ព្រះ​ភិរម្យ​ភាសា អ៊ូ ហៅ ង៉ុ​យ ឬ ក្រម ង៉ុយ

កវីនិពន្ធ​ខ្មែរ

ក្រម ង៉ុយ ឬ ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ឬ តាង៉ុយ ជាខេមរកវីប្រីជាពុទ្ធសាសនិក ត្រូវបានប្រជាជាតិខ្មែរស្គាល់និងចងចាំអស់រយៈកាលជិតមួយសតវត្សមកហើយ ក៏នៅតែរក្សាបានប្រជាប្រិយនិងឥទ្ធិពលនៅក្នុងស្មារតីខ្មែរតាមរយៈកម្រងពាក្យប្រៀនប្រដៅរបស់គាត់ដែលមានដើមកំណើតជាកំណាព្យចម្រៀងសាដៀវ (ខ្សែ១) ហើយរហូតមកដល់ពេលនេះមិនទាន់មានកវីណាម្នាក់អាចជំនួសលោកបាននៅឡើយ។

កុមារ ង៉ុយ កើតនៅឆ្នាំ១៨៦៥ នៅឃុំកំបូល ស្រុកភ្នំពេញ (សព្វថ្ងៃស្រុកអង្គស្នួល) ខេត្តកណ្តាល។ ក្រមង៉ុយ មាននាមដើមថា អ៊ុក អ៊ូ ប៉ុន្តែមាតា បិតា ហៅលោកថា ង៉ុយៗ ទើបបានជាប់នាមនេះរៀងរហូតមក។

បិតាលោកនាម អ៊ុក ជាមេឃុំនៃ ឃុំកំបូល មានគោរមងារជា “ចៅពញ្ញាធម្មធារា”។ រីឯមាតាលោកជាបុត្ររបស់ “ចៅពញ្ញា ម៉ុក” ជាមេឃុំស្ពានថ្មដែលមានស្រុកនិងខេត្តជាមួយគ្នា។ គួរកត់សម្គាល់ថា មាតានិងបិតារបស់លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា។

កាលនៅកុមារភាព កុមារអ៊ូ បានទៅស្នាក់សិក្សានឹងលោកចៅអធិការវត្តអង្គបឹងចក នាស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ហៅ ង៉ុយ ជាក្មេងឧស្សាហ៍រៀនសូត្រ ហើយបានបួសជាសាមណេរនិងបានសិក្សាធម៌អាថ៌បានជ្រៅជ្រះ។ លុះពេញវ័យ២១ឆ្នាំ សាមណេររូបនេះបានបំពេញឧប្បសម្បទាជាភិក្ខុ។ ភិក្ខុអង្គនេះបានស្វះស្វែងសិក្សាធម៌អាថ៌ផ្នែកបរិយត្តិធម៌ ហើយបានរៀនបកប្រែព្រះត្រៃបិដកដំបូងក្នុងសម្នាក់លោកគ្រូអាចារ្យទិត្យ គង់នៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រៃបិដក ភិក្ខុ ង៉ុយ ស្វែងរៀនវិបស្សនាកម្មដ្ឋានក្នុងសម្នាក់ព្រះអាចារ្យជាច្រើនកន្លែងទៀត។

ក្រោយពីបានចាកសិក្ខាបទមកជាគ្រហស្ថ បណ្ឌិត អ៊ុក អ៊ូ ហៅ ង៉ុយ បានរៀបអាពាហ៍ពិពាហ៍នៅឃុំបែកចាន ស្រុកភ្នំពេញ ហើយប្រកបរបរជាកសិករសាមញ្ញម្នាក់ក្នុងឃុំនេះ។ លោកមានបុត្រ៦នាក់ ដែលក្នុងនោះមានម្នាក់មានកិត្តិនាមល្បីល្បាញខាងសំនួនវោហាដែលខ្មែរគ្រប់រូបបានស្គាល់នាមថា អាចារ្យ ចុង ឬបណ្ឌិត អ៊ូ ចុង។ គួរកត់សម្គាល់ថា អាចារ្យ ចុង បានអនិច្ចកម្មក្នុងគុកនយោបាយនាឆ្នាំ១៩៥៥ ពេលបោះឆ្នោតប្រកួតប្រជែងរវាងគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសង្គមរាស្ត្រនិយម។

ជីវភាពជាកសិករ បណ្ឌិត ង៉ុយ មានប្រជាប្រិយភាពយ៉ាងខ្លាំងខាងវោហាកោសល្យនិងល្បិចល្បើកលើកដាក់តាក់តែងចែងចងកងកំណាព្យកាព្យឃ្លោងបានភ្លាមៗ ( មានទំនងប្រហាក់ប្រហែល សន្ធរវោហា ម៉ុក ) សម្រាប់ច្រៀងនឹងសំនៀងសាដៀវយ៉ាងពីរោះក្រអួនក្រអៅ ហើយថែមទាំងមានចំណេះដឹងខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ដែលបណ្តាលឱ្យកសិករឯទៀតៗស្រឡាញ់រាប់អានចាត់ទុកលោកជាអ្នកប្រាជ្ញក្នុងស្រុកភូមិ ទើបពួកគេបានហៅលោកថា “ភិរម្យ ង៉ុយ”។

ដោយសារប្រជាប្រិយភាពនិងទទួលបាននូវការគោរពរាប់អាន លើកសរសើរនេះ ទើបរដ្ឋអំណាចបានតែងតាំងលោកជា “ក្រម” គឺជាជនដែលមានភារៈក្នុងការធ្វើទំនាក់ទំនងរវាងរដ្ឋបាលនិងប្រជារាស្ត្រក្នុងឃុំ មានទំនងដូចជាជំទប់នាពេលបច្ចុប្បន្ននេះដែរ។ ដោយហេតុនេះឯងទើបលោកត្រូវបានគេហៅលោកថា “ ក្រម ង៉ុយ “ រហូតដល់សព្វថ្ងៃ។

បានឮតៗមកថា ក្នុងឋានៈជាក្រមនេះ បណ្ឌិត ង៉ុយ បំពេញការងារពុំសូវជាទីគាប់ចិត្តរាជការឡើយ ដ្បិតជារឿយៗ​លោកមិនបានធ្វើតាមការតម្រូវរបស់រាជការដែលតម្រូវឱ្យលោកទារពន្ធដារនិងគំរាមកំហែងប្រជារាស្ត្រខ្មែរជាដើមឡើយ ដ្បិតគាត់មានចិត្តអាណិតអាសូរខ្មែរដែលក្រខ្សត់និងឆោតល្ងង់។

នៅរាល់រំហើយរដូវ ក្រោយពីបញ្ចប់កិច្ចការច្រូតកាត់ ក្រម ង៉ុយ តែងតែត្រាច់ចរទេសនាប្រៀនប្រដៅនិងច្រៀងកំណាព្យអមដោយឧបករណ៍តន្ត្រីសាដៀវ ដ៏មានសំនៀងគ្រលួចពីភូមិមួយទៅភូមិមួយឥតទំនេរ។ ពុំមែនជាសំនៀងច្រៀងសំណើចសើចអំណរត្រេកអរឡើយ ប៉ុន្តែចម្រៀងដ៏គ្រលួចនេះគឺជាទំនួញទួញយំយែកអាល័យអាឡោះស្រណោះអាណិតជាតិខ្មែរដែលកំពុងលង់លិចដោយក្តីក្រទុគ៌ត ល្ងង់ខ្លៅ ឈ្លោះប្រកែក បែកបាក់សាមគ្គីគ្នាឯងខ្វែងគំនិតយ៉ាងស្រួចស្រាវ។ល។ ហើយត្រូវរងដោយទម្ងន់នៃពន្ធដារពីសម្នាក់រដ្ឋអំណាចអាណានិគមបារាំង និងនៅចំពោះមុខភាពរហ័សរហួននៃជនបរទេសដូចជាចិននិងយួនជាដើមដែលពូកែទាំងខាងកេងចំណេញស្រស់ៗនិងល្បិចកលផ្សេងៗមកលើខ្មែរដែលជាម្ចាស់ទឹកដី។

សំនៀងតម្អូញតម្អែរនៃកវីរូបនេះបានលេចឮសុះសាយឆ្ងាយដល់រាជធានី ហើយសម្តេចចក្រីបានហៅលោកឱ្យទៅច្រៀងថ្វាយព្រះករុណាស៊ីសុវត្ថិ។ ព្រះរាជាខ្មែរអង្គនេះសព្វព្រះទ័យជាខ្លាំងនិងបានប្រទានរង្វាន់ជាប្រាក់កាស ជាពិសេសព្រះអង្គបានប្រទានគោរមងារដល់ខេមរៈបណ្ឌិតកវីពុទ្ធសាសនិករូបនេះថា “ ព្រះភិរម្យភាសា “។ ដោយហេតុនេះឯង ទើបលោកត្រូវបានគេហៅថា “ភិរម្យភាសា អ៊ូ “ រហូតមកដល់សព្វថ្ងៃ។

ភាពរន្ទឺនៃព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ នេះបានបន្តឮដល់លោក សឺ ដេស ជាសមាជិកសាលាបារាំងចុងបូព៌ាប្រទេស ទើបបាននាំកវីយើងទៅចួបអ្នកស្រី ស៊ុយសាន កាប៉ឺឡែស នាយិកានៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ស្ត្រីជាតិបារាំងរូបនេះ បានសុំឱ្យលោកព្រះភិរម្យភាសា យើងច្រៀងរង្វើលៗ ដើម្បីឱ្យអ្នកប្រាជ្ញនៅពុទ្ធសាសនបណ្ឌិត្យកត់ត្រានូវពាក្យពេចន៍កំណាព្យទាំងអស់របស់លោក។

អ្នកស្រី កាប៉ឺឡែស បានឱ្យរង្វាន់ជាប្រាក់១រៀលដល់កវីយើង ដែលការណ៍នេះត្រូវបានពួកអ្នកសិក្សាទាំងឡាយយល់ថា ថ្វីដ្បិតតែប្រាក់នេះមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែស្ទើរតែអាចចាត់ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របាន ដោយពួកគេយល់ថា ប្រាក់១រៀលនោះតិចមែន ប៉ុន្តែវាជាសក្ខីភាពដែលថា ពួកបារាំងមិនមែនសុទ្ធតែជាពួកជនដែលមកធ្វើអាណានិគមលើប្រជារាស្ត្រខ្មែរនិងជិះជាន់ធ្វើបាបខ្មែរទាំងអស់ឡើយ គឺក៏គង់មានបារាំងខ្លះមានគំនិតគោរពស្រឡាញ់រាប់អាន និងចង់រក្សាអ្វីដែលជាវប្បធម៌របស់ខ្មែរដែរ។

ទិដ្ឋភាពនេះគួរកត់ចំណាំផងដែរថា ចរិតខ្មែរមិនសូវខ្វល់ខ្វាយក្នុងការកត់ត្រាទុកជាឯកសារឡើយ គឺចូលចិត្ត​បណ្តែត​​បណ្តោយឱ្យបាត់បង់ទៅតាមពេលវេលា សូម្បីតែព្រះករុណា ស៊ីសុវត្ថិ ដែលជាអង្គមហាក្សត្រក៏ពុំបានភ្នកនឹកគិតបញ្ជាឱ្យគេកត់ត្រាទុកនូវកំណាព្យរបស់ក្រមង៉ុយដែរ ដោយព្រះអង្គបានត្រឹមតែសម្ដែងនូវការសព្វព្រះទ័យតាមរយៈការប្រទាននូវរង្វាន់ជាប្រាក់ជាដើមតែប៉ុណ្ណោះ ដែលប្រការនេះហាក់សរឱ្យឃើញថា ចរិតខ្មែរឱ្យតម្លៃទៅលើអ្វីមួយតាមរយៈតម្លៃជាប្រាក់កាសនិងងារច្រើនជាង។ កំណាព្យរបស់ ក្រម ង៉ុយ នេះប្រសិនបើពុំមានគំនិតរបស់អ្នកស្រី កាប៉ឺឡែស ដែលជាជាតិបារាំងជាអ្នកឱ្យគេកត់ត្រាទុកទេនោះ ម្ល៉េះសមប្រជាជាតិខ្មែរបានបាត់បង់កំណាព្យរបស់គាត់ដែលជាកម្រងប្រៀនប្រដៅដ៏ប្រសើរនិងមានវិសាលភាពទូលំទូលាយនេះទៅហើយ។

កាលនោះវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានរៀបចំនិងបោះពុម្ពកំណាព្យសម្ដីចម្រៀងសាដៀវរបស់ព្រះភិរម្យភសា អ៊ូ ជាសៀវភៅតូចៗចំនួន៤ក្បាល។

ឆ្នាំ១៩៣៩ ទឹកដីខ្មែរពុំមាន ព្រះភិរម្យភាសា អ៊ូ ហៅ ក្រម ង៉ុយ ឬ ង៉ុយ ឬ តាង៉ុយ ទៀតឡើយ ដោយគាត់បានទទួលអនិច្ចកម្មនៅឆ្នាំនោះ ក្នុងជន្មាយុ៧១ឆ្នាំ។

កម្រងពាក្យប្រៀនប្រដៅរបស់ ក្រម ង៉ុយ ត្រូវបានខេមរជាតិទទួលស្គាល់ជាទូទៅថា មានសេចក្តីជ្រាលជ្រៅទូលំទូលាយ ជាពាក្យសាមញ្ញ ងាយយល់សម្រាប់ទាំងបុគ្គលដែលមានការសិក្សាជ្រះជ្រៅ​និងអ្នកមានការអប់រំតិចតួច ឬ មិនមានការអប់រំសោះក៏អាចស្តាប់យល់បានដោយគាត់ពុំបានប្រើឧបមាណវិធីឡើយ ពោលគឺគាត់និយាយចំៗសេចក្តីតែម្តង ដូចដែលមានសម្រង់ខាងក្រោមជាដើម ៖

បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។ កុំថ្នមកម្លាំង កាប់ជីកចូកចាំង កុំថារងាក្តៅ ធ្វើអ្វីឱ្យឆ្អិន កុំឱ្យខ្លោចឆៅ កុំដេកតែខ្លៅ ក្រក្រៅ​សណ្តាប់។ បើល្ងង់ឱ្យចេះ រករៀនតម្រិះ រិះរកតម្រាប់ ឥន្ទ្រិយឆ្វេងស្តាំ កុំចាំគេប្រាប់ រៀនស្តីរៀនស្តាប់ រៀនមើលឱ្យស្តែង។ កើតមកជាមនុស្ស ទោះស្រីទោះប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ។

ជាច្រើនទស្សវត្សមកហើយ ប្រទេសខ្មែរនៅពុំទាន់ប្រសូតបានអ្នកនិពន្ធណាម្នាក់ដែលអាចប្រៀបផ្ទឹមនឹងព្រះភិរម្យ​ភាសា អ៊ូ ហៅ ង៉ុយ នៅឡើយ។

មានការពណ៌នាអំពីបុគ្គលភាពរបស់ ក្រម ង៉ុយ ថាគាត់មានមាឌដំបង ក្រអាញ សំឡេងឮខ្លាំងនិងធ្ងន់ មានដំណើរស្វាហាប់ សក់ជ្រងផ្កាថ្កូវ មុខរា ថ្ងាសទូលាយ ថ្គាមរីក សម្បុរសណ្តែកបាយ ហើយដុះពោះទៀតផង ដែលប្រការនេះជាកត្តាអំណោយផលសម្រាប់ការច្រៀងសាដៀវរបស់គាត់។ ត្រូវបានគេដឹងតៗគ្នាមកដែរថា គាត់ក៏ជាអ្នកភ្លេងអារក្សផងដែរ។

កម្រងកំណាព្យប្រៀនប្រដៅរបស់ក្រម ង៉ុយ ត្រូវបានគេបោះពុម្ពនិងថតចម្លងជាសៀវភៅធ្វើអាជីវកម្មយ៉ាងមានប្រជាប្រិយជាច្រើនលើកច្រើនសាសឹងមិនអាចគណនាចំនួនបាន។ សោតឯខេមរជន គ្រប់រូបសឹងតែចេះចាំចំណុចខ្លះនៃកំណាព្យរបស់គាត់។ នាមរបស់គាត់ក៏ត្រូវបានគេប្រើជាឈ្មោះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

សព្វថ្ងៃនេះសាលារាជធានីភ្នំពេញបានកសាងរូបសំណាករបស់ បណ្ឌិត ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ពីថ្ម អង្គុយលេងសាដៀវ តាំងនៅក្នុងសួនច្បារសាធារណៈមួយកន្លែងនៅសង្កាត់ចតុម្មុខ ដោយមានចារិកនូវពាក្យប្រៀនប្រដៅខ្លះរបស់គាត់នៅនឹងសិលាទីនោះផងដែរ។

ការប្រៀនប្រដៅរបស់បណ្ឌិតរូបនេះសម្រាប់ទាំងប្រជារាស្ត្រស្រុកស្រែចម្ការនិងអ្នកទីក្រុង ទាំងមន្ត្រីរាជការ រហូតដល់ព្រះសង្ឃ ឱ្យមានការភ្ញាក់រឭក កុំឱ្យប្រកាន់ខុស មានគំនិតគិតមានកំណើតកើតបញ្ញា មានការសាមគ្គីគ្នា កុំឱ្យឈ្លោះប្រកែក កុំឱ្យខ្ជិលច្រអូស កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ មានស្រា ស្រី និងល្បែងភ្នាល់នានាជាដើម អំពីការគោរពប្រតិបត្តិមាតា បិតា និងការរើសគូប្រចាំជីវិត ក៏ដូចជាកុំឱ្យកាន់ភាពក្រអឺតក្រទមអួតអាងមាសប្រាក់ឋានៈ បុណ្យសក្តិ ឱ្យខិតខំសិក្សារៀនសូត្រជាដើម។

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments