឹករំពឹងជញ្ជឹងថា ឱសេចក្ដីចាស់ ឈឺ ស្លាប់បាត់ ជាភ័យធំរបស់សត្តនិករចេះតែរុករានទន្ទ្រានចូលមកកាន់តែជិត ៗ ណាស់ហើយ ដូច្នេះក្ដី ត្រិះរិះពិចារណានូវអភិណ្ហប្បច្ចវេក្ខណធម៌មានដើមថា ការចាស់គ្រាំគ្រាជាធម្មតានិងកន្លងការចាស់គ្រាំគ្រាទៅមិនបានឡើយដូច្នេះក្ដី កាលបើពិចារណាក្នុងអភិណ្ហប្បច្ចវេក្ខណៈ យ៉ាងនេះជាដើមហើយ តពីនេះទៅទើបមិនប្រមាទ ហើយខំខ្មីឃ្មាតបំពេញករណីយកិច្ចរបស់ខ្លួន ឱ្យចម្រើនកើតមានឡើង។ ការពិចារណានេះជាឧបាយដើម្បីបំបាត់នូវសេចក្ដីប្រមាទសេចក្ដីស្រវឹងថា អាត្មាអញនៅកំលោះក្រមុំ ថាមិនមានរោគ មិនទាន់ស្លាប់ ទាំងជាឧបាយដើម្បីរំកិលខ្លួនឱ្យផុតចាកបាប បែរមុខឆ្ពោះទៅរកបុណ្យកុសលតែម្យ៉ាង។ ឯឧបាយសម្រាប់រំពឹងពិចារណាឱ្យឃើញសេចក្ដីអស់ទៅនិងសូន្យទៅ ដែលជាហេតុនាំឱ្យកើតអប្បមាទធម៌នោះមានច្រើនប្រការណាស់ អ្នកប្រាជ្ញបាននាំយកធម៌ទាំងឡាយ ដែលជាហេតុឱ្យកើតអប្បមាទធម៌ ហៅថាវិបស្សនា មកឱ្យពិចារណាថា “រូបទាំងអតីត អនាគត បច្ចុប្បន្ន ដែលអាស្រ័យបច្ច័យតាក់តែងហើយកើតឡើង ជារបស់មិនទៀង មានកិរិយាអស់ទៅសូន្យទៅ ប្រែប្រួលទៅ រលត់ទៅជាធម្មតា ទាំងវេទនា សញ្ញាសង្ខារ វិញ្ញាណ ក៏ដូចគ្នាដែរ។ សេចក្ដីទៀង សេចក្ដីសុខសប្បាយរីករាយត្រេកត្រអាលអរសាទរនឹងមានមកពីណា ? ព្រោះថារបស់ណាដែលកើតឡើងហើយ សុទ្ធតែត្រូវវិនាសបែកធ្លាយទៅវិញទាំងអស់ ទ្រព្យសម្បត្តិរបស់អាត្មាអញក្ដី ជីវិតអាត្មាអញក្ដី នឹងវិនាសព្រាត់ប្រាសទៅមិនខាន ទោះសព្វសត្វក្នុងត្រៃភព ក៏ត្រូវវិនាសព្រាត់ប្រាស់ដូចគ្នាទាំងអស់ដែរ ព្រោះការព្រាត់ប្រាសចាកសត្វនិងសង្ខារនេះជាធម៌សម្រាប់ជនទូទៅ។ ឱ ថ្ងៃនិងយប់ចេះតែកន្លងទៅហើយអាយុរបស់អាត្មាអញក៏អស់ទៅ តាមថ្ងៃនិងយប់ដែលកន្លងទៅនោះដែរ បច្ច័យនៃសេចក្ដីស្លាប់របស់អាត្មាអញមានច្រើនក្រៃពេក មានទាំងខាងក្នុងទាំងខាងក្រៅ អាត្មាអញមុខជានឹងធ្វើកិរិយាដោយហេតុនោះៗ ដោយអន្តរាយនោះៗ មិនខានឡើយ”។ កាលបើបានពិចារណាតាមន័យនេះហើយ ក៏ជាឧបាយឱ្យកើតអប្បមាទធម៌ទាំងអស់។ កាលបើអប្បមាទធម៌កើតឡើងហើយ បណ្ឌិតគួរស្ងួនគ្រងរក្សាថែទាំអប្បមាទធម៌នោះ ដូចជាបុគ្គលសម្លឹងឃើញនូវប្រយោជន៍នៃទ្រព្យ ហើយខំថែរក្សា​ទ្រព្យមិនឱ្យអន្តរាយដូច្នោះ ព្រោះអប្បមាទធម៌នេះ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា មានឧបការច្រើនណាស់ ជាកំពូលនៃធម៌ជាកុសលឯទៀត ៗ។ ព្រោះហេតុតែអប្បមាទធម៌ ជាធម៌មានឧបការច្រើន ជាធម៌ចម្បងជាងធម៌ជាកុសលទាំងពួង ឬថាជាមាតាបិតានៃសេចក្ដីសុខចម្រើនទួទៅពិតប្រាកដមែនហើយ បានជាព្រះបរមគ្រូ សូម្បីតែទ្រង់ហៀបនឹងរម្លត់ខន្ធចូលកាន់បរមនិព្វានហើយ ទ្រង់បែរព្រះភក្ត្រឈមទៅរកភិក្ខុបរិស័ទ ដែលអង្គុយគាល់ ពទ្ធជុំវិញព្រះអង្គ ទ្រងមានព្រះពុទ្ធដីកាផ្ដាំថា ៖

ហន្ទទានិ  ភិក្ខវេ  អាមន្តយាមិ  វោ  វយធម្មា  សង្ខារា  អប្បមាទេន  សម្បាទេថា  

“ម្នាលភិក្ខុទាំងឡាយ ! ឥឡូវនេះតថាគតផ្ដាំនូវអ្នករាល់គ្នា សង្ខារទាំងឡាយមានការសូន្យទៅជាធម្មតា អ្នករាល់គ្នាចូរញ៉ាំងប្រយោជន៍ឱ្យសម្រេច ដោយសេចក្ដីមិន​ប្រមាទចុះ”។ ឥទំ  បច្ឆិមពុទ្ធវចនំ នេះជាព្រះពុទ្ធដីការប្រៀនប្រដៅពៅបំផុតនៃព្រះពុទ្ធជាម្ចាស់។

សេចក្ដីមិនប្រមាទនេះ មានទំនងគួរនឹងអធិប្បាយបានច្រើនជាអនេក ដូចជាសេចក្ដីមិនប្រមាទក្នុងការថែរក្សាខ្លួន ក្នុងវ័យទាំងបីវ័យណាមួយ មិនប្រមាទក្នុងការរៀនសូត្រចំណេះវិជ្ជាផ្សេងៗ មិនប្រមាទក្នុងការសម្ដែង មិនប្រមាទក្នុងការស្វែងរកទ្រព្យសម្បត្តិ មិនប្រមាទក្នុងការសន្សំកុសលជាដើម ទាំងនេះក៏គួរឃើញថាសេចក្ដីមិនប្រមាទនេះ ជាប្រធានលើកិច្ចការគ្រប់ចំពូក។

សេចក្ដីមិនប្រមាទ ពិតមែនតែមានន័យច្រើនយ៉ាង តែបើរួមឱ្យខ្លីទៅមានតែត្រឹមពីរយ៉ាងគឺ ៖

១- មិនប្រមាទក្នុងការលះ

២- មិនប្រមាទក្នុងការចម្រើន

លំដាប់ពីនេះ អត្មាភាពសូមអធិប្បាយនូវសេចក្ដីមិនប្រមាទទាំងពីរយ៉ាងនេះ ដូចតទៅនេះ ៖

មិនប្រមាទក្នុងការលះ

បាបកម្ម គឺអំពើដ៏លាមក អំពើដែលជាហេតុញ៉ាំងសត្វឱ្យទៅកើតក្នុងចតុរាបាយ អំពើដែលញ៉ាំងសត្វឱ្យក្ដៅក្រហាយស្ដាយក្រោយ ព្រោះតែការរងទុក្ខលំបាកទុគ្គតិ បុគ្គលគួរលះបង់គួរវៀរតមកុំធ្វើ ព្រោះជាអំពើនាំឱ្យវិនាសខ្លួន។ អកុសលមូលគឺឫសគល់នៃអកុសលធម៌ទាំង ៣ ប្រការគឺលោភៈ ទោសៈ មោហៈ បុគ្គលគួរតែលះបង់ ព្រោះកុសលមូលទាំង ៣ នេះ ជាតួបាបផង ជាមូលហេតុគឺជាដើមចមនាំឱ្យធ្វើអំពើបាបផង។ បញ្ចវេរាគឺអំពើ ៥ យ៉ាងដែលបុគ្គលធ្វើហើយនាំឱ្យមានពៀរវេរា គឺការសម្លាប់សត្វមានជីវិតមិនកំណត់ថាប្រុសស្រីចាស់ក្មេង ទោះបីសត្វតូចល្អិតៗឬសត្វនៅក្នុងគភ៌ ការលួចទ្រព្យដែលគេមិនបានឱ្យទោះបីថោកថ្លៃតិចច្រើនក៏ដោយ ឬទ្រព្យដែលគេឧទ្ទិសជាចំពោះសង្ឃឬក៏ចំពោះសាសនា ការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺកិរិយាស្រឡាញ់កួចកាន់ឬប្រាថ្នាក្នុងផ្លូវប្រវេណី ដែលមិនត្រូវប្រាថ្នា មិនត្រូវប្រព្រឹត្តជាហេតុឱ្យសៅហ្មង មានគំនុំគំគួននឹងគ្នារវាងត្រកូលទូទៅ ការកុហក គឺការនិយាយបំភាន់អ្នកស្ដាប់ឱ្យចូលចិត្តខុស ឱ្យយល់ខុស ឱ្យយល់ឃ្វាងចាកគន្លងធម៌ ការផឹកសុរានិងមេរ័យ គឺទឹកដែលកើតមកអំពីគ្រឿងត្រាំផ្លែឈើ ឬធញ្ញជាតិផ្សេងៗ គេត្រាំទុកយូរទាល់តែជូរផ្អូមខ្លាំងក្លាយរសជាតិទៅជាស្រវឹងក្ដី គេយកធញ្ញជាតិស្ងោររម្ងាស់បិទចំហុយយកតំណក់ញើសនោះក្ដី ធ្វើដោយបែបផ្សេងៗ ទៀតក្ដី ទឹកតម្រាំ ដែលគេដាក់មេជាតិស្រវឹងត្រាំទុកឱ្យចេញរសជាតិដូចទឹកត្នោតជូរជាដើមក្ដី ទោះបីខ្លាំងក្ដី ខ្សោយក្ដី ជាទឹកស្រវឹងជាទីតាំងនៃសេចក្ដីប្រមាទ។ ទាំង ៥ នេះហៅថាបញ្ចវេរា បុគ្គលគួរលះបង់ គួរវៀរតមកុំធ្វើ ព្រោះសុទ្ធតែជាអំពើនាំឱ្យមានទោសទុក្ខច្រើនប្រការក្នុងលោកនេះនិងបរលោក ដូចជាជាប់គុកច្រវាក់ វាយដំច្រំធាក់ស្ទើរតែក្ស័យប្រាណ ឬក៏កើតជាជម្លោះទាស់ទែងខ្វែងគំនិតគ្នា នាំឱ្យមានទោសទុក្ខច្រើនប្រការទៀតជាដើមឯបព្វជិតគឺអ្នកបួសវិញ ក៏ត្រូវលះអំពើដែលទំនាស់ទាស់ខុសនឹងវិន័យសិក្ខាដូចជាអនេសនៈ បាបធម៌ វេជ្ជកម្ម ទូតកម្ម កុលទូសកកម្ម និងអានាចារផ្សេងៗជាដើមចោលចេញដែរ។ មែនពិត ភេទបព្វជិតនេះ ជាភេទឧត្ដមវិសេសប្លែកជាងភេទគ្រហស្ថ ត្រូវតែឱ្យមានអប្បមាទធម៌ជានិច្ចដើម្បីបំពេញកិច្ចវត្តផ្សេងៗឱ្យបានបរិបូណ៌ មិនត្រូវបណ្ដែត​បណ្ដោយ​ធ្វេសប្រហែសភ្លេចខ្លួនឡើយ ត្រូវតែជាអ្នកតាំងនៅក្នុងសីល ជាគ្រឿងរក្សាកាយវាចាមានសណ្ដាប់ធ្នាប់ ឱ្យមានឥន្ទ្រិយស្រគត់ស្រគំសមរម្យល្អត្រេកអរក្នុងករណីយកិច្ចរបស់ខ្លួន ជាអ្នកឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច ប្រតិបត្តិមានទំនងនឹងរើខ្លួនឱ្យរួចចាកទុក្ខ គួរឱ្យជាទីជ្រះថ្លាមិនត្រូវប្រហែសបណ្ដែតបណ្ដោយ ធ្លោយគំនិតឱ្យបាបធម៌ញាំញីសង្កត់សង្កិនចិត្ត ហើយប្រព្រឹត្តប្រទូស្ដបៀតបៀនអ្នកដទៃឡើយ។ បព្វជិតណា ដែលមិនអើពើនឹងវិន័យសិក្ខា មានអាការកិរិយាប្រព្រឹត្តច្រឡើសបើសឃ្នើសឃ្នងច្រឡោងខាម ខុសខ្នាតវិន័យ បព្វជិតនោះមិនសមសក្ដិជាភិក្ខុឬជាសមណសក្យបុត្រឡើយ លុះតែបព្វជិតណាដែលសង្រួមកាយ វាចា ដោយល្អតាមវិន័យ សេក្ខិយវត្ត ដែលព្រះសុគតប្រញប្តិទុកមក មានចិត្តស្ងប់រម្ងាប់ចាកបាបអកុសល បប្វជិតនោះ ទើបគួរដល់ឋានៈជាភិក្ខុជាសមណសក្យបុត្រពិតប្រាកដមែន។ ម្យ៉ាងទៀតកិច្ចការណាៗដែលប្រព្រឹត្តទៅដើម្បីខូចប្រយោជន៍ខ្លួននឹងអ្នកដទៃនោះៗ ជាអំពើគួរលះឱ្យស្រឡះចេញ ទោះបីបន្តិចបន្តួចស្ដួចស្ដើងយ៉ាងកិច្ចការណា ក៏មិនគួរប្រថុយធ្វើដែរ។ ដែលអធិប្បាយមកនេះក្នុងសេចក្ដីមិនប្រមាទក្នុងការលះ។

មិនប្រមាទក្នុងការចម្រើន

កុសលកម្ម គឺអំពើដែលកម្ចាត់បង់នូវសេចក្ដីអាក្រក់ទូទៅ ជាកម្មអាចញ៉ាំងសត្វឱ្យដល់នូវសុគតិ ជាអំពើគួរធ្វើចម្រើនឱ្យកើតមាន។

និច្ចសីល គឺជាសីលដែលគួរប្រព្រឹត្តកាន់រក្សាឱ្យទៀងទាត់អស់កាលជានិច្ចមិនកំណត់កាលវេលា។ ឧបោសថសីល ជាសីលគួរសមាទានរក្សាតាមកាលកំណត់។ ធម្មចរិយា គឺការប្រព្រឹត្តល្អដោយកាយវាចាចិត្ត សម្រាប់បណ្ដុះសេចក្ដីចម្រើន ទប់ទល់នឹងសេចក្ដីវិនាសទាំងអស់ គ្រហស្ថគួរចម្រើនឱ្យកើតមានឡើង។ ចតុប្បារិសុទ្ធសីលនិងកិច្ចឯទៀត ៗ ដូចយ៉ាងអភិសមា-ចារិវត្ត សេក្ដិយវត្ត ឧបជ្ឈាយវត្តជាដើម បព្វជិតត្រូវប្រព្រឹត្ត ដើម្បីឱ្យមានសណ្ដាប់ធ្នាប់សមរម្យជាភិក្ខុសាមណេរក្នុងពុទ្ធសាសនាតទៅ។

ម្យ៉ាងទៀត អំពើណាៗដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ដើម្បីសេចក្ដីសុខ ចម្រើន ដល់និងអ្នកដទៃ អំពើនោះជាអំពើគួរចម្រើន ទោះបីតិចតួចមិនគួរប្រមាទដែរ គួរតែចម្រើនឱ្យកើតច្រើនឡើងដោយលំដាប់កុំខាន។ នេះជាសេចក្ដីមិនប្រមាទក្នុងការចម្រើន។

រួបរួមសេចក្ដីដែលបានអធិប្បាយមកនេះ ឈ្មោះថាអប្បមាទធម៌ជាធម៌មានឧបការច្រើនជាងកុសលធម៌ទាំងអស់។ ធម៌នេះសប្បុរសទាំងឡាយគួរស្ងួនគ្រងរក្សាទុក ជាធម៌តែមួយទេ តែមានឧបការច្រើនសមដូចពុទ្ធភាសិតដែលពោលមកក្នុងខាងដើម។

អាត្មាភាព សម្ដែងធម៌មកនេះសមគួរដល់កាលវេលាតែប៉ុណ្ណេះឯវំ។

 យំ  យម្បិ  បដ្ឋិតំ  តុយ្ហំ  តំ  តំ  សព្វំ  សមិជ្ឈតុ  ឥមិនា  ធម្មទានេន  សុខិតា  ហោថ  សាធវោ

សេចក្ដីប្រាថ្នាណា ៗ ដែលពុទ្ធបរិស័ទប្រាថ្នាហើយ សេចក្ដីប្រាថ្នានោះ ៗ ទាំងអស់ សូមឱ្យបានសម្រេចកុំបីខាន ! ដោយអំណាចនៃធម្មទាននេះ សូមឱ្យពុទ្ធបរិស័ទទាំងឡាយបានសេចក្ដីសុខគ្រប់ប្រការកុំបីឃ្លាត !

រតនត្តយតេជេន  កម្ពោជរដ្ឋវាសិនោ វុឌ្ឍឹ  វិរុឡ្ហំ  បប្បោន្តុ  សន្តិភាវញ្ច  នាញ្ញថា

ដោយតេជៈនៃព្រះរតនត្រ័យ គឺព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃសូមឱ្យប្រជាជនទាំងឡាយ អ្នកនៅក្នុងកម្ពុជ្ជរដ្ឋ បាននូវសេចក្ដីចម្រើនលូតលាស់និងសន្តិភាព កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ !។

ព្រះមហា ជា-ឆាយ វត្តឧណ្ណាលោម
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments