ល្បើក​ប្រេត

នានាកាព្យ
ដោយ សុង ស៊ីវ
ពាក្យ ៤ បទកាកគតិក្លាយ

ក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ គម្ពីរបេតវត្ថុ សម្ដែងអំពីប្រេត ១២ ពួក កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា

(១)  ឥ.ស្វា.សុ.សូម  បង្គំរួបរួម  ចំពោះរត្នបី  ព្រះពុទ្ធព្រះធម៌  ព្រះសង្ឃចាស់ខ្ចី  សូមមានសួស្ដី  សព្វគ្រប់ប្រការ ។  ឥតោបរំ  ទើបខ្ញុំផ្ដើមតាំង  ចាប់លើកសាស្ត្រា  បេតវត្ថុ  បាលីភាសា  ហើយកាន់ប៉ាកកា  ចារចួនជាខ្មែរ ។  មុនអភិប្រាយ  សូមញាតិទាំងឡាយ  អ្នកក្រុងអ្នកស្រែ  បើបានជ្រាបរឿង  ប្រេតនេះខំកែ  គំនិតឱ្យប្រែ  បែរចាកកំហុស ។  ប្រេតមានច្រើនក្រុម  មានតូចមានធំ  មានស្រីមានប្រុស  គ្រប់សាស្ត្រទាំងអស់  លាយឡំចម្រុះ  កើតតាមកំហុស  ដែលខ្លួនបានធ្វើ ។ 

(៥)  ប្រេតខ្លះដើរបាន  ដើរសព្វភូមិឋាន  ស្រុកក្រោមស្រុកលើ  ដើរគ្រប់ប្រទេស  ឥតមានទើសទើរ  ដើររុះដើររើ  រើសរកអាហារ ។  ពួកប្រេតធុនហ្នឹង  ច្រើននឹករំពឹង  រកញាតកា  បងប្អូនកូនចៅ  ជីដូនជីតា  ព្រោះឃ្លានអាហារ  ខ្លោចផ្សាពេកក្រៃ ។  ខ្លះអត់អាហារ  ដប់ពាន់ឆ្នាំណា  ព្រោះខ្លួនចង្រៃ  ញាតិមិត្តផ្សាយឱ្យ  បញ្ជូនរាល់ថ្ងៃ  តែគ្មាននិស្ស័យ  អាស្រ័យផលបាន ។  ប្រេតខ្លះកម្មស្រាល  ផលមិនបណ្ដាល  ឱ្យហួសប្រមាណ  បើញាតិផ្សាយឱ្យ  ទទួលផលបាន  ទើបប្រាជ្ញបុរាណ  គិតអានភ្ជុំបិណ្ឌ ។  ពួកប្រាជ្ញព្រឹទ្ធា  បបួលគ្នីគ្នា  អ្នកប្រាជ្ញាប៉ិន  នាំគ្នានិពន្ធ  អានិសង្សបិណ្ឌ  រៀបរាប់យ៉ាងឆ្អិន  សង្កិនរឿងប្រេត ។ 

(១០)  គម្ពីរនោះថា  បើជនរូបណា  មិននឹកដល់ប្រេត  ក្នុងពេលភ្ជុំបិណ្ឌ  នឹងបុណ្យចូលចេត្រ  ជននោះត្រូវប្រេត  ប្រទេចផ្ដាសា ។  ព្រោះកើតច្រើនជាតិ  សម្បូរពួកញាតិ  ព្រោងព្រាតត្រៀបត្រា  ខ្លះជាញាតិមិត្រ  មាតាបិតា  ជាបុត្រភរិយា  រាប់រយកោដិនាក់ ។  លែងអ្វីមានញាតិ  ដែលភ្លាត់មារយាទ  ឃ្លៀងឃ្លាតជ្រុលធ្លាក់  កើតជាពួកប្រេត  ពិតជាមានជាក់  យ៉ាងតិច១០នាក់  មានប្រាកដណាស់ ។  ក្នុងធម៌តិរោក  ថាប្រេតគរគោក  ដើរឈរពាសដាស  ពេញភូមិពេញស្រុក  ពេញទីអាវាស  ខ្លះនៅអាកាស  តែមើលមិនយល់ ។  ប្រេតមួយក្រុមទៀត  ផលកម្មចង្អៀត  ទៅណាពុំដល់  ព្រោះមានកម្មក្រាស់  ឋិតនៅហ្នឹងថ្កល់  ឬក៏វិលវល់  នៅមួយកន្លែង ។ 

(១៥)  ពួកប្រេតក្រុមនេះ  សូមលើកទុកស្លេះ  ពុំទាន់ថ្លាថ្លែង  នឹងទាញពួកប្រេត  ១២កន្លែង  យកមកចារចែង  ជូនជាសណ្ដាប់ ។  សូមលោកអ្នកប្រុង  ស្មារតីឱ្យស្លុង  ពិនិត្យហើយស្ដាប់  បើបានជ្រាបហើយ  សូមប្រែក្រឡាប់  ចៀសខុសឱ្យឆាប់  ចាប់យកខាងត្រូវ ។  បើដឹងជាខុស  កុំថប់ទញ់តុះ  នាំឱ្យទាស់ផ្លូវ  កុំគិតកុំនឹក  ខំធ្វើបុណ្យទៅ  បុណ្យឈ្នះសត្រូវ  ទៀងតែបានសួគ៌ ។  បាបទាំងប៉ុន្មាន  ដែលខ្លួនបានសាង  វិនាសបាត់តួ  ឱ្យផលមិនបាន  ចាញ់បុណ្យឋានសួគ៌  បើជ្រាបហើយគួរ  ធ្វើបុណ្យឆាប់ៗ ។  ខំធ្វើបុណ្យច្រើន  បញ្ញាចម្រើន  យល់ធម៌កើតស្លាប់  អនិច្ចំទុក្ខំ  អនត្តាច្បាប់  ជាធម៌ចំណាប់  វិសេសក្នុងលោក ។

(២០)  ធ្វើបុណ្យច្រើនជាតិ  ផលបុណ្យជាញាតិ  តាមឱ្យជ័យជោគ  ឱ្យច្រើនៗដង  ផលកើនគរគោក  មានជ័យក្នុងលោក  បាបចាញ់លែងឈ្នះ ។  ក្នុងពុទ្ធុប្បាទ  ផលបុណ្យល្អស្អាត  នាំចួបនឹងព្រះ  បានស្ដាប់សព្ទធម៌  ចិត្តផុតមានះ  បុណ្យលាងបាបជ្រះ  បានដល់និព្វាន ។ 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments