ព្រះ​រាជសម្ភារ​-​ធម្មរាជ​កវី​បណ្ឌិត

កវីនិពន្ធ​ខ្មែរ

ព្រះរាជសម្ភារ ជារាជកវីបណ្ឌិតពុទ្ធសាសនិកឬនិយាយឱ្យងាយស្តាប់ គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលមានខ្សែស្រឡាយជាស្តេច។ ព្រះអង្គទ្រង់ចេះស្ទាត់នូវព្រះត្រៃបិដក ជំនាញទាំងគតិលោកនិងគតិធម៌ ហើយបានបន្សល់ទុកនូវស្នាដៃប្រកបដោយគតិបណ្ឌិតសម្រាប់ជាតិខ្មែរ។ ជាអកុសល ព្រះធម្មរាជបណ្ឌិត មានដោយកម្រក្នុងប្រវត្តិសាស្ត្រខ្មែរអង្គនេះ ត្រូវទទួលនូវការវិនាសអន្តរាយយ៉ាងទារុណក្រោមអំណាចនៃសេចក្តីស្នេហា។

ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ ទ្រព្យគង់ដ្បិតស្រី  ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា។  បាត់យសដ្បិតខ្ជិល បាត់ញាតិទានសីល ដ្បិតសេពសុរា ប្រមាទបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់។  ប្រាជ្ញពុំស្មើពុត បម្រើលំអុត ពុំស្មើក្តីគាប់ មានគុណពុំស្មើ អ្នកមានបុណ្យភព្វ   ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា​។  សក្តិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្តា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឱ្យមើលងាយ ​។  

នេះជាល្បះកំណាព្យដកស្រង់ចេញពី ច្បាប់ព្រះរាជសម្ភារ ដែលជាស្នាព្រះហស្ថមួយក្នុងចំណោមស្នាព្រះហស្ថជាច្រើនរបស់ព្រះអង្គ ដែលរហូតមកដល់ពេលនេះបានខូចខាតបាត់បង់ជាច្រើន ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់នូវយុគៈនិងរបត់ដែលមិនអនុគ្រោះ។ ស្នាព្រះហស្ថដែលយើងអាចរកបាននៅពេលបច្ចុប្បន្នកាលនេះ  (សុទ្ធតែជាកាព្យ ) គឺ ៖

  • លិខិតផ្ញើទៅព្រះម៉ែ យួរវតី
  • កំណាព្យ សរសើរហេមន្តមាស
  • កំណាព្យ កន្លង់មាសមង្គលថ្លៃ
  • កំណាព្យ ព្រលឹងមាសអើយ
  • កំណាព្យ កាព្យនិរាស្ត្រ
  • ច្បាប់ព្រះរាជសម្ភារ ឬ ច្បាប់រាជនេតិ
  • ច្បាប់ហៃសាធុជន ឬ ច្បាប់ត្រីនេត្រ
  • កំណាព្យ ចារឰដ៏ចុងត្នោត មុនពេលទ្រង់ចូលទិវង្គត

ទាំងនេះជាស្នាព្រះហស្ថដែលកវីរាជបណ្ឌិតពុទ្ធសាសនិកយើងបាននិពន្ធឡើងក្នុងកាលដែលទ្រង់គង់នៅជាបព្វជិតខ្លះ ពេលទ្រង់មានព្រះទ័យប្រតិពទ្ធជាមួយព្រះនាងអង្គវតីខ្លះ និងក្នុងពេលព្រះអង្គគ្រងរាជសម្បត្តិ ដូចជាកាលទ្រង់គង់នៅកោះឃ្លោកជាដើម ហើយជាអវសានទ្រង់និពន្ធនៅលើចុងត្នោត ដែលចារនៅលើស្លឹកត្នោត។ ទ្រង់ក៏បាននិពន្ធផងដែរក្នុងពេលដែលព្រះបាទឧទ័យកាន់តំណែងជារាជានុសិទ្ធ នាក្រុងឧដុង្គ ក្នុងសម័យឧដុង្គឮជ័យ នាសតវត្សរ៍ទី១៧។

ក្នុងចំណោមស្នាព្រះហស្ថទាំងឡាយ ច្បាប់ព្រះរាជសម្ភារ ជាច្បាប់ឧបទេស តាក់តែងឡើងជាកំណាព្យប្រកបដោយឃ្លោងឃ្លា ចួនរណ្តំ ណែងណង ជាមួយអត្ថន័យឧត្តមគតិយ៉ាងជ្រាលជ្រៅ។ ឃ្លា វគ្គ និងល្បះខ្លះបានក្លាយជាសុភាសិតខ្មែរ ដែលខេមរជននិងអ្នកសិក្សាមួយចំនួនចេះចាំរត់មាត់ សូធ្យបានយ៉ាងជំនាញ ដូចយ៉ាងកំណាព្យ  “ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ …” នេះជាដើម។

មានភាពស្មុគស្មាញក្នុងការវិនិច្ឆ័យទៅលើព្រះរាជជីវប្រវត្តិនៃព្រះរាជកវីអង្គនេះ ដោយហេតុមានភាពមិនសូវចុះសម្រុងគ្នារវាងឯកសារជាតិនិងឯកសារផ្សេងៗ លើបញ្ហាព្រះនាមរបស់ព្រះអង្គកាលនៅកុមារ ព្រះនាមនៃមាតារបស់ព្រះអង្គ ក៏ដូចជាកាលបរិច្ឆេទនៃការប្រសូត ការសាងភាពជាបព្វជា ពេលទ្រង់រាជាភិសេក និងគ្រាដែលទ្រង់បានចួបនឹងព្រះនាង អង្គវត្តី ដូចដែលយើងនឹងធ្វើការពិភាក្សាដូចតទៅនេះ។

  • ព្រះរាជពង្សាវតារប្រទេសកម្ពុជាធិបតី ៖ កាលនៅកុមារ ទ្រង់ព្រះនាម ពញ្ញាតូ។ លុះពេលឡើងសោយរាជ្យទ្រង់ព្រះនាមថា ព្រះស្រីធម្មរាជា។ ក្រោយមកទ្រង់បានយាងទៅគង់នៅក្នុងរាជវាំងកោះឃ្លោក គឺកោះឧកញ៉ាតីសព្វថ្ងៃនេះ។ នៅទីនោះទ្រង់ត្រាស់ឱ្យគេឆ្លើយឆ្លងនឹងព្រះអង្គថា ព្រះរាជសម្ភារបរមពិសេស (អាដេម៉ា- ឡឺគ្លែរ ៖ ព្រះរាជសម្ភារបារមីពិសេស)។
  • ពង្សាវតាររបស់លោក អាដេម៉ា ឡឺគ្លែរ ចារថា ទ្រង់ព្រះនាម ពញ្ញាសូ ហើយមាតារបស់ទ្រង់ គឺអ្នកម្នាង សុខ។ ប៉ុន្តែឯកសារមហាបុរសខ្មែរបញ្ជាក់ថា មាតារបស់ទ្រង់គឺ ព្រះអង្គចូវ ដែលជាបុត្រី នៃ​ស្តេច​វៀតណាម​។
  • ទស្សនាវដ្តីមិត្តសាលាបាលី  ទស្សនាវដ្តីកម្ពុជសុរិយា  សៀវភៅប្រជុំពាក្យកាព្យ ៖ គ្រាន់តែនិយាយថា កាលនៅកុមារទ្រង់ព្រះនាម ពញ្ញាតូ ប៉ុន្តែមិនបានបញ្ជាក់ពីមាតារបស់ទ្រង់ឡើយ។
  • ទស្សនាវដ្តីអក្សរសាស្ត្រខ្មែរ  សៀវភៅព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ ៖ មាតារបស់ព្រះអង្គ គឺអ្នកម្នាង សុន។
  • ពង្សាវតារ​របស់អ្នកនិពន្ធ ម៉ាដឺឡែន ស្ហ៊ីតូ  ស្នាដៃលោក ល្វីសី មីណេរ  ពង្សាវតារ​របស់លោក អាដូហ្វាំង ម៉ឺនីញេរ និងសទ្ទានុក្រមលោកសាស្ត្រាចារ្យ ម៉ុញ សារី មិនបានបញ្ជាក់ពីមាតារបស់ព្រះអង្គឡើយ។
  • សៀវភៅអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន ៖ មាតារបស់ទ្រង់គឺ អ្នកម្នាង សុន។
    រីឯកាលបរិច្ឆេទនៃការប្រសូត ក៏នៅមិនទាន់ចុះសម្រុងគ្នាដែរគឺ ៖
    • ព្រះរាជពង្សាវតាប្រទេសកម្ពុជាធិបតី ៖ ទ្រង់ប្រសូតនៅ គ.ស. ១៦០១ ហើយឡើងសោយរាជ្យ នៅថៃ្ង ៥កើត ខែកត្តិក ព.ស. ២១១៧ ឆ្នាំថោះ នព្វស័ក គ.ស. ១៦២៩ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា។
    • ឯកសារមហាបុរសខ្មែរ ៖ ប្រសូតឆ្នាំម្សាញ់ សប្តស័ក ព.ស. ២១៤៧  គ.ស. ១៦០៥។
    • ទស្សនាវដ្តីមិត្តសាលាបាលី ទស្សនាវដ្តីកម្ពុជសុរិយា សៀវភៅប្រជុំពាក្យកាព្យ ៖ ប្រសូតនៅ គ.ស. ១៦០០ សាងផ្នួសនៅព្រះជន្ម ២១ ព្រះវស្សា លាចាកសិក្ខាបទនិងឡើងសោយរាជ្យ​នៅព្រះជន្ម ២៦ វស្សា។
    • អក្សរសាស្ត្រខ្មែរ ព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ ៖ ប្រសូត គ.ស. ១៦០៣ សាងផ្នួសនៅវត្ត សុគន្ធមានបុណ្យ នាថៃ្ង១៤កើត ខែអាសាធ ឆ្នាំកុរ បញ្ចស័ក គ.ស. ១៦២៤ សោយរាជ្យនៅ គ.ស. ១៦២៩។
    • ពង្សាវតារ​របស់លោក អាដេម៉ា ឡឺគ្លែរ ៖ ប្រសូតនៅ គ.ស. ១៦០៣ ចាកសិក្ខាបទក្នុងព្រះជន្ម២៦ វស្សា សោយរាជ្យនៅ គ.ស. ១៦២៩។
    • ពង្សាវតារ​របស់អ្នកនិពន្ធ ម៉ាដឺឡែន ស្ហ៊ីតូ ៖ ប្រសូត …. រាជាភិសេកនៅ គ.ស. ១៦២៥។
    • ស្នាដៃរបស់លោក ល្វីសឺមី ណេរ និង ពង្សាវតារ​ប្រទេសកម្ពុជារបស់លោក អាដូហ្វាំ មឺនីញេរ ៖ ប្រសូត…. សោយរាជ្យ….
    • សទ្ទានុក្រអក្សរសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យ ម៉ុញ សារី ៖ ព្រះរាជសម្ភារ (១៦០២-១៦៣៤ ) សោយរាជ្យ  (១៦២៦-១៦៣៤ )។
    • ប្រវត្តិអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន ៖ ប្រសូត …. សោយរាជ្យនៅ គ.ស .១៦២៩។
    • ប្រវត្តិសាស្ត្រខ្មែរ ភាគ១-ភាគ២ និពន្ធដោយលោក ត្រឹង ងា ៖ ប្រសូត…. សាងផ្នួសនៅ នគរវត្ត កាលព្រះជន្ម ២១ វស្សា សោយរាជ្យ….។
    • ជីវប្រវត្តិអ្នកនិពន្ធខ្មែរសម័យឧដុង្គ ៖ ប្រសូតឆ្នាំ១៦០១ សោយរាជសម្បត្តិ ឆ្នាំ១៦២៧។

តាមការសិក្សាមកនេះ យើងគួរធ្វើការសន្និដ្ឋានបានខ្លះៗថា កាលនៅជាកុមារ ទ្រង់ព្រះនាមថា ពញ្ញា តូ   (ឬ ពញ្ញាសូ)។ ទ្រង់ជាបុត្រច្បងនៃព្រះបាទ ជ័យជេដ្ឋា  (ឬ ព្រះជេស្តាទី២) មាតាគឺអ្នកម្នាង សុខ  (ឬ អ្នកម្នាង សុន) ចំពោះឯកសារដែលអះអាងថា មាតារបស់ទ្រង់គឺព្រះអង្គចូវ ដែលជាបុត្រី នៃ​ស្តេច​វៀតណាមនោះ (គួរតែមិនអាចចាត់ជាការត្រឹមត្រូវឡើយ)។ ចៅ ពញ្ញាតូ  (ឬ ពញ្ញាសូ ) ត្រូវបានបិតា គឺព្រះបាទជ័យជេដ្ឋា ផ្សំផ្គុំជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គវត្តី  (ឬ បុប្ផាវតី យួរវត្តី ចន្ទវត្តី ព្រះម៉ែយួរវត្តី ) ជាបុត្រី របស់ព្រះបាទជ័យជេដ្ឋានិងអ្នកម្នាងទ ង។ ហេតុនេះ រាជកុមារ ពញ្ញាតូ និងរាជធីតា អង្គវត្តី គឺជាព្រះរាម (បងប្រុស) និង កន្និដ្ឋា  (ប្អូនស្រី) ដែលមានបិតា (ព្រះបាទជ័យ ជេដ្ឋា ) ជាមួយគ្នា ប៉ុន្តែទីទៃមាតា។

ទ្រង់ជារាជទាយាទ ដែលទទួលបានការអប់រំយ៉ាងតឹងរឹងពីបិតា លុះព្រះជន្ម២១ (ឬ ២២) វស្សា បានយាងទៅសាងព្រះផ្នួសក្នុងព្រះពុទ្ធសាសនានៅនគរវត្ត (ឬ វត្តសុគន្ធមានបុណ្យ)។  បិតា គឺព្រះបាទជ័យ ជេដ្ឋា ចូលទិវង្គតនៅ គ.ស. ១៦២៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយកិច្ចការនគរត្រូវបានប្រគល់ទៅឱ្យព្រះអនុជរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ឧទ័យ ដោយហេតុពេលនេះព្រះរាជទាយាទ គឺព្រះអង្គម្ចាស់ ពញ្ញាតូ នៅទ្រង់ជាបព្វជិតនៅឡើយ។

ព្រះរាជពង្សាវតារ​សរសេរដៃនៅពុទ្ធសាសនបណ្ឌិតខ្សែ៤ បានចារថា ការទាក់ទងគ្នារវាងព្រះរាជានុសិទ្ធ ឧទ័យ និងព្រះនាង អង្គវត្តី បានកើតមានឡើងកាលព្រះបាទជ័យជេដ្ឋា បានព្រះជន្ម៤១វស្សា គឺនៅខែកត្តិក ឆ្នាំឆ្លូវ នព្វស័ក ទ្រង់អាពាធ (ឈឺ) ហើយព្រះអង្គម្ចាស់ ឧទ័យ ចូលទៅថែព្រះរាជរោគព្រះរាជា ដែលជាព្រះរាមជារៀងរាល់ថៃ្ង ជាហេតុនាំឱ្យបានចួបនឹងព្រះនាង អង្គវត្តី ហើយកើតក្តីប្រតិពទ្ធ ចំពោះព្រះនាងដែលជាភគ្គនិយោ (ក្មួយស្រី) បង្កើត។

ឯកសារដដែលនេះបានបន្ថែមថា ព្រះនាង អង្គវត្តី ក៏បានព្រមព្រៀងនឹងរាជានុសិទ្ធឧទ័យ ដោយពុំមានក្តីអាល័យចំពោះព្រះរាជទាយាទ ជាគូកំណាន់របស់ខ្លួនដែលកំពុងទ្រង់បព្វជានិងដោយមានការផ្សំផ្គុំពីបិតា ហើយមានការដឹងឮពីសេនាមុខមន្ត្រីឡើយ។ ព្រះអង្គម្ចាស់ឧទ័យ បានអភិសេកព្រះនាងអង្គវត្តី ជាទេពីទីពីររបស់ព្រះអង្គ​​។

មានភាពមិនចុះសម្រុងគ្នាអំពីដំណើរចួបគ្នារវាង ព្រះនាង អង្គវត្តី និងព្រះរាជទាយាទ ពញ្ញាតូ ឯកសារខ្លះអះអាងថា ខត្តិយពង្សទាំងទ្វេអង្គាដែលជាអតីតគូស្នេហ៍និងជាគូដណ្តឹងផងនេះ បានចួបគ្នានៅនគរវត្ត នៅពេលដែលរាជានុសិទ្ធឧទ័យ នាំរាជវង្សានុវង្សទៅទទួលព្រះរាជទាយាទ ពេលដែលបណ្ឌិតពុទ្ធសាសនិកអង្គនេះលាចាកសិក្ខាបទ។ ខណៈឯកសារខ្លះនិយាយថា ចួបគ្នានៅនគរវត្តដែរ ប៉ុន្តែនៅពេលដែលព្រះពញ្ញាតូវិលត្រឡប់ពីធ្វើសង្គ្រាមជាមួយសៀមវិញ។ រីឯឯកសារខ្លះទៀតនិយាយថា ចួបគ្នានៅរាជវាំងឧដុង្គ បន្ទាប់ពីព្រះអង្គលាចាកសិក្ខាបទ ឡើងសោយរាជ្យ រួចហើយព្រះឧទ័យមានជំងឺ ទើបព្រះចៅពញ្ញាតូ យាងទៅមើលព្រះបិតុលា (មាឬពូ) ក៏បានចួបព្រះនាងអង្គវត្តី ជាអតីតគូកំណាន់ ដែលបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ នាំឱ្យរោគស្នេហ៍ចាស់រើឡើងវិញនៅក្នុងដួងហឫទ័យ នៃខត្តិយពង្សទាំងទ្វេ។

ទោះមានភាពផ្សេងគ្នាយ៉ាងនេះក្តី អ្វីដែលជាភាពរួមគ្នានោះគឺថា ទ្រង់ជាបុត្រច្បងនៃព្រះបាទជ័យជេដ្ឋា (ឬ ចេស្តាទី២) មាតា គឺអ្នកម្នាង សុខ ឬ សុន។ កាលនៅជាកុមារ ទ្រង់មាននាមថា ពញ្ញាតូ ឬ ពញ្ញាសូ  ហើយចេញសាងព្រះផ្នួសនៅពេលមានព្រះជន្ម ២១ ឬ ២២ ព្រះវស្សា នៅនគរវត្ត ឬវត្តសុគន្ធមានបុណ្យ។ លាចាកសិក្ខាបទ បន្ទាប់មកឡើងគ្រងរាជ្យបន្តពីព្រះឧទ័យជាម្ចាស់មា នៅព្រះជន្ម២៦ ព្រះវស្សា ហើយត្រូវបានគេថ្វាយព្រះនាមថា “ព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការព្រះស្រីធម្មោរាជាធិរាជ រាមាធិបតី” ប៉ុន្តែពង្សាវតារ​កំណត់ព្រះនាមទ្រង់ត្រឹមតែ “ព្រះស្រីធម្មោរាជា” ប៉ុណ្ណោះ។

ដើមឡើយទ្រង់គង់នៅរាជវាំងឧដុង្គ នាក្រុងឧដុងឮជ័យ លុះក្រោយមក ទ្រង់បានយាងទៅគង់ប្រថាប់នៅឯវាំងកោះឃ្លោក ដែលសព្វថៃ្ងហៅថា កោះឧកញ៉ាតី ហើយទ្រង់បានត្រាស់បង្គាប់ឱ្យគេហៅព្រះអង្គថា ព្រះរាជសម្ភារបរមពិសេសវិញ។ ទ្រង់ជាធម្មរាជានិងជាបណ្ឌិត ហើយជាពុទ្ធសាសនិកដ៏ឆ្នើម ទ្រង់ពុំសូវសព្វព្រះទ័យចំពោះអំណាចឡើយ ទើបទ្រង់បានប្រគល់សិទ្ធិនិងកិច្ចការនគរទៅព្រះឧទ័យវិញ ហើយទ្រង់បានយាងមកលាក់ព្រះកាយធ្វើកិច្ចកាផ្នែកអក្សរសាស្ត្រ ដោយទ្រង់បានចងក្រងប្រវត្តិសាស្ត្រ និងកែប្រែរាជសព្ទ  និងនិពន្ធច្បាប់ផ្សេងៗជាច្រើន។ មិនតែប៉ុណ្ណោះ ទ្រង់បានរៀបចំកងទ័ពដើម្បីទៅច្បាំងដណ្តើម​យកខេត្ត កុរាត (នគររាជ ) ពីសៀម។

ចម្បាំងនេះមិនទាន់ជោគជ័យសមតាមព្រះរាជបំណងឡើយ ហើយទ្រង់បានដកទ័ពមកវិញជាមួយនឹងឈ្លើយសឹកមួយចំនួន។ ការចួបគ្នារវាងព្រះយុវក្សត្រប្រកបដោយបញ្ញាញាណ មានព្រះទ័យសន្តោស ជាធម្មរាជា និងជារាជកវីបណ្ឌិតពុទ្ធសាសនិកអង្គនេះជាមួយនឹងព្រះនាង អង្គវត្តី ដែលពេលនេះបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ ធ្វើឱ្យស្នេហាចាស់បានពុះពោរកញ្ជ្រោលរញ្ជួយកក្រើកឡើងសាជាថ្មីរវាងខត្តិយជាតិទាំងទ្វេ បាននាំឱ្យមានចម្បាំងគ្នាឯង រវាងព្រះឧទ័យនិងក្សត្រព្រះរាជសម្ភារ ដែលត្រូវជាមានិងក្មួយបង្កើតទៅវិញ។

