បណ្ឌិតម៉ឺន មៃ
បទភុជង្គលីលា
(១) នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី ។ កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្ណកយក្សា ។ នាងវិមលាជាមាតា បើកបន្ទូលថា ហៃកូនពិសី ។ នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ ។
(៥) ទៅឋានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី ។ ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឱ្យស្វាមី អាក់អន់ចិន្ដា ។ នាងអើយគម្ដែងក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ ។ ហៃកូនស្រីស្ងួនមាសម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ។ ក្រមួយមិនបានសម្ដី ពាក្យទន់តិចន័យ ឱ្យញាតិចូលចិត្ត ។
(១០) ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ។ ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់ ។ កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន ។ កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ដ ពីព្រោះកូនស្រី ។ ទោះនឹងនិយាយស្រដី ការកេរ្តិ៍ជាស្រី កុំស្ដីឡេះឡោះ ។
(១៥) ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំលោះ សសៀរចូលជិត ។ សើចព្រៀងបញ្ឆៀងមិនគិត ប្រុសព្រើលបានចិត្ត វាហ៊ានដោយសារ ។ ហៅស្រីអប្រីយ៍ឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន ។ សើរើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់ ។ ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកឱ្យប្រុស ។
(២០) ហៅស្រីអប្រីយ៍ទុយ៌ស មិនខ្លាចខ្លួនខុស មារយាទក្រឹត្យក្រម ។ ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី ។ មិនកោតមិនខ្លាចចិត្តប្ដី ឱ្យប្រុសដទៃ មាក់ងាយប្ដីណា ។ ហៅស្រីឥតលក្ខណា ឥតមានកិរិយា មារយាទពុំសម ។ ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឱ្យហើយ ។
(២៥) កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា ។ ទោះធ្វើហូលគោមព្រែផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ ។ ធ្វើឱ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឱ្យដើរ លេងផ្ទះគេណា ។ ឱស្ងួនខ្លឹមខ្លួនរក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ ។ មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត ។
(៣០) ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត យំទារតែឆី ។ រឹងព្រួយទាំងមួយទាំងពីរ រកបានឱ្យឆី ទើបបានបាត់មាត់ ។ ទោះកាន់ការធ្វើឱ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ ។ កុំទុកក្នុងស្មុគស្មូញនៅ ក្រែងដល់យូរទៅ ខាតខូចអសារ ។ ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា កុំភ្លេចស្មារតី ។
(៣៥) ចូររករៀនយកច្បាប់ស្រី ឱ្យកោតខ្លាចប្ដី គម្ដែងក្រឡា ។ ធ្វើវត្តប្រតិបត្តិសោតណា ឱ្យនាងរក្សា ភ្នក់ភ្លើងទាំងបី ឱ្យកាត់ឱ្យគង់ប្រក្រតី សព្វថ្ងៃកុំបី ភ្លេចផ្លុំឱ្យឆេះ ។ ក្រែងរាលដួលដាលព្រាយប្រេះ កើតក្ដៅរលេះ រលាយអស់អង្គ ។ ភ្លើងក្រៅកុំនាំទៅក្នុង ឱ្យឆេះបំផ្លុង រឹងផ្លុំបង្កាត់ ។
(៤០) ភ្លើងក្នុងមិនប្រុងប្រយត្ន នាំមកបង្កាត់ ឱ្យឆេះឯក្រៅ ។ អុជអាលបណ្ដាលឱ្យក្ដៅ ដាលដល់កូនចៅ អសោចអប្រីយ៍ ។ ឱ្យនាងខំប្រឹងស្មារតី មើលភ្លើងទាំងបី រក្សាឱ្យគង់ ។ ភ្លើងនោះឱ្យគុណពុំលង់ នឹងឱ្យឧត្ដុង ឧត្ដមកន្លង ។ កើតយសរបស់ទ្រព្យផង បរិបូរឥតហ្មង ប្រសើរក្ដាត់ណា ។
(៤៥) ភ្លើងមួយនោះឱ្យរក្សា គឺគុណមាតា បិតាស្ងួនគ្រង ។ ឱ្យនាងធ្វើដោយគន្លង ប្រណិប័តន៍កុំឆ្គង នឹងម្ដាយឪពុក ។ ឱ្យខំថែទាំញ៉ិកញ៉ក់ ចំណីចំណុក ចំណង់អាត្មា ។ កុំឃ្លានទុកឆីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី ។ ពាក្យពេចន៍ការកិច្ចអ្វីៗ អត់ឱនកុំបី ឱ្យអាក់ចិន្ដា ។
(៥០) ភ្លើងមួយគម្ដែងក្រឡា គឺប្ដីអាត្មា ឋិនថេររួមរក្ស . ឱ្យនាងប្រណិប័តន៍ជឿជាក់ កុំធ្វើឱ្យអាក់ ឱ្យអន់ចិត្តប្ដី ។ អត់ឱនខ្លាចខ្លួនជាស្រី កុំឱ្យស្រដី ទុកគេជាស្មើ ។ ទោះកើតហេតុភេទសារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់ ។ ទោះប្ដីស្រដីពុំគាប់ ពុំគួរឱ្យប្រាប់ បានដឹងដល់ម្ដាយ ។
(៥៥) កើតខឹងរែងរឹងខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់ប្ដី ។ មិនក្សាន្តបែកបានពីប្ដី កើតជាសម្ដី សួរចុះសួរឡើង ។ ពុំស្ងាត់ស្ងៀមមាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់ ។ តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឱ្យបាត់ ឱ្យបានទីសុខ ។ ជជែកស្ទើរបែកទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ ។
(៦០) នេះហៅភ្លក់ភ្លើងទាំងបី ម្ដាយផ្ដាំកូនស្រី ឱ្យខំរក្សា ។ នាងអើយគម្ដែងក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី ។ ឱ្យអត់សង្កត់ហឫទ័យ កូនកុំស្រដីដើមប្ដីកំបាំង ។ កុំជេរកុំចេញជាខ្មា៓ង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ ។ ល្ងង់ខ្សោយប្រើឱ្យនិយាយ ណែនាំលេងលាយ ឱ្យស្រួលវាចា ។
(៦៥) ទោះប្ដីស្រដីម្ដេចម្ដា ខេខឹងជេរថា បោះពាក្យទម្ងន់ ។ ក្រោធក្រេវឆុរឆេវមិនអន់ មិនអាក់ស្រោកស្រន់ ដោយចិត្តគ្នាន់ក្នាញ់ ។ រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ដ្បិតទាស់នឹងចិត្ត ។ ឱ្យកូនស្រីស្ងួនខំអត់ ឱ្យបានរលត់ រលាយកំហឹង ។ កុំកូនកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នកជាស្វាមី ។
(៧០) ខេខឹងក្រញឹងសម្ដី មិនគិតខ្លួនស្រី ស្រដីទ្រគោះ ។ ប្រកែកស្ដីពាក្យគំរោះ គំរាមបញ្ជោះ បញ្ជោរឱ្យខឹង ។ រឹងរូសមើលមុខសម្លឹង សម្លក់ទៅរឹង ចចើងចង់ឈ្លោះ ។ រឹងឆ្លងឆ្លើយពាក្យបញ្ជោះ បំបែកជាឈ្លោះ បំបែរពុំទៀង ។ ជេរថាឆ្កែឆ្មាបំព្រាង ដៀលត្មះបញ្ឆៀង បញ្ឈឺចិត្តប្ដី ។
(៧៥) បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត ។ មិនស្រួលទទួលបាត់មាត់ ម្នះម្នេញក្នុងចិត្ត ឱ្យបានប្ដីចាញ់ ។ ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យសឆ្ងាយ ។ ហៃកូនស្រីស្ងួនមាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ ។ ទោះបីបើប្ដីនាងជេរ នាងចូរទៅឯ ដំណេកគិតសិន ។
(៨០) ចេញមកនាងយកពាក្យទន់ ស្រដីឱ្យអន់ ស្រាយទោសនោះទៅ ។ ទោះបីបើប្ដីប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា ។ ពាក្យពេចន៍កុំភ្លេចឡើយណា ក្រែងឆ្គងម្ដេចម្ដា ដ្បិតបានផ្ដាំស្រាប់ ។ ព្រោះឯងមិនក្រែងមិនសាប់ ពាក្យគេបង្គាប់ បង្កើតតែឈ្លោះ ។ ឥតសុខអាក្រក់តែឈ្មោះ ឮគេប្រឈ្លោះ មិនចេះហៅល្ហែ ។
(៨៥) នេះពុំរាប់ជាស្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង ។ ឱ្យមាត់បង្គ្របប្ដីផង ឱ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ ។ គឺមោះនាងនោះមិនប្រើ មិនបើកឱ្យដើរ បញ្ចើឱ្យទេ ។ ទោះបីប្ដីប្រើមាសមេ កុំកូនចំអែ ចំអៀកមិនទៅ ។ ឆ្ងាយជិតកុំគិតរង់នៅ ក្រោកក្រេសដើរទៅ កុំឱ្យប្ដីជេរ ។
(៩០) កុំទៅនៅយូរផ្ទះគេ រវល់ទំនេរ រវៀសមកណា ។ ហៃកូនខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង ។ មិនថាដ្បិតល្អរូបរាង មិនរើសដ្បិតជាង ចេះការទាំងគ្រប់ ។ មិនបានស្គាល់ទីគោរព ស្គាល់តែឧបទ្រព ទាំងដប់ប្រការ ។ ហៅតែនឹងល្អរូបា ពិតហើយចេះការ គួរកោតដោយយ៉ាង ។
(៩៥) មួយរូបល្អសសន្លាង ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ ។ ល្អពិតគំនិតមិនផេះ ទោះខ្មៅក្ងេះ ការសោតសមគួរ ។ គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា ។ នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី ។ ហៃកូនស្រីស្ងួនពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ ។
(១០០) កាន់ក្បាលប្ដីហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ ។ លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ ។ កន្លងជើងប្ដីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី ។ ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាលអប្រីយ៍ កើតព្យាធិរោគា ។ ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង ។
(១០៥) ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសុស ។ ទុកស្មើគេអុជចន្លុះ ឱ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ ។ ស្រីមួយសើចលេងក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី ។ ស្មើសត្វចចាតបក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា ។ ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឱ្យខ្នងទៅប្ដី ។
(១១០) ទុកស្មើពស់ក្រាយអប្រីយ៍ ឡើងផ្ទះឥតបី ឥតបើគណនា ។ ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែងឆ្ងាយ ។ ស្រីមួយសក់វែងអន្លាយ រំសុសរម្សាយ សក់សោតរេរា ។ នៅមាត់អណ្ដូងមាត់ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក ។ ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ ។
(១១៥) ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រឹថពីសន្ធឹក ។ សំពត់ដាច់ដាចមិននឹក ដើរឮគគឹក ស្មើសូររន្ទះ ។ ញ៉ាំញ៉ើដំណើររលះ ដាក់ជើងលើផ្ទះ គគ្រាំគគ្រេង ។ កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ ។ ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក ។
(១២០) ពុំចេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង ។ ទ្រព្យនោះរលស់ចេញឯង ចង្រៃទាស់ទែង ធ្វើឱ្យអន្តរាយ ។ ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្ដាប់ ។ កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ ។ ឱ្យចៀសអស់ទាំងនេះណា ឱ្យរៀនលក្ខណា ទាំងប្រាំពីរផង ។
(១២៥) គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា ។ មួយមាតុមួយមិត្តភរិយា ភាតុភរិយាជា ទាសភរិយាផង ។ ទាំងបួនប្រសើរឥតហ្មង គួរឱ្យចាំចង ទុកក្នុងអង្គា ។ រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ ។ ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៍ឱ្យប្ដី ។
(១៣០) បានថ្កើងរុងរឿងឮល្បី មិនឱ្យអាប់ប្ដី ឱ្យបានសក្តិយស ។ មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីឱ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង ។ ចេះរៀបរណ្ដាប់តាក់តែង ចំណីផងស្វែង រកមកឱ្យប្ដី ។ មួយបើប្ដីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ ។ រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្ដីឱ្យជា ។
(១៣៥) រីឯហៅភាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង ។ នោះមានចរិតពីរផង ដូចប្អូននិងបង ចិត្តមូលមួយប្រាណ ។ មួយធ្វើឱ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា ។ មួយទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្ដី ។ ពុំត្រូវអាស្រូវអប្រីយ៍ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ ។
(១៤០) ទោះបីបើប្ដីមានទុក្ខ គិតឱ្យបានសុខ យកខ្លួនធានា ។ មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ ។ បីដូចកលមិត្តសម្លាញ់ មានចិត្តអស់អញ មិនឱ្យមានហ្មង ។ បីដូចកលប្អូននិងបង ប្រាសយូរលង់ហោង ទើបមកចួបគ្នា ។ មានចិត្តប្រតិពទ្ធមហិមា ដ្បិតបានចួបគ្នា មិនឱ្យមានហ្មង ។
(១៤៥) មួយមានមារយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ ។ រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី ។ ចរិតប្រាំបីប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ ។ ប្រុងចិត្តការគិតខ្មាសគេ មិនឱ្យប្ដីជេរ បន្ទោសខ្លួនបាន ។ ទោះខឹងប្ដីក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់ ។
(១៥០) មួយទោះប្ដីនោះកាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង ។ មិនហ៊ានឆ្លើយឈ្លោះរំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ ។ មួយចេះប្រដាប់រៀបបាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ ។ អត់ចាំទម្រាំប្ដីមក ចួបជុំទើបយក បរិភោគផងគ្នា ។ នេះឯងហៅទាសភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់ ។
(១៥៥) បើអស់ស្រីណាបានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ ។ លុះអស់អាយុក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ ។ នឹងបានក្សេមក្សាន្តពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកាយា ។ រីឯប្រពន្ធពុំជា ពេជ្ឈឃាដភរិយា ចរិតមានបួន ។ កុំឱ្យយកទុក្ខក្នុងខ្លួន ឱ្យចៀសចេញចួន កើតកម្មវេរា ។
(១៦០) មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឱ្យប្ដី ។ ប្រទូស្តរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ ។ ឆ្លើយឆ្លងសួរសងបណ្ដើរ ចង់ឈ្លោះឱ្យស្មើ ឱ្យលើសប្ដីវិញ ។ មួយមិនចង់ធ្វើបំពេញ បង្គាប់ប្ដីវិញ ឱ្យថ្កើងខ្លួនឯង ។ អាងចេះដៀលតិះពុំក្រែង ឱ្យប្ដីស្ដាប់ឯង ដោយចិត្តអន្ធពាល ។
(១៦៥) មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោរពេញមុខប្ដី ។ មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រីយ៍ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុសទៀត ។ គិតកាប់សម្លាប់បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា ។ រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ ។ មួយមិនខ្លាចប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត ។
(១៧០) មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ ប្ដីសួរបីម៉ាត់ ពុំស្រដីផង ។ មួយប្ដីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់ ។ មួយមិនចង់ឱ្យប្ដីគាប់ មិនចង់ប្រដាប់ ឱ្យប្ដីថ្កុំថ្កើង ។ មួយទោះនឹងស្រដីឡើង ពាក្យធំចចើង ចចេសនឹងប្ដី ។ មួយទោះប្ដីលោះខ្ញុំស្រី វាបម្រើប្ដី មិនឱ្យអាក់អន់ ។
(១៧៥) ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រចណ្ឌ ជេរថានាយអាយ ។ មួយដ្បិតប្ដីមានសាហាយ ហួរហែកសុសសាយ ឱ្យប្ដីអាស្រូវ ។ រីចោរភរិយានោះកូវ ចរិតពុំត្រូវ មានបីប្រការ ។ មួយចង់ចាយទ្រព្យប្ដីណា ឱ្យខូចអសារ មិនគង់ជាល្អ ។ មួយប្ដីឃ្មាតខ្មីខំរក៍ របស់បានមក៍ មិនថែទាំទុក ។ ១៨០- លួចឱ្យទៅម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា ។ មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់ ។ ដេកលេងចំខែងអស់កល លុះប្ដីគេយល់ ពុតធ្វើជាឈឺ ។ ទទូរដេកថ្ងូរហ៊ឺៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់ ។ នេះហៅប្រពន្ធពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ ។
(១៨៥) លុះអស់អាយុក្ស័យក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក ។ តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ ។ ហេតុអកុសលនេះហើយ ដ្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង ។ ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរាងមិនរង ខុសនឹងច្បាប់ស្រី ។ មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា ។
(១៩០) មាក់ងាយមួយនោះឯងណា ដ្បិតប្ដីពិការ មិនបានមួនមាំ ។ ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់ ។ មើលប្ដីឱ្យជាឆាប់ឆុត ខឹងវិញមិនអត់ បន់ឱ្យប្ដីស្លាប់ ។ មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរកោះគាប់ ស្មើនឹងអាត្មា ។ ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់ ។
(១៩៥) មាក់ងាយដ្បិតប្ដីអាប់យស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ ។ ឆ្មើងខ្លួនឱ្យប្ដីបម្រើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស ។ មាក់ងាយមួយដ្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ ។ ដៀលត្មះពុំចេះអាសូរ សម្ដីខ្មោះខ្មួរ មិនក្រែងប៉ុនសក់ ។ មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស ។
(២០០) កន្ទ្រលរាងរលក្រអុះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង ។ ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម ។ មាក់ងាយមួយប្ដីមិនខំ ធ្វើការលេលាំ ឡែឡដើរលេង ។ ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា ។ មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែលតោ ។
(២០៥) ពាក្យក្អេងរាំច្រៀងឡោៗ ឱ្យឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ ។ ឮមាត់ប្ដីហើយខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្តក្នាញ់ ។ មាក់ងាយមួយទៀតនោះមិញ ដ្បិតប្ដីស្រឡាញ់ លលូកប្រឡែង ។ មួលបិចចាក់ចុចជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ ។ ដ្បិតតែយល់គេស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ ។
(២១០) ធ្វើក្នាញ់បែរចេញព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា ។ ពុំបានក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គម្រប់ប្រាំពីរ ។ កូនអើយនេះហើយច្បាប់ស្រី ឱ្យកូនពិសី រករៀនរក្សា ។ យកទុកក្នុងអង្គអាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី ។ ប្រសើរទាំងនាលោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា ។ ទោះចិត្តគន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូរណ៍ ។
(២១៥) ដូចចិត្តឆុតឆាប់ពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង ។ កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា ។ ច្បាប់នេះឧត្តមថ្លៃថ្លា ទោះស្រីឯណា ឮហើយមានភព្វ ។ ជាល្អកម្របានស្ដាប់ ស្ដាប់ហើយចូរចាប់ ចូរចាំគ្រប់គ្នា ។ បានដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច ។
(២២០) ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យពិតកាព្យកិច្ច បរិបូរណ៍ប្រពៃ ។ ប្រាជ្ញាប្រែរីឯនាមនៃ ខ្ញុំឈ្មោះម៉ឺន មៃ មែនមានសទ្ធា ។ មានចិត្តកួចគិតកាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល ។ សច្ចាប្រាថ្នាមគ្គផល ផុរផុសយោបល់ លេចលើកទុកនៅ ។ ទោះបីសេចក្ដីខុសត្រូវ សូមទានតម្រូវ តម្រង់ឱ្យផង ។ ២២៥- កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា ។ សម្រាប់ជាច្បាប់មាត្រា សូរេចបការា បរិបូរណ៍ចែងចប់ ៕៚