បទកាកគតិ
(១) បពិត្រមហារាជ ទ្រើទ្រង់អំណាច អញ្ជើញស្ដេចស្ដាប់ ទំនឹមទំនង នេះហោងជាច្បាប់ ទុកជាសណ្ដាប់ នៃនរជនជាតិ ។ នរូអ្នកណា នឹងចូលទៅជា វររាជអាមាត្យ សេនាមន្រ្ដី កវីជាអាទិ៍ រៀនច្បាប់ជាខ្នាត តែងទុករៀងទៅ ។ បម្រើព្រះបាទ ព្រះបរមនាថ អធិរាជចមចៅ ឱ្យសមឱ្យល្មម នឹងក្សត្រានៅ ឱ្យឡើងគាល់ហ្វៅ អ្នកជាអម្ចាស់ ។ មួយនោះព្រះអង្គ ក្សត្រាទ្រើសទ្រង់ គ្រងផ្ទៃក្រោមក្រាស់ គួរមានមនោរម្យ សុខសមសោមនស្ស រៀនឱ្យច្បាស់លាស់ ត្រង់ច្បាប់នេះណា ។
(៥) អស់មុខមន្រ្ដី ដោយព្រះបាលី នាសតិរាជា បើមុខមន្រ្ដី ពុំពិចារណា នឹងក្សិណក្សត្រា ពុំលែងឡើយហោង ។ ដ្បិតមុខមន្រ្ដី សេនាបតី ពុំដោយគន្លង លោភោចង់បាន បំពានរាស្រ្ដផង រាស្រ្ដរឹងក្ដៅហោង អង្គឥតអាស្រ័យ ។ រាស្រ្ដដូចមច្ឆា មន្រ្ដីសេនា ដូចគង្គានៃ បើប្រែជាក្ដៅ ក្រៃក្រៅវិស័យ រាស្រ្ដរឹងកើតភ័យ អង្គឥតពុំនាក់ ។ មន្រ្ដីយោធា បីដូចព្យគ្ឃា និងពស់ពភ្លាក់ រីអស់រាស្រ្ដផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ខ យង់ឥតករុណា ។ មួយកុបុត្ដំ ទាសតិធនំ បទបន្លែថា បើមានកូនកាច កំណាចហើយណា សឹងវិនាសប្រា- កដគឺសន្ដាន ។
(១០) មួយកុភូមំ នាសតិធនំ វិនាសធនធាន នៅភូមិអាក្រក់ នោះនឹងកើតមាន ព្យាធិបៀតប្រាណ ពិតពុំប្រពៃ ។ មួយកុគេហំ នាសតិវិជំ បន្លែនេះនៃ នៅផ្ទះអាក្រក់ នឹងកើតហិនហៃ ប្រាជ្ញាញាណញេយ្យ អាប់ឥតមង្គល ។ កើតកេរ្ដិ៍អាប់យស ដោយនូវពាក្យមនុស្ស គេដើរមកយល់ ហើយគេដឹងថា ផ្ទះអាក្រក់សល់ កើតអពមង្គល ដោយពាក្យគេថា ។ ឯសុមន្រ្ដី ដោយអាថ៌បាលី វុឌ្ឍិរាជា បើមុខមន្រ្ដី មែនមានប្រាជ្ញា ដឹងអស់អធ្យា- ស្រ័យគ្រប់ប្រការ ។ តម្រង់មហាក្សត្រ សោយរាជសម្បត្ដិ ក្សេមក្សាន្ដភពភារ អស់រាស្រ្ដមណ្ឌល សកលបរិពារ សឹងអស់រង្គាល ដល់តិចឡើយហោង ។
(១៥) ឯសុបុត្ដំ វុឌ្ឍិកុលំ ថាបើកូនផង មែនមានគំនិត ល្អឥតឯហ្មង សឹងចម្រើនបង ប្អូនសាច់សន្ដាន ។ ឯសុភូមំ វុឌ្ឍិធនំ ថាទោះភូមិស្ថាន ល្អហើយនោះនឹង ចម្រើនធនធាន សារពើសឹងបាន ដូចចិត្ដប្រាថ្នា ។ ឯសុគេហំ វុឌ្ឍិវិជំ ថានៅគ្រឹហា ល្អហើយនោះនឹង ចម្រើនប្រាជ្ញា សារពើប្រាថ្នា ពិតពុំកម្រ ។ ទោះអ្នកផងដើរ គេសឹងសរសើរ ថាផ្ទះនោះល្អ ចម្រើនសួស្ដី ចម្រើនមាត់ម- នុស្សផងគេសរ- សើរផ្ទះនោះនៃ ។ ច្បាប់នេះត្រកាល សូមព្រះភូបាល បរមក្សត្រិយ៍ថ្លៃ ទ្រង់ព្រះតម្រិះ ត្រិះដោយញាណញេយ្យ ទុកក្នុងហឫទ័យ ជាច្បាប់ទៅហោង ។
(២០) បពិត្រព្រះបាទ ព្រះបរមនាថ លើសលោកកន្លង ជាតិជាឥសូរ កំពូលរាស្រ្ដផង ព្រះអង្គជាច្បង ឯងឥតផ្ទឹមដល់ ។ យកព្រះប្រាជ្ញា យកព្រះញាណថ្លា ថ្លែងព្រះយោបល់ ត្រេកត្រិះតម្រាប់ អ្នកបាបកំហល់ ឱ្យនិរព្យសន៍សល់ បានដូចប្រាថ្នា ។ ទុក្ខរាស្រ្ដទាំងឡាយ ក្នុងក្រៅបន្ទាយ សព្វព្រះមាត្រា ព្រះឱស្ឋបណ្ដាំ ទុកលើសិរសា ទម្ងន់អាជ្ញា លើរាជមន្រ្ដី ។ បពិត្រមហារាជ ទ្រើសទ្រង់អំណាច ចេស្ដាឫទ្ធី អញ្ជើញស្ដេចស្ដាប់ ជាច្បាប់គម្ពីរ សព្វព្រះសម្ភី ថ្កល់ថ្កើងចំពោះ ។ បីៗអសារ បីៗឥតការ បីៗសូន្យសោះ ម្ដេចហៅអសារ ឥតការដូច្នោះ ម្ដេចហៅសូន្យសោះ ទេទៅឥតត្រើយ ។
(២៥) នាហៅអសារ មានទ្រព្យឥតការ ពុំធ្វើបុណ្យឡើយ ពុំសងគុណគេ អ្នកឯទៀតឡើយ ញាតិឯងជាត្រើយ ពិតពុំស្រោចស្រង់ ។ នាហៅឥតការ ចាំសីលាចារ មោះឥតពាក្យត្រង់ ចិត្ដចង់បានបុណ្យ ពុំប្រណិប័តន៍សង្ឃ ចង់យសបានអង្គ ពិតពុំឧស្សាហ៍ ។ នាហៅសូន្យសោះ ឮធម៌ពីរោះ ពុំស្ដាប់ធម្មា យល់ក្រឹត្យក្រមច្បាប់ ពុំស្តាប់ក្រឹត្យជា ដឹងព្រះធម្មា ពុំធ្វើបរិសុទ្ធ ។ បីផ្គង់ស្នេហា បីផ្គង់ភរិយា បីៗផ្គង់បុត្រ ម្ដេចហៅស្នេហា ភរិយាបរិសុទ្ធ ម្ដេចហៅផ្គង់បុត្រ អស់ន័យនេះផង ។ នាផ្គង់ស្នេហា រសគាប់ពិសា កុំភ្លេចឡើយហោង សំណេះសំណួរ សាកសួរស្នេហ៍ស្នង ឧត្បាតនេះហោង ពុំបង់ឡើយនៃ ។
(៣០) នាផ្គង់ភរិយា រណ្ដាប់គ្រឹហា ខ្ជាប់ខ្ជួនប្រពៃ ទោះទ្រព្យរបស់ អម្រស់ទុកដៃ រក្សាសំចៃ ពុំធ្លោយឡើយណា ។ នាហៅផ្គង់បុត្រ ប្រពៃបរិសុទ្ធ ឱ្យរៀនសាស្រ្ដា សិល្ប៍សារពើគាប់ ជាច្បាប់អាត្មា អរឱ្យភរិយា ដូចដោយចិត្ដថ្វាត់ ។ បីៗហិនលក្ខណ៍ បីៗហិនសក្ដិ ហិនសួស្ដីថ្វាត់ ម្ដេចហៅហិនលក្ខណ៍ ហិនសក្ដិបង់បាត់ ហិនសូន្យទៀងទាត់ ន័យនេះសោតហោង ។ នាហិនលក្ខណា សរសើរអាត្មា ឯងចេះកន្លង ពោលឥតគេស្ដាប់ សូរសព្ទសាសង ចូលស្ថានអ្នកផង ឥតគេស្រដី ។ នាហៅហិនលក្ខណ៍ សព្ទគេឮជាក់ ឥតសព្ទភេរី មានមហាក្សត្រា ឥតមានក្សត្រី មានរាជធានី ហើយគ្មានបន្ទាយ ។
(៣៥) នាហិនសួស្ដី លក្ខណ៍ផ្ទះអប្រីយ៍ ភូមិសោតរម្សាយ សក្ដិសឹងពុំជា យាត្រាទៀតឆ្ងាយ និមិត្ដស្កុនកាយ អង្គឱ្យអប្រីយ៍ ។ បីៗបាត់ស្និទ្ធ បីៗបាត់មិត្ដ បីបាត់ពន្លឺ ម្ដេចហៅបាត់ស្និទ្ធ បាត់មិត្ដមេត្រី ពន្លឺរស្មី បាត់បង់នោះណ៎ា ។ នាហៅបាត់ស្និទ្ធ ពោលពាក្យសុខចិត្ដ ខ្សឹបខ្សៀវជេរថា ធ្វើមុខអាក្រក់ កុហកជាសា ហេតុនោះលោកថា បាត់ស្និទ្ធពុំមាន ។ វិន័យបាត់មិត្ដ ពោលពាក្យពុំគិត សត្យាសងសាន នាស្ថានលំនៅ ពុំទៅមកថ្កាន ខ្ចីទ្រព្យបង្ខាន មុខពុំឱ្យយល់ ។ នាបាត់ពន្លឺ ភ្នែកពិតពុំភ្លឺ ពុំយល់បរិបូណ៌ ឥតសាច់ឥតញាតិ ស្ដាប់សព្ទស្ដាប់សូរ ពិតពុំបរិបូណ៌ វិញ្ញាណឯងអាច ។
(៤០) បីបាត់ខុនណាង បីៗបាត់ជាង បីៗបាត់ប្រាជ្ញ ម្តេចបាត់ខុនណាង បាត់ជាងឯងអាច ម្តេចហៅបាត់ប្រាជ្ញ ទាំងបីនេះណ៎ា ។ នាហៅបាត់ខុន ណាងនេះជាមុន ស្រីមានលក្ខណា ពុំស្ដាប់អម្ចាស់ យប់ថ្ងៃឡើយណ៎ា ខ្លួនចាស់ព្រឹទ្ធា ស្រដីឡេះឡោះ ។ រីបាត់ជាងជាតិ ធ្វើការឥតខ្នាត ពុំស្រេចការនោះ វាតែងឱ្យឃ្លាត នឹងខ្នាតសូន្យសោះ ពុំត្រូវចំពោះ នឹងក្បួនច្បាប់ឡើយ ។ នាបាត់ប្រាជ្ញប្រុះ កាលជំនុំនោះ ស្ងៀមស្ងាត់ព្រងើយ ពាក្យពុំស្រដី តិរ្ថិយឥតត្រើយ ពុំសេពគប់ឡើយ មារយាទអប្រីយ៍ ។ បីៗបានរស បីៗសប្បុរស បីៗពន្លឺ ម្ដេចហៅមានរស សប្បុរសមេត្រី ពន្លឺរស្មី ចាយចែងចរចា ។
(៤៥) ទោះមានរសកាលណា សេពសោយអាហារ មានរសពិសា អ្នកមានសប្បុរស កបរសវាចា មែនមានភរិយា មារយាទប្រពៃ ។ រីសប្បុរសា ប្រកបលក្ខណា មានធម៌សោតនៃ ស្រដីនូវអាថ៌ ជាធម៌ឈ្លាសវៃ គាល់អម្ចាស់ថ្លៃ មានពិចារណា ។ រីពន្លឺនោះ កាលហូបបាយឆ្ពោះ ទៀងទើបភោក្ដា ពោលពាក្យនូវអ្នក មានព្រះប្រាជ្ញា ប្រកបភរិយា ប្រណិប័តន៍សព្វកាល ។ បីៗហិនហោច បីៗត្រមោច បីៗសាធារណ៍ ម្ដេចហៅហិនហោច ត្រមោចឥតការ ម្ដេចហៅសាធារណ៍ ស្រេចស្រាយចេញហោង ។ នាហៅហិនហោច អសោអសោច ខ្លួនខ្លៅធ្វើឆ្គង គប់នូវអ្នកផឹក ប្រមឹកស្រាផង ប្រពន្ធសោតហោង ស្រដីមាយា ។
(៥០) នាហៅត្រមោច ត្រមោលកណ្ដោច កណ្ដែងកំព្រា ឯងមានរបៀប ឥតប្រៀបអ្នកណា ឥតបុត្រស្ងួតភ្ងា ត្រមោចសោតសល់ ។ នាហៅសាធារណ៍ មានព្រៀងឥតការ បំបែកកិច្ចកល ប្រពន្ធឫស្យា អាត្មាទុព៌ល រឹងប្រួតបំណុល លើខ្លួនទៀតកូវ ។ បីៗសាមាន្យ បីអន្ដរធាន បីៗអាស្រូវ ម្ដេចហៅសាមាន្យ អន្ដរធានកូវ ម្ដេចហៅអាស្រូវ ពាក្យនេះលោកថា ។ នាហៅសាមាន្យ សង់ផ្ទះនាស្ថាន ទៀបផ្សារពុំជា គប់នូវអ្នកពាល សាធារណ៍មោហា ប្រពន្ធនោះណ៎ា ច្រើនបំណុលនៅ ។ រីអន្ដរធាន សង់ផ្ទះនាស្ថាន នោះនៅជិតផ្លូវ ខ្លួនរែងអប្រីយ៍ មានក្ដីអាស្រូវ ប្រពន្ធនោះកូវ ប្រមឹកស្រាផង ។
(៥៥) នាហៅអាស្រូវ សង់ផ្ទះជិតផ្លូវ ធ្លានោះសោតហោង ម៉ែក្មេកពុំជា មាត់រឹងកន្លង ប្រពន្ធនោះហោង គេលែងទៀតខ្មី ។ បីៗបរលោក បីៗពុំថោក បីៗលោកិយ ម្ដេចហៅបរលោក ពុំថោកនោះក្ដី ម្ដេចហៅលោកិយ គួរដឹងសោះសា ។ នាហៅបរលោក រកគ្រូនាលោក ដ៍មានប្រាជ្ញា ខ្លួនសោតពុំខ្ជិល ចាំសីលភាវនា ចិត្ដថ្លាសទ្ធា ពុំដែលដាច់ឡើយ ។ នោះហៅពុំថោក រក្សាប្រាណលោក ដំណឹងខ្លួនហើយ អង្គុយខ្ពង់ខ្ពស់ ថ្កើងយសជាត្រើយ ភរិយាគាប់ហើយ ត្រកូលថ្លៃផង ។ នាហៅលោកិយ ពុំយល់ឯងក្ដី មានច្បាប់សោតហោង ពាក្យពោលសត្យា ចរចាឥតហ្មង ពាក្យពីរោះផង សាន្ដសមសាទរ ។
(៦០) បីៗប្រាសលោក បីៗថយថោក ប្រាសលោកុត្ដរ ម្ដេចហៅប្រាសលោក ថយថោកពុំប- រិបូណ៌លោកុត្ដរ ឱ្យពិចារណា ។ នាហៅប្រាសលោក ស្រដីថយថោក ពាក្យនោះពុំជា ខ្លួនឯងតម្អឹង ពាក្យរឹងមហិមា យល់ចាស់ព្រឹទ្ធា ពិតពុំប្រណិប័តន៍ ។ ថោកប្រាណពេកណា ទុយ៌សអសារ អង្គុយថយក្ដាត់ អាហារថយផ្ចង់ បម្រុងពីមាត់ នេះហោងលោកកាត់ ហៅថយថោកហោង ។ រីប្រាសលោកកូវ គួរនោះពុំត្រូវ ដោយធម៌ទំនង យល់សង្ឃឥតចិត្ដ ប្រណិប័តន៍សង្ឃផង សីលទាននោះហោង ពុំស្គាល់ឡើយណា ។ មានតែបំបាត់ ជីវិតសព្វសត្វ ឥតមានមេត្តា ហៅប្រាសលោកកូវ គួរនៅឯណា មានពន្ធបីប្រ- ការអកុសល ។
(៦៥) ព្រះអង្គមហាក្សត្រ សោយរាជ្យសម្បត្ដិ គ្រងរាជ្យមណ្ឌល រើសរកសេនា ឱ្យជាសុខពល ហើយនឹងតម្កល់ ស្នងព្រះនេត្រន័យ ។ ក្រឡាពាសធំ ជាមេកងជុំ ការសង្រ្គាមជ័យ ស្រាល់រកអ្នកណា ចេះអធ្យាស្រ័យ មានប្រាជ្ញាវៃ ស្គាល់គ្រប់រាជការ ។ ស្គាល់ទោសស្គាល់គុណ ស្គាល់ក្រោយស្គាល់មុន ដើមចុងកណ្ដាល ស្គាល់បាបស្គាល់បុណ្យ ស្គាល់ធ្ងន់ស្គាល់ស្រាល ស្គាល់ប្រាជ្ញស្គាល់ពាល ស្គាល់ខ្លាចស្គាល់ហ៊ាន ។ ស្គាល់តិចស្គាល់ច្រើន សង្វាតក្រវើន ស្គាល់អត់ស្គាល់ឃ្លាន ស្គាល់វៀចស្គាល់ត្រង់ ស្គាល់ភូតស្គាល់មាន ស្គាល់ដីស្គាល់ដែន ស្គាល់ព្រៃស្គាល់ត្រាញ់ ។ ស្គាល់គាប់ស្គាល់ខុស ស្គាល់ស្លាប់ស្គាល់រស់ ស្គាល់ឈ្នះស្គាល់ចាញ់ ស្គាល់បាញ់ស្គាល់បោះ ស្គាល់ដោះស្គាល់ដេញ ស្គាល់ចូលស្គាល់ចេញ ស្គាល់បាត់ស្គាល់មាន ។
(៧០) ស្គាល់តឹងស្គាល់ធូរ ស្គាល់ឆាប់ស្គាល់យូរ ស្គាល់ហូលស្គាល់ខៀន ស្គាល់ដើរស្គាល់ដេក ស្គាល់ស្រេកស្គាល់ឃ្លាន ស្គាល់បង់ស្គាល់បាន ស្គាល់មានស្គាល់ខ្សត់ ។ បើមានកង្វល់ កលិយុគមកដល់ គេប្រាប់ប្រាកដ បាកុំឆោតឆ្ងល់ វិលវល់រន្ធត់ កុំផ្សូរយូររត់ តម្អក់តម្អឹង ។ កុំច្រើនវង្វេង ងងោងងងេង មមីមមមឹង កុំច្រើនប្រទូស្ដ រឹងរូសរបឹង កុំខ្ជិលរំពឹង តែងដេកនិទ្រា ។ កុំលោភចង់បាន ទ្រព្យគេបំពាន ពន្លឹកសោះសា កុំរៀនកំណាញ់ ស្វិតស្វាញឫស្យា ពុំស្គាល់កាចជា ពាក្យពេចន៍ទ្រគោះ ។ កុំលេងជាល្បែង រំពឹងយល់ឈ្វេង ពាក្យពុំពីរោះ ស្រដីឱ្យដាច់ ឱ្យស្រេចឱ្យស្មោះ កុំធ្វើឡេះឡោះ សសោះអន្ទង ។
(៧៥) កុំធ្វើហេងហាង កុំអួតកុំអាង ខុសក្ដីបំណង កុំច្រើនក្រអែស ប្រហែសលេងលង ឱ្យរៀនត្រងរង នូវក្ដីកំណត់ ។ អ្នកណាអាចស្គាល់ អាចដឹងអស់អាថ៌ ជាក់ជាងប្រាកដ ធ្វើការសង្គ្រាម ព្យាយាមចំហុត ឮកេរ្ដិ៍ប្រាកដ ដូចព្រះរាមា ។ ស្ដេចផ្ចាញ់អសុរ អស់ឥតសំណល់ ដល់មួយឡើយណា បើមានសណ្ដាប់ ក្រមច្បាប់សាស្រ្ដា ទុកអង្គអាត្មា ទីទៃគ្រប់ប្រាណ ។ រីច្បាប់នេះណា បើអ្នកឯណា យកទុកឱ្យបាន ក្នុងអង្គអាត្មា ជាសណ្ដាប់ប្រាណ អ្នកនោះនឹងបាន ជាអង្គអ្នកប្រាជ្ញ ។ បើអ្នកឯណា បានមើលអក្ខរា ថាឱ្យស្រួលស្រេច ជួយជួសសេចក្ដី អស់អាថ៌សេចគ្រេច ឱ្យទានបន្ដិច កុំសើចឡើយហោង ។
(៨០) ជួយកែឱ្យត្រូវ តម្រង់តម្រូវ ដោយនូវគន្លង ជាច្បាប់បូរាណ ពិតពីព្រេងហោង ឱ្យត្រូវបំណង ព្រេងព្រឹទ្ធបូរាណ ។ សេចក្ដីនេះណា និទានអស់អាថ៌ ចប់បរិបូណ៌បាន នេះហោងជាច្បាប់ សណ្ដាប់គ្រប់ប្រាណ ឱ្យឱវាទទាន និដ្ឋិតំចប់ហោង ៕៚