ព្រះរាជសម្ភារ បានបរាជ័យសង្គ្រាមនេះ ហើយមេទ័ពរបស់ទ្រង់៤រូប (ឯកសារជាទូទៅនិយាយថា មេទ័ពទាំង៤រូបនេះជាជនជាតិចិនគឺ ៖ ចុងតុក ១ ឡុកចុងអៀ ១ សាមចាន់ទៀវ ១ និងថុងចិនតុក ១) ហើយយុវក្សត្រនិងព្រះនាងអង្គវត្តី បានភៀសព្រះកាយទៅដល់ខេត្ត កញ្ជរ គឺខេត្តក្រចេះសព្វថៃ្ងនេះឯង ទើបកងទ័ពបារាំង (ឯកសារខ្លះថាកងទ័ពព័រទុយហ្កាល់) ដែលជាកងទ័ពរបស់ព្រះឧទ័យបានដេញតាមទៅទាន់ ហៀបនឹងធ្វើគត់។ ប៉ុន្តែព្រះអង្គបានស្រែកឃាត់ពួកកងទ័ពបរទេសទាំងនេះថា កុំទាន់អាលធ្វើគត់ទ្រង់។ ទ្រង់បានឡើងដើមត្នោត ហើយបានទ្រង់លិខិតបណ្តាំដល់បច្ឆាជន (ជនជំនាន់ក្រោយ) ដោយទ្រង់ចារជាកំណាព្យ នៅលើស្លឹកត្នោតនោះ។ កំណាព្យនោះសព្វថៃ្ង ត្រូវបានគេស្គាល់ថា កំណាព្យចារឰដ៏ចុងត្នោត (មុនពេលទ្រង់សុគត) ដែលមានខ្លឹមសារដូចតទៅនេះ ៖

សាធុសម្ទាយ  កុំបីរាយមាយ នឹងក្តីកាមា តែឱ្យវង្វេង ក្នុងវដ្តសង្សារ ស្លាប់ទៅកាលណា បានសោយតែទុក្ខ។ ហេតុតែក្សត្រី  នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់ បើបុរសផង ចង់ឆ្លងនរក  កុំធ្វើវីវក់ ដូចអញច្នេះណា។ ពីព្រោះកាមេ  ឥឡូវទាល់តែ ក្សិណក្ស័យមរណា សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា សូមអស់ទេវា ជួយជាទិព្វញ្ញាណ។ ទើបព្រះភូមិ-  ន្ទ្រាធិបតិន   ទ្រង់អធិដ្ឋាន ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន ជាព្រះពុទ្ធញ្ញាណ នាំសត្វទាំងឡាយ។  ឱ្យអ្នកទាំងពួង ជាទាហានហ្លួង នាំយកទៅថ្វាយ ព្រះបិតុលា (ពូ) ទ្រង់ជ្រាបអធិប្បាយ កុំទ្រង់រាយមាយ នឹងក្តីកាមេ ។

(ព្រះរាជពង្សាវតារ ទំព័រ ៣៩១-៣៩២)

លុះទ្រង់ចារបណ្តាំនេះចប់ ទ្រង់ក៏ស្រែកប្រាប់ទៅកងទ័ពទាំងនោះ ហើយក៏ត្រូវកងទ័ពបរទេសទាំងនោះបាញ់នឹងកាំភ្លើង ឯកសារខ្លះថាគ្រាប់កាំភ្លើងមាស ត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោតសោយទិវង្គត​ក្នុងព្រះជន្ម ២៩ ព្រះវស្សា។ ចំណែកព្រះនាងអង្គវត្តី ក៏ត្រូវកងទ័ពព្រះឧទ័យប្រហារនៅគ្រានោះដែរ។ គុណធម៌ គុណភាព គំនិតប្រាជ្ញា ផែនការក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញពីបច្ចាមិត្រ សុទ្ធតែត្រូវបរាជ័យនិងវិនាសសាបសូន្យទាំងអស់ បន្សល់ទុកនៅតែវិនាសកម្មនិងសោកនាដកម្មប៉ុណ្ណោះ។ ទាំងនេះជាមហន្តរាយដែលកើតចេញពីកំហុសក្នុងធម៌កាមេ ៕

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments