សេចក្ដី​រំឭក​ដាស់​តឿន​

ច្បាប់​ក្រមង៉ុយ
​អ្នក​ព្រះ​ភិរម្យ​ភាសា អ៊ូ ហៅ ង៉ុយ
បទ​ពាក្យ ៧

១–  អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ  លើក​ដៃ​ទាំង​គូប្រណម្យផ្ចង់  បង្គំ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ  ព្រះធម៌​ព្រះ​សង្ឃ​ប្រសើរ​សាយ ។  ព្រះ​គុណ​គ្រូ​ឧបជ្ឈាយាចារ្យ  មាតា​បិតា​បង្កើត​កាយ  បង្កើត​​ប្រាជ្ញា​ថ្លាវែងឆ្ងាយ  ខ្ញុំ​សូម​អធិប្បាយ​ចែក​ពាក្យ​ជូន ។  ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា  អតិកន្តា​រ​កន្លង​ធួន  ពីរ​ពាន់​បួនរយចិតសិបបួន  ចួនខែ​និង​ថ្ងៃ​គ្មាន​កន្លង ។  ដើម​ឆ្នាំ​មមែ​ក្នុង​ត្រីស័ក  ពិសាខ​ភ្លៀង​ធ្លាក់​កាត់​ទឹក​ម្តង  មួយ​រោច​ថ្ងៃ​សៅរ៍​កើត​សៅហ្មង  ឮ​ពាក្យ​អ្នក​ផង​ទាស់ទែង​គ្នា ។

៥–  មិន​បាន​កាប់​ចាក់​ដល់​បាក់​បែក  ថ្ងៃ​នេះ​ជជែក​ថ្ងៃ​ស្អែកជា  ចាក់​ដោតរាលរោល​ពោល​ពណ៌​នា  និន្ទាដៀលត្មះ​ចាស់​បូរាណ ។  ពួក​ចាស់​ដៀលត្មះ​អ្នក​ប្រាជ្ញ​ថ្មី  រឿង​ធម៌បាលីស្តី​ប្រមាណ  ប្រមាថ​ទៅ​មក​មិន​ឈប់ខាន  ហាមប្រាម​មិន​បាន​មិន​បាត់​មាត់ ។  ព្រះធម៌​ព្រះ​ពុទ្ធ​តែ​មួយ​អង្គ  លោក​សង្ឃបួស​រៀន​មាន​ដោយ​វត្ត  សង្ឃ​ខ្លះ​ចេះ​ស្ទើរ​មិន​ចាំ​ស្អាត់  ភ្លើៗសូត្រភ្លាត់​មិន​ត្រូវ​ខ្យល់ ។  គេ​ចាប់​ថា​ខុស​ប្រកាន់​ខឹង  មិន​ដឹងថា​ខ្លួន​រៀន​មិន​ដល់  មិន​ដែល​សួរគេ​ព្រោះ​មិន​ឆ្ងល់  សម្គាល់​ថា​ខ្លួន​ត្រូវ​មិន​ខុស ។  អ្នក​ប្រាជ្ញ​លោក​សូត្រចំបាលី  ថាគេធម៌​ថ្មី​ស្តី​បន្តុះ  បន្ទោស​ទៅ​មកឆ្លើយ​ឆ្លង​ឈ្លោះ  មិន​ព្រម​ចំណុះ​ខុស​ចំណាំ ។

១០– ចំណែក​ចំណេះ​ចេះ​រាល់​ខ្លួន  បារាជិកបួន​វិន័យ​ប្រាំ  មហា​វគ្គ​ចុល្ល​វគ្គ​អាទិកម្ម  ព្រះ​អង្គគ្មាន​ផ្តាំ​ឱ្យ​ឈ្លោះ​គ្នា ។  ផ្តាំ​ឱ្យ​តែ​កាន់​សិក្ខាបទ  អ្នក​បួស​រាល់​វត្ត​ត្រូវ​សាមគ្គា  ព្រះ​ពុទ្ធ​រូប​រាល់​វិហារ  វន្ទា​គោរព​រាល់​យប់​ថ្ងៃ ។  នមស្ការបង្គំធម៌បីបទ  សូត្រហាហបមាត់នឿយ​ជើង​ដៃ  មិន​ដឹង​ប្រាកដ​រតនត្រ័យ  មិន​ចេះ​សង្ស័យ​សួរ​អ្នក​ណា ។  អ្នក​ប្រាជ្ញ​លោក​សូត្រចំបាលី  ប្រែ​ចេញ​សេចក្តី​ឱ្យ​ពិស្តារ  អ្នក​ខ្លៅ​មិន​ស្តាប់​តាម​ពុទ្ធ​ដីកា  គេថា​ខ្លួន​ខុស​ប្រកាន់​ខឹង ។  ធម៌​សម្ពុទ្ធេ​សូត្រលាន់ៗ  ព្រះ​ពុទ្ធ​រយ​ពាន់​ខ្លះ​មិន​ដឹង  ជឿ​ជាក់​ថា​ចេះ​ចប់​ប៉ុណ្ណឹង  មិន​ប្រឹង​រៀន​ប្រែបកបរិយាយ ។

១៥– ចេះ​ហើយ​មិន​ដឹងថា​ខ្លួន​ខុស  មិន​ព្រម​ចំណុះ​អ្នក​ប្រាជ្ញប្រាយ  បាលីច្រឡំ​ពាក្យ​និ​ស្រាយ  នឹកស្តាយ​បែប​ចាស់​មិន​ផ្លាស់​ចេញ ។  គេថា​សូត្រធម៌​មិន​ចេះ​ប្រែ  បាន​បុណ្យ​ខ្លះ​ដែរ​តែ​មិន​ពេញ  បើ​ចេះ​ប្រែ​ផង​បាន​ចំណេញ  ខ្លួន​រឹតទន្ទេញតែ​បែប​ចាស់ ។  ចចេសទទឹងរឹងជជែក  ប្រកឹង​ប្រកែក​ប្រកួត​ម្នះ  ម្នៅៗស​ត្រូវ​នឹងធម៌​ព្រះ  ជាតិ​ក្រោយ​ក្រឡាស់ជាល្ងង់ខ្លៅ ។  មាន​កាល​ត្រឡប់​ជាគថ្លង់  មម៉េងមម៉ង់ឆ្កួតមួម៉ៅ  ពី​ព្រោះ​មិន​ស្តាប់​ប្រាជ្ញប្រដៅ  ហ្នឹង​ហៅ​ចេះ​ហើយ​មិន​ប្រសប់ ។  ប្រសិន​បើឱន​ខ្លួន​ខ្លប​ខ្លាច  អ្នក​ប្រាជ្ញ​កាលណា​លោក​នឹង​ស្អប់  ធម៌អាថ៌​អ្នក​ណា​នឹង​ចេះ​ចប់  កុំ​កាន់​ទម្លាប់​ទម្លោយ​ខ្លួន ។

២០– ទម្លាក់​ឱ្យ​ទាប​សុភាព​វ័យ  ព្រះ​សូត្រ​វិន័យ​ធំ​ជាង​ក្បួន  ព្រះ​អភិធម្មជាមាំបួន  នេះ​ហើយ​ប្រថួន​គួរ​រៀន​ទៀត ។  ពាក្យ​ពី​បូរាណ​ជា​ពាក្យ​ងាយ  ពាក្យ​ក្បួន​ទូលាយ​ស្រណុកជ្រៀត  ឯ​ពាក្យ​គម្ពីរ​ទីចង្អៀត  គួរ​ឆ្លៀតជ្រើសរកយក​ឱ្យ​បាន ។  ឱ្យ​បែក​គំនិត​គិត​ច្រើន​ផ្លូវ  មួយ​ខុស​មួយ​ត្រូវ​ជា​ពីរ​ស្ថាន  គេ​ប្រាប់​ថា​ខុស​គួរ​ឈប់ខាន  ឃើញ​ត្រូវ​ប៉ុន្មាន​ប្រមូល​យក ។  ព្រះ​ឱស្ឋ​ព្រះ​អង្គទ្រង់ទេសនា  អ្នក​ប្រាជ្ញចែងចារចងទុកមក  ព្រះ​សូត្រ​វិន័យ​លោក​លៃលក  ប្រែសព្ទសៀតស៊ក​ច្រើន​ប្រការ ។  ពាក្យ​ពិត​ប្រាកដ​បទបាលី  ប្រែ​ចេញ​សេចក្តី​ឃើញ​ពិស្តារ  គួរ​ស្តាប់​ឱ្យ​ស្តែង​សិនកុំថា  កុំអាងតម្រាតម្រាប់​ចាស់ ។

២៥– តម្រាយ​បូរាណ​យូរ​អង្វែង  មិន​លែងច្រឡំ​មាន​លើស​ខ្វះ  អ្នក​ប្រាជ្ញជំនុំ​ឃើញ​ខុស​ណាស់  ចោល​ខ្លះ​ទុក​ខ្លះ​ដោយ​ពិស្តារ ។  យ៉ាង​ធម៌«តិរោក»ពី​បូរាណ  មិន​ដឹងជា​បាន​ពី​គ្រូ​ណា  សូត្រលាយចម្រុះ​ខុស​អក្ខរា  មិន​បាន​ជាការ​ប្រយោជន៍​អ្វី ។  អ្នក​ប្រាជ្ញ​ឃើញ​ខុស​ច្រើន​អន្លើ  រុះរើ​រៀបចំ​ផ្សំបាលី  អ្នក​ខ្លៅ​ហៅ​ធម៌តិរោក​ថ្មី  សម្តី​បែប​ឡកចំអកខឹង ។  សង្ខេប​រឿង​សូទ្រធម៌​ត្រូវ​ខុស  កូន​ចៅ​ប្រុសៗ​គួរ​ខំ​ប្រឹង  ប្របរក​អ្នក​ប្រាជ្ញប្រិត​ឱ្យ​ដឹង  សម្លឹងអក្ខរា​ឱ្យ​ប្រាកដ ។  ប្រការ​មួយ​ទៀត​ចាស់​ជាន់​មុន  ធ្វើ​បុណ្យ​អភិសេក​បែក​ច្រើន​បទ  ច្រើន​បែប​រាប់អានគ្មាន​កំណត់  សន្មតថា​ធ្វើ​តាម​បូរាណ ។

៣០– អាចារ្យ​មួយ​ប៉ែកអភិសេកខ្ជិល  បង្វិលពពិលរំពេច​បាន  អាចារ្យ​មួយ​ថា​ធ្វើ​តាម​បាន  លំអានគម្ពីរ​បឋមត្រាស់ ។  ទេសទសជាតកចប់អភិសេក  ព្រឹក​ស្អែក​រៀបចំ​មធុបាយាស  មាន​មារ​លើក​ពលច្បាំងដេរដាស  ធ្វើ​ច្រាស​ត្រឡប់​ក្រោយ​ជា​មុន ។  បើ​ធ្វើ​ឱ្យ​ត្រូវ​តាម​សាស្រ្តា  នាង​នាថសុជាតាគេ​មាន​គុណ  ថ្វាយ​មធុបាយាស​ព្រះ​មាន​បុណ្យ  និមន្ត​ទៅ​ផ្សងបីដងត្រាស់ ។  ទេវតា​ផ្អើល​ចុះ​ពេញ​ផែនដី  គ្រប់ទិសប្រាំបីមីរដេរដាស  កក្រើកញាប់ញ័រ​ទាំង​អាកាស  អរ​ណាស់​ថ្វាយ​សព្ទសាធុការ ។  ហេតុ​នេះ​អ្នក​ចេះ​ចាំនិទាន  ធ្វើ​រោង​ធ្វើ​រានថ្វាយ​ទេវតា  អ្នក​ប្រាជ្ញ​ចេះ​ថ្មី​ស្រដីថា  អាចារ្យ​នាំ​ធ្វើ​ខាត​ប្រយោជន៍ ។

៣៥– អាកាស​ទេវតា​នៅ​ស្ថាន​ខ្ពស់  គេខ្ពើមជា​មនុស្ស​ក្លិន​អសោច  ឧស្សាហ៍​ដាក់​នំ​ឱ្យ​ហិចហោច  ចំណេញ​ស្រមោចចោមរោម​ស៊ី ។  អាចារ្យ​មួយ​ទៀត​ចេះ​រៀបចំ  ប្រណម្យសំពះ​ក្រុង​ពាលី  ព្រះ​ឥសូរ​ព្រះ​នារាយណ៍​មាន​ឫទ្ធី  ពេញ​ទី​ចោល​ត្រៃសរណគមន៍ ។  ចំណី​ចំណែក​ចែក​ដាក់​ពែ  ចំណេញ​បាន​ឆ្កែវា​ស៊ី​នំ  នាង​ហ៊ីងធរណីថាជា​ធំ  សូម​សុំ​ទឹក​ដីសាង​កុសល ។  អាចារ្យ​ជាន់​ចាស់​ដោះ​សង្ស័យ  ថារតនត្រ័យគេ​តម្កល់  តម្កើង​លើក​ឡើង​ជា​ដើម​ផល  ប្តឹង​ដល់​ទេវតា​ជា​សាក្សី ។  សសង្ខារិករឭកគុណ  ធ្វើ​បុណ្យ​អភិសេក​ព្រះ​ពុទ្ធ​ថ្មី  បូជាភ្ញីផ្កាស្លាបារី  គ្រប់ទិសប្រាំបីសឹង​ឱ្យ​មាន ។

៤០– អភិសេក​ព្រះ​ពុទ្ធ​តាំង​កសាង  តំណាង​ព្រះ​ពុទ្ធ​ដ៏​ទ្រង់ញាណ  រំឭក​ទេវតា​ជា​ប្រធាន  ប្រាថ្នា​និពា្វនស្ថានផុត​ទុក្ខ ។  ថាបើ​ទេវតា​ខ្ពើមចំណី  ស្អប់ស្លាបារី​មិន​ចង់​ជក់  បិសាចភ្លើៗ​មិន​លែងភ្លក់  អារុក្ខ​ទេវតា​មិន​លែងសោយ ។  នំនែកចំណីឆ្អែតស្កប់ស្កល់  សេសសល់​បាន​ប្រេត​គ្នា​ស៊ី​ក្រោយ  ស៊ី​គ្រាន់​រួច​រស់​ព្រោះ​គេ​ឱ្យ  បាន​ដោយ​មគ្គផល​កុសល​ដារ ។  លោក​សូត្រតិរោកតែ​រាល់​ព្រឹក  យំកិញ្ចិច្រូច​ទឹក​ថែមយថា  បញ្ជូន​អានិសង្ស​ដល់​ដូនតា  ប្រាថ្នា​ដូចម្តេច​ក៏​សឹង​បាន ។  ក្រែងដូនតាណា​ទៅ​ជាប្រេត  ឬ​មួយ​អណ្តែត​ជាតិ​រច្ឆាន  លើស​ខ្វះ​ប៉ុណ្ណោះ​ខុស​ប៉ុន្មាន  រាប់អាន​ទេវតា​ប្រាថ្នា​សុខ ។

៤៥– ថាបើ​ទេវតា​មិន​ព្រម​សោយ  កុំ​ឱ្យ​ខុស​ចុះ​នរក  នរូ​កើត​ភាន់ផុត​ក្នុង​ភក់  វីវក់​ក្នុង​វាលវដ្ត​សង្សារ ។  មិន​ដាច់​សង្ស័យ​ដូចអរហត្ត  លោក​កាត់​កាមគុណ​និង​តណ្ហា  ត្រង់​ភ្លឹង​មិន​ងាកពឹង​ទេវតា  ប្រាថ្នា​និញ្វនគ្មាន​ត្រឡប់ ។  ឃើញ​ឆ្លង​មិន​ផុតភព​ទាំង​បី  ធម៌អាថ៌បាលី​ចេះ​មិន​ចប់  មិន​ចោល​សីល៥កម្មបទ១០  រាវរៀប​ឱ្យ​សព្វ​កុំ​ឱ្យ​សល់ ។  សម្បត្តិសួគ៌សុខ​កើត​ពីទាន  ឈោងយកនិញ្វន​ឈាន​មិន​ដល់  មិន​ដើរ​ហួសសោ​តាម​គ្គផល  តម្កល់​និញ្វនទុក​ដោយ​ឡែក ។  នេះ​ចប់​ចម្លើយ​អ្នក​ប្រាជ្ញ​ចាស់  ប្រាជ្ញ​ថ្មី​ចង់​ឈ្នះ​ប្រឹង​ប្រកែក  ប្រាកដ​និញ្វនជាស្ថានឯក  ចំណែក​សោតា​ក្នុង​តែ​បាន ។

៥០– ជ្រះថ្លា​ធ្វើ​បុណ្យ​ក៏​ធ្វើ​ចុះ  ទានណាខាត​ខុស​ត្រូវ​ឱ្យ​ខាន  អារុក្ខអារក្ខកុំរាប់អាន  ជាស្ថាន​ទាប​ថោករក​ធ្វើ​អ្វី ។  សង្ខេប​រឿង​សូត្រធម៌​ត្រូវ​ខុស  កូន​ចៅ​ស្តាប់​ចុះ​ទាំង​ប្រុស​ស្រី  អ្នក​ប្រាជ្ញ​ពួក​ចាស់​និង​ពួក​ថ្មី  គប្បី​ចូល​ចិត្ត​ជឿ​ពួក​ណា ។  បើ​រឿង​សូត្រធម៌​អាថ៌បាលី  គួរ​ចូល​ប្រាជ្ញ​ថ្មី​ខំ​សិក្សា  ប្រយោគ​ប្រធាន​មាន​មាត្រា  រាជការ​បាន​ធី​ប្រឡង​ជាប់ ។  ប្រាជ្ញ​ចាស់​ជាន់​មុន​ធ្វើ​បុណ្យ​ទាន  ធ្វើ​រាន​ទេវតា​ដោយ​សារ​ធ្លាប់  អ្នក​ឆោតល្ងង់ខ្លៅ​គ្នា​ខ្លាច​ងាប់  អាចារ្យ​បង្គាប់​គ្នា​ធ្វើ​ទៅ ។  បើបែរជាខាន​មិន​បាន​សុខ  មិន​បាន​ធ្លាក់​ចុះ​នរកជ្រៅ  បើ​ធ្វើ​ទេវតា​មិន​ជ្រក​នៅ  ស្ថានគេសន្ធៅសន្ធឹងហោះ ។

៥៥– ហេតុ​នេះ​គួរ​គិត​គូរ​រំពឹង  ជញ្ជឹងកុំ​ឱ្យ​សល់​ចន្លោះ  ចាស់​មុន​មាន​គុណរាប់​មិន​អស់  មិន​ឱ្យ​ចោល​សោះ​ក៏​មិន​បាន ។  គួរ​គិត​ឱ្យ​សព្វ​គ្រប់អន្លើ  គួរ​ធ្វើ​ឬ​គួរ​បង្អង់ខាន  បើ​ធ្វើ​មិន​ខាតបង់ប៉ុន្មាន  បើខាន​ក៏​គ្មាន​ទោសទាស់​អ្វី ។  ប៉ុន្តែ​មិន​បាត់​ពាក្យ​ចាក់​ដោត  ដ្បិត​មនុស្ស​ច្រើន​ឆោត​ទាំង​ប្រុស​ស្រី  ពោល​ថា​ធ្វើ​បុណ្យ​តាម​ប្រាជ្ញ​ថ្មី  អាយុ​ថយខ្លី​ជាង​ដូនតា ។  ពាក្យ​នេះ​សង្ខេបស្លេះ​មួយ​ប៉ែក  មាន​ឈ្លោះ​ប្រកែក​ច្រើន​ប្រការ  មិន​ចាំ​ប្រាកដ​គម្ពីរ​ណា  ពោល​ថា​ទឹក​ដី​នេះ​គ្មាន​គុណ ។  អ្នក​ប្រាជ្ញ​នាំ​ឱ្យ​អ្នក​ខ្លៅឆ្ងល់  សាយសុសសួរ​ដល់​ពួក​អ្នក​មុន  អ្នក​មួយ​រេរារង់រែកពុន  មិន​ទាន់​ចូល​ស៊ុនស៊ប់ម្ខាងៗ ។

៦០– អ្នក​ក្រោយ​បណ្តោយសួរ​អ្នក​មុន  ថាដី​មាន​គុណប៉ុន្មាន​យ៉ាង  សម្គាល់​គោល​អ្វី​ជាតឹកតាង  មាន​រាង​ឃើញ​ក្នុង​គម្ពីរ​ណា ។  អ្នក​ម្ខាង​ថាអាងនគរកាយ  បរមត្ថ​អធិប្បាយ​ក្នុង​សាស្រ្តា  ធាតុ​ទឹក​តួ ន អង្គអក្ខរា  ជាគុណ​មាតា​ពីរ​ដណ្តប់ ។  ធាតុ​ទឹក​រំឭកពី សេម្ហំ  វកំ យកនំ រហូត​ចប់  ធាតុ​ដី កេសា មសំ សព្វ  បញ្ចប់ បិត្តំ គុណ​បិតា ។  អ្នក​ចេះ​បិដកឆ្លើយបីដង  ថា​នោះ​ជាកង​ពួក​កេសា  ហៅ​ធម៌អាចម៍នោម​ក៏​រអើម​រអា  អ្នក​ណារំឭកគ្មាន​ប្រយោជន៍ ។  អ្នក​មួយ​ថាភាវនាកុំឈប់  ជាទី​អសុភ​ផ្លូវ​អសោច  អសារឥតការ​ស្លាប់​ជាខ្មោច  គេដុតឆេះខ្លោចគ្មាន​ខ្លឹមសារ ។

៦៥– គួរ​គិត​កុំស្តាយកុំស្រណោះ  រូបរាង​ទាំង​អស់​ជាអនិច្ចា  អនិច្ចំ​មិន​ទៀង​ល្អៀងសង្ខារ  សង្ឃឹម​រូបា​នេះ​មិន​បាន ។  សរសៃ​រ​សាច់​ស្បែក​សង្វេគគ្រប់  ជាសាកអសុភកម្មដ្ឋាន  របស់​ខាង​ក្នុង​ទាំង​ប៉ុន្មាន  មុខ​ជា​មិន​ខានរលាយ​បាត់ ។  ទឹក​ដី​ខាង​ក្រៅ​ក៏​មាន​គុណ  ព្រោះ​ដី​កើត​មុន​ទើប​កើត​សត្វ  កើត​សព្វ​រូបកាយ​អធិប្បាយ​កាត់  លើក​លាត់លះឃ្លា​ឱ្យ​យ៉ាង​ខ្លី ។  គម្ពីរ​ត្រៃវេទ​ដើម​សាសនា  ត្រៃយុតត្រៃតាគ្រប់ជាបី  ព្រះ​ពុទ្ធ​ចេញ​សាងអាង​ទឹក​ដី  សន្សំបារមី​ក្នុង​ភទ្ទកប្ប ។  ភទ្ទកប្ប​នេះ​មាន​ព្រះ​ពុទ្ធ​៥  បាន​រៀន​ចេះ​ចាំជាសណ្តាប់  សម្ដែង​ថា​ចុះ​នរក​មួយ​កប្ប  លោក​ប្រាប់​ថាជេរ​ព្រោះ​ទឹក​ដី ។

៧០– អ្នក​ម្ខាង​ថាអាង​រៀន​សាស្រ្តា  ប្រែ​អស់​គាថាបទបាលី  ព្រះ​ពុទ្ធ​ទតគ្រប់ភព​ទាំង​បី  ត្រង់​គុណ​ទឹក​ដី​មិន​ឃើញ​មាន ។  កេសាអក្ខរា​ទាំង​៥គូ  មិន​គួរ​បើ​យកមក​សន្និដ្ឋាន  យើង​ចេះ​ដឹង​ដែរ​តែ​មិន​ហ៊ាន  ដូច​ពោល​បំពាន​ហួស​ពុទ្ធ​ដីកា ។  ពាក្យ​នេះ​អ្នក​ខ្លៅ​កើត​សង្ស័យ  សព្វ​ថ្ងៃ​នៅ​ក្នុង​ឧបេក្ខា  មិន​ទាន់​ដាច់សេ្រច​ទៅ​ខាង​ណា  មិន​ឃើញ​ពិស្តារ​ស្តាប់​មិន​បាន ។  ម្យ៉ាង​ទៀត​ប្រាជ្ញ​ថ្មី​ស្តីដៀលត្មះ  ចង្ហាន់​ថ្វាយ​ព្រះ​ថា​ឱ្យ​ខាន  ដ្បិត​ព្រះ​មិន​ឆាន់​នៅ​ពេញ​ចាន  របស់​ប៉ុន្មាន​បាន​អាចារ្យ ។  របៀបរាប់បាត្រ​មាន​កន្ទោង  មួយ​ឈោង​ពីរ​ឈោង​ហៅ​បាយដារ  បាយ​ដាក់​ហ្នឹង​តើ​ឱ្យ​អ្នក​ណា  អសារឥតការឥត​ប្រយោជន៍ ។

៧៥– ព្រះ​ពុទ្ធ​មិន​ឆាន់​មិន​ចេះ​ស្តី  យើង​អាងបាលី​ឧទ្ទិស​ដល់  តម្កើង​ចង្ហាន់​លើក​តម្កល់  សេសសល់​ប្រគេន​នេនសាមណេរ  សមណៈបួស​រៀន​មាន​សីលដប់  ប្រសប់​ប្រសើរ​គ្រាន់​បើ​ដែរ  បញ្ចូនមគ្គផល​ដល់​ឪម៉ែ  បង្វែរ​ឧទ្ទិស​តាម​ប្រាថ្នា ។  អ្នក​រេ​គំនិត​គិត​គៃកាញ់  ចូល​បទកំណាញ់​ក្រៅ​តម្រា  ទុក​ស៊ី​មាត់​ឯង​ឱ្យ​ឆ្ងាញ់​ពិសា  ខ្លាច​បាន​អាចារ្យ​ស៊ី​ខាតទុន ។  អ្នក​ម្ខាង​ថាអាង​ដាក់​ឱ្យ​ប្រេត  ដោយ​ហេតុ​គ្នា​ឃ្លាន​គ្នា​ហិនហោច  គ្នា​ស៊ី​ខ្ទុះឈាម​ក្លិន​អសោច  បិច​បោច​ចែក​ទាន​គ្នា​ស៊ី​ផង ។  ប្រេត​ត្រូវ​ជាញាតិធម៌តិរោក  គ្នា​បាន​ងើបមក​ព្រោះ​គេផ្សង  បាន​ស៊ី​ដោយ​សារដារ​ម្តងៗ  បាន​ដូច​បំណង​បំណាច់នឹក ។

៨០– ចង្ហាន់​ថ្វាយ​ព្រះ​ត្រូវ​បូជា  អាចារ្យ​វន្ទាសូត្ររំឭក  ព្រះ​ពុទ្ធ​មាន​គុណ​មុន​លោក​ភិក្ខុ៍  បាយ​ទឹក​ជាទាន​មាន​មគ្គផល ។  ម្យ៉ាង​ទៀត​ប្រាជ្ញ​ថ្មី​ស្រដី​ផ្តាច់  ថាពូនភ្នំខ្សាច់​មិន​បាន​បុណ្យ  ជីកដីលៀន​ភ្នែក​រែកតត្រុន  ដឹង​បាន​ជាគុណ​ប្រយោជន៍​អ្វី ។  នាំ​គ្នា​អុជធូប​ហែ​ទក្សិណ  អាចារ្យ​នោះ​ឆ្អិន​ខាង​បាលី  ហើយ​មាន​ចេះ​ធម៌បំបួសដី  មិន​ដឹងជាដីឆ្លើយថាម្តេច ។  អ្នក​មួយ​ថាពូនភ្នំខ្សាច់​ស្អាង  តំណាង​ចេតិយ​ព្រះ​សព៌េជ្ញ  ព្រះ​សាររីរឹក​ធាតុ​យើង​មិន​ភ្លេច  ដ្បិត​បុណ្យ​យើង​តិច​ទៅ​មិន​ដល់ ។  បើ​ធ្វើ​ដោយ​វាល​កណ្តាល​ថ្ងៃ  គង់​ជាប់​និស្ស័យ​បាន​កុសល  បើ​ដើម​ពោធិ៍​ពិត​រឹត​បាន​ផល  តម្កល់​ដើម​ពោធិ៍យកជាម្លប់ ។

៨៥– ពូនភ្នំតម្កើងពោធិ​ព្រឹក្ស  រឭក​ដល់​អង្គ​ព្រះ​ចមភព  ច្រាសក្តារ៤ផ្ទាំង​បង្ខាំង​ផ្ទប់  កុំ​ឱ្យ​កំពប់ហៀរហូរដី ។    បើ​ចេះ​រំឭក​បាន​បុណ្យ​ណាស់  ជឿ​ចុះ​ប្រាជ្ញ​ចាស់​កុំជឿ​ថ្មី  ប្រាជ្ញ​ចាស់​ក៏​ចេះ​ប្រែបាលី  បរ​លោក​លោកិយ​ក៏​ចាស់​ដឹង ។  ចាស់​ម្យ៉ាង​ចាស់​ពិត​គំនិត​ពាល  ចាក់​ដោតរោលរាល​នាំ​ក្មេង​ខឹង  ចាស់​ម្យ៉ាង​ផឹកស្រាក្លា​ស្រវឹង  ចាស់​ហ្នឹង​ហៅ​ក្មេង​ក៏​សឹង​បាន ។  ចាស់​ជាន់​ពី​មុន​ច្រើន​ខ្លាច​ច្បាប់  ធ្វើ​តាម​តម្រាប់​ចាស់​បូរាណ  បុរីនគរ​ធ្លាប់​រាប់អាន  តែខាន​ខ្លាច​ខុស​ក្បួន​តម្រា ។  ច្រើន​ជឿតម្រាប់​ក្បួន​លោកិយ  មាន​កូន​ប្រុស​ស្រី​ត្រូវ​រៀបការ  សម្លាប់​ជ្រូក​មាន់​ស៊ី​ហ៊ឺហា  ផឹកស្រាលៀន​ភ្នែក​ជជែក​ឈ្លោះ ។

៩០– បណ្តោយ​ឱ្យ​យក​គ្នា​ទទេ  មេបា​ធ្វើ​គេក្រែង​មិន​រស់  នាំ​កូន​សែន​ខ្មោចអសោច​ឈ្មោះ  ពី​ព្រោះ​មាន​ប្តី​មិន​រៀបការ ។  រៀបកិច្ចមង្គល​មាន​ច្រើន​យ៉ាង  ពួក​ចាស់​ច្រើន​អាង​ក្បួន​តម្រា  បើ​តាម​តម្រាយ​ព្រះ​សូត្រថា  មេ​បានាំ​កូន​ចុះ​នរក ។  បុត្តទារស្ស សង្គហោ  ហីនោ គាមោ ធម៌​អ្នក​ស្រុក  សង្រ្គោះ​កូន​ផុង​ទៅ​ក្នុង​ភក់  ហ្នឹង​ហៅ​អាពុកពន្លិច​កូន ។  បើ​ធ្វើ​មង្គល​ឱ្យ​រួច​បាប  រួច​ពៀរដរាប​អស់​តាដូន  មង្គល​យ៉ាង​ល្អ​បរិ​សុទ្ធ​សូន្យ  ប្រមូល​បងប្អូន​ស៊ី​ម្លូស្លា ។  ជ្រូក​មាន់កុំបាច់​សម្លាប់  តៃសាក​មាន​ស្រាប់​ទិញ​ពី​ផ្សារ  ផ្សំ​កូន​ប្រុស​ស្រី​តាម​មេបា  អាចារ្យ​ប្រមូល​អស់​ចាស់​ទុំ ។

៩៥– ប្រុស​ស្រី​អង្គុយ​កាន់​ពពិល  បង្វិលប្រាំបួនដណ្តប់ជុំ  ធ្វើ​កិច្ចមង្គល​ក្នុង​ជំនុំ  ផ្សំផ្គុំ​កូន​ប្រុស​និង​កូន​ស្រី ។  ចាស់ៗ​ធ្វើ​ច្រើន​ធ្វើ​ក្នុង​ឆោត  ចង់​ឱ្យ​គេកោតនា​លោកិយ  យើង​ធ្វើ​យ៉ាង​តិ​ច​​ក្រ​ឡេចខ្លី  បាន​ប្តី​ប្រពន្ធ​ដូចៗ​គ្នា ។  ហៅ​កូន​សង្រ្គោះ​ម្តាយ​អាពុក  រួច​ទោស​រួច​ទុក្ខ​អស់​មីងមា  អាពុកសង្រ្គោះគ្មាន​វេរា  អាវាហ៍វិវាហមង្គល ។  មិន​គួរ​បង្គាប់​ឱ្យ​កោរជុក  ហេតុ​ម្តាយ​អាពុក​នាំ​រវល់  អាចារ្យ​តែង​ក្បួន​ឱ្យ​អំពល់  ពន្យល់​អ្នក​ល្ងង់​ឱ្យ​បង់​ទ្រព្យ ។  អ្នក​ខ្ជិលគេជឿសីលមាំមួន  ពាក្យ​ក្បួន​តម្រាគេ​មិន​រាប់  គេថា​មិន​រស់​ពី​ព្រោះ​ធ្លាប់  មិន​ងាប់ពី​ព្រោះ​មិន​ធ្វើ​ធ្មេញ ។

១០០– យ៉ាង​ដូច​ចិន​យួន​នៅ​ដាក់​ផ្សារ  ស្រុក​ស្រែ​ចម្ការ​ក្រុង​ភ្នំពេញ  កើត​ឡើង​ដុះសក់​មិន​កោរ​វិញ  រវល់ដូរ​ទិញ​អង្គុយ​លក់ ។  ប៉ុន្តែ​ជាតិ​ចិន​ល្មោភ​ស៊ី​សាច់  តមដាច់​មិន​ដែល​ស៊ី​ព្រហក់  ខែ្មរៗ​ប្រហែល​ខ្វះម្ទេសជ្រក់  ទូល​ស្រូវ​កន្ទក់​ទៅ​ដូរ​ចិន ។  ហេតុ​តែជាខែ្មរសម្បុរ​ខ្មៅ  គំនិត​គិត​ឆៅ​មិន​សូវ​ឆ្អិន  រក​ស៊ី​មិន​ឆ្អែតជឿចែសិន  អាចឹកវាកិនទារទាល់​បាន ។ ១កើត​អស្សុជ​សម្លាប់​មាន់  ចម្អិនគ្រប់​គ្រាន់​ដួស​ដាក់​ចាន  រៀប​សែន​ព្រះ​ភូមិ​តាម​បូរាណ  ថាខាន​ខុស​ក្បួន​ប្រពៃណី ។  ហ្នឹង​ហៅ​ចាស់​ឆោត​នាំ​ក្មេង​ព្រើល  ហែកមាត់​មាន់​មើល​ចង្កា​ពីរ  អាដែង​ព្រះ​ភូមិ​មាន​ឈ្មោលញី  ថា​សែន​រក​ស៊ី​បាន​ផល​ស្រូវ ។

១០៥– មាន​ជូន​ដូនតា​ទៅ​ស្រុក​ប្រេត  បណ្តែតសំប៉ាន​ច្រាន​សំពៅ  សំពះអារក្ខជួរ​ខាង​ឪ  ខាង​ម៉ែ​ក៏​ត្រូវ​មិន​សូវ​ខុស ។  ថ្វាយ​ចេកថ្វាយ​ស្រាជា​រង្វាន់  ខ្មោច​ចូល​ជិះ​ជាន់​រូបស្រី​ប្រុស  កូន​ចៅអើយជឿ​ពុទ្ធ​ដីកា​ចុះ  រូប​ស្លាប់​ពី​ព្រោះ​តែផលកម្ម ។  រូបសុខ​ដោយ​សារតែ​ផល​បុណ្យ  កាល​ជាតិ​ពី​មុន​ខ្ជាប់​សីល៥  ជាតិ​នេះ​អាយុ​អង្វែងឆ្នាំ  កូន​ចៅ​អ្នក​ចាំជឿ​ឱ្យ​ជាក់ ។  ឱ្យ​ពិចារណា​ចិត្ត​ឯង  ស្តាប់ធម៌​ម្តងៗ​គួរ​ឱ្យ​ភ្ញាក់  កុំផ្ញើរូបកាយ​នឹង​អារក្ខ  ក្រែង​ធ្លាក់​ទៅ​ក្នុង​ចតុរាបាយ ។  បើ​ចង់​អាយុ​វែងយឺន​យូរ  គោរព​គុណ​គ្រូ​អាពុក​ម្តាយ  បើ​ចង់​រក​ស៊ី​សុខ​សប្បាយ  ផ្ញើកាយ​នឹង​គុណរតនត្រ័យ ។

១១០– នមស្ការបង្គំ​ពេល​ល្ងាច​ព្រឹក  ភាវនារំឭក​រាល់​យប់​ថ្ងៃ  កុំថាធម៌ណាថោកណា​ថ្លៃ  សង្ស័យ​ត្រូវ​សួររាជ​បណ្ឌិត ។  កុំ​ឱ្យ​មន្ទិលធម៌​ថ្មី​ចាស់  មួយ​ធម៌ក្រដាស​មួយធម៌​ស្លឹក​រឹត  រាជការជំនុំ​រួម​គំនិត  រិះ​គិត​តម្កើង​ព្រះ​សាសនា ។  តម្កល់​សីលប្រាំសីលប្រាំបី  ឱ្យ​មនុស្ស​ប្រុស​ស្រី​រួម​រក្សា  ផ្ទាត់ផ្ទៀង​ខ្លាច​ល្អៀង​ព្រះ​ពុទ្ធ​ដីកា  ពិនិត្យ​អក្ខរាយក​ត្រឹម​ត្រូវ ។  ជំនុំ​បោះ​ពុម្ព​ដាក់​ក្រដាស  ជាការ​រហ័ស​ធ្វើ​សៀវភៅ  ឱ្យ​មាន​សូត្រ​រៀន​ច្រើន​ត​ទៅ  ទុក​នៅ​ជា​កេរ្តិ៍​អង្វែងឆ្ងាយ ។  សព្វ​ថ្ងៃ​អ្នក​ខ្លៅស្អប់​អ្នក​ប្រាជ្ញ  ពោល​ខ្លាំង​គិត​ខ្លាច​ឮសុសសាយ  ថាធម៌​សៀវភៅ​ធម៌ក្លែង​ក្លាយ  អធិប្បាយ​ខ្សឹបៗតែ​គ្នា​ឯង ។

១១៥– ឱ្យ​ស្ងៀមពី​ថ្ងៃ​នេះ​ត​ទៅ  ឯធម៌​សៀវភៅ​ផែនដី​តែង  មិន​មាន​អ្នក​ប្រាជ្ញណា​ហ៊ាន​ក្លែង  ខ្លា​ចក្រែងរាជការ​ចាប់​ដាក់​គុក ។  គម្ពីរ​ស្លឹក​រឹត​ជាគំរូ  តម្កល់​ក្នុង​ទូ​ចាក់​សោទុក  គម្ពីរ​សៀវភៅ​ប្រើ​គ្រប់​មុខ  ទំនុកបម្រុង​ក្នុង​សាសនា ។  ចាស់ៗ​ជាន់​មុន​មាន​គំនិត  គម្ពីរ​ស្លឹក​រឹតជួលគេចារ  ពុំ​នោះ​ជាវគេ​ដោយ​ជ្រះថ្លា  ច្រើន​មាន​ប្រាជ្ញា​តិច​អ្នក​ចេះ ។  សង្ខេបបទ​បែប​រឿង​ប្រដៅ  ទូន្មាន​អ្នក​ខ្លៅឈប់ទុកស្លេះ  សុំ​កើត​អ្នក​ប្រាជ្ញ​មាន​តម្រិះ  កុំតិះដៀលត្មះ​ចាស់​ជាន់​មុន ។  កុំថា​ចាស់​ងងឹតល្ងង់ល្ងីល្ងើ  ក្រែងពារ​ទៅ​លើ​អ្នក​មាន​គុណ  កុំ​ពោល​ថា​ចាស់​ថយថោកធុន  ក្រែងស៊ុន​ទៅ​លើ​គ្រូ​អាត្មា ។

១២០– ដ្បិត​សិស្ស​និង​គ្រូ​មិន​អ្នក​ក្រៅ  ជាក្មួយ​ជាចៅជាជីតា  ជា​សាច់​ខាង​មាតា​ឬ​បិតា  ជាកម្ម​វាចា​ខ្លះ​ជាបង ។  ខ្លះ​ត្រូវ​ជា​ធំ​ខ្លះ​ត្រូវ​ជាមា  ជា​គ្រូ​ឧបជ្ឈាយ៍បំបួស​ផង  ប្រដៅ​សព្វ​ថ្ងៃ​វាយ​ម្តងៗ  ព្រោះ​លោក​បំណង​ចង់​ឱ្យ​ចេះ ។  ដល់​ខ្លួន​រៀន​ចាំ​ជាក់​បាលី  ឡើង​ពាក្យ​សម្ដីអាងតម្រិះ  តម្រូវ​ខាង​ណោះ​ខុស​ខាង​ណេះ  ដៀលតិះថា​គ្រូ​ខ្លួន​ឯង​ល្ងង់ ។  លោក​គ្រូ​មិន​ដឹង​ប្រឹង​តែអរ  ខំផ្ញើ​អង្ករ​បាវការុង  ស្ករក្អមស្ករស្រាក់លាក់​មិន​គង់  ចង់​ផ្ញើពូជពង្សល្បី​កេរ្តិ៍​ឈ្មោះ ។  ខ្លួន​ចេះ​បន្តិច​កំប៉ិច​ឡើង  ចចើងចចេសជជែក​ឈ្លោះ  ចេះ​កប់ពពកយកកម្ពស់  បន្តុះបន្ទន់គុណ​ទាប​ទៅ ។

១២៥– បើ​ចិត្ត​ចង់​ធំ​កុំចចើង  គួរ​លើក​តម្កើងគុណទុក​នៅ  ទោស​នោះ​ធ្លាក់​ចុះ​នរកជ្រៅ  ម្នៅៗ​ឱ្យ​បាបពី​ព្រោះ​មាត់ ។  ព្រោះ​មាន​និទាន​ពុទ្ធ​ឃោសា  អាង​ចេះ​សាស្រ្តាគម្ពីរ​ស្ទាត់  ថា​ចេះ​លើស​គ្រូៗបំភ្លាត់  បំប្លេង​កម្ចាត់​ឱ្យ​ទណ្ឌកម្ម ។  ប្រដូចនិទានតែប៉ុណ្ណេះ  អស់​លោក​ក៏​ចេះ​បាន​រៀន​ចាំ  ផ្តួច​ផ្តើម​មួយ​ឃ្លាជា​ពាក្យ​ផ្តាំ  ដូច​មាន​ចំណាំចំណោទចួន ។  ទំនុក​បូរាណ​មាន​ប្រាជ្ញា  ចេះ​ចែង​បញ្ហា​សាស្រ្តា​ក្បួន  ទុក​ឱ្យ​អ្នក​ក្រោយ​ដោះសំនួន  បើ​គិត​ឱ្យ​មួន​គួរ​មាន​ភ័យ ។  ចំណោទថា​សត្វ​បរោខោ  អង្គុយ​មែកឈើ​ស៊ី​ផ្លែជ្រៃ  បុរស​ខុស​ជ្រុលគ្មាន​លក់​ព្នៃ  បង់​គោក្របី​ទាំង​មេ​កូន ។

១៣០– បុរស​ម្នាក់​ទៀត​ឡើង​ដើម​ឈើ  បេះផ្លែ​ខាង​លើ​ចែក​បងប្អូន  ស៊ី​ឆ្អែត​បន្តិច​​ភ្លេច​គល់សូន្យ  បុរស​ម្នាក់​បាន​កូន​ភ្លេច​គុណ​ម្តាយ ។  ចំណោទទីបី​ចំណែក​នេះ  គួរ​រិះ​ឱ្យ​ជិត​កុំ​គិត​ឆ្ងាយ  កុំឆ្ងល់​និង​ពាក្យ​ពោល​អធិប្បាយ  ប្រឹង​គិត​ដោះ​ស្រាយ​​ប្រាជ្ញា​ស្រាប់ ។  និយាយ​ដើម​គ្រូ​ដោយ​កំបាំង  មាន​ខ្សឹប​មាន​ខ្លាំង​ពោល​បង្អាប់  បង្អើល​ឱ្យ​អ្នក​ដទៃ​ស្តាប់  បង្អន់ដូចកាប់គាស់ឫសគល់ ។  ស៊ី​ផ្លែ​ឆ្ងាញ់​ផ្អែម​តាម​ទុំ​ខ្ចី  ឫសលិច​ក្នុង​ដី​មើល​មិន​យល់  មិន​យកដី​ចាក់​កប់គុណទល់  អំពល់​ឱ្យ​បាប​អំពី​មាត់ ។  ពី​មុន​កាល​កើត​មាន​រូបកាយ  អ្នក​ម្តាយ​ចិញ្ចឹម​បាន​ធំ​ធាត់  នាំ​យក​ទៅ​ទុក​ឱ្យ​នៅ​វត្ត  រៀន​ចេះ​ចាំស្ទាត់បំភ្លាត់គុណ ។

១៣៥– ភ្លេច​គោក្របី​ទាំង​មេ​កូន  សាបសូន្យ​កុសល​ដែល​មាន​មុន  សាង​ក្រោយ​សាង​ឱ្យ​តែខាតទុន  ពី​ព្រោះ​បាបស៊ុនស៊យពី​ចិត្ត ។  ពិចារណា​គួរ​តែកោត​ខ្លាច  ខ្លួន​បាន​ជាប្រាជ្ញ​ព្រោះ​គ្រូ​ប្រិត  ប្រឹង​ប្រៀន​ប្រដៅ​ច្បាប់​ក្រមក្រឹត្យ  អាណិត​ដល់​គុណធ្ងន់អនេក ។  អនាគត​កាល​ទៅ​មុខ  ចូរចាំចងទុក​ដល់​ស្អែកៗ  កុំស្អប់​ចាស់​ថ្មី​ស្តី​ដោយ​ឡែក  មើល​ចែក​ចាត់​ចិត្ត​ថ្លឹង​ឱ្យ​ស្មើ ។  ធ្វើ​បុណ្យ​ដោយ​ស្មោះកុំរើស្មគ្រ  បាលីបីថ្នាក់​ចាំ​ហើយ​តើ  មនោសេដ្ឋំ​ចិត្ត​ប្រសើរ  ប្រសប់​គ្រាន់​បើ​ធ្វើ​បុណ្យ​បាន ។  ប្រាជ្ញ​ថ្មី​ធ្វើ​តិច​ធ្វើ​តាម​ចុះ  កុំថាគេ​ខុស​ហើយ​ឈប់ខាន  ប្រាជ្ញ​ចាស់​ច្រើន​ធ្វើ​តាម​បូរាណ  ច្រើន​លើស​ប៉ុន្មាន​បាន​ដោយ​បទ ។

១៤០– កុំ​ធ្វើ​ដោយ​រាប់អាន​ស្រឡាញ់  ទុកជាកំណាញ់ហួស​កំណត់  កំណើត​មគ្គផលជឿ​ប្រាកដ  សន្មតថា​បាន​ច្រើន​ប្រការ ។  កុំ​ធ្វើ​ប្រកាន់​ដោយ​យល់​មុខ  ហៅ​​បុគ្គលិក​ទានគ្មាន​ផលា  តាំង​ចិត្ត​ចុះ​ផ្លូវ​ឧបេក្ខា  រក្សា​រូបសុខ​ដល់​សួគ៌នាយ ។  សួគ៌​នេះ​បើ​ចង់​ឱ្យ​ឆាប់​ដល់  សាងមគ្គសាងផលកុំរាយមាយ  ឃើញ​គេ​ខុស​ចិត្ត​កុំ​មើល​ងាយ  កុំ​ពោល​និយាយ​កាន់​ម្ខាងៗ ។  អ្នក​ប្រាជ្ញ​ចេះ​ថ្មី​ត្រូវ​ដោយ​ឡែក  ចំណែក​ប្រាជ្ញ​ចាស់​ត្រូវ​ដោយ​យ៉ាង  កាន់​យក​ទាំង​ពីរ​ជាទី​អាង  សន្សំខំសាង​នឹង​បាន​សុខ ។  ពី​ថ្ងៃ​នេះ​ទៅ​នៅ​ឱ្យ​នឹង  ស្ងៀមមាត់​ឱ្យ​ឈឹង​ខ្លាច​នរក  ពី​ព្រោះ​ឈ្លោះ​គ្នា​រៀង​រាល់​ស្រុក  បឹង​ថ្លុកត្រពាំងរាំងប្រេះដី ។

១៤៥– មិន​ឈ្លោះ​ពី​រឿង​កេរ្តិ៍​រឿង​កោះ  ឬ​ទ្រព្យ​របស់​គោក្របី  នេះ​ឈ្លោះ​ពីធម៌​ចាស់ធម៌​ថ្មី  ក្តៅ​ចិត្ត​កើត​ក្តីរក​ចាញ់​ឈ្នះ ។  បើក្តីពីស្រែពី​ចម្ការ  ចៅក្រម​សាលា​ងាយ​ជម្រះ  នេះ​ក្តីពីធម៌​ថ្មីធម៌​ចាស់  នោះ​ក្រែងតែ​ព្រះ​ទើប​កាត់​បាន ។  ចៅក្រម​សព្វ​ថ្ងៃ​ឧបាសក  ចេះ​ខ្ទេចបិដក​ព្រះ​កម្មដ្ឋាន  កាត់​ក្តី​ត្រូវ​ច្បាប់​អម្បាលម៉ាន  អ្នក​ក្តី​មិន​ខានប្តឹងឧទ្ធរណ៍ ។  អាដែង​មនុស្ស​ម្នះរឹងចចេស  បាន​តែនិរទេស​ក្រៅ​នគរ  តែទុកវា​នៅ​វា​នាំ​វរ  ជំហរ​តែរឹងទទឹង​ច្បាប់ ។  សង្ខេប​បែប​បទ​រឿង​ប្រដៅ  អ្នក​ងងឹតល្ងង់ខ្លៅ​គួរ​តែ​ស្តាប់  អ្នក​ចេះ​សូត្រធម៌​មិន​ស្តាប់​សព្ទ  គួរ​ត្រាប់​អ្នក​ប្រាជ្ញ​ចេះ​បាលី ។

១៥០– ធ្វើ​បុណ្យ​ធ្វើ​ទានកុំ​ចោល​ចាស់  ចោល​ចេញ​ទុក​ខ្លះ​ក្បួន​លោកិយ  សូត្រ​រៀន​តាម​បែប​អ្នក​ប្រាជ្ញ​ថ្មី  កុំបី​ភ្លេច​គុណ​ចាស់​បូរាណ ។  ធម៌អាថ៌ច្រឡំកុំច្រឡោត  ពាក្យ​ពោល​ចាក់​ដោត​ឱ្យ​ឈប់ខាន  រួម​ចិត្ត​សះសា​បាន​សុខសាន្ត  នឹង​ឱ្យ​រុង​រឿង​រីក​សាសនា ។  កុំ​ឱ្យ​រៀវរោយរឹតរងកម្ម  រាំងរឹង​រាល់​ឆ្នាំ​៥​វស្សា  វសន្ត​រដូវ​ត្រូវ​មនុស្ស​ថា  រំជួល​ទេវតា​ក្តៅក្រហាយ ។  មនុស្ស​ភូតកុហកឆក់ឆបោក  ឆ្នាំ​នេះ​ស្រូវ​ថោក​រាស្រ្ត​អត់បាយ  ក្រ​លុយ​ក្រកាក់ខ្វះ​ប្រាក់​ចាយ  មហា​ជន​ទាំង​ឡាយ​កើត​វេទនា  ភិរម្យ​ខ្ញុំ​បាទ​ដើម​ឈ្មោះ​អ៊ូ  ពូជពង្សអម្បូរខែ្មរ​អ្នក​ជា  អាពុក​ឈ្មោះ អ៊ុក មាន​សក្តិ​ងារ  ចៅពញាធម្មធារាមេ​ស្រុក ។

១៥៥– ក្នុង​ខេត្ត​ភ្នំពេញ ឃុំកំបូល  ពូជពង្ស​ត្រកូល​ម្ចាស់​អង្គប៉ុក  ជីតា​ខាង​ម្តាយ​ឈ្មោះ​ពញា​ម៉ុក  គាត់​ធ្វើ​មេ​ស្រុក​ឃុំ​ស្ពាន​ថ្ម ។  អ្នក​ម្តាយ​អាពុកបងប្អូន​ជិត  ជីទួត​មួយ​ពិត​ពូជ​ចិត្ត​ល្អ  ដូនតាផ្សំផ្គុំជាតំណ  បង្ក​កើត​មកជា​ខ្ញុំ​បាទ ។  ពូជ​ខាង​អាពុក​មាន​ប្រាជ្ញា  ច្រើន​ចេះ​សាស្រ្តាចាំ​ក្បួន​ខ្នាត  ត្រកូល​ខាង​ម្តាយ​ប្រាជ្ញា​ឆ្លាត  រូបរាង​ច្រើន​ស្អាត​គ្មាន​គេស្អប់ ។  ខ្ញុំ​ឮ​មនុស្ស​ឈ្លោះ​ពីធម៌អាថ៌  គិត​ក្រែង​សាសនា​ប្រែ​ត្រឡប់  ខ្ញុំ​ចាប់​អធិប្បាយ​ពុំសាយ​សព្វ  សន្មតថាចប់ម្ល៉េះ​ឯង​ហោង  ៕៚     

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments