នមស្ការ
នមត្ថុរតនៈត្តយស្ស តស្សានុវេន សព្វសោត្ថី ភវន្តុ មេ។
(ប្រែ) កិរិយានមស្ការនៃខ្ញុំព្រះករុណាចូរមានដល់ប្រជុំបីនៃរតនៈគឺ ព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ ព្រះសង្ឃរតនៈ ដោយសេចក្ដីគោរព សូមសេចក្ដីសួស្ដីទាំងពួង កើតមានដល់ខ្ញុំព្រះករុណា ដោយអានុភាពនៃព្រះរតនៈនោះ។
ខ្ញុំព្រះករុណាអាត្មាភាព សូមជ្រើសរើសដកស្រង់យកសេចក្ដីធម៌និងប្រស្នាធម៌ ដែលមានក្នុងព្រះគម្ពីរព្រះសូត្រផ្សេងៗ ជាភាសាបាលីសុទ្ធ ដែលជាគ្រឿងប្រដាប់ញ៉ាំងសេចក្ដីឆ្លាសវាងវៃឱ្យកើតឡើងដល់អ្នកសិក្សា ប្រែបំព្រួញសេចក្ដីឱ្យខ្លីចុះមកជាភាសាខ្មែរ រៀបរៀងជាសេចក្ដីយ៉ាងសង្ខេប ល្មមនឹងសិក្សាបានដោយងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិកជនដែលជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដូចមានរៀបរឿងខាងក្រោយនេះសព្វគ្រប់ស្រាប់។
១- សម្ដែងអំពីបញ្ហាវិសជ្ជនានៃសត្វក្អែកនិងដង្កូវមាននៅក្នុងគម្ពីរ បញ្ញាសជាតកខ្សែ ១៥ អធិប្បាយថា ៖
កាលសម្ដេចព្រះសមណិន្ទ្រជិនស្រី ព្រះអង្គគង់នៅក្នុងវិហារព្រះជេតពនសុគន្ធកុដី ទៀបក្រុងសាវត្ថី សម័យនោះមានសត្តក្អែកមួយ ហើរត្រាច់ទៅកាន់បទេសហិមពាន្ត បានដល់ទីលំនៅនៃសត្តដង្កូវធំ ១ ឃើញនូវសត្តដង្កូវនោះហើយគិតថា ៖
“ ឱហ្ន ចំណីអញបានហើយតើ ” ហើយហើរចុះទៅកាន់ទីជិតនៃសត្តដង្កូវធំនោះ ពោលទៅនឹងសត្តដង្កូវថា “ ភោមហាកិមិន ម្នាលសត្តដង្កូវធំ អញនឹងស៊ីអ្នកឥឡូវនេះ ”
ឯសត្តដង្កូវធំបានឮហើយ ក្រឡេកមើលទៅសត្តក្អែកនោះ ហើយត្រឡប់ពោលតបទៅនឹងសត្តក្អែកនោះវិញថា “ ហរេ កាក នែវើយសត្តក្អែកចង្រៃ ឯងចេះដឹងអ្វីដែរ បានជាឯងគិតស៊ីអញជាចំណីឯង “
សត្តក្អែកស្ដាប់ហើយពោលតបវិញថា ៖ “ មហាកិមិន ម្នាលសត្វដង្កូវធំ ចុះឯងចេះដឹងអ្វីខ្លះ ”
សត្តដង្កូវធំឮហើយពោលថា “ នែសត្តក្អែកចង្រៃ អ្នកមិនដឹងទេឬ អញនេះចេះដឹងច្រើនណាស់ ”
សត្តក្អែកស្ដាប់ហើយពោលថា ៖ “ វើយសត្តដង្កូវ បើឯងចេះដឹងច្រើន ឯងពោលចំណេះឯងមកមើល ចំណេះឯងអ្វីខ្លះ ”
សត្តដង្កូវឆ្លើយថា “ អញចេះបញ្ហា ៤ ចំពូក អញនឹងសួរបញ្ហា ៤ ចំពូកនឹងអ្នកឯង ”
សត្តក្អែកឆ្លើយថា “ បើឯងចេះ ឯងសួរអញមកចុះអញនឹងឆ្លើយ ”
សត្តដង្កូវពោលថា “ ម្នាលសត្វក្អែក បើឯងចេះឆ្លើយតបបញ្ហាអញរួច ហើយឯងស៊ីអញទើបប្រពៃ បើមិនចេះទេហើយស៊ីអញជាចំណី ក្បាលឯងនឹងបែកជាប្រាំពីរភាគ ”
សត្តក្អែកពោលថា “ ម្នាលសត្តដង្កូវដ៏ចម្រើន អ្នកឯងចូរសួរបញ្ហានោះមកចុះ អញនឹងឆ្លើយតបអ្នកឥឡូវនេះ ”
សត្តដង្កូវពោលថា “ ម្នាលសត្តក្អែកដ៏ចម្រើន បញ្ហា១ ថាធំហើយក្រៃលែងជាងធំ គឺអ្វី ”
សត្តក្អែកឆ្លើយដោះបញ្ហាថា “ ទេវតាជាបុគ្គលធំដោយវិសេសជាងបុគ្គលដទៃ ”
ឯសត្តធំស្ដាប់ហើយពោលថា “ ម្នាលសត្តក្អែកអ្នកមិនចេះមិនដឹងអ្វីឡើយ ឆ្លើយមកពុំត្រូវទេ អញនឹងសួរបញ្ហា ១ តទៅទៀត ថារហ័សហើយរហ័សក្រៃលែងគឺអ្វី ”
សត្តក្អែកឆ្លើយថា “ សត្តសេះអស្សតរ ជាសត្តរហ័សក្រៃលែងរហ័ស ”
ឯសត្តដង្កូវធំស្ដាប់ហើយពោលថា “ អ្នកឯងមិនចេះមិនដឹងអ្វីឡើយ ឆ្លើយមកពុំត្រូវទេ អញនឹងសួរបញ្ហា ១ ទៀតថា ធម្មជាតិឆាប់ហើយមុតក្រៃលែងគឺអ្វី ”
ឯសត្តក្អែកព្យាករណ៍ឆ្លើយថា “ កូនសរទាំងឡាយជាធម្មជាតិមុតក្រៃលែង ”
ឯសត្តដង្កូវធំស្ដាប់ហើយពោលថា “ អ្នកឯងមិនចេះមិនដឹងអ្វីឡើយ ឆ្លើយមកមកពុំត្រូវទេ អញនឹងសួរបញ្ហា ១ ទៀតថា ខ្លាំងហើយខ្លាំងក្រៃលែងគឺអ្វី ”
ឯសត្តក្អែកព្យាករណ៍ឆ្លើយថា “ ព្រះនារាយណ៍ជាបុគ្គលខ្លាំងក្រៃលែងខ្លាំង ”
ឯសត្តដង្កូវធំស្ដាប់ហើយពោលថា “ ម្នាលសត្តក្អែកកំណាចចង្រៃ អ្នកឯងគ្មានចេះដឹងអ្វីសោះឡើយ បណ្ដាបញ្ហាទាំង ៤ ចំពូកនេះ សូម្បីតែ ១ បញ្ហា ក៏អ្នកឯងគ្មានដឹងសោះ អ្នកឯងនឹងស៊ីអញដូចម្ដេចបាន តែអ្នកឯងស៊ីអញហើយក្បាលអ្នកឯងនឹងបែកជា ៧ ភាគ បុគ្គលណាមួយថាអាចនឹងដោះប្រស្នានេះ ក្នុងលោកនេះពុំមានទេ វៀរលែងតែព្រះតថាគតចេញ ម្នាលសត្វក្អែកចង្រៃ បើអ្នកឯងចង់ស៊ីអញ មានតែអ្នកឯងនាំអញទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ ទើបព្រះសាស្ដាព្រះអង្គនឹងសម្ដែងដោះស្រាយបញ្ហានេះឱ្យជាក់ច្បាស់បាន បើពាក្យអ្នកឯងសមត្រូវមែន ទើបអ្នកឯងនឹងស៊ីអញជាចំណីបាន ”។
រីឯសត្តក្អែកបានពោលទៅនឹងដង្កូវធំថា “ ភោ កិមិន ម្នាលដង្កូវធំដ៏ចម្រើន ចំណែកខាងអញនឹងទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគដោយឆាប់រហ័សបាន ចំណែកខាងអ្នកវារតែនឹងដីវើកៗ អាចទៅដូចម្ដេចបាន ”។
ឯសត្តដង្កូវនោះពោលទៅនឹងសត្តក្អែកវិញថា ៖ “ ម្នាលសត្តក្អែក អ្នកឯងត្រូវស្វែងរកវល្លិបានហើយត្រូវយកមកចងអញពាក់កណ្ដាលខ្លួន ហើយអ្នកឯងត្រូវពាំចុងវល្លិម្ខាង ហើរទៅតាមអាកាសហើយអញចុះក្នុងសម្នាក់ព្រះដ៏មានភាគ ”។
សម័យនោះសម្ដេចព្រះភគវន្តមុនីសម្ពុទ្ធម្ចាស់ ព្រះអង្គរមិលលើនូវសត្តលោក បានជ្រាបច្បាស់នូវសត្តទាំង ២ នោះហើយញញឹមចំពោះទៅនឹងព្រះថេរៈឈ្មោះអានន្ទ។
ឯព្រះថេរឈ្មោះអានន្ទ បានឃើញព្រះអង្គទ្រង់ញញឹមនោះហើយ ក៏សួរថា “ បពិត្រព្រះអង្គដ៏ចម្រើន មានហេតុអ្វីមានបច្ច័យអ្វី បានជាព្រះអង្គទ្រង់ញញឹមៗ ”។
ឯសម្ដេចព្រះធមិ្មស្សរញាណសម្ពុទ្ធ ព្រះអង្គមានពុទ្ធដីកាថា “ ម្នាលភិក្ខុឈ្មោះអានន្ទ សេចក្ដីអស្ចារ្យ ១ នឹងកើតមានប្រាកដ ចូរអ្នករង់ចាំបន្តិចសិនចុះនឹងឃើញពិត ”។
គ្រាសត្តក្អែក នាំសត្តដង្កូវទៅដល់ព្រះវិហារជេតពនហើយដាក់សត្តដង្កូវនោះចុះដល់ដី ស្រាយចំណងដែលខ្លួនចងដង្កូវរួចហើយចូលទៅកាន់សម្នាក់ព្រះបរមសាស្ដា ហើយក៏ឈរនៅ។
រីសត្តដង្កូវបានលាតសណ្ដូកខ្លួនត្រង់ ហើយវារទៅតិចៗ បានដល់សម្នាក់ព្រះដ៏មានព្រះភាគ ហើយពោលជាបទព្រះគាថាថា
“ ភន្តេបិភគវាសេដ្ឋ សព្វលោកហិកតាករ សព្វកាលទយាតិណ្ណ សព្វសោវត្ថីភវន្តុមេ
(ប្រែថា) ខ្ញុំសូមសរសើរ បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន ព្រះអង្គប្រសើរដោយវិសេស ព្រះអង្គបានធ្វើនូវប្រយោជន៍ដល់សត្តលោកទាំងពួង ព្រះអង្គមានព្រះហឫទ័យច្រឡំទៅដោយសេចក្ដីករុណាដល់សត្តអស់កាលទាំងពួង សេចក្ដីសួស្ដីទាំងឡាយទាំងពួងសូមកើតមានដល់ខ្ញុំ ”។
ឯសត្តដង្កូវនោះពោលបទព្រះគាថានេះចប់ហើយ ទូលអំពីសេចក្ដីខ្លួននឹងសត្តក្អែកសព្វគ្រប់ប្រការថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
គ្រានោះព្រះភគវន្តបពិត្រវិជិតមារជាម្ចាស់ ទ្រង់បានជ្រាបអធ្យាស្រ័យចិត្តសត្តទាំងពីរនោះហើយ ទ្រង់ក៏សួរទៅនឹងសត្តដង្កូវនោះថា “ ភោ មហ កិមិន ម្នាលសត្តដង្កូវធំដ៏ចម្រើន អ្នកសួរបញ្ហាទាំង ៤ នោះគឺបញ្ហាដូចម្ដេចខ្លះ ”។
ឯសត្តដង្កូវទូលថា “ បពិត្រព្រះអង្គ ខ្ញុំម្ចាស់បានសួរបញ្ហាមួយទៅនឹងសត្តក្អែកថា “ ធំហើយធំក្រៃលែងគឺអ្វី ក្អែកនេះឆ្លើយថាទេវតាធំដោយវិសេស ”។
ព្រះដ៏មានព្រះភាគ ទ្រង់ស្ដាប់ហើយក៏សួរទៅសត្តក្អែកថា “ ម្នាលសត្តក្អែក ពាក្យនេះពិតមែនឬ ”។
សត្តក្អែកទូលថា “ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះខ្ញុំពោលពិតមែន ”។
ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពោលដោះស្រាយបញ្ហានេះថា “ ម្នាលសត្តក្អែក អ្នកឯងមិនចេះមិនដឹងមែន ឯធំហើយធំក្រៃលែងនោះមិនមែនទេវតាឡើយ គឺលោកុត្តរធម៌ទាំង ៩ ជាធម៌ធំដោយវិសេសជាងសភាវៈទាំងពួងក្នុងលោក ”។
សត្តដង្កូវស្ដាប់ហើយមានចិត្តត្រេកអរថ្វាយសព្ទសាធុការថាសាធុៗ ប្រពៃហើយ ចំណែកខាងបញ្ហានេះបពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំបានសួរបញ្ហា ១ តទៅទៀតថា “ ឆាប់រហ័សហើយឆាបរហ័សក្រៃលែងគឺអ្វី ” សត្តក្អែកនេះឆ្លើយថា “ សត្តសេះអស្សតរជាសត្តឆាប់រហ័សវិសេសជាងសត្តទាំងពួង ”។
ព្រះដ៏មានព្រះភាគ ទ្រង់ស្ដាប់ហើយក៏សួរទៅសត្តក្អែកថា “ ម្នាលសត្តក្អែក ពាក្យនេះពិតមែនឬ ”។
សត្តក្អែកទូលថា “ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះខ្ញុំពោលពិតមែន ”។
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពោលដោះស្រាយបញ្ហានេះថា “ ម្នាលសត្តក្អែក អ្នកឯងមិនចេះមិនដឹងមែន ឯឆាប់រហ័សហើយឆាប់រហ័សក្រៃលែងនោះ មិនមែនសេះអស្សតរឡើយ គឺដួងចិត្តស្ថិតនៅត្រង់បេះដូង ជាធម្មជាតិឆាប់រហ័សគ្មានវត្ថុអ្វីដទៃបិទបាំងបាន នឹកទៅត្រឹមណាចិត្តក៏ត្រាច់ទៅត្រឹមនោះមួយរំពេច ”។
សត្តដង្កូវស្ដាប់ហើយត្រេកអរណាស់ ថ្វាយសព្ទសាធុការថាសាធុៗ ហើយទូលថា “ បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន ខ្ញុំបានសួរបញ្ហាមួយតទៀតថា ធម្មជាតិឆាប់ហើយមុតក្រៃលែងគឺអ្វី សត្តក្អែកឆ្លើយថាកូនសរឆាប់ហើយមុតក្រៃលែង ”។
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពោលដោះស្រាយបញ្ហានេះថា “ ម្នាលសត្តក្អែក អ្នកឯងមិនចេះមិនដឹងមែន ឯឆាប់ហើយមុតក្រៃលែងនោះ មិនមែនកូនសរឡើយគឺទឹក ធម្មជាតិឯទឹកទាំងនេះមុតឆាប់ជ្រួតជ្រាបទៅក្នុងវត្ថុទាំងអស់ក្នុងលោកពុំសល់បាន ទើបឈ្មោះថាធម្មជាតិមុតដ៏ក្រៃលែង ”។
សត្តដង្កូវស្ដាប់ហើយ ថ្វាយសព្ទសាធុការថាសាធុៗ ហើយពោលថា “ បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន ខ្ញុំបានសួរបញ្ហាមួយទៀតទៅនឹងសត្វក្អែកនេះថា ខ្លាំងក្រៃលែងខ្លាំងគឺអ្វី សត្តក្អែកនេះឆ្លើយថាព្រះនារាយណ៍មានកម្លាំងខ្លាំងក្រៃលែងខ្លាំង ”។
ឯព្រះដ៏មានព្រះភាគ ព្រះអង្គសួរទៅនឹងសត្តក្អែកវិញថា “ ម្នាលសត្តក្អែក ពាក្យនេះពិតមែនឬ ”។
សត្តក្អែកក៏ទូលតបទៅព្រះដ៏មានព្រះភាគវិញថា “ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះខ្ញុំពោលពិតមែន ”។
ព្រះលោកនាថជាម្ចាស់ ទ្រង់ត្រាស់សម្ដែងដោះស្រាយបញ្ហាថា “ អ្នកឯងមិនចេះមិនដឹងមែន ឯខ្លាំងក្រៃលែងខ្លាំងនោះ មិនមែនព្រះនារាយណ៍ឡើយ គឺព្រះអរហំសម្មាសម្ពុទ្ធជាបុគ្គលខ្លាំងដោយវិសេសជាងបុគ្គលទាំងពួងក្នុងលោក ”។
ឯសត្តដង្កូវបានស្ដាប់បញ្ហាព្យាករណ៍នេះហើយ មានចិត្តរីករាយ ថ្វាយសព្ទសាធុការថាសាធុៗ ហើយពោលចំពោះទៅនឹងសត្តក្អែកនោះវិញថា ម្នាលសត្តក្អែកដ៏ចម្រើនពាក្យដែលអ្នកដោះបញ្ហានឹងខ្ញុំ ពុំសមពុំត្រូវតាមពាក្យព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធឡើយ អ្នកឯងមិនត្រូវស៊ីខ្ញុំជាចំណីឡើយ។
សត្តក្អែកស្ដាប់ហើយពោលថា “ ម្នាលសត្តដង្កូវ ចំណែកខាងអញក៏ពុំត្រូវការនឹងស៊ីអ្នកជាចំណីដែរ ”។
គ្រានោះព្រះដ៏មានព្រះភាគ ព្រះអង្គមានព្រះបន្ទូលទៅនឹងសត្តក្អែកថា “ ម្នាលសត្តក្អែក ចាប់ដើមអំពីថ្ងៃនេះទៅអ្នកឯងត្រូវតែបរិភោគដែលគួរអាហារណាដែលពុំគួរអ្នកកុំបរិភោគអាហារនោះឡើយ ”។
ឯសត្តក្អែកបានស្ដាប់ព្រះធម្មទេសនានៃព្រះដ៏មានព្រះភាគ ហើយមានចិត្តត្រេកអររីករាយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគហើយហើរត្រឡប់ទៅកាន់ទីលំនៅខ្លួនវិញហោង។
ចំណែកខាងព្រះដ៏មានព្រះភាគព្រះអង្គមានព្រះបន្ទូលទៅនឹងមហាជនទាំងឡាយថា “ អ្នកទាំងឡាយត្រូវកាន់យកសត្តដង្កូវនេះ ទៅតម្កល់ទុកក្នុងភោជនសាលាហើយត្រូវរក្សាឱ្យល្អកុំប្រហែសធ្វេសឡើយ ”។
ឯមហាជនទាំងឡាយ ក៏បានទទួលព្រមតាមបង្គាប់ដ៏ព្រះដ៏មានព្រះភាគនោះហើយ បានចាត់ចែងរក្សាដង្កូវនោះដោយល្អ ពុំដែលឱ្យមានសៅហ្មងឡើយ។
រីសត្តដង្កូវធំនោះរស់នៅបាន ២-៣ ថ្ងៃហើយធ្វើមរណកាលខ្សែជីវិតទៅដោយសមគួរតាមកម្មរបស់ខ្លួន។
លុះដល់កាលជាខាងក្រោយ ព្រះសាស្ត្រាចារ្យជាម្ចាស់ព្រះអង្គទ្រង់សម្ដែងសរសើរនូវប្រាជ្ញាថាជាគុណជាតិប្រសើរដោយវិសេស អាចដោះទុក្ខខ្លួននិងអ្នកដ៏ទៃបានដោយងាយជាបទព្រះគាថាថា ៖
“ អហំបិជាតិកោហុត្វា សុត្តសាមោចបាកដោបញ្ញាយបរិមុញ្ចាមិ បារិសាទស្សហត្ថតោ ។
(អធិប្បាយថា) ព្រះតថាគតបានយោនយកកំណើតកើតប្រាកដជាស្ដេច ១ ព្រះអង្គទ្រង់ព្រះនាមព្រះបាទ សុត្តសោមបណ្ឌិត អាចដោះខ្លួននឹងស្ដេចដ៏ទៃជាច្រើន ឱ្យរួចអំពីកណ្ដាប់ដៃនៃសម្ដេចកំហែងបោរិសាទបានដោយបញ្ញា។
អហំបិជាតិកោ មហោសថោចបាកដោ រាជានោបរិមុញ្ចមិ បញ្ញាយចមេភវិស្សតិ។
(អធិប្បាយថា) ប្រាជ្ញាឯណាមានប្រាកដដល់គថាគត ៗ យោនយកកំណើតកើតប្រាកដជាអ្នកប្រាជ្ញឈ្មោះមហោសថ បានដោះនូវស្ដេចទាំងឡាយឱ្យរួចចាកទុក្ខបាន ដោយប្រាជ្ញានោះ។
អហំបិជាតិកោហុត្វា វិធុរោនាមពណ្ឌិតោ បញ្ញាយបរិមុញ្ជាមិ បុណ្ណយក្ខស្សហហត្ថតោ អន្តមសោបិសុត្តោច កីមិនោចយថាសុខំ បញ្ញាយបរិមុច្ចតិ កាកស្សមរណតោច។
(អធិប្បាយថា) ព្រះតថាគតបានយោនយកកំណើតកើតប្រាកដ ជាអ្នកប្រាជ្ញឈ្មោះវិធុរបណ្ឌិត អាចដោះខ្លួនឱ្យរួចអំពីកណ្ដាប់ដៃនៃបុណ្ណកយក្ខបានដោយបញ្ញា ម៉្យាងទៀតដោយហោចទៅ សូម្បីតែសត្តដង្កូវ ក៏អាចដោះខ្លួនឱ្យរួចអំពីសេចក្ដីមរណៈកើតអំពីសត្តក្អែកបៀតបៀន ដោយសមគួរតាមសុខ សម្រេចបានដោយប្រាជ្ញាខ្លួន ព្រះដ៏មានព្រះភាគទ្រង់សម្ដែងគាថានេះចប់ហើយ ជនទាំងឡាយក៏បានសម្រេចនូវមគ្គនិងផលច្រើនក្នុងលោកនេះ ”។
(សម្ដែងរឿងប្រស្នាសត្តដង្កូវនិងសត្តក្អែកចប់សេចក្ដីសង្ខេបតែប៉ុណ្ណោះ)
ព្រះញាណបវរវិជ្ជា ឯម ចាងហ្វាងសាលាបាលីជាន់ខ្ពស់នៅក្រុងភ្នំពេញ
ប្រែពីបាលីគម្ពីរ បញ្ញាសជាតក ខ្សែ១៥
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-១៩៣២