ច្បាប់កេរ្ដិ៍កាល

នានាកាព្យ
ចម្លងចេញអំពីសាស្ដ្រាស្លឹករឹត
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស

វិចារកថា  កែវ  ឈុន  ៖  ច្បាប់កេរ្ដិ៍កាល  ជាស្នាដៃរបស់កវីដ៏ឆ្នើមម្នាក់  ប៉ិនប្រសព្វទាំងសម្ដីថ្វីមាត់  ទាំងការកត់ត្រាតែងនិពន្វ  ហើយជាអ្នកខំប្រឹងប្រែងធ្វើការរកស៊ីយ៉ាងខ្លាំង  រហូតក្លាយខ្លួន  អ្នកមានស្ដុកស្ដម  ជាសេដ្ឋីមានទ្រព្យសម្បត្ដិយ៉ាងមហាសាលទៀតផង ។

បទកំណាព្យផ្ដែផ្ដាំ  ទូន្មានកូនចៅក្នុងច្បាប់កេរ្ដិ៍កាល  អ្នកនិពន្ធបានលើកឡើង  អំពីការប្រកបកិច្ចការរកស៊ីប្រចាំថ្ងៃធម្មតាៗ  របស់កសិករខ្មែរយើង  ដូចជាការនែនាំឱ្យកូនចៅមានស្មារតីភ្ញាក់រឭក  កុំឱ្យខ្ជិលច្រអូស  ដេកដល់ថ្ងៃរះ  ត្រូវក្រោករូតរះមើលថែរក្សាគោក្របីផ្ទះសម្បែង  ខំប្រឹងប្រែងប្រកបកិច្ចការងារគ្រប់បែបយ៉ាង  ធ្វើស្រែទាំងប្រាំង  ទាំងវស្សា  ទាំងចម្ការកុំឱ្យនៅទំនេរដៃសោះឡើយ ។  ក្រៅពីកិច្ចការ  អ្នកនិពន្ធនៅបានផ្ដែផ្ដាំទូន្មានអំពីសីលធម៌  សុជីវធម៌  នៅក្នុងការរស់នៅឱ្យបានខ្ពស់ប្រសើរ  ដោយបានធ្វើការប្រៀបធៀបអំពីហេតុផលជាក់ស្ដែង  ជាច្រើនប្រការ  ដូចជាថា  កុំចិញ្ចឹមសត្វខ្លា  កាន់កពស់ឱ្យខ្ជាប់  អូសទូកកុំឱ្យល្អាន  អ្នកប្រាជ្ញរក្សាខ្លៅ  អ្នកមានរក្សាខ្សត់ជាដើម  និងមានពាក្យប្រៀបធៀបសាមញ្ញៗ  ណែងណងជាច្រើនទៀត  មានន័យជ្រាលជ្រៅ  ពីរោះដក់ជាប់ចិត្ដរកអ្វីប្រៀបពុំបានឡើយ ។

អត្ថន័យក្នុងបទកំណាព្យច្បាប់កេរ្ដិ៍កាល  បង្ហាញឱ្យឃើញជាក់ច្បាស់ថា  អ្នកនិពន្ធគឺជាកសិករម្នាក់  ហើយដោយសារការឧស្សាហ៍ព្យាយាមខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន  ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្ដមមហាសាល  មិនមែនខ្ជិលច្រអូស  ទន់ជ្រាយរវេបរវបដេកចាំព្រេងសំណាងនោះទេ  គឺជាការភ្ញាក់រឭកទាន់ពេលវេលា  ខ្នះខ្នែងមាំមួន  រឹងប៉ឹងទាំងផ្នែកសតិអារម្មណ៍  បញ្ញាស្មារតី  ឥតបណ្ដែតបណ្ដោយ  ឱ្យធ្លាក់ចូលទៅក្នុងអបាយមុខដោយប្រការណាមួយឡើយ ។

ច្បាប់កេរ្ដិ៍កាល

(១)  កេរ្ដិ៍កាលពីព្រេងព្រឹទ្ធ  សាងសុចរិតទុកទៀងនៅ  សេដ្ឋីផ្ដាំប្រដៅ  បុត្រសង្សារទុកក្រោយហោង ។  កូនអើយកេរ្ដិ៍មេបា  ចូររក្សាគន់គិតគ្រង  ថែទាំចាំរួសរង  ប្រុងប្រយត្នប្រយោជន៍យូរ ។  ធម្មតាអ្នកជាជាតិ  ការគេអាទិ៍ឱ្យគិតគូរ  កុំខ្ជិលដេកទទូរ  ដល់ថ្ងៃរះពេញពន្លឺ ។  តាក់តែងខ្ញុំកំដរ  ចេញទៅរក៍ធ្វើស្រែភ្លឺ  ចិញ្ចឹមគោក្របី  រកខ្សែវល្លិបោះក្រោលឃ្នង ។

(៥)  ធ្វើស្រែទិសប្រាំបី  ខ្ញុំប្រុសស្រីចេញជួយផង  មើលផ្ទះស្រះរបង  វាំងចំណារគួររក្សា ។  ឱ្យមានក្ដីបារម្ភ  ធ្វើស្រែកុំចោលចម្ការ  ដឹងដែកកាំបិតព្រា  ទុកឱ្យជាកុំឱ្យបាត់ ។  ដេកយប់ឱ្យរាំងទ្វារ  ទ្រព្យសម្រាលរៀបប្រយត្ន  ចងទូកកុំឱ្យសាត់  ផ្ទះបាក់បែកឆាប់ទល់ទ្រ ។  សារពើទ្រព្យអ្វីៗ  ប្រុងស្មារតីទុកឱ្យល្អ  អុសទឹកស្រូវអង្ករ  យកចេញចាយមានកំណត់ ។  កុំអាងមានទ្រព្យច្រើន  ពុំក្រវើនរកផ្គត់ផ្គង់  យកចាយចាយដោយបទ  ទោះនឹងទុក  ៗដោយខ្នាត ។

(១០)  រទេះសេះដំរី  រាប់បញ្ជីកុំឱ្យឃ្លាត  ខ្ញុំណាមានមាយាទ  ទុកដាក់ដៃឱ្យរក្សា ។  សប្បុរសយល់ដោយមុខ  ស៊ុកគ្រលុកពេកពុំជា  កំណាញ់ក្រៅតម្រា  សោតសឹងអាប់ប្រយោជន៍យស ។  រក្សាខ្លួនឱ្យរុង  រឿងឧតុង្គឧត្តមខ្ពស់  ប្រដាប់ដោយសក្ដិយស  ខ្លួនជាធំឱ្យថែថួន ។  ឱ្យទានតាំងចិត្ដស្មោះ  កុំអាឡោះអាល័យស្ងួន  ទ្រព្យនេះនឹងនាំខ្លួន  ទៅបរលោកពុំសោះសូន្យ ។  ទ្រព្យធនទោះថោកថ្លៃ  កុំដាក់ដៃឱ្យតែកូន  នូវអស់ទាំងបងប្អូន  អ្នកដទៃរក្សាតាង ។

(១៥)  ទុកចិត្ដខ្ញុំមើលដាក់  ស្មើភ្នែកខ្វាក់ទាំងសងខាង  ឱ្យកូនគន់មើលតាង  ស្មើភ្នែកម្ខាងពុំពេញពីរ ។  ធ្វើអ្វីធ្វើឱ្យហើយ  កុំទុកឡើយបង្កើតកិរ  ស្អាតអស់សរិល  កុំឱ្យមានក្ដីមន្ទិល ។  ដំណេកដេកជាខ្នាត  ឱ្យសម្អាតសំអាងជា  ទើបទេវតារក្សា  ចម្រើនសុខស្រីសួស្ដី ។  គ្រឹះហាឱ្យផ្ចិតផ្ចង់  កុំឱ្យផង់ផុយធូលី  ជម្រះបារបោសដី  ឱ្យហ្មត់ហ្មងកើតសុខា ។  អញ្ជុលទុកឱ្យគង់  ប្រាក់ក្នុងថង់ទុកឱ្យជា  ប្រើខ្ញុំមើលមុខវា  ទោះកាចជាមើលឱ្យស្ដែង ។

(២០)  សារពើរួសរៀនរិះ  ឱ្យចាំចេះៗចាចែង  ចង់គាប់ប្រើស្វះស្វែង  រករៀនរិះសារពើក្ដី ។  សប្បុរសពេកចាញ់ធន  នាទុជ៌នចាញ់ឥន្ទ្រិយ  ប្រពន្ធល្អច្រើនចាញ់ប្ដី  ពាក្យច្រើនភូតចាញ់អាត្មា ។  ឈើផ្លែច្រើនចាញ់ស្លឹក  ត្រីច្រើនទឹកល្អក់ពុំជា  ទ្រព្យច្រើនព្រួយរក្សា  ទ្រព្យតិចណាព្រួយរិះគិត ។  ដេកយប់កុំដំអក់  ឱ្យលង់លក់ក្រៅសុចរិត  ខ្ញុំណាមានគំនិត  គួរឱ្យគិតប្រណីវា ។  ចងទូកបោះបង្គោល  រិះរកថ្នោលពួរយុថ្កា  ការខ្យល់កាចពុំជា  ក្រែងពានពារបោកបែកបាត់ ។

(២៥)  រៀនរិះសារពើក្ដី  ទោះស្រដីកាន់ពាក្យសត្យ  ចាំក្បួនចាំឱ្យស្ទាត់  កុំអៀនប្រៀនសមពាក្យពោល ។  ការក្រកុំគិតងាយ  ការសម្ពា​យជាកំរោល  សន្សឹមកុំបំបោល  ក្រែងពុំដល់ដូចប្រាថ្នា ។  រៀនរិះរួសរវាំង  ធ្វើស្រែប្រាំងស្រែវស្សា  ធ្វើស្រែមានចំណារ  ធ្វើចម្ការចាររបង ។
ផ្លូវវៀចកុំបោះបង់  ផ្លូវណាត្រង់កុំដើរហោង  ដើរដោយផ្លូវគន្លង  តម្រាយអ្នកចាស់បុរាណ ។  ឆ្កែជាឱ្យបាយឆី  ដេកនៅដីចាំធនធាន  គ្រឿងសឹកទុកទាហាន  កេរ្ដិ៍គម្ពីរទុកប្រាជ្ញប្រាយ ។

(៣០)  យល់តូចកុំអាលខំ  ទោះយល់ធំកុំអាលស្រាយ  គិតក្ដីកុំគិតងាយ  មើពិនិត្យពិនិស្ច័យ ។  កូនអើយកេរ្ដិ៍មេបា  ចូររក្សាចាំសព្វថ្ងៃ  ទ្រព្យធនទោះថោកថ្លៃ  គួររក្សាកុំបីធ្លោយ ។  ពាក្យនេះជាត្រកាល  ជាខ្លឹមសារទៀងទុកឱ្យ  កូនចៅនៅឯក្រោយ  តែងទូន្មានអង្គអាត្មា ។  ថែទាំទើបគង់ទ្រព្យ  រៀបរណ្ដាប់ទុកទើបជា  ចាយវាយក្រៅតម្រា  សឹងវិនាសធនធានផង ។  បានមកទុកឱ្យគង់  កុំឱ្យបង់បាត់បំណង  រៀនរិះរក្សាគ្រង  យកចេញចាយដោយរដូវ ។

(៣៥)  ដឹងហាបឱ្យដឹងតុល  ភ្នែកឱ្យយល់ទៀងត្រាជូ  គិតត្រង់សព្វដោយផ្លូវ  ក្ដីចន្លោះកុំបីមាន ។  ពាក្យនេះស្មើខ្លួនហើយ  កូនចៅអើយចូរចាំប្រាណ  អស់អាថ៌ឱវាទទាន   ជាសូរេចបណ្ដាំហោង  ៕៚

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments