ចម្លងចេញអំពីសាស្ដ្រាស្លឹករឹត
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
វិចារកថា កែវ ឈុន ៖ ច្បាប់កេរ្ដិ៍កាល ជាស្នាដៃរបស់កវីដ៏ឆ្នើមម្នាក់ ប៉ិនប្រសព្វទាំងសម្ដីថ្វីមាត់ ទាំងការកត់ត្រាតែងនិពន្វ ហើយជាអ្នកខំប្រឹងប្រែងធ្វើការរកស៊ីយ៉ាងខ្លាំង រហូតក្លាយខ្លួន អ្នកមានស្ដុកស្ដម ជាសេដ្ឋីមានទ្រព្យសម្បត្ដិយ៉ាងមហាសាលទៀតផង ។
បទកំណាព្យផ្ដែផ្ដាំ ទូន្មានកូនចៅក្នុងច្បាប់កេរ្ដិ៍កាល អ្នកនិពន្ធបានលើកឡើង អំពីការប្រកបកិច្ចការរកស៊ីប្រចាំថ្ងៃធម្មតាៗ របស់កសិករខ្មែរយើង ដូចជាការនែនាំឱ្យកូនចៅមានស្មារតីភ្ញាក់រឭក កុំឱ្យខ្ជិលច្រអូស ដេកដល់ថ្ងៃរះ ត្រូវក្រោករូតរះមើលថែរក្សាគោក្របីផ្ទះសម្បែង ខំប្រឹងប្រែងប្រកបកិច្ចការងារគ្រប់បែបយ៉ាង ធ្វើស្រែទាំងប្រាំង ទាំងវស្សា ទាំងចម្ការកុំឱ្យនៅទំនេរដៃសោះឡើយ ។ ក្រៅពីកិច្ចការ អ្នកនិពន្ធនៅបានផ្ដែផ្ដាំទូន្មានអំពីសីលធម៌ សុជីវធម៌ នៅក្នុងការរស់នៅឱ្យបានខ្ពស់ប្រសើរ ដោយបានធ្វើការប្រៀបធៀបអំពីហេតុផលជាក់ស្ដែង ជាច្រើនប្រការ ដូចជាថា កុំចិញ្ចឹមសត្វខ្លា កាន់កពស់ឱ្យខ្ជាប់ អូសទូកកុំឱ្យល្អាន អ្នកប្រាជ្ញរក្សាខ្លៅ អ្នកមានរក្សាខ្សត់ជាដើម និងមានពាក្យប្រៀបធៀបសាមញ្ញៗ ណែងណងជាច្រើនទៀត មានន័យជ្រាលជ្រៅ ពីរោះដក់ជាប់ចិត្ដរកអ្វីប្រៀបពុំបានឡើយ ។
អត្ថន័យក្នុងបទកំណាព្យច្បាប់កេរ្ដិ៍កាល បង្ហាញឱ្យឃើញជាក់ច្បាស់ថា អ្នកនិពន្ធគឺជាកសិករម្នាក់ ហើយដោយសារការឧស្សាហ៍ព្យាយាមខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្ដមមហាសាល មិនមែនខ្ជិលច្រអូស ទន់ជ្រាយរវេបរវបដេកចាំព្រេងសំណាងនោះទេ គឺជាការភ្ញាក់រឭកទាន់ពេលវេលា ខ្នះខ្នែងមាំមួន រឹងប៉ឹងទាំងផ្នែកសតិអារម្មណ៍ បញ្ញាស្មារតី ឥតបណ្ដែតបណ្ដោយ ឱ្យធ្លាក់ចូលទៅក្នុងអបាយមុខដោយប្រការណាមួយឡើយ ។
ច្បាប់កេរ្ដិ៍កាល
(១) កេរ្ដិ៍កាលពីព្រេងព្រឹទ្ធ សាងសុចរិតទុកទៀងនៅ សេដ្ឋីផ្ដាំប្រដៅ បុត្រសង្សារទុកក្រោយហោង ។ កូនអើយកេរ្ដិ៍មេបា ចូររក្សាគន់គិតគ្រង ថែទាំចាំរួសរង ប្រុងប្រយត្នប្រយោជន៍យូរ ។ ធម្មតាអ្នកជាជាតិ ការគេអាទិ៍ឱ្យគិតគូរ កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ ។ តាក់តែងខ្ញុំកំដរ ចេញទៅរក៍ធ្វើស្រែភ្លឺ ចិញ្ចឹមគោក្របី រកខ្សែវល្លិបោះក្រោលឃ្នង ។
(៥) ធ្វើស្រែទិសប្រាំបី ខ្ញុំប្រុសស្រីចេញជួយផង មើលផ្ទះស្រះរបង វាំងចំណារគួររក្សា ។ ឱ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចម្ការ ដឹងដែកកាំបិតព្រា ទុកឱ្យជាកុំឱ្យបាត់ ។ ដេកយប់ឱ្យរាំងទ្វារ ទ្រព្យសម្រាលរៀបប្រយត្ន ចងទូកកុំឱ្យសាត់ ផ្ទះបាក់បែកឆាប់ទល់ទ្រ ។ សារពើទ្រព្យអ្វីៗ ប្រុងស្មារតីទុកឱ្យល្អ អុសទឹកស្រូវអង្ករ យកចេញចាយមានកំណត់ ។ កុំអាងមានទ្រព្យច្រើន ពុំក្រវើនរកផ្គត់ផ្គង់ យកចាយចាយដោយបទ ទោះនឹងទុក ៗដោយខ្នាត ។
(១០) រទេះសេះដំរី រាប់បញ្ជីកុំឱ្យឃ្លាត ខ្ញុំណាមានមាយាទ ទុកដាក់ដៃឱ្យរក្សា ។ សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស ។ រក្សាខ្លួនឱ្យរុង រឿងឧតុង្គឧត្តមខ្ពស់ ប្រដាប់ដោយសក្ដិយស ខ្លួនជាធំឱ្យថែថួន ។ ឱ្យទានតាំងចិត្ដស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ ។ ទ្រព្យធនទោះថោកថ្លៃ កុំដាក់ដៃឱ្យតែកូន នូវអស់ទាំងបងប្អូន អ្នកដទៃរក្សាតាង ។
(១៥) ទុកចិត្ដខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង ឱ្យកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ ។ ធ្វើអ្វីធ្វើឱ្យហើយ កុំទុកឡើយបង្កើតកិរ ស្អាតអស់សរិល កុំឱ្យមានក្ដីមន្ទិល ។ ដំណេកដេកជាខ្នាត ឱ្យសម្អាតសំអាងជា ទើបទេវតារក្សា ចម្រើនសុខស្រីសួស្ដី ។ គ្រឹះហាឱ្យផ្ចិតផ្ចង់ កុំឱ្យផង់ផុយធូលី ជម្រះបារបោសដី ឱ្យហ្មត់ហ្មងកើតសុខា ។ អញ្ជុលទុកឱ្យគង់ ប្រាក់ក្នុងថង់ទុកឱ្យជា ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឱ្យស្ដែង ។
(២០) សារពើរួសរៀនរិះ ឱ្យចាំចេះៗចាចែង ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្ដី ។ សប្បុរសពេកចាញ់ធន នាទុជ៌នចាញ់ឥន្ទ្រិយ ប្រពន្ធល្អច្រើនចាញ់ប្ដី ពាក្យច្រើនភូតចាញ់អាត្មា ។ ឈើផ្លែច្រើនចាញ់ស្លឹក ត្រីច្រើនទឹកល្អក់ពុំជា ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះគិត ។ ដេកយប់កុំដំអក់ ឱ្យលង់លក់ក្រៅសុចរិត ខ្ញុំណាមានគំនិត គួរឱ្យគិតប្រណីវា ។ ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា ការខ្យល់កាចពុំជា ក្រែងពានពារបោកបែកបាត់ ។
(២៥) រៀនរិះសារពើក្ដី ទោះស្រដីកាន់ពាក្យសត្យ ចាំក្បួនចាំឱ្យស្ទាត់ កុំអៀនប្រៀនសមពាក្យពោល ។ ការក្រកុំគិតងាយ ការសម្ពាយជាកំរោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ។ រៀនរិះរួសរវាំង ធ្វើស្រែប្រាំងស្រែវស្សា ធ្វើស្រែមានចំណារ ធ្វើចម្ការចាររបង ។
ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ ។ ឆ្កែជាឱ្យបាយឆី ដេកនៅដីចាំធនធាន គ្រឿងសឹកទុកទាហាន កេរ្ដិ៍គម្ពីរទុកប្រាជ្ញប្រាយ ។
(៣០) យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ គិតក្ដីកុំគិតងាយ មើពិនិត្យពិនិស្ច័យ ។ កូនអើយកេរ្ដិ៍មេបា ចូររក្សាចាំសព្វថ្ងៃ ទ្រព្យធនទោះថោកថ្លៃ គួររក្សាកុំបីធ្លោយ ។ ពាក្យនេះជាត្រកាល ជាខ្លឹមសារទៀងទុកឱ្យ កូនចៅនៅឯក្រោយ តែងទូន្មានអង្គអាត្មា ។ ថែទាំទើបគង់ទ្រព្យ រៀបរណ្ដាប់ទុកទើបជា ចាយវាយក្រៅតម្រា សឹងវិនាសធនធានផង ។ បានមកទុកឱ្យគង់ កុំឱ្យបង់បាត់បំណង រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ ។
(៣៥) ដឹងហាបឱ្យដឹងតុល ភ្នែកឱ្យយល់ទៀងត្រាជូ គិតត្រង់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន ។ ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឱវាទទាន ជាសូរេចបណ្ដាំហោង ៕៚