ច្បាប់ព្រះបន្ទូលចែង

នានាកាព្យ

បទ​កាក​គតិ

ទើប​ចែង​ជា​ច្បាប់ ទូន្មាន​មហា​គាប់ តែង​ជា​និទាន តាម​ដោយ​គន្លង ព្រេង​ព្រឹទ្ធ​បុរាណ ប្រាជ្ញ​លោក​និទាន ប្រដៅ​បុត្រ​ភ្ងា។ ហៃ​កូន​ពន្លក ស្ងួន​អើយ​បា​យក បណ្ដាំ​បិតា ជី​ពុក​នេះ​ចាស់ ឥត​អ្វី​ឱ្យ​បា ស្ងួន​អើយ​រក្សា ពាក្យ​ជីពុក​នៅ។ ឱ​កូន​កម្សត់ រៀន​ឱន​រៀន​អត់ រៀន​គិត​ក្នុង​ក្រៅ រៀន​ឱន​លំទោន កុំ​ឱ្យ​អា​សៅ – ហ្មង​ដល់​ខ្លួន​ចៅ កើត​ដល់​ជនក។ ដឹង​ឆ្ងើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ដ្បិត​តែ​អា​ពុក ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​រៀប​ដាក់​ទុក ប្រះ​ដេក​ឆាប់​លក់ ដ្បិត​ឥត​បើ​គិត។ ចំណង​ទាំង​ឡាយ(១) កិច្ច​កល​ដោះ​ស្រាយ ដ្បិត​តែ​គំនិត ដឹង​កិច្ច​ដឹង​កល ដឹង​ឆ្ងាយ​ដឹង​ជិត ដូច​កល់​កាំបិត កាប់​ឆ្ការ​ទម្លាយ។  ល្មម​ទៅ​ល្មម​ខាន ល្មម​ដើរ​បំពាន កុំ​គិត​ត្រង់​ឆ្ងាយ ល្មម​ឈប់​បង្អង់ ល្មម​ខាន​នៅ​អាយ ក្ដី​ក្រ​កុំ​ស្ដាយ ក្ដី​ងាយ​កុំ​ធ្វេស។ សូវ​ដើរ​កុំ​ដេក សូវ​ថប់​កុំ​ត្រេក សេចក្ដី​ប្រហែស សូវ​ខាន​កុំ​ពារ ចចើង​ចចេស សូវ​ចូល​កុំ​ចៀស វាស​រួច​សឹម​គូរ។ លឿន​កុំ​បំបោល ពាក្យ​ព្រេង​កុំ​ចោល ខឹង​កុំ​រទូ ស្រាយ​ចេញ​ឱ្យ​ឆាប់ កុំ​ឱ្យ​ទុក​យូរ សេចក្ដី​នោះ​ធូរ នឹង​ដឹង​ខុសត្រូវ។ ដេក​កុំ​ដំងើច គេ​ក្រ​កុំ​សើច គេ​ភ័យ​កុំ​ព្យូហ៍ ទោះ​ខឹង​ប៉ុន្មាន ធ្វើ​ឋាន​ឱ្យ​គួរ តឹង​គិត​ឱ្យ​ធូរ យូរ​គិត​ឱ្យ​ឆាប់។ សេចក្ដី​សម្រុង ពាក្យ​ដើម​ពាក្យ​ចុង ប្រកាន់​ឱ្យ​ខ្ជាប់ សូវ​នឿយ​ឯ​ខ្លួន កុំ​ឱ្យ​បង់​ទ្រព្យ សូវ​បង់​ក្ដី​គាប់ កុំ​ឱ្យ​ខ្លួន​ស្លាប់។ សូវ​ស្លាប់​ទៅ​ជា កុំ​បង់​ធម្មា ឥរិយា​សីល​គាប់ ឱ្យ​គិត​ជញ្ជឹង រំពឹង​ឱ្យ​សព្វ ពាក្យ​ស្លែង​កុំ​ស្អប់ ពាក្យ​គាប់​ឱ្យ​យក។ ចង់​ដូង​ឱ្យ​ទុក្ខ(២) ចង់​បាន​ក្ដី​សុខ ឱ្យ​ស្វែង​ដើរ​រក ឃើញ​ច្បាប់​ធម៌​ផង ឱ្យ​យក​ខ្លួន​ជ្រក ក្ដី​សោក​មម៉ោក ឱ្យ​ចៀស​ចេញ​ឆ្ងាយ។ កូន​អើយ​លោកិយ នេះ​ឱ្យ​រៀន​ក្ដី រៀន​ច្បាប់​ទាំង​ឡាយ រៀន​ទាំង​សម្ដី កុំ​បី​រាយ​មាយ ក្ដី​ក្រ​ក្ដី​ងាយ ក្ដី​គួរ​ក្ដី​សម។ ឱ​កូន​ពុំ​ងា ធម្មតា​អ្នក​ជា រៀន​ថែ​រៀន​ទាំ រៀន​ដាក់​រៀន​ទុក រៀន​រៀប​រៀន​ចំ រៀន​រក​សន្សំ លក់​ចេញ​ទិញ​ចូល។ មួយ​សោត​ឯ​ច្បាប់ បើ​បា​មាន​ទ្រព្យ មនុស្ស​ផង​មក​មូល ពឹង​ពាក់​បាណា បា​យក​ប្រមូល សន្សំ​ផ្សំ​ចូល យក​មក​ជា​គ្នា។

កូន​អើយ​ឯ​ម្លប់ មនុស្ស​ចូល​ឈប់ សម្រាន្ត​អាត្មា ព្រោះ​ឈើ​មាន​ម្លប់ ត្រសុំ​សាខា ម្ដេច​ឡើយ​ប្រែ​ជា ក្ដៅ​ជ្រក​ពុំ​បាន។ មនុស្ស​ផង​រំលង រក​ម្លប់​ទៀត​ហោង ចូល​ចត​សម្រាន្ត ម្លប់​នេះ​ត្រជាក់ ត្រសាក់​ក្សេមក្សាន្ត មនុស្ស​ផង​ចូល​ថ្កាន មិន​មាន​ហៅ​អាក់។ ឧបមា​ដូច​ទឹក ជ្រាល​ជ្រៅ​ពន្លឹក ជា​ទី​សម្នាក់ មច្ឆា​ទាំង​ឡាយ ចេញ​ចូល​ពឹង​ពាក់ ព្រោះ​ទឹក​ត្រជាក់ មិន​មាន​ហ្មង​សៅ។ ពុំ​ដឹង​ឡើយ​ឯ ទឹក​ម្ដេច​មក​បែរ ប្រែ​ទៅ​ជា​ក្ដៅ មច្ឆា​ទាំង​ឡាយ ព្រាត់​ព្រាយ​រត់​ទៅ រក​ទឹក​ទៀត​នៅ សម្នាក់​អាត្មា។ កូន​អើយ​បើ​ច្នោះ អសារ​កេរ្តិ៍​ឈ្មោះ ត្រូវ​ត្រង់​ខ្លួន​បា ព្រៀង​លាន​ទាំង​ឡាយ គេ​នឹង​និន្ទា ដំណៀល​ដៀល​ថា បា​ឯង​ពុំ​ចេះ។ អប្ប​ឥត​ប្រាជ្ញា អប្ប​ទាំង​ឥរិយា យោបល់​ចំណេះ អប្ប​ទាំង​មារយាទ អប្ប​ទាំង​តម្រិះ ដ្បិត​បា​ឯង​នេះ ពុំ​ចេះ​រក្សា។ គួរ​នា​ដូច​ទឹក កូន​អើយ​បើ​ល្គឹក ពុំ​មាន​មច្ឆា តូច​មួយ​ឈប់​ជ្រក នៅ​ក្នុង​គង្គា ពុំ​រាប់​ហៅ​ជា ប្រសើរ​ឡើយ​ហោង។ មួយ​សោត​អ្នក​ណា គេ​មក​ប្រាប់​ថា ដ្បិត​បា​ធ្វើ​ឆ្គង បា​គិត​ជញ្ជឹង រំពឹង​ដើម​ទង កុំ​បា​ផ្ដោះ​ផ្ដង ផ្អៀង​ផ្អង​ពុំ​ស្ដាប់។ ទូក​ហួស​កំពង់ រា​ចែវ​បង្អង់ ថយ​មក​ចូល​ចាប់ ពាក្យ​លឿន​ហួស​ខ្នាត ហៅ​ឥត​គំនាប់ ថយ​មក​រក​គាប់ ពុំ​បាន​ឡើយ​ណា។ អង្គុយ​ហួស​សក្ដិ ស្រដី​ហួស​ថ្នាក់ បង់​បោយ​ហួស​ស្មា ពុំ​មើល​ប្រមាណ នឹង​ប្រាណ​អាត្មា ហា​ហួស​ចង្កា ថា​ហួស​សេចក្ដី។ រី​ឯ​កង្កែប មុខ​ដូច​គេ​ពេប ហា​ឡើង​ស្រដី អួត​ឯង​កម្លាំង ដល់​នឹង​ដំរី ទោះ​ទាំង​រាជ​សីហ៍ ក៏​អញ​មិន​ខ្លាច។ មួយ​សោត​ចចក ដក​ក្រចក​អក(៣) អួត​អាង​អំណាច នឹង​ជ្រែក​ប្រឹថពី ទៅ​ខាំ​នាគ​រាជ ដណ្ដើម​យក​រាជ្យ ភូមិ​ភព​នា​គា។ រី​សត្វ​អណ្ដើក វារ​ឡើង​វើកៗ មក​អួត​អាត្មា ថា​អញ​នឹង​លោត រំលង​បព្វតា ហេតុ​ក្ដី​មោហា ពុំ​ដឹង​ខុស​គាប់។ រី​ឯ​គីង្គក់ លោត​ឡើង​ពី​ភក់ មើល​ទៅ​គួរ​ស្អប់ អួត​ខ្លួន​ថា​ល្អ ដូច​មាស​ទឹក​ដប់ ពង្ស​អញ​ចំប្រប់(៤) ដូច​រាជ​សីហា។ ហា​ឡើង​មិន​ធ្យាន ស្ដី​មិន​ប្រមាណ នឹង​អង្គ​អាត្មា សូវ​ឱន​កុំ​ងើប សូវ​ស្ងៀម​កុំ​ថា សូវ​គេច​កុំ​ការ សូវ​កាប់​កុំ​ធ្វេស។

ឱ​កូន​ពន្លក ច្បាប់​នេះ​បា​យក ស្ងួន​កុំ​ប្រហែស ច្បាប់​នេះ​ប្រសើរ ហៅ​មហា​ពិសេស កូន​អើយ​កុំ​ធ្វេស នឹង​ច្បាប់​នេះ​នេះ​ណា។ មួយ​សោយ​ឯ​ល្បែង សប្បាយ​ចង់​លេង នឹង​មាន​ភរិយា នឹង​កើត​ទុក្ខ​ក្រោយ នឹង​បង់​ទ្រព្យា នឹង​កើត​និន្ទា បង់​មារយាទ​គាប់។ សប្បាយ​ធ្វើ​ស្រែ ចម្ការ​ជួញ​ប្រែ នោះ​មាន​គេ​រាប់ សប្បាយ​មាន​ឆី សប្បាយ​មាន​ទ្រព្យ សប្បាយ​នោះ​គាប់ សប្បាយ​យឺន​យូរ។ មួយ​សោត​ឯ​ស្រី ចេះ​លើក​យស​ប្ដី ចេះ​គិត​ចេះ​គូរ ចេះ​រៀប​ចេះ​ចំ ឱ្យ​សម​នឹង​គួរ អ្នក​ផង​នឹង​សួរ រក​ឈ្មោះ​ពុំ​ខាន។ នាង​នោះ​ឈ្មោះ​អ្វី មុខ​មាត់​ប្រិម​ប្រិយ សម​ជា​អ្នក​មាន ម៉្លោះ​ហើយ​នឹង​កើត ទ្រព្យ​ធន​មិន​ខាន ព្រោះ​ពាក្យ​សន្ដាន ព្រៀង​លាន​គេ​ទាយ។

 រី​ឯ​ពាក្យ​មនុស្ស ពុំ​ដែល​នឹង​ខុស ហួស​ពី​ទំនាយ ពុំ​ដែល​នឹង​ល្អៀង មិន​ជិត​មិន​ឆ្ងាយ អ្នក​ផង​ទាំង​ឡាយ គួរ​គិត​កុំ​ឆ្ងល់។ ពាក្យ​ព្រេង​លោក​ថា លោក​មាន​ឧបមា ឱ្យ​គិត​ឱ្យ​យល់ ពាក្យ​លោក​ទំនឹម មិន​មាន​ឱ្យ​សល់ កូន​អើយ​កុំ​ឆ្ងល់ នឹង​ពាក្យ​នេះ​ណា។ កុំ​អួត​កុំ​អាង​ ដើរ​កុំ​មើល​រាង មើល​អង្គ​អាត្មា កុំ​ដើរ​ផ្ទះ​គេ ហួស​ពេល​វេលា កុំ​ទៅ​ធានា ទ្រព្យ​គេ​ទាំង​ឡាយ។ កុំ​ដេក​ផ្កាប់​មុខ កុំ​ដើរ​ពាន​ថ្លុក ថា​ឯង​សប្បាយ មាន​ទោស​នឹង​គេ កុំ​ឱ្យ​និយាយ ដើម​គេ​ទាំង​ឡាយ នឹង​កើត​ទោស​ធំ។ ខ្លួន​ទាប​កុំ​តោង ដៃ​ខ្លី​កុំ​ឈោង ប្រវា​ឱប​ភ្នំ ចាស់​កោង​កាន់​ច្រត់ អួត​អាង​ប្រគំ ក្ងួ​អួត​ផ្លុំ ប៉ី​ពក​យក​ខ្យល់។ ខ្វាក់​ឆ្លុះ​កញ្ចក់ ដក​ក​ក្ងក់ ហាក់​ឯង​មើល​យល់ ខ្វិន​អួត​នឹង​ផ្លោះ រំលង​លើ​គល់ ទំពែក​រក​កល ចង់​បាន​ប្រេង​លាប។ ក្ងែង​ចង់​រាំ ក្រោក​ឡើង​ទន្ទាំ កែងកោង​អាប​ឡាប ថ្លង់​ចង់​ស្ដាប់​ច្រៀង ផ្អង​ផ្អៀង​ទន្ទាប ​ចែ​តូច​ខ្លួន​ទាប ចង់​ឈោង​ចាប់​ផ្កាយ។ កូន​អើយ​ចូរ​ស្ដាប់ ពាក្យ​នេះ​មហា​គាប់ គ្រប់​ទ្វារ​​ទាំង​ឡាយ បា​គិត​ជញ្ជឹង រំពឹង​ឱ្យ​ឆ្ងាយ កុំ​ធ្វើ​រាយ​មាយ នឹង​ច្បាប់​នេះ​ណា។ មួយ​សោត​គេ​ប្រាប់ ថា​បា​ពុំ​គាប់​ ទោស​ដល់​អាត្មា កុំ​បា​ភ្លឹក​ភ្លាំង ស្លន់ស្លាំង​កាយា ប្រុង​ប្រាណ​ឥរិយា ស្មារតី​ឱ្យ​នឹង។ រិះ​រក​គំនិត ផ្ជុំ​យោបល់​គិត ទង់​ទាញ​សន្ធឹង ប្រាជ្ញា​មួយ​គិត ថា​ឡើង​ឱ្យ​ដឹង តម្រិះ​មួយ​វឹង ធ្វើ​ហាក់​មិន​ភ្លឹក។

កូន​អើយលោក​ថា ពាក្យ​លោក​ឧបមា ដូច​គុជ​សីហ៍​សឹក កាំ​ភ្លើង​ជ័យ​ធំ ពុំ​ដែល​នឹង​ភ្លឹក ជញ្ជួច​គគឹក គគុក​បោល​ចូល។ ធម្មតា​អ្នក​ជា អ្នក​មាន​ប្រាជ្ញា សន្ដាន​ត្រកូល ឱ្យ​គិត​ឱ្យ​ដឹង រំពឹង​ឱ្យ​មូល ប្រាជ្ញា​មួយ​ចូល ចង​ចាំ​ទុក​នៅ។ កុំ​អួត​កុំ​អាង កុំ​ភូត​បំព្រាង កុំ​ឱ្យ​ចែ​ចូវ កុំ​កាច់​កុំ​កិន រអីរ​រអូវ កុំ​នាំ​ពាក្យ​ទៅ ប្រាប់​ឱ្យ​កើត​ទោស។ កុំ​វេះ​កុំ​វៀន កុំ​បៀត​កុំ​បៀន កុំ​ស្ដី​តោស​ម៉ោស គ្នា​បាន​ជា​ខុស ឱ្យ​មាន​សន្ដោស កុំ​ហា​ឱ្យ​ហួស ជ្រួស​ពាក្យ​ទៅ​មុន ចូល​សឹក​កុំ​ញោច ជំពាក់​កុំ​បោច ខ្ជិល​កុំ​ចង​ពន្ធ នឹង​គ្រូ​អាត្មា កុំ​ឱ្យ​លោភ​លន់ សេចក្ដី​ទម្ងន់ សន្សឹម​កុំ​បោល។ កុំ​អួត​កម្លាំង កុំ​អាង​ខ្លួន​ខ្លាំង រត់​នឹង​ស្រមោល កុំ​អាង​ខ្លួន​ធំ កុំ​ងាយ​ពាក្យ​ពោល ពាក្យ​ព្រេង​កុំ​ចោល កុំ​ថ្កោល​ទោស​ សង្ឃ។ កុំ​ចោល​ផ្លូវ​វៀច កុំ​អាង​អំណាច ដើរ​កាត់​តម្រង់ ក្រែង​បង់​ឥរិយា សក្តា​ពុំ​គង់ លោក​ហៅ​ថា​ល្ងង់ អប្ប​ឥត​ប្រាថ្នា។

កូន​អើយ​ចូរ​ស្ដាប់ ពាក្យ​នេះ​មហា​គាប់ មាន​មិត្រ​ស្នេហា ឱ្យ​មើល​មារយាទ មើល​សព្វ​ឥរិយា ឱ្យ​ដឹង​ជាក់​ជា កាច​ឬ​វៀច​ត្រង់។ ឱ្យ​សម​ឱ្យ​សួន ឱ្យ​ល្មម​នឹង​ខ្លួន ឱ្យ​ចួន​នឹង​អង្គ សឹម​យក​ជា​មិត្រ ស្និទ្ធ​ស្នេហ៍​ដ៏​លង់ ទៅ​មក​តម្រង់ ចេញ​ចូល​ឆី​ចុក។ មិត្រ​មួយ​សោត​ណា​ ទៅ​មក​កាន់​គ្នា ចង់​ឱ្យ​កើត​សុខ មិត្រ​មួយ​ឱ្យ​ទោស ចង់​ឱ្យ​កើត​ទុក្ខ មិត្រ​មួយ​ឱ្យ​ឆុក ឱ្យ​បាត់​បង់​ទ្រព្យ។ ឱ​កូន​ពិសី កូន​ប្រុស​កូន​ស្រី​ កូន​អើយ​បា​ស្ដាប់ ទំនឹម​ទំនង គន្លង​ផ្លូវ​ច្បាប់ ទុក​ជា​សណ្ដាប់ នៃ​នរជន​ជាតិ។ មួយ​សោត​លោក​ថា ឫក​ក្នុង​អាត្មា មាន​បីពុំ​ឃ្លាត មួយ​ឆី​មួយ​ដេក មួយ​ដើរ​ជា​ខ្នាត ឆី​ឥត​មារយាទ ពុំ​ត្រូវ​សណ្ដាប់។ ដើរ​ឥត​បើ​គិត ដើរ​ឥត​គំនិត ហៅ​ខុស​នឹង​ច្បាប់ ដេក​ដល់​ថ្ងៃ​រះ ហៅ​ឥត​គំនាប់ ចង្រៃ​អភព្វ នឹង​ជាប់​អាត្មា។ នឹង​ស្វែង​រក​ទ្រព្យ ចង្រៃ​អភព្វ មិន​ឱ្យ​ជំនា ឱ្យ​កើត​តែ​ទោស នឹង​បង់​ទ្រព្យា នឹង​រក​ភរិយា ហាក់​ដូច​គេ​ណាយ។ ព្រោះ​ក្ដី​អភព្វ ចង្រៃ​អព- មង្គល​ទាំង​ឡាយ ចូល​ក្នុង​អាត្មា មិន​មាន​ទៅ​ឆ្ងាយ ជ្រួត​ជ្រាប​ក្នុង​កាយ ក្នុង​អង្គ​អាត្មា។ ទោះ​ប្រុស​ទោះ​ស្រី បើ​មាន​ឫកបី ដូច​ច្បាប់​លោក​ថា ឫក​ដើរ​ឫក​ដេក ឫក​ឆី​អាហារ ជា​អ្នក​រក្សា ឥរិយា​មារយាទ។ ខ្លាច​មេ​ខ្លាច​បា ទោះ​បី​ធ្វើ​ការ មិន​មាន​ឱ្យ​ឃ្លាត ទោះ​បី​នឹង​លើក នឹង​លេង​មាន​ខ្នាត ជា​អ្នក​សង្វាត ខ្មី​ឃ្មាត​ធ្វើ​ការ អ្នក​ផង​ទាំង​ឡាយ ទោះ​ជិត​ទោះ​ឆ្ងាយ គេ​យក​ឥរិយា គេ​យក​ចំណេះ ជា​អ្នក​សៀម​សា គេ​ចង់​បាន​បា ចង​ពន្ធ​ជា​ញាតិ។ មាន​ខ្សត់​ពុំ​គិត យក​តែ​គំនិត ឥរិយា​មារយាទ យក​តែ​របៀប រៀប​ចំ​ជា​ខ្នាត ឧស្សាហ៍​សង្វាត រក្សា​ទ្រព្យា។ រី​ម្ដាយ​អា​ពុក នឹង​បាន​លើក​មុខ ដោយ​កូន​ពុំ​ងា ទាំង​អស់​បង​ប្អូន ជីដូន​ជីតា ម្ដាយ​មីង​នូវ​មា សឹង​ស្រួល​ចូល​ចិត្ត។ ដ្បិត​កូន​សុភាព ជា​អ្នក​រាប​ទាប ​ត្រូវ​នឹង​គំនិត គ្រប់​អស់​បង​ប្អូន ទោះ​ឆ្ងាយ​ទោះ​ជិត សរសើរ​គំនិត​បា​នេះ​ឯង​ណា។

កូន​អើយ​ចូរ​ស្ដាប់ ចូរ​ចាំ​ឱ្យ​ខ្ជាប់ ទុក​នៅ​អាត្មា ទំនឹម​ទំនង គន្លង​ឧបមា ព្រះ​ពុទ្ធ​ទេសនា ទូន្មាន​សត្វ​ហោង។

ចប់​ច្បាប់​ព្រះ​បន្ទូល​ចែង​តែ​ប៉ុណ្ណេះ

ច្បាប់​ខ្លះ​ថា ចំណេះ​ទាំង​ឡាយ។

ច្បាប់​ខ្លះ​ថា ចង់​មាន​ឲ្យ​ទុក។

ច្បាប់​ខ្លះ​ថា ដក​ក​ក្រងក់។

ច្បាប់​ខ្លះ​ថា វាង​អញ​ចំប្រប់ 

ប្រភព ​៖ ទស្សនាវដ្ដី​កម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ១ គ.ស. ១៩៤៥ ព.ស. ២៤៨៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments